នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៦៥ សិង្ហបុរីត្រូវបានបំបែកខ្លួនជាផ្លូវការពីម៉ាឡេស៊ី ទៅជារដ្ឋឯករាជ្យ និងមានអធិបតេយ្យភាពមួយនៅអាស៊ីអាគ្នេយ៏។ ថ្វីត្បិតថា សិង្ហបុរីចាប់ផ្តើមជាកោះតូចមួយដែលមានធនធានតិចជាងម៉ាឡេស៊ីជាខ្លាំងក៏ដោយ អ្វីដែលនឹកស្មានមិនដល់គឺសិង្ហបុរីបានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួនក្នុងរយៈពេលដ៏ខ្លី ថែមទាំងវ៉ាដាច់ម៉ាឡេស៊ីស្ទើរតែគ្រប់វិស័យនាសព្វថ្ងៃនេះ។ អត្ថបទនេះនឹងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីហេតុផលមួយចំនួនដែលរួមចំណែកដល់ភាពជឿនលឿនយ៉ាងឆាប់រហ័សរបស់ប្រទេសសិង្ហបុរី និងចង្អុលបង្ហាញពីហេតុផលនៅពីក្រោយគម្លាតរវាងសិង្ហបុរី និងម៉ាឡេស៊ី។
ហេតុផលដំបូងដើម្បីពន្យល់ពីគម្លាតរវាងប្រទេសទាំងពីរនេះគឺរចនាសម្ព័ន្ធនយោបាយ និងស្ថិរភាពនយោបាយ។ បន្ទាប់ពីក្លាយជារដ្ឋអធិបតេយ្យ សឹង្ហបុរីបានស្ថិតក្នុងដៃមេដឹកនាំដ៏អស្ចារ្យមួយរូប គឺលោក លី ក្វាន់យូ។ លោកបានផ្តោតសំខាន់ក្នុងការបង្កើតផែនការដែលមាននិរន្តភាពដោយយកចិត្តទុកដាក់ទៅលើតម្រូវការរបស់ប្រទេសជាតិ ជាជាងលើផលចំណេញរយៈពេលខ្លី។ លោកក៏បានប្រើប្រាស់ការដឹកនាំរបស់លោកដើម្បីពង្រឹងប្រព័ន្ធច្បាប់មួយដ៏រឹងមាំ និង បង្កើតរដ្ឋាភិបាលដែលគ្មានអំពើពុករលួយ។ ជាភ័ស្តុតាង យើងបានសង្កេតឃើញចំណាត់ថ្នាក់របស់ប្រទេសសិង្ហបុរីក្នុងសន្ទស្សន៍អំពើពុករលួយពីអង្គការតម្លាភាពអន្តរជាតិជារៀងរាល់ឆ្នាំ។ ចំណែកម៉ាឡេស៊ីវិញ ដោយសារមានជាតិសាសន៏ចម្រុះជាច្រើននាក់និងជាច្រើនក្រុម វាពិតជាមានការលំបាកក្នុងការធានាឱ្យមានប្រព័ន្ធនយោបាយដែលមានស្ថិរភាពមួយ ដោយសារវាមិនមានភាពងាយស្រួលនោះទេសម្រាប់រដ្ឋាភិបាលក្នុងការបំពេញរាល់តម្រូវការដែលទាក់ទងនឹងជំនឿ បទដ្ឋាន និងរបៀបរស់នៅរបស់ប្រជាជនក្រុមទាំងនោះជាពិសេសនៅពេលដែលក្បាលម៉ាស៊ីនម៉ាឡេស៊ីផ្ទាល់ក៏ត្រូវបានទទួលការរិះគន់ជាច្រើនលើកជាច្រើនសារចំពោះការរើសអើងជាតិសាសន៏។ ការរើសអើងជាតិសាសន៍គឺប្រៀបដូចជំងឺមួយដែលបង្កផលប៉ះពាល់លើការអភិវឌ្ឍន៍គ្រប់ប្រព័ន្ធនៅក្នុងប្រទេសម៉ាឡេស៊ី ទោះជាយ៉ាងណាក៏ដោយ ម៉ាឡេស៊ីហាក់ដូចជាមិនសូវចាប់អារម្មណ៍ក្នុងការព្យាបាលជំងឺនេះទេ។ ឧទាហរណ៍មួយដើម្បីសបញ្ជាក់ពីបញ្ហានេះ គឺការរិះគន់ជាច្រើនឆ្នាំចំពោះរដ្ឋធម្មនុញ្ញម៉ាឡេស៊ីមាត្រា ១៥៣ ដែលផ្តល់សិទ្ធិពិសេសឱ្យជនជាតិម៉ាឡេ និងជនជាតិដើមនៃរដ្ឋ Sabah និង Sarawak ហើយវាជាការទទួលខុសត្រូវរបស់ Yang di-Pertuan Agong(សេ្តចម៉ាឡេស៊ី) ដើម្បីការពារសិទ្ធិពិសេសទាំងអស់នោះ។ សិទ្ធិពិសេសទាំងនោះ រួមមានអត្ថប្រយោជន៏ជាច្រើនលើវិស័យមួយចំនួន ដូចជាវិស័យអប់រំ វិស័យពាណិជ្ជកម្ម ការងារជាដើម។ ជាឧទាហរណ៍ កៅអីបម្រុងនិងអាហារូបករណ៍ជាច្រើននៅក្នុងសាកលវិទ្យាល័យសាធារណៈត្រូវបានរៀបចំជាពិសេសសម្រាប់ជនជាតិដើមម៉ាឡេ ហើយ ជនជាតិម៉ាឡេទាំងនោះក៏ទទួលបានសិទ្ធិពិសេសនិងឱកាសជាច្រើនក្នុងការចូលធ្វើការងាររដ្ឋជាច្រើនកន្លែង។ អ្នកវិភាគនិងអង្គការជាច្រើនបានរិះគន់ថា មាត្រា ១៥៣ នេះបង្កើតឱ្យមានការបែងចែកជាតិសាសន៍ដែលមិនចាំបាច់ និងប្រកាន់ពូជសាសន៍រវាងជនជាតិម៉ាឡេស៊ីដែលមានប្រវត្តិសញ្ជាតិផ្សេងៗគ្នា។ ពួកគេជឿថាទង្វើនេះគឺលើកកម្ពស់ការបែងចែកមិនមែនការរួបរួមឡើយ។ ស្របគ្នានេះដែរ ម៉ាឡេស៊ីក៏បានប្រឈមមុខនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធនយោបាយ និងរដ្ឋាភិបាលជាច្រើនលើក រួមទាំងជួបប្រទះការទាស់ទែងខ្វែងគំនិតរវាងមេដឹកនាំ ដែលរួមចំណែកដល់ការធ្វើឱ្យមានអស្ថិរភាពនយោបាយនៅក្នុងប្រទេស។
នៅពេលនិយាយអំពីការអភិវឌ្ឍ យុទ្ធសាស្ត្រសេដ្ឋកិច្ចពិតជាដើរតួនាទីយ៉ាងសំខាន់។ សិង្ហបុរីផ្តោតលើពាណិជ្ជកម្ម ហិរញ្ញវត្ថុ ទេសចរណ៍ និងបច្ចេកវិទ្យាជាគោលដៅសំខាន់របស់សេដ្ឋកិច្ចពួកគេ។ គោលការណ៏របស់សិង្ហបុរីពិតជាបង្កភាពងាយស្រួលសម្រាប់ឱ្យវិនិយោគិនមកធ្វើអាជីវកម្ម ហើយពួកគេបានផ្តល់អត្រាពន្ធសាជីវកម្មទាបត្រឹមតែ១៧%ប៉ុណ្ណោះជូនចំពោះអ្នកវិនិយោគបរទេស ថែមទាំងដំណើរការផ្លូវច្បាប់មិនសូវស្មុគស្មាញទៀតផង។ ជាងនេះទៅទៀត សឹង្ហបុរីជាប្រទេសដែលមានពលរដ្ឋនិយាយភាសាអង់គ្លេស ច្រើនដែលជាកត្តាមួយទាក់ទាញអ្នកវិនិយោគ។ សេដ្ឋកិច្ចម៉ាឡេស៊ីវិញ ពួកគេផ្តោតលើវិស័យធនធានធម្មជាតិរបស់ពួកគេដែលអាចនិយាយបានថា ជាផែនការរយៈពេលខ្លី ដោយសារតែពួកគេពឹងផ្អែកច្រើនពេកលើធនធានធម្មជាតិរបស់ពួកគេ ដូចជាប្រេង និងប្រេងដូង។ ជាងនេះទៅទៀត វិនិយោគិនទទួលបានការលើកទឹកចិត្តតិច ហើយម៉ាឡេស៊ីក៏អនុវត្តលក្ខខណ្ឌច្បាប់ដ៏ស្មុគស្មាញ។ មួយវិញទៀត ភាសាសំខាន់របស់ម៉ាឡេស៊ីគឺភាសាម៉ាឡេ ដែលជាហេតុផលមួយដែលធ្វើឱ្យម៉ាឡេស៊ីមានភាពលេចធ្លោតិចជាងប្រទេសសិង្ហបុរីនៅក្នុងទីផ្សារពិភពលោក។
ចំណុចមួយទៀតដែលសិង្ហបុរីធ្វើបានល្អជាងម៉ាឡេស៊ី គឺការអភិវឌ្ឍធនធានមនុស្ស។សិង្ហបុរីសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកទឹកចិត្តឱ្យគ្រប់ជាតិសាសន៍ចូលរួមជាធនធានរបស់ប្រទេស។ ក្នុងនោះ រដ្ឋាភិបាលសិង្ហបុរីក្រោមការដឹកនាំរបស់លោក លី ក្វាន់យូ បានសង្កត់ធ្ងន់ខ្លាំងលើការបណ្តុះបណ្តាលគ្រូ ការសង្កត់ធ្ងន់លើមុខវិជ្ជា STEM និងការចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីធានាថាសាលារៀនមានធនធានល្អ ហើយកម្មវិធីសិក្សាគឺទាន់សម័យ។ តាមរបាយការណ៏របស់ World Bank ក្នុងឆ្នាំ ២០២២ ការចំណាយសរុបរបស់រដ្ឋាភិបាលសិង្ហបុរីលើវិស័យអប់រំមានចំនួនរហូតទៅដល់ ១៣ ពាន់លានដុល្លារសិង្ហបុរី។ ចំណែកម៉ាឡេស៊ីវិញ ដោយសារបញ្ហាដែលបានរ៉ាយរ៉ាប់ខាងលើក្នុងអត្ថបទជាពិសេសការរើសអើងជាតិសាសន៍ពីរដ្ឋ គុណភាពនៃធនធានមនុស្សដែលកំពុងធ្វើការជាក្បាលម៉ាស៊ីនរបស់ម៉ាឡេស៊ីនៅមានកម្រិតនៅឡើយ។
សរុបមក នយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាហេតុផលដែលធ្វើឲ្យសិង្ហបុរីមានការអភិវឌ្ឍន៍យ៉ាងលឿនរហូតដល់ការយកឈ្នះម៉ាឡេស៊ី។ សិង្ហបុរីឲ្យតម្លៃទៅលើសមភាពរវាងជាតិសាសន៍ ហើយប្រើវាជាកាតាលីករដើម្បីជំរុញប្រទេសរបស់ពួកគេ។ សម្រាប់ម៉ាឡេស៊ីវិញ ហាក់បីដូចជាមានកត្តាជាច្រើនដែលរដ្ឋាភិបាលត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាជាពិសេសការរើសអើងពូជសាសន៏ ដើម្បីធ្វើឱ្យប្រទេសរបស់ពួកគេកាន់តែមានការអភិវឌ្ឍន៍ជឿនលឿនទៅមុខ។