កាលពីមុន ជប៉ុនធា្លប់ទទួលជ័យជំនះលើប្រទេសចិនម្តងរួចមកហើយ កាលពីសង្រ្គាមចិន-ជប៉ុនលើកទីមួយ (First Sino-Japanese War) ប៉ុន្តែភាពស្រេកឃ្លានអំណាចរបស់ជប៉ុននៅតែបន្តកើនឡើងមិនឈប់ឈរ ដោយអ្នកដឹកនាំនៃប្រទេសនេះកាន់តែមានមហិច្ចតាចក្រពត្តិនិយម ចង់ពង្រីកតំបន់គ្រប់គ្រងរបស់ពួកគេ រហូតធ្វើឱ្យមានសង្រ្គាមជាលើកទីពីរទៀត។ សង្រ្គាមចិន-ជប៉ុនលើកទីពីរនេះ ត្រូវបានគេហៅម្យ៉ាងទៀតថា សង្រ្គាមនៃការតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ដែលកើតឡើងក្នុងអំឡុងឆ្នាំ ១៩៣៧ ដល់ឆ្នាំ ១៩៤៥។ តើសង្រ្គាមនេះកើតឡើងយ៉ាងដូចម្តេច?
ឥទ្ធិពលនៃជប៉ុន និងការចុះខ្សោយរបស់ចិន
កន្លងមក ជប៉ុនបានអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនឱ្យឈានដល់កម្រិតខ្ពស់ដូចលោកខាងលិចដែរ រួមមានការបង្កើតសេដ្ឋកិច្ចឧស្សាហកម្មរីកចម្រើនយ៉ាងឆាប់រហ័ស កងកម្លាំងយោធាបំពាក់ដោយអាវុធទំនើបៗ និងកំណែទម្រង់រដ្ឋធម្មនុញ្ញ Meiji នៅឆ្នាំ ១៨៨៩ ដែលផ្តល់ឱ្យជប៉ុននូវស្ថាប័ននយោបាយបែបលោកខាងលិច ប៉ុន្តែមិនទាន់មានលក្ខណៈប្រជាធិបតេយ្យពេញលេញនោះទេ ព្រោះប្រមុខរដ្ឋនៅស្ថិតក្នុងដៃអធិរាជនៅឡើយ។ ស្របពេលដែលប្រទេសរបស់ខ្លួនមានភាពរឹងមាំ ប្រទេសចិនបែរជាធ្លាក់នៅក្នុងភាពទន់ខ្សោយដោយសារអស្ថិរភាពសេដ្ឋកិច្ច ទំនាស់នយាបាយផ្ទៃក្នុង និងភាពចលាចលក្នុងសង្គម។ ជប៉ុនបានយកឈ្នះចិនក្នុងរយៈពេលត្រឹមតែជាងប្រាំបីខែប៉ុណ្ណោះ ក្នុងសង្រ្គាមចិន-ជប៉ុនលើកទី១ (១៨៩៤ ដល់ ១៨៩៥) ដោយសារតែជប៉ុនមានកងទ័ពច្រើនជាងចិន រីឯការដួលរលំនៃរាជវង្សឈីង (១៩១១) កាន់តែធ្វើឱ្យឥទ្ធិពលជប៉ុនកើនឡើងទ្វេដង នៅក្នុងប្រទេសចិន។
សង្រ្គាមចិន-ជប៉ុនលើកទីពីរ (១៩៣៧ ដល់ ១៩៤៥)
នៅខែកក្កដា ឆ្នាំ១៩៣៧ ទាហានជប៉ុនបានបើកការបាញ់ប្រហារលើទាហានក្នុងតំបន់ជិតស្ពាន Marco Polo ក្នុងទីក្រុងវ៉ានភីង (Wanping) ជិតទីក្រុងប៉េកាំង។ កងទ័ពជាតិនិយមចិនបានព្យាយាមទប់ទល់នឹងការឈ្លានពានដែរ ប៉ុន្តែឧស្សាហកម្មចិនដែលមិនមានការអភិវឌ្ឍ គ្មានសមត្ថភាពក្នុងការផ្គត់ផ្គង់អាវុធយុទ្ធភណ្ឌបានគ្រប់គ្រាន់ឡើយហើយបានបរាជ័យយ៉ាងឆាប់រហ័ស ដោយសារតែបច្ចេកវិទ្យារីកចម្រើន និងការត្រៀមខ្លួនរបស់ជប៉ុន។ កងកម្លាំងជប៉ុនបានចល័តយ៉ាងលឿនកាត់តាមឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន រួចធ្វើការវាយលុកក្នុងទីក្រុងសៀងហៃ ណានជីង(Nanjing) និងទីតាំងផ្សេងទៀតក្នុងប្រទេសចិនដីគោក ក្រៅពីនេះ ជប៉ុនបានប្រើយន្តហោះយោធាដើម្បីទម្លាក់គ្រាប់បែកទៅតំបន់ដែលទាហានជើងគោកមិនអាចចូលបាន។ នៅចុងឆ្នាំ ១៩៣៧ រដ្ឋាភិបាលជាតិនិយមចិនត្រូវបានបង្ខំឱ្យដកថយពីរដ្ឋធានីណានជីងរបស់ខ្លួនទៅកាន់ទីក្រុង ឆុងឈីង (Chongqing) ភាគខាងលិចប្រទេសចិនវិញ។
មហាសោកនាដកម្មទីក្រុងណានជីង
ទាហានជប៉ុនប្រព្រឹត្តអំពើយ៉ាងឃោរឃៅទៅលើជនស៊ីវិល និងអ្នកទោសយោធា។ ចាប់តាំងពីជប៉ុនបានកាន់កាប់តំបន់ណានជីងពីខែធ្នូ ឆ្នាំ១៩៣៧ មានព្រឹត្តិការណ៍មួយកើតឡើងដែលគេហៅថា “មហាសោកនាដកម្មទីក្រុងណានជីង (The Rape of Nanjing)” ជាប្រវត្តិសាស្ត្រនៃអំពើអាក្រក់ឃោរឃៅបំផុតដែលជប៉ុនធ្វើលើជនជាតិចិនដែលជប៉ុនបានសម្លាប់ជនជាតិចិន ធ្វើទារុណកម្ម និងយកមនុស្សទៅពិសោធជាដើម។ តាមការប៉ាន់ប្រមាណ ជប៉ុនបានសម្លាប់មនុស្ស ៣០០ ០០០ ក្នុងក្រុងដែលភាគច្រើនជាជនស៊ីវិល ក្នុងនោះរួមមានការប្រើវិធីកប់ទាំងរស់ ប្រើកាំភ្លើងយន្ត រីឯស្ត្រីត្រូវបង្ខំឱ្យធ្វើពលកម្ម ជាទាសករផ្លូវភេទសម្រាប់មន្ត្រីនិងទាហានជប៉ុន។ អង្គភាពលេខ៧៣១ នៅភាគឦសានរបស់ប្រទេសចិន គឺជាកន្លែងធ្វើតេស្តសង្គ្រាមជីវសាស្ត្រ និងគីមីដ៏ធំបំផុតដែលជប៉ុនបានចាប់យកអ្នកទោសទៅពិសោធដោយចាក់ថ្នាំវីរុសជំងឺផ្សេងៗ ការបង្អត់អាហារ និងដាក់ឱ្យនៅកន្លែងត្រជាក់ខ្លាំង ហើយក្រៅពីនេះ រួមមានការវះកាត់ដោយគ្មានប្រើថ្នាំសន្លប់ ការប៉ះពាល់ដោយប្រើអាវុធគីមី និងឧបករណ៍ដុតជាដើម។ ម្យ៉ាងទៀត ជប៉ុនក៏បានទម្លាក់គ្រាប់បែកតាមអាកាសដែលមានផ្ទុកនូវមេរោគប៉េស្តនៅតាមទីក្រុងផ្សេងៗ ដូចជាក្រុងនីងប៉ (Ningbo) និងឆាងតឺ (Changde) ផងដែរ។ ប្រទេសចិនដ៏ធំសម្បើមត្រូវបានបំផ្លាញដោយសង្គ្រាមរបស់ជប៉ុន ក្រោមពាក្យស្លោក “សម្លាប់ទាំងអស់ ប្លន់ទាំងអស់ បំផ្លាញទាំងអស់”។
នៅខែមិថុនា ១៩៣៨ លោកជៀង កៃជៀក (Chiang Kai-shek) បានបញ្ជាឱ្យបំបាក់ទំនប់វារីអគ្គិសនីនៅទន្លេលឿង ក្នុងគោលបំណងទប់ស្កាត់ល្បឿននៃការឈ្លានពានរបស់ជប៉ុន តែផ្ទុយទៅវិញបែរជាបណ្តាលឱ្យមានទឹកជំនន់ដ៏ធំបំផ្លិចបំផ្លាញ សម្លាប់ជនស៊ីវិលចិនប្រហែលពី១លាននាក់ទៅវិញ និងធ្វើឱ្យមនុស្ស១០លាននាក់គ្មានផ្ទះសម្បែង ដីកសិកម្មសំខាន់ៗត្រូវបានបំផ្លាញ។ ទុក្ខវេទនា និងគ្រោះទុរភិក្សធ្វើឱ្យប្រជាជនស្អប់ខ្ពើមចំពោះជៀង កៃជៀក និងរបបជាតិនិយម។ បន្ថែមនេះ អំពើពុករលួយកើតឡើងគ្រប់ទីកន្លែង អតិផរណាមានការកើនឡើង និងទាហានរត់ចោលជួរជាដើម។
ការជាប់គាំង និងបរាជ័យ
នៅឆ្នាំ១៩៣៨ សង្រ្គាមចិន-ជប៉ុនលើកទីពីរបានឈានមកដល់ការជាប់គាំង ដោយសារតែទំហំភូមិសាស្ត្រដ៏ធំនៃប្រទេសចិន កង្វះហេដ្ឋារចនាសម្ព័ន្ធ កម្លាំងតស៊ូដែលបានខ្ចាត់ខ្ចាយបានជួយបន្ថយល្បឿនវាតទីរបស់ជប៉ុន។ មួយវិញទៀត ជប៉ុនកំពុងតទល់ជាមួយអាមេរិកនៅក្នុងសង្រ្គាមលោកលើកទី២ នៅឆ្នាំ១៩៤១ ដោយជប៉ុនបានទម្លាក់គ្រាប់បែកនៅលើកំពង់ផែគុជរបស់អាមេរិក។ សង្គ្រាមចិន-ជប៉ុនលើកទី២ បានបញ្ចប់នៅខែសីហា ឆ្នាំ១៩៤៥ បន្ទាប់ពីសហរដ្ឋអាមេរិកបានបំផ្ទុះអាវុធនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។ នៅពេលនោះ កងទ័ពរុស្សីបានបង្រ្កាបកងកម្លាំងជប៉ុននៅម៉ាន់ជូរី រីឯកម្លាំងក្នុងប្រទេសចិនត្រូវបានបញ្ជាឱ្យចុះចាញ់ពួកអ្នកជាតិនិយម។
សរុបរួមមក សង្គ្រាមចិន-ជប៉ុនលើកទីពីរកើតឡើងពីភាពតានតឹងនៃប្រទេសទាំងពីរដែលមានតាំងពីច្រើនទសវត្សរ៍មកហើយ និងបានបណ្តាលឱ្យប្រទេសចិនរងគ្រោះដោយការរំលោភបំពានពីជនជាតិជប៉ុនយ៉ាងដំណំ។ ប្រទេសចិនបានងើបចេញពីសង្រ្គាមជាមួយជប៉ុន ដោយសេដ្ឋកិច្ចត្រូវបានខ្ទេចខ្ទាំ ហើយនយោបាយក្នុងប្រទេសក៏មិនទាន់បានដោះស្រាយនៅឡើយ។ សង្រ្គាមបានធ្វើឱ្យរដ្ឋាភិបាលជាតិនិយមស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ខណៈដែលគណបក្សកុម្មុយនីស្តចិន CCP កាន់តែរីកធំឡើង និងកើនឡើងប្រជាប្រិយភាព។