K-pop ដែលមានពាក្យពេញជា Korean Popular Music ជាប្រភេទតន្ត្រីដែលមានប្រភពមកពីប្រទេសកូរ៉េខាងត្បូង ដែលរួមបញ្ចូលចង្វាក់ចម្រុះ ទាំងកន្រ្តាក់ញាក់អារម្មណ៍និង កំសត់បែបមនោសញ្ចេតនា។ K-pop បានចាប់ផ្តើមពីចំណុចតូចមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីពីរបីទសវត្សរ៍មុន ប៉ុន្តែសព្វថ្ងៃ ប្រភេទចង្វាក់តន្ត្រីមួយប្រភេទនេះបានអង្រួនពិភពលោក និងបង្កបង្កើតបានក្រុមចម្រៀងនិងតារាល្បីៗជាច្រើនដូចជា BTS, Blackpink, TWICE ជាដើម។ ជាមួយនឹងបទចម្រៀងល្បីៗដូចជា “Gangnam Style” និង “APT”, K-pop កាន់តែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងស្រុក និងទូទាំងពិភពលោក ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសេដ្ឋកិច្ចកូរ៉េខាងត្បូង។ អត្ថបទនេះនឹងពន្យល់កាន់តែស៊ីជម្រៅអំពីឥទ្ធិពលផ្ទាល់ និងឥទ្ធិពលប្រយោលរបស់ K-pop ចំពោះសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង។
ឥទ្ធិពលផ្ទាល់របស់ K-pop លើសេដ្ឋកិច្ចកូរ៉េខាងត្បូង
ឥទ្ធិពលសេដ្ឋកិច្ចចម្បងមួយរបស់ K-pop គឺប្រាក់ចំណូលដែលបង្កើតបានតាមរយៈការលក់តន្ត្រី អាល់ប៊ុម និងក្នុងវេទិកាស្តាប់ចំរៀង (music streaming platform)។ កូរ៉េខាងត្បូងបច្ចុប្បន្នមានវេទិកាស្តាប់ចំរៀង រហូតដល់ចំនួន ១៣ ដែលផ្តល់ឱ្យប្រជាជនកូរ៉េខាងត្បូងចូលស្តាប់តន្ត្រី ដូចជា VIBE, Melon, Bugs, Soribada, Genie Music, Kakao Music, FLO, Bandcamp, Spotify, Apple Music, Soundcloud, TIDAL, YouTube music និង DEEZER។ លើសពីនេះទៀត ចំណងសម្ព័នភាពរវាងសិល្បករ និងអ្នកគាំទ្រគឺរឹងមាំណាស់។ គោលបំណងសម្រាប់អ្នកគាំទ្រទាំងអស់គឺដើម្បីឱ្យនិមិត្តរូប (idol) របស់ពួកគេទទួលបានជោគជ័យ ហើយការទិញ CDs និងអាល់ប៊ុមនឹងជួយធ្វើឱ្យនិមិត្តរូបរបស់ពួកគេទទួលបានការកោតសរសើរនិងពានរង្វាន់ផ្សេងៗ។ កត្តានេះបានធ្វើឱ្យតួលេខនៃការលក់ចម្រៀងរបស់វិស័យ K-pop ទៅកាន់ពិភពលោកកាន់តែកើនឡើង ដែលរួមចំណែកដល់ការរីកចម្រើននៃឧស្សាហកម្ម និងនិរន្តរភាពនៃសិល្បករ ក្រុមហ៊ុន និង ភាគីពាក់ព័ន្ធ។ យោងតាមទិន្នន័យពីទីភ្នាក់ងារមាតិកាច្នៃប្រឌិតកូរ៉េខាងត្បូង (Korea Creative Content Agency – KOCCA) តម្លៃនៃការនាំចេញផលិតផល និងអាល់ប៊ុមដែលទាក់ទងនឹង K-pop បានកើនឡើងពីប្រមាណ ៤០ លានដុល្លារក្នុងឆ្នាំ ២០០៣ ដល់ជាង ៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដែលមានអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៣១,៩% ។
ក្រៅពីការលក់ចម្រៀងរបស់សិល្បករ វិស័យ K-pop ក៏បានបង្កើតការងារជាច្រើន រួមទាំងការងារផលិតតន្ត្រី ទីផ្សារ និងការកម្សាន្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយកាត់បន្ថយអត្រាគ្មានការងារធ្វើរបស់ប្រជាជន។ របាយការណ៏របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា វិស័យ K-pop បច្ចុប្បន្នមានបុគ្គលិកប្រមាណ ៩២ ០០០ នាក់។ សម្រស់និងប្រជាប្រិយភាពរបស់សិល្បករក្នុងវិស័យ K-pop ក៏បានទាក់ទាញការវិនិយោគពីក្រុមហ៊ុនអន្តរជាតិ ដែលកំពុងស្វែងរកភាពជាដៃគូជាមួយភ្នាក់ងារកូរ៉េខាងត្បូងផងដែរ។
ឥទ្ធិពលដោយប្រយោលរបស់ K–pop លើសេដ្ឋកិច្ចកូរ៉េខាងត្បូង
ដោយសារឥទ្ធិពលនៃវិស័យ K-pop និងមាតិកាកូរ៉េ វិស័យទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូងបានទទួលបានការអភិវឌ្ឍ ដោយសារការកើនឡើងនៃភ្ញៀវទេសចរបរទេស។ របាយការណ៏របស់ក្រសួងទេសចរណ៏ បានកត់ត្រាថាមានភ្ញៀវទេសចរត្រឹមតែ ៣០០ ០០០ នាក់ប៉ុណ្ណោះក្នុងឆ្នាំ ១៩៩៨ ប៉ុន្តែកូរ៉េខាងត្បូងបានកត់ត្រាចំនួនអ្នកមកទេសចរកើនរហូតដល់ចំនួន ១៧,៥ លាននាក់ក្នុងឆ្នាំ២០១៩។ នៅពេលដែលតារា K-pop រៀបចំការប្រគុំតន្ត្រីនៅប្រទេសកូរ៉េខាងត្បូង ចំនួនអ្នកទេសចរដែលមកប្រទេសកូរ៉េខាងត្បូងក៏មានការកើនឡើងផងដែរ។ សណ្ឋាគារ កន្លែងដើរលេង តាក់ស៊ីក៏ទទួលបានអតិថិជន ដែលនាំឱ្យប្រជាពលរដ្ឋរកចំណូលបានកាន់តែច្រើន ។
សម្រស់តារា K-pop ក៏មានឥទ្ធិពលលើការថែទាំសម្រស់ជាសកល ដែលបង្កឱ្យមានការកើនឡើងនៃតម្រូវការគ្រឿងសម្អាង និងផលិតផលថែរក្សាស្បែករបស់កូរ៉េ។ តារាមួយចំនួនក៏បានធ្វើជាទុតសុឆន្ទៈឱ្យផលិតផលបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងមួយចំនួនដូចជា Samsung និង LG ដែលបានបង្កើនចំនួនការលក់ទូទាំងពិភពលោក។
សរុបមក K-pop បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងដោយការទាក់ទាញការវិនិយោគពីបរទេស និងជំរុញកំណើនក្នុងឧស្សាហកម្មដែលពាក់ព័ន្ធ។ វិស័យនេះបានបង្កើតប្រាក់ចំណូលយ៉ាងច្រើនតាមរយៈការលក់តន្ត្រី ការផ្សាយ ទំនិញ និងព្រឹត្តិការណ៍តន្រ្តីផ្សេងៗ ព្រមទាំងបង្កើនការទាក់ទាញជាសកលនៃទំនិញរបស់កូរ៉េខាងត្បូងនិងទាក់ទាញភ្ញៀវទេសចរ។