"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ផ្ទះ កំណត់​ហេតុ​បណ្ដាញ

កម្មវិធីថង់ប្រាជ្ញា៖​ តើផ្នត់​គំនិត​​យេនឌ័រ (Gender Stereotypes) មានផលប៉ះពាល់យ៉ាងដូចម្ដេចខ្លះមកលើសង្គម និងជីវិតប្រចាំថ្ងៃរបស់យើង?

តើអ្វីទៅជាផ្នត់គំនិតយេនឌ័រ (Gender Stereotypes)?

ផ្នត់គំនិតយេនឌ័រ គឺជាបណ្ដុំនៃជំនឿដែលផ្ដោតសំខាន់ទៅលក្ខណៈអត្តចរិត អាកប្បកិរិយា និងតួនាទីនៃបុគ្គល ឬក្រុមមនុស្សជាក់លាក់ក្នុងសង្គមគួរមាន ឬមិនគួរមានដោយផ្អែកលើយេនឌ័រ។​​ ផ្នត់គំនិតមួយនេះត្រូវបានលើកឡើងតគ្នាពីជំនាន់មួយទៅជំនាន់មួយ ដោយបានឆ្លុះបញ្ចាំងពីភាពលម្អៀងដោយផ្អែកលើបទដ្ឋានសង្គមចំពោះស្រ្តី និងបុរសនៅក្នុងការរស់នៅប្រចាំថ្ងៃ ឧទាហរណ៍ដូចជា ផ្នត់គំនិតដែលគិតថាស្រ្តីគួរតែមានអាកប្បកិរិយាសុភាពទន់ភ្លន់ដូចសំពត់ក្នុងផ្នត់ ចេះទុកដាក់រឿងចង្ក្រានជើងឆ្នាំងជាដើម ចំណែកឯបុរស គួរតែមានចរិតលក្ខណៈរឹងមាំ និងជាអ្នករកចំណូលមកផ្គត់ផ្គង់គ្រួសារ។ បច្ចុប្បន្ន ការប្រកាន់យកនូវទស្សនៈ ឬផ្នត់គំនិតយេនឌ័រមួយនេះនៅតែកើតមានឡើងនៅស្ទើតែគ្រប់មជ្ឈដ្ឋាន មិនថានៅក្នុងគ្រួសារ តាមស្ថាប័នធ្វើការរដ្ឋ ឬឯកជន សាលារៀន សហគមន៍ ទីជនបទ ឬទីក្រុងក្ដី ដែលកើតមានឡើងចំពោះបុគ្គលទូទៅគ្រប់វ័យ និងភេទនៅក្នុងសង្គម។

តើផ្នត់គំនិតយេនឌ័រមានផលប៉ះពាល់យ៉ាងដូចម្ដេចខ្លះមកលើសង្គម និងជាពិសេសមកលើស្ត្រី?

យោងទៅតាម​ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ផ្នត់គំនិតយេនឌ័របង្កឱ្យមានផលប៉ះពាល់មកលើបុគ្គលគ្រប់រូបដោយសារតែវា​បាន​កំណត់ការវិនិច្ឆ័យទៅលើតួនាទីរបស់ស្រ្តី និងបុរសដែលជាកត្តារាំងស្ទះក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេដូចជាការចាប់យកអាជីព ឬរៀនមុខជំនាញណាមួយ ការធ្វើការសម្រេចចិត្តអំពីជម្រើសក្នុងជីវិត និងផែនការជីវិតរបស់ពួកគេ។ ការប្រកាន់នូវផ្នត់គំនិតនេះជារឿយៗមិនត្រឹមតែបង្កឱ្យមានការរើងអើងនៅក្នុងសង្គមដោយផ្អែកលើយេនឌ័រប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យបុគ្គលដែលទទួលរងនូវផ្នត់គំនិតដ៏ចាស់គំរឹលមួយនេះ បាត់បង់ទំនុកចិត្តលើខ្លួន កើតមានបញ្ហាវិបត្តិផ្លូវចិត្ត គ្មានភាពក្លាហាន និងឱកាសគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាពសង្គមដែលបណ្ដាលឱ្យមានភាពចុះខ្សោយទាំងផ្នែកសេដ្ឋកិច្ច សុខភាព និងធនធាននៅក្នុងសង្គម។

ម្យ៉ាងទៀត ផ្នត់គំនិតយេនឌ័របានបង្កផលប៉ះពាល់ដល់ស្ត្រីដោយវាបានកំណត់ជម្រើស អាកប្បកិរិយា និងតួនាទីរបស់ស្រ្តីដែលជាទូទៅត្រូវបានសង្គមវាយតម្លៃគិតថាវាជាអ្វីដែលស្រ្តីចាំបាច់ត្រូវតែប្រកាន់ខ្ជាប់។ ផ្នត់គំនិតនេះ ក៏បង្កជាបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍខ្លួនរបស់ស្ត្រីដោយកម្រិតការជំរុញលើកទឹកចិត្តពួកគេក្នុងការសម្រេចចិត្តទៅលើជម្រើសមុខរបរអាជីព ឬការសិក្សាមុខជំនាញណាមួយទៅតាមសមត្ថភាពរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាហេតុដែលនាំឱ្យកើតមានភាពលម្អៀងរើសអើងមកលើស្ត្រីភេទ ដូចជាការឱ្យតម្លៃមិនស្មើភាពគ្នារវាងស្រ្តី និងបុរសនៅក្នុងសង្គមមិនថាតាមស្ថាប័ននានា សាលារៀន ឬក្នុងគ្រួសារជាដើម។

យោងទៅតាមអត្ថបទរបស់លោកស្រី ខាសានដ្រា ចេហ្វឺរី (Cassandra Jeffery) ដែលបានចេញផ្សាយដោយកម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ (UNDP) ប្រចាំនៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ស្ត្រីចំនួន ៩២% និងបុរសចំនួន ៨២% បានជឿជាក់ថាតួនាទីដ៏សំខាន់បំផុតរបស់ស្រ្តីគឺការមើលថែទាំ ទុកដាក់ផ្ទះសម្បែង ខណៈពេលដែលបុរសចំនួន ៦២% និងស្រ្តីចំនួន ៥៧% បានយល់ស្របថា បុរសគួរតែជាអ្នកធ្វើការសម្រេចចិត្តពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗក្នុងគ្រួសារ នេះបើយោងទៅតាមទិន្នន័យការស្តង់មតិថ្នាក់ជាតិរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៩។ យោងតាមករណីសិក្សាពីផលប៉ះពាល់អវិជ្ជមាននៃផ្នត់គំនិតយេនឌ័រនៅប្រទេសអ៊ូសបេគីស្ថានរបស់ UNDP ​ក៏បានឱ្យដឹងថា ផ្នត់គំនិតយេនឌ័របានបង្កផលប៉ះពាល់អវិជ្ជមានដល់ស្ត្រី ដោយពួកគេត្រូវបានទទួលរងគ្រប់ទម្រង់នៃអំពើហិង្សា ព្រមទាំងជួបបញ្ហាប្រឈមដូចជាបញ្ហាកង្វះខាតនៃធនធានដើម្បីទប់ទល់នឹងអំពើហិង្សាទាំងនោះ និងមានការភ័យខ្លាចក្នុងការស្វែងរកជំនួយ ជាពិសេសនៅតាមតំបន់ជនបទ ដោយសារពួកគេមានភាពភ័យខ្លាចការសងសឹកពីប្តី ព្រមទាំងសាច់ញាតិ​ប្តី អ្នកជិតខាង និង​គ្រួសារ​ខ្លួនឯង និងអស់សង្ឃឹម​ក្នុងការ​ទទួលបាន​ការគាំទ្រ​ពី​សមត្ថកិច្ច។

សរុបសេចក្ដីមក ផ្នត់គំនិតយេនឌ័រគឺជាជំនឿដ៏ចាស់គំរឹលមួយដែលមិនត្រឹមតែបង្កផលប៉ះពាល់អវិជ្ជមានដែលជាកត្តារាំងស្ទះដល់ការពង្រីកសក្ដានុពល និងអភិវឌ្ឍសមត្ថភាពរបស់បុគ្គល លើកទឹកចិត្តដល់ការរើសអើងយេនឌ័រក្នុងសង្គម និងបង្កវិបត្តិផ្សេងៗដល់ស្រ្តីប៉ុណ្ណោះទេ ប៉ុន្តែផ្នត់គំនិតមួយនេះក៏ជាកត្តារាំងស្ទះក្នុងការឆ្ពោះទៅរកសង្គមមួយដែលប្រកបដោយវិសមភាពផងដែរ។ ទោះបីជាការទទួលបានយេនឌ័រពិតប្រាកដក្នុងសង្គមមួយហាក់បីដូចជាស្ថិតនៅឆ្ងាយពីជីវិតប្រចាំរបស់យើងក៏ដោយ ប៉ុន្តែយុទ្ធនាការចូលរួមក្នុងការប្រយុទ្ធប្រឆាំងទៅនឹងផ្នត់គំនិតយេនឌ័រត្រូវបានលើកទឹកចិត្តឱ្យអនុវត្តគោលនយោបាយដូចជា ការធ្វើកំណែទម្រង់ស្ថាប័នតាមរយៈការអភិវឌ្ឍន៍និងការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ការផ្សព្វផ្សាយនិងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរអាកប្បកិរិយានិងផ្នត់គំនិតតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានានិងការចូលរួមរបស់យុវជន និងការលើកកម្ពស់ស្ត្រីក្នុងតួនាទីជាថ្នាក់ដឹកនាំ។

 

 

វិចារណកថាថ្ងៃសុក្រ៖ ឥទ្ធិពលនៃភាពជាដៃគូជិតស្និទ្ធរវាងចិន និងវៀតណាមលើសេដ្ឋកិច្ចវៀតណាម

​អំឡុង​ពេល​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅ​ប្រទេស​វៀតណាម​របស់​លោក Xi Jinping និង ទស្សនកិច្ចរបស់លោក To Lam នៅប្រទេសចិន ភាគីចិន និង​វៀតណាមបានប្រកាសអំពីជំហរថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបានព្រមព្រៀងគ្នាក្នុងការកសាងសហគមន៍ចិន-វៀតណាម ដើម្បីជំរុញភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីវៀតណាម លោក To Lam បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping និងមន្ត្រីសំខាន់ៗដទៃទៀត ដោយកិច្ចពិភាក្សាបានផ្ដោតសំខាន់លើទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចទាំងពីរ ក្នុងគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ពួកគេ និងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា។

ភាគីទាំងពីរបានប្រារព្ធ និងរំលឹកនូវអនុស្សាវរីយ៍សំខាន់ៗនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសង្គមនិយម ទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍជាតិ។ ពួកគេបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ ជាពិសេសនៅសមុទ្រចិនខាងត្បូង។ ហេតុនេះ ដំណើរទស្សនកិច្ចនេះបានបញ្ចប់ទៅដោយមានឯកសារដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ហិរញ្ញវត្ថុ ការថែទាំសុខភាព និងជាច្រើនទៀត ដែលជាជំហានជោគជ័យមួយឆ្ពោះទៅការពង្រឹងទំនាក់ទំនងទ្វេភាគីសម្រាប់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។

ឥទ្ធិពលនៃភាពជាដៃគូជិតស្និទ្ធលើសេដ្ឋកិច្ចវៀតណាម

ចាប់តាំងពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលចិនទៅកាន់ប្រទេសវៀតណាមកាលពីឆ្នាំមុន ប្រទេសទាំងពីរបាននិងកំពុងចូលរួមក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។ យោងតាមទិន្នន័យផ្លូវការរបស់ប្រទេសចិន ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១៤៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ដោយប្រទេសចិននៅតែបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម និងជាអ្នកវិនិយោគនាំមុខគេក្នុងគម្រោងថ្មីៗនៅក្នុងប្រទេសវៀតណាម។ ហេតុនេះ ភាពជាដៃគូផ្នែកសេដ្ឋកិច្ចក៏កាន់តែជិតស្និទ្ធរវាងភាគីទាំងពីរ។

ចំណែកប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថា ប្រទេសចិននៅតែជាអ្នកនាំចូលធំបំផុតនៃបន្លែ និងផ្លែឈើរបស់វៀតណាម ជាមួយនឹងការនាំចូលរបស់ខ្លួននៅក្នុងឆមាសទីមួយនៃឆ្នាំនេះមានចំនួន ៦៤% នៃការនាំចេញផលិតផលកសិផលសរុបរបស់ប្រទេសវៀតណាម។ ប្រទេសចិនក៏ជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញធុរេនរបស់វៀតណាម ដែលស្មើនឹង ៩២,៤% នៃការនាំចេញផ្លែឈើសរុបរបស់វៀតណាម។ ក្នុងឆ្នាំ​២០២៣ ប្រទេសចិនបានវិនិយោគចំនួន ៤,៤៧ ពាន់លានដុល្លារអាមេរិកក្នុងគម្រោងជាង ៧០០ នៅក្នុងប្រទេសវៀតណាម កើនឡើង ៧៧%។ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៤ ប្រទេសចិនគឺជាដៃគូនាំមុខគេលើគម្រោងវិនិយោគថ្មីនៅវៀតណាម ដែលស្មើនឹង ២៩,៧% នៃចំនួនគម្រោងថ្មីសរុបនៅក្នុងប្រទេសវៀតណាម។

បើក្រឡេកមើលពីរថភ្លើងដឹកទំនិញរវាងទីក្រុង Zhengzhou និងទីក្រុងហាណូយ គេសង្កេតឃើញពីសន្ទុះនៃដំណើរការជារៀងរាល់ថ្ងៃចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ ចំពេលដែលមានការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងវៀតណាម នេះបើយោងតាមតំណាងមកពីក្រុមហ៊ុន Zhongyu Port Group។  ហេតុនេះ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៤ រថភ្លើងសរុបចំនួន ៣៦ បានដំណើរការរវាងប្រទេសចិន និងវៀតណាមដែលបានបង្ហាញពីកំណើននៃចរាចរណ៍ដឹកជញ្ជូនដែលសបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាងប្រទេសទាំងពីរ។ បច្ចុប្បន្នចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ខណៈវៀតណាមក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ានផងដែរ។

លើសពីនេះទៅទៀត ភាគីទាំងពីរបានឯកភាពគ្នាក្នុងការឈោងចាប់គ្នា និងជួយគ្នាទៅវិញទៅមក ដើម្បីធ្វើសមាហរណកម្ម Belt and Road Initiative ជាមួយនឹងយុទ្ធសាស្ត្រច្រករបៀងពីរ និងរង្វង់សេដ្ឋកិច្ចមួយ។ ជាមួយគ្នានេះដែរ ប្រទេសចិនបានយល់ព្រមផ្តល់ការគាំទ្រក្នុងការរៀបចំផែនការសម្រាប់គម្រោងផ្លូវដែក Lang Son-Hanoi និង Mong Cai-Ha Long-Haiphong។

ដូច្នេះ ភាពជាដៃគូកាន់តែជិតស្និទ្ធរវាងចិន និងវៀតណាមបានដើរតួនាទីយ៉ាងសំខាន់លើភាពរីកចម្រើនរបស់សេដ្ឋកិច្ចរបស់វៀតណាម ជាពិសេសប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំបំផុត។ ទន្ទឹមនឹងនោះ ភាពជាដៃគូជិតស្និទ្ធនេះក៏នាំទៅដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសវៀតណាមផ្ទាល់ផងដែរ។

កម្មវិធីថង់ប្រាជ្ញា៖ ស្វែងយល់ពីមូលហេតុដែលប្រទេសសិង្ហបុរីមានការអភិវឌ្ឍន៏ជាងប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៦៥ សិង្ហបុរីត្រូវបានបំបែកខ្លួនជាផ្លូវការពីម៉ាឡេស៊ី ទៅជារដ្ឋឯករាជ្យ និងមានអធិបតេយ្យភាពមួយនៅអាស៊ីអាគ្នេយ៏។ ​ ថ្វីត្បិតថា សិង្ហបុរីចាប់ផ្តើមជាកោះតូចមួយដែលមានធនធានតិចជាងម៉ាឡេស៊ីជាខ្លាំងក៏ដោយ អ្វីដែលនឹកស្មានមិនដល់គឺសិង្ហបុរីបានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួនក្នុងរយៈពេលដ៏ខ្លី ថែមទាំងវ៉ាដាច់ម៉ាឡេស៊ីស្ទើរតែគ្រប់វិស័យនាសព្វថ្ងៃនេះ។ អត្ថបទនេះនឹងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីហេតុផលមួយចំនួនដែលរួមចំណែកដល់ភាពជឿនលឿនយ៉ាងឆាប់រហ័សរបស់ប្រទេសសិង្ហបុរី និងចង្អុលបង្ហាញពីហេតុផលនៅពីក្រោយគម្លាតរវាងសិង្ហបុរី និងម៉ាឡេស៊ី។

ហេតុផលដំបូងដើម្បីពន្យល់ពីគម្លាតរវាងប្រទេសទាំងពីរនេះគឺរចនាសម្ព័ន្ធនយោបាយ និងស្ថិរភាពនយោបាយ។ បន្ទាប់ពីក្លាយជារដ្ឋអធិបតេយ្យ សឹង្ហបុរីបានស្ថិតក្នុងដៃមេដឹកនាំដ៏អស្ចារ្យមួយរូប គឺលោក លី ក្វាន់យូ។ លោក​បានផ្តោតសំខាន់ក្នុងការបង្កើតផែនការដែលមាននិរន្តភាពដោយ​យកចិត្តទុកដាក់ទៅលើតម្រូវការ​របស់​ប្រទេសជាតិ​ ជាជាងលើ​ផលចំណេញ​រយៈពេល​ខ្លី។ ​លោក​ក៏បាន​ប្រើប្រាស់​ការដឹកនាំ​របស់​លោក​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ច្បាប់មួយ​ដ៏​រឹងមាំ និង បង្កើត​រដ្ឋាភិបាល​ដែល​គ្មាន​អំពើពុករលួយ។​ ជាភ័ស្តុតាង យើងបានសង្កេតឃើញចំណាត់ថ្នាក់របស់ប្រទេសសិង្ហបុរីក្នុងសន្ទស្សន៍អំពើពុករលួយពីអង្គការតម្លាភាពអន្តរជាតិជារៀងរាល់ឆ្នាំ។ ចំណែកម៉ាឡេស៊ីវិញ ដោយសារមានជាតិសាសន៏ចម្រុះជាច្រើននាក់និងជាច្រើនក្រុម វាពិតជាមានការលំបាកក្នុងការធានាឱ្យមានប្រព័ន្ធនយោបាយដែលមានស្ថិរភាពមួយ ដោយសារវាមិនមានភាពងាយស្រួលនោះទេសម្រាប់រដ្ឋាភិបាលក្នុងការបំពេញរាល់តម្រូវការដែលទាក់ទងនឹងជំនឿ បទដ្ឋាន និងរបៀបរស់នៅរបស់ប្រជាជនក្រុមទាំងនោះជាពិសេសនៅពេលដែលក្បាលម៉ាស៊ីនម៉ាឡេស៊ីផ្ទាល់ក៏ត្រូវបានទទួលការរិះគន់ជាច្រើនលើកជាច្រើនសារចំពោះការរើសអើងជាតិសាសន៏។ ការរើសអើងជាតិសាសន៍គឺប្រៀបដូចជំងឺមួយដែលបង្កផលប៉ះពាល់លើការអភិវឌ្ឍន៍គ្រប់ប្រព័ន្ធនៅក្នុងប្រទេសម៉ាឡេស៊ី ទោះជាយ៉ាងណាក៏ដោយ ម៉ាឡេស៊ីហាក់ដូចជាមិនសូវចាប់អារម្មណ៍ក្នុងការព្យាបាលជំងឺនេះទេ។ ឧទាហរណ៍មួយដើម្បីសបញ្ជាក់ពីបញ្ហានេះ គឺការរិះគន់ជាច្រើនឆ្នាំចំពោះរដ្ឋធម្មនុញ្ញម៉ាឡេស៊ីមាត្រា ១៥៣ ដែលផ្តល់សិទ្ធិពិសេសឱ្យជនជាតិម៉ាឡេ និងជនជាតិដើមនៃរដ្ឋ Sabah និង Sarawak ហើយវាជាការទទួលខុសត្រូវរបស់ Yang di-Pertuan Agong​(សេ្តចម៉ាឡេស៊ី) ដើម្បីការពារសិទ្ធិពិសេសទាំងអស់នោះ។ សិទ្ធិពិសេសទាំងនោះ រួមមានអត្ថប្រយោជន៏ជាច្រើនលើវិស័យមួយចំនួន ដូចជាវិស័យអប់រំ វិស័យពាណិជ្ជកម្ម ការងារជាដើម។ ជាឧទាហរណ៍ កៅអីបម្រុងនិងអាហារូបករណ៍ជាច្រើននៅក្នុងសាកលវិទ្យាល័យសាធារណៈត្រូវបានរៀបចំជាពិសេសសម្រាប់ជនជាតិដើមម៉ាឡេ ហើយ ជនជាតិម៉ាឡេទាំងនោះក៏ទទួលបានសិទ្ធិពិសេសនិងឱកាសជាច្រើនក្នុងការចូលធ្វើការងាររដ្ឋជាច្រើនកន្លែង។ អ្នកវិភាគនិងអង្គការជាច្រើនបានរិះគន់ថា មាត្រា ១៥៣​ ​នេះបង្កើតឱ្យមានការបែងចែកជាតិសាសន៍ដែលមិនចាំបាច់ និងប្រកាន់ពូជសាសន៍រវាងជនជាតិម៉ាឡេស៊ីដែលមានប្រវត្តិសញ្ជាតិផ្សេងៗគ្នា។ ពួក​គេ​ជឿ​ថា​ទង្វើ​នេះគឺលើក​កម្ពស់​ការ​បែងចែក​មិន​មែន​ការ​រួបរួមឡើយ​។ ស្របគ្នានេះដែរ ម៉ាឡេស៊ីក៏បានប្រឈមមុខនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធនយោបាយ និងរដ្ឋាភិបាលជាច្រើនលើក រួមទាំងជួបប្រទះការទាស់ទែងខ្វែងគំនិតរវាងមេដឹកនាំ ដែលរួមចំណែកដល់ការធ្វើឱ្យមានអស្ថិរភាពនយោបាយនៅក្នុងប្រទេស។

នៅពេលនិយាយអំពីការអភិវឌ្ឍ យុទ្ធសាស្ត្រសេដ្ឋកិច្ចពិតជាដើរតួនាទីយ៉ាងសំខាន់។ សិង្ហបុរីផ្តោតលើពាណិជ្ជកម្ម ហិរញ្ញវត្ថុ ទេសចរណ៍ និងបច្ចេកវិទ្យាជាគោលដៅសំខាន់របស់សេដ្ឋកិច្ចពួកគេ។ គោលការណ៏របស់សិង្ហបុរីពិតជាបង្កភាពងាយស្រួលសម្រាប់ឱ្យវិនិយោគិនមកធ្វើអាជីវកម្ម ហើយពួកគេបានផ្តល់អត្រាពន្ធសាជីវកម្មទាបត្រឹមតែ១៧%ប៉ុណ្ណោះជូនចំពោះអ្នកវិនិយោគបរទេស ថែមទាំងដំណើរការផ្លូវច្បាប់មិនសូវស្មុគស្មាញទៀតផង។ ជាងនេះទៅទៀត សឹង្ហបុរីជាប្រទេសដែលមានពលរដ្ឋនិយាយភាសាអង់គ្លេស ច្រើនដែលជាកត្តាមួយទាក់ទាញអ្នកវិនិយោគ។ សេដ្ឋកិច្ចម៉ាឡេស៊ីវិញ ពួកគេផ្តោតលើវិស័យធនធានធម្មជាតិរបស់ពួកគេដែលអាចនិយាយបានថា ជាផែនការរយៈពេលខ្លី ដោយសារតែពួកគេពឹងផ្អែកច្រើនពេកលើធនធានធម្មជាតិរបស់ពួកគេ ដូចជាប្រេង និងប្រេងដូង​។ ជាងនេះទៅទៀត វិនិយោគិនទទួលបានការលើកទឹកចិត្តតិច ហើយម៉ាឡេស៊ីក៏អនុវត្តលក្ខខណ្ឌច្បាប់ដ៏ស្មុគស្មាញ។  មួយវិញទៀត ភាសាសំខាន់របស់ម៉ាឡេស៊ីគឺភាសាម៉ាឡេ ដែលជាហេតុផលមួយដែលធ្វើឱ្យម៉ាឡេស៊ីមានភាពលេចធ្លោតិចជាងប្រទេសសិង្ហបុរីនៅក្នុងទីផ្សារពិភពលោក។

ចំណុច​មួយ​ទៀត​ដែល​សិង្ហបុរី​ធ្វើ​បាន​ល្អ​ជាង​ម៉ាឡេស៊ី គឺ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។សិង្ហ​បុរី​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការលើកទឹកចិត្តឱ្យ​គ្រប់​ជាតិសាសន៍​ចូលរួម​ជា​ធនធាន​របស់ប្រទេស។ ក្នុងនោះ​ រដ្ឋាភិបាលសិង្ហបុរីក្រោមការដឹកនាំរបស់លោក លី ក្វាន់យូ បានសង្កត់ធ្ងន់ខ្លាំងលើការបណ្តុះបណ្តាលគ្រូ ការសង្កត់ធ្ងន់លើមុខវិជ្ជា STEM និងការចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីធានាថាសាលារៀនមានធនធានល្អ ហើយកម្មវិធីសិក្សាគឺទាន់សម័យ។ តាមរបាយការណ៏របស់ World Bank ក្នុងឆ្នាំ ២០២២ ការចំណាយសរុបរបស់រដ្ឋាភិបាលសិង្ហបុរីលើវិស័យអប់រំមានចំនួនរហូតទៅដល់ ១៣ ពាន់លានដុល្លារសិង្ហបុរី។ ចំណែកម៉ាឡេស៊ីវិញ ដោយសារបញ្ហាដែលបានរ៉ាយរ៉ាប់ខាងលើក្នុងអត្ថបទជាពិសេសការរើសអើងជាតិសាសន៍ពីរដ្ឋ គុណភាពនៃធនធានមនុស្សដែលកំពុងធ្វើការជាក្បាលម៉ាស៊ីនរបស់ម៉ាឡេស៊ីនៅមានកម្រិតនៅឡើយ។

សរុបមក នយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាហេតុផលដែលធ្វើឲ្យសិង្ហបុរីមានការអភិវឌ្ឍន៍យ៉ាងលឿន​រហូតដល់ការយកឈ្នះម៉ាឡេស៊ី។ សិង្ហ​បុរី​ឲ្យ​តម្លៃទៅលើ​សមភាព​រវាង​ជាតិសាសន៍ ហើយ​ប្រើ​វា​ជាកាតាលីករ​ដើម្បី​ជំរុញ​ប្រទេស​របស់​ពួកគេ។ សម្រាប់ម៉ាឡេស៊ីវិញ ហាក់បីដូចជាមានកត្តាជាច្រើនដែលរដ្ឋាភិបាលត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាជាពិសេសការរើសអើងពូជសាសន៏ ដើម្បីធ្វើឱ្យប្រទេសរបស់ពួកគេកាន់តែមានការអភិវឌ្ឍន៍ជឿនលឿនទៅមុខ។

កម្មវិធីថង់ប្រាជ្ញា៖ តើអ្វីជា Modi 3.0?

នៅក្នុងការបោះឆ្នោតសកលខែកាលពីមិថុនា ឆ្នាំ២០២៤ របស់ប្រទេសឥណ្ឌា នាយករដ្ឋមន្ត្រី Narendra Modi បានទទួលជ័យជម្នះជាលើកទី៣ ដែលជាសមិទ្ធិផលនយោបាយដ៏គួរឱ្យកត់សម្គាល់ក្នុងការក្ដោបក្ដាប់កាន់អំណាចនយោបាយរបស់គាត់នៅប្រទេសឥណ្ឌា។ យ៉ាងណាមិញ គណបក្សរបស់គាត់គឺគណបក្ស Bharatiya Janata Party (BJP) បានបង្ហាញការធ្លាក់ចុះនៃអាសនៈរបស់ខ្លួន បើប្រៀបធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០១៩ ដោយទទួលបានអាសនៈត្រឹមចំនួន២៤០ នៅក្នុងសភាជាន់ទាប ដែលធ្លាក់ចុះពី៣០៣។ ​ទោះជាយ៉ាងណាក៏ដោយ BJP របស់លោក Modi នៅតែអាចបង្កើតរដ្ឋាភិបាល ដោយពឹងផ្អែកលើសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិ (NDA) របស់ខ្លួនដែលទទួលបានអាសនៈសរុបចំនួន២៨៦។ ជាមួយនឹងជ័យជម្នះនេះ លោក Modi ចាប់ផ្តើមនូវអ្វីដែលមនុស្សជាច្រើនហៅថា “Modi 3.0” ដែលជាពាក្យឆ្លុះបញ្ចាំងពីដំណាក់កាលថ្មីនៃការដឹកនាំរបស់គាត់ ហើយត្រូវបានគេរំពឹងថានឹងនាំមកនូវកំណែទម្រង់ថ្មីដ៏ទូលំទូលាយមកដល់ឥណ្ឌាទាំងក្នុងអភិបាលកិច្ចក្នុងស្រុក និងគោលនយោបាយការបរទេស។

កំណែទម្រង់សេដ្ឋកិច្ច និងដំណើរស្វែងរកភាពជាអ្នកដឹកនាំសកល៖

ចំណុចស្នូលនៃ Modi 3.0 ឬ Central to Modi 3.0 គឺជារបៀបវារៈសេដ្ឋកិច្ចដ៏មានមហិច្ឆតាក្នុងគោលបំណងដាក់ប្រទេសឥណ្ឌាជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោក​នៅឆ្នាំ២០២៧។ បច្ចុប្បន្នឥណ្ឌាគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំលូតលាស់លឿនបំផុតជាមួយ​នឹងអត្រាកំណើន GDP ៨,៥% ហើយក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Modi ឥណ្ឌាបានហក់ឡើងពីសេដ្ឋកិច្ចធំជាងគេទី ១០ ដល់ទី ៥ នៅក្នុងអាណត្តិមុនរបស់លោក។ លោក Modi ក៏បានសង្កត់ធ្ងន់យ៉ាងខ្ជាប់ខ្ជួននូវតម្រូវការសម្រាប់ប្រទេសឥណ្ឌាក្នុងការពង្រឹងជំហរសេដ្ឋកិច្ចពិភពលោករបស់ខ្លួនតាមរយៈកំណែទម្រង់ទីផ្សារ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងវិស័យថាមពល។

គោលដៅសេដ្ឋកិច្ចរបស់ Modi មិនត្រឹមតែផ្តោតលើកំណើនប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតលើភាពធន់ផងដែរ។ រដ្ឋបាលរបស់លោកមានផែនការពង្រឹងសមត្ថភាពរបស់ប្រទេសឥណ្ឌាក្នុងការទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុសកលដោយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន។ Modi ក៏មានគោលបំណងបង្កើនឱកាសការងារ និងជំរុញការបង្កើតថ្មី ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ដើម្បីជំរុញអោយមានការរីកចម្រើនសេដ្ឋកិច្ចក្នុងស្រុក ជាមួយ​នឹងចក្ខុវិស័យរបស់គាត់សម្រាប់ “Viksit Bharat” (ឥណ្ឌាអភិវឌ្ឍន៍) នៅឆ្នាំ២០៤៧ ដែលបង្ហាញពីយុទ្ធសាស្រ្តរយៈពេលវែង ដោយផ្តល់អាទិភាពដល់កំណែទម្រង់សេដ្ឋកិច្ច រួមជាមួយនឹងការផ្លាស់ប្តូរនយោបាយសង្គមថ្មីរបស់ប្រទេសឥណ្ឌា ។

គោលដៅនៃគោលនយោបាយការបរទេស៖ សមាជិកភាព UNSC និងសម្ព័ន្ធភាពជាយុទ្ធសាស្ត្រ៖

Modi ផ្តោតសំខាន់ទៅលើគោលនយោបាយការបរទេស ដោយឥណ្ឌាប្រាថ្នាចង់ទទួលបានកៅអីអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ ដំណើររបស់ឥណ្ឌាក្នុងការក្លាយជាសមាជិកភាពនៅក្នុង UNSC គឺជាគោលដៅយូរអង្វែង ហើយនៅក្នុងអាណត្តិទី៣ របស់លោក Modi មានគោលបំណងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងទិសដៅមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ គោលបំណងនេះអាចប្រឈមមុខនឹងឧបសគ្គមួយចំនួន ជាពិសេសពីប្រទេសចិន ដែលជាសមាជិកអចិន្ត្រៃយ៍របស់ UNSC ​បាន​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​ការ​ដាក់​បញ្ចូល​របស់​ឥណ្ឌានេះ។ ខណៈពេលដែលការកែទម្រង់ UNSC អាចជាកិច្ចការដ៏លំបាកមួយ ឥណ្ឌាកំពុងចូលរួមយ៉ាងសកម្មជាមួយស្ថាប័នជំនួស និងសម្ព័ន្ធភាពជាយុទ្ធសាស្ត្រ “ខ្នាតតូច” ដើម្បីបង្កើនជំហរសកលរបស់ខ្លួន។

សម្ព័ន្ធភាពមួយបែបនេះគឺ កិច្ចសន្ទនាសន្តិសុខបួនជ្រុង (Quadrilateral Security Dialogue-Quad) ដែលរួមមានឥណ្ឌា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ផ្តោតលើការដោះស្រាយបញ្ហាសន្តិសុខទូទៅ ជាពិសេសទាក់ទងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ គោលនយោបាយការបរទេសរបស់ Modi នឹងបន្តពង្រឹងតួនាទីរបស់ឥណ្ឌានៅក្នុង Quad និងក្រុមដែលផ្តោតលើសន្តិសុខស្រដៀងគ្នាដូចជា Colombo Security Conclave ដែលរួមមានឥណ្ឌា ស្រីលង្កា ម៉ាល់ឌីវ និងម៉ូរីស។

បន្ថែម​ពី​នេះ ឥណ្ឌា​បាន​ពង្រីក​ការ​ទូត​របស់​ខ្លួន​លើស​ពី​សម្ព័ន្ធភាព​ប្រពៃណី។ Modi 3.0 មានគោលបំណងពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលភាពជាដៃគូរបស់ប្រទេសទាំងពីរបានរីកចម្រើនក្នុងអំឡុងពេលការកាន់អំណាចរបស់គាត់។ សហរដ្ឋអាមេរិកបានទទួលស្គាល់ប្រទេសឥណ្ឌាថាជាដៃគូការពារជាតិដ៏សំខាន់ ហើយប្រទេសទាំងពីរកំពុងសហការលើគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាផ្សេងៗ ដែលរួមមានទាំងគំនិតផ្តួចផ្តើមស្តីពីបច្ចេកវិទ្យាសំខាន់ និងការរីកចម្រើនដែលបានចុះហត្ថលេខានៅឆ្នាំ២០២៣។

ភាពតានតឹងជាមួយប្រទេសចិន៖​

បញ្ហាប្រឈមក្នុងគោលនយោបាយការបរទេសដ៏សំខាន់មួយសម្រាប់ Modi 3.0 គឺការគ្រប់គ្រងភាពតានតឹងជាមួយប្រទេសចិន ជាពិសេសនៅតាមព្រំដែនហិម៉ាឡៃយ៉ាន។ ឥណ្ឌា និងចិនមានប្រវត្តិជម្លោះព្រំដែនជាយូរមកហើយ ហើយភាពតានតឹងនេះបានផ្ទុះឡើងម្តងទៀតនៅឆ្នាំ ២០២០ នៅពេលដែលមានការប៉ះទង្គិចគ្នារវាងយោធាទាំងពីរបានបណ្តាលឱ្យទាហានឥណ្ឌាស្លាប់ ២០ នាក់ ។ ជាការឆ្លើយតប រដ្ឋាភិបាលរបស់លោក Modi បានបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធព្រំដែន និងពង្រឹងសន្តិសុខនៅតាមតំបន់ដែលមានភាពតានតឹង។​

ចិនបាន​បន្ត​ដាក់​ពង្រាយ​បច្ចេកវិទ្យាយោធា​ទំនើបៗ​នៅ​ជិត​ព្រំដែន​ឥណ្ឌា ដោយ​បង្កើន​ក្តីបារម្ភ​ផ្នែក​សន្តិសុខតាមព្រំដែនរវាងប្រទេសទាំងពីរ។ រដ្ឋបាលរបស់លោក Modi ត្រូវបានគេរំពឹងថានឹងពង្រឹងសមត្ថភាពការពារ និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងនេះពីសំណាក់ប្រទេសចិន។ ជាងនេះទៅទៀត យុទ្ធសាស្ត្ររបស់ឥណ្ឌាពាក់ព័ន្ធនឹងការប្រើប្រាស់ភាពជាដៃគូរបស់ខ្លួនជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នា ដើម្បីបង្កើតបរិយាកាសក្នុងតំបន់ឱ្យមានសុវត្ថិភាពជាងមុន ជាពិសេសនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។

ការទូតក្នុងតំបន់៖ Neighborhood First

នៅក្រោម Modi 3.0 ឥណ្ឌានឹងបន្តគោលនយោបាយ “Neighborhood First” របស់ខ្លួនដែលមានគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងដូចជា នេប៉ាល់ ប៊ូតាន បង់ក្លាដែស ស្រីលង្កា និងម៉ាល់ឌីវដែលគំនិតផ្តួចផ្តើមនេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ឥណ្ឌាក្នុងការរក្សាស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីខាងត្បូង ខណៈពេលដែលប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ទំនាក់ទំនងរបស់ឥណ្ឌាជាមួយស្រីលង្កា គឺជាឧទាហរណ៍សំខាន់នៃយុទ្ធសាស្ត្រនេះ ដែលក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា​ក្នុងឆ្នាំ២០២២ ឥណ្ឌាបានពង្រីកជំនួយចំនួន ៤ ពាន់លានដុល្លារអាមេរិក ដោយជួយទាញប្រទេសនេះឱ្យឆ្ងាយពីឥទ្ធិពលរបស់ទីក្រុងប៉េកាំង​។ បើទោះជាយ៉ាងណាក៏ដោយ ប្រទេសចិននៅតែបន្តសកម្មភាពរបស់ខ្លួននៅក្នុងតំបន់ដោយការបញ្ជូននាវាស្រាវជ្រាវទៅកាន់កំពង់ផែ​ស្រីលង្កា ដែលសកម្មភាពនេះត្រូវបានឥណ្ឌាចាត់ទុកថាជាការគំរាមកំហែងដ៏មានសក្តានុពលចំពោះសន្តិសុខដែនសមុទ្ររបស់ខ្លួន។

ម្យ៉ាងវិញទៀត ទំនាក់ទំនងរវាងឥណ្ឌា​ជាមួយ​ប៉ាគីស្ថានក៏​នៅ​តែ​មាន​ភាព​តានតឹង​ដោយសារ​បញ្ហា​ដែល​កំពុង​កើត​មាន​ដូច​ជា​អំពើ​ភេរវកម្ម​ឆ្លង​ដែន​នៅ​កាស្មៀរ (Kashmir)។ ដោយឡែក​រដ្ឋាភិបាល​របស់​លោក Modi បាន​រក្សា​ជំហរ​រឹងមាំ​ប្រឆាំង​នឹងការ​ដឹកនាំ​យោធា​របស់​ប៉ាគីស្ថាន ដែល​បន្ត​គ្រប់គ្រង​នយោបាយ​របស់​ប្រទេសនេះ។ ហេតុដូច្នេះហើយ នៅក្នុងអំឡុងអាណត្តិទីបីរបស់លោក Modi នេះ គេសង្ឃឹមថានឹងថា នឹងមានការផ្សះផ្សារឡើងវិញរវាងប្រទេសទាំងពីរក្នុងទំនាក់ទំនងរវាងឥណ្ឌា និង ប៉ាគីស្ថាន។​

ភាពជាអ្នកដឹកនាំពិភពលោកខាងត្បូង និងឥណ្ឌា៖​

លក្ខណៈពិសេសគួរឱ្យកត់សម្គាល់មួយនៃ Modi 3.0 គឺជាឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសឥណ្ឌាក្នុងនាមជាអ្នកដឹកនាំនៅក្នុង Global South ។ រដ្ឋាភិបាល​របស់​លោក Modi បាន​ព្យាយាម​ដាក់​ប្រទេស​ឥណ្ឌា​ជា​សំឡេង​តំណាង​សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន ជាពិសេស​នៅ​អាហ្វ្រិក អាមេរិក​ឡាទីន និង​អាស៊ីអាគ្នេយ៍ដែលជាសមិទ្ធិផលដ៏សំខាន់មួយនៃការដឹកនាំរបស់លោក Modi គឺការធានាការដាក់បញ្ចូលសហភាពអាហ្រ្វិកនៅក្នុងក្រុម G-20 ដែលជាការផ្លាស់ប្តូរមួយដោយត្រូវបានសាទរថាជាចំណុចរបត់មួយសម្រាប់ការចូលរួមរបស់អាហ្វ្រិកជាមួយនឹងអភិបាលកិច្ចសកល។ លោក Modi បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការជំរុញទំនាក់ទំនងការទូត និងសេដ្ឋកិច្ចដ៏រឹងមាំជាមួយ Global South ដោយទទួលស្គាល់នូវសារៈសំខាន់ជាយុទ្ធសាស្រ្តនៃទំនាក់ទំនងទាំងនេះ សម្រាប់ជំហរសកលមួយរបស់ឥណ្ឌា។​

ជារួមមក Modi 3.0 ត្រូវបានកំណត់ថាជាដំណាក់កាលដ៏សំខាន់មួយក្នុងការដឹកនាំរបស់លោក​ នាយករដ្ឋមន្ត្រី Narendra Modi ក្នុងអាណត្តិទី៣របស់គាត់ និង តំណាងឱ្យការបន្តនូវចក្ខុវិស័យរបស់នាយករដ្ឋមន្ត្រីសម្រាប់ប្រទេសឥណ្ឌា ដោយនាំយកប្រទេសឥណ្ឌាឆ្ពោះទៅរក​ភាពរឹងមាំ វិបុលភាព និងឥទ្ធិពលជាសកល។ តាមរយៈកំណែទម្រង់ ភាពជាដៃគូយុទ្ធសាស្ត្រ និងការចូលរួមការទូត លោក Modi ស្វែងរកតំណែងរបស់ឥណ្ឌាដែលជាតួអង្គសំខាន់មួយនៅក្នុងឆាកអន្តរជាតិ និងត្រៀមខ្លួនជាស្រេចដើម្បីដឹកនាំប្រទេស ក្នុងបរិយាកាសដែលពិភពលោកកាន់តែស្មុគស្មាញ និងមានប្រទាក់ក្រឡាគ្នាទៅវិញទៅមកជាសកល។

កម្មវិធីថង់ប្រាជ្ញា៖ គោលជំហររបស់រុស្ស៊ីចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

នាពេលថ្មីៗនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថារុស្ស៊ីនៅតែបន្តរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយមកលើប្រទេសរបស់ខ្លួន ឬប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសប្រទេសបេឡារុស្ស។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខផ្តោតលើការទប់ស្កាត់អាវុធនុយក្លេអ៊ែរ ដែលធ្វើឱ្យកាន់តែមានភាពក្ដៅគគុកឡើងទៅលើគោលនយោបាយនុយក្លេអ៊ែរ ស្របពេលដែលវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន នៅតែបន្តរុំារ៉ៃរហូតមកដល់បច្ចុប្បន្ន មិនទាន់អាចស្វែងរកបាននូវដំណោះស្រាយណាមួយក្នុងការដោះស្រាយជម្លោះដ៏ក្ដៅគគុកនៅឧបទ្វីបអឺរ៉ុបខាងកើតនេះដោយសន្តិវិធីនៅឡើយ។

ការអត្ថាធិប្បាយរបស់លោក ពូទីន បែបនេះធ្វើឡើងដើម្បីជាការឆ្លើយតបនិងប្រឆាំងនឹងការគាំទ្រពីក្រោយមកលើប្រទេសអ៊ុយក្រែន​ ដែលបានជំនួយយោធាពីប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក។ ការគាំទ្រផ្នែកយោធាមកលើអ៊ុយក្រែនជាបន្តបន្ទាប់បែបនេះបានបង្កការគំរាមកំហែងមកលើរដ្ឋាភិបាលទីក្រុងមូស្គូជាខ្លាំង ដែលជំរុញឱ្យលោកពូទីនធ្វើការបញ្ជាក់យ៉ាងច្បាស់ថាការវាយប្រហារណាមួយពីរដ្ឋដែលមិនមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែមានការចូលរួមនិងការគាំទ្រពីខាងប្រទេសមានអាវុធនុយក្លេអ៊ែរ គឺជាការវាយប្រហារដោយពួតដៃគ្នាមកលើសហព័ន្ធរុស្ស៊ីផ្ទាល់។ ប្រសាសន៍នេះ របស់លោកពូទីន ទំនងជាសំដៅទៅលើ អ៊ុយក្រែន និង ក្រុមប្រទេសសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅឯលោកខាងលិចដែលជាអ្នកផ្គត់ផ្គង់អាវុធ និង ផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន។

ស្របគ្នាក្នុងពេលនោះ ប្រតិកម្មនានា ពីសំណាក់សហគមន៍អន្តរជាតិ​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​លោក ពូទីន បានកើតឡើងជាបន្តបន្ទាប់។ មន្ត្រីអ៊ុយក្រែន រួមទាំងអគ្គសេនាធិការរបស់ប្រធានាធិបតី Zelensky បានធ្វើការថ្កោលទោសចំពោះសេចក្ដីថ្លែងការណ៍នេះ ដោយចាត់ទុកថាជាការប៉ុនប៉ងគំរាមកំហែងនុយក្លេអ៊ែរ ដែលមានបំណងបំភិតបំភ័យអ៊ុយក្រែន និងប្រទេសដែលជាសម្ព័ន្ធមិត្តអ៊ុយក្រែន។ រីឯសហរដ្ឋអាមេរិកវិញ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានចាត់ទុកសេចក្ដីថ្លែងការណ៍របស់លោកពូទីនថា “ជាការគ្មានទំនួលខុសត្រូវទាំងស្រុង” ដែលគិតតែខិតខំបង្កជម្លោះឱ្យកាន់ធំឡើងៗ។

រីឯចិន​ដែលជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​រុស្ស៊ីវិញ​បាន​អំពាវនាវ​ឱ្យ​មាន​ភាពស្ងប់ស្ងាត់​ទៅលើបញ្ហានេះដោយរបាយការណ៍បានបង្ហាញថា ប្រធានាធិបតីចិន លោក Xi Jinping បានព្រមានទៅដល់លោក ពូទីន ដោយប្រឆាំងទៅនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលវាឆ្លុះបញ្ចាំងពីគោលចំហរនិងបំណងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងដែលចង់រក្សាឱ្យបាននូវស្ថិរភាពក្នុងតំបន់ និងចៀសវាងការកើនឡើងនូវកម្ដៅនៃសង្គ្រាមដ៏រុំារ៉ៃនៅលើតំបន់អឺរ៉ុបខាងកើតនេះបន្តទៅទៀត។
ការលើកឡើងនូវគោលនយោបាយនុយក្លេអ៊ែររបស់រុស្សីបែបនេះ ដើម្បីជាការឆ្លើយតប និង គម្រាមកំហែងទៅដល់ប្រទេសអ៊ុយក្រែនដែលមានមហាអំណាចនុយក្លេអ៊ែរលោកខាងលិចនៅចាំជួយពីក្រោយនោះ ធ្វើឱ្យវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន កាន់តែក្ដៅខ្លាំងរវាងប្រទេសលោកសេរី និងរុស្ស៊ី ក៏ដូចជាប្រទេសជាសម្ព័ន្ធមិត្តរុស្ស៊ី ដែលគំរាមកំហែងដល់សន្តិសុខពិភពលោក និងអាចឈានទៅដល់ការកកើតសង្គ្រាមជាសកល។

កម្មវិធីថង់ប្រាជ្ញា៖ តើអ្វីទៅជា អង្គការសហប្រតិបត្តិការសៀងហៃ ឬ Shanghai Cooperation Organization (SCO)? តើទំនាក់ទំនងរវាងចិន និងរុស្សីនឹងមានឥទ្ធិពលអ្វីខ្លះទៅលើគោលការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ?

អង្គការសហប្រតិបត្តិការសៀងហៃ ឬជាភាសាអង់គ្លេសហៅថា Shanghai Cooperation Organization (SCO) គឺជាអង្គការអន្តររដ្ឋាភិបាលជាអចិន្ត្រៃយ៍មួយ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ នៅទីក្រុងសៀងហៃ ដោយមានសមាជិកប្រាំមួយប្រទេសជារដ្ឋស្ថាបនិក រួមមាន សាធារណរដ្ឋកាហ្សាក់ស្ថាន​ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋ Kyrgyzstan សាធារណរដ្ឋតាជីគីស្ថាន សាធារណរដ្ឋអ៊ូសបេគីស្ថាន និងសហព័ន្ធរុស្ស៊ី។ អង្គការសហប្រតិបត្តិការសៀងហៃ SCO បានបង្កើតឡើងក្នុងទម្រង់ជាសមាគមពហុភាគីដើម្បីធានាសន្តិសុខ និងរក្សាស្ថិរភាពនៅទូទាំងតំបន់អាស៊ីអឺរ៉ុប ដោយរួមគ្នាទប់ទល់នឹងបញ្ហាប្រឈម និងការគំរាមគំហែងដែលកំពុងតែកើតមានឡើង បង្កើនពាណិជ្ជកម្ម ក៏ដូចជាសហប្រតិបត្តិការផ្នែកវប្បធម៌និងមនុស្សធម៌។ ​​ ភាសាផ្លូវការនៃអង្គការនេះគឺ ភាសាចិន និងរុស្សី។ មកដល់សព្វថ្ងៃ អង្គការសហប្រតិបត្តិការសៀងហៃ SCO មានរដ្ឋសមាជិកចំនួន៩ប្រទេស រដ្ឋសង្កេតការណ៍ចំនួន៣ប្រទេស និងដៃគូសន្ទនាចំនួន១៤ប្រទេស។

គោលបំណងនៃការបង្កើតអង្គការប្រតបត្តិការសៀងហៃ SCO៖

អង្គការប្រតិបត្តិការសៀងហៃ SCO ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗបួនគឺ៖
១.ដើម្បីពង្រឹងមិត្តភាព ការទុកចិត្តគ្នាទៅវិញទៅមក និងបង្កើតទំនាក់ទំនាក់ល្អរវាងរដ្ឋសមាជិកដទៃ
២.ដើម្បីលើកទឹកចិត្តកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកប្រកបដោយប្រសិទ្ធិភាពក្នុងវិស័យផ្សេងៗដូចជា នយោបាយ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេវិទ្យា វប្បធម៌ ការអប់រំ ថាមពល ដឹកជញ្ជូន ទេសចរណ៍ និងការការពារបរិស្ថាន ជាដើម
៣. ដើម្បីរួមគ្នាធានា និងការពារសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់
៤. លើកកម្ពស់សណ្ដាប់ធ្នាប់នយោបាយ និងសេដ្ឋកិច្ចអន្តរជាតិប្រជាធិបតេយ្យថ្មី ដែលប្រកបដោយយុត្តិធម៌ និងសមហេតុផល។

បញ្ហាប្រឈម និងកត្តារាំងស្ទះនៃដំណើរការរបស់អង្គការសហប្រតិបត្តិការសៀងហៃ SCO

អង្គការសហប្រតិបត្តិការសៀងហៃ SCO គឺជាតួអង្គមួយដ៏សំខាន់ក្នុងការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ប៉ុន្តែវាក៏ត្រូវទទួលរងនូវបញ្ហាប្រឈមមួយចំនួនក្នុងការការពារគោលជំហររបស់ខ្លួន និងធ្វើយ៉ាងណាដើម្បីកុំឱ្យខ្លួនក្លាយជាវេទិកាសម្រាប់ការតស៊ូអំណាចរវាងរដ្ឋណាមួយបានក្នុងតំបន់។​​ ក្នុងរយៈពេល២០ឆ្នាំចាប់តាំងពី SCO បានអភិវឌ្ឍ និងកែលម្អគំនិតសហប្រតិបត្តិការ ព្រមទាំងយន្តការនិងវិស័យសហប្រតិបត្តិការរបស់ខ្លួន ដែលជាលទ្ធផលបង្កើតបានសមិទ្ធិផលគួរឱ្យកត់សម្គាល់នៅក្នុងការអនុវត្តដូចជា ដោះស្រាយបញ្ហាជម្លោះព្រំដែន ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការបំបែកបក្សពួក (Separatism) និងគំនិតជ្រុលនិយម (Extremism) ព្រមទាំងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងផ្នែកសេដ្ឋកិច្ចរវាងរដ្ឋជាសមាជិក និងរដ្ឋផ្សេងៗទូទាំងពិភពលោកផងដែរ។ យោងទៅតាម Open Journal of Social Sciences បានឱ្យដឹងថា SCO កំពុងតែជួបប្រទះនឹងបញ្ហាប្រឈមចំនួនបីសំខាន់ៗដែលទីមួយនោះគឺ ការពង្រឹងអំណាចរបស់ប្រទេសមហាអំណាចដូចជាចិន រុស្សី ឥណ្ឌា និងអាមេរិក និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីកណ្ដាល។ បញ្ហាប្រឈមទីពីរគឺ  ភាពទន់ខ្សោយនៃការរួបរួមគ្នាជាសហគមន៍។ ទោះបីជារដ្ឋសមាជិកទាំងប្រាំបួននៃអង្គាការនេះបានដឹកនាំដោយគោលការណ៍ ស្មារតីសៀងហៃ (Shanghai Spirit) ដែលផ្អែកទៅលើគោលការណ៍ឆ្ពោះទៅរកអនាគតរួមគ្នា ប៉ុន្តែការយល់ដឹងពីការរួបរួមគ្នានេះនៅតែមានភាពទន់ខ្សោយនៅឡើយ។ លើសពីនេះ រួមជាមួយនឹងការប្រកួតប្រជែងអំណាចរវាងចិន រុស្សី និងឥណ្ឌា ដែលសុទ្ធសឹងតែប្រទេសមហាអំណាចប្រចាំតំបន់ កាន់តែធ្វើឱ្យគំនិតរួបរួមគ្នាជាសហគមន៍ក្នុងអង្គការនេះកាន់តែមានភាពចុះខ្សោយថែមមួយកម្រិតទៀត។ ចំណែកឯ បញ្ហាប្រឈមទីបីគឺ ការប្រឈមមុខនឹងការផ្លាស់ប្ដូរលំនាំកិច្ចសហប្រតិបត្តិការនៃអង្គការបន្ទាប់ពីការពង្រីកខ្លួនដោយបានដាក់បញ្ចូលរដ្ឋសមាជិកថ្មី។ នៅពេលដែលមានការដាក់ចូលពេញលេញនូវរដ្ឋសមាជិកថ្មីក្នុងអង្គការ ផលប្រយោជន៍និងតួនាទីក្នុងចំណោមរដ្ឋសមាជិកទាំងមូលក៏នឹងត្រូវបានផ្លាស់ប្ដូរផងដែរ ដែលនេះនឹងបង្កឱ្យកើតមានបញ្ហារាំងស្ទះផ្សេងៗដូចជាពាក់ព័ន្ធទៅនឹងដំណើរការការសម្រេចចិត្ត និងផ្លាស់ប្ដូរលំនាំនៃកិច្ចសហប្រតិបតិ្តការរបស់អង្គការនេះ។

តើទំនាក់ទំនងរវាងចិន និងរុស្សីបានជះឥទ្ធិពលអ្វីដូចម្ដេចខ្លះទៅលើគោលការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ SCO?

ចិន និងរុស្សីបានជំរុញគោលដៅនៃបេសកកម្មរបស់អង្គការសហប្រតិបត្តិការសៀងហៃ SCO លើសពីគោលដៅដើមរបស់អង្គការដោយពង្រីកការអនុវត្តកិច្ចសហការក្នុងតំបន់។ យោងទៅតាមការចេញផ្សាយរបស់ The Diplomat  គោលជំហរនៃអង្គការសហប្រតិបត្តិការសៀងហៃ SCO បានកំពុងតែមានការផ្លាស់ប្ដូរយ៉ាងជាក់ច្បាស់ដែលស្របទៅតាមគោលដៅផលប្រយោជន៍របស់ចិន និងរុស្សីនៅក្នុងអង្គការនេះ។ ក្នុងនាមជាសមាជិករដ្ឋស្ថាបនិក ចិននិងរុស្សីប្រៀបបានដូចជាសសរស្តម្ភដែលជំរុញការបង្កើតវេទិកាដើម្បីបង្កើនសន្តិសុខ និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា យោងទៅតាមប្រភពដដែល រដ្ឋសមាជិកនៃអង្គការនេះមានទិន្នផលសេដ្ឋកិច្ចប្រមាណ២៥%នៃទិន្នផលសេដ្ឋកិច្ចពិភពលោក និងមានចំនួនប្រជាជនប្រមាណពាក់កណ្ដាលនៃចំនួនប្រជាជនទូទាំងពិភពលោក ជាហេតុផលមួយដែលទាក់ទាញចំណាប់អារម្មណ៍របស់់ចិន និងរុស្សីកាន់តែខ្លាំងឡើងសម្រាប់បម្រើដល់គោលបំណងផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ពួកគេ។

ដំបូងឡើយប្រទេសចិនបានជំរុញឱ្យមានទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធក្នុងចំណោមរដ្ឋសមាជិកនៃអង្គការ SCO រួមជាមួយនឹងផ្នែកសន្តិសុខ វប្បធម៌ និងកិច្ចសហប្រតិបត្តិការ “មនុស្សធម៌” ប៉ុន្តែសំណើដូចជាតំបន់ពាណិជ្ជកម្មសេរី និងធនាគារអភិវឌ្ឍន៍ SCO ត្រូវបានបដិសេធដោយរុស្ស៊ី និងសមាជិកផ្សេងទៀត។ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០១០ ទីក្រុងប៉េកាំងបានប្រើការកំណត់ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) និងកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយប្រទេសជិតខាងរបស់ខ្លួននៅក្នុងតំបន់។ ដោយយល់ឃើញពីភាពខ្វះខាតនៃកិច្ចសហការពីរដ្ឋសមាជិកផ្សេងៗ កាលពីខែឧសភាឆ្នាំនេះ ចិនបានប្រកាសយន្តការដាច់ដោយឡែកមួយសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រាអាសន្នចិន-អាស៊ីកណ្តាល ទោះបីជាកិច្ចការនេះធ្លាក់ចូលក្នុងដែនសមត្ថកិច្ចរបស់អង្គការ SCO ក៏ដោយ។

ដោយឡែក ចំណាប់អារម្មណ៍របស់រុស្សីមកលើអង្គការសហប្រតិបត្តិការសៀងហៃ SCO  ដែលបានផ្ដួចផ្ដើមឡើងដោយចិនដំបូងឡើយមានកម្រិតតិចតួចតែប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីការដាក់បញ្ចូលនៃទីក្រុងគ្រីមៀក្នុងឆ្នាំ២០១៤ និងទទួលរងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចមក រុស្សីបានចាប់ផ្ដើមធ្វើការយកចិត្តទុកដាក់ទៅលើអង្គការ SCO កាន់តែខ្លាំងឡើង។ ម្យ៉ាងទៀត តាំងពីការចាប់ផ្ដើមសង្គ្រាមក្នុងទម្រង់ពេញលេញប្រឆាំងនឹងអ៊ុយក្រែនកាលពីឆ្នាំ២០២២មក រុស្សីក៏ត្រូវការស្វែងរកដៃគូសហការនៅក្រៅតំបន់អឺរ៉ុបកាន់តែខ្លាំងឡើងផងដែរ ដែលនេះបានបើកឱកាសឱ្យពួកគេមើលមកអង្គការ SCO ជាវេទិកាមួយដែលអាចបម្រើដល់ផលប្រយោជន៍របស់ពួកគេដើម្បីធ្វើការប្រមូលការគាំទ្រ និងប្រឆាំងនឹងការអះអាងរបស់ពួកលោកខាងលិចអំពីភាពឯកោអន្តរជាតិរបស់រុស្សី ហើយជាលទ្ធផលបានអនុម័តវិធីសាស្រ្ត «កាន់តែច្រើន កាន់តែរីករាយ» (the more, the merrier) ចំពោះសមាជិកភាពរបស់ពួកគេ។

អង្គការសហប្រតិត្តិការសៀងហៃ SCO មានតួនាទីសំខាន់ក្នុងការរក្សានិងការពារសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ប៉ុន្តែដោយសារតែមានរដ្ឋសមាជិកជាប្រទេសមហាអំណាចទាំងពីរដែលមានគោលដៅផលប្រយោជន៍ខុសគ្នាផង បានធ្វើឱ្យសមត្ថភាពក្នុងការប្រតិបត្តិការ និងអនុវត្តផែនការនៃអង្គការនេះមិនសូវទទួលបានប្រសិទ្ធិភាពនិងសមភាពពេញលេញ។ ជាក់ស្ដែង តាមរយៈកិច្ចប្រតិបត្តិការក្នុងអង្គការនេះចិនមានគោលការណ៍ចម្បងចង់ដោះស្រាយបញ្ហាសង្គមដូចជា ភេរវកម្ម ជ្រុលនិយម និងការបំបែកខ្លួន និងបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ចំណែកឯរុស្ស៊ីវិញ មានមហិច្ឆតាកាន់តែខ្ពស់ក្នុងការផ្លាស់ប្តូរអង្គការ SCO ឱ្យទៅជាតុល្យភាពយុទ្ធសាស្រ្តចំពោះអំណាចរបស់សហរដ្ឋអាមេរិក និងលោកខាងលិច។ យ៉ាងណាមិញ ប្លុកក្នុងតំបន់បានផ្លាស់ប្តូរគោលដៅផ្តោតរបស់ខ្លួនដើម្បីបម្រើជាតុល្យភាពភូមិសាស្ត្រនយោបាយទៅនឹងស្ថាប័នលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក ខណៈពេលដែលគោលការណ៍ស្នូលរបស់អង្គការ SCO ក្លាយជាភាពមិនច្បាស់លាស់។

វិចារណកថាថ្ងៃសុក្រ៖ ការកើនឡើងនៃចំនួនអ្នកទិញយន្ដហោះឯកជនច្រើន

ពិភពលោកសព្វថ្ងៃនេះ ខុសពីពិភពលោកកាលពីមួយរយឆ្នាំមុន។ ដោយសារតែការរីកចម្រើនឥតងាកក្រោយនៃពិភពលោក ធ្វើឱ្យមនុស្សមាននូវមហិច្ឆតាកាន់តែធំឡើងៗ ព្រោះមនុស្សចង់បាន និង ប៉ុនប៉ងប្រើប្រាស់សម្ភារៈដែលឥតខ្ចោះ ពោរពេញដោយឧត្តមភាព និង ប្រណិតភាព ហើយនៅករណីខ្លះតម្លៃថៃ្លកប់ពពកអាចមិនមែនជាសម្រាប់ពួកគេនោះទេ។ យើងហ៊ានលើកឡើងដូចនេះ ពីព្រោះថាសព្វថ្ងៃនេះមនុស្សបានប្រើប្រាស់នូវគ្រឿងយន្ដទំនើបៗ បំពាក់ដោយឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ និងបំពេញការធ្វើដំណើរបានចម្ងាយកាន់តែឆ្ងាយឡើងៗ។ យោងទៅតាមសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៧ ខែ កក្កដា ក្នុងឆ្នាំ ២០២៤នេះ បានរាយការណ៍ថា ចំនួននៃការកម្ម៉ង់យន្ដហោះឯកជននៅក្នុងតំបន់អាស៊ី មានការកើនឡើង គួរឱ្យកត់សម្គាល់។

ពីមុនមនុស្សត្រូវការ កង់ ម៉ូតូ ឬឡានដើម្បីធ្វើដំណើរ តែសព្វមនុស្សត្រូវការយន្ដហោះឯកជន។ លោកអ្នកប្រហែលជាមានចម្ងល់អាចជា៖ តើការផ្លាស់ប្ដូរនៃតម្រូវការនេះមានន័យយ៉ាងណាខ្លះ? តើយន្ដហោះមានតម្លៃថ្លៃប៉ុណ្ណាទៅ? តើប្រភេទ និង ក្រុមហ៊ុនណាដែលផលិតនិងផ្គត់ផ្គងយន្ដហោះឯកជនទៅកាន់អ្នកមានគ្រាក់ៗនៅលើពិភពលោក? ហើយប្រសិនបើកំណើនយន្ដហោះឯកជនកើនឡើងដូចការប្រើប្រាស់រថយន្ដធម្មតា វាជាសញ្ញាល្អឬទេសម្រាប់ពិភពលោកទាំងមូល? ខាងក្រោមនេះយើងនឹងបង្ហាញពីដំណើរដើមទងនៃប្រធានបទនេះ។

1. ប្រវត្តិនៃការកើតយន្ដហោះ

មុននឹងបង្កើតបានជាយន្ដហោះដូចសព្វថ្ងៃនេះ គំនិតនៃការបង្កើតយន្ដហោះគឺបានកើតឡើងតាំងពីសម័យក្រិកបុរាណ ក្នុងឆ្នាំ៤០០ មុនគ្រិស្ដសករាជ ដែលអ្នកផលិតជាច្រើនបានស្លាប់បាត់បង់ជីវិតជាបណ្ដាក់គ្នាកំឡុងពេលធ្វើតេស្តសាកល្បង យ៉ាងណាមិញរហូតដល់ដើមសតវត្សទី២០ទើបយន្ដហោះលេចចេញជារូបរាងបានដូចសព្វថ្ងៃនេះ។ សូមរំឭកអ្នកអានបន្ដិចថា តាមពិតទៅគឺសហស្ថាបនិកយន្ដហោះដំបូងដែលទទួលបានជោគជ័យមុនគេនៅលើពិភពលោកនោះគឺជាបងប្អូនត្រកូល រ៉ាយត៍ ឬ Wright ដែលបានទទួលជោគជ័យក្នុងការធ្វើតេស្ដសាកល្បងដ៏គ្រោះថ្នាក់បំផុត។ បងប្អូនទាំងពីរនេះគឺ លោកវីលបឺរ រ៉ាយត៍ (Wilbur Wright) និង លោកអូរវីល រ៉ាយត៍ (Orville Wright) ហើយពួកគេជាពលរដ្ឋដើមកំណើតនិងសញ្ជាតិអាមេរិក។ បងប្អូនប្រុសទាំងពីរនេះបានអភិវឌ្ឍយន្ដហោះរបស់ពួកគេជាបន្ដបន្ទាប់ដើម្បីទទួលបានប៉ាតង់ និង កិច្ចសន្យាសម្រាប់ផលិតម៉ាស៊ីនយន្តហោះរបស់ពួកគេ រហូតដល់ឆ្នាំ​​ ១៩០៨ ពួកគេបានធ្វើដំណើរទៅកាន់ប្រទេសបារាំង ដែលវាជាការហោះហើរជាសាធារណៈលើកដំបូងរបស់ពួកគេ ដោយបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ពិភពលោក។ បន្ថែមពីលើនេះ ឆ្នាំ ១៩០៩ ទីភ្នាក់ងាររបស់កងទ័ពសហរដ្ឋអាមេរិកបានទិញ​យន្ដ​ហោះរបស់ពួកគេ។ បងប្អូនបង្កើតទាំងពីរនេះបានបង្កើតក្រុមហ៊ុន Wright ដើម្បីផលិត និងលក់យន្ដហោះរបស់ពួកគេតាំងពីពេលនោះមក។

ចំណាំ៖ ការហោះហើរដោយជោគជ័យរបស់យន្ដហោះនៃមនុស្សជាតិគឺក្នុងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩០៣ហើយជាថ្ងៃដែលមនុស្សជាតិបានបង្កើតនៅគ្រឿងចក្រថ្មីដើម្បីសម្រួលដល់ការធ្វើដំណើរលើអាកាសផងដែរ។ យន្ដហោះប្រវត្ដិសាស្ដ្រនៅឆ្នាំ ១៩០៣ របស់បងប្អូនប្រុស Wright ត្រូវបានដាក់បង្ហាញជាអចិន្ត្រៃយ៍នៅ​សារមន្ទីរ​អាកាស និងអវកាសជាតិក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។

2. តម្រូវការ និង ទីផ្សារនៃការនាំចេញនាំចូលយន្ដហោះ

រាល់ការធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ ឬពីតំបន់មួយទៅតំបន់មួយ មនុស្សតែងតែនឹកដល់មធ្យោបាយធ្វើដំណើរតាមអាកាសដំបូងគេ។ យន្ដហោះបានដើរតួនាទីជាមធ្យោបាយក្នុងការដឹកជញ្ជូនមនុស្សនៅទូទាំងពិភពលោក។ ការជិះយន្ដហោះជាមធ្យោបាយពេញនិយម ហើយចំពោះអ្នកដំណើរនឹងទទួលបាននូវសេវាកម្មទាន់ចិត្ត ចំណេញពេលវេលា និង ផាសុកភាពផងដែរ។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤នេះ បានឱ្យដឹងថានៅជុំវិញពិភពលោកមានជើងហោះហើរសរុបចំនួន ៣៤,៤ លាន (តួរលេខដោយឧស្សាហកម្មអាកាសចរណ៍ពិភពលោក)។ ដោយសារតែសារៈសំខាន់និងតម្រូវការនៃការធ្វើដំណើរតាមរយៈយន្ដហោះ ទើបការចរាចរណ៍និងការផ្គត់ផ្គងយន្ដហោះកាន់តែមានការរីកដុះដាលខ្លាំង ពិសេសប្រទេសមហាអំណាច និង ប្រទេសអភិវឌ្ឍន៍។

យើងសូមបង្ហាញពីទិន្ន័យនៃការជាវយន្ដហោះដែរចេញផ្សាយដោយ  សមាគមន៍ក្រុមហ៊ុនអាកាសចរណ៍ដែលក្នុងទិន្នន័យឧស្សាហកម្មឆ្នាំ២០២១បង្ហាញថា យន្តហោះទាំងអស់ទាំង យន្តហោះអាកាសចរណ៍ទូទៅ (General Aviation-GA) និង យន្តហោះអាជីវកម្ម  បានឃើញការកើនឡើងនៃការលក់ដោយជាធម្មតាសហរដ្ឋអាមេរិកលក់យន្ដហោះសរុបក្នុងគឺទទួលបានទឹកប្រាក់ខ្ទង់២៥,២ពាន់លានដុល្លារ ​(យន្ដហោះធម្មតា​ទទួលបានទឹកប្រាក់ចំនួន ២១,៦ពាន់លានដុល្លារ និង ឧទ្ធម្ភាគចក្រក្នុងទឹកប្រាក់ចំនួន៣,៧ពាន់លានដុល្លារ) គួរបញ្ជាក់ផងដែរថាចំពោះឆ្នាំ២០២២គឺបានកើនតម្លៃបន្ថែម១០,២% ធ្វើឱ្យការនាំចេញគឺកាន់តែខ្ពស់ផងដែរ។ យោងតាមភ្នាក់ងារដឹកជញ្ជូន និង ចេញវិក្ក័យបត្ររាយការណ៍ពីការចែកចាយយន្តហោះរបស់ GAMA​ ៖ ប្រភេទយន្ដហោះ Piston គឺលក់ដាច់ចំនួន ១៣៣៩គ្រឿង, យន្តហោះប្រភេទ Turboprop លក់ចេញចំនួន២២៧គ្រឿង, យន្ដហោះប្រភេទអាជីវកម្មមានចំនួន៧១០គ្រឿង។ ហើយលោក Brian Foley អ្នកវិភាគអាកាសចរណ៍បានព្យាករថា២០២៤យន្ដហោះ៩០០គ្រឿងនឹងបានលក់ចេញអស់បន្ថែមទៀត។

  • ចរាចរណ៍យន្ដហោះនៅក្នុងពិភពលោក

សូមបង្វែរចំណាប់អារម្មណ៍ថាកំពូលប្រទេសទាំងប្រាំដែលផ្គត់ផ្គង់យន្ដហោះនោះគឺ សហរដ្ឋអាមេរិក​ ១០២,៨ពាន់លានដុល្លារ (៤១,២%), បារាំង​ ចំនួន ៣២,៨ ពាន់លានដុល្លារ (១៣,២%), អាល្លឺម៉ង់ចំនួន ២៩,២ ពាន់លានដុល្លារ (១១,៧%), ចក្រភពអង់គ្លេស ចំនួន ១៣,២ ពាន់លានដុល្លារ (៥,៣%) និង កាណាដា១០,១ ពាន់លានដុល្លារ (៤,១%) ជាប្រទេសផលិតយន្ដហោះហើយបានគ្រប់ដណ្ដប់ប្រហែល ៧៥,៥%  នៃការផលិត និងលក់គ្រឿងបន្លាស់យន្ដហោះ(របាយការណ៍ឆ្នាំ២០២២)។ ម្យ៉ាងវិញទៀតអាមេរិកខាងជើងរក្សាបាននូវការឈរជើងជាអ្នកនាំចេញយន្តហោះ ប្រភេទ Piston និង Turboprop រួមជាមួយយន្ដហោះប្រភេទអាជីវកម្មក្នុងពិភពលោក។ ចំណែកឯអាស៊ី-ប៉ាស៊ីហ្វិក ឈរនូវលំដាប់លេខពីរដែលផ្ដល់ការនាំចេញនូវប្រភេទយន្ដហោះ Piston។ រីឯអាមេរិកឡាទីនជាលំដាប់លេខពីរខាងនាំចេញប្រភេទយន្ដហោះ  Turboprop និង នៅទ្វីបអឺរ៉ុបនាំចេញនូវប្រភេទយន្ដហោះអាជីវកម្មខ្នាតតូច។

សម្រាប់ប្រទេសចិន កាលពីជាង ១០ឆ្នាំមុនគឺជាប្រទេសដែលមានតម្រូវការយន្តហោះឯកជនច្រើនជាងគេក្នុងតំបន់ដោយសារសេដ្ឋកិច្ចរីកចម្រើនខ្លាំង ហើយក៏សម្បូរទៅដោយអ្នកជំនួញដែលត្រូវការយន្ដហោះទៅបំពេញបេសកម្មនៅប្រទេសនានា។ ក៏ប៉ុន្ដែពេលនេះ ចិនខុសពីមុនតែម្ដង ចិនបានក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍ និង ដាក់លក់នៅយន្ដហោះទៅឱ្យក្រុមហ៊ុននានាជាពិសេសក្រុមហ៊ុននៅក្នុងស្រុកដូចជាក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern សម្រាប់​យន្តហោះធុន​​ C៩១៩ ដែលក្លាយជាដៃគូ​ប្រជែង​ជាមួយ​នឹង​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អ៊ែរប៊ឺស A៣២០ និង​ប៊ូអ៊ីង ៧៣៧Maxទៅទៀត។ យោងតាមការអះអាងរបស់ក្រុមហ៊ុន​អ្នក​ផលិត​យន្តហោះ Comac បាន​ប្រកាស​ ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២២ ថាចិនទទួល​ការ​បញ្ជា​ទិញ C៩១៩ ​មានរហូតដល់ចំនួន​៣០០​គ្រឿងឯណោះ។

3. ប្រភេទយន្ដហោះឯកជនដែលប្រើប្រាស់ច្រើនជាងគេ

ក្រុមហ៊ុនលក់យន្តហោះបារាំង Dassault Aviationជាក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់យន្ដហោះនៅលើពិភពលោកបានបង្ហាញអំពីកំណើនយន្តហោះឯកជន(Private Jet )ថា មានការកើនឡើង ដោយសារក្រុមហ៊ុនជាច្រើនធ្វើអាជីវកម្មនៅបរទេសដែលធ្វើឱ្យពួកគេត្រូវការមធ្យោបាយដែលរហ័ស និង ចំណេញពេលវេលា។ អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនលក់យន្តហោះ លោក Carlos Brana​ អះអាងថាការកើនឡើងនៃទីផ្សារយន្តហោះឯកជនអាស្រ័យលើកំណើនសេដ្ឋកិច្ចក្នុងស្រុក ប៉ុន្តែចំពោះប្រទេសខ្លះមានចំនួនយន្តហោះឯកជនតិចតួចស្រាប់ ទើបធ្វើឱ្យភាគរយនៃទីផ្សារយន្តហោះឯកជនមានការកើនឡើនច្រើនជាងផលិតផលសរុបក្នុងស្រុករបស់ប្រទេសទាំងនោះ​។

លក្ខណៈពិសេសនៃយន្តហោះឯកជនគឺអាចសម្រួលដល់ការធ្វើដំណើរសម្រាប់អ្នកមានភារកិច្ចអាជីវកម្មនៅបរទេសបានច្រើន និងអាចហោះទៅកាន់គ្រប់អាកាសយានដ្ឋាននានាបានដោយមានភាពបត់បែន និងមិនត្រូវចាំបាច់រង់ចាំជើងហោះហើរ។ ខាងក្រោមនេះជាប្រភេទយន្ដដែលទទួលបានការប្រើប្រាស់ច្រើនពីសំណាក់អភិជននិងមហាសេដ្ឋី៖ United States of America Air Force One មានតម្លៃ ៦៦០ លានដុល្លារសហរដ្ឋអាមេរិក, Airbus A340-300 មានតម្លៃ 400 លានដុល្លារ ជាកម្មសិទ្ធិរបស់ មហាសេដ្ឋីរុស្ស៊ី Alisher Usmanov, យន្តហោះ ប៊ូអ៊ីង (Boeing) 747-8 VIP មានតម្លៃ 367 លានដុល្លារជាកម្មសិទ្ធិរបស់មហាសេដ្ឋីហុងកុង និងជាមហាសេដ្ឋីអចលនទ្រព្យ Joseph Lau, យន្តហោះ ប៊ូអ៊ីង ៧៤៧-៤៣០ មានតម្លៃ ២៣០ លានដុល្លារ  ជាកម្មសិទ្ធិរបស់ស្ដេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ។

ផ្ទុយទៅវិញ ដោយសារខាងលើជាប្រភេទយន្ដហោះដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី ចំណែកឯខាងក្រោមនេះសូមបង្ហាញប្រភេទយន្ដហោះឯកជនដែលលក់ដាច់ក្នុងឆ្នាំ ២០២២ ៖ Dassault 2000LXS/900LX/7X/8X បានលក់អស់ចំនួន៣២គ្រឿង, Citation M2 បានលក់អស់៣៥គ្រឿង, Embraer Phenom 300E លក់អស់៤២គ្រឿង, Bombardier Challenger លក់អស់៥០គ្រឿង,​ Cirrus Vision Jet លក់អស់៩០គ្រឿង និង Gulfstream 500/550/600/650/650ER លក់អស់៩៦គ្រឿង។ ចំពោះយន្ដហោះប្រភេទ Gulfstream 650 ត្រូវបានរចនាដើម្បីដឹកអ្នកដំណើរចន្លោះពី11 ទៅ 18 នាក់វាត្រូវបានដាក់លក់ដំបូងឆ្នាំ២០០៨ ។ យន្តហោះ Gulfstreamនេះ បានក្លាយជាយន្តហោះដែលលក់ដាច់បំផុត ដោយសារល្បឿនកំពូលរបស់វា Mach 0.925 អមដោយ រយៈចម្ងាយឆ្ងាយ 7,000 ម៉ាយក្នុងការហោះហើរមួយលើក។ យន្ដហោះនេះមានតម្លៃសមរម្យគឺចន្លោះពី ២២ លានទៅ​ ៣០លានដុល្លារអាមេរិកសម្រាប់ម៉ូឌែលចុងក្រោយ។

លោក Carlos Brana ជាអនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនលក់យន្តហោះ Dassault Aviation  បានលើកឡើងពីប្រភេទយន្ដហោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានយន្តហោះឯកជនប្រភេទ Falcon ប្រមាណជា១០០​ គ្រឿង ក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះ ចិនមានទីផ្សារធំជាងគេ ដែលមាន ២២គ្រឿង។ ជាមួយគ្នានេះ ម៉ាឡេស៊ីមានយន្តហោះ Falcon ច្រើនជាងគេក្នុងតំបន់អាស៊ី​អា​គ្នេ​យ៍ គឺ ៨​ គ្រឿង។ ចំណែកថៃមានចំនួន ៤​គ្រឿង។ តាមរបាយការណ៍ Asian Sky 2023 យន្តហោះឯកជននៅថៃកើនឡើងទៅដល់ ៤០គ្រឿងក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា ​ ដោយកើនពី៣០គ្រឿង។

4. ប្រសិនបើកំណើនយន្ដហោះឯកជនកើនឡើងខ្លាំងដូចការប្រើប្រាស់ឡានម៉ូតូនោះ តើវាជាសញ្ញាល្អឬយ៉ាងណា?

យើងអាចព្យាករបានថា ៥០ឆ្នាំទៅមុនទៀតកំណើនយន្ដហោះឯកជននឹងកើនឡើងខ្លាំងជាពិសេសនៅប្រទេសអភិវឌ្ឍន៍ព្រោះការធ្វើពាណិជ្ជកម្មឆ្លងប្រទេសគឺកាន់តែសម្បូរ។ ការប្រើប្រាស់យន្ដហោះកាន់តែច្រើនវាជាសញ្ញាវិជ្ជមានផង និង អវិជ្ជមានផង។

ចំពោះចំណុចជាវិជ្ជមាននោះគឺបុគ្គលម្នាក់ៗអាចធ្វើដំណើរដោយសេរី និងដោយផ្ទាល់ទៅកាន់គោលដៅរបស់ពួកគេដោយមិនពឹងផ្អែកលើកាលវិភាគហោះហើរពាណិជ្ជកម្ម។ នេះអាចជាអត្ថប្រយោជន៍ជាពិសេសសម្រាប់ការទៅដល់តំបន់ដាច់ស្រយាល ឬដោះស្រាយតម្រូវការធ្វើដំណើរបន្ទាន់។ បន្ថែមពីនេះ វាក៏អាចជាឱកាសសេដ្ឋកិច្ចផងដែរ ដោយសារតម្រូវការសេវាកម្មអាកាសចរណ៍ឯកជន រួមទាំងការថែទាំ ការជួសជុល និងការបណ្តុះបណ្តាលអាកាសចរណ៍ អាចបង្កើតការងារថ្មី និងឱកាសសេដ្ឋកិច្ច។ ម្យ៉ាងទៀតយន្តហោះឯកជនអាចត្រូវបានប្រើសម្រាប់ការជម្លៀសផ្នែកវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ ការឆ្លើយតបគ្រោះមហន្តរាយ ឬតម្រូវការបន្ទាន់ផ្សេងទៀតដែលត្រូវការការដឹកជញ្ជូនលឿន។​

យើងបានដឹងពីចំណុចវិជ្ជមាននៃយន្ដហោះឯកជនហើយ បន្ដមកទៀតយើងលើកយកនូវចំណុចគួរពិចារណាចំពោះផលប៉ះពាល់នៃយន្ដហោះ។ យន្ដហោះមានការប៉ះពាល់ដល់បរិស្ថានដោយសារ ជាមួយនឹងយន្តហោះកាន់តែច្រើននៅលើអាកាស ការកើនឡើងនៃការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័នអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការប្រែប្រួលអាកាសធាតុ និងគុណភាពខ្យល់ដែលកម្រិតនៃការបំពុលកាន់តែខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះវាបង្កការបំពុលដោយសំឡេងព្រោះ ការកើនឡើងនៃចរាចរណ៍ផ្លូវអាកាសអាចនាំឱ្យមានការបំពុលដោយសំឡេងកាន់តែច្រើន ដែលប៉ះពាល់ដល់សុខមាលភាពរបស់មនុស្សដែលរស់នៅក្បែរព្រលានយន្តហោះ ឬផ្លូវហោះហើរ។ មួយវិញទៀត ការគ្រប់គ្រងយន្តហោះឯកជនមួយចំនួនធំនឹងតម្រូវឱ្យមានការពង្រីកដ៏សំខាន់នៃហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ច្បាប់ និងបុគ្គលិក ដែលបង្កើនភាពស្មុគស្មាញ និងសក្តានុពលសម្រាប់បញ្ហាសុវត្ថិភាព ព្រោះយន្តហោះកាន់តែច្រើននៅលើអាកាសអាចបង្កើនហានិភ័យនៃគ្រោះថ្នាក់ និងការប៉ះទង្គិចដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយទាមទារឱ្យមានការធានាថាអ្នកបើកយន្តហោះទាំងអស់ត្រូវបានបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញ និងគោរពតាមច្បាប់ស្ដីពីសុវត្ថិភាដែលបានដាក់ចេញដោយអន្ដរជាតិ និងថ្នាក់ជាតិ។។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រព័ន្ធកូតាការងារនៅប្រទេសបង់ក្លាដេស

ប្រព័ន្ធកូតាការងារ​ (Quota System) នៃប្រទេសបង់ក្លាដេសជាការអនុវត្តមួយក្នុងជួររាជរដ្ឋាភិបាល​ក្នុងការជ្រើសរើស ឬការចាត់តាំងមន្ត្រីមកបម្រើការងាររបស់រដ្ឋ។ ប្រព័ន្ធកូតានេះត្រូវបានបង្កើតឡើងតាំងពីអំឡុងឆ្នាំ១៩៧២ បន្ទាប់ពីប្រទេសបង់ក្លាដេសទទួលបានជ័យជម្នះក្នុងសង្គ្រាមទាមទារឯករាជ្យពីប្រទេសប៉ាគីស្ថាន ដែលប្រព័ន្ធកូតាការងារ ជាការសន្យាមួយក្នុងចំណោមគោលនយោបាយផ្សេងៗទៀតដោយមេដឹកនាំលោក​ Sheikh Mujibur Rahman បានធានាជាមួយអ្នកដែលបានតស៊ូក្នុងសង្គ្រាមទាមទារឯករាជ្យថា នឹងផ្តល់ផលប្រយោជន៍ យុត្តិធម៌ជូនដល់បុគ្គលដែលបានចូលរួមជួយក្នុងសង្គ្រាមទាមទារឯករាជ្យ ដែលត្រូវបានស្គាល់ថា Independence War Veterans ឬ​ Freedom Fighters រួមទាំងកូនរបស់ពួកគេ ដើម្បីតបស្នងចំពោះការលះបង់តស៊ូប្រយុទ្ធដើម្បីឯករាជ្យនៃប្រទេសជាតិទាំងមូល។ប្រព័ន្ធកូតាការងារ ត្រូវបានកែប្រែជាច្រើនលើកជាច្រើនសារ មុនពេលត្រូវបានលុបចោលម្តងដោយរដ្ឋាភិបាល និងនៅពេលថ្មីៗត្រូវបានសម្រេច​ និងកំណត់សារជាថ្មីដោយតុលាការកំពូល ( Supreme Court )

I. ប្រព័ន្ធកូតាការងារ

ដំបូងឡើយនៅក្នុងឆ្នាំ១៩៧២ ប្រព័ន្ធកូតាការងារនេះត្រូវបានបង្កើត និងឱ្យឈ្មោះថា ប្រព័ន្ធកូតាការងារសម្រាប់សេវាសាធារណៈថ្មីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស (Quota System for the New Bangladesh Civil Service) ដោយការងារសាធារណៈ ៣០% សម្រាប់ Freedom Fighters ១០% សម្រាប់ស្ត្រីដែលបានរងគ្រោះក្នុងសង្គ្រាម ៤០% សម្រាប់បេក្ខជនក្នុងស្រុកនីមួយៗ និងសល់២០%​ទៀតត្រូវបានជ្រើសរើសដោយការប្រឡងប្រជែង។ ក្រោយមកភាគរយទាំងនោះមានការកែប្រែឡើងចុះ លើកលែងតែតួលេខភាគរយសម្រាប់ Freedom Fighters មិនមានការកែប្រែនោះទេ ពោលគឺនៅតែរក្សា៣០%នៃមុខងារសាធារណៈសម្រាប់ Freedom Fighters។​ មិនតែប៉ុណ្ណោះប្រព័ន្ធកូតាការងារសម្រាប់ Freedom Fighters នេះបានផ្តល់ឱ្យដល់សាច់ញាតិរបស់ពួកគេបន្តទៀត ដោយបន្តផ្តល់ឱ្យកូនៗ ចាប់តាំងពីឆ្នាំ ១៩៩៧ និង​ផ្តល់ឱ្យចៅៗ ចាប់តាំងពីឆ្នាំ ២០១០។​ រហូតដល់ក្នុងឆ្នាំ២០១៨ ប្រព័ន្ធកូតាការងារនេះត្រូវបានលុបចោលតាមរយៈបទបញ្ជា​ បន្ទាប់ពីមានបាតុកម្មយ៉ាងសម្បើមពីសំណាក់មហាជនជាពិសេសសិស្សនិស្សិតទៅលើសេចក្តីសម្រេចរបស់តុលាការរដ្ឋធានីខេត្ត ( High Court ) ស្តីពីការច្រានចោលការទាមទារឱ្យលុបចោលប្រព័ន្ធកូតាការងារ និងការប្រកាសជាសាធារណៈរបស់នាយករដ្ឋមន្ត្រីអំពីការបន្តអនុវត្តប្រព័ន្ធកូតាការងារនេះបន្តទៀត។ ប៉ុន្តែបន្ទាប់ពីនោះ ក្រុមគ្រួសាររបស់ Freedom Fighters មួយចំនួនបានដាក់ពាក្យបណ្តឹឧទ្ធរណ៍ទៅកាន់តុលាការកំពូល (Supreme Court) ទាមទារ ការលុបចោល បទបញ្ជាទៅលើប្រព័ន្ធកូតាការងារសម្រាប់​ Freedom Fighters កាលពីឆ្នាំ ២០១៨​ នោះ

II. បាតុកម្ម

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ High Court បានសម្រេចច្រានចោលការទាមទារការលុបចោលប្រព័ន្ធកូតាការងារ ចំណែកឯខាងនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដែលជាកូនស្រីរបស់លោកប្រធានាធិបតីចាស់ Sheikh Mujibur Rahman បានប្រកាសផងដែរថា រដ្ឋនឹងបន្តអនុវត្តប្រព័ន្ធកូតាការងារ។ ការប្រកាសនេះ បង្កឱ្យមានការមិនពេញចិត្ត និងមតិប្រឆាំងពីសំណាក់សាធារណៈជនជាពិសេសសិស្សនិស្សិត។​ ឆ្លើយតបទៅកាន់មតិរបស់មហាជននេះ នាយករដ្ឋមន្ត្រីបានសម្រេចលុបចោលប្រព័ន្ធកូតាការងារទាំងមូលចោលតាមរយៈបទបញ្ជា (Executive Order) ពោលគឺគ្រប់បុគ្គលដែលមានចែងក្នុងប្រព័ន្ធកូតានោះ​។ ការលុបចោលមួយនេះ មិនបានធ្វើឱ្យមហាជនស្ងប់ចិត្តនោះទេ ផ្ទុយទៅការរិះគន់នៅតែបន្តកើនឡើយ ព្រោះអ្វីដែលប្រជាជនចង់បានគឺ ការកែប្រែប្រព័ន្ធកូតាការងារ តែមិនមែនជាការលុបចោលទាំងស្រុងនោះទេ។​ ការជជែកវែកញែកនេះនៅតែបន្តអស់រយៈពេលប្រហែល២ឆ្នាំ និងរហូតដល់ឆ្នាំ២០២០ សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីមួយត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ។​ អំឡុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ បន្ទាប់ពី High Court បានទទួលពាក្យបណ្តឹងពីសំណាក់ភាគីសាច់ញាតិរបស់Freedom Fighters ក្នុងការប្រឆាំងទាមទារការលុបចោលសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីខាងលើ High Court បានចេញសេចក្តីសម្រេច ដោយឱ្យលុបចោលសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី និងអនុវត្តសារជាថ្មីនូវប្រព័ន្ធកូតាការងារចាស់។​ រាជរដ្ឋាភិបាលបានប្តឹងឧទ្ធរណ៍ទៅ Supreme Court ប៉ុន្តែជាមួយគ្នានោះបាតុកម្មយ៉ាងខ្លាំងក្លាពីសំណាក់មហាជនជាពិសេសសិស្សនិស្សិតបានចាប់ផ្តើមនៅដើមខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ ដោយប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់ High Court ព្រមទាំងទាមទារឱ្យលុបចោល ប្រព័ន្ធកូតាការងារ ៣០% សម្រាប់ Freedom Fighters និងសាច់ញាតិនោះចោល។​

III. ​ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រី

បាតុកម្មកើតមានជាបន្តបន្ទាប់ និងកាន់តែខ្លាំងក្លា ដោយដំបូងបាតុកម្មបានប្រព្រឹត្តិដោយមិនមានការប្រើប្រាស់កម្លាំងបាយអ្វីនោះទេ ប៉ុន្តែថ្ងៃទី១៥​ ខែកក្កដា កងកម្លាំងសន្តិសុខ និងសមាជិករបស់ ChhatraLeague បានវាយប្រហារបាតុករបង្កឱ្យមានអំពើហិង្សា បន្ទាប់ពីនោះមកការប្រើប្រាស់កម្លាំងបាយ អំពើហិង្សាបានកើតឡើងជាបន្តបន្ទាប់។​ តាមរយៈការប៉ាន់ស្មានរបស់ Human Rights Watch មានមនុស្សប្រហែល៣០០នាក់បានស្លាប់ រាប់ពាន់នាក់បានរងរបួស និងច្រើនជាង​ ១០​ ០០០នាក់ត្រូវបានឃុំខ្លួន។​បាតុករបានបន្តប្រឆាំងទៅលើប្រព័ន្ធកូតាការងារចំពោះ Freedom Fighters ខាងលើ មិនតែប៉ុណ្ណោះក៏មានការមិនពេញចិត្តទៅលើអំពើពុករលួយផ្សេងៗ និងការប្រព្រឹត្តិអំពើហិង្សាទៅលើបាតុករផងដែរ។

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ បាតុករជាង ១០០​ ០០០នាក់ បានរួមគ្នាទាមទារ​ឱ្យលោកស្រី Sheikh Haina និងរដ្ឋមន្រ្តីរបស់លោកស្រី លាលែងពីដំណែង។​ មួយថ្ងៃបន្ទាប់​ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ លោកស្រីនាយករដ្ឋមន្ត្រី Sheikh Haina បានប្រកាសលាលែងពីដំណែងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស។​

កម្មវិធីថង់ប្រាជ្ញា៖​ គណបក្សអភិរក្សនិយម និងគណបក្សពលកររបស់ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសគឺជាប្រទេសលទ្ធិប្រជាធិបតេយ្យបែបសភា ដែលប្រជាជនបោះឆ្នោតជ្រើសរើសតំណាងឱ្យសភា។ សភាគឺជាសភាជាន់ទាបនៃប្រព័ន្ធនីតិប្បញ្ញត្តិទ្វេភាគី។ សព្វថ្ងៃនេះ ប្រទេសអង់គ្លេសត្រូវបានគ្រប់គ្រងដោយគណបក្សនយោបាយសំខាន់ៗចំនួនពីរ គឺគណបក្សពលករ (Labour Party) និងគណបក្សអភិរក្សនិយម (Conservative Party) ។ គណបក្សពលករ គឺជាគណបក្សនយោបាយកណ្តាលឆ្វេងនិយមនៅចក្រភពអង់គ្លេស ដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសង្គមនិយម ខណៈដែលគណបក្សអភិរក្សនិយមគឺជាគណបក្សនយោបាយកណ្តាលស្តាំនិយម ដែលតស៊ូមតិគាំទ្រគោលនយោបាយទីផ្សារសេរី ប្រពៃណីនិយម និងអភិរក្សនិយមរបស់អង់គ្លេស។

គណបក្សអភិរក្សនិយម

គណបក្សអភិរក្សនិយមមានប្រវត្តិជាយូរលង់ណាស់មកហើយ និងបានឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងប្រវត្តិសាស្ត្រ និងជាគណបក្សមួយដ៏មានឥទ្ធិពលនៅក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស ប៉ុន្តែក៏ធ្លាប់បានទទួលរងនូវការបែកបាក់ និងការបរាជ័យជាច្រើនលើកច្រើនសារផងដែរ។ គណបក្សអភិរក្សនិយម ត្រូវបានគេស្គាល់ថាជា សម្ព័ន្ធជាតិនៃសមាគមអភិរក្សនិយម និងសហជីព (National Union of Conservative and Unionist Associations)។ គណបក្សនេះពីដំបូងបានបំប្លែងខ្លួនចេញពីគណបក្សតូរី (Tory) ហើយបន្ទាប់មកបានប្រែកា្លយឈ្មោះហៅជា “អភិរក្សនិយម” វិញនៅឆ្នាំ១៨៣២។ ទោះជាមានឈ្មោះជាអភិរក្សនិយមក៏ដោយ ប៉ុន្តែឈ្មោះតូរីនៅតែត្រូវបានគេប្រើប្រាស់រហូតដល់សព្វថ្ងៃ ដែលសំដៅដល់អ្នកគាំទ្រ ឬ សមាជិករបស់គណបក្សនេះ។

តើក្រុមតូរី (Tory) និងវិហ្គ(Whig) គឺជានរណា?

ក្រុមតូរីបានកកើតឡើងនៅសតវត្សទី១៧ ដែលមុនដំបូងវាគ្រាន់តែជាក្រុមមនោគមវិជ្ជា ដែលបង្កើតឡើងនៅឆ្នាំ១៦៨១ ដើម្បីគាំទ្ររបបរាជានិយម និងសាសនាចក្រ សម្រាប់តទល់ជាមួយក្រុមវិហ្គ (Whig) ដែលជាក្រុមមិនគាំទ្រសាសនាកាតូលិក​ និងរបបរាជានិយម។ បន្ទាប់មកក្រុមទាំងពីរនេះក៏ប្រែក្លាយទៅជាគណបក្សនយោបាយពីរផ្សេងគ្នាដែលដឹកនាំប្រទេសអង់គ្លេសនាពេលនោះ។ ពាក្យតូរី (Tory) គឺបានមកពីពាក្យ “tóraidhe” របស់អៀរឡង់ ដែលមានន័យថា ជនក្រៅច្បាប់ ឬចោរប្លន់ ដែលដំបូងឡើយគេប្រើពាក្យនេះសម្រាប់ហៅពួកឧទ្ទាមអៀរឡង់។ ពាក្យវិហ្គ (Whig) ជាអ្នកគាំទ្រសាសនាប្រូតេស្តង់ និងតំណាងឱ្យក្រុម “សេរីនិយម” ដែល​បង្កើតអំណាចនៅលើប្រជាជន (ឬតំណាងរបស់ប្រជាជន) ហើយចាត់ទុកអ្នកគ្រប់គ្រងជាអ្នកបម្រើឆន្ទៈ និងសុខុមាលភាពរបស់ប្រជាជន។ រីឯពាក្យតូរី តំណាងឱ្យ “អភិរក្សនិយម” ប្រកាន់អធិបតេយ្យភាពជាអ្នកគ្រប់គ្រង ហើយចាត់ទុក “ប្រជាជន” ជាកម្មវត្ថុដែលមានកាតព្វកិច្ចគោរពតាម។

តូរីមានប្រព័ន្ធអំណាចតំណតាមវង្សត្រកូល ដែលបន្តពីឪពុកទៅកូន ហើយកាន់អំណាចដោយព្រះមហាក្សត្រ និងសាសនាចក្រ(កាតូលិក) ខណៈដែលវិហ្គ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធនៃអំណាចសេរីនិយម និងកម្លាំងប្រជាជន។ ក្រុមវិហ្គ បានបង្ខំឱ្យ Duke of York ឈ្មោះជេមស៍ (James) ដែលជាប្អូនប្រុសរបស់ស្តេច ឆាលស៍ ទី២ (Charles II) និងជាអ្នកតំណាងឱ្យសាសនាកាតូលិកផងនោះ ដកខ្លួនចេញពីការស្នងរាជ្យបល្ល័ង្ក ប៉ុន្តែពុំបានជោគជ័យនោះឡើយ ដោយលោក ជេមស៍ មានការគាំទ្រពីក្រុមតូរី។ ទោះបីជាមានឈ្មោះមិនល្អតែគណបក្សតូរី បានយកឈ្នះក្រុមវិហ្គ ហើយបានជួយលោក ជេមស៍ ឱ្យក្លាយជាស្តេច ជេមស៍ ទី២ ក្នុងឆ្នាំ ១៦៨៥។ បន្ទាប់ពីនោះក្រុមតូរីបានរួបរួមជាក្រុមអ្នកគាំទ្ររាជានិយម និងអ្នកគាំទ្រសាសនាកាតូលិក ហើយបានកាន់កាប់រដ្ឋាភិបាលអង់គ្លេសរវាងឆ្នាំ ១៧៨៣ ដល់ ១៨៣០។

នៅឆ្នាំ១៨២៧ គណបក្សនេះមានការបាក់បែកផ្ទៃក្នុងដែលបណ្តាលឱ្យជ័យជំនះបានទៅលើគណបក្សវិហ្គ ក្នុងទសវត្សរ៍ឆ្នាំ ១៨៣០ ហើយគណបក្សនេះបានធ្វើកំណែទម្រង់ទៅលើច្បាប់ដែលបើកឱ្យវណ្ណៈកណ្តាលនៃទីក្រុងឧស្សាហកម្មធំៗ ចូលរួមក្នុងអំណាចនយោបាយ។ ហេតុនេះ ការបោះឆ្នោតដែលអនុវត្តតាមច្បាប់ដែលបានចែងនេះ ធ្វើឱ្យគណបក្សតូរីថយសមាជិកមកត្រឹម ១៨៣ ប៉ុណ្ណោះក្នុងសភា។ លោក រ៉ូបឺត ភីល (Robert Peel) ជាអ្នកដែលបានប្រមូលផ្តុំគូប្រជែង និងបង្រួបបង្រួមបក្សឡើងវិញ ព្រមទាំងបានធ្វើទំនើបកម្មគណបក្សឡើងវិញដោយបកស្រាយនូវធាតុផ្សំសំខាន់ៗនៃប្រពៃណីតូរីចាស់ ការតស៊ូមតិសម្រាប់កំណែទម្រង់សង្គម និងពាណិជ្ជកម្មសេរី។ គាត់បានទទួលជ័យជំនះក្នុងការទាញយកការគាំទ្របក្សត្រឡប់មកវិញ ហើយបានក្លាយជានាយករដ្ឋមន្ត្រីទីមួយរបស់អង់គ្លេសបន្ទាប់ពីឈ្នះការបោះឆ្នោតនៅឆ្នាំ១៨៤១។ ក្រោយមក គណបក្សអភិរក្សនិយមបានដាក់ឈ្មោះជាផ្លូវការថា “គណបក្សអភិរក្សនិយម និងសហភាពនិយម” ក្នុងឆ្នាំ ១៩១២ បន្ទាប់ពីបានចងសម្ព័ន្ធមិត្តជាមួយគណបក្សសេរីនិយម (Liberal Unionist Party) ដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់អៀរឡង់។

គោលនយោបាយ

នៅក្នុងអំឡុងឆ្នាំ១៩៦៥ ប្រមុខមេដឹកនាំបក្សត្រូវបានជ្រើសរើសដោយសមាជិកសភាអភិរក្សនិយម ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៨ មក មេដឹកនាំត្រូវបានជ្រើសរើសដោយសមាជិកគណបក្សទាំងមូល។ ប៉ុន្តែសភានៅតែអាចមានសិទ្ធិដកមេដឹកនាំម្នាក់ណាចេញ តាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្តផងដែរ។ គណបក្សអភិរក្សនិយមសម័យទំនើប បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកកាន់កាប់ដីធ្លី និងវណ្ណៈកណ្តាល ជាពិសេសពាណិជ្ជករ អ្នកគ្រប់គ្រង និងអ្នកជំនាញ។ ទោះជាយ៉ាងណាក៏ដោយ មូលដ្ឋានបោះឆ្នោតរបស់គណបក្សនេះបានរីករាលដាលក្នុងវណ្ណៈកម្មករដែលមានចំនួនប្រហែល ១ភាគ៣ នៃប្រទេស នៅក្នុងជនបទ និងជាយក្រុង ដែលមិនមែនជាឧស្សាហកម្ម ជាពិសេសនៅភាគខាងត្បូងនៃប្រទេសអង់គ្លេស។ គណបក្ស​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​សមាជិកភាព​ដែរ ដោយគោលដៅរបស់គណបក្សគឺបង្កើនសមាជិកឱ្យបានប្រហែល ៣ លាននាក់នៅដើមទសវត្សរ៍ឆ្នាំ ១៩៥០ ប៉ុន្តែគណបក្សនេះមានសមាជិកតែ ៧៥០០០០ នាក់ប៉ុណ្ណោះក្នុងឆ្នាំ ១៩៩២ ហើយបន្តធ្លាក់ចុះមកត្រឹមប្រហែល ៣៥០០០០ នាក់ប៉ុណ្ណោះនៅដើមសតវត្សទី ២១។

យ៉ាងណាមិញ លទ្ធិអភិរក្សនិយមរបស់អង់គ្លេសបានបង្ហាញពីភាពធន់ខុសពីធម្មតា ដោយបានជោគជ័យក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូររបៀបវារៈនយោបាយ និងសង្គម។ គណបក្សនេះ បានបង្រួបបង្រួមក្រុមមនោគមវិជ្ជាជាច្រើន រួមមានក្រុមកណ្តាលនិយម និងក្រុមសេដ្ឋកិច្ចសេរី។ ក្រុមទាំងពីនេះមានបទដ្ឋានខុសគ្នាដោយ ក្រុមកណ្តាលនិយមជាប្លុកសំខាន់ដែលសង្កត់ធ្ងន់លើអន្តរាគមន៍សេដ្ឋកិច្ច និងសុខដុមរម្យនា រីឯក្រុមសេដ្ឋកិច្ចសេរីសង្កត់ធ្ងន់លើទីផ្សារសេរី។ យ៉ាងណាមិញ ព្រោះតែភាពខុសគ្នានេះធ្វើឱ្យមាន ការ​ខ្វែង​គំនិត​គ្នា​រវាង​ប្លុក​ធំៗ​ទាំង​ពីរ និង​រវាង​ក្រុម​ផ្សេង​ទៀត​ម្តងម្កាល​បង្កើត​ឱ្យ​មាន​ការ​បែក​បាក់​គ្នា​យ៉ាង​ខ្លាំង​ក្នុង​បក្ស។

គណបក្សពលករ

គណបក្សពលករ (Labour Party) ត្រូវបានគេស្គាល់ថាជា គណៈកម្មាធិការតំណាងពលករ (Labour Representation Committee)។ គណបក្សពលករជាគណបក្សនយោបាយរបស់ចក្រភពអង់គ្លេស ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយសហជីព និងបានដឹកនាំការលើកកម្ពស់តួនាទីយ៉ាងសកម្មសម្រាប់រដ្ឋក្នុងការបង្កើតវិបុលភាពសេដ្ឋកិច្ច និងផ្តល់សេវាសង្គម។ ក្នុងការប្រឆាំងនឹងគណបក្សអភិរក្សនិយម គណបក្សពលករជាគណបក្សសង្គមនិយមប្រជាធិបតេយ្យដ៏សំខាន់មួយនៅក្នុងចក្រភពអង់គ្លេសចាប់តាំងពីដើមសតវត្សទី២០ ។

ការបង្កើតគណបក្សពលករ

          គណបក្ស​ពលករត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩០០ ដោយសារភាពព្រងើយកន្តើយរបស់គណបក្សសេរីនិយម និងគណបក្សអភិរក្សនិយម ចំពោះប្រជាជន និងកម្មករ ដែលធ្វើឱ្យមានការតស៊ូជាច្រើនឆ្នាំដោយប្រជាជនវណ្ណៈកម្មករ សហជីព និងសង្គមនិយម ដែលបង្កើតឡើងក្នុងគោលបំណាងតំណាងឱ្យវណ្ណៈកម្មករនៅក្នុងសភាអង់គ្លេស ។ គណបក្សពលករឯករាជ្យ (Independent Labour Party) បានបង្កើតឡើងដោយគណកម្មាធិកាតំណាងពលករ(LRC) ដោយលោកKeir Hardie​ ក្នុងឆ្នាំ១៨៩៣។ លោក Hardie បញ្ចុះបញ្ចូលសហជីពឱ្យដកការគាំទ្ររបស់ពួកគេពីគណបក្សសេរីនិយម និងគាំទ្រលើគណបក្សពលករវិញ។ នៅឆ្នាំ ១៩០០ គណបក្សនេះ បានទទួលការគាំទ្រពីសមាជសហជីពពាណិជ្ជកម្ម (TUC) និងសមាគមហ្វាបៀន(Fabian Society) ឆ្វេងនិយម ដែលធ្វើឱ្យគណបក្សនេះរីកចម្រើនជាលំដាប់។ គោល​បំណង​នៃ​គណបក្ស​ថ្មី​នេះ គឺ​ដើម្ប​តំណាង​ឱ្យផល​ប្រយោជន៍​នៃ​វណ្ណៈ​កម្មករ និងចលនាសហជីព​ក្នុង​សភា។ នៅឆ្នាំ១៩០៦ ឈ្មោះគណបក្សពលករត្រូវបានប្រើប្រាស់ជាផ្លូវការ ហើយនៅឆ្នាំ១៩២២ គណបក្សនេះបានក្លាយជាគណបក្សប្រឆាំងជាផ្លូវការដំបូងទល់នឹងគណបក្សអភិរក្សនិយម។

គោលនយោបាយរបស់គណបក្សពលករ

លោក រ៉ាមសេយ៍ ម៉ាក់ដូលណាល់ (Ramsay MacDonald) គឺជានាយករដ្ឋមន្ត្រីដំបូងរបស់គណបក្សពលករ។ ទោះបីជាទើបតែកាន់តំណែងក្នុងរយៈពេលខ្លី ប៉ុន្តែសមិទ្ធផលរបស់គណបក្សនេះមានច្រើនគួរឱ្យកត់សម្គាល់។ ភាគច្រើន គណបក្សបានអនុម័តទៅលើការកែលម្អគោលនយោបាយលំនៅដ្ឋាន ការអប់រំ និងការធានារ៉ាប់រងសង្គម រួមទាំងការដោះស្រាយភាពគ្មានការងារផងដែរ។ នៅក្នុងសង្គ្រាមលោកលើកទីពីរ គណបក្សនេះទទួលរងនូវវិបត្តិធ្ងន់ធ្ងរបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលប្រឈមមុខនឹងការទាមទារឱ្យកាត់បន្ថយការចំណាយសាធារណៈដែលជាលក្ខខណ្ឌសម្រាប់ការទទួលបានប្រាក់កម្ចីពីធនាគារបរទេស ហើយធ្វើឱ្យមានការធ្លាក់ចុះកៅអីតំណាងនៅក្នុងសភាពី ២៨៨ មកនៅត្រឹម ៥២ ។ ក្រោយមក គណបក្សពលករបានចូលរួមជាមួយការបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សអភិរក្សនិយម និងគណបក្សសេរីនិយមនៅឆ្នាំ១៩៤០ ដឹកនាំដោយលោក វីនស្តន់ ឆឺឈីល (Winston Churchill) នៃគណបក្សអភិរក្សនិយម ដែលបានក្លាយជានាយករដ្ឋមន្ត្រីនៅពេលនោះ ហើយមេដឹកនាំគណបក្សពលករជាគណរដ្ឋមន្ត្រី។ ក្រោយសង្គ្រាមលោកលើទីពីរ គណបក្សនេះបានងើបមកដឹកនាំរដ្ឋាភិបាលវិញ ព្រមទាំងបានធ្វើការកែទម្រង់សង្គម និងសេដ្ឋកិច្ចដោយផ្អែកលើការបង្កើតសេវាសុខភាពជាតិ ការធ្វើតូបនីយកម្មផ្លូវដែក ការធ្វើអាជីវកម្មដែក និងធ្យូង ព្រមទាំងផ្តល់ឯករាជ្យភាពដល់ប្រទេសភូមា និងប្រទេសឥណ្ឌាផងដែរ។

ចាប់តាំងពីបង្កើតគណបក្សមក គណបក្សពលករមានប្រព័ន្ធដឹកនាំនៅក្នុងប្រទេសអង់គ្លេស ស្កុតឡែន និងវេលស៍។ រចនាសម្ព័ន្ធទាំងនោះមានដូចជាគណបក្សពលករមណ្ឌល (CLPs) ដែលទទួលខុសត្រូវក្នុងការជ្រើសរើស និងរៀបចំសមាជិកនៅក្នុងមណ្ឌលបោះឆ្នោតនីមួយៗរបស់ប្រទេស សហជីពដែលពាក់ព័ន្ធ គណបក្សពលករសភា (PLP) ដែលរួមមានសមាជិកសភាការងារ និងក្រុមសង្គមនិយមតូចៗជាច្រើនប្រភេទដូចជា សមាគមហ្វាបៀនជាដើម។ មុនពេលសង្គ្រាមលោកលើកទីពីរ អ្នកគាំទ្ររបស់គណបក្សភាគច្រើនជាកម្មករ និងសង្គមនិយមវណ្ណៈកណ្តាល។ ក្រោយឆ្នាំ១៩៧៩ ការបោះឆ្នោតរបស់គណបក្សពលករ បានទទួលការគាំទ្រខ្លាំង ហើយភាគច្រើនប្រមូលផ្តុំយ៉ាងខ្លាំងនៅក្នុងតំបន់ឧស្សាហកម្មនៃប្រទេសស្កុតលែន វេលស៍ខាងត្បូង និងភាគខាងជើងនៃប្រទេសអង់គ្លេស។ ការឈ្នះការបោះឆ្នោតនៅឆ្នាំ ១៩៩៧ បានទទួលជោគជ័យ និងការស្តារការគាំទ្រនៅទូទាំងប្រទេសអង់គ្លេសភាគខាងត្បូងក៏ពិតមែន តែប្រហែល ២ ភាគ ៣ នៃសំឡេងឆ្នោតនៅតែកើតចេញពីកម្មករអាវខៀវដដែល។ រីឯប្រភពចំណូលរបស់គណបក្សពលករ គឺបានមកពីសហជីព។ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ គណបក្សនេះបានពឹងផ្អែកយ៉ាងខ្លាំងលើសាខាសហជីពរបស់ខ្លួន។ ក្រៅពីនេះ ប្រាក់ជំនួយបានមកពីសមាជិកម្នាក់ៗ ម្ចាស់ជំនួយដែលមានទ្រព្យសម្បត្តិច្រើន និងប្រាក់ចំណូលតិចតួចបានមកពីការវិនិយោគ។

ហេតុអ្វីគណបក្សអភិរក្សនិយមចាញ់ការបោះឆ្នោត​នៅឆ្នាំ២០២៤?

ការបោះឆ្នោតសកលឆ្នាំ ២០២៤ របស់ចក្រភពអង់គ្លេសបានប្រព្រឹត្តឡើងនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ ដែលមានសមាជិកសភាចំនួន​ ៦៥០ នាក់ ហើយជ័យជំនះបានទៅលើគណបក្សពលករដែលទទួលបាន ៤៤១ កៅអី ខណៈដែលគណបក្សអភិរក្សនិយមទទួលបានតែ ១២១ កៅអីហើយបានក្លាយទៅជាគណបក្សប្រឆាំងជំនួសវិញ។

រាប់ចាប់តាំងពីឆ្នាំ ២០១០ គណបក្សអភិរក្សនិយមបានដឹកនាំប្រទេសអង់គ្លេសអស់រយៈពេល ១៤ ឆ្នាំមកហើយ។ ប្រទេសអង់គ្លេសបានកើតមានវិបត្តិផ្ទួនៗគ្នាជាច្រើន ជាពិសេសវិបត្តិផ្នែកហិរញ្ញវត្ថុ។ លោក ដេវីដ ខាមេរ៉ុន (David Cameron) ដែលជានាយករដ្ឋមន្ត្រីនាឆ្នាំ២០១០​ ដល់ឆ្នាំ២០១៦ បានដោះស្រាយបញ្ហានេះដោយការសម្រេចចិត្តមិនវិនិយោគលើសេវាសង្គមដូចជា សេវាសុខភាពជាតិ (NHS) ការអប់រំ និងការធ្វើដំណើរជាពិសេសលើផ្លូវដែក។ គោលនយោបាយនេះនៅតែបន្តដល់បច្ចុប្បន្ន ជាហេតុធ្វើឱ្យមានការ ការជាប់គាំងប្រាក់ឈ្នួលក្នុងវិស័យសុខាភិបាល និងសេវារដ្ឋ។ ជាមួយគ្នានោះ និយោជិតបាននាំគ្នាធ្វើកូដកម្ម តវ៉ាលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ និងដំឡើងប្រាក់ខែឱ្យបានសមរម្យ។

ម្យ៉ាងទៀត ការសម្រេចចិត្តដកខ្លួនចេញពីសហភាពអ៊ឺរ៉ុបនៅឆ្នាំ ២០១៦ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្ម ការងារ និងតម្លៃនៃការរស់នៅ។ ក្រៅពីនេះ រឿងអាស្រូវរបស់គណបក្សអភិរក្សនិយមដែលបានរៀបចំកម្មវិធីជួបជុំក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។ ម្យ៉ាងវិញទៀត គណបក្សនេះក៏បានបរាជ័យទៅលើការបង្កើតគោលនយោបាយRwanda (គោលនយោបាយសម្រាប់ជនអន្តោប្រវេសន៍ ឬ អ្នកសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសរវ៉ាន់ដា)  និងច្បាប់ស្ដីពីការធ្វើចំណាកស្រុកខុសច្បាប់ដែលបានធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ប្រមាណ​ ៨ លានផោនក្នុងមួយថ្ងៃ នេះបើ យោងតាមការិយាល័យសវនកម្មជាតិរបស់ចក្រភពអង់គ្លេស ( Britain’s National Audit Office)​ នៅក្នុងអាណត្តិរបស់នាយករដ្ឋមន្ត្រីលោក រីស៊ី ស៊ូណាក់ (Rishi Sunak) គាត់បានដាក់ចេញគោលនយោបាយបញ្ឈប់ការទទួលពលរដ្ឋចំណាកស្រុកមិនទៀងទាត់តាមរយៈទូកតូចៗឆ្លងកាត់ច្រកសមុទ្រអង់គ្លេសពីអឺរ៉ុប។

រដ្ឋាភិបាលរបស់លោកបានបន្តគោលនយោបាយឃុំខ្លួន និងនិរទេសជនចំណាកស្រុកទាំងនោះទៅកាន់ប្រទេស រវ៉ាន់ដា (Rwanda) ដែលជាហេតុធ្វើឱ្យមានការរំលោភសិទ្ធិជ្រកកោនបានកើតមានឡើង ប៉ុន្តែគ្មានជនភៀសខ្លួនណាម្នាក់ត្រូវបានជំលៀសទៅកាន់ប្រទេសរវ៉ាន់ដានោះទេ។ ប្រទេសអង់គ្លេសត្រូវបានអន្តរជាតិរិះគន់ថាបានរំលោភសិទ្ធិមនុស្ស ហើយប្រជាប្រិយភាពរបស់គណបក្សអភិរក្សនិយមក៏បានធ្លាក់ចុះបន្តិចម្តងៗ។ការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សអភិរក្សនិយម នាំឱ្យការគាំទ្រទៅលើគណបក្សពលករកាន់តែច្រើន ដោយមេដឹកនាំគណបក្សពលករគឺលោក ឃឺ ស្ថាមឺ (Keir Starmer) បានសន្យាថា នឹងលុបចោលនូវគោលនយោបាយរវ៉ាន់ដាភ្លាមៗក្រោយពេលដែលលោកឈ្នះឆ្នោត ហើយលោកនឹងដោះស្រាយមុនគេនូវបញ្ហាក្រុមរត់ពន្ធមនុស្សដែលរកប្រាក់ចំណេញពីជនភៀសខ្លួនឆ្លងកាត់ទូកដ៏គ្រោះថ្នាក់ទាំងនោះ។

លោក ស្ថាមឺ បាននិយាយថា រដ្ឋាភិបាលនឹងអនុញ្ញាតផ្តល់សិទ្ធិដល់ជនសុំសិទ្ធិជ្រកកោនម្តងទៀត។ ចំពោះបញ្ហាសេដ្ឋកិច្ចវិញ លោកបានសន្យា នឹងវិនិយោគក្នុងឧស្សាហកម្ម និងបង្កើតបរិយាកាសដែលគាំទ្រអាជីវកម្ម គ្រប់គ្រងថ្លៃដើម បង្កើនប្រាក់ឈ្នួលអប្បបរមាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់ចក្រភពអង់គ្លេសជាមួយសហភាពអឺរ៉ុបទោះបីជាអង់គ្លេសនឹងមិនចូលរួមជាមួយសហភាពអឺរ៉ុប ឬទីផ្សាររួមក៏ដោយ។ លោក ស្ថាមឺ ក៏បានសន្យាផងដែរថា សេវាកម្មសាធារណៈនិងផ្តល់ឱ្យដោយរដ្ឋ ដោយសេវាកម្មល្អ។ លើសពីនេះ ពន្ធក៏ត្រូវកាត់បន្ថយផងដែរ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ