"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ការវិវឌ្ឍពី 1G បន្តរហូតដល់ 5G

ការវិវឌ្ឍនៃបណ្តាញទូរសព្ទ រាប់ចាប់តាំងពីទូរសព្ទមានខ្សែរហូតដល់អត់ខ្សែ ប្រែមកជាទូរសព្ទចល័តដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗនៃរបកគំហើញនានា បានកែប្រែមុខមាត់ថ្មីសម្រាប់ពិភពលោកឱ្យស្ថិតក្នុងទំនើបកម្មនិងនវានុវត្តន៍។ ក្រឡេកមកមើលប្រវត្តិនៃការវិវឌ្ឍរបស់បច្ចេកវិទ្យាបណ្តាញរលកវិទ្យុចល័ត (Wireless Cellular Technology) គឺត្រូវបានចាប់ផ្តើមនៅឆ្នាំ១៩៧៩ ដែលផ្តើមពី 1G និងឆ្ពោះទៅវិវឌ្ឍខ្លួនមកជំនាន់ 5G ។ អត្ថន័យនៃពាក្យនេះគឺ អក្សរ “G” តំណាងឱ្យ “ជំនាន់ (Generation)” ចំណែកឯលេខវិញគឺតំណាងឱ្យលំដាប់នៃជំនាន់នីមួយៗ។ ការវិវឌ្ឍអស់ ៥ ជំនាន់នេះបានប្រែមុខមាត់សកលលោក និងការរស់នៅរបស់មនុស្សជាតិឱ្យកាន់តែមានភាពងាយស្រួលឡើង ហើយការវិវឌ្ឍទាំងនេះ ជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាថ្មីៗនៅលើពិភពលោកនាពេលកន្លងមក និងការអភិវឌ្ឍជាបន្តទៀតប្រកបដោយភិយ្យោភាពនាពេលអនាគត។

1G (First Generation)
1G ជាសម័យដែលប្រើប្រព័ន្ធ “អាណាឡូក(Analog)” ដោយប្រើសញ្ញាវិទ្យុដើម្បីបញ្ជូនរលកសំឡេង។ ទូរសព្ទនៅយុគសម័យ 1G នេះអាចប្រើបានត្រឹមតែនៅក្នុងផ្នែកសំឡេងប៉ុណ្ណោះ ពោលគឺការហៅ ឬទទួលការហៅប៉ុណ្ណោះ និងមិនអាចប្រើប្រាស់ទិន្នន័យណាមួយឡើយ សូម្បីតែទទួល ឬផ្ញើសារ SMS ក៏ដោយ។ សម័យដំបូងនៃទូរសព្ទចល័តនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងតែមួយគត់ គឺសម្រាប់ប្រាស្រ័យទាក់ទងគ្នាជាសំឡេង ដូច្នេះបច្ចេកវិទ្យាផ្សេងៗពុំត្រូវបានបំពាក់ក្នុងទូរសព្ទដូចបច្ចុប្បន្ននេះឡើយ។ ជាពិសេសនៅសម័យនោះ គេបានកត់សម្គាល់ថាអ្នកប្រើប្រាស់ទូរសព្ទចល័តភាគច្រើនជាអ្នកជំនួញដែលមានប្រាក់ចំណូលខ្ពស់ឬអភិជន និងមានឋានៈខ្ពស់ទើបមានលទ្ធភាពទិញទូរសព្ទនិងសេវាកម្មដើម្បីប្រើប្រាស់បាន ពីព្រោះទូរសព្ទចល័តនៅសម័យនោះមានតម្លៃថ្លៃ។
2G (Second Generation)
ការវិវឌ្ឍពី 1G ទៅជាជំនាន់ 2G គឺបានផ្លាស់ប្តូរពីការបញ្ជូនរលកវិទ្យុដោយ អាណាឡូក (Analog) ទៅជារលកឌីជីថល (Digital) ដែលបានបញ្ជូនតាមរយៈរលកមីក្រូវ៉េវ (Microwave)។ 2G គឺជាជំនាន់ដែលចាប់ផ្តើមអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានលទ្ធភាពប្រើប្រាស់ទិន្នន័យបន្ថែមលើសពីការប្រើប្រាស់សំឡេង។ ជាមួយគ្នានេះដែរ ការផ្ញើសារ ឬ SMS បានចាប់កំណើតឡើង ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសមួយទៀតសម្រាប់ប្រាស្រ័យទាក់ទងជាមួយគ្នា។ នាសម័យនោះ មនុស្សជាច្រើនចាប់ផ្តើមងាកមកប្រើទូរសព្ទចល័តច្រើនជាងមុន ដោយសារតែមានក្រុមហ៊ុនទូរសព្ទចល័តជាច្រើនទើបតែបានកកើតឡើង និងមានការប្រកួតប្រជែងគ្នា ដែលជាហេតុធ្វើឱ្យតម្លៃទូរសព្ទចល័តធ្លាក់ចុះ។ ម្យ៉ាងវិញទៀត អ្វីដែលយើងគួរកត់សម្គាល់នោះគឺ នៅចុងសម័យ 2G ដែលកៀកជិតឈានទៅដល់យុគសម័យ 3G គេបានបែងចែក 2G នេះជា ២ ជំនាន់តូចៗបន្ថែមទៀតគឺ ជំនាន់ 2.5G និង 2.75G។ ជំនាន់ 2.5G នេះបានបង្កើត GPRS (General Packet Radio Service) ដែលអាចឱ្យទូរស័ព្ទ ផ្ទេរ និងផ្ទុកទិន្នន័យបានច្រើនជាងមុន រីឯជំនាន់ 2.75G បានបង្កើត EDGE (Enhanced Data rates for Global Evolution) ដែលអភិវឌ្ឍពី GPRS។
3G (Third Generation)
ប្រព័ន្ធ 3G ជាប្រព័ន្ធទូរសព្ទអត់ខ្សែជំនាន់ទី ៣ ដែលអាចតភ្ជាប់ និងបញ្ជូនទិន្នន័យបានលឿនជាងមុន។ ល្បឿនលឿនជាងមុនរបស់ 3G បានធ្វើឱ្យប្រសិទ្ធភាពប្រើប្រាស់សេវាអ៊ីនធឺណិត (Internet) ដូចជាការទទួលឬផ្ញើព័ត៌មានចេញបានកាន់តែលឿន ព្រមទាំងអាចប្រើប្រាស់សេវាពហុប្រព័ន្ធផ្សព្វផ្សាយ (Multimedia Services) បានយ៉ាងល្អឥតខ្ចោះនិងមានប្រសិទ្ធភាពខ្ពស់ ដូចជាការផ្ទេរឯកសារដែលមានទំហំធំ ការហៅចេញជាវីដេអូ (Video Call) MMs ទាញយកបទភ្លេង មើលការផ្សាយផ្ទាល់ ស្ទ្រីម (Stream) ជាដើម។ បន្ទាប់មក 3G មានបណ្តាញហ្វ្រេកង់ និងមានសមត្ថភាពបញ្ជូនទិន្នន័យជាច្រើនទៀត។ លក្ខណៈពិសេសជាងគេមួយទៀតរបស់ប្រព័ន្ធ 3G នោះគឺ “Always on” ដោយយើងអាចភ្ជាប់សេវាអ៊ីនធឺណិតរបស់បណ្តាញ 3G គ្រប់ពេល នៅពេលដែលយើងប្រើប្រាស់ ឬបើកទូរសព្ទ។
4G (Fourth Generation)
ត្បិតតែ 3G បានធ្វើឱ្យយើងអាចភ្ជាប់សេវាអ៊ីនធឺណិតគ្រប់ពេល ក្នុងនោះយើងអាចហៅចេញជាវីដេអូ (Video Call) តាមរយៈទូរសព្ទបាន ឬមើលវីដេអូផ្សាយផ្ទាល់ជាដើម ប៉ុន្តែយើងតែងតែជួបបញ្ហារំខានពីល្បឿនរអាក់រអួលដោយសារតែល្បឿនអ៊ីនធឺណិតនៅយឺតនៅឡើយ។ បច្ចេកវិទ្យា 4G ជាការអភិវឌ្ឍបន្តពីប្រព័ន្ធខ្សែទូរសព្ទអត់ខ្សែជំនាន់មុនៗទាំងអស់ដូចជា 1G 2G និង 3G មករួមគ្នាជាប្រព័ន្ធដែលមានប្រសិទ្ធភាពនិងគុណភាពល្អជាងគេ។ 4G បានអភិវឌ្ឍល្បឿនសេវាអ៊ីនធឺណិត ដែលធ្វើឱ្យការផ្ទេរទិន្នន័យលឿនជាងមុនរហូតដល់ 100Mbps ដែលមានល្បឿនលឿនជាង 3G រហូតដល់២០ដង។ ចំពោះល្បឿនលឿនរបស់បច្ចេកវិទ្យា 4G នេះ គឺមិនអាចត្រឹមតែឱ្យយើងមើលវីដេអូតាមអ៊ីនធឺណិតមិនរអាក់រអួលទេ។ បច្ចេកវិទ្យានេះក៏ធ្វើឱ្យការទំនាក់ទំនងតាមរយៈការហៅចេញជាវីដេអូមានភាពរលូន ជាពិសេស 4G បានជួយឱ្យមនុស្សគ្រប់គ្នាចំណាយលុយតិចជាងមុនផងដែរ។
5G (Fifth Generation)
បណ្ដាញទូរសព្ទចល័ត 5G គឺជាប្រព័ន្ធទូរសព្ទអត់ខ្សែដែលកំពុងអភិវឌ្ឍនៅប្រទេសអភិវឌ្ឍន៍ដូចជាសហរដ្ឋអាមេរិក ចិន និងកូរ៉េខាងត្បូងជាដើម។ 5G ត្រូវបានកំណត់ស្តង់ដារដោយ ITU (International Telecommunication Union) ដែលជាភ្នាក់ងារមានអំណាចកំណត់ស្តង់ដារពាក់ព័ន្ធទូរគមនាគមន៍។ ITU កំណត់ថា 5G ត្រូវមានសមត្ថភាពផ្ទេរទិន្នន័យល្បឿន ២០GPS ដែលមានល្បឿនលឿនជាង 4G រហូតដល់100ដង។ 5G អាចឱ្យអ្នកប្រើប្រាស់មើលរឿងវីដេអូ ស្តាប់បទចម្រៀង លេងហ្គេម បើកគេហទំព័រតាមរយៈទូរស័ព្ទបានរលូនជាងមុន។ មួយវិញទៀត 5G មានកម្រិតរអាក់រអួលតិចក្នុងការផ្ទេរនិងទទួលទិន្នន័យ (Low latency rate) ដោយកាលមុន 4G ប្រើ ២០០ មីលីវិនាទី រីឯ 5G ប្រើត្រឹមតែ ១ មីលីវិនាទីប៉ុណ្ណោះ។ ប៉ុន្តែគុណសម្បត្តិរបស់ 5G មិនមែនមានត្រឹមតែល្បឿនលឿននោះទេ ពីព្រោះនៅពេលអនាគត ពិភពលោកនឹងឈានជើងចូលទៅរកបច្ចេកវិទ្យា IoT (Internet of things)។ បច្ចេកវិទ្យា IoT (Internet of things) គឺជាប្រព័ន្ធដែលអាចឱ្យវត្ថុជាច្រើនភ្ជាប់អ៊ីនធឺណិត ប្រមូល និងផ្ទេរទិន្នន័យតាមរយៈបណ្តាញអត់ខ្សែដោយគ្មានអន្តរាគមន៍ពីមនុស្ស។ ឧទាហរណ៍ រថយន្តបើកបរដោយខ្លួនឯង ឬការគ្រប់គ្រងយានយន្តស្វ័យប្រវត្តិ អាចភ្ជាប់និងបញ្ជាមនុស្សយន្ត (Robots) ជាដើម។ ក្រៅពីនេះ អ្នកប្រើប្រាស់ក៏អាចគ្រប់គ្រងម៉ាស៊ីនផ្សេងៗទៀត មានដូចជាម៉ាស៊ីនផ្នែកវេជ្ជសាស្រ្ត (medical devices) ផ្នែកឧស្សាហកម្ម (industrial equipment) និងផ្នែកកសិកម្ម (agriculture machinery) ដែលអាចជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់អាចតភ្ជាប់ឧបករណ៍ផ្សេងៗយ៉ាងហោចណាស់ 100 ប៊ីលានគ្រឿងក្នុងពេលតែមួយ និងកាត់បន្ថយការប្រើប្រាស់ថាមពល ៩០% ដែលធានាអាយុកាលថ្មរហូតដល់ ១០ ឆ្នាំនៅក្នុងឧបករណ៍ IoT ដែលមានថាមពលទាប។ #កម្មវិធី_ថង់ប្រាជ្ញា #THE_SEED #Wireless_Cellular_Technology #1G #2G #3G #4G #5G
អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកដោយ៖ កញ្ញា លីម កន្និដ្ឋា
រូបគំនូរដោយ៖ កញ្ញា គង់ រដ្ធាវី

ចក្រភពអង់គ្លេស និង សមាគមនៃប្រជាជាតិខមម្មុនវែល (Commonwealth of Nations) ក្រោយការចាកចេញពីសហភាពអ៊ឺរ៉ុប

ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអ៊ឺរ៉ុបជាផ្លូវការកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ហើយបានចាប់ផ្តើមពង្រឹងអំណាចនយោបាយ និងអំណាចសេដ្ឋកិច្ចរបស់ខ្លួនដោយឯករាជ្យពីសហភាពអ៊ឺរ៉ុបចាប់ពីពេលនោះមក។ ចក្រភពអង់គ្លេសបានស្តារមុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិដោយបានបង្កើនទំនាក់ទំនងនយោបាយការបរទេស និងទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងបណ្តាប្រទេស និងស្ថាប័នផ្សេងៗ ដែលក្នុងនោះរួមមានបង្ហាញការយកចិត្តទុកដាក់ទៅលើអង្គការអន្តរប្រទេសមួយដែលមានឈ្មោះថា «សមាគមនៃប្រជាជាតិខមម្មុនវែល(សមាគមនៃប្រជាជាតិ Commonwealth)»។

គួរបញ្ជាក់ផងដែរថា សមាគមនៃប្រជាជាតិខមម្មុនវែលនេះគឺជាសមាគមមួយដែលបានបង្កើតឡើងនៅក្រោមសេចក្តីប្រកាសទីក្រុងឡុងនៅក្នុងឆ្នាំ១៩៤៩។ សមាគមនេះមានប្រទេសជាសមាជិកចំនួន៥៤ រួមមានប្រទេសនៅក្នុងតំបន់អាហ្វ្រិក តំបន់អាស៊ី អាមេរិកខាងត្បូង អ៊ឺរ៉ុប និង ប៉ាស៊ីហ្វិក ហើយ ប្រទេសទាំងនោះមួយចំនួនធំគឺជាប្រទេសដែលធ្លាប់ស្ថិតក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស។ គោលបំណងនៃការបង្កើតសមាគមនេះឡើងគឺដើម្បីរក្សាចំណងមិត្តភាពរវាងចក្រភពអង់គ្លេសនិងឥទ្ធិពលរបស់ខ្លួន ជាមួយនឹងបណ្តាប្រទេសអតីតអាណានិគម និងដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការនានា ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងលទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់ពាណិជ្ជកម្មសេរី ការកាត់បន្ថយភាពក្រីក្រ កម្មវិធីថែទាំសុខភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជាសមាជិក។ ការចូលរួមធ្វើជាសមាជិកនៃសមាគមនេះគឺជាការទទួលស្គាល់នូវការដឹកនាំរបស់អង់គ្លេសនៅក្នុងសមាគម Commonwealth នេះផងដែរ។ សមាគមនេះក៏ត្រូវបានគេមើលឃើញថាជាស្ថាប័នដែលមានភាពធូរលុង ដោយសារតែអវត្តមាននូវច្បាប់រួមមួយដែលដើរតួជារដ្ឋធម្មនុញ្ញនៃការសហការរវាងប្រទេសសមាជិក។ ការសហការគ្នារវាងប្រទេសជាសមាជិកនៅក្នុងសមាគមនេះគឺពឹងផ្អែកតែទៅលើ ទំនៀមទំលាប់ស្ថាប័ន បទពិសោធន៍ ក៏ដូចជាផលប្រយោជន៍ផ្ទាល់ខ្លួនខាងសេដ្ឋកិច្ចនៃប្រទេសនីមួយៗផងដែរ។

ចំពោះចក្រភពអង់គ្លេស ការងាកមករកសមាគមនៃសហប្រជាជាតិ Commonwealth នេះគឺដោយសារតែការរំពឹងទុកអំពីផលចំណេញទាំងផ្នែកនយោបាយការទូត និងផ្នែកសេដ្ឋកិច្ចដែលអាចប៉ះប៉ូវនូវផលប៉ះពាល់ដែលបណ្តាលមកពីការដើរចេញពីសហភាពអ៊ឺរ៉ុប។ អ្នកជំនាញខាងផ្នែកគោលនយោបាយជាច្រើនបានវិភាគទៅលើផលចំណេញដែលសមាគមមួយនេះអាចផ្តល់ទៅឲ្យចក្រភពអង់គ្លេស។ ជាក់ស្តែងយោងតាមវែបសាយ Council on Foreign Relation លោក ចនសាន់(Johnson) ដែលជាអតីតមន្ត្រីនៃក្រសួងការបរទេសរបស់ចក្រភពអង់គ្លេសបានលើកឡើងថា សមាគមនៃប្រជាជាតិ Commonwealth នេះនឹងផ្តល់ឱកាសខាងផ្នែកសេដ្ឋកិច្ចទៅឲ្យចក្រភពអង់គ្លេសច្រើនជាងសហភាពអ៊ឺរ៉ុបដោយសារតែនៅក្នុងអំឡុងពេលបួនឆ្នាំចុងក្រោយនេះ សមាគមនេះមានសន្ទុះកំណើនសេដ្ឋកិច្ចដល់ទៅ ៤,៤ ភាគរយ ដែលខ្ពស់ជាងកំណើនសេដ្ឋកិច្ចរបស់សហភាពអ៊ឺរ៉ុបដែលឈរនៅត្រឹមតែ ២ ភាគរយប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ការងាកទៅរកសមាគមនេះនឹងអាចឱ្យចក្រភពអង់គ្លេសទទួលបានជនអន្តោប្រវេសន៍ដែលមានជំនាញខ្ពស់ចូលមកប្រទេសរបស់ខ្លួនពីប្រទេសសមាជិក ជាជាងទទួលយកជនអន្តោប្រវេសន៍គ្មានចំនួនកំណត់តាមការតម្រូវរបស់សហភាពអ៊ឺរ៉ុបនៅពេលដែលខ្លួននៅជាសមាជិកនៃសហភាពអ៊ឺរ៉ុបនេះ។

មានមតិផ្សេងទៀតបានលើកឡើងថា ការងាកមកសហការជាមួយសមាជិកនៅក្នុងសមាគមCommonwealth នេះគឺនឹងផ្តល់ភាពងាយស្រួលដល់ការសម្រេចបាននូវគោលការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចនានាជាជាងការដែលអង់គ្លេសព្យាយាមបង្កើតកិច្ចសហការថ្មីជាមួយប្រទេសនៅក្រៅសមាគមនេះ ដោយហេតុថាអង់គ្លេសមានទំនាក់ទំនងយូរអង្វែងជាមួយប្រទេសទាំងនេះរួចមកហើយដែលធ្វើឱ្យការចរចាផ្សេងៗកាន់តែមានភាពងាយស្រួល។ នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច អង់គ្លេសនឹងមានឱកាសបង្កើនកិច្ចសហការជាមួយប្រទេសជាសមាជិកដែលមានសន្ទុះកំណើនសេដ្ឋកិច្ចខ្ពស់ដូចជា ឥណ្ឌា កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ជាដើម។

លើសពីនេះទៀត ប្រសិនបើយើងក្រឡេកមើលទៅផលចំណេញនៅក្នុងទំនាក់ទំនងនយោបាយការបរទេសវិញ អង់គ្លេសនឹងអាចដើរតួជាមហាអំណាចនៅក្នុងសមាគមនេះ ដោយហេតុផលថា អង់គ្លេសធ្លាប់ជាម្ចាស់អាណានិគមនៃប្រទេសក្នុងតំបន់នេះ ហើយក៏ជាប្រទេសមហាអំណាចតែមួយនៅក្នុងសមាគមនេះដែលជាសមាជិកអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ នៅក្នុងសមាគម Commonwealth អង់គ្លេសអាចដើរតួជាមហាអំណាចផ្តាច់មុខដែលខុសពីនៅក្នុងសហភាពអ៊ឺរ៉ុបដែលមានគូប្រជែង ដូចជា អាឡឺម៉ង់ និងបារាំងជាដើម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងមិនអាចសន្និដ្ឋានបានទេថា សមាគមនេះនឹងផ្តល់នូវផលប្រយោជន៍ដល់អង់គ្លេសលើសពីអ្វីដែលអង់គ្លេសតែងតែទទួលបាននៅពេលដែលខ្លួននៅជាសមាជិកនៃសហភាពអ៊ឺរ៉ុប ដោយហេតុផលទំហំសេដ្ឋកិច្ច និងកម្រិតអភិវឌ្ឍន៍ជាក់ស្តែងរបស់សមាគមនេះ។ ប្រសិនបើធៀបទៅនឹងសហភាពអ៊ឺរ៉ុប សន្ទស្សន៍ GDP របស់សមាគមនៃសហប្រជាជាតិខមម្មុនវែលនេះគឺឈរនៅត្រឹមតែពាក់កណ្តាលនៃសន្ទស្សន៍ GDP របស់អ៊ឺរ៉ុបតែប៉ុណ្ណោះ។

សរុបសេចក្តីមក ចក្រភពអង់គ្លេសកំពុងធ្វើការវាស់វែងថាតើបន្ទាប់ពីការចាកចេញរបស់ខ្លួនពីសហភាពអ៊ឺរ៉ុបមក គោលនយោបាយបែបណាដែលគួរតែត្រូវបានជ្រើសរើសយកមកប្រើប្រាស់ដើម្បីទទួលបាននូវផលចំនេញ និងដើម្បីកាត់កងជាមួយនឹងអត្ថប្រយោជន៍ដែលខ្លួនបានបាត់បង់បន្ទាប់ពីការលាលែងចេញពីសមាជិកភាពនេះទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយការទូត។ ដោយសារតែប្រវត្តិសាស្រ្តនៃទំនាក់ទំនងនិងការសហការដ៏យូរអង្វែងរបស់អង់គ្លេសនៅក្នុងសមាគមប្រជាជាតិនៃប្រទេស Commonwealth នេះហើយទើបយើងអាចសន្និដ្ឋានបានថា យ៉ាងហោចណាស់ អង់គ្លេសនឹងមិនអាចជៀសផុតពីការផ្តោតសំខាន់ទៅលើសមាគមមួយនេះក្រោយការចាកចេញពីសហភាពអ៊ឺរ៉ុប។ #The_SEED #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #អង់គ្លេស #សហភាពអុឺរ៉ុប

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

ចម្រូងចម្រាស់នៃកំណែទម្រង់សេវាសុខាភិបាល Obamacare របស់លោក បារ៉ាក់ អូបាម៉ា

នៅខែវិច្ឆិកា ឆ្នាំ២០២០ សៀវភៅ “A Promised Land” ដែលនិពន្ធដោយលោកអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) បានបោះពុម្ពផ្សាយពីស្ថានភាពការងារនិងជីវប្រវត្តិរបស់លោកកាលនៅក្នុងតំណែងជាប្រធានាធិបតី។ លោក បារ៉ាក់ អូបាម៉ា ជាសមាជិកបក្សប្រជាធិតេយ្យ បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៤ និងជាប្រធានាធិបតីសាសន៍អាហ្រ្វិក-អាមេរិកដំបូងរបស់សហរដ្ឋអាមេរិក។ លោកបានកាន់តំណែងចំនួន ២ អាណត្តិ ពីឆ្នាំ ២០០៩ ដល់ ២០១៧។ នៅក្នុងអាណត្តិរបស់លោក សហរដ្ឋអាមេរិកមានការផ្លាស់ប្តូរយន្តការកំណែទម្រង់គោលនយោបាយសេដ្ឋកិច្ចសង្គមអាមេរិកទាំងមូល ជាពិសេសការធ្វើកំណែទម្រង់សេវាសុខភាពសាធារណៈនៅឆ្នាំ ២០១០ ក្រោមគោលការណ៍ Obamacare ដែលបង្កភាពចម្រូងចម្រាស់ក្នុងសង្គមនយោបាយអាមេរិក។

លោក អូបាម៉ា បានបង្កើតគោលការណ៍ “Obamacare” ដែលជាគោលការណ៍កំណែទម្រង់សុខាភិបាលឬច្បាប់ទទួលបានតំហែទាំសុខភាពឆ្នាំ២០១០ និងកញ្ចប់ថវិកាជំនួយសេវាសុខភាពសាធារណៈ ដើម្បីផ្តល់សេវាសុខភាពមួយក្នុងតម្លៃសមរម្យដល់ពលរដ្ឋអាមេរិកដែលខ្វះលទ្ធភាព។ មុននឹងដាក់សំណើសេវាសុខភាពសាធារណៈ លោក អូបាម៉ា បានឃើញពីទំហំតម្រូវការសេវាសុខភាពនិងសុខាភិបាលរបស់ប្រជាជន ព្រោះសេវាពិនិត្យសុខភាពនៅក្នុងប្រទេស និងការពិគ្រោះយោបល់មានតម្លៃខ្ពស់ខ្លាំងសម្រាប់ពលរដ្ឋអាមេរិកដែលអធននិងអលទ្ធភាព។ លោកបានឃើញពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាជនអាមេរិកដែលស្វែងរកសេវាសុខភាពនៅមន្ទីរពេទ្យ ប៉ុន្តែមិនមានលទ្ធភាពសូម្បីត្រឹមការពិគ្រោះយោបល់ និងតាមដានជំងឺជាមួយនឹងវិជ្ជបណ្ឌិត។ ប្រជាជនអាមេរិកមួយភាគមិនមានលទ្ធភាពព្យាបាលជំងឺធ្ងន់ធ្ងរទាន់ពេលវេលានោះទេ ដោយសារតម្លៃពិនិត្យបឋមនិងតាមដានស្ថានភាពជំងឺមានតម្លៃថ្លៃជាហេតុបណ្តាលឱ្យមានការពន្យាររហូតដល់ជំងឺវិវត្តកាន់តែធ្ងន់ធ្ងរនិងមិនអាចព្យាបាលបាន។ តាមរយៈសៀវភៅរបស់លោក អូបាម៉ា បានបង្ហាញពីឆន្ទៈរបស់លោកលើបញ្ហាសុខភាពនេះថា វាមិនមែនជាបញ្ហាជាយន្តការបក្ស ឬក៏បញ្ហានិន្នាការនយោបាយនោះទេ ប៉ុន្តែវាជាឆន្ទៈក្នុងការធ្វើមនុស្សធម៌ និងការគិតគូរពីទុក្ខលំបាក ជាពិសេសសុខុមាលភាពរបស់ពលរដ្ឋអាមេរិកដែលអលទ្ធភាព។

កន្លងមក លោកអូបាម៉ាផ្ទាល់ក៏បានឃើញនូវសំណើឱ្យមានកំណែទម្រង់សេវាសុខភាពនេះដំបូងតាំងពីឆ្នាំ១៩១២ ក្នុងអាណត្តិរបស់ប្រធានាធិបតី តេអូដរ រ៉ូសាវ៉ែល (Theodore Roosevelt) ក្នុងការធ្វើមជ្ឈការសេវាសុខភាពសាធារណៈផងដែរ។ នៅឆ្នាំ១៩៤៥ លោកប្រធានាធិបតី ហារីស ទ្រូម៉ាន់ (Harry S. Truman) ក៏បានលើកសំណើនេះដែរប៉ុន្តែបានបរាជ័យដោយសារឥទ្ធិពលរបស់សមាគមបុគ្គលិកសុខាភិបាល (American Medical Association) និងក្រុមប្រឆាំងដទៃទៀត។ សមាគមបានលើកឡើងថា គោលការណ៍នេះមាននិន្នាការរឹតត្បិតសិទ្ធិសេរីភាពរបស់ក្រុមគ្រូពេទ្យនិងវិជ្ជបណ្ឌិតក្នុងសេរីភាពការងារ។ លោក អូបាម៉ា ក៏បានយល់ពីស្ថានការណ៍ដែលអាចកើតឡើងនិងជាឧបសគ្គនៃការរារាំងសេចក្តីសម្រេចជា ពិសេសនៅពេលឆ្លងកាត់សភា។

បញ្ហាដែលចោទជាឧបសគ្គដល់ការសម្រេចនៅក្នុងសភាមានកត្តាច្រើនរួមមាន បញ្ហាសេដ្ឋកិច្ចអាមេរិកទាំងមូល ជាពិសេសអំឡុងពេលអាមេរិកកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ហើយនិងការប្រឆាំងរបស់បក្សសាធារណរដ្ឋ។ វិស័យសុខាភិបាលអាមេរិកជាចំណូលដល់សេដ្ឋកិច្ចប្រមាណ ១/៦ នៃសេដ្ឋកិច្ចអាមេរិក ហេតុនេះ ការសម្រេចដាក់កញ្ចប់ថវិកាជំនួយបានប៉ះពាល់ដល់ចំណាយរបស់ជាតិ។ ជាពិសេស ពលរដ្ឋអាមេរិកមិនពេញចិត្តនឹងគោលការណ៍នេះដោយសារ ពួកគេយល់ថាការចំណាយនេះគឺធ្វើឱ្យមានវិសមភាពលើការបង់ពន្ធរបស់ពលរដ្ឋអាមេរិករួមមានប្រជាជនថ្នាក់កណ្តាលដែលខំបង់ពន្ធដើម្បីទទួលបានធានារ៉ាប់រងសុខភាព ពិសេសពេលវិបត្តិសេដ្ឋកិច្ចកំពុងលុកលុយសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ប្រជាជនអាមេរិក។ ក្នុងសំណើច្បាប់សុខាភិបាល Obamacare លោក អូបាម៉ា បានរងការទិតៀនយ៉ាងខ្លាំងនៅក្នុងសភាពីសមាជិកបក្សសាធារណរដ្ឋថាលោកមាននិន្នាការសង្គមនិយមនិងឥទ្ធិពលកុំម្មុយនីស្តពីរុស្ស៊ី ជាពិសេសមានការរិះគន់ខ្លាំងពីសំណាក់បុគ្គលិកសុខាភិបាលផ្ទាល់។

ទោះជាយ៉ាងណាក៏លោក អូបាម៉ា មិនបានបោះបង់ចោលផែនការរបស់លោកទេ ទោះបីនៅក្នុងសភាមានមតិប្រឆាំង ដែលភាគច្រើនចេញពីខាងបក្សសាធារណរដ្ឋ។ បន្ទាប់ពីមានការបោះឆ្នោតក្នុងសភា លទ្ធផលចេញមកមាន ៣/៤ នៃសមាជិកសភាបានគាំទ្រឱ្យជនជាតិអាមេរិកាំងជាង ២០ លាននាក់ដែលខ្វះការធានារ៉ាប់រងសុខភាពអាចទទួលបានសេវាសុខភាព។

ក្រោយមកក៏មានការតវ៉ាប្រឆាំងទៅនឹងគោលការណ៍សុខភាពមួយនេះ ពីសំណាក់បុគ្គលិកសុខាភិបាល ក្រុមសាធារណរដ្ឋ និងក្រុមសេរីនិយម។ ការធ្វើបាតុកម្មតវ៉ាប្រឆាំងរួមមានការចូលរួមពីក្រុមអ្នកគាំទ្ររបស់ រ៉ន ភោល (Ron Paul) នៃបក្សសាធារណរដ្ឋ ដែលលើកឡើងថាកំណែទម្រង់នេះផ្តល់ផលប៉ះពាល់ទៅលើពន្ធធានារ៉ាប់រងរបស់ពលរដ្ឋអាមេរិក និងសេដ្ឋកិច្ចអាមេរិកដែលកំពុងមានវិបត្តិ។ បើក្រឡេកទៅមើលពីគុណប្រយោជន៍នៃការកែប្រែនេះវិញ ឃើញថាប្រជាជនអាមេរិកមានឱកាសទទួលសេវាសុខភាពក្នុងតម្លៃសមរម្យមួយនិងបានជួយដល់សុខុមាលភាពប្រជាជនដែលអលទ្ធភាពជាច្រើន។

សរុបមក ទោះជាលោក អូបាម៉ា បានធ្វើសមិទ្ធិផលដ៏សំខាន់ទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម ក៏គណបក្សសាធារណរដ្ឋហាក់ដូចជាមិនមានការចាប់អារម្មណ៍និងពេញចិត្តដែរ។ ដោយសារស្ថានភាពនយោបាយគណបក្សរបស់អាមេរិក Partisan Politics ធ្វើឱ្យមានការមិនចុះសម្រុងគ្នាលើយន្តការដទៃទៀតជាច្រើន។ ពលរដ្ឋអាមេរិកដែលមាននិន្នាការនយោបាយទៅរកពួកសាធារណរដ្ឋ និងមានទំនោរអភិរក្សនិយមនិងស្តាំនិយម តែងតែមិនមានការពេញចិត្តចំពោះគោលការណ៍របស់ពួកប្រជាធិបតេយ្យជានិច្ចកាល និងធ្វើឱ្យមានការបែងចែកបក្សពួកក្នុងសង្គមនយោបាយអាមេរិក។ #កម្មវិធី_ថង់ប្រាជ្ញា #THE_SEED #Barack_Obama #Obamacare

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ស្រង់ ខាដាណេ
គំនូរដោយ៖ កញ្ញា ហេង លីពណ្ណរាយ

មហាអំណាចក្នុងទីអវកាស

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ យានឆាងអឺទី៥ (Chang-E 5) របស់ប្រទេសចិនបានបំពេញបេសកកម្មដោយជោគជ័យដែលនាំមកនូវរបកគំហើញសំខាន់ៗដូចជា បំណែកថ្មីនិងដីពីឋានព្រះចន្ទមកផែនដីវិញ។ ប្រទេសចិនបានក្លាយជាប្រទេសទីបី បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពសូវៀត ដែលនាំយកសំណាកពីឋានព្រះចន្ទត្រលប់មកវិញដោយជោគជ័យ។ តើបេសកកម្មអវកាសរបស់ចិនមួយនេះមានគោលបំណងនិងអត្ថន័យយ៉ាងដូចម្តេចនៅលើឆាកអន្តរជាតិ?

ក្រោយពីចិនទទួលបានភាពជោគជ័យក្នុងបេសកកម្មអវកាសមួយនេះ មហាជនបានចោទជាសំណួរជាច្រើនថាតើប្រទេសចិនអាចនឹងបង្កឲ្យមានការប្រណាំងប្រជែងអវកាសលើកទីពីរដែរឬទេ? ការប្រណាំងប្រជែងផ្នែកអវកាស (Space Race) គឺសំដៅដល់ការប្រកួតប្រជែងសមត្ថភាពនៃការសិក្សាស្រាវជ្រាវទីអវកាស និងការបង្ហោះយាន រវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតនាសម័យសង្គ្រាមត្រជាក់។ ប្រទេសមហាអំណាចទាំងពីរបានប្រកួតប្រជែងគ្នាដើម្បីឲ្យបានសមិទ្ធិផលមុនដំបូងគេ ដូចជាការបញ្ជូនមនុស្សឲ្យនៅក្នុងទីអវកាសមុនគេ ឬការបញ្ជូនយានទៅឋានព្រះចន្ទមុនគេជាដើម។ ក្នុងសង្គ្រាមចុងក្រោយរវាងប្រទេសមហាអំណាចទាំងពីរ សហរដ្ឋអាមេរិកបានឈ្នះក្រៅផ្លូវការ ក្រោយបេសកកម្មអាប៉ួឡូទី១១ (Apollo 11) របស់សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការដោយជោគជ័យ ហើយសហរដ្ឋអាមេរិកបានក្លាយជាប្រទេសទីមួយ និងតែមួយគត់មកដល់ពេលបច្ចុប្បន្នដែលបញ្ជូនមនុស្សឲ្យបានដល់ឋានព្រះចន្ទ។

មកដល់ពេលបច្ចុប្បន្ន តើហេតុអ្វីបានជាប្រទេសចិនផ្តោតការយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវនិងបំពេញបេសកកម្មនៅអវកាស?

មូលហេតុមួយដែលនាំឲ្យប្រទេសចិនមានគោលបំណងសិក្សាស្រាវជ្រាវលើឋានព្រះចន្ទ ដោយសារតែឋានព្រះចន្ទមានសក្តានុពលច្រើនក្នុងការផ្តល់ធនធានរ៉ែនិងថាមពលដែលមានប្រយោជន៍សម្រាប់យកមកស្រាវជ្រាវនិងប្រើប្រាស់។ ជាក់ស្តែង លោក Ouyang Ziyuan ដែលជាអ្នកពិគ្រោះក្នុងបេសកកម្មបង្ហោះយានឆាងអឺទី១ (Chang-E1) បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយនឹងកាសែត PLD Daily ក្នុងឆ្នាំ២០០២ថា ប្រទេសចិនមានចក្ខុវិស័យវែងឆ្ងាយ ដូចជាការសាងសង់មូលដ្ឋានលើឋានព្រះចន្ទឬភពឯទៀតដោយលោកបកស្រាយថា អ្នកណាកាន់កាប់បានមុន អ្នកនោះនឹងទទួលបានផលប្រយោជន៍មុន។

មូលហេតុទីពីរដែលនាំឲ្យប្រទេសចិនបំពេញបេសកកម្មនេះគឺដើម្បីលើកស្ទួយមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ។ ជាការពិតណាស់ បេសកកម្មបញ្ជូនយានឬមនុស្សទៅអវកាសត្រូវការធនធានដ៏ធំសម្បើម និងពេលវេលាយ៉ាងច្រើន។ បេសកកម្មមួយនេះសរបញ្ជាក់ឲ្យឃើញថាប្រទេសចិនចង់បង្ហាញឲ្យពិភពលោកឃើញពីវិសាលភាពរបស់ខ្លួនក្នុងវិស័យសិក្សាស្រាវជ្រាវនិងបច្ចេកវិទ្យា។

មូលហេតុទីបីដែលប្រទេសចិនបំពេញបេសកកម្មទៅឋានព្រះចន្ទគឺដើម្បីពង្រឹងរបបគ្រប់គ្រងរបស់ខ្លួន និងលើកកម្ពស់ទឹកចិត្ដស្នេហាជាតិ។ ភាពជោគជ័យក្នុងបេសកកម្មនេះបាននាំមកនូវមុខមាត់យ៉ាងល្អប្រសើរដល់បក្សកុម្មុនីស្តចិន។ អ្នកសារព័ត៌មានក្នុងប្រទេសក៏ដូចជាក្រៅប្រទេសបានចុះផ្សាយយ៉ាងព្រោងព្រាតពីបេសកកម្មនេះ។ ប្រជាជនចិនមានមោទនភាពយ៉ាងខ្លាំងនៅពេលដែលយាននោះបានដោតទង់ជាតិចិនជាប់លើផ្ទៃនៃឋានព្រះចន្ទ។ ត្បិតតែប្រទេសចិនមិនទាន់បានឈានជើងជាន់លើឋានព្រះចន្ទក៏ពិតមែន ប៉ុន្តែបានក្លាយជាប្រទេសទីពីរដែលមានដោតទង់ជាតិរបស់ខ្លួននៅលើឋានព្រះចន្ទ។

ភាពជោគជ័យរបស់ប្រទេសចិនក្នុងការបញ្ជូនយានអវកាសទៅឋានព្រះចន្ទបានផ្តល់សញ្ញាគ្រោះថ្នាក់មួយទៅដល់សហរដ្ឋអាមេរិកដោយសារតែអាមេរិកធ្លាប់តែជាអ្នកនាំមុខក្នុងការស្រាវជ្រាវទីអរកាស។ លោក ដូណាស់ ត្រាំ យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការសិក្សាស្រាវជ្រាវក្នុងទីអវកាស។ ក្នុងខែធ្នូ ឆ្នាំ២០១៩ លោកបានអនុម័តច្បាប់បង្កើតអង្គភាពកងទ័ពឯករាជ្យថ្មីមួយដែលជាអង្គភាពកងទ័ពផ្នែកអវកាស។ លោកក៏បានចេញបទបញ្ជានីតិប្រតិបត្តិមួយដែលអនុញ្ញាតឲ្យអង្គការណាសាធ្វើការស្រាវជ្រាវនិងចម្រាញ់ធនធានរ៉ែនៅក្នុងទីអវកាស ដែលនឹងអាចឈានទៅរកការបង្កើតមូលដ្ឋានលើឋានព្រះចន្ទឬនៅភពដទៃទៀត។ លោក ដូណាល់ ត្រាំ ក៏បានចាត់លោក មៃក៍ ផេនស៍ឲ្យគ្រប់គ្រងលើបេសកកម្មរបស់អង្គការណាសាក្នុងការបញ្ជូនមនុស្សទៅឋានព្រះចន្ទជាលើកទី២ ឲ្យបានក្នុងឆ្នាំ២០២៤ (ដែលពេលនោះ លោក ដូណាល់ ត្រាំ សន្មត់ថាលោកអាចបានអាណត្តិទីពីរជាប្រធានាធិបតីអាមេរិក)។

ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្ន យើងអាចរំពឹងថា ប្រទេសមហាអំណាចទាំងពីរនឹងនៅមិនទាន់មានការប្រកួតប្រជែងទល់នឹងមុខនោះឡើយទេ នេះគឺដោយសារតែសហរដ្ឋអាមេរិកនឹងប្ដូរមេដឹកនាំថ្មីក្នុងឆ្នាំ២០២១។ លោក ចូ បៃដិន ដែលជាប្រធានាធិបតីជាប់ឆ្នោត ហាក់មានទស្សនៈខុសពី លោក ដូណាល់ ត្រាំ លើផ្នែកសិក្សាស្រាវជ្រាវទីអវកាស ក៏ព្រោះតែលោកយកចិត្ដទុកដាក់ច្រើនលើការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុឡើងវិញ។ លើសពីនេះ ទីប្រឹក្សារបស់លោកបានជំរុញលោកប្រធានាធិបតីថ្មីនេះឲ្យធ្វើការសហការជាមួយប្រទេសចិន ជាជាងធ្វើជាដៃគូប្រកួតប្រជែង។ ក្នុងករណីនេះដែរ ប្រទេសចិនក៏បានបង្ហាញជំហររបស់ខ្លួនក្នុងការស្វាគមន៍នូវកិច្ចសហប្រតិបត្ដិការជាមួយសហរដ្ឋអាមេរិកផងដែរ។ #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #The_SEED #China #USA #Space_Race

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ឆាយ តេជគុណ
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

ទិដ្ឋភាពសេដ្ឋកិច្ចរបស់ TikTok និងបរិបទនយោបាយ

ផ្ដើមពីបណ្ដាញសង្គមសម្រាប់រាំកំសាន្ដនិងច្រៀងដោយមិនបញ្ចេញសម្លេង (Lip-sync) ក្នុងវីដេអូខ្លីៗពាសពេញសកលលោក TikTok ក៏បានក្លាយជាសកម្មភាពសេដ្ឋកិច្ចនិងទីលាននយោបាយ។ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ Tiktok គឺដោយសារតែមានភាពងាយស្រួលក្នុងការប្រើប្រាស់ រួមផ្សំជាមួយបច្ចេកវិទ្យា Interest Graph បានមកពីបច្ចេកទេស A.I ដែលអាចកំណត់ពីមាតិកាដែលអ្នកប្រើប្រាស់ចាប់អារម្មណ៍តាមរយៈពេលវេលានិងការចូលរួម (engagement) របស់អ្នកប្រើប្រាស់។ មួយវិញទៀត ការផ្លាស់ប្ដូរចំណាប់អារម្មណ៍ពីការទស្សនាវីដេអូដែលមានរយៈពេលវែងបានជួយឱ្យសក្ដានុពលរបស់ TikTok រីកយ៉ាងលឿនដែលមានអ្នកប្រើប្រាស់ជាច្រើនលាននាក់ពាសពេញសកលលោក រាប់ចាប់ពីយុវជនរហូតដល់អ្នកជំនួញក្នុងការពង្រីកទីផ្សារបស់ខ្លួននិងអ្នកនយោបាយជាច្រើនរូប។

TikTok គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ByteDance ត្រូវបានបង្កើតឡើងដោយលោក Zhang Yiming ដែលជាជនជាតិចិននិងមានអាយុ៣៥ឆ្នាំ។ យោងតាមការចេញផ្សាយរបស់ Forbes លោក Zhang Yiming គឺជាមហាសេដ្ឋីវ័យក្មេងដែលមានទ្រព្យរហូតដល់ជាង ១៦,២ ប៊ីលានដុល្លារអាមេរិក និងត្រូវជាមហាសេដ្ឋីមានជាងគេលំដាប់ទី១០នៃប្រទេសចិន។ យោងតាមការចេញផ្សាយរបស់ Digital ក្នុងឆ្នាំ២០២០នេះ TikTok មានអ្នកកំពុងប្រើប្រាស់រហូតដល់ ៨០០ លាននាក់។

ត្បិតតែ TikTok ជាបណ្ដាញសង្គមដែលទើបនឹងបង្កើតឡើងរយៈពេលចុងក្រោយនេះ ប៉ុន្តែសឹងតែអាចប្រកួតប្រជែងជាមួយរៀមច្បងចាស់វស្សាដូចជា Facebook Google Youtube ជាដើម។ យោងតាមរបាយការណ៍របស់ Bloomberg បណ្ដាញសង្គម Facebook រួមជាមួយ Instagram អាចរកប្រាក់ចំណូលពីពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៩។ ចំណែកឯ Google រួមជាមួយ Youtube អាចរកប្រាក់ចំណូលបាន ១៥,១ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៩។ ក្រឡេកមើលប្រាក់ចំណូលរបស់ ByteDance យោងតាមរបាយការណ៍របស់ Bloomberg នៅឆ្នាំ២០១៩ គឺមានចំនួន ១៧ ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះមានប្រាក់ចំណេញចំនួនលើសពី ៣ ប៊ីលានដុល្លារអាមេរិក។ គួររំលឹកបន្តិចថា ByteDance ប្រើរយៈពេលតែមួយឆ្នាំក្នុងការធ្វើឱ្យប្រាក់ចំណូលកើនឡើងទ្វេដង ព្រោះកាលពីឆ្នាំ២០១៨ ប្រាក់ចំណូលរបស់ ByteDance មានត្រឹមតែ ៧,៤ ប៊ីលានដុល្លារអាមេរិកប៉ុណ្ណោះ។ ផ្អែកតាមការចេញផ្សាយរបស់ Reuters ទ្រព្យសកម្ម (Asset) របស់ TikTok ត្រូវបានគេប៉ាន់ស្មានថាមានចំនួនប្រមាណចន្លោះពី ២៥ ប៊ីលានដុល្លារអាមេរិក ទៅ ៣០ ប៊ីលានដុល្លារអាមេរិក ខណៈដែល ByteDance មានទ្រព្យសកម្មប្រមាណ ១៤០ ប៊ីលានដុល្លារអាមេរិក។

អ្វីដែលយើងគួរតែចាប់អារម្មណ៍មួយទៀតនោះគឺ ទោះបីជា TikTok មានស្ថាបនិក និងមានដើមកំណើតចេញពីប្រទេសចិន ប៉ុន្តែអ្នកប្រើប្រាស់ទូទៅក្នុងពិភពលោកមិនអាចចូលមើលឬស្វែងរកព័ត៌មានឬវីដេអូខ្លីៗរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិនតាមរយៈ TikTok នេះបានឡើយ។ ប្រទេសចិនប្រើប្រាស់បណ្ដាញសង្គមមួយទៀតមានឈ្មោះថា Douyin ដែលមានលក្ខណៈដូចគ្នានឹង TikTok ដែរ។ Douyin គឺជាបងបង្កើតរបស់ TikTok ដែលឈានជើងចូលវិស័យបណ្ដាញសង្គមនៅក្នុងប្រទេសចិននៅក្នុងឆ្នាំ២០១៦ ដែលក្រោយមក ក្រុមហ៊ុន ByteDance ក៏បានបង្កើត TikTok ឡើងនៅក្នុងឆ្នាំ២០១៧។ ផ្លាកសញ្ញារបស់ TikTok និង Douyin គឺដូចគ្នា ក៏ប៉ុន្តែ TikTok ត្រូវបានបង្កើតឡើងសម្រាប់ទីផ្សារអន្តរជាតិ ចំណែកឯ Douyin សម្រាប់ទីផ្សារក្នុងស្រុកចិន។ TikTok និង Douyin មិនមែនជាបណ្ដាញសង្គមទីមួយដែលបែងចែកអ្នកប្រើប្រាស់ក្នុងស្រុកនិងក្រៅស្រុកទេ។ ការបែងចែកនេះក៏ប្រហែលជារដ្ឋាភិបាលចិនមិនចង់ឱ្យប្រទេសរបស់ខ្លួនទទួលរងសកលភាវរូបនីយកម្មច្រើនពេក ដែលអាចប៉ះពាល់ដល់តម្លៃសង្គមនិងប្រពៃណីរបស់ខ្លួន។ ឆន្ទៈក្នុងការការពារផ្នត់គំនិតសង្គមនិយមនិងប្រពៃណីបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញចិនមាត្រា២៤ ដែលបានចែងអំពីការពង្រឹងការកសាងសង្គមនិយម រួមជាមួយការរីកចម្រើននៃវប្បធម៌និងមនោគមវិជ្ជាដោយលើកកម្ពស់ការអប់រំលើភាពថ្លៃថ្នូរ ក្រមសីលធម៌ ចំណេះដឹងទូទៅ វិន័យនិងប្រព័ន្ធច្បាប់។ មួយវិញទៀត យោងតាមច្បាប់ព្រហ្មទណ្ឌចិនឆ្នាំ១៩៩៧ បានចែងពីការហាមមាតិកាអាសអាភាសជាច្រើនរូបភាពដូចជា ការចុះផ្សាយរឿងភាគយន្ដ វីដេអូ សម្លេងជាដើម។ ហេតុដូចនេះហើយ ការបែងចែកអ្នកប្រើប្រាស់ក្នុងស្រុកនិងក្រៅស្រុកមិនត្រឹមតែអាចឱ្យប្រទេសចិនទប់ស្កាត់ការលាយឡំនៃមនោគមវិជ្ជាទេ ថែមទាំងអាចបង្ការការផ្សព្វផ្សាយមាតិកាអាសអាភាសតាមរយៈបណ្តាញសង្គមក្នុងប្រទេសចិនផងដែរ ហើយក៏ជាហេតុដែលធ្វើឱ្យអ្នកប្រើប្រាស់ TikTok និង Douyin ហាក់ដូចជានៅក្នុងពិភពពីរផ្សេងគ្នា។

កាលពីឆ្នាំ២០២០ លោកប្រធានាធិបតីជិតផុតអាណត្ដិលោក ដូណាល់ ត្រាំ បានព្យាយាមលក់មុខចិននៅឆាកអន្តរជាតិផងនិងជាទុនក្នុងការឃោសនាបោះឆ្នោតផង ដោយប្រកាសបំណងចង់ហាមមិនឱ្យមានបណ្ដាញសង្គមចិនមួយចំនួនដូចជា TikTok WeChat ជាដើមនៅលើទឹកដីសហរដ្ឋអាមេរិក។ លោកបានប្រើប្រាស់តាក់ទិចពីការគំរាមកំហែងសន្តិសុខជាតិដោយចោទប្រកាន់ TikTok ថាអាចបញ្ជូនទិន្នន័យអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកទៅរដ្ឋាភិបាលចិន។ លើកដំបូង លោកបានផ្ដល់ជម្រើសពីរទៅក្រុមហ៊ុន TikTok ក្នុងនោះគឺការលក់ TikTok ទៅក្រុមហ៊ុនអាមេរិកដើម្បីគ្រប់គ្រង និងទីពីរគឺបិទ TikTok ក្នុងទឹកដីសហរដ្ឋអាមេរិក។ សំនួរដែលយើងគួរសួរនោះគឺ “តើសហរដ្ឋអាមេរិកពិតជាស្រលាញ់និងគោរពសិទ្ធិបុគ្គលមែនដែរឬទេ?” គួរលើកឡើងបន្តិចថា កាលពីឆ្នាំ២០១៦ ក្រុមហ៊ុន Microsoft បានរិះគន់និងប្ដឹងរដ្ឋបាលសហរដ្ឋអាមេរិកដោយសារក្រុមហ៊ុននេះត្រូវបញ្ចេញទិន្នន័យអ្នកប្រើប្រាស់ជាងច្រើនទៅកាន់រដ្ឋាភិបាលអាមេរិក ដែលករណីខ្លះមិនមានដីកាបង្គាប់ត្រឹមត្រូវ និងករណីខ្លះមិនបានបញ្ជាក់ច្បាស់ពីពេលវេលានៃការបញ្ឈប់បញ្ជូនទិន្នន័យរបស់បុគ្គលនោះទេ។ ជាមួយគ្នានេះដែរ ក៏មានករណីបែកធ្លាយនូវព័ត៌មានសម្ងាត់មួយចំនួនរបស់ពិភពលោកដោយ Wikileak ដែលបានចោទប្រកាន់ថាជាស្នាដៃរបស់ CIA FBI និងNSA ក្នុងការលួចទិន្នន័យពីប្រទេសដទៃ ហើយអាមេរិកក៏កំពុងព្យាយាមយកស្ថាបនិករបស់ Wikileak មកកាត់ទោសផងដែរ។ អ្វីដែលយើងគួរលើកមកមួយទៀតនោះគឺ លោក ដូណាល់ ត្រាំ បានដឹងពីភាពមិនប្រក្រតីនៃអ៊ីម៉ែលរបស់លោកស្រី Hilary Clinton និងបានយកបញ្ហានេះមកប្រើប្រាស់នៅរយៈពេលសំខាន់បំផុតដែលកៀកនឹងថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៦។ #កម្មវិធី_ថង់ប្រាជ្ញា #The_SEED #TikTok

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា គង់ រដ្ធាវី

សេដ្ឋកិច្ចវៀតណាមក្នុងព្យុះកូវីដ១៩

ជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមមានកំណើនសេដ្ឋកិច្ចលឿនបំផុតគួរឱ្យកត់សម្គាល់នៅអាស៊ី។ នៅក្នុងប្រមាណមួយទស្សវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចវៀតណាមមានសន្ទុះយ៉ាងខ្លាំងធៀបទៅនឹងបណ្តាប្រទេសក្នុងអាស៊ី និងបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសនៅអ៊ឺរ៉ុប។ ដូចនេះហើយ ទើបកាលពីដើមឆ្នាំ២០១៩កន្លងទៅ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអ៊ឺរ៉ុប (EU) ដោយសន្យាលើការដករបាំងគយជាច្រើន និងបង្កើនលក្ខខណ្ឌល្អៗសម្រាប់ការចូលទីផ្សារអតិបរមាររវាងគ្នានិងគ្នា។ សេដ្ឋកិច្ចរីកដូចផ្កានេះបានក្លាយជាស្រពោននៅឆ្នាំ២០២០ ដោយសារតែវិបត្ដិកូវីដ១៩ គ្រោះធម្មជាតិ និងការដាំក្បាលចុះនៃសេដ្ឋកិច្ចពិភពលោក។ ជាក់ស្ដែង ថ្មីៗនេះយោងតាមអគ្គនាយកដ្ឋានស្ថិតិប្រទេស (GSO) អត្រាកំណើនសេដ្ឋកិច្ច ៧,០២% បានធ្លាក់មកត្រឹម ២,៩១% ដែលជាអត្រាធ្លាក់ចុះដ៏កម្របំផុតមួយដោយសារវិបត្តិសេដ្ឋកិច្ចសកលដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ គ្រោះធម្មជាតិ និងការដាំក្បាលចុះនៃសេដ្ឋកិច្ចពិភពលោក។

ការផ្ទុះឡើងនៃជំងឺរាតត្បាតសកលកូវីដ១៩នៅឆ្នាំ២០២០ បានជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់វៀតណាមក៏ដូចជាពិភពលោកទាំងមូល។ គួរជម្រាបជូនបន្តិចថា នៅក្នុងបរិបទដ៏ក្តៅគគុកនៃការរាតត្បាតនៃជំងឺកូវីដ១៩ រដ្ឋាភិបាលវៀតណាមបានអនុវត្តនូវគោលការណ៍យ៉ាងមាំមួន និងទាន់ពេលវេលាដោយប្រើប្រាស់គោលការណ៍ពីរដើរទន្ទឹមគ្នា ពោលគឺ ការចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផង និងការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផង។ វៀតណាមមានប្រជាជនសរុបប្រមាណ ៩៧ លាននាក់ ក្នុងនោះមានអ្នកឆ្លងត្រឹមតែ ១.៥០០នាក់ និងស្លាប់ ៣៥ នាក់ប៉ុណ្ណោះ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺវៀតណាមនៅតែជាប្រទេសមួយនៅក្នុងចំណោមប្រទេស២ផ្សេងទៀតនៅអាស៊ី (ចិននិងបង់ក្លាដេស) ដែលមានកំណើនសេដ្ឋកិច្ចវិជ្ជមាន (២,៩១%) ហើយជីវភាពប្រជាជននៅតែមានស្ថិរភាពគួរឱ្យគត់សម្គាល់។ ក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺផ្តោតសំខាន់លើវិស័យកម្មន្តសាល (រោងចក្រ) ឧស្សាហកម្មកែឆ្នៃ សំណង់ និងវិស័យរ៉ែ (ធ្យូងធ្ម)។ ត្បិតថាអត្រាកំណើនសេដ្ឋកិច្ច ២,៩១% ជាអត្រាទាបតែវាជាអត្រាមួយល្អបើប្រៀបធៀបនឹងសេដ្ឋកិច្ចពិភពលោកដែលធ្លាក់ចុះរហូតដល់ -៤,៤% ហើយវារិតតែល្អបើប្រៀបធៀបនឹងបណ្តាប្រទេសដែលមានទំហំសេដ្ឋកិច្ចប្រហាក់ប្រហែលគ្នា មានដូចជាថៃ និងឥណ្ឌូនេស៊ីជាដើម។

ជាការពិតទៅ សេដ្ឋកិច្ចវៀតណាមក៏រងផលប៉ះពាល់មិនតិចដែរចំពោះវិបត្តិជំងឺកូវីដ១៩នេះ ប៉ុន្តែវៀតណាមឈរជើងបានយ៉ាងល្អក្នុងការរក្សាសកម្មភាពសេដ្ឋកិច្ច ពោលគឺសមត្ថភាពក្នុងការនាំចេញរបស់វៀតណាមនៅតែដើរតួនាទីចម្បងនិងសកម្មជានិច្ចក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២០នេះ។ ជាក់ស្តែង វៀតណាមបានធ្វើការផ្លាស់ប្តូរពីការនាំចេញផលិតផលកាត់ដេរ មកជាការនាំចេញវិញនូវគ្រឿងអេឡិចត្រូនិកនិងគ្រឿងសង្ហារឹម ដែលការនាំចេញនូវគ្រឿងទាំងនេះ ជារឿងចំណេញមួយដែលទាញបានពីវិធានការប្រឆាំងកូវីដ១៩របស់បណ្តាប្រទេសមួយចំនួនដែលតម្រូវអោយប្រជាពលរដ្ឋធ្វើការពីផ្ទះនិងនៅក្នុងផ្ទះច្រើន។ បន្ថែមលើនេះ ក្នុងស្ថានភាពនេះ វៀតណាមបានបញ្ចេញកញ្ចប់ថវិកាមួយចំនួនក្នុងការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរាប់បញ្ចូលនូវផ្លូវនិងស្ពានជាដើម។ គម្រោងនេះបានក្លាយជាចំណែកយ៉ាងសំខាន់ក្នុងវិស័ យសាធារណៈ វិស័យឯកជន វិស័យទេសចរណ៍ និងជាពិសេសគឺប៉ះប៉ូវដល់ប្រជាជនដែលបានបាត់បង់ការងារធ្វើ និងទាក់ទាញវិនិយោគបន្ថែមផងដែរ។ ផ្លែផ្កានៃការចំណាយថវិការដ្ឋក្នុងរយៈពេល៩ខែនៃឆ្នាំ២០២០ បានធ្វើឱ្យការវិនិយោគសាធារណៈរបស់វៀតណាមកើនឡើងប្រមាណ២៩,៣៤% ដែលនេះក៏ជាលទ្ធផលល្អក្នុងស្ថានភាពកូវីដ១៩ផងដែរ។

ក្នុងបរិបទដែលសភាពការណ៍មិនអំណោយផលលើវិស័យសេដ្ឋកិច្ចអន្តរជាតិ វៀតណាមបានប្រកាន់ខ្ជាប់នូវគោលដៅរបស់ខ្លួនក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការការពារសុខភាពប្រជាជន និងការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយចីរភាព ដោយឈរលើមូលដ្ឋានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណារបស់ខ្លួនបានយ៉ាងល្អផងដែរ។ ទោះបីជាសេដ្ឋកិច្ចមានការធ្លាក់ចុះក៏ដោយ ប៉ុន្តែនេះគ្រាន់តែជាអត្រាកំណើនសេដ្ឋកិច្ចតែប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យវៀតណាមចាត់ទុកឆ្នាំ២០២០នេះថាជាជោគជ័យមួយដែរក្នុងវិស័យសេដ្ឋកិច្ច ហើយភាពជោគជ័យនេះនឹងក្លាយជាបុព្វបទក្នុងការជួយឱ្យវៀតណាមទទួលបានអត្រាកំណើនសេដ្ឋកិច្ចដែលបានដាក់ចេញក្នុងឆ្នាំ២០២១ ក៏ដូចជាបណ្តាឆ្នាំផ្សេងៗទៀត។ ទន្ទឹមនឹងនេះ សមត្ថភាពរបស់រដ្ឋាភិបាលវៀតណាមក្នុងការទប់ស្កាត់វិបត្ដិបានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់រយៈពេលវែងផងដែរ ដោយហេតុថានៅពេលដែលមានជំងឺឆ្លង សេដ្ឋកិច្ចរបស់ប្រទេសនឹងត្រូវជាប់គាំងឬមានបញ្ហា ដូចនេះវិនិយោគិន ប្រាកដជាត្រូវសំឡឹងមើលប្រទេសណាដែលមានសមត្ថភាពក្នុងការគ្រប់គ្រងវិបត្តិឬស្ថានការណ៍ ហើយនៅតែអាចរក្សាលំនឹងសេដ្ឋកិច្ចបានល្អ ដើម្បីក្លាយជាទិសដៅសម្រាប់ការវិនិយោគ។ #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #The_SEED #វៀតណាម #សេដ្ឋកិច្ច

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ភោគ លាងហេង
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

ប្រព័ន្ធប៉ូលនៃមហាអំណាចពិភពលោក

តើប៉ូលនៃមហាអំណាចពិភពលោកជាអ្វី?

ប្រព័ន្ធប៉ូលនៃមហាអំណាចពិភពលោក (Polarity of Power) ជាទ្រឹស្ដីពេញនិយមក្នុងកម្មវិធីសិក្សាទំនាក់ទំនងអន្តរជាតិ។ ជាទូទៅ ទ្រឹស្ដីនេះត្រូវបានប្រើប្រាស់ដើម្បីជាសូចនាករសម្គាល់រដ្ឋឬប្រទេសណាមួយដែលមានអំណាចនិងឥទ្ធិពលផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ យោធា និងនវានុវត្តន៍នៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ជាដើម។ ប្រព័ន្ធប៉ូលនៃមហាអំណាចត្រូវបានបែងចែកជាបីប្រភេទដូចជា៖ ប្រព័ន្ធឯកប៉ូល (Unipolar system) ប្រព័ន្ធទ្វេប៉ូល (Bipolar system) និងប្រព័ន្ធពហុប៉ូល (Multipolar system)។ ប៉ុន្តែលោក Randall L. Schweller ដែលជាសាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យអូហៃអូ (The Ohio State University) បានប្រើពាក្យ ប្រព័ន្ធត្រីប៉ូល (Tripolar system) ដែលសំដៅទៅលើមហាអំណាចទាំងបីក្នុងសម័យសង្រ្គាមលោកលើកទី២គឺ សហរដ្ឋអាមេរិក សហភាពសូវៀត និងអាល្លឺម៉ង។ សៀវភៅដែលមានចំណងជើងថា Polarity, Balance of Power and International Relations Theory ដែលនិពន្ធដោយលោក Goedele De Keersmaeker ក៏បានអធិប្បាយបន្ថែមយ៉ាងស៊ីជម្រៅអំពីតុល្យភាពនៃអំណាច ដែលក្នុងនោះគាត់បានប្រើពាក្យប្រព័ន្ធត្រីប៉ូលផងដែរ។ នោះមានន័យថាប្រព័ន្ធប៉ូលនៃមហាអំណាចពិភពលោកអាចមានដល់ទៅបួនប្រព័ន្ធធំៗ ប៉ុន្ដែដើម្បីកុំឱ្យមានភាពពិបាកបែងចែកចំនួនច្បាស់លាស់ យើងអាចចាត់ទុកប្រព័ន្ធត្រីប៉ូលជាប្រព័ន្ធពហុប៉ូល ពុំនោះទេនឹងអាច

មានដល់ទៅប្រព័ន្ធចតុប៉ូល ឬប្រព័ន្ធបញ្ចប៉ូលជាបន្តបន្ទាប់។

ប្រព័ន្ធឯកប៉ូល(Unipolar system)

យោងតាមលោក Nuno P. Monteiro សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យយេល(Yale University) ប្រព័ន្ធឯកប៉ូលសំដៅទៅលើបរិបទអន្តរជាតិស្ថិតនៅក្នុងស្ថានភាពដែលមានប្រទេសមហាអំណាចតែមួយគត់ដែលមានឥទ្ធិពលទៅលើបណ្ដាប្រទេសដទៃទៀត។ ក្នុងន័យនេះ ពាក្យថា «ឥទ្ធិពល» សំដៅទៅលើភាពរីកចម្រើននៃទំហំសេដ្ឋកិច្ច (ធនធានមនុស្ស អាយុកាលជាមធ្យម ផលិតផលក្នុងស្រុកសរុប ផលិតកម្មឧស្សាហកម្ម…) ការរីកធំធាត់នៃវិស័យកម្លាំងយោធា (ទាំងផ្លូវទឹក គោក និងអាកាស) ភាពរុងរឿងនៃវប្បធម៌ (សាសនា ភាសា សិល្បៈ ម្ហូបអាហារ…) និង នវានុវត្តន៍នៃបច្ចេកវិទ្យាកាន់តែជឿនលឿនលើសគេ។ ម៉្យាងវិញទៀត ប្រសិទ្ធភាពនៃគោលនយោបាយការបរទេសល្អក៏ចាត់ជាយុទ្ធសាស្ត្រក្នុងការរក្សាទំនាក់ទំនងអន្តរជាតិជាមួយបណ្ដាប្រទេសប្រកបដោយអនុត្តរភាពផងដែរ។ ឧទាហរណ៍ បន្ទាប់ពីការចាប់ផ្ដើមបែកបាក់នៃសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត (The Union of Soviet Socialist Republics) នាចុងទសវត្សរ៍ឆ្នាំ១៩៨០មក សហរដ្ឋអាមេរិកបានក្លាយជាមហាអំណាចផ្ដាច់មុខលើឆាកអន្តរជាតិជាពិសេសលើវិស័យយោធាតាមរយៈការពង្រីកមូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស និងការផលិតអាវុធនុយក្លេអ៊ែរជាដើម។

ប្រព័ន្ធទ្វេប៉ូល(Bipolar system)

បន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទី២នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ រហូតដល់ការរំលាយចោលសហភាពសូវៀតជាស្ថាពរនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១ ដែលត្រូវបានគេទទួលស្គាល់ថាជារយៈពេលជាងបួនទសវត្សរ៍នៃភាពតានតឹងរវាងមហាអំណាចធំៗពីរគឺ សហរដ្ឋអាមេរិកនិងសហភាពសូវៀត រួមទាំងសម្ព័ន្ធមិត្តរៀងៗខ្លួន។ រយៈពេលនេះត្រូវបានគេឱ្យឈ្មោះថាជាសម័យសង្គ្រាមត្រជាក់ (Cold War) ដែលស្ថិតក្នុងប្រព័ន្ធទ្វេប៉ូលកម្លាំងនៃមហាអំណាច។ មូលហេតុចម្បងនោះគឺការប្រកួតប្រជែងទៅលើផ្នែកមនោគមវិជ្ជា ផ្នែកវិទ្យសាស្ត្រ និងយោធារវាងពួកប្រជាធិបតេយ្យសេរីនិយម (Liberal democratic) ឬមូលធននិយម ( Capitalism) និងពួកកុម្មុយនីស (Communism) ឬសង្គមនិយម (Socialism)។ សិល្បៈនយោបាយបែបអនុត្តរភាពដោយមិនប្រកាសសង្គ្រាមរវាងមហាអំណាចទាំងពីរបែបនេះត្រូវបានគេហៅថាជាពិភពលោកនៃប្រព័ន្ធទ្វេប៉ូល (Bipolar world)។ ក្នុងសៀវភៅ Balance of Power, Bipolarity and Other Models of International Systems និពន្ធដោយលោក Morton A. Kaplan បានបែងចែកប្រព័ន្ធទ្វេប៉ូលនៃពិភពលោកជាពីរបន្ថែមទៀតគឺ ប្រព័ន្ធទ្វេប៉ូលធូររលុង (the loose bipolar system) និង ប្រព័ន្ធទ្វេប៉ូលតឹង (the tight bipolar system) ។ ប្រព័ន្ធទ្វេប៉ូលធូររលុង សំដៅទៅលើស្ថានភាពកំណកំណើតនៃស្ថាប័នអន្តរជាតិសំខាន់ៗដូចជា អង្គការសហប្រជាជាតិ (United Nations) និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty Organization) ជាដើម ព្រោះស្ថាប័នអន្តរជាតិទាំងនេះមានឥទ្ធិពលចូលរួមកាត់បន្ថយភាពតានតឹងរវាងមហាអំណាចទាំងពីរ។ យ៉ាងណាមិញ ប្រសិនជាគ្មានវត្តមាននៃស្ថាប័នអន្តរជាតិទាំងនេះទេ ឬមានតែរូបរាងមិនមានឥទ្ធិពលនៅលើឆាកអន្តរជាតិ នោះជាស្ថានភាពមួយដែលលោក Morton A. Kaplan ហៅថា ប្រព័ន្ធទ្វេប៉ូលតឹង។

ប្រព័ន្ធពហុប៉ូល(Multipolar system)

ប្រព័ន្ធតុល្យភាពអំណាច (Balance of power system) ជាពាក្យដែលអ្នកវិទ្យាសាស្ត្រនយោបាយតែងប្រើសម្រាប់ពណ៌នាអំពីស្ថានភាពនាសតវត្សរ៍ទី១៨ ដល់ដើមសតវស្សរ៍ទី២០ សំដៅទៅលើប្រទេសមហាអំណាចមុនសង្គ្រាមលោកលើកទី១នៅទ្វីបអឺរ៉ុបដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង បារាំង រុស្ស៊ី និង អូទ្រីស ហុងគ្រីជាដើម។ សព្វថ្ងៃនេះប្រព័ន្ធតុល្យភាពអំណាចត្រូវបានគេនិយមប្រើពាក្យ ប្រព័ន្ធពហុប៉ូល (Multipolar system) ជំនួសវិញ។ ពាក្យនេះគឺសំដៅទៅលើស្ថានភាពពិភពលោកដែលមានប្រទេសមហាអំណាចជាច្រើនប្រកួតប្រជែងគ្នាផ្នែកសេដ្ឋកិច្ច នយោបាយការបរទេស កម្លាំងយោធា វប្បធម៌ និង បច្ចេកវិទ្យា។ លោក John Mearsheimer អ្នកវិទ្យាសាស្រ្តនយោបាយជនជាតិអាមេរិកដ៏មានឥទ្ធិពលម្នាក់បាននិយាយថា សព្វថ្ងៃនេះពិភពលោកកំពុងឈានជើងដើរចេញពីប្រព័ន្ធឯកប៉ូល (អាមេរិកជាមហាអំណាចផ្ដាច់មុខ) រំលងប្រព័ន្ធទ្វេប៉ូល (មហាអំណាចអាមេរិក-រុស្ស៊ី) ចូលដល់ប្រព័ន្ធពហុប៉ូលតែម្ដង។ យើងអាចសង្កេតមើលតាមរយៈការរះឡើងនៃមហាអំណាចថ្មីជាច្រើននាដើមសតវត្សរ៍ទី២១នេះ ដែលបង្កើតបានជាគូប្រជែងដ៏មានសក្ដានុពលរបស់អាមេរិក ជាពិសេសគឺមហាអំណាចចិន។ ជាក់ស្ដែងយើងអាចលើកឧទាហរណ៍បានដូចជាការបង្កើតអង្គការតំបន់សេដ្ឋកិច្ចនិងនយោបាយ (BRICS ពាក្យពេញ៖ Brazil, Russia, India, China និង South Africa) ដែលជាស្ថាប័នអន្តរប្រទេសបង្កើតឡើងដោយមហាអំណាចថ្មីប្រាំរួមគ្នាមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ គោលបំណងសំខាន់របស់ពួកគេគឺជំរុញកិច្ចសហប្រតិបត្តិការដើម្បីកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ព្រមទាំងអភិបាលកិច្ចនយោបាយ រួមមានយុត្តិធម៌សង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព សន្តិភាព និងសន្តិសុខសណ្ដាប់ធ្នាប់ពិភពលោក។

ថ្វីបើមានប្រព័ន្ធប៉ូលកម្លាំងមហាអំណាចច្រើនទម្រង់ដែលពិភពលោកធ្លាប់ឆ្លងកាត់ក្នុងរយៈពេលខុសៗគ្នាក៏ដោយ ប៉ុន្តែសំណួរដែលតែងតែត្រូវបានលើកយកមកជជែកពិភាក្សាដើម្បីស្វែងរកទឡ្ហីករណ៍ដើម្បីគាំទ្រអំណះអំណាងកន្លងមកមាននោះគឺ តើប្រព័ន្ធប៉ូលមួយណាដែលអាចរក្សាសន្តិភាពជូនពិភពលោកបាន ហើយនៅឋិតថេរបានយូរអង្វែងជាងគេ?#THE_SEED #កម្មវិធី_ថង់ប្រាជ្ញា #unipolar #biopolar #Multipolar

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកដោយ៖ លោក ធា សុណា
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

តើប្រទេសតួកគីកំពុងតែឈរនៅចំណុចណានៃនយោបាយពិភពលោក?

ប្រទេសតួកគីគឺជាប្រទេសមួយដែលស្ថិតនៅត្រង់ចំណុចភូមិសាស្រ្តនយោបាយដ៏សំខាន់ដោយសារតែប្រទេសនេះស្ថិតនៅជាប់ទ្វីបអុឺរ៉ុប ទ្វីបអាសុី និងនៅមានសមុទ្រដែលភ្ជាប់ទៅនឹងទ្វីបអាហ្រិ្វកផងដែរ។ នៅក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ តួកគីមានទំនាក់ទំនងនយោបាយការបរទេសយ៉ាងជិតស្និតជាមួយប្រទេសលោកខាងលិចដោយប្រទេសនេះបានចូលរួមជាមួយប្រទេសសម្ព័ន្ធមិត្តនៅក្នុងសង្រ្គាមលោកលើកទី២។ បន្ទាប់ពីសង្គ្រាមនេះត្រូវបានបញ្ចប់ តួកគីនៅតែបន្តទំនាក់ទំនងយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិកនិងអុឺរ៉ុបដើម្បីទទួលបានការការពារសន្តិសុខពីការគំរាមកំហែង និងការជះឥទ្ធិពលរបស់សហភាពសូវៀតនៅក្នុងសង្គ្រាមត្រជាក់។

ទំនាក់ទំនងនេះចាប់ផ្តើមមានការរង្គោះរង្គើរនៅពេលដែលតួកគីបានចោទប្រកាន់លោកខាងលិចថាមិនបានចូលរួមដោះស្រាយបញ្ហានៅក្នុងប្រទេសសុីប(Cyprus)នៅពេលដែលមានការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩៧៤។ ហើយចាប់តាំងពីឆ្នាំ១៩៦៤មក តួកគីបានបង្កើនចំណងមិត្តភាពនិងបានខិតជិតទៅរកសហភាពសូវៀតវិញផងដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងក្រលេកមើលអំពីបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងតួកគីជាមួយនិងបណ្តាលប្រទេសធំៗដូចជាអាមេរិក ចិន រុស្ស៊ី និងសហភាពអុឺរ៉ុប ជាមួយនឹងព្រឹត្តិការណ៏ពិភពលោកមួយចំនួនដែលតួកគីបានលូកដៃចូល ហើយបន្ទាប់មកយើងនឹងទៅមើលថាតើមានមូលហេតុអ្វីដែលជំរុញឱ្យប្រទេសនេះដើរលើគោលនយោបាយបរទេសបែបនោះ។

បច្ចុប្បន្ននេះ ប្រទេសតួកគីកំពុងតែបន្តដំណើរការនយោបាយការបរទេសរបស់ខ្លួនយ៉ាងឯករាជ្យពីអាមេរិកនិងអុឺរ៉ុបបើទោះជាខ្លួនគឺជាសម្ព័ន្ធមិត្តដែលមានឈ្មោះជាសមាជិកនៅក្នុងអង្គការណាតូក៏ដោយ។ សម្ព័ន្ធភាពរវាងតួកគីនិងអាមេរិកគឺជាសម្ព័ន្ធភាពមួយដែលពុំមានភាពប្រាកដប្រជានោះទេ ដោយនៅពេលខ្លះប្រទេសទាំងពីរនេះបានសហការគ្នាយ៉ាងជិតស្និទ្ធ រីឯពេលខ្លះទៀត យើងឃើញថាប្រទេសទាំងពីរនេះមានគោលនយោបាយប្រទាំងប្រទើសគ្នាទៅវិញ។ ចាប់តាំងពីការជាប់ឆ្នោតរបស់ប្រធានាធិបតី រីសិប ថាយីប អែដូហ្គាន់ (Recep Tayyip Erdogan) នៅឆ្នាំ២០០២មក ទំនាក់ទំនងរបស់ប្រទេសទាំងពីរនេះមានភាពស្អិតរមួតដោយប្រទេសទាំងពីរនេះបានសហការគ្នានៅក្នុងប្រតិបត្តិការយោធាផ្សេងៗប្រឆាំងនឹងកុបកម្មនៃក្រុមឃឺត (Kurd insurgency) និងការយល់ព្រមឱ្យមានការដាក់ពង្រាយរ៉ាដាការពារមីសុីលរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តណាតូនៅលើទឹកដីរបស់ខ្លួនទៀតផង។

ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៣មក អាមេរិកព្រមទាំងប្រទេសលោកខាងលិចបានរិះគន់ចោទប្រកាន់យ៉ាងខ្លាំងទៅលើប្រធានាធិបតី ថាយីប អែដូហ្គាន់ (Recep Tayyip Erdogan) ដោយសារករណីអំពើពុករលួយរបស់រដ្ឋាភិបាលតួកគី។ ទំនាក់ទំនងរវាងលោកខាងលិចនិងតួកគីរឹតតែមានភាពរង្គោះរង្គើរបន្ថែមទៀតនៅពេលដែលតួកគីបានចោទប្រកាន់ថាអាមេរិកជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលតួកគីនៅឆ្នាំ២០១៦ និងនៅពេលដែលអាមេរិកបានទំនុកបម្រុងក្រុមឃឺតដែលជាសត្រូវរបស់តួកគី។ នៅឆ្នាំ២0១៩ តួកគីបានទិញប្រព័ន្ធមីសុីល S 400 ពីរុស្សុីដែលបង្ហាញឱ្យឃើញពីទំនាក់ទំនងថ្មីមួយរវាងប្រទេសតួកគីនិងប្រទេសរុស្សុី។ ទង្វើនេះបានធ្វើឱ្យមានការអាក់អន់ស្រពន់ចិត្តពីអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តយ៉ាងខ្លាំង ដែលជាលទ្ធផលអាមេរិកបានដកសមាជិកភាពរបស់តួកគីចេញពី F 35 program ថែមទៀតផង។

នៅក្នុងឆ្នាំ២០២០នេះ ទំនាក់ទំនងរវាងប្រទេសតួកគីនិងរុស្សុីក៏មានភាពរកាំរកូសផងដែរដោយសារតែរុស្សុីបានចូលដៃជាមួយប្រទេសសុីរីដែលជាសត្រូវស្លាប់រស់ជាមួយតួកគីនៅក្នុងទំនាស់វាយប្រហារគ្នាដោយអាវុធនៅខេត្តអាយលីប (Idlib) របស់ប្រទេសសុីរី។ ភាពរង្គោះរង្គើរនេះបានធ្វើឱ្យតួកគីងាកទៅរកការគាំទ្រពីអាមេរិកនិងសម្ព័ន្ធមិត្តណាតូវិញផងដែរ។ សម្រាប់ឆ្នាំ២០២១ខាងមុខនេះ ប្រធានាធិបតី អែដូហ្គាន់ បានបង្ហាញសញ្ញាឱ្យដឹងថាតួកគីចង់ចាប់ផ្តើមទំនាក់ទំនងជាមួយអាមេរិកនិងអុឺរ៉ុបសារជាថ្មីម្តងទៀតដោយបំភ្លេចអំពីភាពល្អក់កករដែលបានកើតមានពីមុនមក។

បើយើងក្រឡេកមកមើលអំពីមូលហេតុដែលតួកគីតែងតែមានទំនុកចិត្តជាមួយនឹងនយោបាយការបរទេសរបស់ខ្លួនហើយអាចម្តងងាកទៅរកលោកខាងលិច ម្តងងាកទៅរករុស្សុីយ៉ាងងាយនោះវាក៏គឺដោយសារតែកត្តាទីតាំងភូមិសាស្រ្តរបស់ប្រទេសនេះផងដែរ។ អាមេរិកនិងតួកគីមានគោលដៅរួមមួយគឺគ្រប់គ្រងសន្តិសុខ ស្ថិរភាព និងបង្កើនឥទ្ធិពលរបស់ខ្លួននៅតំបន់សមុទ្រតំបន់មេឌីទែរ៉ាណេខាងកើត តំបន់សមុទ្រខ្មៅ និងនៅអាស៊ីអាគ្នេយ៍។ សម្រាប់អាមេរិក តួកគីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយដែលអាចជួយឱ្យខ្លួនបង្កើនឥទ្ធិពលនៅអាសុីអាគ្នេយ៍។ រីឯចំពោះរុស្សុីវិញ ការចងសម្ព័ន្ធភាពជាមួយតួកគីគឺជាប្រការសំខាន់ដើម្បីសម្រេចឱ្យបាននូវការរក្សាតុល្យភាពអំណាចរបស់ខ្លួននៅអាសុីអាគ្នេយ៍ដែលធ្លាប់ជាតំបន់របស់ខ្លួនផងដែរ។ ដោយសារហេតុផលនៃសារៈសំខាន់របស់ខ្លួននេះហើយទើបតួកគីអាចដើរលើគោលនយោបាយការបរទេសដែលនៅចន្លោះលោកខាងលិចនិងរុស្សុីបានយ៉ាងងាយបែបនេះ។ #The_SEED #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #Turkey

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា បូរ ដាលីន

តើអ្វីជា Big 3 ឬ MBB ?

ប្រសិនបើយើងនិយាយអំពីក្រុមហ៊ុនសវនកម្មគណនេយ្យធំជាងគេ និងមានសក្តានុពលបំផុតនៅក្នុងពិភពលោក យើងត្រូវចាប់ផ្ដើមនិយាយពី Big 4 ប៉ុន្តែនៅក្នុងវិស័យក្រុមហ៊ុនប្រឹក្សាយោបល់ដែលធំជាងគេលើពិភពលោក នោះយើងក៏គួរចាប់ផ្ដើមពី Big 3 ដែរ។ Big 3 ឬ MBB គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងដ៏មានកេរ្តិ៍ឈ្មោះ និងមានស្តង់ដារធំជាងគេបំផុតក្នុងពិភពលោក។ ហើយ Big 3 ត្រូវបានស្គាល់ថាជាក្រុមហ៊ុនដែលផ្តល់សេវាប្រឹក្សាយោបល់ផ្នែកគ្រប់គ្រង ដែលមានចំណាត់ថ្នាក់ក្រុមហ៊ុនធំជាងគេចំនួន៣ គឺក្រុមហ៊ុន McKinsey & Company ក្រុមហ៊ុន Boston Consulting Group (BCG) និង ក្រុមហ៊ុន Bain & Company។ ក្រុមហ៊ុនទាំងបីនេះ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមានជំនាញនិងមានបទពិសោធន៍ការងារចាស់វស្សាទាក់ទងនឹងការរៀបចំយុទ្ធសាស្ត្រ និងបង្កើតវិធីច្នៃប្រឌិតដើម្បីដោះស្រាយកង្វល់របស់អតិថិជនពួកគេ រហូតបង្កើតបានសមិទ្ធិផលក្នុងប្រវត្ដិសាស្ត្រ និងមានបណ្ដាញខ្សែរយៈកាន់កាប់តំណែងសំខាន់ៗពាសពេញសកលោក។

មុននឹងមានក្រុមហ៊ុន Big 3 វិស័យសេវាកម្មប្រឹក្សាយោបល់ត្រូវបានចាប់ផ្ដើមនៅក្នុងឆ្នាំ ១៨៨៦ ដោយ ក្រុមហ៊ុន Arthur D. Little ដែលផ្តល់សេវាកម្មផ្នែកបច្ចេកទេសការស្រាវជ្រាវ និងការវិភាគជូនអតិថិជន។ ក៏ប៉ុន្តែ បន្ទាប់មកក្រុមហ៊ុន Arthur D. Little បានក្ស័យធន ហើយត្រូវបានក្រុមហ៊ុន ADL Acquisition Co. LLC ទិញយកនៅឆ្នាំ២០០២។ នៅឆ្នាំ១៩២៦ វត្ដមានសមាជិកក្រុមហ៊ុនទីមួយរបស់ Big 3 គឺ ក្រុមហ៊ុន McKinsey & Company ត្រូវបានបង្កើតឡើង ដោយសាស្រ្តាចារ្យជំនាញផ្នែកគណនេយ្យនៅទីក្រុងChicago ឈ្មោះ James McKinsey ដែលផ្តោតលើសេវាកម្មប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ រួចហើយបានផ្លាស់ប្តូរឯកទេសរបស់ខ្លួនទៅរកផ្នែកការគ្រប់គ្រងវិញ ហើយរីកលូតលាស់ល្បីរន្ទឺយ៉ាងឆាប់រហ័សជាពិសេសនៅទ្វីបអឺរ៉ុប។ នៅឆ្នាំ១៩៦២ ក្រុមហ៊ុន McKinsey & Company ចាប់ផ្តើមជួបគូប្រជែងមួយទៀតគឺក្រុមហ៊ុន Boston Consulting Group ដែលបង្តើតឡើងដោយ Bruce Henderson។ លោក Bruce Henderson ជាបុគ្គលិកចាស់របស់ក្រុមហ៊ុន Arthur D. Little ហើយពេញមួយទសវត្សរ៍ឆ្នាំ១៩៦០ Boston Consulting Group បានរីកចម្រើននិងអភិវឌ្ឍនៅបរទេស។ នៅឆ្នាំ១៩៧៣ អនុប្រធានក្រុមហ៊ុន Boston Consulting Group បានចាកចេញពីក្រុមហ៊ុននេះដើម្បីបង្កើតក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងរបស់ខ្លួនឈ្នោះ Bain & Company។

គួររំលឹកបន្តិចថាក្រុមហ៊ុនទាំងបីនេះ ជាពិសេសក្រុមហ៊ុន McKinsey & Company បានបន្សល់នូវសមិទ្ធិផលជាប្រវត្ដិសាស្ត្រ និងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងពិភពលោកនាពេលបច្ចុបន្បន្ន។ Big 3 បានបង្កើតគំនិតល្អៗដើម្បីដោះស្រាយបញ្ហាស្មុគ្រស្មាញក្នុងស្ថាប័នឯកជននិងរដ្ឋ ហើយគោលគំនិតដឹកនាំទាំងនោះភាគច្រើនបានក្លាយជាគំរូឬម៉ូឌែលគ្រប់គ្រងផងដែរ។ នៅឆ្នាំ១៩៥០ ក្រុមហ៊ុន McKinsey បានជួយសេតវិមានសហរដ្ឋអាមេរិកក្នុងការបង្កើតរចនាសម្ព័ន្ធបុគ្គលិក ដែលកាលនោះហើយគឺជាដើមកំណើតនៃប្រធានតួនាទីបុគ្គលិក (Chief of Staff role)។ បន្ថែមលើនេះ នៅឆ្នាំ១៩៧០ McKinsey ក៏បានបើកទំព័រពិភពលោកថ្មីដោយបានសហការជាមួយ the Uniform Grocery Product Code Council ដើម្បីបង្កើតកូដផលិតផលដែលត្រូវបានគេហៅថា “Bar Code”។ មួយវិញទៀត កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Boston Consulting Group ក៏បានរួមចំណែកក្នុងការជួយរាជរដ្ឋាភិបាលប្រទេសអង់គ្លេសលើការងារពិគ្រោះយោបល់ដើម្បីត្រៀមខ្លួនចាកចេញពី EU ឬ Brexit ក្រោមទឹកប្រាក់ចំនួន១០លានដុល្លារអាមរិក។ ក្រឡេកមើលខ្សែរយៈរបស់ Big 3 វិញ គឺសឹងតែអាចជះឥទ្ធិពលពិភពលោកទាំងមូល ពីព្រោះអតីតបុគ្គលិករបស់ក្រុមហ៊ុនទាំងបីនេះបាននឹងកំពុងបម្រើការងារនៅតំណែងសំខាន់ៗទាំងក្នុងវិស័យឯកជនដូចជា Chairman, CEO, COO នៅក្រុមហ៊ុនធំនានា ចំណែកក្នុងវិស័យសាធារណៈវិញមានដូចជា អភិបាលក្រុង តំណាងរាស្ត្រ នាយករដ្ឋមន្ត្រី ជាដើម។ ជាក់ស្ដែង លោក Sheryl Sandberg ដែលបច្ចុប្បន្នជា COO នៅក្រុមហ៊ុន Facebook លោក Sundar Pichai ដែលបច្ចុប្បន្នជា CEO របស់ក្រុមហ៊ុន Alphabet Inc លោកស្រី Susan Wojcicki បច្ចុប្បន្នជា CEO របស់ YouTube លោក Benjamin Netanyahu ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអ៊ែល ជាដើម សុទ្ធតែធ្លាប់ជាបុគ្គលិកចាស់របស់ Big 3។

បើយើងក្រឡេកទៅមើលពីចំណាត់ថ្នាក់របស់ Big 3 ឬ MBB ក្រុមហ៊ុនដែលឈរលើលំដាប់ទី១គឺ ប្រាកដជាក្រុមហ៊ុន McKinsey & Company ហើយ ព្រោះ McKinsey បានកកើតឡើងមុនគេ ដោយមានចំណូលសរុបប្រមាណ ១០,៥ ប៊ីលាន ដុល្លារអាមេរិក (២០១៩) ហើយមានបុគ្គលិករហូតដល់ ៣០.០០០ នាក់ និងមានសាខារហូតដល់ជាង ១៣០ ប្រទេស។ រីឯលំដាប់ទី២ គឺ BCG ដោយមានចំណូលសរុបប្រមាណ ៨,៥ ប៊ីលាន ដុល្លារអាមេរិក (២០១៩) ហើយ BCG មានបុគ្គលិករហូតដល់ ២១.០០០ នាក់ និងមានជាង ៩០ សាខាទូទាំងពិភពលោក។ Bain & Company ឈរនៅលើលំដាប់ទី៣ ដែលមានចំណូលសរុបប្រមាណ ៤,៥ ប៊ីលាន ដុល្លារអាមេរិក (២០១៩) និងមានបុគ្គលិករហូតដល់ ៨.០០០ នាក់ ព្រមទាំងមាន ៥៩ សាខាផងដែរ។

ត្បិតតែ Big 3 និងBig 4 មានឈ្មោះដូចគ្នាដោយខុសតែលេខ ប៉ុន្តែលេខនេះមិនមែនសម្រាប់កំណត់ឬប្រៀបធៀបពីទំហំ និងសក្ដានុពលរបស់ក្រុមហ៊ុនទាំងពីរនេះទេ។ កំណើតដំបូងនៃ Big 3 ផ្តោតសំខាន់ទៅលើសេវាកម្មប្រឹក្សាផ្ដល់យោបល់អំពីការគ្រប់គ្រងយុទ្ធសាស្ត្រ រីឯ Big 4 ផ្តោតសំខាន់លើសេវាកម្មផ្នែកសវនកម្មគណនេយ្យ។ យ៉ាងណាវិញ ក្រុមហ៊ុន Big 4 ក៏បានវិវត្តខ្លួនដោយបានបង្កើតសេវាកម្មផ្ដល់យោបល់ដែលស្រដៀងគ្នានឹង Big 3 ដែរ ដូចជា ការស្វែងរកដំណោះស្រាយជូនអតិថិជន សេវាផ្តល់យោបល់ផ្នែកហានិភ័យ ការវិនិច្ឆ័យបញ្ហារបស់អតិថិជនជាដើម។ #កម្មវិធី_ថង់ប្រាជ្ញា #Big3 #Big4

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា លីម កន្និដ្ឋា
គំនូរដោយ៖ កញ្ញា គង់ រដ្ធាវី
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ