"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

បរិការណ៍បោះឆ្នោតនៅសហរដ្ឋអាមេរិក

រដ្ឋធម្មនុញ្ញអាមេរិកបានចែងថា ការបោះឆ្នោតប្រធានាធិបតីត្រូវតែប្រព្រឹត្តទៅនៅសប្ដាហ៍ទីមួយនៃថ្ងៃអង្គារខែវិច្ឆិកា រៀងរាល់គ្រប់អាណត្តិ ០៤ ឆ្នាំម្ដង។ ក៏ប៉ុន្តែជារឿងអកុសល ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខនេះ គឺចំពេលប្រទេសមហាអំណាចមួយនេះកំពុងធ្លាក់ក្នុងវិបត្តិជំងឺកូវីដ១៩ ដែលតម្រូវឱ្យសហរដ្ឋអាមេរិករៀបចំការបោះឆ្នោតទ្រង់ទ្រាយធំតាមរយៈសំបុត្រប្រៃសណីយ៍។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិករកឃើញគូប្រជែងដ៏ស្វិតស្វាញ រវាងគណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យ គឺ លោក ដូណាល់ ត្រាំ (Donald Trump) និង លោក ចូ បៃឌិន (Joe Biden)។ បើតាមការស្ទង់មតិមុនការបោះឆ្នោតក្រោមកិច្ចសហការរវាង Washington Post រួមជាមួយ ABC News និង សមាគមអាមេរិកសម្រាប់ការស្រាវជ្រាវមតិសាធារណៈដែលធ្វើឡើងជាមួយមនុស្ស ១.០០១ នាក់ បានរកឃើញថា លោក Joe Biden និងបេក្ខភាពអនុប្រធានាធិបតីជាស្រ្ដី អ្នកស្រី Kamala Harris បាននាំមុខ លោក ដូណាល់ ត្រាំ និង លោក Mike Pence ក្នុងសំឡេង ៥៣% ទល់នឹង ៤១%។ ទោះបីជាពលរដ្ឋអាមេរិកមិនទាន់បានឃើញស្នាដៃ លោក ចូ បៃឌិន ក៏ដោយ តែការស្ទាបស្ទង់មានប្រជាប្រិយភាពជាងនេះទំនងមកពីកត្តាពីរចម្បង។ កត្តាទីមួយគឺពលរដ្ឋចង់ងាកទៅរកការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យវិញ ដែលជះឥទ្ធិពលខ្លាំងបំផុតមកពីកត្តាទីពីរគឺគុណវិបត្តិរបស់ លោក ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋ។

ដូចនេះ តើបួនឆ្នាំក្នុងអំណាចរបស់ លោក ដូណាល់ ត្រាំ បានសាងគុណវិបត្តិដោយចេតនា និងអចេតនាអ្វីខ្លះ?

ដោយសារតែសហរដ្ឋអាមេរិកជាមហាអំណាចពិភពលោកផុតលេខ គុណវិបត្តិរបស់ប្រធានាធិបតីក៏គប្បីចែកចេញជាពីរទិដ្ឋភាពដែរ គឺទិដ្ឋភាពទូទៅក្នុងប្រទេស និងក្រៅប្រទេស។

គុណវិបត្តិក្នុងប្រទេស៖

១. ជញ្ជាំងខ័ណ្ឌចែកព្រំដែនអាមេរិកកាំង-មិចស៊ីកូ (Trump Wall)៖

ក្រោយឡើងកាន់អំណាចបានមួយឆ្នាំ ម្ចាស់ទ្រឹស្ដី “អាមេរិកកាំងដំបូងគេ” (America First) បានប្រកាសផែនការកសាងជញ្ជាំងខ័ណ្ឌចែកព្រំដែនអាមេរិកកាំង-មិចស៊ីកូ មានប្រវែង ៨០០ គីឡូម៉ែត្រ ក្នុងទឹកប្រាក់ជាង ១៨ ពាន់លានដុល្លារអាមេរិក ក្រោមគោលបំណងដោះស្រាយវិបត្តិអន្ដោប្រវេសន៍ និងលំហូរដ៏អាក្រក់នៃឧក្រិដ្ឋកម្មឆ្លងដែន ដូចជាគ្រឿងញៀនជាដើម។ បើតាមរបាយការណ៍របស់គេហទំព័រBorder Report បានអះអាងថា ជញ្ជាំងនោះសង់បាន ៧២៩ គីឡូម៉ែត្រ ទៅហើយ ក្រោមទឹកប្រាក់ចំនួន ៣.៦០០ លានដុល្លារអាមេរិក ដែលយកមកពីកញ្ចប់ថវិកាគម្រោងមូលនិធិយោធាអន្ដររដ្ឋរបស់មន្ទីរបញ្ចកោណ រីឯថវិកាចំណាយសេសសល់គឺ លោក ដូណាល់ ត្រាំ បានសច្ចាយកពីមិចស៊ីកូទាល់តែបានគឺតាមរយៈការកាត់ពន្ធនាំចូលទំនិញមកអាមេរិកដោយស្វ័យប្រវត្តិ។ ផ្ទុយទៅវិញ Washington Post បានបង្ហាញថា ពលរដ្ឋអាមេរិកជាច្រើនយល់ឃើញថា លោក ដូណាល់ ត្រាំ កំពុងតែ(១) ធ្វើឱ្យខាតបង់ថវិកាជាតិ (២) កិបកេងមូលនិធិអន្ដរជាតិ (៣) បំបែកបំបាក់ទំនាក់ទំនងអាមេរិក-មិចស៊ីកូ ដោយសារមិចស៊ីកូនឹងមិនព្រមចំណាយលុយសង់ជញ្ជាំងអឌ្ឍសិទ្ធិនិងឱ្យអាមេរិកាត់ពន្ធទទេៗទេ(៤) សង់ជញ្ជាំងព្រំដែនដើម្បីបំផ្លាញប្រជាធិបតេយ្យក្នុងតំបន់ មានចរិតដាច់ធម៌មេត្តាលើជនអន្ដោប្រវេសន៍។

២. រឿងអាស្រូវនយោបាយ និងការដកតំណែងប្រធានាធិបតីមុនអាណត្តិ (Trump Impeachment)៖

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ សភាបក្សប្រជាធិបតេយ្យបានសម្រេចចោទប្រកាន់លោក ដូណាល់ ត្រាំចំនួនពីរករណី។ យោងតាមសេចក្តីសម្រេចលេខ៧៥៥ មាត្រា១ដែលចោទ លោក ដូណាល់ ត្រាំ ទាក់ទិននឹងបទរំលោភអំណាចរដ្ឋ ក្រោមមូលហេតុ លោក ដូណាល់ ត្រាំ បានប្រើប្រាស់តំណែងប្រធានាធិបតីក្នុងការគាបសង្កត់ប្រធានាធិបតី អ៊ុយក្រែន ឱ្យស៊ើបអង្កេតក្រុមគ្រួសារលោក ចូ បៃឌិន ដើម្បីជាជំនួយទុកវាយលុកសម្រាប់ការបោះឆ្នោតឆ្នាំ២០២០។ ចំណែកមាត្រា២គឺករណីរារាំងដំណើរការស៊ើបអង្កេតរបស់សភា ដោយយោងតាមមូលហេតុថា លោក ដូណាល់ ត្រាំ បានបដិសេធមិនចូលខ្លួននិងរារាំងមិនឱ្យសាក្សីទៅបំភ្លឺនៅសភា។ ជាលទ្ធផល ដោយសារតែសំឡេងគណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាមានភាពរឹងមាំបានធ្វើឱ្យបទចោទប្រកាន់ទាំងពីរករណីនេះត្រូវបានលុបចោលតាមការបោះឆ្នោតសម្រេចរបស់សមាជិកព្រឹទ្ធសភា។ ក្រោយពីរួចផុតពីគ្រោះនេះមិនបានមួយសប្ដាហ៍ផង លោក ដូណាល់ ត្រាំ សម្រេចដកតំណែងអ្នកតំណាងអាមេរិកនៅសហភាពអឺរ៉ុប គឺលោក Gordon Sondland និងសមាជិកក្រុមប្រឹក្សាសន្ដិសុខជាតិមួយនាក់ទៀតបន្ទាប់ពី លោក John Bolton គឺ លោកAlexander Vindman។ ការដកតំណែងនេះត្រូវបានគេមើលឃើញ លោក ដូណាល់ ត្រាំ ធ្វើឡើងដើម្បីសងសឹកពួកគេដែលរឹងទទឹងទៅបំភ្លឺសំណុំរឿងរបស់លោកនៅក្នុងសភា។ លើសពីរឿងអាស្រូវនយោបាយ សូម្បីតែក្នុងរង្វង់គ្រួសារក៏ លោក ដូណាល់ ត្រាំ មានរឿងអសោចដែរ។ ពាក់កណ្ដាលឆ្នាំ២០២០ ក្មួយស្រីរបស់ លោក ដូណាល់ ត្រាំ បានបោះពុម្ពសៀវភៅមួយដែលមានចំណងជើងថា “Too Much and Never Enough” ដែលបានរៀបរាប់និងឆ្លុះបញ្ចាំងអំពី លោក ដូណាល់ ត្រាំ ជាកំពូលមនុស្សក្រឡិចក្រឡុច លោភលន់ អត្មានិយមណាស់។ ក្នុងថ្ងៃដំបូងដែលដាក់លក់សៀវភៅនេះ មានអតិថិជនទិញដល់ជាង ១ លានក្បាល។ ក្រៅតែពីក្មួយស្រីហែកកេរ្ដិ៍ លោក ដូណាល់ ត្រាំ សូម្បីតែបងស្រីបង្កើតរបស់ លោក ដូណាល់ ត្រាំ ក៏ចាត់ទុកលោកជាមនុស្សគ្មានគុណធម៌ និងអសីលធម៌បំផុតដែរ។

៣. វិបត្តិកូវីដ១៩៖

កូវីដ១៩បានសម្លាប់ពលរអាមេរិកចំនួនប្រហែល ១៨៧.០០០ នាក់។ យោងតាមការសិក្សារបស់ Pewresearch ឥទ្ធិពលនៃកូវីដ១៩ដែលសម្លាប់ពលរដ្ឋអាមេរិក បានធ្វើឱ្យសេដ្ឋកិច្ចអាមេរិកដាំក្បាលយ៉ាងគំហុកនៅត្រីមាសទីពីររហូតដល់ទៅ ៣២,៩% ដែលកាលពីត្រីមាសទីមួយមានតែ ៥% ប៉ុណ្ណោះ ចំណែកចំនួនអត្រាអ្នកគ្មានការងារធ្វើចាប់ផ្តើមងើបឡើងវិញយ៉ាងឆាប់រហ័ស ។

៤. បាតុកម្ម Black lives matter៖

បុរសស្បែកសសង្កត់កបុរសស្បែកខ្មៅទាល់តែស្លាប់។ លើសពីអំពើល្មើសច្បាប់និងភាពឃោរឃៅ មជ្ឈដ្ឋានជាតិនិងអន្ដរជាតិបានយល់ឃើញថា វាជាការរើសអើងពូជសាសន៍ពណ៌សម្បុរដែលកើតមានក្នុងផ្នត់គំនិតរបស់ពួកស្បែកសជាយូរណាស់មកហើយ ទោះបីជាទាសភាពរលប់បានតែលើក្រដាសប៉ុណ្ណោះ។ យ៉ាងណាមិញ ប៉ូលីសស្បែកសទាំងបួនដែលរួមគំនិតគ្នាធ្វើទារុណកម្មលើបុរសស្បែកខ្មៅយ៉ាងសាធារណ៍ត្រូវបានថ្នាក់លើដកស័ក្ក ហើយរដ្ឋអាជ្ញាចោទប្រកាន់ពីបទមនុស្សឃាតនិងឃាតកម្មកម្រិតទី៣។ ដោយឡែក ពលរដ្ឋអាមេរិកយ៉ាងហោចណាស់ចំនួន ៧ រដ្ឋបានចេញមកតាមដងផ្លូវជួបប្រជុំគ្នា ដែលបង្កើតនូវភាពអនាធិបតេយ្យជាពីររូបភាព ពោលគឺ មួយជាបាតុកម្ម មួយទៀតជាកុប្បកម្មបែបឧក្រិដ្ឋកម្មដុតបំផ្លាញប៉ុស្ដិ៍ ប្លន់និងវាយកម្ទេចសម្ភារៈសាធារណៈនិងឯកជនដែលធ្វើឱ្យអាមេរិកចាត់វិធានការកណ្ដាប់ដៃដែកស្ដារស្ថានការណ៍ជាបន្ទាន់។

អាមេរិកធ្លាប់តែជាងបងធំលើឆាកអន្តរជាតិ ដែលប្រទេសទាំងពួងសឹងតែបិទភ្នែកដើរនយោបាយការបរទេសជាមួយគ្រប់ពេល។ វិបត្តិនយោបាយការបរទេសរបស់ លោក ដូណាល់ ត្រាំ ត្រូវបានមនុស្សជាច្រើនយល់ថាលោកកំពុងដុតបំផ្លាញអានុភាពដែលប្រធានាធិបតីមុនៗខិតខំកសាងរាប់ឆ្នាំ។ គុណវិបត្ដិរបស់ លោក ដូណាល់ ត្រាំ លើឆាកអន្តរជាតិក៏ជាកត្តាដែលអាចទាញទម្លាក់សន្លឹកឆ្នោតរបស់លោកមានដូចជា៖

១) ជាប្រវត្តិសាស្រ្ដ អាមេរិកចាញ់ការទូតអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិ៖

កាលពីថ្ងៃ១៥ ខែសីហា ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានថ្លែងដោយមោទកភាពថា ៧០ឆ្នាំមកនេះ អ៊ីរ៉ង់ទើបទទួលបានយុត្តិធម៌និងជ័យជម្នះការទូតលើសហរដ្ឋអាមេរិក។ ជ័យជម្នះនេះគឺបានមកពីមហាអំណាចរុស្ស៊ីនិងចិនបានវេតូការបោះឆ្នោតលើសេចក្ដីសម្រេចរបស់អាមេរិកលើអ៊ីរ៉ង់ក្នុងការបន្ដដាក់ទណ្ឌកម្មហ៊ុមព័ទ្ធអាវុធទៀតនៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ (UNSC)។ ប៉ុន្ដែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺមានដល់ទៅ១១ប្រទេសជាសមាជិកអចិន្រ្ដៃយ៍ និងមិនអចិន្រ្ដៃយ៍នៃក្រុមប្រឹក្សាបានអនុប្បវាទសេចក្ដីសម្រេចនេះ ហើយអ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះត្រង់ថា ក្នុងចំណោមប្រទេសទាំង១១នោះ គឺមានអាឡឺម៉ង់ បារាំង និងអង់គ្លេស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយអាមេរិកបំផុតនៅអឺរ៉ុប។ ១០ថ្ងៃក្រោយមក អាមេរិកបានដាក់សំណើឱ្យមានការបោះឆ្នោតលើដំណោះស្រាយដដែលនោះឡើងវិញ (Snapping Back)។ ម្ដងនេះ មានប្រទេសដល់ទៅ១៣បានបោះឆ្នោតជំទាស់មុនអង្គប្រជុំដែលជាហេតុធ្វើឱ្យប្រធាន UNSC ទម្លាក់សំណើអាមេរិកចេញពីរបៀបវារៈប្រជុំតែម្ដង។

២)ទុកឱកាសឱ្យម៉ាឌូរ៉ូដឹកនាំប្រទេសទៀត៖

រដ្ឋការរបស់ លោក ដូណាល់ ត្រាំ បានប្ដេជ្ញាចិត្តថានឹងទម្លាក់ម៉ាឌូរ៉ូឱ្យបានក្នុងឆ្នាំ២០២០ដោយសាររដ្ឋាភិបាលរបស់លោកបានធ្វើទុក្ខបុកម្នេញក្រុមប្រឆាំងតាមរយៈការនិរទេស ការបញ្ជូនចូលពន្ធនាគារ ការរំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយធ្ងន់ធ្ងរ ការបណ្ដោយឱ្យពលរដ្ឋធ្លាក់ក្នុងភាពអត់ឃ្លានភៀសខ្លួនទៅនៅប្រទេសជិតខាងជាង៥លាននាក់ ។ ប៉ុន្ដែយប់កាន់តែយន់ សុបិន្តកាន់តែយូរ ជិតផុតឆ្នាំ២០២០ទៅហើយ ម៉ាឌូរ៉ូនៅតែមានឱកាសដឹកនាំប្រទេសបានទៀត។ ម៉ាឌូរ៉ូបានចំអកចំពោះបរាជ័យនៃការធ្វើរដ្ឋប្រហារពីសំណាក់ក្រុមប្រឆាំង ការលុកលុយពីប្រទេសកូឡុំប៊ី និងការចំណាយលួចលាក់របស់អាមេរិកតាមប្រមាញ់លោកក្នុងតម្លៃខ្លួន១៥លានដុល្លារ ព្រមទាំងបញ្ជូនទាហានស៊ីឈ្នួលមកធ្វើឃាតលោកទៀត តែគ្មានផែនការអាមេរិកណាមួយបានសម្រេចទេ។

៣) ធ្វើឱ្យអាមេរិកមិនចុះសម្រុងនឹង G7៖

នៅសុខៗ លោក ដូណាល់ ត្រាំ ស្រាប់តែមានផែនការបន្ថែមសមាជិកចូលកិច្ចប្រជុំ G7 ចំនួនបីទៀត។ ប្រទេសដែលលោកចង់ឱ្យចូលរួមនោះគឺ កូរ៉េខាងត្បូង ឥណ្ឌា និង រុស្ស៊ី។ ប៉ុន្ដែ សមាជិក G7 ធ្វើការជំទាស់ខ្លាំងណាស់។ ប្រទេសដែលលេចធ្លោជាងគេក្នុងការជំទាស់រុស្ស៊ីមិនអោយចូល G7 នោះគឺ អាល្លឺម៉ង់ បារាំង អង់គ្លេស និងកាណាដា។ ប្រទេសទាំងអស់នេះមិនឱ្យប្រទេសរុស្ស៊ីចូលព្រោះរុស្ស៊ីត្រូវបានបណ្ដេញចេញពី G7 រួចហើយក្នុងករណីលេបយកតំបន់គ្រីមៀ រីឯប្រទេសជប៉ុនវិញបានយកជម្លោះប្រវត្តិសាស្រ្ដនឹងកូរ៉េខាងត្បូងមកតតាំងមិនឱ្យប្រទេសនេះចូលរួមក្នុងក្រុម G7 ទេ។ មួយវិញទៀត សមាជិក G7 មួយរូបគឺអាល្លឺម៉ង់បានកំពុងមានការអាក់អន់ស្រពន់ចិត្តដែលអាមេរិកនិយាយចោទប្រកាន់ថាខ្លួនថាបានរិះថាំលុយមិនបង់ចូលណាតូឱ្យច្រើនៗ។ ករណីនេះបានបណ្ដាលអោយអាមេរិកសម្រេចចិត្តជាឯកត្តោភាគីបញ្ចប់វត្តមានយោធារបស់ខ្លួនជាងម៉ឺននាក់លើទឹកដីអាល្លឺម៉ង់ហើយរំកិលកងទ័ពទាំងនោះទៅដាក់នៅប៉ូឡូញ និងបញ្ជូនខ្លះមកសហរដ្ឋអាមេរិកវិញ។

៤) បណ្ដោយឱ្យតួកគីប្រមាថសព្វាវុធអាមេរិកបាន៖

រដ្ឋាភិបាលក្រុងអង់ការ៉ាបានមានផែនការទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ីតាំងពីជំនាន់លោកប្រធានាធិបតី អូបាម៉ា មកម្ល៉េះ។ ទើបតែមកដល់រដ្ឋការ លោក ដូណាល់ ត្រាំ ទេ តួកគីដែលជាសមាជិកគន្លឹះរបស់អង្គការមហាអំណាចយោធា NATO សម្រេចបានការបញ្ជាទិញសព្វាវុធដ៏ទំនើបមួយនេះ។ បន្ទាប់មក តួកគីក៏ព្រហើនយក S-400 នោះមកសមយុទ្ធដោយបាញ់យន្ដហោះចម្បាំង F-16 របស់អាមេរិកក្នុងគោលបំណងបង្ហាញអានុភាពសព្វាវុធរបស់រុស្ស៊ី។ ថ្មីៗនេះដែរ ប្រធានាធិបតីតួកគីប្រកាសថាខ្លួនមានបំណងទិញយន្ដហោះវាយលុក SU-37 និង SU-57 របស់រុស្ស៊ីជាច្រើនគ្រឿងបន្ថែមទៀត ខណៈរៀបចំដើរចេញពីកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំងអាមេរិក F-35។

អ្វីដែលបានលើកឡើងខាងលើសុទ្ធតែពុំមែនជាគុណវិបត្តិស្រាលៗទេ ហើយក៏មានវិបត្តិជាច្រើនទៀតដូចជា បរាជ័យក្នុងការឱ្យកូរ៉េខាងជើងលះបង់កម្មវិធីនុយក្លេអ៊ែរ ការដកខ្លួនចេញពីអង្គការពិភពលោក និងសន្ធិសញ្ញានានាជាដើម ដែលពលរដ្ឋអាមេរិកអាចអហោសិកម្មឱ្យ លោក ដូណាល់ ត្រាំ បាននោះទេ។ យ៉ាងណាមិញ មិនខុសពីគ្រប់រូបធាតុមានប៉ូលបូកនិងប៉ូលដកទេ កើតមកមានជីវិតជាមនុស្សនេះ នរណាក៏មានគុណសម្បត្តិនិងគុណវិបត្តិដែរ។ មនុស្សទោះល្អ ឬអាក្រក់ នៅទីបំផុតក៏ត្រូវការយុត្តិធម៌ ហើយយុត្តិធម៌នេះទៀតសោត មិនអាចផ្ដេកផ្ដួលតែម្ខាងទេ គឺត្រូវយកថ្លឹងថ្លែងទាំងសងខាង ដូចថា បើយើងនិយាយពីគុណវិបត្តិ ក៏ចាំបាច់លើកឡើងពីគុណសម្បត្តិផងដែរ។

អ្នកប្រាជ្ញប្លាតុងផ្ដល់និយមន័យថា យុត្តិធម៌គឺជាតម្លៃខ្ពស់បំផុតសម្រាប់ធ្វើឱ្យបុរីស្ថិតនៅក្នុងភាពមានលំនឹងនិងសណ្តាប់ធ្នាប់។ យ៉ាងដូចនេះហើយ ភាគក្រោយគឺយើងបន្ដស្វែងរកយុត្តិធម៌ម្ខាងទៀតស្ដីពីគុណសម្បត្តិរបស់ លោក ដូណាល់ ត្រាំ ថាតើបួនឆ្នាំមកនេះ មេដឹកនាំប្រទេសមហាអំណាចលំដាប់កំពូលក្នុងលោកមួយរូបនេះបានកសាងអ្វីខ្លះជាតម្លៃនៃលំនឹងនិងសណ្ដាប់ធ្នាប់សង្គមអាមេរិក ឬពិភពលោក៕

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា Chhoumpovnika Rin
គំនូរដោយ៖ កញ្ញា បូរ ដាលីន

ចលនាប្រជាធិបតេយ្យរបស់យុវជនក្នុងប្រទេសថៃ

បើសិនជាយើងរាប់គិតចាប់តាំងពីរដ្ឋប្រហារក្នុងឆ្នាំ១៩៣២មកឆ្នាំ២០១៤ រដ្ឋប្រហារដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូរចា គឺជារដ្ឋប្រហារលើកទី១៩ក្នុងរយៈពេល៨២ឆ្នាំ។ នារយៈពេលជាងមួយសត្សវត្សន៍នេះ បាតុកម្មនៅប្រទេសថៃគឺជាកង្វល់របស់ថ្នាក់ដឹកនាំថៃសឹងតែគ្រប់ជំនាន់។ បច្ចុប្បន្ន បាតុកម្មដែលកំពុងតែកើតឡើងក្នុងប្រទេសថៃគឺជាបាតុកម្មដ៏ធំមួយដែលកើតឡើងចំពេលដែលពិភពលោកក៏ដូចជាប្រទេសថៃទាំងមូលកំពុងជួបប្រទះនូវវិបត្តិកូវីដ១៩ ដែលមានក្រុមបាតុករចំនួនប្រមាណ ៤០ ក្រុមដែលមកពីតំបន់ផ្សេងៗ និងភាគច្រើនជាយុវជន សិស្សនិសិត្សគាំទ្រលទ្ធិប្រជាធិបតេយ្យ។ គួរបញ្ជាក់ផងដែរថា ក្រុមបាតុករបានទាមទារនូវ ១០ ចំណុចធំៗ ដែលក្នុងនោះភាគច្រើនគឺផ្តោតទៅលើការទាមទារឱ្យរំលាយរដ្ឋសភា បញ្ឈប់ការយាយីនិងរំលោភបំពានលើសកម្មជនសិទ្ធិមនុស្ស និងចុងក្រោយគឺការធ្វើកំណែទម្រង់លើរបបរាជានិយមថៃ។

នាពេលថ្មីៗនេះ កាលពីថ្ងៃ១៨ ខែកក្កដា មនុស្សប្រមាណ ៤.០០០ នាក់ ដែលភាគច្រើនជាយុវជន សិស្សនិស្សិតបានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ (និម្មិត្តរូបនៃបដិវត្តឆ្នាំ១៩៣២) នៅក្នុងទីក្រុងបាងកក។ ប៉ុន្តែអ្វីដែលយើងត្រូវចាប់អារម្មណ៍នោះគឺថា ក្រុមបាតុករភាគច្រើនស្លៀកពាក់ពណ៌ខ្មៅដែលធ្វើឱ្យគេនឹកឃើញដល់រដ្ឋប្រហារឆ្នាំ១៩៣២ ដែលជារដ្ឋប្រហារផ្លាស់ប្តូរបបរាជានិយមផ្តាច់ការមានអាយុកាលប្រមាណ ៧០០ ឆ្នាំ ទៅជាប្រទេសប្រជាធិបតេយ្យវិញ។ ក្រៅពីនេះ ក្រុមបាតុករក៏បាននាំគ្នាលើកម្រាមដៃ ៣ ដូចក្នុងរឿង The Hunger Game របស់ Suzanne Collins ដែលតំណាងឱ្យសេរីភាព ស្មើភាព និងភាតរភាព។

ក្រុមបាតុករបានលើកឡើងថា ព្រះចៅ មហាវជិរ៉ាឡុងកន កំពុងតែដើរថយក្រោយវិញមករករបបរាជានិយមផ្តាច់ការ។ ត្រង់ចំណុចនេះវាហាក់ដូចជាប្លែក និងខុសស្រឡះពីបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលរាល់ដង ត្បិតថានៅថៃមានការគោរពចំពោះព្រះមហាក្សត្រខ្លាំងបំផុតនិងពិសេសការរិះគន់ដែលប៉ះពាល់ដល់រាជានិយមនៅថៃនឹងត្រូវប្រឈមចំពោះមុខច្បាប់។ ប៉ុន្តែគេគួរចាប់អារម្មណ៍ដែរថា រាប់ចាប់ពីពេលដែលព្រះចៅ មហាវជិរ៉ាឡុងកន បានឡើងគ្រងរាជ្យជំនួសព្រះចៅ ភូមិពលអតុល្យតេជ ទ្រង់ហាក់កំពុងព្យាយាមពង្រឹងអំណាចខ្លួនយ៉ាងខ្លាំង។ ទ្រង់បានរុះរើសមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រដោយសមាជិកចាស់មួយចំនួនត្រូវដកចេញ និងជំនួសមកវិញនូវមនុស្សដែលជំនិតនឹងទ្រង់ ហើយទ្រង់ក៏បានដកចេញសម្តេចចៅហ្វាវាំងដែលសល់ពីព្រះបិតារបស់ទ្រង់ផងដែរ។ ក្រៅពីនេះ ទ្រង់ក៏បានដកទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រដែលគ្រប់គ្រងដោយក្រសួងហិរញ្ញវត្ថុមកគ្រប់គ្រងដោយខ្លួនឯងផ្ទាល់ និងពិសេសជាងនេះទៅទៀតនោះគឺបញ្ជាការដ្ឋានកងអង្គរក្សព្រះមហាក្សត្រត្រូវបានគ្រប់គ្រងដោយព្រះមហាក្សត្រិយ៍សុធីតាដែលជាអគ្គមហេសីផ្លូវការរបស់ទ្រង់។ យ៉ាងណាក៏ដោយ គេក៏ឃើញមានបាតុករការពាររាជានិយម បាននាំគ្នាចេញធ្វើបាតុកម្មដែរ ប៉ុន្តែពួកគេមានគ្នាមិនច្រើននោះទេ ពោលមានប្រមាណតែ ៦០ នាក់ប៉ុណ្ណោះ។

ក្រុមបាតុករក៏បានទាមទារឱ្យមានការដកចេញនូវរាជរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលគេហៅថា ”ខ្លាថៃ” និងជាមេដឹកនាំរបបសឹកដែលទើបតែជាប់ឆ្នោតយ៉ាងចម្រូងចម្រាស់កាលពីឆ្នាំ២០១៩ ដែលកាលនោះមានគណបក្សចំនួន៣មានភាពលេចធ្លោខ្លាំងគឺ គណបក្សផាឡាំង ប្រឆារ៉ាត របស់លោក ប្រាយុទ្ធ ចាន់អូចា គណបក្សភឿថៃ (Pheu Thai) និងគណបក្សអណាខុតម៉ៃ (Future Forward) របស់លោក Thanathorn Juangroongruangkit។

គណបក្សអណាខុតម៉ៃនេះទើបតែបង្កើតឡើងនៅឆ្នាំ២០១៨ ប៉ុន្តែបានក្លាយជាគណបក្សមានប្រជាប្រិយភាពលេខ៣នៅក្នុងការបោះឆ្នោតឆ្នាំ២០១៩ដោយទទួលបាន ៨០ កៅអី។ យោងតាមសារពត៌មាន CNN គណបក្សនេះត្រូវបានរងការចោទប្រកាន់លើសពី ២០ ករណី ហើយនៅឆ្នាំ២០២០ តុលាការសម្រេចរំលាយគណបក្សនេះក្រោមការចោទប្រកាន់លើការប្រើប្រាស់ហិរញ្ញវត្ថុហួសដែនកំណត់ក្នុងអំឡុងពេលបោះឆ្នោត និងសម្រេចហាមមិនឱ្យលោកធ្វើនយោបាយចំនួន ១០ ឆ្នាំ។ សេចក្តីសម្រេចរបស់តុលាការនេះបានបញ្ឆេះឱ្យមានបាតុកម្មដំបូងកើតឡើងនៅក្នុងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែដោយសារការរាតត្បាតនៃកូវីដ១៩ ទើបក្រុមបាតុករនានាត្រូវបានផ្អាកជាបណ្តោះអាសន្ននៅពេលជំងឺកូវីដ១៩បានធ្វើឱ្យប្រទេសថៃបិទសកម្មភាពសង្គម រួមទាំងការហាមប្រាមលើការប្រមូលផ្តុំជាសាធារណៈផងដែរ។

ដូចនេះ តើបាតុកម្មនេះអាចជារងើកភ្លើងតូចដែលអាចបង្កឱ្យមានជាវិបត្តិសង្គមធំៗ ដូចជា បាតុកម្មឆ្នាំ១៩៧៣ បាតុកម្មឆ្នាំ១៩៧៦ រដ្ឋប្រហារឆ្នាំ២០០៦ (ក្រុមអាវលឿង និងអាវក្រហម) ជាដើម ឱ្យឆេះរោលរាលម្ដងទៀតដែរឬទេ? ខណៈដែលថៃកំពុងតែមានបាតុករពីរក្រុមដែលមានគំនិតខ្វែងគ្នា និងជាពិសេសនៅពេលដែលអាជ្ញាធរថៃបានចាប់ផ្តើមប្រើនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងយុវជនយ៉ាងហោចណាស់ចំនួន ២៥ នាក់ដែលបានពាក់ព័ន្ធនៅក្នុងបាតុកម្ម ចាប់តាំងពីមានអនុក្រឹត្យដាក់ប្រទេសឱ្យស្ថិតក្នុងភាពអាសន្នមក។ ក្រៅពីនេះ ក្រុមបាតុករក៏បានបន្តទម្លាក់បន្ទុកយ៉ាងខ្លាំងមកលើរាជរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលធ្វើឱ្យមានសម្ពាធសេដ្ឋកិច្ច យុវជនជាច្រើនគ្មានការងារ ។ មួយវិញទៀត ក្រុមហ៊ុនបណ្តាញសង្គមFacebook មានបំណងចង់ប្ដឹងរាជរដ្ឋាភិបាលបាលថៃលើការពិនិត្យចាប់ពិរុទ្ធ និងការបង្ខំឱ្យក្រុមហ៊ុនបិទគណនីបណ្តាញសង្គមរបស់សកម្មជនលទ្ធិប្រជាធិបតេយ្យ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ភោគ លាងហេង
គំនូរដោយ៖ លោក ហ៊ី សុជាតិ

ភាពរកាំរកូសរវាងប្រជាជនហុងកុង និង រដ្ឋាភិបាលចិននៅឆ្នាំ២០៤៧ទៅលើបញ្ហាសិទ្ធិមនុស្ស និងសេរីភាព

ចំពោះការវិភាគទៅលើករណីហុងកុង យើងឃើញមានមតិផ្សេងៗគ្នាចំនួន២ដែលទស្សន៍ទាយអំពីជោគវាសនារបស់ហុងកុងបន្ទាប់ពីកិច្ចព្រមព្រៀងរវាងចិននិងអង់គ្លេសក្នុងការដាក់ហុងកុងជាតំបន់រដ្ឋបាលពិសេសត្រូវបានបញ្ចប់នៅឆ្នាំ២០៤៧។​ ចំពោះមតិខ្លះទៀតដូចជាមតិរបស់លោក Benny Tai លោកបានយល់ថា ចិនអាចនឹងឱ្យហុងកុងមានឱកាសក្នុងការបន្តនូវរបៀបរបបនយោបាយដូចមុនដដែលទោះបីជាហុងកុងត្រូវបានប្រគល់ទៅឱ្យចិនវិញយ៉ាងពេញលេញ។​ ប៉ុន្តែ​​​​ចំពោះអ្នកវិភាគដូចជាលោក Kenneth Chan និង​លោក Robert Morris​ ពួកគេមានគំនិតយល់ស្របគ្នាថា​ កិច្ចព្រមព្រៀងអំពីហុងកុងនេះគឺជាកិច្ចព្រមព្រៀងដែលមានអាយុកាលតែ៥០ឆ្នាំតែប៉ុណ្ណោះ ហេតុដូចនេះហើយបន្ទាប់ពីកិច្ចសន្យានេះត្រូវបានបញ្ចប់ នោះច្បាស់ណាស់ថាចិននឹងប្រាកដជាគ្មានហេតុផលអ្វីត្រូវទុកឱ្យហុងកុងបន្តស្ថិតនៅជាតំបន់រដ្ឋបាលពិសេសនៅក្រោមគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»​ ទៀតទេ ហើយហុងកុងនឹងមកស្ថិតក្រោមការដឹកនាំតាមបែបនយោបាយកុម្មុយនីសផ្តាច់ការបែបទីផ្សារសេរី។​

ប្រសិនបើយើងលើកយកមតិដែលថាចិននឹងគ្រប់គ្រងហុងកុងតាមបែបផែនរបស់ចិនដីគោក​មកពិភាក្សាយើងនឹងអាចធ្វើការសន្និដ្ឋានថាបើសិនជាចិនគ្រប់គ្រងហុងកុងឲ្យកាន់តាមរបបកុម្មុយនីស្ត​ទាំងស្រុង ហើយមានការរឹតត្បឹតសេរីភាពនយោបាយ នោះប្រជាជនហុងកុងអាចនឹងមិនព្រមទទួលយករបបកុម្មុយនីស្តចិននេះទេ ហើយវាក៏អាចធ្វើឲ្យមានការប្រឆាំងតបទៅរដ្ឋាភិបាលចិនវិញផងដែរបើទោះកិច្ចព្រមព្រៀងទៅលើបញ្ហាហុងកុងត្រូវបានបញ្ចប់​។​ការសន្និដ្ធានបែបនេះគឺផ្អែកទៅតាមការវិភាគទៅលើហេតុផលមួយចំនួនដែលអាចឲ្យយើងហ៊ានសន្និដ្ឋានថាប្រជាជនហុងកុងមានទំនោរទៅរកការទាមទារឲ្យមានការផ្តល់សេរីភាពនិងការគោរពសិទ្ធិមនុស្ស​ ជាជាងការទទួលយករបបកុម្មុយនីស្តចិនទាំងស្រុងដោយងាយៗបើទោះបីជាពួកគេទទួលស្គាល់ថាពួកគេត្រូវត្រលប់ទៅនៅក្រោមការត្រួតត្រារបស់ចិនក៏ដោយ។

ចំពោះហេតុផលទីមួយ​គឺ យើងអាចមើលឃើញថាប្រជាជនហុងកុងបានផ្តាច់ខ្លួនពីវប្បធម៌នយោបាយ​និង​របៀបរបបរស់នៅពីប្រជាជនចិនដីគោកតាំងពីយូរយារណាស់មកហើយ។​ បើទោះបីជាកិច្ចព្រមព្រៀងរវាងចិន​និង​អង់គ្លេសនៅក្នុងការដាក់ហុងកុងជា​តំបន់រដ្ឋបាលពិសេសមានត្រឹមតែរយៈពេល៥០ឆ្នាំក៏ដោយកាលពីឆ្នាំ១៩៩៧ ប្រជាជនហុងកុងបានរស់នៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសតាំងតែពីឆ្នាំ១៨៤២​បន្ទាប់ពីចិនបានចាញ់សង្រ្គាមអាភៀនទី១ជាមួយប្រទេសអង់គ្លេស។​​ ដូច្នេះ បើគិតមកទល់ឆ្នាំ១៩៩៧ អង់គ្លេសបានគ្រប់គ្រងហុងកុងអស់រយៈពេល១៥៥ឆ្នាំទៅហើយ ​ដែលរយៈពេលនេះគឺបានផ្លាស់ប្តូររបៀបរបបរស់នៅនិងផ្នត់គំនិតរបស់ប្រជាជនហុងកុងឱ្យខុសដាច់ឆ្ងាយពីប្រជាជនចិនដែលរស់នៅតាមរបបនយោបាយផ្តាច់ការទៅហើយ។​​ នៅក្នុងអត្ថបទស្រាវជ្រាវជាភាសាអង់គ្លេសមួយរបស់លោក Ming K. Chan អំពីកេរដំណែលនៃការគ្រប់គ្រងរបស់អង់គ្លេសមកលើហុងកុង លោកបានសរសេរថា ​«ប្រទេសអង់គ្លេសសាកសមនឹងទទួលបានកិត្តិយសទៅលើស្នាដៃរបស់គេនៅក្នុងការគ្រប់គ្រងហុងកុង ព្រោះពួកគេធ្វើឱ្យពិភពលោកស្គាល់ហុងកុងថាជាសង្គមមួយដែលសេរី និងមានកិត្យានុភាពខាងផ្នែកសេដ្ឋកិច្ចផងដែរ»​។​ នេះគឺជាទឡ្ហីករណ៍មួយដែលអាចសរបញ្ជាក់ថា ប្រជាជនហុងកុងបានរស់នៅក្នុងបរិបទនយោបាយដែលទទួលឥទ្ធិពលពីខាងលោកសេរីបាត់ទៅហើយ។​ ហេតុដូច្នេះហើយយើងអាចយល់បានថា នៅពេលដែលតម្រូវឱ្យមានការផ្លាស់ប្តូរពី​​សង្គមបែបផែនសេរីទៅសង្គមកុម្មុយនីសវិញ យើងអាចនឹងឃើញមានភាពរកាំរកូសរវាងប្រជាជនហុងកុង​ និងរដ្ឋាភិបាលចិនកើតមានឡើង​ដោយសារតែប្រជាជនហុងកុងបានឱបក្រសោបគំនិតនយោបាយសេរីជាយូរយារណាស់មកហើយ និងពួកគេមិនចង់បាត់បង់សិទ្ធិសេរីភាពដែលពួកគេធ្លាប់តែមាននោះទេ។​

មួយវិញទៀត បើសិនជាយើងសង្កេតមើលទៅលើតួលេខនៃចំនួនសិស្ស​​និងនិស្សិតហុងកុងដែលបានទៅសិក្សានៅបរទេស យើងឃើញថាជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៨១​ រហូតដល់ឆ្នាំ ១៩៩៣​ គឺមានសិស្សនិងនិស្សិតចំនួនមិនក្រោម ៩.០០០ នាក់ទេក្នុងមួយឆ្នាំៗដែលបានចេញទៅសិក្សានៅបរទេស។​ ជាក់សែ្តងបើតាមទិន្នន័យរបស់ UNESCO​ នៅឆ្នាំ២០១៩ សិស្ស​និងនិស្សិតហុងកុងចំនួន​ ៣៦.០០០ ​នាក់កំពុងតែសិក្សារៀនសូត្រនៅប្រទេសលោកសេរីដែលរួមមាន ចក្រភពអង់គ្លេស​​ សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី​​ និង​ប្រទេសកាណាដាជាដើម។​ ការសិក្សានៅប្រទេសលោកសេរីនេះគឺអាចបង្កប់ឱ្យសិស្សទាំងនោះមានគំនិតដក់ជាប់នឹងការឱ្យតម្លៃទៅលើសេរីភាពបុគ្គល​ និងការគោរពសិទ្ធិមនុស្ស។​ ក្នុងបញ្ហានេះដែរបើទោះបីជាយើងមិនអាចសន្និដ្ឋានបានយ៉ាងពិតប្រាកដថាពួកគេអាចនឹងមានគំនិតឱបក្រសោបលទ្ធិប្រជាធិបតេយ្យដោយគ្រាន់តែទៅសិក្សារៀនសូត្រនៅប្រទេសសេរីក៏ដោយ​ យើងក៏អាចមើលឃើញបានថាបើយោងទៅតាមប្រវត្តិរបស់ហុងកុង ប្រជាជននៅ​ទីនោះបានទទួលបានសិទ្ធិសេរីភាព និង​ការគោរពសិទ្ធិមនុស្សដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង​រវាងចិននិងអង់គ្លេសបានយ៉ាងទូលំទូលាយរួចស្រេចទៅហើយ រីឯការទៅសិក្សារៀនសូត្រនៅប្រទេស​សេរីនោះយ៉ាងហោចណាស់ក៏អាចឱ្យពួកគេបានជ្រាបនូវផ្នត់គំនិតបែបសេរីនោះបន្ថែមទៀតផងដែរ។​​

កត្តាវប្បធម៌លទ្ធិប្រជាធិបតេយ្យលើសពី១០០ឆ្នាំ និងផ្នត់គំនិតដែលទទួលបានពីសង្គមសេរីនានា​តែងជំរុញឱ្យពួកគេចេះចោទជាសំនួរនិងធ្វើការតវ៉ានៅពេលដែលមានរឿងអយុត្តិធម៌ណាមួយកើត​ឡើង​នៅក្នុងសង្គមរបស់ពួកគេ ហើយពួកគេនឹងមានភាព​មិនសុខចិត្តនៅពេលដែលសិទ្ធិសេរីភាពរបស់ពួកគេត្រូវបានកៀបសង្កត់និងរឹតត្បិតនៅពេលដែលគេបញ្ចេញមតិទៅលើរដ្ឋាភិបាលចិនដែលអាចបង្ករឱ្យមានការតវ៉ានិងរើបង្រះដើម្បីទទួលបានសិទ្ធិសេរីភាពពេញលេញមកវិញ។​​ យើងនៅតែអាចសនិ្នដ្ឋានបានភាពរកាំរកូសរវាងរដ្ឋាភិបាលចិននិងប្រជាជនហុងកុងអាចនៅតែជាបញ្ហាប្រឈមមួយសម្រាប់ចិននៅក្នុងអំឡុងពេលផ្លាស់ប្តូរ (transition period) បើទោះបីជាចិនអាចប្រើអំណាចរបស់ខ្លួនក្នុងការកៀបសង្កត់លើប្រជាជនហុងកុងក៏ដោយ ពីព្រោះប្រជាជនហុងកុងនៅតែមានទំនោរទៅរកការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិតេយ្យ។​

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរដោយ៖ លោក ហ៊ី សុជាតិ

សង្គ្រាមត្រជាក់ថ្មី អាមេរិក-ចិន

មានរឿងមួយដែលគួរតែរំលឹកទាក់ទងនឹងទំនាក់ទំនងការទូតរវាងមហាអំណាចជើងចាស់អាមេរិក  និង មហាអំណាចជើងថ្មីចិនគឺកាលពីឆ្នាំ ១៩៥៤ ស្រាប់តែលោក ចន ហ្វូស្ទ័រ ឌូលស៍ (John Foster Dulles) រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកមិនព្រមចាប់ដៃជាមួយ និងលោក ជូ អេន ឡាយ (Zhou Enlai) នាយករដ្ឋមន្ត្រីនៃប្រទេសចិននៅសម័យនោះ។ នេះជាឧប្បត្តិហេតុការទូតមួយស្តែងឱ្យឃើញថា  អាមេរិកនាពេលនោះ​មើលងាយខ្លាំងណាស់ចំពោះប្រទេសនៅអាស៊ីជាពិសេសប្រទេសចិនព្រោះកាលនោះចិនជាប្រទេសទន់ខ្សោយនិងក្រីក្រ។ ៦០ឆ្នាំក្រោយមក អ្វីៗគ្រប់យ៉ាងបានប្រែប្រួលស្ទើរតែទាំងស្រុង ជាពិសេសប្រទេសចិននៅក្នុងក្រសែភ្នែកអាមេរិកក៏ព្រោះតែសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ចិនក្នុងរយៈពេលចុងក្រោយនេះ។ ពេលនោះហើយដែលអាមេរិកចាប់ផ្តើមបង្កើតការប្រុងប្រយ័ត្នចំពោះយក្សអាស៊ីមួយនេះដែលយើងបានដឹងតាមរយៈសង្គ្រាមពាណិជ្ជកម្មជាដើម។

មកដល់ពេលបច្ចុប្បន្ននេះ ពិភពលោកហាក់កំពុងធុំក្លិនចំហាយសង្គ្រាមត្រជាក់ថ្មីមួយរវាងមហាអំណាចពិភពទាំងពីរ តាមរយៈភាពតានតឹងរាប់ចាប់តាំងពីសង្គ្រាមពាណិជ្ជកម្ម រហូតដល់វិបត្តិកូវីដ១៩ សមុទ្រចិនខាងត្បូង និងវិបត្តិការទូតជាដើម។

នៅក្នុងវិបត្តិកូវីដ ១៩ ចិននិងអាមេរិកមានសង្គ្រាមពាក្យសំដី លើប្រធានបទដូចជា ទីកន្លែងកំណើតនៃមេរោគកូវីដ១៩ អ្នកទទួលខុសត្រូវលើវិបត្តិនេះ និងវិធានការក្នុងការទប់ស្កាត់វិបត្តិកូវីដ១៩ ជាដើម។ អាមេរិកបានចោទប្រកាន់ចិនថាជាអ្នកចាប់ផ្តើមវិបត្តិនេះ ដែលហេតុធ្វើឱ្យប្រធានាធិបតី ដូណាល់ត្រាំ បានហៅជំងឺកូវីដ១៩នេះថា “មេរោគចិន ឬ មេរោគវូហាន” ប៉ុន្តែចិនវិញបានបដិសេធថាទីក្រុងវូហានរបស់ខ្លួនមិនមែនជាប្រភពដើមនៃជំងឺផ្លូវដង្ហើមថ្មីឡើយ។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក ហ្ស៊ែវ លីជៀន កាលពីថ្ងៃទី១២ ខែមីនា បាននិយាយថា មូលហេតុដែលមេរោគកូវីដ១៩នេះផ្ទុះឡើងនៅទីក្រុងវូហាន អាចមកពីការឆ្លងមុនគេពីទាហានអាមេរិកាលពីពាក់កណ្តាលខែតុលាដែលមកស្នាក់នៅទីក្រុងវូហានដើម្បីប្រកួតកម្មវិធី Military World Games។ ក្រោយមកក្នុងថ្ងៃទី២៤ ខែឧសភា រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី បានព្រមានថា ការចោទប្រកាន់ពីសំណាក់អាមេរិកមកលើចិនគឺជាហេតុដែលអាចនឹងបង្កអោយមានសង្គ្រាមត្រជាក់ថ្មីរវាងប្រទេសទាំងពីរ ហើយលោកក៏បានហៅការចោទប្រកាន់នេះថាជាមេរោគនយោបាយ។ គួររំលឹកដែរថា លោក ដូណាល់ត្រាំ បានបន្តចោតប្រកាន់ប្រទេសចិនថាបានលាក់លៀមព័ត៌មាននិងស្ថានភាពរបស់ជំងឺកូវីដ១៩ ទើបបង្កអោយស្ថានការណ៍កាន់តែធ្ងន់ធ្ងរបែបនេះ។ ទន្ទឹមនឹងនេះ អាមេរិកបានអាក់អន់ស្រពន់ចិត្ត និងបានដើរចេញពីអង្គការសុខភាពពិភពលោក ដោយអាមេរិកបានចោទប្រកាន់អង្គការនេះថាចេះតែកាន់ជើងចិន និងត្រូវបានដឹកមុខដោយចិន ទោះបីជាអាមេរិកធ្វើវិភាគទានចំនួន៤៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ រីឯចិនធ្វើវិភាគទានត្រឹមតែ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ បញ្ហាទីតាំងភូមិសាស្ត្រនៅសមុទ្រចិនខាងត្បូងហាក់កំពុងអង្រួនស្ថានភាពក្នុងតំបន់ឱ្យកាន់តែមានភាពតានតឹង។ ស្ថានភាពសមុទ្រចិនខាងត្បូងត្រូវបានកក្រើកដោយសារតែសហរដ្ឋអាមេរិកចេញសេចក្តីថ្លែងការបញ្ជាក់ឱ្យកាន់តែច្បាស់ពីជំហររបស់អាមេរិកក្នុង ជម្លោះសមុទ្រចិនខាងត្បូង ដោយលើកឡើងថាការទាមទារ រួមទាំងយុទ្ធនាការសម្លុតគំរាមកំហែងកន្លងមករបស់ចិនទៅលើប្រទេសនៅជាប់សមុទ្រចិនខាងត្បូងគឺជាសកម្មភាពខុសច្បាប់ទាំងស្រុង ហើយអាមេរិកនឹងគាំទ្រការពារ និងជម្រុញឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងភាពបើកចំហ។ កាលពីដើមខែកក្កដា ចិនបានធ្វើសមយុទ្ធយោធានៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់មកអាមេរិកបានបញ្ជូននាវាចម្បាំងពីរគ្រឿងទៅក្បែរតំបន់នោះ។ កាលពីថ្ងៃទី២៤ កន្លងទៅនេះក្រសួងការពារជាតិចិនបានប្រកាសថានឹងធ្វើសមយុទ្ធបាញ់សាកល្បងទ្រង់ទ្រាយធំជាមួយនិងគ្រាប់ដែលមានកម្លាំងខ្លាំងនៅក្នុងសមុទ្រចិនខាងត្បូងចាប់ពីថ្ងៃទី២៥ ខែកក្កដា នេះទៅដល់ថ្ងៃទី០២ ខែសីហា នៅខណៈដែលយោធាអាមេរិកកំពុងមានវត្តមាននៅក្បែរនោះនិងក្បែរតំបន់តៃវ៉ាន់ផងដែរ។ ក្នុងករណីសមុទ្រចិនខាងត្បូងនេះដែរ ចិនបានចង្អុលចំៗចោទអាមេរិកថាចេះតែយកដៃមកកូរស្ថានភាពនៅសមុទ្រចិនឱ្យល្អក់កករ ហើយអំឡុងពេលចិនបាននិងកំពុងបន្តដោះស្រាយដោយសន្តិវិធី អាមេរិកចេះតែអុជអាលប្រទេសជាប់ពាក់ព័ន្ធ។  មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនបានវាយប្រហារអាមេរិកថា អាមេរិកគ្រាន់តែយកលេសជាអ្នកមើលការខុសត្រូវច្បាប់អន្តរជាតិដើម្បីស្វែងរកប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ។

របត់ផ្លូវគោលនយោបាយការបរទេសរបស់ប្រទេសទាំងពីរនេះមិនត្រឹមតែជាការទិតៀន និងការហែកហួរគ្នាដោយបើកចំហនោះទេ ក្នុងនោះពិភពលោកកំពុងចាប់អារម្មណ៍លើវិបត្តិយ៉ាងក្តៅគគុក ដូចជាការបិទកុងស៊ុល ការកៀរគរសម្ព័ន្ធមិត្ត ការគំរាមបញ្ចប់អនាគតនៃកម្មវិធីបណ្តាញសង្គម TikTok និងការបង្កើតច្បាប់សម្រាប់ដាក់ទណ្ឌកម្មលើមន្ត្រីចិនជាដើម។ ព្រឹត្តការណ៍ដ៏សំខាន់ដែលប្រវត្តិសាស្ត្រនឹងចារទុកនោះគឺការបង្គាប់ឱ្យបិទកុងស៊ុលរវាងគ្នានិងគ្នាដែលចាប់ផ្តើមដោយភាគីអាមេរិក។ រដ្ឋាភិបាលអាមេរិកបានសម្រេចបិទស្ថានកុងស៊ុលចិន ប្រចាំក្រុង Houston ជាបន្ទាន់ក្នុងថ្ងៃទី២២ ខែកក្កដា ក្រោមហេតុផលថា ដើម្បីការពារកម្មសិទិ្ធបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាមេរិក។ នៅក្នុងថ្ងៃដដែល ក្រសួងការបរទេសចិនបានចេញលិខិតប្រកាសមួយ ដូនដំណឹងទៅនិស្សិតចិននៅសហរដ្ឋអាមេរិកឱ្យមានការប្រុងប្រយ័ត្ន ព្រោះអាជ្ញាធរអាមេរិកកំពុងធ្វើសកម្មភាពចាប់មនុស្សសួរចម្លើយ និងរឹបអូសឯកសារ  ឬទ្រព្យសម្បត្តិជាដើម។ ពីរថ្ងៃបន្ទាប់ពីការបង្គាប់ឱ្យបិទស្ថានកុងស៊ុលចិន ចិនក៏បានលុបចោលអាជ្ញាបណ្ណរបស់ស្ថានកុងស៊ុលអាមេរិក នៅភាគខាងត្បូងនៃទីក្រុង Chengdu ផងដែរ។

មួយវិញទៀត អាមេរិកមិនត្រឹមតែកំពុងវាយប្រហារ និងព្យាយាមខ្ទប់ឥទ្ធិពលចិនតែម្នាក់ឯងនោះទេ អាមេរិកក៏ហាក់ដូចជាកំពុងកៀគរសម្ព័ន្ធមិត្តមកកៀបចិនផងដែរ។ ជាក់ស្តែង ប្រទេសអូស្ត្រាលីបានមូលមាត់គ្នាជាមួយប្រទេសអាមេរិកក្នុងការចោទប្រកាន់ការទាមទាររបស់ចិនលើសមុទ្រចិនខាងត្បូងថាជាការទាមទារខុសច្បាប់។ ហើយខណៈដែលអាមេរិកកំពុងប្រញាប់ប្រញាល់បង្កើតប្រព័ន្ធ5G អាមេរិកក៏កំពុងដើរពពាយនាយឱ្យប្រទេសពាសពេញសកលលោកខ្លាចរអារនឹងរដ្ឋាភិបាលចិនថាអាចយកទិន្នន័យអតិថិជនមកប្រើប្រាស់ និងគំរាមកំហែងលើសន្តិសុខជាតិដោយប្រើវិស័យបច្ចេកវិទ្យាផងដែរ។  ការណ៍ដែលប្រទេសអភិវឌ្ឍន៍មួយចំនួនដូចជាប្រទេសអង់គ្លេស នូវែលសេឡង់ ជប៉ុន ជាដើម បានហាមឃាត់មិនប្រើប្រាស់ប្រព័ន្ធ5Gដូចអាមេរិកដែលនោះ អាចជាជោគជ័យមួយរបស់អាមេរិកក្នុងការខ្ទប់ការរីកធំធាត់លឿនពេកលើវិស័យបចេ្ចកវិទ្យារបស់ចិន។  ជាមួយគ្នានេះដែរ អាមេរិកក៏បាននិងកំពុងបន្លាចពិភពលោកអំពីប្រព័ន្ធបណ្តាញសង្គមដែលចិនបានបង្កើតឡើងឈ្មោះថា TikTok ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីយុវជនពាសពេញសកលលោក។  ខណៈដែលប្រទេសជាច្រើនបានបន្តបិទបណ្តាញសង្គមនេះក្រោមហេតុផលថា ខ្លាចរដ្ឋាភិបាលចិនយកទិន្នន័យរបស់អតិថិជនទៅប្រើប្រាស់និងការគំរាមកំហែងសន្តិសុខជាតិ អាមេរិកក៏បានបង្គាប់ឱ្យក្រុមហ៊ុន Microsoft ចរចាដើម្បីទិញ TikTok។ ក្នុងន័យសេដ្ឋកិច្ច TikTok គឺជាបណ្តាញសង្គមដែលទើបតែនឹងរះឡើង ហើយក៏មានសក្តានុពលយ៉ាងខ្លាំងដែលអាចឱ្យក្រុមហ៊ុនអាមេរិកចំនេញប្រាក់យ៉ាងច្រើន។ ក្នុងន័យនយោបាយ អាមេរិកហាក់កំពុងលាបពណ៌និងសម្អុយកេរ្តិ៍ឈ្មោះចិន ដែលជាយុទ្ធសាស្ត្រទាញអំណាចទន់ Soft Power របស់ចិនធ្លាក់ទឹក ក្នុងគោលបំណងឱ្យពិភពលោកយល់ឃើញថាចិនជាប្រទេសមិនល្អ។ ដូចនេះ ក្នុងសេណារីយូដែល Microsoft អាចទិញ TikTok បាន ហើយប្រទេសដែលបានបិទ TikTok ក៏បានបើកឱ្យប្រើប្រាស់វិញ តើនេះមានន័យថា ពិភពលោកជឿជាក់អាមេរិកថាជាប្រទេសដ៏ល្អប្រពៃ ហើយចិនជាប្រទេសដែលតែងតែមានបំណងអាក្រក់លើពិភពលោកមែនទេ?

ថ្វីត្បិតតែបច្ចុប្បន្ននេះ នៅមិនទាន់មានប្រទេសណាដើរតួរជាកូនអុករបស់ប្រទេសមហាអំណាចទាំងពីរក្នុងភ្លើងសង្រ្គាមដូចកាលពីសង្គ្រាមត្រជាក់សូវៀតនិងអាមេរិកក៏ពិតមែន ក៏ប៉ុន្តែក៏បាញ់បោះពាក្យសម្តីនិងនយោបាយការបរទេសប្រឆាំងគ្នាចំៗនេះ ហាក់ធ្វើឱ្យពិភពលោកស្គាល់នូវសង្គ្រាមត្រជាក់ថ្មីមួយដែលប្រកួតប្រជែងគ្នាត្រឹមតែមនោគមន៍វិជ្ជាឡើយ ពោលគឺសឹងតែគ្រប់វិស័យជាពិសេសគឺសេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យា។ មួយវិញទៀតនៅមានមតិផ្សេងៗគ្នាទៅលើរឿងនេះដែលអ្នកវិភាគខ្លះគិតថា ចិនមិនបានប្រកួតប្រជែងដើម្បីផ្លាស់ប្តូររបបពិភពលោកបច្ចុប្បន្នទេ  ប៉ុន្តែអ្នកដែលចង់ឱ្យមានការផ្លាស់ប្តូរនោះគឺអាមេរិកដោយសារតែប្រយោជន៍មួយភាគធំចេះតែរត់ទៅរកចិន ។ ចំណែកឯអ្នកវិភាគផ្សេងទៀតមានគំនិតផ្ទុយពីនេះដោយពួកគេបានយល់ថាការដែលចិនធ្វើបែបនេះគឺចិនមានបំណងចង់ជំនួសកន្លែងរបស់អាមេរិកច្បាស់ណាស់។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ភោគ លាងហេង
គំនូរដោយ៖ កញ្ញា បូរ ដាលីន

បញ្ហាជាប់សាច់របស់ចិន ក្នុងសម័យកូវីដ ១៩

ប្រទេសចិនបានប្រែក្លាយពីនាគក្រដាសដែលប្រទេសមហាអំណាចមានបំណងចង់ហែកជាចម្រៀកៗក្នុងប្រវត្តិសាស្ត្រ ទៅជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ច នយោបាយ និងយោធានាពេលបច្ចុប្បន្ន រហូតដល់មានមហិច្ឆតាចង់ពង្រីកតួនាទីរបស់ខ្លួនទៅជាអ្នកដឹកនាំពិភពលោក។ក្នុងសម័យកូវីដ១៩ នេះចិនបានបង្វែរចំណាប់អារម្មណ៍ពិភពលោកទៅលើកំដៅទីតាំងភូមិសាស្ត្ររបស់ខ្លួន ដូចជាច្បាប់ស្តីពីសន្តិសុខជាតិហុងកុង ជំងឺចាស់នៃសាច់ជាប់ខ្លួនចិន(តៃវ៉ាន់) និងការប្រឈមមុខដាក់គ្នាតាមព្រំដែនឥណ្ឌាចិន។

ក្រោយការស្រាកស្រានបាតុកម្មដោយសារវត្តមានមេរោគ១៩ កាលពីឆ្នាំ២០១៩ បង្កឡើងដោយរដ្ឋាភិបាលប្រទេសចិនចង់ធ្វើច្បាប់បត្យាប័ន ចិនបានអបអរសាទរខួបទី២៣ឆ្នាំនៃការប្រគល់ហុងកុងមកឲ្យចិនវិញដោយច្បាប់ស្តីពីសន្តិសុខជាតិហុងកុង។ ច្បាប់ស្តីពីសន្តិសុខជាតិហុងកុងបានចែងពីបទល្មើសដែលស្ថិតក្នុងច្បាប់នេះដូចជា ការផ្តាច់ទឹកដី សកម្មភាពវិទ្ធង្សនា សកម្មភាពភេរវកម្ម និងការឃុបឃិតជាមួយបរទេសដែលគម្រាមកំហែងសន្តិសុខជាតិហុងកុង។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលប៉េកាំងអាចនឹងលូកដៃក្នុងការងារផ្ទៃក្នុងរបស់ហុងកុង តាមរយៈអំណាចក្នុងការត្រួតពិនិត្យលើការ អនុវត្តច្បាប់របស់អាជ្ញាធរ ហុងកុង និងសិទ្ធិក្នុងការតែងតាំងទីប្រឹក្សាគណៈកម្មការសន្តិសុខជាតិហុងកុងជាដើម។ 

ក្នុងរូបភាពនយោបាយ ថ្ងៃដែលច្បាប់នេះចេញអនុវត្ត នោះគោលការណ៍គ្រប់គ្រងដោយប្រព័ន្ធពីរអាចនឹងដើរដល់ទំព័រចុងក្រោយ ព្រោះរាល់សកម្មភាពប្រជាធិបតេយ្យដែលប៉ះពាល់ប្រយោជន៍និងប្រឆាំងរដ្ឋាភិបាលចិន អាចនឹងត្រូវបានកំហិត។ ការចែងនៃច្បាប់នេះហាក់ដូចជាទូលំទូលាយបន្តិច ដែលធ្វើឲ្យរូបភាពប្រជាធិបតេយ្យទាំងអស់ត្រូវបានចោទជាសំនួរ ហើយរដ្ឋាភិបាលហុងកុងជាអ្នកសម្រេចលើធាតុផ្សំនៃបទល្មើស។ ជាក់ស្តែង គ្រាន់តែច្បាប់នេះប្រកាសឲ្យប្រើប្រាស់មិនទាន់ ២៤ ម៉ោងផង គណនី Twitter ផ្លូវការរបស់ប៉ូលីសហុងកុង បានរាយការណ៍ថា មនុស្ស ១០ នាក់ត្រូវបានចោទប្រកាន់នៃច្បាប់នេះ ហើយប្រហែល ៣៧០ នាក់ត្រូវបានឃាត់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ យោងតាមសារពត៌មានអង់គ្លេស BBC សៀវភៅគាំទ្រលទ្ធិប្រជាធិបតេយ្យក៏ត្រូវបានដកចេញពីបណ្ណាល័យនៅហុងកុងដែរ។

ដោយសាររដ្ឋាភិបាលចិននៅតែទទូចបន្តបង្កើតច្បាប់ស្តីពីសន្តិសុខហុងកុងនេះ កំដៅនយោបាយការបរទេសរវាងប្រទេសចិន និងលោកខាងលិចក៏កាន់តែក្តៅឡើង។ ក្នុងនោះដែរប្រទេសអង់គ្លេស ដែលជាអ្នកត្រួសត្រាយហុងកុងកាលពីក្រោយចប់សង្គ្រាមអាភៀន បានសន្យាថានឹងផ្តល់ទិដ្ឋាការដើម្បីជាស្ពានក្នុងការផ្តល់សញ្ជាតិអង់គ្លេសឲ្យប្រជាពលរដ្ឋហុងកុងប្រសិនបើចិននៅតែបន្តសេចក្តីព្រាងច្បាប់ទៅមុខ។ ប្រធានាធិបតី ដូណាល់ត្រាំ ក៏បានប្រកាសថានឹងបញ្ចប់ទំនាក់ទំនងក្នុងក្របខ័ណ្ឌពិសេសដូចជាការផ្លាស់ប្តូរពាណិជ្ជកម្ម និងការធ្វើដំណើរជាដើម។ មិនតែប៉ុណ្ណោះ លោកក៏បានគំរាមដាក់ទណ្ឌកម្មមន្ត្រីហុងកុងនិងចិនណាដែលសហរដ្ឋអាមេរិកជឿជាក់ថាជាប់ពាក់ព័ន្ធនឹងការធ្វើច្បាប់ថ្មីនេះផងដែរ។ 

ក្នុងរូបភាពសេដ្ឋកិច្ចវិញ វិបត្តិមហាបាតុកម្មកាលពីឆ្នាំ ២០១៩ ធ្វើឲ្យសេដ្ឋកិច្ចហុងកុងធ្លាក់ជើងមិនទាន់ងើបរួចផង បែរជាមានវត្តមានមេរោគកូវីដ១៩សង្កត់បន្ថែម ហើយពេលនេះសេចក្តីព្រាងច្បាប់ថ្មីស្តីពីសន្តិសុខសង្គម ហាក់កំពុងទាញទម្លាក់សេដ្ឋកិច្ចហុងកុងឲ្យកាន់តែដុនដាបជាងមុនទៀត។ យោងតាមការសិក្សារបស់ Bloomberg គិតត្រឹមខែធ្នូឆ្នាំ២០១៩ ផលិតផលក្នុងស្រុកសរុប(GPD)  ធ្លាក់ដល់.% ចំណែកឯអត្រាអ្នកអត់ការងារឡើងដល់ ៣.% និង អ្នកដំណើរចូលទឹកដីហុងកុងបានធ្លាក់ចុះដល់ ៤៤% ចំណែកឯ នៅត្រីមាសទី១ក្នុងឆ្នាំ២០២០ ផលិតផលក្នុងស្រុកសរុប(GPD) បានធ្លាក់ដល់.% បើធៀបនឹងត្រីមាសឆ្នាំមុន ដោយសារតែវត្តមានកូវីដ១៩។ 

ចំណែកឯវត្តមានរបស់ច្បាប់ស្តីពីសន្តិសុខនេះហាក់កំពុងអង្រួនសេដ្ឋកិច្ចហុងកុង ដោយសារសហរដ្ឋអាមេរិកនឹងអាចបញ្ចប់ទំនាកទំនងក្នុងក្របខ័ណ្ឌពិសេស និងដាក់ទណ្ឌកម្មលើមន្ត្រីចិននិងហុងកុងជាដើម។ ច្បាប់នេះអាចប្តូរវាសនាហុងកុងពីមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំអាស៊ី ទៅជាសង្វៀនប្រកួតប្រជែងរវាងចិននិងអាមេរិក។ ម្យ៉ាងវិញទៀត យើងមិនគួរមើលរំលងថា ក្រៅពីទីតាំងភូមិសាស្ត្រ អំណោយផលនៃការគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យ និងការប្រកាន់យកទីផ្សារសេរី បានធ្វើឲ្យហុងកុងក្លាយជាកន្លែងត្រូវប៉ាន់របស់អ្នកវិនិយោគ និងអ្នកជំនួញ។ ដូចនេះហើយទើបលទ្ធផលនៃការសិក្សារបស់ The American Chameber of Commerce រកឃើញថា ក្រុមហ៊ុន ៨០%  បានមានការព្រួយបារម្ភខ្លាំងលើច្បាប់នេះ។ ជាមួយគ្នានេះដែរ ជិត ៤០% នៃក្រុមហ៊ុនដែល The American Chammber of Commerce បានសិក្សា នឹងផ្លាស់ប្តូរទីតាំងចេញពីហុងកុង ប្រសិនបើចិននៅតែទទូចបន្តច្បាប់នេះ ដែលនឹងប៉ះពាល់នីតិរដ្ឋជាតំបន់ពិសេសរបស់ហុងកុង។

ជម្លោះជាប់សាច់មួយទៀតរបស់ចិនគឺតៃវ៉ាន់។ ស្ថានភាពរវាងរដ្ឋាភិបាលប៉េកាំង និងតៃវ៉ាន់អាក្រក់ឬល្អគឺអាស្រ័យលើគណបក្សដែលជាក្បាលម៉ាស៊ីនដឹកនាំតៃវ៉ាន់។ ដូចដែលបានឃើញស្រាប់ ចាប់តាំងពីគណបក្សចម្រើនប្រជាធិបតេយ្យ (Democratic Progressive Party) ឈ្នះឆ្នោតនៅឆ្នាំ២០១៦ មក សម្រែកចង់ប្រកាសឯករាជ្យរបស់តៃវ៉ាន់កាន់តែឮ ហើយចិនក៏សឹងតែបញ្ចេញចង្កូមម្តងៗ។ 

ជាក់ស្តែង កាលពីថ្ងៃទី១១ ខែមករា កន្លងទៅនេះ លោកស្រី ឆៃ អ៊ីងវិន បានឈ្នះឆ្នោតធ្វើជាប្រធានាធិបតីរបស់តៃវ៉ាន់ជាថ្មី ទោះបីជាមានឧបសគ្គមួយចំនួនក្នុងអាណត្តិចាស់របស់លោកស្រីក៏ដោយ។ គន្លឹះឧបសគ្គរបស់លោកស្រីគឺនយោបាយចិត្តខ្លាំងជាមួយចិន ដែលជាហេតុនាំឱ្យចិនដាក់សម្ពាធខាងផ្នែកសេដ្ឋកិច្ចនិងផ្នែកការទូតទៅលើតៃវ៉ាន់។ ប៉ុន្តែនយោបាយរបស់លោកស្រីនេះ ក៏ជាគន្លឹះដែលជួយឱ្យលោកស្រីឈ្នះឆ្នោតភ្លូកទឹកភ្លូកដីផងដែរ។ លោកស្រីនឹងក្លាយជាប្រធានាធិបតីនៅបួនឆ្នាំខាងមុខទៀត ក៏ដោយសារប្រជាពលរដ្ឋតៃវ៉ាន់ប្រហែលបានឃើញគំរូគោលការណ៍តំបន់ពិសេសគ្រប់គ្រងដោយប្រព័ន្ធពីរនៅហុងកុងស្រាប់ ហើយបែរជាមិនបោះឆ្នោតឱ្យគណបក្សគួរមីងតាំង​(Kuomintang Party) ​​​ដែលមានគោលនយោបាយទន់ភ្លន់ជាមួយរដ្ឋាភិបាលចិន។ យោងតាមការសិក្សាដែលធ្វើនៅឆ្នាំ២០២០​​ ដោយក្រុមប្រឹក្សាកិច្ចការចិនដីគោក​ (Mainland Affair Council) របស់តៃវ៉ាន់ បានរកឃើញថា ៨៩,% នៃប្រជាពលរដ្ឋតៃវ៉ាន់ដែលស្ថិតក្នុងការសិក្សានេះបានប្រឆាំងនឹងគោលការណ៍ប្រទេសមួយប្រព័ន្ធពីរ និង ៥៤,% យល់ឃើញថាប្រទេសមួយប្រព័ន្ធពីរជាគោលការណ៍បរាជ័យ បន្ទាប់ពីបានឃើញវិបត្តិនៅហុងកុង។ 

នៅក្នុងសម័យកូវីដ ១៩ នេះវិញ តៃវ៉ាន់បានឆ្លើយតបនឹងការវាយលុកដោយមេរោគកូវីដ ១៩ មានប្រសិទ្ធភាពជាងគេ រហូតដល់សហរដ្ឋអាមេរិកប្រទេសណូវែលហ្សេឡង់ ប្រទេសជប៉ុនប្រទេសអូស្ត្រាលី ជាដើម គាំទ្រឱ្យតៃវ៉ាន់ចូលរួមសន្និបាទអង្គការសុខភាពពិភពលោក។ ភាពជោគជ័យរបស់តៃវ៉ាន់ និងវត្តមានតៃវ៉ាន់នៅក្នុងសន្និបាទអង្គការសុខភាពពិភពលោកជារឿងតូចតាចទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺគណបក្សដែលកាន់អំណាចបច្ចុប្បន្ននៅតៃវ៉ាន់គឺគណបក្សចម្រើនប្រជាធិបតេយ្យ​​ ដែលគណបក្សនេះប្រឆាំងនឹងគោលការណ៍ចិនតែមួយ និងមិនព្រមទទួលយកគោលការណ៍តំបន់ពិសេសគ្រប់គ្រងដោយប្រព័ន្ធពីរ។ ប្រសិនបើយើងក្រឡេកមើលថយក្រោយ កាលពីទំនាក់ទំនងរវាងចិននិងតៃវ៉ាន់មានភាពល្អូកល្អិនដូចរាត្រីទឹកឃ្មុំក្នុងចន្លោះឆ្នាំ២០០៩ ទៅឆ្នាំ២០១៦ តៃវ៉ាន់ធ្លាប់ចូលរួមសន្និបាទ អង្គការសុខភាពពិភពលោកក្នុងនាមជាអ្នកសង្កេតការបានគឺដោយសារក្បាលម៉ាស៊ីនតៃវ៉ាន់គ្រានោះជាគណបក្សគួរមីងតាំង។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានមានប្រសាសន៍កាលពីខែឧសភាកន្លងទៅនេះថា តៃវ៉ាន់នឹងអាចមានវត្តមានក្នុងសន្និបាទអង្គការសុខភាពពិភពលោកបាន លុះត្រាតែតៃវ៉ាន់យល់ព្រមគោលការណ៍ចិនតែមួយ ព្រោះចិនបានចុះអនុស្សរណៈជាមួយអង្គការសុខភាពពិភពលោកលើវត្តមានតៃវ៉ាន់នៅក្នុងសន្និបាទសុខភាពពិភពលោក រួចទៅហើយកាលពីឆ្នាំ២០០៥។ 

យ៉ាងណាមិញ តៃវ៉ាន់បានទាញកាលានុវត្តភាពជាច្រើនពីស្ថានភាពនៅហុងកុងដែរ។ ខណៈកំពុងជួបប្រទះអត្រាកំណើតទាប និងខ្វះធនធានមានសក្តានុពលស្រាប់ផងនោះ តៃវ៉ាន់បានយកឱកាសវត្តមានច្បាប់ស្តីពីសន្តិសុខជាតិហុងកុងមកសន្យាថានឹងផ្តល់សញ្ជាតិឱ្យប្រជាពលរដ្ឋហុងកុងមករស់នៅលើទឹកដីរបស់ខ្លួន។ ជាក់ស្តែង ប៉ុន្មានម៉ោងក្រោយពីការប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីសន្តិសុខជាតិហុងកុង Mainland Affair Council បានចេញផ្សាយថា តៃវ៉ាន់បានបង្កើតមន្ទីរហុងកុងតៃវ៉ាន់ក្នុងគោលបំណងសម្រួលការធ្វើអន្តោប្រវេសន៍គ្រប់រូបភាពរបស់ប្រជាពលរដ្ឋហុងកុង និងជាពិសេសការវិនិយោគផ្សេងៗនៅតៃវ៉ាន់។ មួយវិញទៀត យោងតាមការចុះផ្សាយដោយ The Japan Times រដ្ឋមន្ត្រី ​Mainland Affair Council បានមានប្រសាសន៍ថាពួកយើងសង្ឃឹមថានឹងទាក់ទាញមូលធន និងអ្នកជំនាញជាច្រើនពីហុងកុងមកតៃវ៉ាន់ ជាពិសេសអ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ។ យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់ Bloomberg ក្នុងចន្លោះខែមករាដល់ខែឧសភាកន្លងទៅនេះ ចំនួនប្រជាពលរដ្ឋហុងកុងដែលបានផ្លាស់ទីលំនៅទៅតៃវ៉ាន់បានកើនដល់ ៩៦% បើធៀបនឹងឆ្នាំ២០១៩ ខណៈដែលចំនួននៃការវិនិយោគបានកើនដល់ ២៥%

ក្រៅពីជម្លោះទីតាំងភូមិសាស្ត្រនៅក្នុងរបងរវាងចិននិងចិន ឥណ្ឌាក៏ជាគូជម្លោះទឹកដីដ៏យូរអង្វែងលើតំបន់ជាច្រើនរបស់ចិនដែរ ទោះបីជាមានចំណងការទូតនៅឆ្នាំ១៩៨៨រវាងនាយករដ្ឋមន្ត្រី លី ពីង (Premier Li Peng) និងនាយករដ្ឋមន្ត្រី រ៉ាជីវ ហ្គានឌី (Prime Minister Rajiv Gandhi) ដែលកាលនោះភាគីចិននិងឥណ្ឌាបានព្រមព្រៀងគ្នាលើការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនិងមិត្តភាព ហើយបើយោងតាមការចុះផ្សាយសារព័ត៌មាន The New York  Times ទាហានប្រទេសទាំងសងខាងត្រូវបានហាមឃាត់មិនឲ្យយកអាវុធទៅតំបន់នោះទេ។ ម៉្លោះហើយទើបបានជាជម្លោះព្រំដែនរវាងយក្សអាស៊ីទាំងពីរនេះភាគច្រើនធ្វើឡើងត្រឹមការវាយតប់ ឬគប់ដុំថ្ម ឬហិង្សានានាដោយមិនដែលប្រើប្រាស់កម្លាំងយោធា។

កន្លងមក ទំនាក់ទំនងរវាងចិននិងឥណ្ឌាមានភាពឡើងចុះ ដែលជួនកាលល្អូកល្អិនដូចទឹកឃ្មុំ ហើយជួនខ្លះក៏រកាំរកូសដូចទឹកខ្មេះ។ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ចិននិងឥណ្ឌាស្រុះស្រួលគ្នាក្រោមស្មារតី “Hindi Chini Bhai Bhai” ដែលមានន័យថា ឥណ្ឌានិងចិនគឺជាបងប្អូន។ ប៉ុន្តែក្រោយមក នៅឆ្នាំ១៩៦២ ចិននិងឥណ្ឌាមានសង្គ្រាមផ្ទុះឡើងដោយសារខ្សែបន្ទាត់ McMahon ហើយជាលទ្ធផល  ចិនបានវាយឈ្នះខ្សែបន្ទាត់នេះ ខណៈដែលឥណ្ឌាទទួលបរាជ័យយ៉ាងដំណំ។

ចំណែកក្នុងសតវត្សរ៍ទី២១នេះវិញ ចិននិងឥណ្ឌាបានប្រកៀកស្មាគ្នាក្នុងការអភិវឌ្ឍនិងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនដើម្បីក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ច ដូចជានៅក្នុងក្រុម BRICS (ឈ្មោះពេញនៃBRICSគឺអក្សរផ្តើមនៃប្រទេសប្រេស៊ីល រុស្សី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) ជាដើម។ ជាមួយនឹងផ្លែផ្កាសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយចិន ក៏បានកើតឡើងជារៀងរាល់ឆ្នាំ។ ក្នុងន័យនេះ ឥណ្ឌានាំចេញតិចប៉ុន្តែទិញចូលច្រើនពីចិនជាយូរឆ្នាំមកហើយ។  ជាក់ស្តែងយោងតាមការចេញផ្សាយរបស់ The Economic Times ក្នុងចន្លោះឆ្នាំ២០១៨២០១៩ ឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌាមានចំនួន ៥៣,៥៦ ប៊ីលានដុល្លារអាមេរិក និង ៤៨,៦៦ ប៊ីលានដុល្លារអាមរិក នៅឆ្នាំ២០១៩២០២០។ 

ភាពជូរចត់រវាងចិននិងឥណ្ឌាមួយទៀតគឺជាបញ្ហាព្រំដែន។ យោងតាមទិន្នន័យរបស់ Ministry of Home Affair ឥណ្ឌានិងចិនមានព្រំដែនមិនឯកភាពគ្នាប្រវែងជាង៣៥៤០ គីឡូមែត្រ។ ជាក់ស្តែង នៅថ្ងៃទី១៥ ខែមិថុនា កន្លងទៅនេះ  មានការប៉ះទង្គិចដោយហិង្សារវាងទាហានចិន និងទាហានឥណ្ឌា នៅតាមបណ្តោយព្រំដែនជាប់ជម្លោះត្រង់តំបន់ឡាដាក ដែលស្លាប់ទាហានឥណ្ឌាចំនួន ២០ នាក់។ តំបន់ឡាដាកនេះជាតំបន់ស្មុគស្មាញមួយដែលនៅជាប់តំបន់Aksai Chinដែលកាលមុនត្រូវបានគ្រប់គ្រងដោយឥណ្ឌា ប៉ុន្តែត្រូវបានចិនគ្រប់គ្រងវិញចាប់តាំងពីចិនឈ្នះសង្គ្រាមជាមួយឥណ្ឌាកាលពីឆ្នាំ១៩៦២។ 

បន្ទាប់ពីការវាយប្រតប់រហូតដល់ស្លាប់ជាលើកដំបូងនៅក្នុងរយៈពេលជាង៤៥ឆ្នាំនេះ ទឹកចិត្តស្នេហាជាតិរបស់ឥណ្ឌាត្រូវបានកើនឡើង។ ឥណ្ឌាបានប្រកាសចង់ធ្វើពហិការក្នុងការប្រើប្រាស់ផលិតផលចិន ហើយរដ្ឋាភិបាលឥណ្ឌានឹងសន្យារាំងខ្ទប់ការវិនិយោគ និងតំឡើងពន្ធលើមុខទំនិញជាង ៣០០ មុខ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលឥណ្ឌាបានប្រកាសថាខ្លួនកំពុងផ្អាកការចរចារពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៦០០ លានដុល្លារអាមេរិក។ រដ្ឋាភិបាលឥណ្ឌាក៏ប្រកាសហាមឃាត់ការប្រើប្រាស់កម្មវិធីទូរស័ព្ទចំនួន៥៩ រួមទាំងtiktokដែលមានអ្នកទាញយកមកប្រើប្រាស់ជាង ៦០០លានដងនៅឥណ្ឌា។ ការធ្វើពហិការអាចជាព្រួញមួយបាញ់បានសត្វពីររបស់រដ្ឋាភិបាលឥណ្ឌា។ នៅក្នុងផ្នែកសេដ្ឋកិច្ច ពហិការនេះអាចកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌា។ ចំណែកឯផ្នែកនយោបាយការបរទេសវិញ ឥណ្ឌាអាចពង្រឹងអំណាចឥណ្ឌានៅក្នុងការប្រឈមមុខជាមួយចិន ហើយការដកទ័ពចេញរបស់ចិនពីជ្រលងភ្នំ Galwan គឺជារូបភាពជោគជ័យមួយរបស់ឥណ្ឌា។

ប៉ុន្តែ សំណួរគួរចោទសួរគឺ តើឥណ្ឌានឹងធ្វើពហិការនេះឱ្យដល់កម្រិតណា?  យើងមិនគួរមើលរំលងឡើយថាចិនបានដើរតួយ៉ាងសំខាន់ក្នុងសង្វាក់ពាណិជ្ជកម្មឥណ្ឌា។ ជាក់ស្តែងបន្ទាប់ពីអំពើហិង្សាកន្លងទៅនេះ  The India Cellular and Electronics Association (ICEA) បានត្អូញត្អែរពីការកកស្ទះទំនិញរបស់ចិនដែលដឹកចូលឥណ្ឌាដោយសារត្រូវបានរឹតបន្តឹងក្នុងការត្រួតពិនិត្យ ហើយត្រូវចំណាយពេលបន្ថែមទៀត ខណៈសង្វាក់ផលិតកម្មកំពុងជួបប្រទះបញ្ហាពេលវេលាស្រាប់ផងនោះ ដែលបង្កដោយមេរោគកូវីដ១៩។ យោងតាមការចុះផ្សាយរបស់ The Economic Times ផលិតផលអេឡិចត្រូនិកជាងពាក់កណ្តាលត្រូវបាននាំចូលដោយចិន ហើយ២ភាគបីនៃសម្ភារក្នុងការធ្វើថ្នាំក៏ត្រូវបាននាំចូលដោយចិនដែរ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ត
គំនូរដោយ៖ លោក ហ៊ី សុជាតិ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ