"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើការវិវត្តនៃនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានជះឥទ្ធិពលអ្វីខ្លះទៅលើទំនាក់ទំនងនយោបាយក្នុងនិងក្រៅតំបន់?

ថ្មីៗនេះចំណាប់អារម្មណ៍របស់ពិភពលោកបានបង្វែរទិសដៅមកផ្តោតលើការវិវត្តនៃនយោបាយដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀតនៃគណបក្សរបស់លោកស្រី ត្រូវបានចាប់ឃុំខ្លួននៅក្នុងរដ្ឋប្រហារនៃក្រុមយោធាដែលបានប្រកាសកាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការវិវត្តនៃរបត់នយោបាយថ្មីនេះបានទទួលការឆ្លើយតបភ្លាមៗពីបណ្តាប្រទេស និងអង្គការផ្សេងៗនៅក្នុងពិភពលោកដែលមានរួមទាំងប្រទេសនៅក្នុងតំបន់ដែលជាសមាជិកអាស៊ាន សហរដ្ឋអាមេរិក ប្រទេសចិន និងអង្គការសហប្រជាជាតិផងដែរ។

ប្រសិនបើយើងក្រឡេកមើលទៅប្រវត្តិសាស្រ្តនៃការឡើងកាន់តំណែងរបស់លោកស្រី អ៊ុង សាន ស៊ូជី វិញ យើងឃើញថា លោកស្រីត្រូវបានរបបយោធាចាប់ឃុំខ្លួននៅក្នុងផ្ទះ និងដោះលែងវិញជាច្រើនលើកច្រើនសារមកហើយ ចាប់តាំងពីការចាប់ឃុំខ្លួនលើកដំបូងនៅក្នុងឆ្នាំ១៩៨៩។ លោកស្រីត្រូវបានដោះលែងពីការឃុំខ្លួនជាលើកចុងក្រោយនៅក្នុងឆ្នាំ២០១០ ហើយបានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០១៥។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រីពុំមានសិទ្ធិកាន់តំណែងជាប្រធានាធិបតីនោះទេ ដោយសារតែលោកស្រីមានគ្រួសារជាជនបរទេសដែលនៅក្នុងរដ្ឋធម្មនុញ្ញគឺពុំអនុញ្ញាតឱ្យមានសិទ្ធិធ្វើជាប្រធានាធិបតីឡើយ។ ហេតុដូច្នេះហើយ ទើបលោកស្រីក៏បានក្លាយខ្លួនទៅជាទីប្រឹក្សារដ្ឋវិញ ហើយតំណែងជាប្រធានាធិបតីត្រូវបានកាន់ដោយលោក វីន មីន (Win Myint)។ ត្បិតតែគណបក្សលោកស្រីជាប់ឆ្នោតក្ដី ក្រុមយោធាក៏នៅតែមានអំណាចនៅក្នុងរដ្ឋាភិបាលផងដែរ។ នេះក៏ដោយសារតែប្រទេសមីយ៉ាន់ម៉ាតែងតែត្រូវបានគ្រប់គ្រងដោយរបបយោធាតាំងពីប្រទេសនេះទទួលបានឯករាជ្យពេញលេញពីអង់គ្លេសមកម៉្លេះ ហើយនៅក្នុងរដ្ឋធម្មនុញ្ញរបស់មីយ៉ាន់ម៉ា កៅអីនៃសភាចំនួន ២៥% ត្រូវបានប្រគល់ទៅឱ្យរបបយោធាដោយស្វ័យប្រវត្តិ រួមទាំងការកាន់កាប់ក្រសួងសំខាន់ផងដែរ។

នៅចុងឆ្នាំ២០២០ កន្លងទៅនេះ គណបក្ស National League of Democracy (NLD) របស់លោកស្រី អ៊ុង សាន ស៊ូជី បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីម្ដងទៀត ហើយនឹងត្រូវប្រជុំសភាដើម្បីបង្កើតរដ្ឋាភិបាល។ ប៉ុន្តែនៅពេលដែលមានការរំពឹងទុកថានឹងមានការប្រជុំបង្កើតរដ្ឋាភិបាលថ្មីនេះ ប្រទេសមីយ៉ាន់ម៉ាបែរជាមកជួបប្រទះនឹងការធ្វើរដ្ឋប្រហារនិងការចាប់ខ្លួនអ្នកដែលមកពីគណបក្សឈ្នះឆ្នោតទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះ របបយោធាក៏បានដាក់ប្រទេសមីយ៉ាន់ម៉ាទៅក្នុងគ្រាអាសន្ន ហើយប្រកាសខ្លួនឡើងកាន់តំណែងរយៈពេលមួយឆ្នាំទៀតផង។ ការធ្វើរដ្ឋប្រហារដែលបណ្តាលឱ្យមានការចាប់ខ្លួនសមាជិកបក្សដែលឈ្នះឆ្នោតនេះ គឺអាចបណ្តាលមកពីការព្រួយបារម្មណ៍អំពីការបាត់បង់អំណាចរបស់ក្រុមយោធាដែលដឹកនាំដោយលោក មិញ អោង ហ្លាំង (Min Aung Hlaing)។

យោងតាមការចេញផ្សាយរបស់ The Myanmar Times ចំពោះលទ្ធផលនៃការបោះឆ្នោតនាអាណត្តិនេះ គឺមានភាពខុសប្លែកពីលទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០១៥ ដោយសារតែកាលពីឆ្នាំ២០១៥ គណបក្សរបស់លោកស្រី អ៊ុង សាន ស៊ូជី ទទួលបានកៅអីចំនួន ៣៩០ នៅសភាថ្នាក់ក្រោម និងសភាជាន់ខ្ពស់។ ប៉ុន្តែចំពោះលទ្ធផលសម្រាប់ឆ្នាំ២០២០នេះវិញយើងឃើញថា គណបក្សរបស់លោកស្រី អ៊ុង សាន ស៊ូជី បានទទួលកៅអីកាន់តែច្រើនរហូតទៅដល់ចំនួន ៣៩៦ នៃកៅអីសរុបចំនួន ៤៧៦ នៅសភាថ្នាក់ក្រោម និងសភាជាន់ខ្ពស់។ លទ្ធផលបោះឆ្នោតនេះ ប្រៀបបាននឹងការជះទឹកឱ្យស្វាងនៃយុទ្ធសាស្ត្ររបស់ក្រុមយោធាកាលពីឆ្នាំ២០១៥ ដោយសារអំណាចរបស់ក្រុមយោធាអាចត្រូវរបូតបន្តិចម្ដងៗ តាមរយៈសម្លេងគាំទ្ររបស់ប្រជាពលរដ្ឋដែលអាចពង្រីកអំណាចបន្ថែមទៀតទៅឱ្យក្រុមលោកស្រី អ៊ុង សាន ស៊ូជី នាអាណិត្ដបន្ទាប់ៗ។

ការឈ្នះកៅអីដ៏ច្រើនលើសលប់នៃគណបក្សស៊ីវិលនៅក្នុងសភាយ៉ាងដូច្នេះគឺបណ្តាលឱ្យរបបយោធាឃើញកាន់តែច្បាស់អំពីប្រជាប្រិយភាពរបស់គណបក្សរបស់លោកស្រី អ៊ុង សាន ស៊ូជី។ ប្រជាប្រិយភាពនេះធ្វើឱ្យរបបយោធាដែលគេជឿថាមានទំនោរនិងមានការទំនុកបម្រុងពីចិននេះមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពអន់ថយនៃអំណាចឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេស ដោយហេតុថាការដែលប្រជាប្រិយភាពរបស់បក្សប្រឆាំងមានភាពខ្លាំងក្លាបែបនេះអាចនឹងធ្វើឱ្យមានឥទ្ធិពលបរទេស (អាមេរិក) ចូលមកនៅពីក្រោយ ហើយធ្វើឱ្យក្រុមយោធាបាត់បង់ឥទ្ធិពលទាំងស្រុងដែលអាចឈានទៅរកការដួលរលំនៃរបបយោធា។ ក្រុមយោធាក៏មានការព្រួយបារម្ភថាការបាត់បង់ឥទ្ធិពលរបស់ខ្លួនគឺនឹងធ្វើឱ្យប៉ះពាល់ទៅដល់សុវត្ថិភាពផ្ទាល់ខ្លួន និងផលប្រយោជន៍របស់ពួកគេ។ ដោយហេតុផលយ៉ាងដូច្នេះហើយទើបរបបយោធាបានធ្វើរដ្ឋប្រហារហើយធ្វើការឃុំខ្លួនសមាជិកគណបក្សដែលឈ្នះឆ្នោតក្រោមហេតុផលថា លទ្ធផលឆ្នោតគឺមិនសុក្រឹត ហើយការឡើងគ្រប់គ្រងរបស់ខ្លួននេះគឺមានរយៈពេលត្រឹមតែមួយឆ្នាំតែប៉ុណ្ណោះ។

បម្រែបម្រួលនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចក្លាយទៅជាឧបសគ្គដែលអាចរាំងស្ទះទំនាក់ទំនងនៅក្នុងសមាគមអាស៊ានផងដែរ ដោយសារបញ្ហានេះបានបណ្តាលឱ្យប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានបញ្ចេញប្រតិកម្មនិងថ្កោលទោសទៅលើប្រទេសមីយ៉ាន់ម៉ា។ ជាក់ស្តែង ប្រទេសប្រ៊ុយណេ ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី បានអំពាវនាវឱ្យភាគីជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្តការចរចាគ្នាដើម្បីស្វែងរកនៅចំណុចរួមមួយដើម្បីឱ្យប្រទេសនេះត្រលប់ទៅរកសភាពធម្មតាវិញ ហើយគោរពទៅតាមគោលការណ៍ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលរួមមាន ការគោរពលទ្ធិប្រជាធិបតេយ្យ ការប្រកាន់ភ្ជាប់នូវនីតិរដ្ឋ និងអភិបាលកិច្ចល្អ។ រីឯប្រទេសសិង្ហបុរីវិញក៏បានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនយ៉ាងខ្លាំងទៅលើបញ្ហានេះដោយបានបញ្ជាក់ថា សិង្ហបុរីនឹងឃ្លាំមើលយ៉ាងដិតដល់នៅក្នុងបញ្ហានេះ។ ចំណែកឯប្រទេសថៃវិញបានប្រកាន់ជំហរយ៉ាងដាច់ខាតថាខ្លួននឹងមិនលូកដៃទៅលើបញ្ហារបស់ប្រទេសមីយ៉ាន់ម៉ានោះទេ ដោយហេតុថាវាជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ដែលការមិនលូកដៃនេះគឺស្របទៅនឹងគោលការណ៍មិនជ្រៀតជ្រែកដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃសហប្រជាជាតិអាស៊ាន។ ការឆ្លើយតបផ្សេងៗគ្នា រួមជាមួយនឹងការមិនពេញចិត្តចំពោះបញ្ហាដែលកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានេះហើយដែលអាចនាំឱ្យដំណើរកិច្ចសហប្រតិបត្តិការនៅអាស៊ានមានភាពល្អក់កករ។ លើសពីនេះទៅទៀត បញ្ហាចោទសំខាន់គឺ អាស៊ានត្រូវពិចារណាថាតើរដ្ឋាភិបាលមីយ៉ាន់ម៉ាមួយណា (រដ្ឋាភិបាលស៊ីវិល ឬក៏រដ្ឋាភិបាលរបបសឹក) ដែលគួរតែត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចសហប្រតិបត្តិការផ្សេងៗនៅក្នុងអាស៊ាន? ហើយប្រសិនបើកិច្ចសហប្រតិបត្តិការនេះត្រូវធ្វើឡើងនៅក្រោមតំណាងរបស់របបយោធានោះ តើនៅក្នុងរឿងនេះអាស៊ានកំពុងតែបង្ហាញការគាំទ្រដល់ការធ្វើរដ្ឋប្រហារនេះឬយ៉ាងណា? ម្យ៉ាងទៀតកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ាននឹងមានភាពជាប់គាំងប្រសិនបើអវត្តមានប្រទេសមីយ៉ាន់ម៉ាព្រោះតែបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានៅតែបន្ត ដែលនេះអាចនឹងឈានឱ្យភាពប្រេះស្រាំនៅក្នុងសាមគ្គីភាពអាស៊ាន។

មិនតែប៉ុណ្ណោះ ភាពវឹកវរដែលកើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចនឹងបង្កឱ្យមានផលប៉ះពាល់ទៅលើប្រជាជនអាស៊ានផ្សេងទៀត និងការវិនិយោគរបស់ក្រុមហ៊ុននៃប្រទេសជាសមាជិកអាស៊ាននៅក្នុងប្រទេសមីយ៉ាន់មា ហើយប្រសិនបើភាពវឹកវរនេះកាន់តែខ្លាំង នោះប្រទេសផ្សេងៗដែលនៅក្នុងតំបន់អាចនឹងចាត់វិធានការផ្សេងៗដើម្បីធានាបាននូវសុវត្ថិភាពប្រជាពលរដ្ឋនិងការវិនិយោគរបស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលការចាត់វិធានការទាំងនោះអាចនឹងប៉ះពាល់ដល់បញ្ហាអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ាផងដែរ។

បញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏អាចធ្វើឱ្យយើងងាកទៅមើលអំពីគន្លងនយោបាយរវាងចិននិងអាមេរិកផងដែរ។ ចំពោះសហរដ្ឋអាមេរិក លោក ចូបៃដិន បានសម្តែងការថ្កោលទោសយ៉ាងខ្លាំងទៅរដ្ឋប្រហារដែលធ្វើឡើងដោយរបបយោធានេះ ដោយបានគំរាមថា អាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសមីយ៉ាន់ម៉ា ហើយបានបង្ហាញជំហរយ៉ាងមុតមាំថានឹងគាំទ្រការស្តារលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ាវិញ។ ចំណែកឯចិនវិញបានបញ្ជាក់ផងដែរថា ខ្លួនបាន «កត់សម្គាល់» អំពីរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយ «សង្ឃឹមថាភាគីទាំងពីរនឹងមានដំណោះស្រាយចំពោះរឿងនេះដើម្បីធានានូវស្ថិរភាពប្រទេស»។ ចិនក៏បានបញ្ជាក់ថា ខ្លួននឹងស្វែងយល់អំពីរឿងនេះបន្តទៀត ហើយចិនក៏បានច្រានចោលនូវការចោទប្រកាន់ថាចិនគឺជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារនេះផងដែរ។

កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីឈានទៅរកការមូលមតិគ្នាអំពីដំណោះស្រាយរួមមួយនៅក្នុងបញ្ហារបស់មីយ៉ាន់ម៉ា។ ប៉ុន្តែដំណោះស្រាយរួមនោះគឺមិនបានសម្រេចឡើយដោយសារតែចិនមិនទាន់បានយល់ព្រមនៅក្នុងការសម្រេចឱ្យបាននូវសេចក្តីថ្លែងការណ៍រួមនោះទេ ដោយហេតុផលថា ចិនត្រូវការពេលដើម្បីស្វែងយល់ពីស្ថានការបន្ថែមទៀតសិន។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយឡើយដែលចិនមិនបានប្រកាសយល់ស្របទៅនឹងសេចក្តីប្រកាសផ្សេងៗនៅក្នុងក្រុមប្រឹក្សាសន្តិសុខដែលពាក់ព័ន្ធទៅនឹងបញ្ហារបស់មីយ៉ាន់ម៉ានោះទេ។

សរុបជារួមមក បញ្ហានយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចមានឥទ្ធិពលទៅលើទំនាក់ទំនងនយោបាយនៅក្នុងតំបន់អាស៊ាន និងជះឥទ្ធិពលខ្លះនៅក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក ព្រមទាំងដំណើរនយោបាយនៅក្នុងក្រុមប្រឹក្សានៃអង្គការសហប្រជាជាតិផងដែរ។ ក៏ប៉ុន្តែសំណួរមួយដែលយើងចោទសួរនៅពេលនេះគឺថា តើបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចបណ្តាលមកពីការជះឥទ្ធិពលនៃនយោបាយអាមេរិក-ចិន គួបផ្សំជាមួយនឹងបញ្ហាផ្ទៃក្នុងនយោបាយនៃប្រទេសមីយ៉ាន់ម៉ាដែលឬទេ? ជាការពិតណាស់ បញ្ហានេះគឺអាចនឹងនៅវិវត្តនៅជុំវិញបញ្ហាដណ្តើមឥទ្ធិពលគ្នារវាង ចិន និងអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ និងការស្វែងរកផលចំណេញផ្សេងៗនៅក្នុងតំបន់នេះរវាងប្រទេសទាំងពីរផងដែរ។

#The_SEED #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #មីយ៉ាន់ម៉ា

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង