ចំពោះការវិភាគទៅលើករណីហុងកុង យើងឃើញមានមតិផ្សេងៗគ្នាចំនួន២ដែលទស្សន៍ទាយអំពីជោគវាសនារបស់ហុងកុងបន្ទាប់ពីកិច្ចព្រមព្រៀងរវាងចិននិងអង់គ្លេសក្នុងការដាក់ហុងកុងជាតំបន់រដ្ឋបាលពិសេសត្រូវបានបញ្ចប់នៅឆ្នាំ២០៤៧។ ចំពោះមតិខ្លះទៀតដូចជាមតិរបស់លោក Benny Tai លោកបានយល់ថា ចិនអាចនឹងឱ្យហុងកុងមានឱកាសក្នុងការបន្តនូវរបៀបរបបនយោបាយដូចមុនដដែលទោះបីជាហុងកុងត្រូវបានប្រគល់ទៅឱ្យចិនវិញយ៉ាងពេញលេញ។ ប៉ុន្តែចំពោះអ្នកវិភាគដូចជាលោក Kenneth Chan និងលោក Robert Morris ពួកគេមានគំនិតយល់ស្របគ្នាថា កិច្ចព្រមព្រៀងអំពីហុងកុងនេះគឺជាកិច្ចព្រមព្រៀងដែលមានអាយុកាលតែ៥០ឆ្នាំតែប៉ុណ្ណោះ ហេតុដូចនេះហើយបន្ទាប់ពីកិច្ចសន្យានេះត្រូវបានបញ្ចប់ នោះច្បាស់ណាស់ថាចិននឹងប្រាកដជាគ្មានហេតុផលអ្វីត្រូវទុកឱ្យហុងកុងបន្តស្ថិតនៅជាតំបន់រដ្ឋបាលពិសេសនៅក្រោមគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ទៀតទេ ហើយហុងកុងនឹងមកស្ថិតក្រោមការដឹកនាំតាមបែបនយោបាយកុម្មុយនីសផ្តាច់ការបែបទីផ្សារសេរី។
ប្រសិនបើយើងលើកយកមតិដែលថាចិននឹងគ្រប់គ្រងហុងកុងតាមបែបផែនរបស់ចិនដីគោកមកពិភាក្សាយើងនឹងអាចធ្វើការសន្និដ្ឋានថាបើសិនជាចិនគ្រប់គ្រងហុងកុងឲ្យកាន់តាមរបបកុម្មុយនីស្តទាំងស្រុង ហើយមានការរឹតត្បឹតសេរីភាពនយោបាយ នោះប្រជាជនហុងកុងអាចនឹងមិនព្រមទទួលយករបបកុម្មុយនីស្តចិននេះទេ ហើយវាក៏អាចធ្វើឲ្យមានការប្រឆាំងតបទៅរដ្ឋាភិបាលចិនវិញផងដែរបើទោះកិច្ចព្រមព្រៀងទៅលើបញ្ហាហុងកុងត្រូវបានបញ្ចប់។ការសន្និដ្ធានបែបនេះគឺផ្អែកទៅតាមការវិភាគទៅលើហេតុផលមួយចំនួនដែលអាចឲ្យយើងហ៊ានសន្និដ្ឋានថាប្រជាជនហុងកុងមានទំនោរទៅរកការទាមទារឲ្យមានការផ្តល់សេរីភាពនិងការគោរពសិទ្ធិមនុស្ស ជាជាងការទទួលយករបបកុម្មុយនីស្តចិនទាំងស្រុងដោយងាយៗបើទោះបីជាពួកគេទទួលស្គាល់ថាពួកគេត្រូវត្រលប់ទៅនៅក្រោមការត្រួតត្រារបស់ចិនក៏ដោយ។
ចំពោះហេតុផលទីមួយគឺ យើងអាចមើលឃើញថាប្រជាជនហុងកុងបានផ្តាច់ខ្លួនពីវប្បធម៌នយោបាយនិងរបៀបរបបរស់នៅពីប្រជាជនចិនដីគោកតាំងពីយូរយារណាស់មកហើយ។ បើទោះបីជាកិច្ចព្រមព្រៀងរវាងចិននិងអង់គ្លេសនៅក្នុងការដាក់ហុងកុងជាតំបន់រដ្ឋបាលពិសេសមានត្រឹមតែរយៈពេល៥០ឆ្នាំក៏ដោយកាលពីឆ្នាំ១៩៩៧ ប្រជាជនហុងកុងបានរស់នៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសតាំងតែពីឆ្នាំ១៨៤២បន្ទាប់ពីចិនបានចាញ់សង្រ្គាមអាភៀនទី១ជាមួយប្រទេសអង់គ្លេស។ ដូច្នេះ បើគិតមកទល់ឆ្នាំ១៩៩៧ អង់គ្លេសបានគ្រប់គ្រងហុងកុងអស់រយៈពេល១៥៥ឆ្នាំទៅហើយ ដែលរយៈពេលនេះគឺបានផ្លាស់ប្តូររបៀបរបបរស់នៅនិងផ្នត់គំនិតរបស់ប្រជាជនហុងកុងឱ្យខុសដាច់ឆ្ងាយពីប្រជាជនចិនដែលរស់នៅតាមរបបនយោបាយផ្តាច់ការទៅហើយ។ នៅក្នុងអត្ថបទស្រាវជ្រាវជាភាសាអង់គ្លេសមួយរបស់លោក Ming K. Chan អំពីកេរដំណែលនៃការគ្រប់គ្រងរបស់អង់គ្លេសមកលើហុងកុង លោកបានសរសេរថា «ប្រទេសអង់គ្លេសសាកសមនឹងទទួលបានកិត្តិយសទៅលើស្នាដៃរបស់គេនៅក្នុងការគ្រប់គ្រងហុងកុង ព្រោះពួកគេធ្វើឱ្យពិភពលោកស្គាល់ហុងកុងថាជាសង្គមមួយដែលសេរី និងមានកិត្យានុភាពខាងផ្នែកសេដ្ឋកិច្ចផងដែរ»។ នេះគឺជាទឡ្ហីករណ៍មួយដែលអាចសរបញ្ជាក់ថា ប្រជាជនហុងកុងបានរស់នៅក្នុងបរិបទនយោបាយដែលទទួលឥទ្ធិពលពីខាងលោកសេរីបាត់ទៅហើយ។ ហេតុដូច្នេះហើយយើងអាចយល់បានថា នៅពេលដែលតម្រូវឱ្យមានការផ្លាស់ប្តូរពីសង្គមបែបផែនសេរីទៅសង្គមកុម្មុយនីសវិញ យើងអាចនឹងឃើញមានភាពរកាំរកូសរវាងប្រជាជនហុងកុង និងរដ្ឋាភិបាលចិនកើតមានឡើងដោយសារតែប្រជាជនហុងកុងបានឱបក្រសោបគំនិតនយោបាយសេរីជាយូរយារណាស់មកហើយ និងពួកគេមិនចង់បាត់បង់សិទ្ធិសេរីភាពដែលពួកគេធ្លាប់តែមាននោះទេ។
មួយវិញទៀត បើសិនជាយើងសង្កេតមើលទៅលើតួលេខនៃចំនួនសិស្សនិងនិស្សិតហុងកុងដែលបានទៅសិក្សានៅបរទេស យើងឃើញថាជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៨១ រហូតដល់ឆ្នាំ ១៩៩៣ គឺមានសិស្សនិងនិស្សិតចំនួនមិនក្រោម ៩.០០០ នាក់ទេក្នុងមួយឆ្នាំៗដែលបានចេញទៅសិក្សានៅបរទេស។ ជាក់សែ្តងបើតាមទិន្នន័យរបស់ UNESCO នៅឆ្នាំ២០១៩ សិស្សនិងនិស្សិតហុងកុងចំនួន ៣៦.០០០ នាក់កំពុងតែសិក្សារៀនសូត្រនៅប្រទេសលោកសេរីដែលរួមមាន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងប្រទេសកាណាដាជាដើម។ ការសិក្សានៅប្រទេសលោកសេរីនេះគឺអាចបង្កប់ឱ្យសិស្សទាំងនោះមានគំនិតដក់ជាប់នឹងការឱ្យតម្លៃទៅលើសេរីភាពបុគ្គល និងការគោរពសិទ្ធិមនុស្ស។ ក្នុងបញ្ហានេះដែរបើទោះបីជាយើងមិនអាចសន្និដ្ឋានបានយ៉ាងពិតប្រាកដថាពួកគេអាចនឹងមានគំនិតឱបក្រសោបលទ្ធិប្រជាធិបតេយ្យដោយគ្រាន់តែទៅសិក្សារៀនសូត្រនៅប្រទេសសេរីក៏ដោយ យើងក៏អាចមើលឃើញបានថាបើយោងទៅតាមប្រវត្តិរបស់ហុងកុង ប្រជាជននៅទីនោះបានទទួលបានសិទ្ធិសេរីភាព និងការគោរពសិទ្ធិមនុស្សដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងចិននិងអង់គ្លេសបានយ៉ាងទូលំទូលាយរួចស្រេចទៅហើយ រីឯការទៅសិក្សារៀនសូត្រនៅប្រទេសសេរីនោះយ៉ាងហោចណាស់ក៏អាចឱ្យពួកគេបានជ្រាបនូវផ្នត់គំនិតបែបសេរីនោះបន្ថែមទៀតផងដែរ។
កត្តាវប្បធម៌លទ្ធិប្រជាធិបតេយ្យលើសពី១០០ឆ្នាំ និងផ្នត់គំនិតដែលទទួលបានពីសង្គមសេរីនានាតែងជំរុញឱ្យពួកគេចេះចោទជាសំនួរនិងធ្វើការតវ៉ានៅពេលដែលមានរឿងអយុត្តិធម៌ណាមួយកើតឡើងនៅក្នុងសង្គមរបស់ពួកគេ ហើយពួកគេនឹងមានភាពមិនសុខចិត្តនៅពេលដែលសិទ្ធិសេរីភាពរបស់ពួកគេត្រូវបានកៀបសង្កត់និងរឹតត្បិតនៅពេលដែលគេបញ្ចេញមតិទៅលើរដ្ឋាភិបាលចិនដែលអាចបង្ករឱ្យមានការតវ៉ានិងរើបង្រះដើម្បីទទួលបានសិទ្ធិសេរីភាពពេញលេញមកវិញ។ យើងនៅតែអាចសនិ្នដ្ឋានបានភាពរកាំរកូសរវាងរដ្ឋាភិបាលចិននិងប្រជាជនហុងកុងអាចនៅតែជាបញ្ហាប្រឈមមួយសម្រាប់ចិននៅក្នុងអំឡុងពេលផ្លាស់ប្តូរ (transition period) បើទោះបីជាចិនអាចប្រើអំណាចរបស់ខ្លួនក្នុងការកៀបសង្កត់លើប្រជាជនហុងកុងក៏ដោយ ពីព្រោះប្រជាជនហុងកុងនៅតែមានទំនោរទៅរកការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិតេយ្យ។