"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

បរិការណ៍បោះឆ្នោតនៅសហរដ្ឋអាមេរិក

រដ្ឋធម្មនុញ្ញអាមេរិកបានចែងថា ការបោះឆ្នោតប្រធានាធិបតីត្រូវតែប្រព្រឹត្តទៅនៅសប្ដាហ៍ទីមួយនៃថ្ងៃអង្គារខែវិច្ឆិកា រៀងរាល់គ្រប់អាណត្តិ ០៤ ឆ្នាំម្ដង។ ក៏ប៉ុន្តែជារឿងអកុសល ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខនេះ គឺចំពេលប្រទេសមហាអំណាចមួយនេះកំពុងធ្លាក់ក្នុងវិបត្តិជំងឺកូវីដ១៩ ដែលតម្រូវឱ្យសហរដ្ឋអាមេរិករៀបចំការបោះឆ្នោតទ្រង់ទ្រាយធំតាមរយៈសំបុត្រប្រៃសណីយ៍។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិករកឃើញគូប្រជែងដ៏ស្វិតស្វាញ រវាងគណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យ គឺ លោក ដូណាល់ ត្រាំ (Donald Trump) និង លោក ចូ បៃឌិន (Joe Biden)។ បើតាមការស្ទង់មតិមុនការបោះឆ្នោតក្រោមកិច្ចសហការរវាង Washington Post រួមជាមួយ ABC News និង សមាគមអាមេរិកសម្រាប់ការស្រាវជ្រាវមតិសាធារណៈដែលធ្វើឡើងជាមួយមនុស្ស ១.០០១ នាក់ បានរកឃើញថា លោក Joe Biden និងបេក្ខភាពអនុប្រធានាធិបតីជាស្រ្ដី អ្នកស្រី Kamala Harris បាននាំមុខ លោក ដូណាល់ ត្រាំ និង លោក Mike Pence ក្នុងសំឡេង ៥៣% ទល់នឹង ៤១%។ ទោះបីជាពលរដ្ឋអាមេរិកមិនទាន់បានឃើញស្នាដៃ លោក ចូ បៃឌិន ក៏ដោយ តែការស្ទាបស្ទង់មានប្រជាប្រិយភាពជាងនេះទំនងមកពីកត្តាពីរចម្បង។ កត្តាទីមួយគឺពលរដ្ឋចង់ងាកទៅរកការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យវិញ ដែលជះឥទ្ធិពលខ្លាំងបំផុតមកពីកត្តាទីពីរគឺគុណវិបត្តិរបស់ លោក ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋ។

ដូចនេះ តើបួនឆ្នាំក្នុងអំណាចរបស់ លោក ដូណាល់ ត្រាំ បានសាងគុណវិបត្តិដោយចេតនា និងអចេតនាអ្វីខ្លះ?

ដោយសារតែសហរដ្ឋអាមេរិកជាមហាអំណាចពិភពលោកផុតលេខ គុណវិបត្តិរបស់ប្រធានាធិបតីក៏គប្បីចែកចេញជាពីរទិដ្ឋភាពដែរ គឺទិដ្ឋភាពទូទៅក្នុងប្រទេស និងក្រៅប្រទេស។

គុណវិបត្តិក្នុងប្រទេស៖

១. ជញ្ជាំងខ័ណ្ឌចែកព្រំដែនអាមេរិកកាំង-មិចស៊ីកូ (Trump Wall)៖

ក្រោយឡើងកាន់អំណាចបានមួយឆ្នាំ ម្ចាស់ទ្រឹស្ដី “អាមេរិកកាំងដំបូងគេ” (America First) បានប្រកាសផែនការកសាងជញ្ជាំងខ័ណ្ឌចែកព្រំដែនអាមេរិកកាំង-មិចស៊ីកូ មានប្រវែង ៨០០ គីឡូម៉ែត្រ ក្នុងទឹកប្រាក់ជាង ១៨ ពាន់លានដុល្លារអាមេរិក ក្រោមគោលបំណងដោះស្រាយវិបត្តិអន្ដោប្រវេសន៍ និងលំហូរដ៏អាក្រក់នៃឧក្រិដ្ឋកម្មឆ្លងដែន ដូចជាគ្រឿងញៀនជាដើម។ បើតាមរបាយការណ៍របស់គេហទំព័រBorder Report បានអះអាងថា ជញ្ជាំងនោះសង់បាន ៧២៩ គីឡូម៉ែត្រ ទៅហើយ ក្រោមទឹកប្រាក់ចំនួន ៣.៦០០ លានដុល្លារអាមេរិក ដែលយកមកពីកញ្ចប់ថវិកាគម្រោងមូលនិធិយោធាអន្ដររដ្ឋរបស់មន្ទីរបញ្ចកោណ រីឯថវិកាចំណាយសេសសល់គឺ លោក ដូណាល់ ត្រាំ បានសច្ចាយកពីមិចស៊ីកូទាល់តែបានគឺតាមរយៈការកាត់ពន្ធនាំចូលទំនិញមកអាមេរិកដោយស្វ័យប្រវត្តិ។ ផ្ទុយទៅវិញ Washington Post បានបង្ហាញថា ពលរដ្ឋអាមេរិកជាច្រើនយល់ឃើញថា លោក ដូណាល់ ត្រាំ កំពុងតែ(១) ធ្វើឱ្យខាតបង់ថវិកាជាតិ (២) កិបកេងមូលនិធិអន្ដរជាតិ (៣) បំបែកបំបាក់ទំនាក់ទំនងអាមេរិក-មិចស៊ីកូ ដោយសារមិចស៊ីកូនឹងមិនព្រមចំណាយលុយសង់ជញ្ជាំងអឌ្ឍសិទ្ធិនិងឱ្យអាមេរិកាត់ពន្ធទទេៗទេ(៤) សង់ជញ្ជាំងព្រំដែនដើម្បីបំផ្លាញប្រជាធិបតេយ្យក្នុងតំបន់ មានចរិតដាច់ធម៌មេត្តាលើជនអន្ដោប្រវេសន៍។

២. រឿងអាស្រូវនយោបាយ និងការដកតំណែងប្រធានាធិបតីមុនអាណត្តិ (Trump Impeachment)៖

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ សភាបក្សប្រជាធិបតេយ្យបានសម្រេចចោទប្រកាន់លោក ដូណាល់ ត្រាំចំនួនពីរករណី។ យោងតាមសេចក្តីសម្រេចលេខ៧៥៥ មាត្រា១ដែលចោទ លោក ដូណាល់ ត្រាំ ទាក់ទិននឹងបទរំលោភអំណាចរដ្ឋ ក្រោមមូលហេតុ លោក ដូណាល់ ត្រាំ បានប្រើប្រាស់តំណែងប្រធានាធិបតីក្នុងការគាបសង្កត់ប្រធានាធិបតី អ៊ុយក្រែន ឱ្យស៊ើបអង្កេតក្រុមគ្រួសារលោក ចូ បៃឌិន ដើម្បីជាជំនួយទុកវាយលុកសម្រាប់ការបោះឆ្នោតឆ្នាំ២០២០។ ចំណែកមាត្រា២គឺករណីរារាំងដំណើរការស៊ើបអង្កេតរបស់សភា ដោយយោងតាមមូលហេតុថា លោក ដូណាល់ ត្រាំ បានបដិសេធមិនចូលខ្លួននិងរារាំងមិនឱ្យសាក្សីទៅបំភ្លឺនៅសភា។ ជាលទ្ធផល ដោយសារតែសំឡេងគណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាមានភាពរឹងមាំបានធ្វើឱ្យបទចោទប្រកាន់ទាំងពីរករណីនេះត្រូវបានលុបចោលតាមការបោះឆ្នោតសម្រេចរបស់សមាជិកព្រឹទ្ធសភា។ ក្រោយពីរួចផុតពីគ្រោះនេះមិនបានមួយសប្ដាហ៍ផង លោក ដូណាល់ ត្រាំ សម្រេចដកតំណែងអ្នកតំណាងអាមេរិកនៅសហភាពអឺរ៉ុប គឺលោក Gordon Sondland និងសមាជិកក្រុមប្រឹក្សាសន្ដិសុខជាតិមួយនាក់ទៀតបន្ទាប់ពី លោក John Bolton គឺ លោកAlexander Vindman។ ការដកតំណែងនេះត្រូវបានគេមើលឃើញ លោក ដូណាល់ ត្រាំ ធ្វើឡើងដើម្បីសងសឹកពួកគេដែលរឹងទទឹងទៅបំភ្លឺសំណុំរឿងរបស់លោកនៅក្នុងសភា។ លើសពីរឿងអាស្រូវនយោបាយ សូម្បីតែក្នុងរង្វង់គ្រួសារក៏ លោក ដូណាល់ ត្រាំ មានរឿងអសោចដែរ។ ពាក់កណ្ដាលឆ្នាំ២០២០ ក្មួយស្រីរបស់ លោក ដូណាល់ ត្រាំ បានបោះពុម្ពសៀវភៅមួយដែលមានចំណងជើងថា “Too Much and Never Enough” ដែលបានរៀបរាប់និងឆ្លុះបញ្ចាំងអំពី លោក ដូណាល់ ត្រាំ ជាកំពូលមនុស្សក្រឡិចក្រឡុច លោភលន់ អត្មានិយមណាស់។ ក្នុងថ្ងៃដំបូងដែលដាក់លក់សៀវភៅនេះ មានអតិថិជនទិញដល់ជាង ១ លានក្បាល។ ក្រៅតែពីក្មួយស្រីហែកកេរ្ដិ៍ លោក ដូណាល់ ត្រាំ សូម្បីតែបងស្រីបង្កើតរបស់ លោក ដូណាល់ ត្រាំ ក៏ចាត់ទុកលោកជាមនុស្សគ្មានគុណធម៌ និងអសីលធម៌បំផុតដែរ។

៣. វិបត្តិកូវីដ១៩៖

កូវីដ១៩បានសម្លាប់ពលរអាមេរិកចំនួនប្រហែល ១៨៧.០០០ នាក់។ យោងតាមការសិក្សារបស់ Pewresearch ឥទ្ធិពលនៃកូវីដ១៩ដែលសម្លាប់ពលរដ្ឋអាមេរិក បានធ្វើឱ្យសេដ្ឋកិច្ចអាមេរិកដាំក្បាលយ៉ាងគំហុកនៅត្រីមាសទីពីររហូតដល់ទៅ ៣២,៩% ដែលកាលពីត្រីមាសទីមួយមានតែ ៥% ប៉ុណ្ណោះ ចំណែកចំនួនអត្រាអ្នកគ្មានការងារធ្វើចាប់ផ្តើមងើបឡើងវិញយ៉ាងឆាប់រហ័ស ។

៤. បាតុកម្ម Black lives matter៖

បុរសស្បែកសសង្កត់កបុរសស្បែកខ្មៅទាល់តែស្លាប់។ លើសពីអំពើល្មើសច្បាប់និងភាពឃោរឃៅ មជ្ឈដ្ឋានជាតិនិងអន្ដរជាតិបានយល់ឃើញថា វាជាការរើសអើងពូជសាសន៍ពណ៌សម្បុរដែលកើតមានក្នុងផ្នត់គំនិតរបស់ពួកស្បែកសជាយូរណាស់មកហើយ ទោះបីជាទាសភាពរលប់បានតែលើក្រដាសប៉ុណ្ណោះ។ យ៉ាងណាមិញ ប៉ូលីសស្បែកសទាំងបួនដែលរួមគំនិតគ្នាធ្វើទារុណកម្មលើបុរសស្បែកខ្មៅយ៉ាងសាធារណ៍ត្រូវបានថ្នាក់លើដកស័ក្ក ហើយរដ្ឋអាជ្ញាចោទប្រកាន់ពីបទមនុស្សឃាតនិងឃាតកម្មកម្រិតទី៣។ ដោយឡែក ពលរដ្ឋអាមេរិកយ៉ាងហោចណាស់ចំនួន ៧ រដ្ឋបានចេញមកតាមដងផ្លូវជួបប្រជុំគ្នា ដែលបង្កើតនូវភាពអនាធិបតេយ្យជាពីររូបភាព ពោលគឺ មួយជាបាតុកម្ម មួយទៀតជាកុប្បកម្មបែបឧក្រិដ្ឋកម្មដុតបំផ្លាញប៉ុស្ដិ៍ ប្លន់និងវាយកម្ទេចសម្ភារៈសាធារណៈនិងឯកជនដែលធ្វើឱ្យអាមេរិកចាត់វិធានការកណ្ដាប់ដៃដែកស្ដារស្ថានការណ៍ជាបន្ទាន់។

អាមេរិកធ្លាប់តែជាងបងធំលើឆាកអន្តរជាតិ ដែលប្រទេសទាំងពួងសឹងតែបិទភ្នែកដើរនយោបាយការបរទេសជាមួយគ្រប់ពេល។ វិបត្តិនយោបាយការបរទេសរបស់ លោក ដូណាល់ ត្រាំ ត្រូវបានមនុស្សជាច្រើនយល់ថាលោកកំពុងដុតបំផ្លាញអានុភាពដែលប្រធានាធិបតីមុនៗខិតខំកសាងរាប់ឆ្នាំ។ គុណវិបត្ដិរបស់ លោក ដូណាល់ ត្រាំ លើឆាកអន្តរជាតិក៏ជាកត្តាដែលអាចទាញទម្លាក់សន្លឹកឆ្នោតរបស់លោកមានដូចជា៖

១) ជាប្រវត្តិសាស្រ្ដ អាមេរិកចាញ់ការទូតអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិ៖

កាលពីថ្ងៃ១៥ ខែសីហា ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានថ្លែងដោយមោទកភាពថា ៧០ឆ្នាំមកនេះ អ៊ីរ៉ង់ទើបទទួលបានយុត្តិធម៌និងជ័យជម្នះការទូតលើសហរដ្ឋអាមេរិក។ ជ័យជម្នះនេះគឺបានមកពីមហាអំណាចរុស្ស៊ីនិងចិនបានវេតូការបោះឆ្នោតលើសេចក្ដីសម្រេចរបស់អាមេរិកលើអ៊ីរ៉ង់ក្នុងការបន្ដដាក់ទណ្ឌកម្មហ៊ុមព័ទ្ធអាវុធទៀតនៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ (UNSC)។ ប៉ុន្ដែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺមានដល់ទៅ១១ប្រទេសជាសមាជិកអចិន្រ្ដៃយ៍ និងមិនអចិន្រ្ដៃយ៍នៃក្រុមប្រឹក្សាបានអនុប្បវាទសេចក្ដីសម្រេចនេះ ហើយអ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះត្រង់ថា ក្នុងចំណោមប្រទេសទាំង១១នោះ គឺមានអាឡឺម៉ង់ បារាំង និងអង់គ្លេស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយអាមេរិកបំផុតនៅអឺរ៉ុប។ ១០ថ្ងៃក្រោយមក អាមេរិកបានដាក់សំណើឱ្យមានការបោះឆ្នោតលើដំណោះស្រាយដដែលនោះឡើងវិញ (Snapping Back)។ ម្ដងនេះ មានប្រទេសដល់ទៅ១៣បានបោះឆ្នោតជំទាស់មុនអង្គប្រជុំដែលជាហេតុធ្វើឱ្យប្រធាន UNSC ទម្លាក់សំណើអាមេរិកចេញពីរបៀបវារៈប្រជុំតែម្ដង។

២)ទុកឱកាសឱ្យម៉ាឌូរ៉ូដឹកនាំប្រទេសទៀត៖

រដ្ឋការរបស់ លោក ដូណាល់ ត្រាំ បានប្ដេជ្ញាចិត្តថានឹងទម្លាក់ម៉ាឌូរ៉ូឱ្យបានក្នុងឆ្នាំ២០២០ដោយសាររដ្ឋាភិបាលរបស់លោកបានធ្វើទុក្ខបុកម្នេញក្រុមប្រឆាំងតាមរយៈការនិរទេស ការបញ្ជូនចូលពន្ធនាគារ ការរំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយធ្ងន់ធ្ងរ ការបណ្ដោយឱ្យពលរដ្ឋធ្លាក់ក្នុងភាពអត់ឃ្លានភៀសខ្លួនទៅនៅប្រទេសជិតខាងជាង៥លាននាក់ ។ ប៉ុន្ដែយប់កាន់តែយន់ សុបិន្តកាន់តែយូរ ជិតផុតឆ្នាំ២០២០ទៅហើយ ម៉ាឌូរ៉ូនៅតែមានឱកាសដឹកនាំប្រទេសបានទៀត។ ម៉ាឌូរ៉ូបានចំអកចំពោះបរាជ័យនៃការធ្វើរដ្ឋប្រហារពីសំណាក់ក្រុមប្រឆាំង ការលុកលុយពីប្រទេសកូឡុំប៊ី និងការចំណាយលួចលាក់របស់អាមេរិកតាមប្រមាញ់លោកក្នុងតម្លៃខ្លួន១៥លានដុល្លារ ព្រមទាំងបញ្ជូនទាហានស៊ីឈ្នួលមកធ្វើឃាតលោកទៀត តែគ្មានផែនការអាមេរិកណាមួយបានសម្រេចទេ។

៣) ធ្វើឱ្យអាមេរិកមិនចុះសម្រុងនឹង G7៖

នៅសុខៗ លោក ដូណាល់ ត្រាំ ស្រាប់តែមានផែនការបន្ថែមសមាជិកចូលកិច្ចប្រជុំ G7 ចំនួនបីទៀត។ ប្រទេសដែលលោកចង់ឱ្យចូលរួមនោះគឺ កូរ៉េខាងត្បូង ឥណ្ឌា និង រុស្ស៊ី។ ប៉ុន្ដែ សមាជិក G7 ធ្វើការជំទាស់ខ្លាំងណាស់។ ប្រទេសដែលលេចធ្លោជាងគេក្នុងការជំទាស់រុស្ស៊ីមិនអោយចូល G7 នោះគឺ អាល្លឺម៉ង់ បារាំង អង់គ្លេស និងកាណាដា។ ប្រទេសទាំងអស់នេះមិនឱ្យប្រទេសរុស្ស៊ីចូលព្រោះរុស្ស៊ីត្រូវបានបណ្ដេញចេញពី G7 រួចហើយក្នុងករណីលេបយកតំបន់គ្រីមៀ រីឯប្រទេសជប៉ុនវិញបានយកជម្លោះប្រវត្តិសាស្រ្ដនឹងកូរ៉េខាងត្បូងមកតតាំងមិនឱ្យប្រទេសនេះចូលរួមក្នុងក្រុម G7 ទេ។ មួយវិញទៀត សមាជិក G7 មួយរូបគឺអាល្លឺម៉ង់បានកំពុងមានការអាក់អន់ស្រពន់ចិត្តដែលអាមេរិកនិយាយចោទប្រកាន់ថាខ្លួនថាបានរិះថាំលុយមិនបង់ចូលណាតូឱ្យច្រើនៗ។ ករណីនេះបានបណ្ដាលអោយអាមេរិកសម្រេចចិត្តជាឯកត្តោភាគីបញ្ចប់វត្តមានយោធារបស់ខ្លួនជាងម៉ឺននាក់លើទឹកដីអាល្លឺម៉ង់ហើយរំកិលកងទ័ពទាំងនោះទៅដាក់នៅប៉ូឡូញ និងបញ្ជូនខ្លះមកសហរដ្ឋអាមេរិកវិញ។

៤) បណ្ដោយឱ្យតួកគីប្រមាថសព្វាវុធអាមេរិកបាន៖

រដ្ឋាភិបាលក្រុងអង់ការ៉ាបានមានផែនការទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ីតាំងពីជំនាន់លោកប្រធានាធិបតី អូបាម៉ា មកម្ល៉េះ។ ទើបតែមកដល់រដ្ឋការ លោក ដូណាល់ ត្រាំ ទេ តួកគីដែលជាសមាជិកគន្លឹះរបស់អង្គការមហាអំណាចយោធា NATO សម្រេចបានការបញ្ជាទិញសព្វាវុធដ៏ទំនើបមួយនេះ។ បន្ទាប់មក តួកគីក៏ព្រហើនយក S-400 នោះមកសមយុទ្ធដោយបាញ់យន្ដហោះចម្បាំង F-16 របស់អាមេរិកក្នុងគោលបំណងបង្ហាញអានុភាពសព្វាវុធរបស់រុស្ស៊ី។ ថ្មីៗនេះដែរ ប្រធានាធិបតីតួកគីប្រកាសថាខ្លួនមានបំណងទិញយន្ដហោះវាយលុក SU-37 និង SU-57 របស់រុស្ស៊ីជាច្រើនគ្រឿងបន្ថែមទៀត ខណៈរៀបចំដើរចេញពីកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំងអាមេរិក F-35។

អ្វីដែលបានលើកឡើងខាងលើសុទ្ធតែពុំមែនជាគុណវិបត្តិស្រាលៗទេ ហើយក៏មានវិបត្តិជាច្រើនទៀតដូចជា បរាជ័យក្នុងការឱ្យកូរ៉េខាងជើងលះបង់កម្មវិធីនុយក្លេអ៊ែរ ការដកខ្លួនចេញពីអង្គការពិភពលោក និងសន្ធិសញ្ញានានាជាដើម ដែលពលរដ្ឋអាមេរិកអាចអហោសិកម្មឱ្យ លោក ដូណាល់ ត្រាំ បាននោះទេ។ យ៉ាងណាមិញ មិនខុសពីគ្រប់រូបធាតុមានប៉ូលបូកនិងប៉ូលដកទេ កើតមកមានជីវិតជាមនុស្សនេះ នរណាក៏មានគុណសម្បត្តិនិងគុណវិបត្តិដែរ។ មនុស្សទោះល្អ ឬអាក្រក់ នៅទីបំផុតក៏ត្រូវការយុត្តិធម៌ ហើយយុត្តិធម៌នេះទៀតសោត មិនអាចផ្ដេកផ្ដួលតែម្ខាងទេ គឺត្រូវយកថ្លឹងថ្លែងទាំងសងខាង ដូចថា បើយើងនិយាយពីគុណវិបត្តិ ក៏ចាំបាច់លើកឡើងពីគុណសម្បត្តិផងដែរ។

អ្នកប្រាជ្ញប្លាតុងផ្ដល់និយមន័យថា យុត្តិធម៌គឺជាតម្លៃខ្ពស់បំផុតសម្រាប់ធ្វើឱ្យបុរីស្ថិតនៅក្នុងភាពមានលំនឹងនិងសណ្តាប់ធ្នាប់។ យ៉ាងដូចនេះហើយ ភាគក្រោយគឺយើងបន្ដស្វែងរកយុត្តិធម៌ម្ខាងទៀតស្ដីពីគុណសម្បត្តិរបស់ លោក ដូណាល់ ត្រាំ ថាតើបួនឆ្នាំមកនេះ មេដឹកនាំប្រទេសមហាអំណាចលំដាប់កំពូលក្នុងលោកមួយរូបនេះបានកសាងអ្វីខ្លះជាតម្លៃនៃលំនឹងនិងសណ្ដាប់ធ្នាប់សង្គមអាមេរិក ឬពិភពលោក៕

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា Chhoumpovnika Rin
គំនូរដោយ៖ កញ្ញា បូរ ដាលីន
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង