"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តៃវ៉ាន់កាន់តែធំ ចិនកាន់តែពិបាកលេប

ស្ថានការណ៍ដ៏ក្ដៅគគុកនៅតំបន់ឈូងសមុទ្រតៃវ៉ាន់ក្នុងមួយរយៈពេលចុងក្រោយនេះបានបង្ហាញថាចិនអន្ទះសារកាន់តែខ្លាំងចង់លេបត្របាក់តៃវ៉ាន់ ប៉ុន្ដែដូចជានៅតែស្ទាក់ស្ទើរមិនដឹងថាលេបតៃវ៉ាន់រួចឬទេ ក្រោយពីបណ្ដោយឱ្យតៃវ៉ាន់ក្នុងរយៈពេលជាង៧០ឆ្នាំលូតធំធាត់ទៅៗ។

បើក្រឡេកមើលប្រវត្តិសាស្រ្ដចិន កាលពី ៤ ទៅ ៧ ទសវត្សរ៍មុន រដ្ឋការរបស់ជនពិជ័យសង្គ្រាម ម៉ៅ សេទង់ និង មគ្គុទេសន៍រដ្ឋចិនទំនើប លោក តេង ស៊ាវពីង ក៏ព្យាយាមយកតៃវ៉ាន់ដែរ តែខកខានដោយពិនិត្យឃើញលទ្ធភាពដណ្ដើមតៃវ៉ាន់បានគឺមានតិចតួចបំផុត ខណៈសង្គមជាតិចាំបាច់ត្រូវបន្សុទ្ធឱ្យល្អ និងធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនសិន ម្យ៉ាងបក្សកុម្មុយនីស្ដចិនត្រូវការបង្រួបបង្រួម។ រួមជាមួយគ្នានោះផងដែរ ចិនដីគោកពុំទាន់មានយុទ្ធោបករណ៍និងការដឹកជញ្ជូនជើងទឹកគ្រប់គ្រាន់ទេ។ ក្រៅតែពីកត្តាផ្ទៃក្នុងទាំងពីរនេះ ហេតុដែលធ្វើឱ្យរដ្ឋបុរសចិនទាំងពីរស្ទាក់ស្ទើរមិនលុកលុយយកតៃវ៉ាន់បានគឺដោយសារតែផែនការ Marshall របស់ប្រធានាធិបតីអាមេរិកទ្រូម៉ាន់ការពារតៃវ៉ាន់ឱ្យរឹងដៃរឹងជើង ហើយពិភពលោកក្នុងរដ្ឋការលោកម៉ៅ សេទង់នៅតែទទួលស្គាល់សាធារណរដ្ឋចិនមិនមែនប្រជាមានិតជារដ្ឋអធិបតេយ្យ។

យ៉ាងណានៅពេលនេះ លោកប្រធានាធិបតី Xj JingPing ដែលសភាឯកបក្សបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបើកផ្លូវឱ្យលោកអាចក្លាយជាមេដឹកនាំប្រទេសចិនអស់មួយជីវិត ត្រូវបានគេមើលឃើញថា អាចចាប់យកការលុកលុយតៃវ៉ាន់ដោយប្រើពាក្យថាសង្គ្រាមបង្រួបបង្រួមដើម្បីក្លាយជារដ្ឋបុរសចិនជំនាន់ថ្មីខាងតែបាន ខណៈលោកក៏មិនបោះបង់មហិច្ឆតាក្រាលផ្លូវមួយខ្សែក្រវាត់មួយ តភ្ជាប់ពិភពលោកផងទេ។

បែបនេះក៏ដោយក្ដី ចិនក៏មិនត្រូវប្រហែសថា ខណៈចិនកាន់តែខ្លាំងឡើងស្ទើរតែគ្រប់វិស័យគ្មានដែនកំណត់ ខាងតៃវ៉ាន់វិញក៏មិនបានចុះខ្សោយដែរ ហើយរដ្ឋាភិបាលរបស់អ្នកស្រី Tsai Ing Wen កាន់តែមានការទទួលស្គាល់លើឆាកអន្ដរជាតិ ស្ដែងឡើងតាមរយៈការអបអរសាទរចំពោះអ្នកស្រីដែលបានឈ្នះឆ្នោតជាប្រធានាធិបតីអាណត្តិទី២ ពីបណ្ដាប្រទេសធំៗដែល រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន បារាំង ឆេក អាល្លឺម៉ង់ អ៊ីតាលី ហ្វីលីពីន កូរ៉េខាងត្បូង។ ជាងនេះទៅទៀត រដ្ឋាភិបាលអ្នកស្រីកាន់តែលេចធ្លោដោយសារឥទ្ធិពលការទូតម៉ាសក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩ដែលបណ្ដាលឱ្យសហរដ្ឋអាមេរិក ជប៉ុន ញ៉ូវហ្សៀឡែន និង ប្រទេសចំនួន១៤ទៀត ជួយជម្រុញឱ្យតៃវ៉ាន់អាចចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោក(WHA)។

កោះតៃវ៉ាន់មិនត្រឹមតែមានផ្ទៃដីជាង៣ម៉ឺនគីឡូម៉ែត្រការ៉េដែលតូចជាងចិនរាប់រយដងទេ តៃវ៉ាន់ក៏មានភាពតូចចង្អៀតនៃទំនាក់ទំនងជាមួយពិភពលោកដែរ ដោយហេតុថាពុំមែនជារដ្ឋអធិបតេយ្យនៃមហាគ្រួសារសហប្រជាជាតិហើយក៏ជាហេតុនាំឱ្យមានការរឹតត្បិតផ្នែកពាណិជ្ជកម្ម ផលិតកម្មនិងការនាំចេញផងដែរ ប៉ុន្ដែអំណាចទិញរបស់ពលរដ្ឋតៃវ៉ាន់នេះឈរនៅលំដាប់ខ្ពស់ទី២២លើពិភពលោក។ តៃវ៉ាន់បានលើកកម្ពស់សេដ្ឋកិច្ចមូលធនរបស់ខ្លួនដោយការអភិវឌ្ឍវិស័យឧស្សាហកម្ម អេឡិចត្រូនិក ម៉ាស៊ីន យ៉ាងឆាប់រហ័ស។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានថវិការបស់តៃវ៉ាន់ Direcorate-General of Budget កាលពីថ្ងៃទី១៤ ខែសីហា ផលិតផលក្នុងស្រុកសរុបរបស់ប្រជាពលរដ្ឋតៃវ៉ាន់ម្នាក់ៗ GDP Per Capita គឺ $២៧.៣៧១ដុល្លារអាមេរិក។ កម្ពស់នេះប្រហាក់ប្រហែលបាននឹងប្រទេសជឿនលឿននៅអាស៊ីអាគ្នេយ៍គឺសិង្ហបុរី។ នៅអាស៊ី តៃវ៉ាន់គឺជាប្រទេសខ្លាសេដ្ឋកិច្ចទី៧ក្នុងចំណោម៤៨ប្រទេស។ វិស័យយោធាតៃវ៉ាន់ក្នុងមួយឆ្នាំៗកើនឡើងជាលំដាប់។ នៅឆ្នាំ២០២១ តៃវ៉ាន់មានគម្រោងចំណាយដល់ទៅ $១៥,៤២ ពាន់លានដុល្លារអាមេរិកលើវិស័យកងទ័ព ដែលនេះគឺវាកើនឡើងចំនួន ១០,២% បើប្រៀបធៀបឆ្នាំ២០២០។ គេហទំព័រ Global Military Power ដដែលបានស្រាវជ្រាវឃើញបានថាតៃវ៉ាន់ជាប្រទេសមានភាពខ្លាំងយោធាលំដាប់ទី២៦ក្នុងចំណោម ១៣៨ ប្រទេស។ តៃវ៉ាន់មានទាហានជិត ២ លាននាក់ក្នុងចំណោមប្រជាជនស៊ីវិល ២៣ លាននាក់។ សព្វាវុធដែនអាកាសមានជិត ៨០០ គ្រឿង សព្វាវុធជើងទឹកមាន ១១៧ គ្រឿងរីឯសព្វាវុធជើងគោកមានជាង ១ ពាន់គ្រឿងហើយភាគច្រើនជារបស់សហរដ្ឋអាមេរិក។ ត្បិតថាតៃវ៉ាន់នរណាក៏ដឹងថាជាដុំដីតូចមួយដុះកណ្ដាលសមុទ្រ តែមានមនុស្សភាគតិចណាស់បានដឹងថា តៃវ៉ាន់ជាដៃគូពាណិជ្ជកម្មធំទី៩របស់សហរដ្ឋអាមេរិក។ ដំបូងៗសហរដ្ឋអាមេរិកហាក់លាក់កំបាំងគោលបំណងពិតរបស់ខ្លួនជាមួយនឹងតៃវ៉ាន់ តែតាំងពីត្រាំឡើងកាន់អំណាច សហរដ្ឋអាមេរិកបានចូលកាន់តែស្និទ្ធជិតតៃវ៉ាន់។ សហរដ្ឋអាមេរិកបានចូលរួមអបអរសាទរជ័យជម្នះដ៏ភ្លូកទឹកភ្លូកដីបន្ដជាប្រធានាធិបតីតៃវ៉ាន់លើកទី២របស់អ្នកស្រី Tsai Ing Wen ដែលជាអ្នកនយោបាយប្រឆាំងចិន ហើយសន្យានាំតៃវ៉ាន់ក្លាយជារដ្ឋឯករាជ្យ។ នៅក្នុងខែសីហា និង កញ្ញា ឆ្នាំ២០២០ទៀតសោត សហរដ្ឋអាមេរិកក៏បានរៀបចំដំណើរទស្សនកិច្ចថ្នាក់រដ្ឋមន្រ្ដីពីរវិស័យដែលរួមមាន សុខាភិបាល និង ពាណិជ្ចកម្មមកកាន់ដែនកោះតៃវ៉ាន់ និងសន្យានាំតៃវ៉ាន់ចូលអង្គការអន្ដរជាតិនាពេលអនាគតដែលមានអាមេរិកជាសមាជិកស្ថាបនិក។ នៅក្នុងវិស័យទំនាក់ទំនងអន្ដរជាតិផងដែរ តៃវ៉ាន់យ៉ាងហោចណាស់មានប្រទេសតូចៗដែលភាគច្រើនជាដែនកោះដូចគ្នាចំនួន ១៨ ទទួលស្គាល់ជារដ្ឋ។ ខុសពីសហរដ្ឋអាមេរិកដែលទទួលស្គាល់តៃវ៉ាន់ប្រហាក់ប្រហែលជារដ្ឋតាមលក្ខណៈនិម្មិត សមាជិកសភាសហភាពអឺរ៉ុបចំនួន ៩ រូបកាលពីចុងខែកញ្ញាបានដាក់សំណើឱ្យសហភាពមួយនេះពិនិត្យ និងកែប្រែគោលនយោបាយចិនតែមួយសម្រាប់អឺរ៉ុបឱ្យអនុវត្តតែលើចិនដីគោក ឬបើចាំបាច់ សហភាពអឺរ៉ុបនឹងបង្កើតទំនាក់ទំនងការទូតជាមួយដែនកោះនេះដោយឡែក។ បើសិនណាជាសភាអឺរ៉ុបឈានដល់ការអនុម័តកែប្រែតាមសំណើរបស់សមាជិកសភាមែននោះ មានន័យថា តៃវ៉ាន់នឹងត្រូវបានទទួលស្គាល់ជារដ្ឋដោយសមូហភាពនៃអង្គការអន្ដរជាតិថ្នាក់តំបន់មួយ ដោយមិនចំណាយខ្លួនប្រកាសឯករាជ្យបង្កឱ្យចិនមានមានហេតុផលគ្រប់គ្រាន់បើកការវាយលុកលើតៃវ៉ាន់។

ទោះជាយ៉ាងណា បើយើងពិនិត្យមើលលើកម្លាំងយោធាមួយទល់មួយរបស់ចិនសតវត្សទី២១នេះ ការលេបយកតៃវ៉ាន់មិនមែនជារឿងពិបាកនោះទេ តែចិនទំនងមិនចង់អោយអាយុជីវិតពលរដ្ឋរបស់ខ្លួនបាត់បង់ ហើយមិនចង់អោយមានការកត់ត្រាថាចិនសម្លាប់សាច់ឈាមឯងម្ដងទៀត បូករួមជាមួយការខ្លាចរងសម្ពាធទណ្ឌកម្មសេដ្ឋកិច្ចផ្អែកលើការវិនិច្ឆ័យសិទ្ធិមនុស្ស និងតម្រូវការស្ទាបស្ទង់ការបង្រួបបង្រួមជាតិ ដីគោកនឹងរៀបចំសង្គមខាងក្នុងអោយស្រួលបួលសិនដូចជាករណីហុងកុង ស៊ីនជាំង ទីបេ ឬមួយក៏អាចមានន័យថា ចិនកំពុងពិចារណាថាលុកលុយតៃវ៉ាន់មុន ឬពង្វាតតាមយុទ្ធសាស្រ្ដភូមិសាស្រ្ដពីសមុទ្រចិនខាងត្បូងដែលតៃវ៉ាន់ក៏មានកោះមួយចំនួននៅទីនោះ៕

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ Chhoumpovnika Rin
គំនូរដោយ៖ កញ្ញា បូរ ដាលីន
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង