"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ការប្រឆាំងតវ៉ាដែលផ្តើមចេញពីប្រទេសបារាំងទៅជុំវិញពិភពលោក

ចាប់តាំងពីចប់សង្គ្រាមលោកលើកទីពីរមក ប្រទេសបារាំងបានចាប់ផ្តើមក្លាយទៅជាគោលដៅនៃជនចំណាកស្រុកផ្សេងៗនៅជុំវិញពិភពលោក។ ប្រទេសនេះបច្ចុប្បន្នគឺជាប្រទេសដែលមានប្រជាជនចម្រុះជាតិសាសន៍ និងពណ៌សម្បុរ។ ភាពចម្រុះជាតិសាសន៍នេះក៏បានបង្ករឱ្យមានភាពចម្រូងចម្រាស់ជាច្រើនផងដែរ ដែលពេលថ្មីៗនេះជាក់ស្តែងប្រទេសបារាំងក៏កំពុងតែជួបបញ្ហាមួយដែលកើតឡើងរវាងប្រជាជនដែលកាន់សាសនាឥស្លាមនិងរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវសេរីភាពនៃការបញ្ចេញមតិរបស់លោក ម៉ាក្រុង (Macron) ផងដែរ។

ការប្រឆាំងតវ៉ារបស់ប្រជាជនមូស្លីមទៅលើរដ្ឋាភិបាលបារាំងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីម៉ាក្រុង ត្រូវបានឆាបឆេះឡើងបន្ទាប់ពីមានការបោះពុម្ពផ្សាយឡើងវិញរបស់ក្រុមហ៊ុនទស្សនាវដ្តីបារាំង Charlie Hebdo នូវរូបត្លុករបស់ ព្យាការី មូហាម៉ាត់ (Prophet Muhammad) ដែលជាព្យាការីរបស់ព្រះអាឡោះនៃសាសនាឥស្លាម។ អំពើទាំងនេះត្រូវបានចាត់ទុកថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ហើយជាអំពើដែលត្រូវបានហាមឃាត់ដាច់ខាតនៅក្នុងសាសនាឥស្លាម។ គួរបញ្ជាក់ផងដែរថាការបោះពុម្ពផ្សព្វផ្សាយរូបត្លុកឡើងវិញនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ២០២០នេះ ដែលការផ្សព្វផ្សាយនេះធ្លាប់បានធ្វើរួចជាច្រើនដងមកហើយពីប្រភពផ្សេងៗគ្នាតាំងពីឆ្នាំ២០០៥មកម្ល៉េះ។ ហើយការផ្សព្វផ្សាយទាំងនោះក៏បានបង្កឱ្យកើតមានការខឹងសម្បារពីសំណាក់ប្រជាជនមូស្លីម ដែលជារឿយៗក៏បានឈានទៅដល់ការសម្លាប់និងអសន្តិសុខសង្គមទៀតផង។

ដោយឡែកកំហឹងរបស់អ្នកកាន់សាសនាឥស្លាមកាន់តែឆេះរាលដាលឡើងបន្ទាប់ពីមានការថ្លែងការណ៍របស់លោកប្រធានាធិបតីម៉ាក្រុង ដែលបាននិយាយថា លោកពុំមានតួនាទីនៅក្នុងការបោះពុម្ពផ្សាយអ្វីទាំងអស់របស់ប្រព័ន្ធសារព័ត៌មាននោះទេ ពីព្រោះនេះគឺជាសេរីភាពសារព័ត៌មាន។ បន្ទាប់ពីមានការថ្លែងដូច្នេះមក ការប្រឆាំងតវ៉ានិងការវាយប្រហារកាន់តែមានសភាពតានតឹងនិងវឹកវរឡើង ដែលធ្វើឱ្យលោកប្រធានាធិបតីម៉ាក្រុង ហៅសាសនានេះថាជាសាសនាដែលមានវិបត្តិ។ បន្ទាប់មកទៀត ដោយយោងទៅតាមការចុះផ្សាយរបស់កាសែត អាល់ចាស៊ីរ៉ា (Aljazeera) គ្រូជនជាតិបារាំងអាយុ៤៧ឆ្នាំម្នាក់ត្រូវបានបុរសវ័យ១៨ឆ្នាំម្នាក់សម្លាប់ដោយការកាត់ក្បាល បន្ទាប់ពីគាត់បានបង្ហាញរូបត្លុកព្យាការីមហាម៉ាត់នៅក្នុងថ្នាក់រៀនរបស់គាត់ក្នុងមេរៀនពលរដ្ឋវិទ្យាស្តីពីសិទ្ធិក្នុងការបញ្ចេញមតិ (civics lesson on freedom of speech)។

យោងទៅតាមប្រភពដដែលនេះ ការតវ៉ាប្រឆាំងរបស់ប្រជាជនមូស្លីមមិនត្រឹមតែកើតឡើងក្នុងប្រទេសបារាំងនោះទេ ប៉ុន្តែវាបានរីករាលដាលទៅកាន់ប្រទេសផ្សេងៗដែលប្រតិបត្តិសាសនាឥស្លាមមួយចំនួនផងដែរដែលមានដូចជា ប្រទេសប៉ាគីស្ថាន បង់ក្លាដែស ប៉ាឡេស្ទីន អាហ្វហ្គានីស្ថានផងដែរ ហើយការប្រឆាំងតវ៉ានេះធ្វើឡើងដោយមានការដុតទង់ជាតិរបស់បារាំង និងរូបលោកប្រធានាធិតីម៉ាក្រុង និងការធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់បារាំងជាដើម។

ភាពចលាចលទាំងនេះក៏អាចឱ្យយើងងាកទៅមើលទំនាក់ទំនងរបស់បារាំងជាមួយនឹងប្រទេសផ្សេងៗទៀតតាមរយៈការថ្លែងរបស់អ្នកដឹកនាំប្រទេសឯទៀតទៅលើរឿងនេះដែរ។ ជាក់ស្តែងលោកប្រធានាធិបតី Recep Tayyip Erdogan បានណែនាំឱ្យប្រជាជនរបស់ខ្លួនធ្វើពហិការមិនទិញផលិតផលបារាំងដែលនេះគឺជាសញ្ញានៃភាពរកាំរកូសរវាងទំនាក់ទំនងនៃប្រទេសទាំងពីរទាំងដែលប្រទេសទួរគីគឺជាសមាជិកនៃអង្គការណាតូផងដែរ។ រីឯប្រទេសអ៊ឺរ៉ង់ដែលធ្លាប់ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបារាំងនិងអាល្លឺម៉ង់នៅពេលដែលអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ឺរ៉ង់ (Iran Nuclear Deal) នោះ ក៏បែរជាបង្ហាញការមិនពេញចិត្តចំពោះលោកប្រធានាធិបតីម៉ាក្រុងផងដែរ។ លោក ហ្សារីហ្វ (Mohammad Javad Zarif) ដែលជារដ្ឋមន្រ្តីការបទេសអ៊ឺរ៉ង់បានចោទប្រកាន់ថាលោកប្រធានាធិបតីម៉ាក្រុងគឺជាអ្នកដែលបង្ករឱ្យមានភាពជ្រុលនិយមនេះកើតឡើង។ ចំណែកឯអតីតមេដឹកនាំរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រទេសដែលមានប្រជាជនគោរពសាសនាឥស្លាមបានថ្លែងសារតាមប្រព័ន្ធ Twitter ថា ប្រជាជនមូស្លីមមានសិទ្ធិនៅក្នុងការ «ខឹងនិងសម្លាប់ប្រជាជនបារាំងរាប់លាននាក់សម្រាប់ការសម្លាប់រង្គាលនៅក្នុងអតីតកាល»។ ប៉ុន្តែសារនេះត្រូវបានប្រព័ន្ធ Twitter លុបចោលដោយហេតុថាវាគឺជាសារញុះញ៉ង់។

សរុបមក នេះគឺជាវិបត្ដិដែលពិបាកដោះស្រាយដោយសារវាគឺជាការប៉ះទង្គិចគ្នារវាងផ្នត់គំនិតគោរពសាសនានិងផ្នត់គំនិតសេរីភាព។ លោកប្រធានាធិបតីម៉ាក្រុងត្រូវទទួលនូវកាតព្វកិច្ចថ្មីក្នុងការដោះស្រាយវិបត្តិនេះ មិនថាជាវិបត្តិសង្គមនៅក្នុងស្រុក ឬក៏វិបត្តិនយោបាយការបរទេសរបស់បារាំងជាមួយនឹងប្រទេសដែលគោរពសាសនាឥស្លាមនោះទេ ហើយប្រសិនបើវិបត្តិនេះនៅតែបន្ត វាអាចនឹងជះឥទ្ធិពលទៅដល់កេរ្តិ៍ឈ្មោះរបស់បារាំងនៅលើឆាកអន្តរជាតិផង និងអាចឈានទៅដល់បញ្ហាពាណិជ្ជម្មផងជាមួយប្រទេសដែលកាន់សាសនាអ៊ីស្លាមផងដែរ។ រដ្ឋបាលរបស់លោកម៉ាក្រុងត្រូវធ្វើតុល្យភាពរវាងផ្នត់គំនិតទាំងពីរដើម្បីកុំឱ្យមានសោដនាកម្មតទៅទៀត។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរដោយ៖ លោក ហ៊ី សុជាតិ
អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង