"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

បច្ចុប្បន្នភាពអាមេរិក៖ ទំនាស់នយោបាយក្នុងលទ្ធផលនិម្មិត

នៅក្នុងវេលានៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សហរដ្ឋអាមេរិកដែលបានប្រព្រឹត្តទៅក្នុងរូបភាពដ៏ចម្រូងចម្រាសនិងភ័ន្តច្រឡំមួយនាពេលបច្ចុប្បន្ននេះ ទាំងសហរដ្ឋអាមេរិកក្តី ក៏ដូចជាបណ្តាមហាប្រទេសមួយចំនួនដែលមានជាអាទិ៍ រុស្ស៊ីនិងប្រមុខរដ្ឋចិន បាននិងកំពុងតែទន្ទឹងរង់ចាំនូវលទ្ធផលផ្លូវការដែលគួរឱ្យទុកចិត្តមួយពីសំណាក់ស្ថាប័នបោះឆ្នោតនៅក្នុងផ្លូវតុលាការយ៉ាងអន្ទះសារជាទីបំផុត។ ការបោះឆ្នោតនាពេលនេះគឺអាចជាដានកង់ចាស់នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិកដែលកាលនោះ ក្នុងទសវត្សឆ្នាំ១៩៥០ លោកប្រធានាធិបតី ហារី ទ្រូម៉ាន ក៏ធ្លាប់ត្រូវបានគេប្រកាសថាចាញ់ការបោះឆ្នោតនឹងលោក ថូម៉ាស ឌូវី យ៉ាងគំហុកដីផងដែរ។ នេះគឺជាការភ័ន្តច្រឡំដ៏ធំមួយក្នុងប្រវត្តិសាស្រ្ត រហូតដល់មាន រូបភាព ចំអកឡកឡឺយដ៏ល្បីល្បាញមួយមកដល់បច្ចុប្បន្ននេះ ដែលរូបភាពនោះគឺ លោកប្រធានាធិបតី ទ្រូម៉ាន បានលើកកាសែតមួយច្បាប់ដែលមានចំណងជើងនៅទំព័រខាងមុខសរសេរធំៗថា «ឌូវីយកឈ្នះទ្រូម៉ានបានហើយ» ឬជាភាសាអង់គ្លេសថា «DEWEY DEFEATS TRUMAN»។ នេះគឺជាភាពអាម៉ាសមួយរបស់ក្រុមសារព័ត៌មានដែលមានភាពលម្អៀងខ្លាំងលើបេក្ខជនឈរឈ្មោះបោះឆ្នោតនាពេលនោះ។ ជាលទ្ធផល លទ្ធផលផ្លូវការនៃការបោះឆ្នោតនោះបានបញ្ជាក់ថា លោកប្រធានាធិបតី ហារី ទ្រូម៉ាន គឺជាអ្នកឈ្នះភ្លូកទឹកភ្លូកដីពិតប្រាកដ មិនមែនលោក ឌូវី ដូចដែលសារព័ត៌មានបានចុះផ្សាយឡើយ។

ដូចគ្នានឹងករណីនាសម័យកាលលោកប្រធានាធិបតី ហារី ទ្រូម៉ាន ផងដែរ នោះគឺនៅក្នុងព្រឹត្តិការណ៍បោះឆ្នោតឆ្លងសហស្សវត្សចូលឆ្នាំ២០០០ រវាងលោកប្រធានាធិបតី ចច ដាបយូ ប៊ូស និងលោកអតីតអនុប្រធានាធិបតី អាល់ ហ្ក័រ។ ព្រឹត្តិការណ៍នោះទៀតសោតគឺគ្មានអ្នកណាអាចជឿសោះឡើយថា លោកប្រធានាធិបតី ប៊ូស គឺជាអ្នកឈ្នះនោះទេ ដោយហេតុថាសម្លេងប្រជាប្រិយភាពរបស់លោកគឺមិនស៊ីគ្នាសោះឡើយនឹងសម្លេងឆ្នោតសរុបរបស់លោក។ អ្វីគ្រប់យ៉ាងនាពេលនោះគឺពលរដ្ឋអាមេរិកគ្រប់រូប ក៏ដូចជាពលរដ្ឋសាកលលោកទាំងមូល ហាក់ដូចជាស្រឡាំងកាំងនឹងការសម្រេចក្តីពីស្ថាប័នតុលាការកំពូលចំពោះជ័យជម្នះដែលនឹកស្មានមិនដល់មួយនេះ ពោលគឺលោកប្រធានាធិបតី ប៊ូស ទទួលបានសម្លេងឆ្នោតសរុបលើសលោកអនុប្រធានាធិបតី ហ្ក័រ តែប្រាំសម្លេងប៉ុណ្ណោះ។ និយាយជារួម គឺលោកប្រធានាធិបតី ប៊ូស មានប្រៀបបន្តិចបន្តួចប៉ុណ្ណោះលើដៃគូប្រកួតប្រជែងរបស់លោកនៅក្នុងសម័យកាលបោះឆ្នោតនាពេលនោះ។ យ៉ាងណាក្តី ការសម្រេចជាផ្លូវការនិងការបិទផ្លូវតវ៉ាក៏បានសម្រេចជាឯកច្ឆ័ន ដោយការប្រគល់ជ័យជម្នះទៅឱ្យលោកប្រធានាធិបតី ចច ដាបយូ ប៊ូស ជាធរមាន ស្របតាមបច្ចេកទេសច្បាប់យ៉ាងពេញសិទ្ធិ។

ដោយឡែក បើងាកមកមើលការបោះឆ្នោតក្នុងរយៈពេល២០ឆ្នាំបន្ទាប់ពីអារិភាពនយោបាយរដ្ឋការលោកប្រធានាធិបតី ប៊ូស ឯនេះវិញ ការប្រទាញប្រទង់គ្នាលើបញ្ហាសម្លេងឆ្នោតបាននិងកំពុងតែធ្វើការតស៊ូមតិគ្នាយ៉ាងមមាញឹកបំផុតចំពោះការធ្វើវិសុទ្ធកម្មលទ្ធផលឆ្នោតរវាងសកម្មជននិងអ្នកគាំទ្ររបស់លោកប្រធានាធិបតីក្នុងអាណត្តិ ដូណាល់ ត្រាំ និងលោកអតីតអនុប្រធានាធិបតី ចូ បៃដិន។ អធិករណ៍នេះក៏វាមិនខុសពីការរអាក់រអួលផ្នែកបច្ចេកទេស ដូចកាលគ្រាកន្លងទៅនោះឡើយ ពោលគឺមានភាព មិនច្បាស់ការចំពោះលទ្ធផលឆ្នោតភាគច្រើនដែលបានគាំទ្របេក្ខភាពលោក បៃដិន ជាប្រធានាធិបតីជាប់ឆ្នោត ក៏ប៉ុន្តែត្រូវបានដាក់ក្នុងការសង្ស័យចំពោះលទ្ធផលមួយនេះ ដោយក្រុមការងារផ្នែកច្បាប់ពិសេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដឹកនាំដោយលោកអតីតអភិបាលក្រុងញូវយ៉ក រូឌី ជូលីអានី បាននិងកំពុងធ្វើការតវ៉ាតាមផ្លូវច្បាប់សម្រាប់ការរាប់សន្លឹកឆ្នោត និងការធ្វើអធិការកិច្ចសន្លឹកឆ្នោតឡើងវិញជាបន្ទាន់ផងដែរ។ សម្រាប់កាលៈទេសៈដ៏ស៊ីជម្រៅមួយនេះមានតែស្ថាប័នតុលាការកំពូលរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះដែលជាអ្នកមានអធិសិទ្ធិក្នុងការប្រកាសនិងសម្រេចថាតើអ្នកដែលទទួលជ័យជម្នះពិតប្រាកដនោះជាអ្នកណា។ ម្ល៉ោះហើយ រាល់ការប្រកាសណាមួយដែលចេញពីបណ្តាញសារព័ត៌មានចំពោះអ្នកឈ្នះនាពេលនេះ គឺគ្រាន់តែជាមតិមួយជ្រុងនៃអ្នកគាំទ្របេក្ខភាពម្ខាងៗ តែប៉ុណ្ណោះ។ ដូច្នេះហើយ ទោះបីជាចង់ឬមិនចង់ក៏ដោយ បើការសម្រេចផ្លូវការត្រូវបានបញ្ជាប្រកាសដោយស្ថាប័នកំពូលនៃរដ្ឋហើយនោះ ហើយបើទោះបីជាបណ្តាញសារព័ត៌មានមិនពេញចិត្តលើការសម្រេចនោះក៏ដោយ ក៏ពួកគេដាច់ខាតត្រូវតែទ្រាំហារមាត់និយាយផ្សព្វផ្សាយចំពោះលទ្ធផលស្ថាពរនេះទាំងបង្ខំចិត្តដែរ។

ជាការក្លែមសម្តីចុងក្រោយ តាមយោបល់ផ្ទាល់របស់ខ្ញុំបាទ ចំពោះការភ្នាល់លើការប្រកួតប្រជែងបែបនយោបាយនៅពេលនេះ គឺមិនទាន់ផុតសុពលភាពនៅឡើយទេ ពោលគឺថាយើងអាចនៅមានពេលបន្តក្នុងការភ្នាល់ដើម្បីតាមដានការសម្រេចផ្លូវការចុងក្រោយពីសំណាក់ស្ថាប័នតុលាការកំពូលរបស់សហរដ្ឋអាមេរិក ហើយសូមចងចាំថា លទ្ធផលលើកមុននេះគឺគ្រាន់តែជាលទ្ធផលប៉ែងជើងមិនផ្លូវការមួយតែប៉ុណ្ណោះ។ ដូច្នេះហើយ សម្រាប់ពាក្យថាប្រធានាធិបតីជាប់ឆ្នោតដែលគ្រប់បណ្តាញសារព័ត៌មានប្រើនៅពេលនេះ គឺវាហាក់ដូចជាលឿនខ្លាំងណាស់សម្រាប់ការប្រកួតប្រជែងមួយនេះ ហើយខ្ញុំបាទខ្លាចក្រែងតែមានការអន់ចិត្ត ឬអន់មាត់ក្នុងការប្រសិទ្ធនាមក្រៅផ្លូវការមួយនេះនៅពេលដែលលទ្ធផលពិតប្រាកដត្រូវបានប្រកាសនាពេលខាងមុខដ៏ខ្លី៕

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទពីប្រិយមិត្ដ៖ មករា ម្លប់សន្តិភាព
គំនូរដោយ៖ លោក ហ៊ី សុជាតិ

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង