"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ពិភពលោកនិងការប្រណាំងប្រជែងផលិតកម្មនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩

រាប់ចាប់តាំងពីការផ្តើមរីករាលដាលដំបូងក្នុងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ពីទីក្រុងវ៉ូហានប្រទេសចិនមក រយៈពេលប្រមាណ១ឆ្នាំជាងហើយដែលជំងឺឆ្លងនេះរាតត្បាតពាសពេញពិភពលោកទាំងអស់ និងសម្លាប់មនុស្សយ៉ាងតិចណាស់ ១,៤ លាននាក់។ មកទាល់ពេលនេះ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជាច្រើន ត្រូវបានព្យាយាមស្រាវជ្រាវនិងផលិតឡើង ដែលក្នុងនោះមានប្រទេសប្រទេសរុស្ស៊ីដែលទទួលជោគជ័យស្ទើរតែ៩០% ក្នុងការប្រើប្រាស់សាកល្បងលើមនុស្ស ៤៣.៥០០ នាក់។ ក្រៅពីនេះ ក្រុមហ៊ុនអាមេរិក Pfizer/BioNTech បានដាក់ពាក្យសុំសិទ្ធិធ្វើចរាចរណ៍ក្រោយកម្រិតជោគជ័យ ៩០% និងក្រុមហ៊ុនអង់គ្លេសAstraZeneca បង្ហាញពីភាពជោគជ័យត្រឹមកម្រិត ៧០% តែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលយើងសង្កេតឃើញនោះគឺក្នុងចំណោមវ៉ាក់សាំងខាងលើ គឺមិនទាន់មានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នអន្តរជាតិណាមួយឡើយ ជាពិសេសគឺអង្គការសុខភាពពិភពលោក។

នៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ ពិភពលោកទទួលបានដំណឹងដ៏រីករាយជាបន្តបន្ទាប់គឺការប្រកាសពីប្រសិទ្ធភាព និងភាពជោគជ័យនៃការបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លងនេះ។ ក្រុមហ៊ុនវ៉ាក់សាំងយ៉ាងតិចណាស់ចំនួន ៤៩៣ ដែលក្នុងនោះមានក្រុមហ៊ុនចំនួន ៣២០ បានកំពុងបន្តការអភិវឌ្ឍវ៉ាក់សាំង។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនលេចធ្លោរួមមានជាអាទិ៍ ក្រុមហ៊ុន AstraZeneca របស់អង់គ្លេស មន្ទីរពិសោធន៍ Pfizer/BioNTech របស់អាមេរិក ក្រុមហ៊ុន GlaxoSmithKline របស់ណូវែលហ្សេឡង់ វ៉ាក់សាំង Sputnik V របស់រុស្ស៊ី មន្ទីរពិសោធន៍ Pfizer-BioNTech របស់អាមេរិកនិងអាល្លឺម៉ង់ និងក្រុមហ៊ុន Sinovac របស់ចិន។ យ៉ាងណាមិញ គេពុំទាន់ឃើញក្រុមហ៊ុនឬមន្ទីរពិសោធន៍ណាមួយប្រកាសជោគជ័យជាផ្លូវការនិងទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រទេសមួយចំនួនហាក់មានការខ្វែងគំនិតគ្នានៅលើឆាកនយោបាយអន្តរជាតិលើបញ្ហាវ៉ាក់សាំងទាំងនេះ។ ជាក់ស្ដែង ប្រទេសហុងគ្រីដែលជាសមាជិកនៃសហភាពអ៊ឺរ៉ុបត្រូវបានរងការព្រមានពីគណៈកម្មាធិការអ៊ឺរ៉ុបទាក់ទងទៅនឹងការឯកភាពក្នុងការទទួលយកការសាកល្បងវ៉ាក់សាំង Sputnik របស់រុស្ស៊ី។ គួរបញ្ជាក់ផងដែរថា ប្រទេសជាសមាជិកនៃសហភាពអ៊ឺរ៉ុបមិនអាចចរាចរណ៍ ឬប្រើប្រាស់វ៉ាក់សាំងណាមួយដែលមិនបានត្រួតពិនិត្យ សិក្សា និងអនុញ្ញាតពីភ្នាក់ងារឱសថអ៊ឺរ៉ុបបានឡើយ។

ក្រៅពីទ្វីបអ៊ឺរ៉ុប ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានប្រកាសថាលោកនឹងមិនខ្វាយខ្វល់ និងមិនធ្វើការទទួលយកវ៉ាក់សាំងឡើយ ហើយលោកយល់ថានេះជាសិទ្ធិរបស់លោក។ យ៉ាងណាក៏គួរតែរំលឹកថា ប្រទេសប្រេស៊ីលមានអត្រាអ្នកស្លាប់ដោយសារកូវីដ១៩ ស្ថិតនៅក្នុងលំដាប់ទី២លើពិភពលោក ហើយប្រទេសនេះក៏ធ្លាប់ទទួលបានការសាកល្បងវ៉ាក់សាំងរបស់ចិនកាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅ តែលទ្ធផលគឺធ្វើឱ្យអ្នកស្ម័គ្រចិត្តម្នាក់បានជួបនូវបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលធ្វើឱ្យវ៉ាក់សាំងរបស់ចិនស្ថិតនៅក្នុងកម្រិតមិនច្បាស់លាស់នៃការដាក់ឱ្យប្រើប្រាស់។ តែទោះជាយ៉ាងនេះក្តី ប្រទេសចិនបានប្រកាសថា ចិននឹងចូលរួមក្នុងយន្តការផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រនិងប្រទេសប្រទេសកំពុងអភិវឌ្ឍន៍តបតាមយន្តការរបស់អង្គការសុខភាពពិភពលោកដែលមានឈ្មោះថា COVAX។ សូមរំលឹកថា កាលពីថ្ងៃទី0៨ ខែតុលា កន្លងទៅ យន្តការ COVAX មានថវិកាប្រមាណ១.៨០០ លានដុល្លារអាមេរិក ដែលក្នុង ១៣០ លានដុល្លារអាមេរិកបានមកពីការចូលរួមរបស់ប្រទេសជប៉ុន និងក្រៅពីនេះបានមកពីប្រទេសចំនួន២០ផ្សេងទៀត ដែលមិនមានការចូលរួមពីសហរដ្ឋអាមេរិកនិងបារាំងទេ។

ក្រៅពីនេះ ដំណឹងដ៏គួរឱ្យរីករាយមួយទៀតគឺកាលពីថ្ងៃពុធ ទី០២ ខែធ្នូកន្លងទៅ ចក្រភពអង្គគ្លេសបានប្រកាសឱ្យប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech របស់ក្រុមហ៊ុនអាមេរិកនិងអាល្លឺម៉ង់ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេលើពិភពលោកដែលអនុញ្ញាតឱ្យមានការប្រើសប្រាស់វ៉ាក់សាំងកូវីដ១៩ហើយនឹងត្រូវបានចែកចាយចាក់ជូនជាសាធារណៈនាសប្តាហ៍ក្រោយនេះហើយ។ ក្រោមយន្ដការវ៉ាក់សាំងនេះ មនុស្សចាស់គឺទទួលបានអាទិភាពមុនគេក្នុងការទទួលបាននូវវ៉ាក់សាំង ដែលក្នុងដំណាក់កាលដំបូងគឺបញ្ចេញវ៉ាក់សាំងចំនួន ៨០០.០០០ ដូស ហើយចក្រភពអង់គ្លេសបានធ្វើការកក់ទិញវ៉ាក់សាំងនេះចំនួនប្រមាណ ៤០ លានដូស សម្រាប់ប្រជាជន ២០ លាននាក់។ ក្រៅពីនេះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏បានចេញបញ្ជាបើកយន្តការសម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩ដែលមានឈ្មោះថា Sputnik V សម្រាប់ប្រជាជនរបស់រុស្ស៊ីក្នុងលក្ខណៈទ្រង់ទ្រាយធំផងដែរ។ ទោះជាយ៉ាងនេះក្តី ប្រទេសនៅអ៊ឺរ៉ុបកំពុងតែត្រៀមខ្លួនសម្រាប់ការប្រើប្រាស់វ៉ាក់សាំងនេះចាប់ពីឆ្នាំ២០២១ទៅ ដោយក្នុងនោះ បារាំងជាប្រទេសដែលត្រៀមខ្លួនរួចរាល់សម្រាប់ការប្រើប្រាស់វ៉ាក់សាំងចាប់ពីខែមករា ឆ្នាំ២០២១ទៅ។ ទាំងនេះសុទ្ធតែជាដំណឹងល្អបំផុតមួយរបស់មនុស្សជាតិក្នុងកាលៈទេសៈនៃជំងឺឆ្លងសកលនេះ ត្បិតពិភពលោកទាំងមូលរងគ្រោះនិងខូចខាតមិនតិចឡើយក្នុងរយៈពេលជាងមួយឆ្នាំនេះ។

ជារួម វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជាអ្វីដែលពិភពលោកទាំងមូលកំពុងតែរង់ចាំ មិនថាប្រទេសអភិវឌ្ឍន៍ កំពុងអភិវឌ្ឍន៍ ឬប្រទេសក្រីក្រក្តី។ តែទោះបីជាយ៉ាងណាក៏ដោយ ក្តីបារម្មណ៍ដែលនៅតែមានសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសក្រីក្រមួយចំនួនធំក្នុងការគិតពីលទ្ធភាពនិងអាទិភាពក្នុងការទទួលបាននូវវ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ។ ហានិភ័យសម្រាប់ប្រទេសក្រីក្រក្នុងការទទួលបានវ៉ាក់សាំងនៅតែបង្ករផលវិបាក ដូចនេះ ប្រទេសមហាអំណាចឬប្រទេសអ្នកមានគួរណាតែគិតគូរពីតម្លៃនៃមនុស្សជាតិនិងគុណធម៌ក្នុងនាមជាប្រទេសអភិវឌ្ឍន៍។ តែទោះជាយ៉ាងនេះក្តី មិនមែនមានន័យថាវ៉ាក់សាំងតែមួយមុខអាចបញ្ចប់អាយុកាលនៃជំងឺឆ្លងនេះទាំងស្រុងបាននោះទេ ការដែលសំខាន់គឺការចូលរួមថែរក្សាសុខភាពនិងការការពារនៅតែជាកត្តាចម្បងសម្រាប់ប្រជាជនគ្រប់រូបក្នុងការទប់ស្កាត់ឱ្យបានជាដាច់ខាតនូវការរីករាលដាលពេលក្រោយៗទៀត។

#កម្មវិធី_វិចារណកថាថ្ងៃសុក្រ #វ៉ាក់សាំងកូវីដ១៩

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ភោគ លាងហេង
គំនូរដោយ៖ លោក ហ៊ី សុជាតិ

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង