"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

អារ៉ាប៊ីសាអ៊ូឌីតនិងកាតា៖ អារ៉ាប់ដូចគ្នា គំនិតខុសគ្នា

នៅចុងខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅឯតំបន់មជ្ឈិមបូព៌ាមានព័ត៌មានដ៏ល្អមួយដោយរដ្ឋមន្រ្តីការបរទេសនៃប្រទេសអារាប៊ីសាអ៊ូឌីត (Saudi Arabia) បានថ្លែងការណ៍ថា រដ្ឋាភិបាលទីក្រុងរីយ៉ាដ (Riyadh) កំពុងតែចរចាដើម្បីបញ្ចប់ជម្លោះជាមួយប្រទេសជិតខាងដ៏តូចមួយរបស់ខ្លួនគឺប្រទេសកាតា (Qatar)។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតពិតជាធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែប្រទេសទាំងពីរបានធ្លាក់ទៅក្នុងជម្លោះយ៉ាងក្តៅគគុកមួយក្នុងឆ្នាំ២០១៧។ ជម្លោះនេះបានបណ្តាលឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាត់ផ្តាច់ទំនាក់ទំនងទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ចជាមួយប្រទេសកាតាផងដែរ។ ដើម្បីឱ្យដឹងកាន់តែច្បាស់ពីរឿងរ៉ាវដើមទងនៃជម្លោះរវាងប្រទេសទាំងពីរ យើងត្រូវបកទៅមើលស្ថានភាពក្នុងក្រុមប្រទេសឈូងសមុទ្រពែក (Persian Gulf Countries)ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ។

នយោបាយការបរទេសរបស់ប្រទេសកាតាគឺផ្តោតលើការរក្សាសុវត្ថិភាពនៃរបបគ្រប់គ្រងរាជវង្សអាល់ថានី ដែលជារាជវង្សកាន់កាប់ប្រទេសកាតាជាចម្បង។ ប្រទេសកាតាតែងចាត់ទុកប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាគ្រោះថ្នាក់ដ៏ធំមួយ ដោយសារតែប្រទេសអារ៉ាប៊ីសាអ៊ូឌីតធ្លាប់មានជាប់ការពាក់ព័ន្ធនឹងសកម្មភាពប៉ុនប៉ងផ្តួលរលំត្រកូលអាល់ថានីជាច្រើនដង។ ជាជាងក្លាយជាប្រទេសចំណុះឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសកាតាចង់ក្លាយជាដៃគូប្រជែងទល់មុខនឹងមុខវិញ។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតវិញតែងតែមិនពេញចិត្តនឹងកិច្ចការនយោបាយរបស់ប្រទេសកាតា ដោយចោទថារាជរដ្ឋាភិបាលកាតាផ្តល់ជំនួយដល់ក្រុមភេវរកម្មហើយក៏រិះគន់ចំណងមិត្តភាពរបស់ប្រទេសកាតាជាមួយប្រទេសអ៊ីរ៉ង់ដែលជាសត្រូវប្រកួតប្រជែងដណ្តើមឥទ្ធិពលក្នុងតំបន់មជ្ឈិមបូព៌ាជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ក្នុងឆ្នាំ២០១៧ ដោយយោងតាមមូលហេតុខាងលើទាំងនេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌឺត ក៏ដូចជាប្រទេសដទៃទៀត ដូចជាប្រទេសអារ៉ាប់រួម ប៉ារែន និងអេហ្ស៊ីប បានកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសកាតា ព្រមទាំងបិទជើងធ្វើដំណើរផ្លូវទឹកនិងផ្លូវអាកាសពីប្រទេសកាតាដោយមិនឱ្យចូលក្នុងប្រទេសខ្លួនឡើយ។ បណ្តាប្រទេសទាំងនេះក៏បានដាក់លក្ខខណ្ឌឱ្យប្រទេសកាតាចំនួន១៣ ដើម្បីបញ្ចប់ជម្លោះ ដែលនៅក្នុងនោះរួមមាន កាត់បន្ថយទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ កាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមភេវរកម្ម ព្រមទាំងបិទស្ថានីយ៍ព័ត៌មាន Al Jazeera ផងដែរ។ សកម្មភាពរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនេះបានទទួលការគាំទ្រពីប្រធានាធិបតីសហរដ្ឋអាមេរិកជិតផុតអាណិត្ដគឺលោកដូណាល់ត្រាំ។

ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានផ្លាស់ប្តូរជំហររបស់ខ្លួនដោយបង្ហាញជំហរក្នុងការបញ្ចប់ជម្លោះជាមួយប្រទេសកាតា។ មូលហេតុចម្បងគឺដោយសារតែប្រទេសអារ៉ាប៊ីសាអ៊ូឌីតចង់រក្សាទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកដែលជាដៃគូយុទ្ធសាស្រ្តដ៏ជិតស្និទ្ធមួយ និងជាពិសេសដោយសារប្រទេសមហាអំណាចមួយនេះនឹងផ្លាស់ប្តូរមេដឹកនាំនៅឆ្នាំ២០២១ខាងមុខ។ អារ៉ាប៊ីសាអ៊ូឌីតគឺជាទីផ្សារទិញគ្រឿងអាវុធយុទ្ធភ័ណ្ឌធំជាងគេរបស់អាមេរិកហើយក៏ជាប្រភពនាំចូលប្រេងធំទីពីររបស់សហរដ្ឋអាមេរិកផងដែរ។ ប្រទេសទាំងពីរក៏បានចោទប្រកាន់អ៊ីរ៉ង់ថាបានគាំទ្រនិងផ្គត់ផ្គង់សម្ភារដល់ក្រុមភេវរករហើយបង្ករអសន្តិសុខដល់តំបន់មជ្ឈិមបូព៌ា។ លោកដូណាល់ត្រាំ និងរជ្ជទាយាទប្រទេសអារ៉ាប៊ីសាអ៊ូឌីតព្រះនាម មហាម៉ាត់ បីនសាល់ម៉ាន់(Mohammed bin Salman) ក៏មានទំនាក់ទំនងដ៏ល្អជាមួយគ្នាផងដែរ។ ប៉ុន្តែការចុះចេញពីតំណែងរបស់លោកដូណាល់ត្រាំនេះ អាចប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីតដោយសារតែលោកចូបៃដិនដែលនឹងឡើងជាប្រធានាធិបតីថ្មី មិនសូវមានទស្សនៈវិជ្ជមានចំពោះអារ៉ាប៊ីសាអ៊ូឌីតទេ ដែលនេះគឺខុសពីទស្សនៈរបស់លោកដូណាល់ត្រាំ ពីព្រោះតែលោកបៃដិនបានរិះគន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតចំពោះការធ្វើសង្គ្រាមជាមួយនឹងប្រទេសយេមែន ហើយក៏បានចោទប្រកាន់រជ្ជទាយាទរបស់អារ៉ាប៊ីសាអ៊ូឌីតថាទ្រង់មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើអ្នកកាសែតរបស់វ៉ាស៊ីនតោនប៉ុស្តិ៍ឈ្មោះ Jamal Khashoggi នៅឯកុងស៊ុលរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងក្រុងអ៊ីស្ថានប៊ុល (Istanbul) ប្រទេសទួគីផងដែរ។ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានអះអាងថា ការផ្សះផ្សាជាមួយប្រទេសកាតាគឺជា”កាដូ”សម្រាប់លោកចូបៃដិន សម្រាប់ការឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកក៏មិនចង់ឱ្យកាតាកាន់តែងាកទៅរកអ៊ីរ៉ង់នោះទេដោយសារតែសហរដ្ឋអាមេរិកនិងកាតាជាដៃគូយោធាដ៏ជិតស្និទ្ធមួយផងដែរ។ ជាក់ស្តែងប្រទេសកាតាមានមូលដ្ឋានទ័ពអាកាសរបស់អាមេរិកដ៏ធំជាងគេក្នុងមជ្ឈិមបូព៌ា។

ប៉ុន្តែព្រឹត្តិការណ៍ថ្មីៗនេះមិនអាចសបញ្ជាក់ថាការផ្សះផ្សារបស់ប្រទេសទាំងពីរនឹងនៅគង់វង្សយូរអង្វែងទេ។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតយល់ព្រមចុះញមជាមួយកាតាគឺដោយសារតែចង់ផ្គាប់ចិត្តសម្ព័ន្ធមិត្តដ៏ធំរបស់ខ្លួន។ លោក Andreas Kreig ជាអ្នកវិភាគលើតំបន់ឈូងសមុទ្រពែកបានបកស្រាយថា ប្រទេសទាំងពីរធ្លាប់មានការចរចាពីមុនជាច្រើនដង ហើយការចរចាថ្មីៗនេះមិនមែនជាលើកដំបូងនោះទេ។ ជាក់ស្តែង ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានខិតខំព្យាយាមជួបប្រជុំដើម្បីរកដំណោះស្រាយ ប៉ុន្តែពុំបានជោគជ័យនៅឡើយ ដោយសារប្រទេសទាំងពីរមានគោលនយោបាយការបរទេសផ្ទុយពីគ្នា។ លោក Kraig បានបន្តការចរចារវាងប្រទេសទាំងពីរគឺសបង្ហាញឱ្យឃើញថា “ទំនាក់ទំនងប្រទេសទាំងពីរកំពុងនៅក្នុងផ្លូវត្រូវហើយ តែការចរចានេះមិនអាចចាត់ទុកថាជាលទ្ធផលលេចធ្លោនៅឡើយទេ”។ #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #អារ៉ាប់រួម #អាមេរិក

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ឆាយ តេជគុណ
គំនូរដោយ៖ កញ្ញា បូរ ដាលីន
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង