"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើហេតុអ្វីបានពិភពលោកពិបាកទប់ស្កាត់វិបត្ដិកូវីដ១៩

ពិភពលោកបានចាប់ផ្តើមដឹងពីវត្ដមាននៃកូវីដ១៩ ក្រោយពេលដែលមេរោគកូរ៉ូណាបានផ្ទុះឡើងនៅទីក្រុងវ៉ូហាន ប្រទេសចិន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបន្តឥទ្ធិពលរបស់ខ្លួនតាមរយៈសាកលភាវរូបនីយកម្ម។ រដ្ឋាភិបាលនៃប្រទេសចិនបានព្យាយាមឆ្លងកាត់វិញ្ញាសាដ៏លំបាកនេះដោយ ជ្រើសយកនូវយន្ដការកណ្ដាប់ដៃដែកក្នុងការគ្រប់គ្រងដ៏តឹងរ៉ឹងបំផុត ដូចជាការបិទទីក្រុងវ៉ូហានទាំងមូលនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ជាដើម។ ការដែលគួរឱ្យកត់សម្គាល់នោះគឺទឹកចិត្ដស្នេហាជាតិរបស់ប្រជាពលរដ្ឋចិនដែលបានប្រកៀកស្មាជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយវិបត្ដិនេះ ដោយបានសហការជាមួយរដ្ឋាភិបាលយ៉ាងពេញទំហឹងក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។ ជាក់ស្តែង មានពលរដ្ឋមកពីទីក្រុងដទៃជាច្រើននាក់បានស្ម័គ្រចិត្ដទៅទីក្រុងវ៉ូហានដើម្បីជួយសម្រាលស្ថានភាពជំងឺកូវីដ១៩នាពេលនោះ។ ជាលទ្ធផល គិតត្រឹមថ្ងៃទី១៨ ខែធ្នូនេះ ប្រទេសចិនបានទម្លាក់ខ្លួនមកនៅលេខរៀងទី៨០ ខណៈប្រទេសអាមេរិក ប្រេស៊ីល ឥណ្ឌាជាដើម ឈរនៅលេងរៀងកំពូល។ ដូចនេះ ប្រសិនបើយើងសិក្សាលើឧបសគ្គក្នុងការទប់ស្កាត់វិបត្ដិកូវីដ១៩នៅលើសកលលោកគឺអាចមកពីមានកត្ដាចំនួន ៣ ដូចជា ភាពខ្វែងគំនិតគ្នារវាងយន្ដការទប់ស្កាត់និងសិទ្ធិមនុស្ស ដំបៅសង្គម និងការខ្វះទំនួលខុសត្រូវរបស់បុគ្គល។

ប្រទេសដែលមានភាពចម្រូងចម្រាសរវាងសិទ្ធិបុគ្គលនិងសុខមាលភាពជាសមូហភាព គឺច្បាស់ជាមានការលំបាកក្នុងការអនុវត្តយន្ដការតឹងរ៉ឹងដើម្បីដោះស្រាយវិបត្ដិកូវីដ១៩។ ជាក់ស្ដែង អាមេរិកជាប្រទេសដែលកសាងឡើងដោយសសរគ្រឹះ “សេរីភាពនិងសិទ្ធិមនុស្ស” ហើយយន្ដការដែលតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបពាក់ម៉ាស រក្សាគម្លាត បិទក្រុងជាដើម គឺជារូបភាពដែលប្រជាពលរដ្ឋអាមេរិកមួយចំនួនយល់ឃើញថាជាយន្តការផ្ដាច់ការ និងប្រាសចាកពីការគោរពសិទ្ធិរបស់ពួកគេ។ យោងតាមការចេញផ្សាយរបស់ The New Yorks Time នៅសហរដ្ឋអាមេរិកមានករណីប៉ះទង្គិចរវាងអ្នកមិនពាក់ម៉ាសនិងអ្នកពាក់ម៉ាសជាច្រើន ហើយក៏មានករណីខ្លះឈានទៅដល់ការប្រើប្រាស់អំពើហិង្សា និងបាញ់បោះផងដែរ។ ការពាក់ម៉ាសនេះទៀតសោតក៏ក្លាយជារូបភាពនយោបាយ ដែលត្រូវបានគេគិតថាអ្នកពាក់ម៉ាសគឺគាំទ្របក្សប្រជាធិបតេយ្យ ហើយអ្នកមិនពាក់ម៉ាសជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋ។ លោក ដូណាល់ ត្រាំ ក៏ធ្លាប់ជំរុញចលនាប្រឆាំងនេះដោយលោកបានមាក់ងាយការពាក់ម៉ាស និងរិះគន់ការបិទសាលារៀន ផ្សារជាដើមផងដែរ។ ទោះបីជាក្រោយមក លោកប្រធានាធិតីជិតផុតអាណត្ដិរូបនេះ បានប្ដូរឥរិយាបទលើការពាក់ម៉ាស ប៉ុន្តែលោកក៏នៅតែឈរលើគោលជំហរចង់ឱ្យប្រជាពលរដ្ឋអាមេរិកមានសិទ្ធិធ្វើការសម្រេចចិត្តថាពាក់ឬក៏មិនពាក់ម៉ាស។ ក្រៅពីអាមេរិក ក៏មានប្រជាពលរដ្ឋនៅលើប្រទេសអឺរ៉ុបមួយចំនួនដូចជា អាល្លឺម៉ង់ បារាំង ជាដើម បាននាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងវិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាលលើជំងឺរាតត្បាតកូវីដ១៩និងដើម្បីទាមទារសិទ្ធិរបស់ពួកគេមកវិញ។

កត្ដាដំបៅសង្គមដែលជាកត្តាទីពីរនេះសំដៅដល់បញ្ហាសង្គមដែលកើតឡើងមុនពេលវិបត្ដិកូវីដ១៩។ យោងតាមការសិក្សារបស់ ECLAC ប្រទេសកំពុងអភិវឌ្ឍន៍មានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគកូវីដ១៩ ដោយសារតែស្ថានភាពសេដ្ឋកិច្ច ការកង្វះទឹកស្អាត និងបរិស្ថានអនាម័យ។ ជាក់ស្ដែង ឥណ្ឌាដែលមានប្រជាជនច្រើនលើសលប់ហើយគួបផ្សំជាមួយកង្វះអនាម័យ និងជីវភាពនៅក្នុងស្ដង់ដារទាបបានធ្វើឱ្យករណីឆ្លងកើនឡើងឥតឈប់ឈរ។ យោងតាម OECD ឥណ្ឌាជាប្រទេសមានគម្លាតវិសមភាពយ៉ាងធំរវាងអ្នកមាននិងអ្នកក្រ និងបើយោងតាម UNDP ប្រជាពលរដ្ឋឥណ្ឌាជាង ៣៧៣ លាននាក់រស់នៅក្នុងសភាពទុរាចារធ្ងន់ធ្ងរ (acute deprivations)។ យោងតាមការសិក្សារបស់ National Statistical Office បានរកឃើញថាពលរដ្ឋលើសពីម្នាក់ក្នុងចំណោម៤នាក់មិនមានបង្គន់ស្អាតសម្រាប់ប្រើប្រាស់ និងបើយោងតាម Oxfam ជាប្រទេសដែលចំណាយលើសុខភាពសាធារណៈតិចជាងគេ។ ស្ដង់ដារនៃការរស់នៅរបស់ឥណ្ឌាទាំងនេះបានក្លាយជាឧបសគ្គយ៉ាងខ្លាំងក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ដូចជា ការបិទទីក្រុងនឹងក្លាយជាបន្ទុកសេដ្ឋកិច្ចបន្ថែមរបស់ពលរដ្ឋ ពលករចំណាកស្រុកត្រូវធ្វើដំណើរទៅស្រុកកំណើតវិញ ការរស់នៅក្នុងសភាពចង្អៀត កង្វះចំណេះដឹងលើការរក្សាអនាម័យជាដើម។

កត្តាទីបីដែលជាការខ្វះទំនួលខុសត្រូវរបស់បុគ្គលនេះអាចកើតមាននៅក្នុងកាលៈទេសៈដែលប្រទេសនោះមានការអនុវត្ដច្បាប់ទន់ខ្សោយ និងការមើលស្រាលឥទ្ធិពលនៃការចម្លងកូវីដ១៩។ ក្នុងន័យនេះ រាប់ចាប់តាំងពីការសម្រេចចិត្ដរបស់ថ្នាក់ដឹកនាំប្រទេសមួយរហូតដល់ប្រជាពលរដ្ឋម្នាក់ៗ រាល់ការសម្រេចចិត្តទាំងនោះអាចជះឥទ្ធិពលរួមមួយដែលសង្គមនោះនឹងទទួលបាន។ ជាក់ស្ដែង លោកប្រធានាធិបតីប្រេស៊ីលមិនទទួលគំនិតរបស់មន្ត្រីនិងអង្គការសង្គមស៊ីវិល ហើយជ្រើសយកយន្ដការធូររលុង ហាក់ដូចជាគ្មានអ្វីកើតឡើង និងបានជំរុញឱ្យមានកម្មវីធីសង្គមទៀតផង។ លោកក៏រិះគន់អភិបាលក្រុងដែលបានទទូចឱ្យប្រជាពលរដ្ឋនៅផ្ទះថាមានភាពជ្រួលជ្រើមខ្លាំង “hysteria” និងព្យាយាមទាញប្រជាប្រិយភាព ហើយរិះគន់អ្នកសារព័ត៌មានថាជាក្រុមគោះស្គរវាយឃ្មោះបង្កើតភាពភ័យខ្លាចដើម្បីធ្វើឱ្យរដ្ឋការរបស់លោកអន្តរាយ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីប្រេស៊ីលថ្មីៗនេះទើបប្រកាសថាលោកនឹងមិនប្រើប្រាស់វ៉ាក់សាំងកូវីដ១៩នោះទេ ព្រោះនេះគឺជាសិទ្ធិរបស់លោក។ គួររំលឹកផងដែរថា កាលពីដើមខែមេសា ប្រទេសប្រស៊ីលមានករណីឆ្លងត្រឹមតែ ៦៨៥ ករណីប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានកើនដល់លើសពី ៦ លាន ៦ សែនករណី។ ចំណែកឯប្រជាពលរដ្ឋមួយចំនួននៅប្រទេសជាច្រើននៅលើសកលលោកវិញបានយកសុខភាពខ្លួនឯងនិងគ្រួសារមកភ្នាល់ជាមួយកូវីដ១៩ ដូចជាល្មើសការណែនាំ និងយន្ដការរបស់ប្រទេសខ្លួន ដូចជាប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកទើបតែចូលស្រុក ការគេចវេសធ្វើចត្តាឡីស័ក ការមិនពាក់ម៉ាស ការមិនរក្សាគម្លាតជាដើម ដែលជាហេតុបង្កឱ្យមានករណីឆ្លងនៅក្នុងសហគមន៍។

ជារួម មនុស្សគ្រប់រូបមិនគួរយកជើងមករាទឹកដូចជាការប្រឆាំងនឹងការពាក់ម៉ាស ការមិនរក្សាគម្លាត ការបង្កើតកម្មវិធីសង្គម ការរើសអើងគ្នា នៅពេលពិភពលោកកំពុងព្យាយាមអ៊ុំឆ្លងវិបត្ដិកូវីដ១៩ឡើយ។ ប្រជាពលរដ្ឋគ្រប់រូបគួរតែប្រកៀកស្មាជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការសាយភាយនៃមេរោគនេះតាមរយៈការគោរពតាមការណែនាំឱ្យបានខ្ជាប់ខ្ជួនក្រោមមូលហេតុស្រលាញ់ខ្លួនឯង ហើយគិតដល់សុខមាលភាពរបស់គ្រួសារអ្នក និងប្រយោជន៍រួមនៃសង្គម។ #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #COVID19

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា សុខ ពុទ្ធារី

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង