"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ប្រព័ន្ធប៉ូលនៃមហាអំណាចពិភពលោក

តើប៉ូលនៃមហាអំណាចពិភពលោកជាអ្វី?

ប្រព័ន្ធប៉ូលនៃមហាអំណាចពិភពលោក (Polarity of Power) ជាទ្រឹស្ដីពេញនិយមក្នុងកម្មវិធីសិក្សាទំនាក់ទំនងអន្តរជាតិ។ ជាទូទៅ ទ្រឹស្ដីនេះត្រូវបានប្រើប្រាស់ដើម្បីជាសូចនាករសម្គាល់រដ្ឋឬប្រទេសណាមួយដែលមានអំណាចនិងឥទ្ធិពលផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ យោធា និងនវានុវត្តន៍នៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ជាដើម។ ប្រព័ន្ធប៉ូលនៃមហាអំណាចត្រូវបានបែងចែកជាបីប្រភេទដូចជា៖ ប្រព័ន្ធឯកប៉ូល (Unipolar system) ប្រព័ន្ធទ្វេប៉ូល (Bipolar system) និងប្រព័ន្ធពហុប៉ូល (Multipolar system)។ ប៉ុន្តែលោក Randall L. Schweller ដែលជាសាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យអូហៃអូ (The Ohio State University) បានប្រើពាក្យ ប្រព័ន្ធត្រីប៉ូល (Tripolar system) ដែលសំដៅទៅលើមហាអំណាចទាំងបីក្នុងសម័យសង្រ្គាមលោកលើកទី២គឺ សហរដ្ឋអាមេរិក សហភាពសូវៀត និងអាល្លឺម៉ង។ សៀវភៅដែលមានចំណងជើងថា Polarity, Balance of Power and International Relations Theory ដែលនិពន្ធដោយលោក Goedele De Keersmaeker ក៏បានអធិប្បាយបន្ថែមយ៉ាងស៊ីជម្រៅអំពីតុល្យភាពនៃអំណាច ដែលក្នុងនោះគាត់បានប្រើពាក្យប្រព័ន្ធត្រីប៉ូលផងដែរ។ នោះមានន័យថាប្រព័ន្ធប៉ូលនៃមហាអំណាចពិភពលោកអាចមានដល់ទៅបួនប្រព័ន្ធធំៗ ប៉ុន្ដែដើម្បីកុំឱ្យមានភាពពិបាកបែងចែកចំនួនច្បាស់លាស់ យើងអាចចាត់ទុកប្រព័ន្ធត្រីប៉ូលជាប្រព័ន្ធពហុប៉ូល ពុំនោះទេនឹងអាច

មានដល់ទៅប្រព័ន្ធចតុប៉ូល ឬប្រព័ន្ធបញ្ចប៉ូលជាបន្តបន្ទាប់។

ប្រព័ន្ធឯកប៉ូល(Unipolar system)

យោងតាមលោក Nuno P. Monteiro សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យយេល(Yale University) ប្រព័ន្ធឯកប៉ូលសំដៅទៅលើបរិបទអន្តរជាតិស្ថិតនៅក្នុងស្ថានភាពដែលមានប្រទេសមហាអំណាចតែមួយគត់ដែលមានឥទ្ធិពលទៅលើបណ្ដាប្រទេសដទៃទៀត។ ក្នុងន័យនេះ ពាក្យថា «ឥទ្ធិពល» សំដៅទៅលើភាពរីកចម្រើននៃទំហំសេដ្ឋកិច្ច (ធនធានមនុស្ស អាយុកាលជាមធ្យម ផលិតផលក្នុងស្រុកសរុប ផលិតកម្មឧស្សាហកម្ម…) ការរីកធំធាត់នៃវិស័យកម្លាំងយោធា (ទាំងផ្លូវទឹក គោក និងអាកាស) ភាពរុងរឿងនៃវប្បធម៌ (សាសនា ភាសា សិល្បៈ ម្ហូបអាហារ…) និង នវានុវត្តន៍នៃបច្ចេកវិទ្យាកាន់តែជឿនលឿនលើសគេ។ ម៉្យាងវិញទៀត ប្រសិទ្ធភាពនៃគោលនយោបាយការបរទេសល្អក៏ចាត់ជាយុទ្ធសាស្ត្រក្នុងការរក្សាទំនាក់ទំនងអន្តរជាតិជាមួយបណ្ដាប្រទេសប្រកបដោយអនុត្តរភាពផងដែរ។ ឧទាហរណ៍ បន្ទាប់ពីការចាប់ផ្ដើមបែកបាក់នៃសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត (The Union of Soviet Socialist Republics) នាចុងទសវត្សរ៍ឆ្នាំ១៩៨០មក សហរដ្ឋអាមេរិកបានក្លាយជាមហាអំណាចផ្ដាច់មុខលើឆាកអន្តរជាតិជាពិសេសលើវិស័យយោធាតាមរយៈការពង្រីកមូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស និងការផលិតអាវុធនុយក្លេអ៊ែរជាដើម។

ប្រព័ន្ធទ្វេប៉ូល(Bipolar system)

បន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទី២នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ រហូតដល់ការរំលាយចោលសហភាពសូវៀតជាស្ថាពរនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១ ដែលត្រូវបានគេទទួលស្គាល់ថាជារយៈពេលជាងបួនទសវត្សរ៍នៃភាពតានតឹងរវាងមហាអំណាចធំៗពីរគឺ សហរដ្ឋអាមេរិកនិងសហភាពសូវៀត រួមទាំងសម្ព័ន្ធមិត្តរៀងៗខ្លួន។ រយៈពេលនេះត្រូវបានគេឱ្យឈ្មោះថាជាសម័យសង្គ្រាមត្រជាក់ (Cold War) ដែលស្ថិតក្នុងប្រព័ន្ធទ្វេប៉ូលកម្លាំងនៃមហាអំណាច។ មូលហេតុចម្បងនោះគឺការប្រកួតប្រជែងទៅលើផ្នែកមនោគមវិជ្ជា ផ្នែកវិទ្យសាស្ត្រ និងយោធារវាងពួកប្រជាធិបតេយ្យសេរីនិយម (Liberal democratic) ឬមូលធននិយម ( Capitalism) និងពួកកុម្មុយនីស (Communism) ឬសង្គមនិយម (Socialism)។ សិល្បៈនយោបាយបែបអនុត្តរភាពដោយមិនប្រកាសសង្គ្រាមរវាងមហាអំណាចទាំងពីរបែបនេះត្រូវបានគេហៅថាជាពិភពលោកនៃប្រព័ន្ធទ្វេប៉ូល (Bipolar world)។ ក្នុងសៀវភៅ Balance of Power, Bipolarity and Other Models of International Systems និពន្ធដោយលោក Morton A. Kaplan បានបែងចែកប្រព័ន្ធទ្វេប៉ូលនៃពិភពលោកជាពីរបន្ថែមទៀតគឺ ប្រព័ន្ធទ្វេប៉ូលធូររលុង (the loose bipolar system) និង ប្រព័ន្ធទ្វេប៉ូលតឹង (the tight bipolar system) ។ ប្រព័ន្ធទ្វេប៉ូលធូររលុង សំដៅទៅលើស្ថានភាពកំណកំណើតនៃស្ថាប័នអន្តរជាតិសំខាន់ៗដូចជា អង្គការសហប្រជាជាតិ (United Nations) និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty Organization) ជាដើម ព្រោះស្ថាប័នអន្តរជាតិទាំងនេះមានឥទ្ធិពលចូលរួមកាត់បន្ថយភាពតានតឹងរវាងមហាអំណាចទាំងពីរ។ យ៉ាងណាមិញ ប្រសិនជាគ្មានវត្តមាននៃស្ថាប័នអន្តរជាតិទាំងនេះទេ ឬមានតែរូបរាងមិនមានឥទ្ធិពលនៅលើឆាកអន្តរជាតិ នោះជាស្ថានភាពមួយដែលលោក Morton A. Kaplan ហៅថា ប្រព័ន្ធទ្វេប៉ូលតឹង។

ប្រព័ន្ធពហុប៉ូល(Multipolar system)

ប្រព័ន្ធតុល្យភាពអំណាច (Balance of power system) ជាពាក្យដែលអ្នកវិទ្យាសាស្ត្រនយោបាយតែងប្រើសម្រាប់ពណ៌នាអំពីស្ថានភាពនាសតវត្សរ៍ទី១៨ ដល់ដើមសតវស្សរ៍ទី២០ សំដៅទៅលើប្រទេសមហាអំណាចមុនសង្គ្រាមលោកលើកទី១នៅទ្វីបអឺរ៉ុបដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង បារាំង រុស្ស៊ី និង អូទ្រីស ហុងគ្រីជាដើម។ សព្វថ្ងៃនេះប្រព័ន្ធតុល្យភាពអំណាចត្រូវបានគេនិយមប្រើពាក្យ ប្រព័ន្ធពហុប៉ូល (Multipolar system) ជំនួសវិញ។ ពាក្យនេះគឺសំដៅទៅលើស្ថានភាពពិភពលោកដែលមានប្រទេសមហាអំណាចជាច្រើនប្រកួតប្រជែងគ្នាផ្នែកសេដ្ឋកិច្ច នយោបាយការបរទេស កម្លាំងយោធា វប្បធម៌ និង បច្ចេកវិទ្យា។ លោក John Mearsheimer អ្នកវិទ្យាសាស្រ្តនយោបាយជនជាតិអាមេរិកដ៏មានឥទ្ធិពលម្នាក់បាននិយាយថា សព្វថ្ងៃនេះពិភពលោកកំពុងឈានជើងដើរចេញពីប្រព័ន្ធឯកប៉ូល (អាមេរិកជាមហាអំណាចផ្ដាច់មុខ) រំលងប្រព័ន្ធទ្វេប៉ូល (មហាអំណាចអាមេរិក-រុស្ស៊ី) ចូលដល់ប្រព័ន្ធពហុប៉ូលតែម្ដង។ យើងអាចសង្កេតមើលតាមរយៈការរះឡើងនៃមហាអំណាចថ្មីជាច្រើននាដើមសតវត្សរ៍ទី២១នេះ ដែលបង្កើតបានជាគូប្រជែងដ៏មានសក្ដានុពលរបស់អាមេរិក ជាពិសេសគឺមហាអំណាចចិន។ ជាក់ស្ដែងយើងអាចលើកឧទាហរណ៍បានដូចជាការបង្កើតអង្គការតំបន់សេដ្ឋកិច្ចនិងនយោបាយ (BRICS ពាក្យពេញ៖ Brazil, Russia, India, China និង South Africa) ដែលជាស្ថាប័នអន្តរប្រទេសបង្កើតឡើងដោយមហាអំណាចថ្មីប្រាំរួមគ្នាមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ គោលបំណងសំខាន់របស់ពួកគេគឺជំរុញកិច្ចសហប្រតិបត្តិការដើម្បីកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ព្រមទាំងអភិបាលកិច្ចនយោបាយ រួមមានយុត្តិធម៌សង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព សន្តិភាព និងសន្តិសុខសណ្ដាប់ធ្នាប់ពិភពលោក។

ថ្វីបើមានប្រព័ន្ធប៉ូលកម្លាំងមហាអំណាចច្រើនទម្រង់ដែលពិភពលោកធ្លាប់ឆ្លងកាត់ក្នុងរយៈពេលខុសៗគ្នាក៏ដោយ ប៉ុន្តែសំណួរដែលតែងតែត្រូវបានលើកយកមកជជែកពិភាក្សាដើម្បីស្វែងរកទឡ្ហីករណ៍ដើម្បីគាំទ្រអំណះអំណាងកន្លងមកមាននោះគឺ តើប្រព័ន្ធប៉ូលមួយណាដែលអាចរក្សាសន្តិភាពជូនពិភពលោកបាន ហើយនៅឋិតថេរបានយូរអង្វែងជាងគេ?#THE_SEED #កម្មវិធី_ថង់ប្រាជ្ញា #unipolar #biopolar #Multipolar

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកដោយ៖ លោក ធា សុណា
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង