នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ យានឆាងអឺទី៥ (Chang-E 5) របស់ប្រទេសចិនបានបំពេញបេសកកម្មដោយជោគជ័យដែលនាំមកនូវរបកគំហើញសំខាន់ៗដូចជា បំណែកថ្មីនិងដីពីឋានព្រះចន្ទមកផែនដីវិញ។ ប្រទេសចិនបានក្លាយជាប្រទេសទីបី បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពសូវៀត ដែលនាំយកសំណាកពីឋានព្រះចន្ទត្រលប់មកវិញដោយជោគជ័យ។ តើបេសកកម្មអវកាសរបស់ចិនមួយនេះមានគោលបំណងនិងអត្ថន័យយ៉ាងដូចម្តេចនៅលើឆាកអន្តរជាតិ?
ក្រោយពីចិនទទួលបានភាពជោគជ័យក្នុងបេសកកម្មអវកាសមួយនេះ មហាជនបានចោទជាសំណួរជាច្រើនថាតើប្រទេសចិនអាចនឹងបង្កឲ្យមានការប្រណាំងប្រជែងអវកាសលើកទីពីរដែរឬទេ? ការប្រណាំងប្រជែងផ្នែកអវកាស (Space Race) គឺសំដៅដល់ការប្រកួតប្រជែងសមត្ថភាពនៃការសិក្សាស្រាវជ្រាវទីអវកាស និងការបង្ហោះយាន រវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតនាសម័យសង្គ្រាមត្រជាក់។ ប្រទេសមហាអំណាចទាំងពីរបានប្រកួតប្រជែងគ្នាដើម្បីឲ្យបានសមិទ្ធិផលមុនដំបូងគេ ដូចជាការបញ្ជូនមនុស្សឲ្យនៅក្នុងទីអវកាសមុនគេ ឬការបញ្ជូនយានទៅឋានព្រះចន្ទមុនគេជាដើម។ ក្នុងសង្គ្រាមចុងក្រោយរវាងប្រទេសមហាអំណាចទាំងពីរ សហរដ្ឋអាមេរិកបានឈ្នះក្រៅផ្លូវការ ក្រោយបេសកកម្មអាប៉ួឡូទី១១ (Apollo 11) របស់សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការដោយជោគជ័យ ហើយសហរដ្ឋអាមេរិកបានក្លាយជាប្រទេសទីមួយ និងតែមួយគត់មកដល់ពេលបច្ចុប្បន្នដែលបញ្ជូនមនុស្សឲ្យបានដល់ឋានព្រះចន្ទ។
មកដល់ពេលបច្ចុប្បន្ន តើហេតុអ្វីបានជាប្រទេសចិនផ្តោតការយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវនិងបំពេញបេសកកម្មនៅអវកាស?
មូលហេតុមួយដែលនាំឲ្យប្រទេសចិនមានគោលបំណងសិក្សាស្រាវជ្រាវលើឋានព្រះចន្ទ ដោយសារតែឋានព្រះចន្ទមានសក្តានុពលច្រើនក្នុងការផ្តល់ធនធានរ៉ែនិងថាមពលដែលមានប្រយោជន៍សម្រាប់យកមកស្រាវជ្រាវនិងប្រើប្រាស់។ ជាក់ស្តែង លោក Ouyang Ziyuan ដែលជាអ្នកពិគ្រោះក្នុងបេសកកម្មបង្ហោះយានឆាងអឺទី១ (Chang-E1) បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយនឹងកាសែត PLD Daily ក្នុងឆ្នាំ២០០២ថា ប្រទេសចិនមានចក្ខុវិស័យវែងឆ្ងាយ ដូចជាការសាងសង់មូលដ្ឋានលើឋានព្រះចន្ទឬភពឯទៀតដោយលោកបកស្រាយថា អ្នកណាកាន់កាប់បានមុន អ្នកនោះនឹងទទួលបានផលប្រយោជន៍មុន។
មូលហេតុទីពីរដែលនាំឲ្យប្រទេសចិនបំពេញបេសកកម្មនេះគឺដើម្បីលើកស្ទួយមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ។ ជាការពិតណាស់ បេសកកម្មបញ្ជូនយានឬមនុស្សទៅអវកាសត្រូវការធនធានដ៏ធំសម្បើម និងពេលវេលាយ៉ាងច្រើន។ បេសកកម្មមួយនេះសរបញ្ជាក់ឲ្យឃើញថាប្រទេសចិនចង់បង្ហាញឲ្យពិភពលោកឃើញពីវិសាលភាពរបស់ខ្លួនក្នុងវិស័យសិក្សាស្រាវជ្រាវនិងបច្ចេកវិទ្យា។
មូលហេតុទីបីដែលប្រទេសចិនបំពេញបេសកកម្មទៅឋានព្រះចន្ទគឺដើម្បីពង្រឹងរបបគ្រប់គ្រងរបស់ខ្លួន និងលើកកម្ពស់ទឹកចិត្ដស្នេហាជាតិ។ ភាពជោគជ័យក្នុងបេសកកម្មនេះបាននាំមកនូវមុខមាត់យ៉ាងល្អប្រសើរដល់បក្សកុម្មុនីស្តចិន។ អ្នកសារព័ត៌មានក្នុងប្រទេសក៏ដូចជាក្រៅប្រទេសបានចុះផ្សាយយ៉ាងព្រោងព្រាតពីបេសកកម្មនេះ។ ប្រជាជនចិនមានមោទនភាពយ៉ាងខ្លាំងនៅពេលដែលយាននោះបានដោតទង់ជាតិចិនជាប់លើផ្ទៃនៃឋានព្រះចន្ទ។ ត្បិតតែប្រទេសចិនមិនទាន់បានឈានជើងជាន់លើឋានព្រះចន្ទក៏ពិតមែន ប៉ុន្តែបានក្លាយជាប្រទេសទីពីរដែលមានដោតទង់ជាតិរបស់ខ្លួននៅលើឋានព្រះចន្ទ។
ភាពជោគជ័យរបស់ប្រទេសចិនក្នុងការបញ្ជូនយានអវកាសទៅឋានព្រះចន្ទបានផ្តល់សញ្ញាគ្រោះថ្នាក់មួយទៅដល់សហរដ្ឋអាមេរិកដោយសារតែអាមេរិកធ្លាប់តែជាអ្នកនាំមុខក្នុងការស្រាវជ្រាវទីអរកាស។ លោក ដូណាស់ ត្រាំ យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការសិក្សាស្រាវជ្រាវក្នុងទីអវកាស។ ក្នុងខែធ្នូ ឆ្នាំ២០១៩ លោកបានអនុម័តច្បាប់បង្កើតអង្គភាពកងទ័ពឯករាជ្យថ្មីមួយដែលជាអង្គភាពកងទ័ពផ្នែកអវកាស។ លោកក៏បានចេញបទបញ្ជានីតិប្រតិបត្តិមួយដែលអនុញ្ញាតឲ្យអង្គការណាសាធ្វើការស្រាវជ្រាវនិងចម្រាញ់ធនធានរ៉ែនៅក្នុងទីអវកាស ដែលនឹងអាចឈានទៅរកការបង្កើតមូលដ្ឋានលើឋានព្រះចន្ទឬនៅភពដទៃទៀត។ លោក ដូណាល់ ត្រាំ ក៏បានចាត់លោក មៃក៍ ផេនស៍ឲ្យគ្រប់គ្រងលើបេសកកម្មរបស់អង្គការណាសាក្នុងការបញ្ជូនមនុស្សទៅឋានព្រះចន្ទជាលើកទី២ ឲ្យបានក្នុងឆ្នាំ២០២៤ (ដែលពេលនោះ លោក ដូណាល់ ត្រាំ សន្មត់ថាលោកអាចបានអាណត្តិទីពីរជាប្រធានាធិបតីអាមេរិក)។
ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្ន យើងអាចរំពឹងថា ប្រទេសមហាអំណាចទាំងពីរនឹងនៅមិនទាន់មានការប្រកួតប្រជែងទល់នឹងមុខនោះឡើយទេ នេះគឺដោយសារតែសហរដ្ឋអាមេរិកនឹងប្ដូរមេដឹកនាំថ្មីក្នុងឆ្នាំ២០២១។ លោក ចូ បៃដិន ដែលជាប្រធានាធិបតីជាប់ឆ្នោត ហាក់មានទស្សនៈខុសពី លោក ដូណាល់ ត្រាំ លើផ្នែកសិក្សាស្រាវជ្រាវទីអវកាស ក៏ព្រោះតែលោកយកចិត្ដទុកដាក់ច្រើនលើការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុឡើងវិញ។ លើសពីនេះ ទីប្រឹក្សារបស់លោកបានជំរុញលោកប្រធានាធិបតីថ្មីនេះឲ្យធ្វើការសហការជាមួយប្រទេសចិន ជាជាងធ្វើជាដៃគូប្រកួតប្រជែង។ ក្នុងករណីនេះដែរ ប្រទេសចិនក៏បានបង្ហាញជំហររបស់ខ្លួនក្នុងការស្វាគមន៍នូវកិច្ចសហប្រតិបត្ដិការជាមួយសហរដ្ឋអាមេរិកផងដែរ។ #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #The_SEED #China #USA #Space_Race
អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ឆាយ តេជគុណ
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ