"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ចក្រភពអង់គ្លេស និង សមាគមនៃប្រជាជាតិខមម្មុនវែល (Commonwealth of Nations) ក្រោយការចាកចេញពីសហភាពអ៊ឺរ៉ុប

ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអ៊ឺរ៉ុបជាផ្លូវការកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ហើយបានចាប់ផ្តើមពង្រឹងអំណាចនយោបាយ និងអំណាចសេដ្ឋកិច្ចរបស់ខ្លួនដោយឯករាជ្យពីសហភាពអ៊ឺរ៉ុបចាប់ពីពេលនោះមក។ ចក្រភពអង់គ្លេសបានស្តារមុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិដោយបានបង្កើនទំនាក់ទំនងនយោបាយការបរទេស និងទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងបណ្តាប្រទេស និងស្ថាប័នផ្សេងៗ ដែលក្នុងនោះរួមមានបង្ហាញការយកចិត្តទុកដាក់ទៅលើអង្គការអន្តរប្រទេសមួយដែលមានឈ្មោះថា «សមាគមនៃប្រជាជាតិខមម្មុនវែល(សមាគមនៃប្រជាជាតិ Commonwealth)»។

គួរបញ្ជាក់ផងដែរថា សមាគមនៃប្រជាជាតិខមម្មុនវែលនេះគឺជាសមាគមមួយដែលបានបង្កើតឡើងនៅក្រោមសេចក្តីប្រកាសទីក្រុងឡុងនៅក្នុងឆ្នាំ១៩៤៩។ សមាគមនេះមានប្រទេសជាសមាជិកចំនួន៥៤ រួមមានប្រទេសនៅក្នុងតំបន់អាហ្វ្រិក តំបន់អាស៊ី អាមេរិកខាងត្បូង អ៊ឺរ៉ុប និង ប៉ាស៊ីហ្វិក ហើយ ប្រទេសទាំងនោះមួយចំនួនធំគឺជាប្រទេសដែលធ្លាប់ស្ថិតក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស។ គោលបំណងនៃការបង្កើតសមាគមនេះឡើងគឺដើម្បីរក្សាចំណងមិត្តភាពរវាងចក្រភពអង់គ្លេសនិងឥទ្ធិពលរបស់ខ្លួន ជាមួយនឹងបណ្តាប្រទេសអតីតអាណានិគម និងដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការនានា ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងលទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់ពាណិជ្ជកម្មសេរី ការកាត់បន្ថយភាពក្រីក្រ កម្មវិធីថែទាំសុខភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជាសមាជិក។ ការចូលរួមធ្វើជាសមាជិកនៃសមាគមនេះគឺជាការទទួលស្គាល់នូវការដឹកនាំរបស់អង់គ្លេសនៅក្នុងសមាគម Commonwealth នេះផងដែរ។ សមាគមនេះក៏ត្រូវបានគេមើលឃើញថាជាស្ថាប័នដែលមានភាពធូរលុង ដោយសារតែអវត្តមាននូវច្បាប់រួមមួយដែលដើរតួជារដ្ឋធម្មនុញ្ញនៃការសហការរវាងប្រទេសសមាជិក។ ការសហការគ្នារវាងប្រទេសជាសមាជិកនៅក្នុងសមាគមនេះគឺពឹងផ្អែកតែទៅលើ ទំនៀមទំលាប់ស្ថាប័ន បទពិសោធន៍ ក៏ដូចជាផលប្រយោជន៍ផ្ទាល់ខ្លួនខាងសេដ្ឋកិច្ចនៃប្រទេសនីមួយៗផងដែរ។

ចំពោះចក្រភពអង់គ្លេស ការងាកមករកសមាគមនៃសហប្រជាជាតិ Commonwealth នេះគឺដោយសារតែការរំពឹងទុកអំពីផលចំណេញទាំងផ្នែកនយោបាយការទូត និងផ្នែកសេដ្ឋកិច្ចដែលអាចប៉ះប៉ូវនូវផលប៉ះពាល់ដែលបណ្តាលមកពីការដើរចេញពីសហភាពអ៊ឺរ៉ុប។ អ្នកជំនាញខាងផ្នែកគោលនយោបាយជាច្រើនបានវិភាគទៅលើផលចំណេញដែលសមាគមមួយនេះអាចផ្តល់ទៅឲ្យចក្រភពអង់គ្លេស។ ជាក់ស្តែងយោងតាមវែបសាយ Council on Foreign Relation លោក ចនសាន់(Johnson) ដែលជាអតីតមន្ត្រីនៃក្រសួងការបរទេសរបស់ចក្រភពអង់គ្លេសបានលើកឡើងថា សមាគមនៃប្រជាជាតិ Commonwealth នេះនឹងផ្តល់ឱកាសខាងផ្នែកសេដ្ឋកិច្ចទៅឲ្យចក្រភពអង់គ្លេសច្រើនជាងសហភាពអ៊ឺរ៉ុបដោយសារតែនៅក្នុងអំឡុងពេលបួនឆ្នាំចុងក្រោយនេះ សមាគមនេះមានសន្ទុះកំណើនសេដ្ឋកិច្ចដល់ទៅ ៤,៤ ភាគរយ ដែលខ្ពស់ជាងកំណើនសេដ្ឋកិច្ចរបស់សហភាពអ៊ឺរ៉ុបដែលឈរនៅត្រឹមតែ ២ ភាគរយប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ការងាកទៅរកសមាគមនេះនឹងអាចឱ្យចក្រភពអង់គ្លេសទទួលបានជនអន្តោប្រវេសន៍ដែលមានជំនាញខ្ពស់ចូលមកប្រទេសរបស់ខ្លួនពីប្រទេសសមាជិក ជាជាងទទួលយកជនអន្តោប្រវេសន៍គ្មានចំនួនកំណត់តាមការតម្រូវរបស់សហភាពអ៊ឺរ៉ុបនៅពេលដែលខ្លួននៅជាសមាជិកនៃសហភាពអ៊ឺរ៉ុបនេះ។

មានមតិផ្សេងទៀតបានលើកឡើងថា ការងាកមកសហការជាមួយសមាជិកនៅក្នុងសមាគមCommonwealth នេះគឺនឹងផ្តល់ភាពងាយស្រួលដល់ការសម្រេចបាននូវគោលការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចនានាជាជាងការដែលអង់គ្លេសព្យាយាមបង្កើតកិច្ចសហការថ្មីជាមួយប្រទេសនៅក្រៅសមាគមនេះ ដោយហេតុថាអង់គ្លេសមានទំនាក់ទំនងយូរអង្វែងជាមួយប្រទេសទាំងនេះរួចមកហើយដែលធ្វើឱ្យការចរចាផ្សេងៗកាន់តែមានភាពងាយស្រួល។ នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច អង់គ្លេសនឹងមានឱកាសបង្កើនកិច្ចសហការជាមួយប្រទេសជាសមាជិកដែលមានសន្ទុះកំណើនសេដ្ឋកិច្ចខ្ពស់ដូចជា ឥណ្ឌា កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ជាដើម។

លើសពីនេះទៀត ប្រសិនបើយើងក្រឡេកមើលទៅផលចំណេញនៅក្នុងទំនាក់ទំនងនយោបាយការបរទេសវិញ អង់គ្លេសនឹងអាចដើរតួជាមហាអំណាចនៅក្នុងសមាគមនេះ ដោយហេតុផលថា អង់គ្លេសធ្លាប់ជាម្ចាស់អាណានិគមនៃប្រទេសក្នុងតំបន់នេះ ហើយក៏ជាប្រទេសមហាអំណាចតែមួយនៅក្នុងសមាគមនេះដែលជាសមាជិកអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ នៅក្នុងសមាគម Commonwealth អង់គ្លេសអាចដើរតួជាមហាអំណាចផ្តាច់មុខដែលខុសពីនៅក្នុងសហភាពអ៊ឺរ៉ុបដែលមានគូប្រជែង ដូចជា អាឡឺម៉ង់ និងបារាំងជាដើម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងមិនអាចសន្និដ្ឋានបានទេថា សមាគមនេះនឹងផ្តល់នូវផលប្រយោជន៍ដល់អង់គ្លេសលើសពីអ្វីដែលអង់គ្លេសតែងតែទទួលបាននៅពេលដែលខ្លួននៅជាសមាជិកនៃសហភាពអ៊ឺរ៉ុប ដោយហេតុផលទំហំសេដ្ឋកិច្ច និងកម្រិតអភិវឌ្ឍន៍ជាក់ស្តែងរបស់សមាគមនេះ។ ប្រសិនបើធៀបទៅនឹងសហភាពអ៊ឺរ៉ុប សន្ទស្សន៍ GDP របស់សមាគមនៃសហប្រជាជាតិខមម្មុនវែលនេះគឺឈរនៅត្រឹមតែពាក់កណ្តាលនៃសន្ទស្សន៍ GDP របស់អ៊ឺរ៉ុបតែប៉ុណ្ណោះ។

សរុបសេចក្តីមក ចក្រភពអង់គ្លេសកំពុងធ្វើការវាស់វែងថាតើបន្ទាប់ពីការចាកចេញរបស់ខ្លួនពីសហភាពអ៊ឺរ៉ុបមក គោលនយោបាយបែបណាដែលគួរតែត្រូវបានជ្រើសរើសយកមកប្រើប្រាស់ដើម្បីទទួលបាននូវផលចំនេញ និងដើម្បីកាត់កងជាមួយនឹងអត្ថប្រយោជន៍ដែលខ្លួនបានបាត់បង់បន្ទាប់ពីការលាលែងចេញពីសមាជិកភាពនេះទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយការទូត។ ដោយសារតែប្រវត្តិសាស្រ្តនៃទំនាក់ទំនងនិងការសហការដ៏យូរអង្វែងរបស់អង់គ្លេសនៅក្នុងសមាគមប្រជាជាតិនៃប្រទេស Commonwealth នេះហើយទើបយើងអាចសន្និដ្ឋានបានថា យ៉ាងហោចណាស់ អង់គ្លេសនឹងមិនអាចជៀសផុតពីការផ្តោតសំខាន់ទៅលើសមាគមមួយនេះក្រោយការចាកចេញពីសហភាពអ៊ឺរ៉ុប។ #The_SEED #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #អង់គ្លេស #សហភាពអុឺរ៉ុប

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង