ប្រទេសវ៉េណេស៊ុយអេឡាគឺជាប្រទេសដែលធ្លាប់មានការរីកចម្រើនជាងគេនៅតំបន់អាមេរិកខាងត្បូង ប៉ុន្តែប្រទេសនេះបានក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងជាងគេទៅវិញក្នុងអំឡុងពេលមួយទសវត្សរ៍ក្រោយនេះ ដោយសារតែការប្រឈមនឹងបញ្ហាអតិផរណា។ បើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) ប្រទេសវ៉េណេស៊ុយអេឡាបានប្រទះនូវអត្រាអតិផរណាយ៉ាងខ្ពស់រហូតលើសពី ៩០០.០០០% នៅក្នុងអំឡុងឆ្នាំ២០១៨។ ដូចនេះហើយ តើអ្វីទៅដែលជាមូលហេតុចម្បងដែលនាំឱ្យប្រទេសវ៉េណេស៊ុយអេឡាជួបប្រទះនឹងបញ្ហាមួយនេះ? ហើយវាបានផ្តល់ផលប៉ះពាល់យ៉ាងណាខ្លះទៅដល់ប្រជាជនវ៉េណេស៊ុយអេឡា?
ប្រសិនបើក្រឡេកមកមើលពីមូលហេតុទីមួយដែលបណ្តាលឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងបញ្ហាអតិផរណាខ្ពស់បែបនេះ នោះគឺដោយសារតែការផ្តោតទៅលើតែអាជីវកម្មប្រេងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ បើយោងតាមការចេញផ្សាយរបស់ CNBC ប្រទេសវ៉េណេស៊ុយអេឡាគឺជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកទៅលើការនាំចេញប្រេងទៅប្រទេសក្រៅសឹងតែទាំងស្រុង ក្នុងចំនួន ៩៥% នៃប្រាក់ចំណូលពីការនាំចេញរបស់ប្រទេសវ៉េណេស៊ុយអេឡា។ ប៉ុន្តែ កាលពីឆ្នាំ២០១៤ តម្រូវការបេ្រងរបស់ពិភពលោកបានធ្លាក់ចុះដែលនាំឱ្យតមៃ្លប្រេងធ្លាក់ចុះផងដែរ។ ដូច្នេះហើយ ប្រទេសវ៉េណេស៊ុយអេឡាក៏បានជួបប្រទះនឹងការលំបាកផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ដោយសារការធ្លាក់ចុះនៃការនាំចេញប្រេងទៅកាន់ពិភពលោកបានធ្វើឱ្យប្រទេសនេះបាត់បង់ប្រាក់ចំណូលជាច្រើន និងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់តម្រូវការមូលដ្ឋានរបស់ប្រជាជនក្នុងស្រុកដែលផលិតផលភាគច្រើនបានមកពីការនាំចូល។
រីឯមូលហេតុទីពីរវិញគឺនៅក្នុងអំឡុងឆ្នាំដែលលោក ហ៊ូហ្គោ ឆាវ៉េស (Hugo Chavez) បានកាន់ដំណែងជាប្រធានាធិបតីវ៉េណេស៊ុយអេឡា ប្រទេសនេះសម្រេចបាននូវការរីកចម្រើនជាងគេក្នុងអាជីវកម្មដឹកជញ្ជូនប្រេងទៅក្រៅប្រទេស។ លោក ឆាវីស (Chavez) បានបង្កើតកម្មវិធីសុខុមាលភាពជាច្រើន ដែលជាតម្រូវការរបស់ប្រជាជនវ៉េណេស៊ុយអេឡា ដោយប្រើប្រាស់ប្រាក់ចំណូលពីការនាំចេញប្រេង ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបង្កើនឱកាសការងារដល់ប្រជាជនរបស់ខ្លួន។ ហេតុនេះហើយទើបលោកទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាជនហើយលោកក៏បានបន្តគោលនយោបាយប្រជានិយមរបស់លោកដោយចំណាយប្រាក់បន្ថែមលើកិច្ចការសង្គមច្រើនហួសពេក។ ការចំណាយលើសលប់លើគោលនយោបាយប្រជានិយមច្រើននេះ បានធ្វើឱ្យស្តុកលុយរបស់ប្រទេសវ៉េណេស៊ុយអេឡាធ្លាក់ចុះ ដែលធ្វើឱ្យប្រទេសវ៉េណេស៊ុយអេឡាខ្វះខាតលុយក្នុងការចំណាយលើគោលនយោបាយសេដ្ឋកិច្ចផ្សេងៗ ឈានទៅដល់ការកើនឡើងនៃឱនភាពសារពើពន្ធ និងការកើនឡើងនូវបំណុលពីប្រទេសខាងក្រៅ។
ចំណែកឯមូលហេតុទីបីគឺដោយសារតែគោលនយោបាយផលិតលុយបន្ថែមរបស់ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលបន្សល់ទុកពីរដ្ឋបាលប្រធានាធិបតីមុន។ លោក នីកូឡាស់ ម៉ាឌូរ៉ូ បានដោះស្រាយបញ្ហាសេដ្ឋកិច្ចដោយបង្កើតគោលនយោបាយក្នុងការផលិតលុយបន្ថែមដើម្បីជួយសេដ្ឋកិច្ចរបស់ប្រទេសនិងដើម្បីសងបំណុលផ្សេងៗទៀត។ ប៉ុន្តែការផលិតលុយបន្ថែមនេះបានធ្វើឱ្យបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសវ៉េណេស៊ុយអេឡាចុះខ្សោយលើសដើម ដោយសារចំនួនក្រដាសប្រាក់បានកើនឡើង និងរុញតម្លៃផលិតផលឱ្យកើនឡើងផងដែរ។ វិបត្តិសេដ្ឋកិច្ចដែលជាជំងឺចាស់ គួបផ្សំនឹងគោលនយោបាយផលិតលុយបន្ថែម បានបែ្រក្លាយជាកាតាលីករជំរុញឱ្យវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែរ៉ាំរ៉ៃទៅមកទល់ពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ ដោយសារប្រទេសវ៉េណេស៊ុយអេឡាមានបញ្ហាអត្រាអតិផរណាឡើងខ្ពស់ជារៀងរាល់ថ្ងៃបែបនេះ ប្រជាពលរដ្ឋបានរងទុក្ខដោយមិនអាចផ្គត់ផ្គង់តម្រូវការមូលដ្ឋាន ដូចជា អាហារ បង្គន់អនាម័យ និងថ្នាំឱសថជាដើម។ ជាមួយនឹងការខ្វះខាតនេះ ប្រជាជននៅក្នុងប្រទេសមានការស្រេកឃ្លាន និងមិនបានទទួលការអប់រំ ដោយសារសេដ្ឋកិច្ចក្នុងគ្រួសារនីមួយៗបានធ្លាក់ចុះ។ ម៉្យាងវិញទៀត ប្រជាជនវ៉េណេស៊ុយអេឡាបានចោទប្រកាន់លោក ម៉ាឌូរ៉ូ ជាអ្នកដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសក្លាយជាបែបនេះ ដែលជាលទ្ធផលប្រជាជនវ៉េណេស៊ុយអេឡាចំនួនលើសពីបីលាននាក់ បានចាកចេញពីប្រទេសរបស់ខ្លួន ដើម្បីស្វែងរកជីវិតថ្មីនៅប្រទេសដទៃ ដូចជា ប្រទេសកូឡុំប៊ី (Colombia) ប្រទេសប៉េរូ (Peru) ប្រទេសឈីលី (Chili) និងតំបន់ចំនួនទៀត ដូចជាប៉ែកប្រេស៊ីលខាងត្បូង (South Brazil) ជាដើម បើយោងតាមអង្គការសហប្រជាជាតិកាលពីចុងឆ្នាំ២០១៩។
ដោយសារសេដ្ឋកិច្ចប្រទេសវ៉េណេស៊ុយអេឡាស្ថិតក្នុងភាពវឹកវរ ទើបលោក ជូហាន ហ្គូដូ (Juan Guaido) ដែលជាសមាជិកក្នុងបក្សប្រឆាំងបានឆ្លៀតឱកាសបង្កើនប្រជាប្រិយភាពរបស់គណបក្សប្រឆាំង និងអះអាងថាបានជាប់ជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសវ៉េណេស៊ុយអេឡា ប៉ុន្តែការបោះឆ្នោតនេះក្លាយជាបញ្ហាចម្រូងចម្រាសមួយរហូតដល់មានការប្រកួតប្រជែងរវាងប្រទេសមហាអំណាចនិងប្រទេសមហាអំណាច។ ប្រទេសមហាអំណាចមួយចំនួន ដូចជា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ក៏បានលូកដៃដើម្បីគាំទ្រគណបក្សប្រឆាំងដោយជឿថាលោក ជូហាន ហ្គូដូ នឹងដឹកនាំប្រទេសឱ្យមានការរីកចម្រើនដោយប្រើប្រាស់គោលនយោបាយប្រជាធិបតេយ្យ។ ជាមួយគ្នានេះផងដែរ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនេះដោយសារការដឹកនាំរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលដឹកនាំប្រទេសបែបផ្តាច់ការ ជាហេតុធ្វើឱ្យសេដ្ឋកិច្ចប្រទេសវ៉េណេស៊ុយអេឡាកាន់តែធ្លាក់ចុះបន្ថែមទៀត។ យោងតាមការចេញផ្សាយរបស់ BBC លោក ម៉ាឌូរ៉ូ មានសម្ព័ន្ធភាពអន្តរជាតិដែលបានគាំទ្រលោកក្នុងការរក្សាតំណែងជាប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡារួមជាមួយប្រទេសមហាអំណាចមួយចំនួនផងដែរ ដូចជា ប្រទេសចិន ប្រទេសរុស្សីជាដើម។
ដោយយោងតាមការសន្និដ្ឋានខាងលើ យើងអាចសង្កេតឃើញថា ប្រទេសវ៉េណេស៊ុយអេឡាមិនត្រឹមតែកំពុងជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចនោះទេ ប្រទេសនេះក៏កំពុងជួបនឹងបញ្ហានយោបាយផងដែរ។ រដ្ឋបាលរបស់លោក ម៉ាឌូរ៉ូ មិនត្រឹមតែត្រូវផ្ដោតអារម្មណ៍លើការស្រោចស្រង់សេដ្ឋកិច្ចដ៏ដុនដាបនេះប៉ុណ្ណោះទេ លោកក៏ត្រូវការពារអំណាចដែលមានក្នុងដៃផងដែរ។ ជាមួយគ្នានេះ ការមិនផ្តល់ព័ត៌មានសវនកម្មផ្សេងៗពីលោក ម៉ាឌូរ៉ូ ធ្វើឱ្យមានភាពលំបាកក្នុងការលើកវិធានការចំបាច់ដើម្បីដោះស្រាយបញ្ហាការកើនឡើងអត្រាអតិផរណា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយសកល អ្នកជំនាញជាច្រើនបានណែនាំដំណោះស្រាយដែលអាចឱ្យប្រទេសវ៉េណេស៊ុយអេឡាចៀសវាងបញ្ហានៃការកើនឡើងនូវអត្រាអតិផរណា ដោយអនុម័ត <ដុល្លារូបនីយកម្ម>។ ក្នុងការអនុម័តដុល្លារូបនីយកម្មនេះ ប្រទេសវ៉េណេស៊ុយអេឡាត្រូវបោះបង់ចោលរូបិយវត្ថុជាតិដើម្បីចាប់យករូបិយប័ណ្ណបរទេសដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចរូបិយប័ណ្ណប្រទេសរបស់ខ្លួន និងអាចជួយដល់ការដោះស្រាយបញ្ហាជាច្រើនដែលប្រជាជនកំពុងជួបប្រទះផងដែរ។ បន្ថែមពីលើនេះ យោងតាមការចេញផ្សាយរបស់ CNBC នេះផងដែរ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានបង្ហាញឆន្ទះក្នុងការផ្តល់ជំនួយលើឥណទាននិងការវិនិយោគក្រោមលិទ្ធិប្រជាធិបតេយ្យដើម្បីជួយសេដ្ឋកិច្ចរបស់ប្រទេសវ៉េណេស៊ុយអេឡា ក្នុងករណីលោក ម៉ាឌូរ៉ូ ចាកចេញពីតំណែង។ ផ្ទុយមកវិញ ការវិភាគជាច្រើនបានបង្ហាញពីការព្រួយបារម្មណ៍ចំពោះអនាគតនៃប្រជាជនប្រទេសវ៉េណេស៊ុយអេឡា ដោយសាររដ្ឋាភិបាលប្រទេសនេះបានបដិសេធនូវបញ្ហាសេដ្ឋកិច្ច ជាអាទិ៍ បញ្ហាអតិផរណាដែលខ្លួនកំពុងជួបប្រទះ និងគោលនយោបាយដែលធ្វើឱ្យប្រជាជនរងទុក្ខបន្ថែមទៀត។ #The_SEED #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #វ៉េណេស៊ុយអេឡា
អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ឡេង ហ៊ត
គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត