នៅពេលដែលយើងលឺពាក្យថាស្ថានទូតនោះ យើងនឹងនឹកឃើញពីស្ថាប័នមួយដែលមានអគ្គរាជទូត មន្ត្រីការទូត និងបុគ្គលិកនានានៅទីនោះ។ ផ្ទុយទៅវិញ ប្រទេសអេស្តូនី (Estonia) បានដាក់ស្ថានទូតរបស់ខ្លួននៅប្រទេសលុចសាំបួរ (Luxembourg) ដែលស្ថានទូតនោះមិនមានមនុស្សឡើយ តែផ្ទុកទៅដោយសំណុំទិន្នន័យសំខាន់ៗជាឌីជីថលរបស់រដ្ឋាភិបាលអេស្តូនី។ ប្រទេសអេស្តូនី បានប្រសិទ្ធនាមវាជាស្ថានទូតទិន្នន័យ (Data Embassy) ទីមួយនៅលើសកលលោក។ ហេតុអ្វីបានជាប្រទេសអេស្តូនីបង្កើតស្ថានទូតទិន្នន័យឡើង?
មូលហេតុទីមួយដែលនាំឱ្យប្រទេសអេស្តូនីបង្កើតស្ថានទូតទិន្នន័យនេះឡើងគឺដោយសារតែប្រទេសអេស្តូនីបានទទួលរងនូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែតជាច្រើនដងនៅក្នុងឆ្នាំ២០០៧ដែលនាំឱ្យគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលប្រទេសអេស្តូនីចំនួន៥៨លែងដំណើរការក្នុងពេលតែមួយ។ ទិន្នន័យសំខាន់ៗជាច្រើនរបស់រដ្ឋាភិបាលអេស្តូនីមិនត្រូវបានបាត់បង់ដោយសារតែការវាយប្រហារមួយនេះទេ ដោយសារតែអេស្តូនីមានឯកសារស្តុកបម្រុងទុកនៅស្ថានទូតរបស់ខ្លួននៅជុំវិញពិភពលោក។ រដ្ឋាភិបាលអេស្តូនីបានចោទប្រកាន់ថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារនេះ ប៉ុន្តែរដ្ឋាភិបាលក្រឹមឡាំង (Kremlin) បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់នេះ។ រដ្ឋាភិបាលរំពឹងថាការបង្កើតស្ថានទូតទិន្នន័យ នឹងរារាំងការវាយប្រហារមកលើទិន្នន័យរបស់ខ្លួន ព្រោះថាភាគីដែលមានបំណងចង់វាយប្រហារនឹងបង្កជម្លោះជាមួយប្រទេសពីរ។ ប្រសិនបើភាគីណាមួយចង់វាយប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិករបស់អេស្តូនី ភាគីនោះក៏ត្រូវវាយប្រហារទៅលើប្រទេសលុចសាំបួរ ដែលនឹងនាំឱ្យភាគីនោះជួបប្រទះបញ្ហាទំនាក់ទំនងការទូតជាមួយប្រទេសច្រើនភាគីផងដែរ។
មូលហេតុទីពីរដែលនាំឱ្យប្រទេសអេស្តូនីបង្កើតស្ថានទូតទិន្នន័យឡើង គឺដោយសារតែវាជាបច្ចេកទេសតែមួយគត់ដែលធានាបានថា រដ្ឋាភិបាលអេស្តូនីនឹងនៅតែមានអធិបតេយ្យភាពលើទិន្នន័យរបស់ខ្លួនបាន។ នៅក្នុងឆ្នាំ២០១៤ រដ្ឋាភិបាលអេស្តូនីមានជម្រើសពីរក្នុងការផ្ទុកនិងការពារទិន្នន័យរបស់ខ្លួន ដែលជម្រើសទីមួយគឺការបង្កើតស្ថានទូតទិន្នន័យនេះឯង ឯជម្រើសទីពីរគឺផ្ទុកទិន្នន័យនេះនៅក្នុង Cloud។ ប៉ុន្តែ រដ្ឋាភិបាលអេស្តូនីយល់ឃើញថា ប្រព័ន្ធ Cloud នៅមិនគ្រប់គ្រាន់នោះឡើយទេ ដោយសារការផ្ទុកទិន្នន័យនៅក្នុង Cloud គឺដូចជាការផ្ញើទិន្នន័យបណ្ដោះអាសន្នដែលម្ចាស់ Cloud នោះត្រូវរក្សាទុកនៅកន្លែងមួយ។ ហេតុដូចនេះ ការផ្ទុកទិន្នន័យនៅក្នុង Cloud មានហានិភ័យត្រង់មិនអាចមានអំណាចពេញលេញលើទិន្នន័យទាំងនោះដូចការរក្សាទុកដោយខ្លួនឯងនោះទេ។ នេះក៏ជាមូលហេតុដែលរដ្ឋាភិបាលនេះសម្រេចធ្វើស្ថានទូតទិន្នន័យដែលអាចប្រើប្រាស់និងរក្សាទុកទិន្នន័យដោយសុវត្ថិភាពនៅឯស្ថានទូតទិន្នន័យនៅប្រទេសលុចសាំបួរ។
មូលហេតុទីបីដែលនាំឱ្យប្រទេសអេស្តូនីបង្កើតស្ថានទូតទិន្នន័យគឺដោយសាររដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការការពារអធិតេយ្យភាពរបស់រដ្ឋាភិបាលរបស់ខ្លួន។ ប្រទេសអេស្តូនីជាប្រទេសដ៏តូចមួយដែលមានព្រំប្រទល់ជាប់ប្រទេសរុស្ស៊ី ហើយក៏ជាអតីតរដ្ឋចំណុះមួយរបស់សហភាពសូវៀតផងដែរ។ ក្រោយពីមើលឃើញពីការកាន់កាប់របស់កងទ័ពរុស្ស៊ីនៅក្នុងតំបន់គ្រីមៀ (Crimea) នៅប្រទេសអ៊ុយក្រែន (Ukraine) ក្នុងឆ្នាំ២០១៤ ប្រទេសអេស្តូនីក៏បានចាប់ផ្តើមគិតគូរពីបញ្ហាសន្តិសុខជាតិរបស់ខ្លួន។ ការបង្កើតស្ថានទូតទិន្នន័យនេះឡើង គឺអាចធានាបានថា ប្រសិនបើថ្ងៃមុខ ប្រទេសអេស្តូនីនឹងរងការឈ្លានពានបាត់បង់ទឹកដីនោះ ឯកសារសំខាន់ៗរបស់ជាតិនឹងមិនបាត់បង់ ឬទទួលរងផលប៉ះពាល់អ្វីឡើយ។ រដ្ឋាភិបាលអេស្តូនីនៅតែអាចដំណើរការ និងផ្តល់សេវាកម្មសំខាន់ៗដល់ប្រជាពលរដ្ឋរបស់ខ្លួនតាមប្រព័ន្ធអនឡាញ ទោះបីជារដ្ឋាភិបាលមួយនេះ មិនមានវត្តមាននៅក្នុងទឹកដីរបស់ខ្លួនក៏ដោយ។
ក្នុងដំណើរនៃការបង្កើតស្ថានទូតនេះឡើង ប្រទេសអេស្តូនីបានចរចាជាមួយប្រទេសជាច្រើន។ ការជ្រើសរើសគោលដៅប្រទេសដែលប្រទេសអេស្តូនីនឹងដាក់ស្ថានទូតទិន្នន័យគឺមានសារៈសំខាន់ណាស់ ព្រោះប្រសិនបើប្រទេសជាម្ចាស់ផ្ទះមិនមានហេដ្ឋារចនាសម្ព័ន្ធ និងច្បាប់ការពារទិន្នន័យឌីជីថលល្អនោះទេ ទិន្នន័យរដ្ឋាភិបាលអេស្តូនីនឹងងាយរងគ្រោះថ្នាក់។ រដ្ឋាភិបាលអេស្តូនីត្រូវការភាគីដៃគូដែលអាចជឿទុកចិត្តបាន ក្នុងការការពារឯកសាររបស់ខ្លួន។ ជាចុងក្រោយ រដ្ឋាភិបាលអេស្តូនីបានចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសលុចសាំបួរក្នុងការបង្កើតស្ថានទូតទិន្នន័យទីមួយនេះឡើង។ ប្រទេសលុចសាំបួរជាប្រទេសដែលមានកិត្យានុភាពដ៏ល្អមួយខាងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ដោយសារប្រទេសនេះជាគោលដៅក្នុងការស្តុកទុកឯកសារសំខាន់ៗរបស់អង្គការអន្តរជាតិជាច្រើន។ ស្ថានទូតទិន្នន័យក៏ទទួលបាននូវសិទ្ធិការពារដូចស្ថានទូតដទៃទៀតដែរដែលបានចែងក្នុងកិច្ចព្រមព្រៀងក្រុងវីយែន (Vienna) ដោយប្រទេសដែលជាម្ចាស់ផ្ទះ មិនអាចឈ្លានពាន ឬជ្រៀតជ្រែកចូលទៅក្នុងស្ថានទូតបានឡើយ។
បច្ចុប្បន្ននេះ ដោយសារតែឯកសាររបស់ប្រទេសជាច្រើនវិវត្តទៅរកប្រព័ន្ធឌីជីថល ស្ថានទូតទិន្នន័យកំពុងក្លាយជាគោលគំនិតរបស់បណ្តាប្រទេសមួយចំនួនក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន ក៏ដូចជាឯកសារសំខាន់ៗទាក់ទងនឹងសន្តិសុខប្រទេសជាតិ។ ស្ថានទូតទិន្នន័យអាចជួយការពារទិន្នន័យពីគ្រោះថ្នាក់ជាច្រើនមានដូចជា សង្គ្រាម ចារកម្ម ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត និងគ្រោះថ្នាក់ធម្មជាតិជាដើម។ ប្រទេសមួយចំនួន ជាពិសេសប្រទេសដែលមានផ្ទៃដីតូចកំពុងតែងាកមករកដំណោះស្រាយនេះ។ ក្រៅពីប្រទេសអេស្តូនី ប្រទេសមូណាកូ ក៏មានបំណងបង្កើតស្ថានទូតទិន្នន័យផងដែរ ហើយប្រទេសអេស្តូនីក៏បានជួយដល់ប្រទេសកោះតូចៗនៅក្នុងមហាសមុទ្រដែលងាយរងគ្រោះដោយសារគ្រោះធម្មជាតិ ដោយការចែករំលែកបច្ចេកវិទ្យាក្នុងការស្តុកទុកទិន្នន័យជាតិរបស់ពួកគេផងដែរ។ #The_SEED #Data #Estonia #Luxembourg #Russia #Data_Embassy
អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទដោយ៖ លោក ឆាយ តេជគុណ
គំនូរច្នែប្រឌិតដោយ៖ កញ្ញា បូរ ដាលីន