តាមរយៈក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន សហរដ្ឋអាមេរិកបានបញ្ចេញឯកសារសម្ងាត់មួយស្ដីពីក្របខ័ណ្ឌយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ តាមពិតទៅ ឯកសារសម្ងាត់មួយនេះគួរតែត្រូវចេញផ្សាយជាសាធារណៈនៅឆ្នាំ២០៤៣ឯណោះទេ ពីព្រោះថាតាមច្បាប់នៅសហរដ្ឋអាមេរិក ចំពោះរាល់ឯកសារសម្ងាត់លក្ខណៈសន្តិសុខជាតិបែបនេះគឺត្រូវកំណត់ឲ្យមានរយៈពេលអតិបរមា ២៥ឆ្នាំ ក្រោយពីមានការឯកភាពផ្លូវការ ទើបផ្សព្វផ្សាយទៅមជ្ឈដ្ឋានទូទៅ (ក្របខ័ណ្ឌយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកចេញជាធរមាននៅឆ្នាំ២០១៨)។
នៅក្នុងឯកសារកម្រាស់ ១៥ ទំព័រដែលបិទបាំងពាក្យនិងឃ្លាមួយចំនួនតូច សហរដ្ឋអាមេរិកបានគូសបញ្ជាក់ពីបញ្ហាប្រឈមចំពោះសន្តិសុខជាតិ ក៏ដូចជាផលប្រយោជន៍របស់ខ្លួននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អ្វីដែលសំខាន់ជាងគេក្នុងសំណៅឯកសារយុទ្ធសាស្ត្រអាមេរិកមួយនេះគឺ អាមេរិកចង់រក្សាភាពជាបងធំរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ជាក់ស្ដែង សហរដ្ឋអាមេរិកបានមើលឃើញថា សាធារណរដ្ឋប្រជាមានិតចិនជាអ្នកគំរាមកំហែងដល់វត្តមានខ្លួននៅក្នុងតំបន់ដ៏ធំមួយនេះ។ ហេតុនេះហើយ អាមេរិកបានដាក់ផែនការសកម្មភាពក្នុងការទប់ស្កាត់ឥទ្ធិពលចិន តាំងពីផ្នែកសេដ្ឋកិច្ចនិងផ្នែកឥទ្ធិពលនយោបាយ-ការទូត ហើយឈានទៅដល់ផ្នែកយោធាទៀតផង។ ទោះបីជាសរសេរក្នុងន័យអវិជ្ជមានច្រើនក៏ដោយ សហរដ្ឋអាមេរិកក៏បានបង្ហាញពីជំហរមួយដើម្បីសហការជាមួយចិន នៅពេលណាដែលផលប្រយោជន៍ត្រូវបានផ្តល់ដល់សហរដ្ឋអាមេរិក។
ក្រៅពីចិន សហរដ្ឋអាមេរិកក៏បានលើកឡើងពីផែនការសកម្មភាពរបស់ខ្លួនចំពោះសម្ព័ន្ធមិត្តដៃគូរបស់ខ្លួនដែលរួមមាន ឥណ្ឌា និងប្រទេសនៅអាស៊ីទក្សិណ ក៏ដូចជា ឧបទ្វីបកូរ៉េផងដែរ ប៉ុន្តែ អត្ថបទនេះនឹងផ្ដោតខ្លាំងចំពោះបញ្ហានៅអាស៊ីអាគ្នេយ៍។
តំបន់អាស៊ីអាគ្នេយ៍ត្រូវបានលើកឡើងយ៉ាងច្រើនគួរសមផងដែរនៅក្នុងឯកសារសម្ងាត់នេះ ដោយមាន ផ្នែកមួយប្រមាណជា ១ ទំព័រ បកស្រាយអំពីគោលដៅនិងសកម្មភាពរួមតំបន់រវាងអាស៊ីអាគ្នេយ៍ និងតំបន់ផែនកោះមហាសមុទ្រប៉ាស៊ីហ្វិក។ នៅក្នុងឯកសារនេះ អាមេរិកដាក់ចេញនូវគោលបំណងចំនួន ៥ និងផែនការសកម្មភាពមួយចំនួនដែលខ្លួននឹងអនុវត្តនៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។ ពាក់ព័ន្ធនឹងតំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិកក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តចំពោះតួនាទីស្នូល ឬតួនាទីមជ្ឈភាពអាស៊ាន (ASEAN Centrality) ដែលជាគោលតម្លៃរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ។ ម្យ៉ាងទៀតនោះ អាមេរិកក៏បានសង្កត់ធ្ងន់ទៅការលើកកម្ពស់ និងការគាំទ្រភាពអន្តរកាលទៅកាន់របបប្រជាធិបតេយ្យថែមទៀតផង។
អ្នកតាមដានកិច្ចការអាស៊ីអាគ្នេយ៍ជាច្រើនយល់ថា សហរដ្ឋអាមេរិកគ្រាន់តែចាត់ទុកអាស៊ាននិងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលជាតួរង ឬគ្រាន់តែជាកូនអុកមួយសម្រាប់អាមេរិកទប់ទល់នឹងចិនតែប៉ុណ្ណោះ។ ការលើកឡើងបែបនេះ គឺយោងលើមូលហេតុថា អាមេរិកក្នុងសម័យរដ្ឋការលោក ដូណាល់ ត្រាំ មិនសូវរវីរវល់នឹងកិច្ចប្រជុំកំពូលនានារបស់អាស៊ានទេ គឺគិតតែពីប្រយោជន៍របស់ខ្លួនច្រើនជាង។ ក្នុងឯកសារនេះវិញ អ្នកវិភាគកិច្ចការតំបន់យល់ថា អាមេរិកគ្រាន់តែបង្ហាញពីការប្ដេជ្ញាចិត្ត ប៉ុន្តែមិនបានបកស្រាយលម្អិតពីផែនការសកម្មភាពក្នុងការលើកកម្ពស់តួនាទីស្នូលអាស៊ាន ព្រមទាំងរបៀបនៃការគាំទ្រប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ានោះទេ។
ចំពោះរឿងតួនាទីស្នូលអាស៊ាន ក្នុងឯកសារនោះបានសរសេរថា អាមេរិកគាំទ្រតាមរយៈការពង្រឹងចំណងមិត្តភាពរបស់ខ្លួនជាមួយ “សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងឥណ្ឌូណេស៊ី”។ អ្នកតាមដានមួយចំនួនយល់ឃើញថា អាមេរិកបានមើលរំលងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន។ បើនិយាយរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សវិញ នៅក្នុងឯកសារសម្ងាត់មួយនេះ មានតែមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលអាមេរិកបាននិយាយថាគាំទ្រ ខណៈអាមេរិកស្ងាត់ឈឹងលើប្រធានបទប្រទេសដទៃ ដែលធ្វើឲ្យអ្នកវិភាគខ្លះយល់ថា អាមេរិកកំពុងតែប្រាសចាកពីគោលតម្លៃនៃគោលនយោបាយការបរទេសរបស់ខ្លួនរួមមាន ការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យជុំវិញពិភពលោក។
ចំពោះមតិរបស់ខ្ញុំផ្ទាល់វិញ វាត្រឹមត្រូវណាស់ចំពោះការលើកឡើងថា អាមេរិកសម្លឹងមើលការទប់ស្កាត់ចិនដើម្បីផលប្រយោជន៍របស់ខ្លួន នេះគឺស្របតាមគោលនយោបាយ “អាមេរិកចម្បង” របស់លោក ត្រាំ ហើយប្រាកដណាស់នៅលើឆាកអន្តរជាតិ ប្រទេសណាក៏ប្រឹងប្រែងដើម្បីផលប្រយោជន៍ជាតិរបស់គេដែរ។ បើនិយាយអំពីអាស៊ានវិញ តំបន់នេះសំខាន់ចំពោះអាមេរិក ហើយសំខាន់កាន់តែខ្លាំងចាប់តាំងពីពេលដែលឥទ្ធិពលរបស់ចិនកាន់តែរាលដាលខ្លាំងឡើងៗតាមរយៈអំណាចទន់ដូចជា រឿងផ្ដល់ជំនួយ ផ្ដល់ប្រាក់កម្ចី ក៏ដូចជាការវិនិយោគ។ ភាពសំខាន់នេះដែរក៏អាចធ្វើឲ្យតំបន់នេះក្លាយជាចំណុចភូមិសាស្ត្រនយោបាយដ៏ក្ដៅគគុកមួយរវាងចិននិងអាមេរិក។ ហេតុនេះហើយបានជាអាមេរិកហាក់បីដូចជាសកម្មនៅអាស៊ីអាគ្នេយ៍ជាងអាណត្តិប្រធានាធិបតីមុនៗក្រោយសម័យសង្គ្រាមត្រជាក់។ សូមបញ្ជាក់បន្តិចថា ទោះជាលោក ត្រាំ ហាក់មិនសូវខ្វល់ខ្វាយនឹងតំបន់នេះពិតមែន ប៉ុន្តែមន្ត្រីរដ្ឋការជំនាញរបស់អាមេរិកទាំងអ្នកការទូតនិងមន្ត្រីយោធាបាននិយាយជំហររបស់ខ្លួនច្បាស់ៗណាស់នៅតាមវេទិកាផ្សេងៗ ដែលជំហរនោះគឺ អាមេរិកគាំទ្រតំបន់មេគង្គនិងអាស៊ីអាគ្នេយ៍ដើម្បីគេចចេញពីឥទ្ធិពលចិន។ ឯកសារសម្ងាត់នេះជាភស្តុតាងដ៏រឹងមួយ អំពីគោលជំហរអាមេរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យ៉ាងណាមិញ វាហាក់បីដូចជាស្រពិចស្រពិលនិងមិនច្បាស់ពីមូលហេតុដែលអាមេរិកបញ្ចេញឯកសារដ៏សំខាន់នេះមុនកាលកំណត់រហូតទៅជាង ២០ឆ្នាំ។ អ្នកខ្លះយល់ថា រដ្ឋការលោក ត្រាំ ធ្វើបែបនេះ ដើម្បីរុញឲ្យលោក ចូ បៃឌិន បន្តអនុវត្តយុទ្ធសាស្ត្រនេះ។ បើតាមការសង្កេតមើលទំនោរគោលនយោបាយការបរទេសអាមេរិក គេអាចនិយាយបានថា យុទ្ធសាស្រ្តជំនាន់លោក ត្រាំ មួយនេះ អាចនឹងនៅបន្តដដែល។ យើងអាចសម្គាល់បានតាមរយៈសកម្មភាពមួយចំនួនរបស់យោធាអាមេរិកនៅតំបន់សមុទ្រចិនខាងត្បូង ក៏ដូចជាកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកនិងមេដឹកនាំអឺរ៉ុប ព្រមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក ជាមួយប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន។ យ៉ាងណាមិញ ការបន្តអនុវត្តមានកម្រិតត្រឹមណា យើងនឹងរង់ចាំមើលទៀត ប៉ុន្តែយើងអាចដឹងច្បាស់ថា ឯកសារសម្ងាត់អំពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកអាមេរិកអាចជាឯកសារយោងដ៏សំខាន់សម្រាប់តាមដានចលនារបស់អាមេរិកនៅភាគខាងកើតដ៏ធំនៃទ្វីបអាស៊ី៕
អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទពីប្រិយមិត្ដ៖ លោក Him Rotha
គំនូរដោយ៖ កញ្ញា គង់ រដ្ធាវី