"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យទូទាំងប្រទេស៨៨៨៨ (មីយ៉ាន់ម៉ា)

ទិដ្ឋភាពទូទៅមុនចលនាបះបោរនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៨៨
មីយ៉ាន់ម៉ាជាប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគម​ចក្រភពអង់គ្លេសជាងមួយសតវត្សរ៍ ពោលគឺចាប់ពីឆ្នាំ១៨២៤ ដល់ឆ្នាំ១៩៤៨។ តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨​​ ប្រទេសយោធានិយមមួយនេះមិនទាន់មានមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យរឹងមាំនៅឡើយទេ។ ភាពវឹកវរចលាចលអស់ជាច្រើនទសវត្សរ៍ធ្វើឱ្យមីយ៉ាន់ម៉ាទទួលបានបទពិសោធន៍ដ៏ល្វីងជូរចត់ ក្រោមការគ្រប់គ្រងរបស់របបយោធាផ្ដាច់ការឯកបក្ស រួមមានការគំរាមកំហែង ការចាប់ខ្លួន អំពើហិង្សាព្រៃផ្សៃអមនុស្សធម៌ ការបំបិទសិទ្ធិសេរីភាពការបញ្ចេញមតិ ការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ល។ រដ្ឋប្រហារយោធាជោគជ័យនៅឆ្នាំ១៩៦២ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ នេ វីន (Ne Win) បានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោក យូ នូ (Nu U)។ បន្ទាប់មក ប្រទេសភូមា (Union of Burma) មួយនេះបានស្ថិតនៅក្រោមការគ្រប់គ្រងដោយគណបក្សសង្គមនិយមភូមា (The Burma Socialist Programme Party)​ តាំងពីពេលនោះមក ហើយថែមទាំងបានប្រកាសឱ្យអនុវត្តច្បាប់អាជ្ញាសឹកអស់រយៈពេល១២ឆ្នាំទៀតផង។ ច្បាប់អាជ្ញាសឹកជាច្បាប់ដែលត្រូវបានគេប្រើប្រាស់ដើម្បីគ្រប់គ្រងស្ថានភាពអាសន្នណាមួយនៅក្នុងប្រទេស ជាពិសេសប្រទេសកំពុងស្ថិតនៅក្នុងភាពវឹកវរ ឬការបះបោរពីប្រជាជន ហើយច្បាប់នេះធ្វើឱ្យពួកយោធាមានអំណាចពេញក្នុងដៃ ក្នុងការក្តោបក្តាប់គ្រប់ស្ថាប័នទាំងអស់ រួមទាំងអង្គនីតិបញ្ញត្តិ និងតុលាការ។ ការធ្វើនយោបាយសេដ្ឋកិច្ចឯកោនិយម និងជាតូបនីយកម្មដោយការកែប្រែក្រុមហ៊ុន សហគ្រាសតូចធំ និងផលិតកម្មនៃកម្មសិទ្ធិឯកជនឲ្យទៅជាកម្មសិទ្ធិរបស់រដ្ឋ ផ្អែកលើមនោគមវិជ្ជានៃគោលនយោបាយ ភូមាឆ្ពោះទៅរកសង្គមនិយម (Burmese Way to Socialism)  បានទាញប្រទេសឱ្យធ្លាក់ចូលក្នុងភាពក្រីក្របំផុតក្រោយទសវត្សរ៍ឆ្នាំ១៩៦០។

មូលហេតុនៃចលនាបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ១៩៨៨
វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅដើមទសវត្សរ៍ឆ្នាំ១៩៨០ និងអប្បិយជំនឿរបស់លោកឧត្ដមសេនីយ៍ នេ វីន បានធ្វើឱ្យគាត់ប្រកាសលុបបំបាត់ចោលការប្រើប្រាស់ក្រដាសប្រាក់ (Demonetization) ២៥ក្យាត់ ៣៥ក្យាត់ និង ៧៥ក្យាត់នៅខែកញ្ញា ឆ្នាំ១៩៨៧  ហើយជ្រើសរើសយក ៤៥ក្យាត់ និង ៩០ក្យាត់ ដែលគិតថាលេខទាំងនេះអាចចែកនឹងលេខ៩ ដែលជាលេខសំណាង។ ការប្រកាសលុបបំបាត់ចោលក្រដាសប្រាក់ទាំងនេះមិនមានជាមធ្យោបាយ ឬ សំណងសមរម្យណាមួយដូចការលុបបំបាត់ក្រដាសប្រាក់កាលពីឆ្នាំ១៩៦៤ និង១៩៨៥ កន្លងទៅនោះទេ។ ការលុបបំបាត់នេះបានធ្វើឱ្យក្រដាសប្រាក់ប្រមាណពី ៦០% ទៅ ៨០% ទូទាំងប្រទេសគ្មានតម្លៃភ្លាមៗ។ ប្រាក់ដែលនិស្សិតសាកលវិទ្យាល័យរ៉ាំងហ្គោន (បច្ចុប្បន្ន សាកលវិទ្យាល័យយ៉ាំងហ្គោន) បានសន្សំដើម្បីបង់ថ្លៃការសិក្សាត្រូវបានអស់តម្លៃប្រើបា្រស់លែងកើត។ រំលងមិនបានកន្លះឆ្នាំ​ផង នៅដើមខែមីនា ឆ្នាំ១៩៨៨ និស្សិតសាកលវិទ្យាល័យរ៉ាំងហ្គោនក៏បានចាប់ផ្ដើមធ្វើបាតុកម្ម ទាមទារតវ៉ាដំបូងលើរឿងការប្រើអំណាចដោយបំពានរបស់មន្រ្តីជាន់ខ្ពស់ម្នាក់។ ព្រឹត្តិការណ៍នោះបានបណ្ដាលឱ្យមានការបាញ់សម្លាប់សិស្សម្នាក់ឈ្មោះ កូហ្វូនម៉ាវ (Ko Phone Maw) ស្លាប់នៅថ្ងៃទី១៣ ខែមីនា។ ២៦ឆ្នាំនៃការស៊ូទ្រាំនឹងការគាបសង្កត់ពីរដ្ឋាភិបាលយោធា ការដឹកនាំប្រទេសមិនរីកចម្រើនលូតលាស់ទៅមុខ អសមត្ថភាពនៃមន្រ្តីរាជការ អំពើពុករលួយពេញផ្ទៃប្រទេស បូករួមជាមួយនឹងព្រឹត្តិការណ៍បាញ់សម្លាប់សិស្សម្នាក់ទៀតផងនោះ ជាហេតុធ្វើឱ្យពលរដ្ឋភូមាស្ទើរទូទាំងប្រទេសងើបឈរឡើងធ្វើបាតុកម្មតវ៉ាទាមទារយុត្តិធម៌ ការគោរពសិទ្ធិមនុស្ស ទាមទារឱ្យមានការបោះឆ្នោតសេរីពហុបក្ស និងការគ្រប់គ្រងប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ​សេរីនិយម។

តួអង្គសំខាន់ៗ
ទោះជាយ៉ាងណាក៏ដោយ យើងមិនភ្លេចនោះទេគឺបុគ្គលម្នាក់ដែលប្រជាជនភូមាចាត់ទុកជាវីរនារីមាតាធិបតេយ្យដ៏ក្លាហានម្នាក់គឺអ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ត្រូវជាកូនស្រីឥស្សរជននយោបាយទាមទារឯករាជ្យជូនប្រទេសភូមា លោក អ៊ុង សាន (Aung San) ដែលត្រូវបានធ្វើឃាតក្នុងឆ្នាំ១៩៤៧។ អ្នកស្រីបានត្រឡប់មកមាតុប្រទេសរបស់ខ្លួនពីប្រទេសអង់គ្លេសនៅខែសីហា ឆ្នាំ១៩៨៨ ដែលគាប់ជួននឹងការបះបោរក្រោយព្រឹត្តិការណ៍៨៨៨៨មិនទាន់បានបញ្ចប់នៅឡើយ។ នៅថ្ងៃទី២៦ ខែសីហាដដែល អ្នកស្រីបានថ្លែងសុន្ទរកថានៅចំពោះមុខមនុស្សរាប់សែននាក់ជាលើកដំបូងប្រកបដោយវោហាសព្ទច្បាស់លាស់អំពីចលនានេះ និងបានសន្យាថាខ្លួននឹងដឹកនាំចលនាជាលើកទីពីរទាមទារឱ្យបាននូវឯករាជ្យភាពនិងប្រជាធិបតេយ្យពីពួកយោធា។ នៅខែកញ្ញាបន្ទាប់ ក្រុមរបស់អ្នកស្រី អ៊ុង សានស៊ូជី រួមមានលោក អ៊ុង ហ្ស៊េ (Aung Shwe) ទិន អ៊ូ (Tin Oo) ជី ហ្មួង (Kyi Maung) អ៊ុង ហ្គ៊ី (Aung Gyi) បានរួមគ្នាបង្កើតគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (National League for Democracy (NLD)) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៨៨ ដែលមានអ្នកគាំទ្រដ៏ច្រើនលើសលប់។ ទោះជាកិច្ចខិតខំប្រឹងប្រែងយ៉ាងណា គណបក្សនេះក៏នៅតែត្រូវបានគាបសង្កត់នូវរាល់សកម្មភាពនយោបាយ មិនអនុញ្ញាតឱ្យសម្រេចគោលដៅរបស់ខ្លួនឡើយ។  ចំណែកឯអ្នកស្រី អ៊ុង សានស៊ូជី វិញ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះនៅថ្ងៃទី២០​​ ខែកក្ដដា ឆ្នាំ ១៩៨៩។ ក្នុងខែកក្ដដា ឆ្នាំ១៩៨៩ ​ដដែល ក្រោមការដឹកនាំដោយរដ្ឋាភិបាលយោធាថ្មី បានធ្វើការផ្លាស់ប្ដូរឈ្មោះប្រទេសពី សហភាពភូមា (Union of Burma) ទៅជា សហភាពមីយ៉ាន់ម៉ា ( Union of Myanmar) រហូតដល់ឆ្នាំ ២០០៨ បន្ទាប់ពីការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញថ្មី ឈ្មោះផ្លូវការរបស់ប្រទេសនេះត្រូវបានផ្លាស់ប្តូរជាថ្មីម្តងទៀតទៅជា សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា (the Republic of the Union of Myanmar)។

ទីបញ្ចប់នៃបាតុកម្ម៨៨៨៨ គឺនៅរសៀលម៉ោង៤ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៨៨។ រដ្ឋាភិបាលបានប្រកាសបញ្ចប់បាតុកម្មដោយបានបង្កើតរដ្ឋាភិបាលយោធាថ្មីដែលមានឈ្មោះថា គណៈកម្មាធិការស្តារច្បាប់និងសណ្ដាប់ធ្នាប់រដ្ឋ (State Law and Order Restoration Committee (SLORC)) ក្រោមការដឹកនាំរបស់លោក ស មួង (Saw Maung) ។ ក្រោយពីបាតុកម្មដែលពេលខ្លះឈានដល់កុបកម្មផងនោះត្រូវបានរំសាយ អ្នកឃ្លាំមើលសិទ្ធិមនុស្សបានប៉ាន់ប្រមាណថាមានអ្នកបាត់បង់ជីវិតចន្លោះពី ៣.០០០នាក់ ទៅ​ ១០.០០០នាក់ ក្នុងនោះរួមមាន ជនស៊ីវិល ព្រះសង្ឃ កម្មករ សិស្សនិស្សិត គ្រូពេទ្យ គ្រូបង្រៀន  រួមទាំងក្មេងផងដែរ ខណៈរដ្ឋាភិបាលយោធាប្រកាសថាមានអ្នកស្លាប់ត្រឹមតែជាង ៣០០ នាក់ប៉ុណ្ណោះ។ ថ្វីបើព្រឹត្តិការណ៍នេះបញ្ចប់ទៅដោយសោកនាដកម្ម ប៉ុន្តែយើងអាចធ្វើសំយោគបានថា ការបះបោរ៨៨៨៨ជាចលករមូលដ្ឋានដ៏សំខាន់សម្រាប់ប្រទេសមីយ៉ាន់ម៉ា ក្នុងការនាំទៅរកការបោះឆ្នោតដែលមានការចូលរួមពីគណបក្សដទៃតាមបែបលទ្ធិប្រជាធិបតេយ្យ និងបង្កើតរដ្ឋាភិបាលស៊ីវិលជាដើម។ ទោះបីជារដ្ឋាភិបាលយោធាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅឆ្នាំ១៩៩០ និងឆ្នាំ២០២០ថ្មីៗនេះ ព្រមទាំងបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលក៏ដោយ ក៏ចលនាបះបោរ៨៨៨៨ នៅតែជាព្រឹត្តិការណ៍ដក់ជាប់ក្នុងបេះដូងពលរដ្ឋមីយ៉ាន់ម៉ាសព្វថ្ងៃ និងជាកម្លាំងជំរុញទឹកចិត្តក្នុងការទាមទារឱ្យមានការផ្លាស់ប្ដូររបបដឹកនាំពីរបបយោធានិយម ទៅតាមបែបប្រជាធិបតេយ្យ ដើម្បីភាពប្រសើរឡើងដល់ប្រទេសជាតិនៅថ្ងៃអនាគត។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកដោយ៖ លោក ធា សុណា
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា គង់ រដ្ធាវី

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង