បន្ទាប់ពីការប្រកួតរើសប្រធានាធិបតីដ៏ប្រកៀកប្រកិតគ្នានៅថ្ងៃបោះឆ្នោតមក ទីបំផុតពិភពលោកបានទទួលលទ្ធផលបឋមពីអនាគតម្ចាស់សេតវិមានថ្មីហើយ ដែលមានអាយុ ៧៧ ឆ្នាំ និងជាខ្ញីចាស់ក្នុងវិថីនយោបាយអាមេរិក។ បើគ្មានអ្វីប្រែប្រួល លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីទី៤៦ ហើយនឹងត្រូវឈានជើងចូលសេតវិមានដែលនាំជាមួយយុទ្ធសាស្ត្រនយោបាយការទេសថ្មី ប៉ុន្តែនៅបន្តគោលដៅនៃការព្យាយាមខ្ទប់ការរីកឥទ្ធិពលរបស់ចិន និងរក្សាតំណែងអាមេរិកជាមេដឹកនាំប្រទេសទីមួយក្នុងលោក។ យុទ្ធសាស្ត្រនយោបាយការបរទេសរបស់លោក ចូ បៃដិន អាចនឹងធ្វើឱ្យប្រទេសសម្ព័ន្ធមិត្ដធំៗដូចជាជប៉ុន កូរ៉េខាងត្បូង កាណាដា សប្បាយចិត្ដនិងចាប់ផ្ដើមរាត្រីទឹកឃ្មុំជាមួយអាមេរិកឡើងវិញ ក្រោយរាត្រីទឹកខ្មេះនៅរដ្ឋកាលលោក ដូណាល់ ត្រាំ។
គោលនយោបាយការបរទេសថ្មីដែលនឹងរះនៅដែនដីចាស់របស់លោក ចូ បៃដិន អាចនឹងធ្វើឡើងដោយកៀរគងប្រទេសសម្ព័ន្ធមិត្ដជាថ្មី និងដើរចូលក្នុងអង្គការពិភពលោកនានារួមទាំងសិន្ធិសញ្ញាមួយចំនួនដែលអាមេរិកបានដើរចេញអំឡុងពេល៤ឆ្នាំកន្លងផុតទៅ។ តាមពិតទៅ នយោបាយការបរទេសរបស់លោក ចូ បៃដិន ស្រដៀងគ្នានឹងគោលនយោបាយរបស់លោក Barack Obama ដែលជាមិត្តជិតស្និទ្ធនិងច្រូងទង់ “លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស” ដូចគ្នាដែរ។ យោងតាមការដកស្រង់ចម្លើយរបស់លោក ចូ បៃដិន ពីសារពត៌មាន The New York Times លើករណីកូរ៉េខាងជើង លោក ចូ បៃដិន បានបញ្ជាក់ថាលោកនឹងពង្រឹងស្នូលនៃសម្ព័ន្ធភាពរវាងជប៉ុននិងកូរ៉េខាងត្បូង និងទទូចឱ្យចិនចូលរួមទណ្ឌកម្មដាក់សម្ពាធលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ ក្នុងន័យនេះ ប្រទេសសម្ព័ន្ធមិត្ដទាំងពីរមិនចាំបាច់ត្រូវដេកព្រួយដូចកាលពីសម័យលោក ដូណាល់ ត្រាំ ទៀតទេ។ ជប៉ុននឹងធូរចិត្ដថាអាមេរិកនឹងមិនដំឡើងពន្ធនាំចូលទំនិញរបស់ខ្លួន ហើយកូរ៉េខាងត្បូងក៏មិនចាំចាច់បង់ថ្លៃការពារដែរ។ ចំពោះការប្រឈមមុខគ្នារវាងចិននិងអាមេរិកវិញ លោក ចូ បៃដិន នឹងបន្ធូរបន្ថយស្ថានភាពលើសង្គ្រាមពាណិជ្ជកម្ម ប៉ុន្តែក៏នៅតែប្រកាន់ខ្ជាប់ការកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងចិននិងអាមេរិក ដោយគ្រាន់តែប្ដូរយុទ្ធសាស្ត្រតែប៉ុណ្ណោះ។ លោក ចូ បៃដិន ក៏អាចប្រើប្រាស់ “សិទ្ធិមនុស្ស” ជាការចោទប្រកាន់ថាមានករណីធ្វើទុក្ខបុកម្និញជនជាតិអ៊ីស្លាមភាគតិចនិងហុងកុងជាដើម សម្រាប់ជាយានក្នុងការបំបាក់មុខចិនលើឆាកអន្តរជាតិ និងអាចឈានទៅដល់ទណ្ឌកម្មសេដ្ឋកិច្ចជាដើម។ អ្វីដែលចិនអាចនឹងព្រួយបារម្ភនោះគឺយុទ្ធសាស្ត្ររបស់លោក បៃដិន នឹងប្រើប្រាស់ប្រទេសសម្ព័ន្ធមិត្តមកចូលរួមក្នុងការចាប់ហ្រ្វាំងល្បឿននៃឥទ្ធិពលចិន ហើយបើយោងតាមការសិក្សារបស់ Bloomberg ការដែលចូលរួមជាក្រុមបែបនេះនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចចិនថយចុះ ១,៦%។ ការដែលចាប់ហ្រាំ្វងឥទ្ធិពលចិនអាចធ្វើឡើងជាច្រើនរូបភាពដូចជា ការហាមឃាត់មិនឱ្យមានការនាំចូលបច្ចេកវិទ្យា5Gទៅប្រទេសទាំងនោះ ការហាមឃាត់មិនឱ្យប្រើប្រាស់បណ្ដាញសង្គមដូចជា WeChat ឬ Tiktok ឬអាចដល់ការធ្វើពហិការលើផលិតផលចិនជាដើម។ ក្រៅពីនេះ អាមេរិកនឹងដណ្ដើមតួនាទីដឹកនាំពិភពលោកឡើងវិញដោយដើរចូលអង្គការនិងសន្ធិសញ្ញាអន្តរជាតិសំខាន់ៗ ដូចជា អង្គការសុខភាពពិភពលោក កិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុជាដើម។ ជាមួយគ្នានេះដែរ លោក ចូ បៃដិន ក៏នឹងមិនភ្លេចពីស្នាដៃរុស្ស៊ីដែលបានលូកលាន់លើការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ ហើយលោកបានសច្ចាថារុស្ស៊ីនឹងសងអ្វីដែលខ្លួនបានសាង “make Russia to pay a price”។