"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

គោលនយោបាយអាមេរិកថ្មីរះលើដែនដីចាស់

បន្ទាប់ពីការប្រកួតរើសប្រធានាធិបតីដ៏ប្រកៀកប្រកិតគ្នានៅថ្ងៃបោះឆ្នោតមក ទីបំផុតពិភពលោកបានទទួលលទ្ធផលបឋមពីអនាគតម្ចាស់សេតវិមានថ្មីហើយ ដែលមានអាយុ ៧៧ ឆ្នាំ និងជាខ្ញីចាស់ក្នុងវិថីនយោបាយអាមេរិក។ បើគ្មានអ្វីប្រែប្រួល លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីទី៤៦ ហើយនឹងត្រូវឈានជើងចូលសេតវិមានដែលនាំជាមួយយុទ្ធសាស្ត្រនយោបាយការទេសថ្មី ប៉ុន្តែនៅបន្តគោលដៅនៃការព្យាយាមខ្ទប់ការរីកឥទ្ធិពលរបស់ចិន និងរក្សាតំណែងអាមេរិកជាមេដឹកនាំប្រទេសទីមួយក្នុងលោក។ យុទ្ធសាស្ត្រនយោបាយការបរទេសរបស់លោក ចូ បៃដិន អាចនឹងធ្វើឱ្យប្រទេសសម្ព័ន្ធមិត្ដធំៗដូចជាជប៉ុន កូរ៉េខាងត្បូង កាណាដា សប្បាយចិត្ដនិងចាប់ផ្ដើមរាត្រីទឹកឃ្មុំជាមួយអាមេរិកឡើងវិញ ក្រោយរាត្រីទឹកខ្មេះនៅរដ្ឋកាលលោក ដូណាល់ ត្រាំ។

ត្បិតតែនៅក្នុងយន្ដការទាក់ទាញសន្ថឹកឆ្នោតរបស់ លោក ចូ បៃដិន ភាគច្រើនលើកឡើងតែគោលនយោបាយដើម្បីដោះស្រាយបញ្ហាក្នុងផ្ទះហើយមិនសូវលើកឡើងពីនយោបាយការបរទេស ប៉ុន្តែអ្វីដែលប្រាកដពីនយោបាយការបរទេសថ្មីរបស់អាមេរិកនោះគឺពិភពលោកនឹងមិនសូវឃើញនូវការបង្ហោះអារម្មណ៍របស់លោកប្រធាធិបតីលើបញ្ហានយោបាយនានា និងការឌឺដងផ្លែផ្កានៅលើប្រព័ន្ធបណ្ដាញសង្គម Twitter នោះទេ។ ក្នុងន័យនេះ នយោបាយការបរទេសអាមេរិកអាចនឹងធ្វើឡើងតាមបែបពិធីការ Protocol ជាជាងការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមជាវេទិកាបញ្ចេញអារម្មណ៍នៅក្នុងរដ្ឋការរបស់លោក ដូណាល់ ត្រាំ ដែលហាក់មើលទៅមានគោលនយោបាយចម្លែក ម្ដងក្ដៅម្ដងត្រជាក់ និងគ្មានជំហរច្បាស់លាស់ដែលធ្វើឱ្យប្រទេសសម្ព័ន្ធពិបាកជឿជាក់និងតាមទាន់ពីចិត្ដរបស់មេដឹកនាំពិភពលោកមួយនេះ។
អ្វីដែលយើងអាចវិភាគដ៏ពិតប្រាកដមួយទៀតនោះគឺ អនាគតប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនឹងកប់ចោលនូវគោលនយោបាយ “The American First” ដែលជាគោលនយោបាយចម្បងរបស់លោកប្រធានាធិបតីចាស់។ លោក ចូ បៃដិន បានលើកឡើងថា គោលនយោបាយ “The American First” គឺបានធ្វើឱ្យសហរដ្ឋអាមេរិកស្ថិតក្នុងសភាពឯកា ហើយលោកក៏បានអះអាងថារដ្ឋការរបស់លោកនឹងកសាងសហរដ្ឋអាមេរិកឱ្យត្រលប់មកស្ថានភាពដើមមកវិញ ឬ “America Is Back”។ ក្នុងន័យនេះ លោក ចូ បៃដិន ចង់សំដៅដល់ភាពបរាជ័យរបស់លោក ដូណាល់ ត្រាំ ទាំងក្នុងស្រុកនិងក្រៅស្រុក ព្រមទាំងចង់រំលេចពីអានុភាពរបស់អាមេរិកដែលអាចសឹងតែយកដៃបាំងមេឃ ហើយក៏ជាសារមួយសម្រាប់ប្រទេសសម្ព័ន្ធមិត្ដនិងដៃគូប្រជែងថា បងធំបានត្រឡប់មកវិញហើយ។
ស្របពេលដែលប្រទេសម្ព័ន្ធមិត្ដរបស់អាមេរិកទទួលបានដំណឹងល្អថាម្ចាស់សេតវិមានត្រូវបានផ្លាស់ប្តូរ វាបែរជាដំណឹងអាក្រក់ទៅវិញសម្រាប់ប្រទេសដែលមើលមុខគ្នាមិនចំជាមួយអាមេរិកកាលពីសម័យ ដូណាល់ ត្រាំ។ គួររំលឹកឡើងវិញថា អំឡុងរដ្ឋការ “The Americans First” ប្រទេសដែលធ្លាប់ជាសម្ព័ន្ធមិត្ដរបស់អាមេរិកដូចជាកាណាដា ជប៉ុន ជាដើម ត្រូវបានលោក ដូណាល់ ត្រាំ ដាក់សម្ពាធលើផ្នែកពាណិជ្ជកម្មដោយដំឡើងពន្ធនាំចូលទៅអាមេរិក និងគំរាមដកទ័ពការពារចេញពីប្រទេសកូរ៉េខាងត្បូងជាដើម ដើម្បីតម្រូវឱ្យប្រទេសទាំងនោះបង់ថ្លៃការពារប្រសិនបើមិនចង់ឱ្យអាមេរិកដកទ័ពចេញ។ មិនតែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ ក៏បានរិះគន់ចំៗលើប្រទេសសម្ព័ន្ធមិត្ដធំៗដូចជា សមាជិកអ៊ឺរ៉ុប ហើយរួមទាំងបានដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិសំខាន់ៗមួយចំនួន ដែលជាហេតុធ្វើឱ្យអ្នកជំនាញភូមិសាស្ត្រនយោបាយជាច្រើនគិតថាប្រធានាធិបតីជិតផុតអាណត្តិរូបនេះបានបំផ្លាញ America Grand Strategy ឬគោលនយោបាយចម្បងរបស់អាមេរិក។

គោលនយោបាយការបរទេសថ្មីដែលនឹងរះនៅដែនដីចាស់របស់លោក ចូ បៃដិន អាចនឹងធ្វើឡើងដោយកៀរគងប្រទេសសម្ព័ន្ធមិត្ដជាថ្មី និងដើរចូលក្នុងអង្គការពិភពលោកនានារួមទាំងសិន្ធិសញ្ញាមួយចំនួនដែលអាមេរិកបានដើរចេញអំឡុងពេល៤ឆ្នាំកន្លងផុតទៅ។ តាមពិតទៅ នយោបាយការបរទេសរបស់លោក ចូ បៃដិន ស្រដៀងគ្នានឹងគោលនយោបាយរបស់លោក Barack Obama ដែលជាមិត្តជិតស្និទ្ធនិងច្រូងទង់ “លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស” ដូចគ្នាដែរ។ យោងតាមការដកស្រង់ចម្លើយរបស់លោក ចូ បៃដិន ពីសារពត៌មាន The New York Times លើករណីកូរ៉េខាងជើង លោក ចូ បៃដិន បានបញ្ជាក់ថាលោកនឹងពង្រឹងស្នូលនៃសម្ព័ន្ធភាពរវាងជប៉ុននិងកូរ៉េខាងត្បូង និងទទូចឱ្យចិនចូលរួមទណ្ឌកម្មដាក់សម្ពាធលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ ក្នុងន័យនេះ ប្រទេសសម្ព័ន្ធមិត្ដទាំងពីរមិនចាំបាច់ត្រូវដេកព្រួយដូចកាលពីសម័យលោក ដូណាល់ ត្រាំ ទៀតទេ។ ជប៉ុននឹងធូរចិត្ដថាអាមេរិកនឹងមិនដំឡើងពន្ធនាំចូលទំនិញរបស់ខ្លួន ហើយកូរ៉េខាងត្បូងក៏មិនចាំចាច់បង់ថ្លៃការពារដែរ។ ចំពោះការប្រឈមមុខគ្នារវាងចិននិងអាមេរិកវិញ លោក ចូ បៃដិន នឹងបន្ធូរបន្ថយស្ថានភាពលើសង្គ្រាមពាណិជ្ជកម្ម ប៉ុន្តែក៏នៅតែប្រកាន់ខ្ជាប់ការកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងចិននិងអាមេរិក ដោយគ្រាន់តែប្ដូរយុទ្ធសាស្ត្រតែប៉ុណ្ណោះ។ លោក ចូ បៃដិន ក៏អាចប្រើប្រាស់ “សិទ្ធិមនុស្ស” ជាការចោទប្រកាន់ថាមានករណីធ្វើទុក្ខបុកម្និញជនជាតិអ៊ីស្លាមភាគតិចនិងហុងកុងជាដើម សម្រាប់ជាយានក្នុងការបំបាក់មុខចិនលើឆាកអន្តរជាតិ និងអាចឈានទៅដល់ទណ្ឌកម្មសេដ្ឋកិច្ចជាដើម។ អ្វីដែលចិនអាចនឹងព្រួយបារម្ភនោះគឺយុទ្ធសាស្ត្ររបស់លោក បៃដិន នឹងប្រើប្រាស់ប្រទេសសម្ព័ន្ធមិត្តមកចូលរួមក្នុងការចាប់ហ្រ្វាំងល្បឿននៃឥទ្ធិពលចិន ហើយបើយោងតាមការសិក្សារបស់ Bloomberg ការដែលចូលរួមជាក្រុមបែបនេះនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចចិនថយចុះ ១,៦%។ ការដែលចាប់ហ្រាំ្វងឥទ្ធិពលចិនអាចធ្វើឡើងជាច្រើនរូបភាពដូចជា ការហាមឃាត់មិនឱ្យមានការនាំចូលបច្ចេកវិទ្យា5Gទៅប្រទេសទាំងនោះ ការហាមឃាត់មិនឱ្យប្រើប្រាស់បណ្ដាញសង្គមដូចជា WeChat ឬ Tiktok ឬអាចដល់ការធ្វើពហិការលើផលិតផលចិនជាដើម។ ក្រៅពីនេះ អាមេរិកនឹងដណ្ដើមតួនាទីដឹកនាំពិភពលោកឡើងវិញដោយដើរចូលអង្គការនិងសន្ធិសញ្ញាអន្តរជាតិសំខាន់ៗ ដូចជា អង្គការសុខភាពពិភពលោក កិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុជាដើម។ ជាមួយគ្នានេះដែរ លោក ចូ បៃដិន ក៏នឹងមិនភ្លេចពីស្នាដៃរុស្ស៊ីដែលបានលូកលាន់លើការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ ហើយលោកបានសច្ចាថារុស្ស៊ីនឹងសងអ្វីដែលខ្លួនបានសាង “make Russia to pay a price”។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ត
គំនូរដោយ៖ កញ្ញា បូរ ដាលីន
អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង