នៅក្នុងសប្តាហ៍ដំបូងបន្ទាប់ពីការស្បថចូលកាន់ដំណែងរបស់លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃទី២០ ខែមករាកន្លងទៅនេះ លោកប្រធានាធិបតីបានធ្វើការសំណេះសំណាលតាមទូរស័ព្ទជាមួយនឹងថ្នាក់ដឹកនាំកំពូលនៃប្រទេសដែលជាដៃគូសម្ព័ន្ធមិត្តរួមមាន ចក្រភពអង់គ្លេស អាឡឺម៉ង់ បារាំង កាណាដា និង ជប៉ុនផងដែរ។ មិនតែប៉ុណ្ណោះ លោកចូ បៃដិន ក៏បានទូរស័ព្ទទៅលោក វ៉្លាដឺមៀរ ពូទីន (Vladimir Putin) និង ប្រធានាធិបតីម៉ិចស៊ីក លោក អានដ្រេស អូប្រាដរ (Andrés Manuel López Obrador) នៅក្នុងសប្តាហ៍ដំបូងរបស់លោកនៅក្នុងសេតវិមានផងដែរ។ ដោយឡែក លោកប្រធានាធិបតី បៃដិន មិនបានបង្ហាញភាពខ្នះខ្នែងនៅក្នុងការទាក់ទងទៅកាន់ទីក្រុងប៉េកាំងនោះទេ ពោលគឺលោកបៃដិនទើបតែបានទូរស័ព្ទទៅលោក ស៊ី ជីនពីង កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនេះតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថានៅមុនពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានហៅ លោក ស៊ី ជីងពីង ថាជា “ចោរ” (thug) នៅពេលដែលលោកកំពុងធ្វើការឃោសនាការបោះឆ្នោត ដែលការហៅលោកប្រធានាធិបតីចិនបែបនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកសារព័ត៌មានយ៉ាងច្រើន។ មិនតែប៉ុណ្ណោះ រដ្ឋកាលរបស់លោក ចូ បៃដិន ក៏បានបង្ហាញពីគោលជំហររបស់ខ្លួនថាខ្លួននឹងប្រឆាំងជាមួយចិន ប៉ុន្តែក៏សហការជាមួយចិននៅក្នុងកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ លោក ស៊ី ជីនពីង នៅបន្តសម្តែងឲ្យអាមេរិកនិងពិភពលោកឃើញថាចិននឹងរីករាយស្វាគមន៍នៅក្នុងការសហការជាមួយអាមេរិកប្រសិនបើអាមេរិកចង់។ ទាំងនេះបានបង្កើតជាចម្ងល់ឲ្យយើងឆ្ងល់ថា តើចិនកំពុងតែប្រើគោលនយោបាយបែបណាជាមួយនឹងអាមេរិក? ហេតុអ្វីបានជាយើងពុំទាន់មើលឃើញចិនប្រកាសប្រឈមមុខជាមួយនឹងអាមេរិកយ៉ាងតឹងតែងនៅក្នុងរដ្ឋកាលរបស់លោក ចូ បៃដិន នេះ? តើចិនអាចនឹងនៅស្ងៀមបែបនេះរហូតទេ?
ប្រសិនបើយើងក្រលេកទៅមើលមូលហេតុចំនួន៣ នោះយើងនឹងអាចធ្វើការសន្និដ្ឋានជំហានដំបូងបានអំពីបុព្វហេតុដែលបណ្តាលឱ្យលោក ស៊ី ជីនពីង មិនទាន់បង្ហាញភាពល្អក់កករជាមួយលោកចូ បៃដិន បើទោះបីជាលោកបានទទួលដឹងឮអំពីការប្រឆាំងរបស់លោក ចូ បៃដិន យ៉ាងណាក៏ដោយ។
មូលហេតុទី១នោះគឺអាចបណ្តាលមកពីលោក ស៊ី ជីនពីង កំពុងតែស្ទាបស្ទង់ស្ថានការណ៍របស់រដ្ឋកាលថ្មីនេះ។ ជាក់ស្តែង ការឡើងកាន់ដំណែងរបស់ប្រធានាធិបតីអាមេរិកថ្មីនេះគឺទើបតែបានប្រមាណ ២ ខែជាងតែប៉ុណ្ណោះ ហើយការប្រឈមមុខដាក់គ្នារវាងចិននិងអាមេរិកគឺនៅពុំទាន់មានសភាពក្តៅគគុកនៅឡើយទេ។ ហេតុដូច្នេះហើយទើបលោកស៊ីអាចនឹងកំពុងតែសម្លឹងមើលអំពីដំណើរគោលនយោបាយការបរទេសរបស់លោក បៃដិន សិនដើម្បីជ្រើសរើសការឆ្លើយតបដ៏សមស្របមួយ។ ម្យ៉ាងវិញទៀត ប្រសិនបើក្រលេកមើលទៅកាន់ទំនាក់ទំនងរវាងលោក ចូ បៃដិន និង លោក សុី ជីនពីង កាលពីអតីតកាលវិញ នោះយើងឃើញថាអ្នកទាំងពីរកាលពីមិនទាន់ក្លាយជាប្រធានាធិបតី ពួកគេតែងតែបានជួបគ្នានៅក្នុងកិច្ចប្រជុំ និងនៅក្នុងដំណើរទស្សនកិច្ចជាច្រើនលើកច្រើនសារដែលបង្ហាញពីចំណងមិត្តភាពដ៏ល្អប្រសើរមួយ។ នៅក្នុងករណីនេះដែរ វាអាចជាសំណួរមួយដែលឱ្យយើងវិភាគថា តើលោកស៊ីកំពុងតែស្ទង់ចិត្តមិត្តចាស់របស់ខ្លួន ដោយសារតែការរំពឹងថាខ្លួនអាចបង្កើតទំនាក់ទំនងថ្មីមួយជាមួយអាមេរិកដែលប្រសើរជាងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែរឬទេ? ម៉្យាងវិញទៀត ការនៅស្ងៀមស្ងាត់បែបនេះក៏អាចជាយុទ្ធសាស្រ្តមួយរបស់ចិននៅក្នុងការព្យាយាមបញ្ជ្រៀតឥទ្ធិពលរបស់ខ្លួនឱ្យដើរទន្ទឹមគ្នាជាមួយអាមេរិកដោយព្យាយាមបញ្ចុះបញ្ចូលអាមេរិកឱ្យទទួលស្គាល់ថាខ្លួនមិនមែនជាសត្រូវ ប៉ុន្តែគឺជាដៃគូដូចដែលលោក យ៉ាង ជាឈី (Yang Jiechi) ដែលជាមន្រ្តីជាន់ខ្ពស់នៃគណបក្សកុម្មុយនីសចិនបានលើកឡើងថា “ពិភពលោកកំពុងតែជួបប្រទះនឹងបញ្ហាជាច្រើនដែលនេះគឺតម្រូវឱ្យអាមេរិក និង ចិនសហការគ្នានៅក្នុងទំនួលខុសត្រូវនេះចំពោះបញ្ហប្រឈមដែលពិភពលោកកំពុងតែជួបប្រទះ ហើយបញ្ហាទាំងនេះគឺជាចំណែកនៃការទទួលខុសត្រូវរបស់ចិននិងអាមេរិក”។
មូលហេតុទី២នោះគឺអាចបណ្តាលមកពីលោក ស៊ី ជីនពីង កំពុងតែព្យាយាមកាត់បន្ថយសម្ពាធពីមជ្ឈដ្ឋានខាងក្រៅដោយសារតែវិបត្តិសង្គមដែលខ្លួនកំពុងនឹងជួបប្រទះ។ បើយោងទៅតាមការវិភាគនៅក្នុងអត្ថបទមួយរបស់ Foreign Policy ប្រទេសចិនកំពុងតែប្រទះនឹងបញ្ហាវិសមភាពសេដ្ឋកិច្ច និងវិសមភាពសង្គម។ វិសមភាពនៃការអភិវឌ្ឍខេត្តក្រុងនៃប្រទេសចិនស្តែងឱ្យឃើញកាន់តែច្បាស់ថា ការរីកចម្រើនគឺបានកើតឡើងតែចំពោះខេត្តខ្លះតែប៉ុណ្ណោះនៅពេលដែលការអភិវឌ្ឍខេត្តនិងក្រុងមួយចំនួនកំពុងតែជាប់គាំង។ ជាក់ស្តែង វិសមភាពនេះគឺតែងតែឃើញកើតមានឡើងនៅរវាងខេត្តនៅភាគខាងកើត ខាងលិច និង ខេត្តនៅតំបន់កណ្តាលនៃប្រទេសចិន។ រដ្ឋាភិបាលប្រទេសចិនក៏កំពុងតែព្យាយាមដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងបញ្ហាបម្លាស់ទីនិងចំណាកស្រុករបស់ប្រជាជនចិនផងដែរ ដែលនេះជាបញ្ហាមួយដែលទាក់ទងទៅនឹងបញ្ហាវិសមភាពនៃសេវាសង្គម។ បញ្ហាវិសមភាពនៃសេវាសង្គមនោះគឺប្រជាជនដែលមានជីវភាពល្អប្រសើរហើយរស់នៅក្នុងទីក្រុងធំៗគឺទទួលបាននូវសេវាដែលកាន់តែល្អប្រសើរ រីឯអ្នកដែលមានជីវភាពមិនសូវសមប្រកបនៅតែទទួលបានសេវាសង្គមដែលមិនសូវល្អប្រសើរ។ ហេតុនេះហើយ ដើម្បីអាចឱ្យចិនផ្តោតសំខាន់ទៅលើការប្រឈមមុខជាមួយនឹងបញ្ហានេះបានគឺចិនត្រូវកាត់បន្ថយសម្ពាធពីខាងក្រៅ ជាពិសេសគឺសម្ពាធសេដ្ឋកិច្ចពីអាមេរិក។
ហេតុផលទី៣នោះគឺអាចពាក់ព័ន្ធជាមួយនឹងបញ្ហាសេដ្ឋកិច្ចរបស់ចិន។ ការរីករាលដាលនៃវីរុសកូរ៉ូណាក៏បានធ្វើឱ្យសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះយ៉ាងខ្លាំងផងដែរ (ដោយកំណើន GDP ធ្លាក់មកនៅត្រឹម -៦ជាង កាលពីឆ្នាំ២០២០ នេះបើយ៉ោងទៅតាម China’s National Bureau of Statistic) ដែលបណ្តាលឱ្យប្រជាជនចិនជាច្រើនបាត់បង់ការងារ និងជួបនឹងវិបត្តិសេដ្ឋកិច្ច។ ចិនក៏មានការព្រួយបារម្ភអំពីបញ្ហានៃអត្រាកំណើតនៃប្រជាជនផងដែរ ដែលបញ្ហានេះអាចជះឥទ្ធិពលទៅដល់កំណើនសេដ្ឋកិច្ចរបស់ចិនដោយសារតែកង្វះនូវធនធានពលកម្ម។ គួរបញ្ជាក់ផងដែលថា បើយោងទៅតាមទិន្នន័យបន្ទាប់បន្សំដែលដកស្រង់ចេញពី Foreign Policy ដដែលនេះ បានបង្ហាញថាអត្រាកំណើតនៃប្រជាជនចិនគឺបានធ្លាក់ចុះអស់ ១៥% នៅក្នុងឆ្នាំ២០២០នេះ បើធៀបជាមួយនឹងឆ្នាំ២០១៩ ដែលនេះគឺជាការជះឥទ្ធិពលពីគោលការណ៍កូនតែមួយរបស់រដ្ឋាភិបាលចិន។ បន្ថែមពីនេះទៅទៀត ចិនប្រហែលជាអាចយល់ឃើញអំពីផលវិបាកនៃទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងប្រទេសដ៏ទៃទៀតផងដែរប្រសិនបើខ្លួនមានការប្រឈមមុខដាក់គ្នាខ្លាំងជាមួយអាមេរិក។ ឧទាហរណ៍ដូចជាបញ្ហានៅក្នុងការវិនិយោគបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទ ហួរវៃ (Huawei) នៅក្នុងប្រទេសមួយចំនួន។ ដោយសារតែមានការប្រទាំងប្រទឹសគ្នារវាងអាមេរិកនិងចិននេះហើយដែលបណ្តាលឱ្យប្រទេសមួយចំនួនធំដែលភាគច្រើនជាប្រទេសនៅប៉ែកអឺរ៉ុប និងនៅអាមេរិចឡាទីនស្ទាក់ស្ទើរមិនទទួលការវិនិយោគនេះ ដោយសារពួកគេព្យាយាមរក្សាតុល្យភាពទំនាក់ទំនងនៃប្រទេសទាំងពីរនេះ ដែលធ្វើឱ្យមានការរាំងស្ទះដល់គម្រោងវិនិយោគរបស់ចិន។ ហេតុដូចនេះហើយទើបយើងអាចសន្និដ្ឋានបានថា ចិនអាចនឹងព្យាយាមកាត់បន្ថយបញ្ហានេះតាមរយៈការមិនប្រឈមមុខខ្លាំងជាមួយអាមេរិក។ ម្យ៉ាងទៀតវិញចិនបានបង្ហាញនៅក្នុងផែនការ៥ឆ្នាំថ្មីរបស់គេថា ចិននឹងធ្វើឱ្យពិភពលោកជាពិសេសអាមេរិកមានការពឹងផ្អែកខាងផ្នែកសេដ្ឋកិច្ចខ្លាំងជាងមុនថែមទៀតផង។ ហេតុដូច្នេះហើយដើម្បីឱ្យអាមេរិកពឹងពាក់សេដ្ឋកិច្ចមកលើចិនខ្លាំងនោះចិនគឺត្រូវធ្វើយ៉ាងណាដើម្បីឱ្យអាមេរិកមានសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ចនេះច្រើនជាមួយខ្លួន។ ប្រហែលជាដោយសារបែបនេះហើយទើបអាចឱ្យលោក ស៊ី ជីនពីង សុខចិត្តនៅស្ងប់ស្ងៀមមួយរយៈសិន។
សរុបសេចក្តីមក យើងអាចប៉ាន់ស្មានបានថា ដោយសារតែហេតុផលបីយ៉ាងនេះហើយដែលអាចបណ្តាលឱ្យលោក ស៊ី ជីនពីង នៅមិនទាន់មានការប្រឈមមុខខ្លាំងជាមួយលោក ចូ បៃដិន បើទោះបីជាលោកចូបានបង្ហាញពីគោលជំហរប្រឆាំងជាមួយខ្លួនយ៉ាងណាក៏ដោយ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយក៏យើងមិនគួរមើលរំលងទេ លោក ចូ បៃដិន ទើបតែបានឡើងកាន់ដំណែងថ្មោងថ្មីតែប៉ុណ្ណោះហើយក៏មិនទាន់មានការប្រឆាំងខ្លាំងជាមួយចិនដែរ ប៉ុន្តែប្រសិនបើអាមេរិកមានគោលនយោបាយដ៏តឹងរឹងមួយជាមួយចិន នោះចិនក៏អាចនឹងមិននៅស្ងៀមបែបនេះទៀតដែរ។
អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា បូរ ដាលីន