គិតចាប់តាំងពីក្រុមយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនៅដើមខែកុម្ភៈមក ស្ថានភាពនៃប្រទេសមីយ៉ាន់ម៉ាកាន់តែដុនដាបទៅៗ ដោយសារតែការប្រើប្រាស់វិធានការកណ្ដាប់ដៃដែកពីសំណាក់ក្រុមយោធា និងការបង្ហូរឈាមស៊ូស្លាប់ដើម្បីប្រជាធិបតេយ្យរបស់ក្រុមបាតុករ។ ស្ថានភាពចាប់ផ្ដើមពីការធ្វើបាតុកម្មអហិង្សា រហូតដល់ការធ្វើពហិការដើម្បីឱ្យប្រទេសជាប់គាំងសេដ្ឋកិច្ច និងរដ្ឋបាល ក្រោមគោលបំណងរឹតក្រុមយោធាឱ្យចុះចេញពីដំណែង។ សម្រែកដ៏មុះមុតនៃក្រុមបាតុករក៏មានគោលបំណងអន្ទងចិត្ដឱ្យក្រុមប៉ូលីសនិងក្រុមយោធាចូលរួមនៃការទាមទារប្រជាធិបតេយ្យ និងបែរចុងកាណុងទៅមេដឹកនាំយោធាវិញ។
ស្ថានភាពនៅក្នុងស្រុក
ដោយមិនអង្អង់យូរ ក្រុមយោធាមីយ៉ាន់ម៉ាក៏ប្រើយន្ដការក្ដៅទល់ក្ដៅ កំហឹងទល់កំហល់ ដែលមើលទៅដូចជាសមរភូមិរវាងក្រុមបាតុករនិងក្រុមយោធា។ ក្រៅពីវិធានការនានាសម្រាប់ទប់ស្កាត់បាតុកម្មដែលប្រទេសដទៃធ្លាប់បានធ្វើដូចជាប្រើប្រាស់គ្រាប់បែកផ្សែង ឬការបាញ់ទឹកជាដើម ក្រុមយោធាក៏ប្រើកាំភ្លើងពិតមកបាញ់សម្លាប់បាតុករទៅវិញ។ ចាប់តាំងវិធានការធម៌ក្ដៅបានអនុវត្ដ សោដនកម្មដោយការស្លាប់យ៉ាងអាណោចអាធ័មរបស់បាតុករក៏កើតមានសឹងតែរៀងរាល់ថ្ងៃ។ យោងតាមរបាយការណ៍របស់ Assistance Association for Political Prisoners គិតចាប់ពីថ្ងៃទី១ ខែកុម្ភៈ មានមនុស្សយ៉ាងហោចណាស់១៤០នាក់ស្លាប់ដោយសារបាតុកម្ម ។ ក្នុងនោះ ក៏មានទាហាននិងប៉ូលីសរត់ចោលជួរដោយសារតែមិនចង់គោរពតាមបទបញ្ជារបស់រដ្ឋបាលយោធា ដែលនេះជាអំពើខុសច្បាប់ក្នុងនាមជាទាហាននិងប៉ូលីស។ ក្នុងករណីនេះ រដ្ឋបាលយោធាក៏បានផ្ញើសារជូនទៅរដ្ឋាភិបាលឥណ្ឌាដើម្បីចាប់បញ្ជូនប៉ូលីសរត់ចោលជួរ ៨ នាក់មកកាន់មីយ៉ាន់ម៉ាវិញដើម្បីរក្សាទំនាក់ទំនងល្អនឹងគ្នា។ គួរបញ្ជាក់បន្តិចថា ឥណ្ឌាជាប្រទេសធំមួយនៅអាស៊ីដែលរក្សាភាពស្ងៀមស្ងាត់លើរដ្ឋប្រហារយោធានេះដើម្បីមិនឱ្យមានភាពល្អក់កករមួយនេះជាមួយមីយ៉ាន់ម៉ា ក្រោមហេតុផលទីតាំងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ត្បិតតែឥណ្ឌាជាប្រទេសប្រជាធិបតេយ្យធំជាងគេនៅលើលោក។
អគ្គរដ្ឋទូត ២ នាក់តំណាងប្រទេស ១ នៅអង្គការសហប្រជាជាតិ
ក្រុមយោធាមិនត្រឹមតែឈឺក្បាលដោយសារតែបាតុករនោះទេ ប៉ុន្តែអគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ាលោក Kyaw Moe Tun ក៏បានថ្លែងសារដ៏ក្រៀមក្រំ និងរិះគន់ចំៗលើចំណាត់ការហិង្សារបស់ក្រុមយោធានៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិ រួមទាំងស្នើសុំឱ្យសហគមអន្តរជាតិប្រើមធ្យោបាយអ្វីក៏បានដែរឱ្យតែជួយសុខសុវត្ថិភាពជូនប្រជាជនមីយ៉ាន់ម៉ា។ សេចក្ដីថ្លែងការនោះបានធ្វើឱ្យរដ្ឋបាលរបបសឹកចាត់តាំងអគ្គរដ្ឋទូតថ្មីដើម្បីជំនួសអគ្គរដ្ឋទូតចាស់ ដែលជាហេតុធ្វើឱ្យអង្គការសហប្រជាជាតិមានអង្គរដ្ឋទូតចំនួន២តំណាងឱ្យប្រទេស១។ ក្នុងករណីនេះ ប្រសិនបើអង្គការសហប្រជាជាតិយល់ព្រមតាមសាររបស់រដ្ឋបាលក្រុមយោធា នោះមានន័យថាអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋបាលយោធាជារដ្ឋបាលផ្លូវការរបស់មីយ៉ាន់ម៉ា។ ប៉ុន្តែ ម្ខាងវិញទៀត លោក Kyaw Moe Tun គឺជាអគ្គរដ្ឋទូតដែលតែងតាំងដោយរដ្ឋបាលស៊ីវិល ដែលរដ្ឋបាលនោះកើតចេញពីការបោះឆ្នោត និងគាំទ្រដោយសហភាពអ៉ឺរ៉ុបនិងអាមេរិក។ ជាសំណាងរបស់អង្គការសហប្រជាជាតិដែលមិនចាំបាច់សម្រេចចិត្ដលើករណីដ៏លំបាកនេះ និងជាភាពអាម៉ាសមួយសម្រាប់ក្រុមរបបសឹក អគ្គរដ្ឋទូតដែលក្រុមយោធាទើបតែចាត់តាំងថ្មីថ្មោងបានសម្រេចលាលែងពីតំណែងនិងទទួលស្គាល់លោក Kyaw Moe Tun ជាអគ្គរដ្ឋទូត។
តើចិនបែកចិត្ដពីរបបសឹកយោធាហើយមែនទេ?
រដ្ឋាភិបាលប៉េកាំងនិងរដ្ឋាភិបាលក្រុងមូស្គូប្រៀបបានជាខ្នងបង្អែករបស់របបសឹកភូមា ដែលរារាំងមិនឱ្យមានសេចក្ដីថ្លែងការរួមនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាំងពីរដ្ឋប្រហារកើតមាន។ យ៉ាងណាមិញ ជាងមួយខែកន្លងទៅនេះ វិធានការធម៌ក្ដៅរបស់របបសឹកបានបាញ់បង្រ្កាបសម្លាប់បាតុករដោយមិនញញើតដៃ ដែលនេះបានហួសបន្ទាត់ក្រហមនៃមនុស្សធម៌និងប្រាសចាកលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរ។ ភាពវឹកវរនេះ បានអង្រួនចិត្ដមហាមិត្ដទាំងពីររបស់មីយ៉ាន់ម៉ាមកចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរួមនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើការសម្លាប់បាតុករ ការចាប់ឃុំខ្លួនតាមអំពើចិត្ដ ការធ្វើទារុណកម្មអ្នកទោសដែលប៉ះពាល់ដល់គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងអំពាវនាវឱ្យស្ដារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ត្រលប់មកវិញ។ គួរឱ្យភ្ញាក់ផ្អើលដែលអគ្គរដ្ឋទូតប្រទេសចិនប្រចាំអង្គការសហប្រជាជាតិបានបន្ថែមថា ខណៈនេះមីយ៉ាន់ម៉ាគួរ “បន្ថយកម្ដៅ ដំណោះស្រាយបែបការទូត និងសន្ទនា” (Now it’s time for de-escalation. It’s time for diplomacy. It’s time for dialogue)។
ប៉ុន្តែការប្ដូរជំហរបែបនេះរបស់ចិននិងរូស្សីក៏ប្រហែលជាខ្លាចប៉ះពាល់មុខមាត់ខ្លួននៅលើឆាកអន្តរជាតិនិងអំណាចទន់ (Soft Power) ខណៈដែលក្រុមបាតុករមីយ៉ាន់ម៉ានិងអន្តរជាតិរិះគន់លើការរាំងស្ទះការចេញសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លើសពីនេះ ក្រុមបាតុករមួយចំនួនធំយល់ថាចិនកំពុងតែព្យាយាមការពារនិងនៅពីក្រោយការធ្វើរដ្ឋប្រហារយោធានេះ។ ហេតុផលនៃការប្ដូរជំហរមួយទៀតនោះក៏ប្រហែលជាចិនយល់ឃើញថា របបសឹករបស់លោក ឧត្តមសេនីយ៍ មីន អ៊ុងឡាំងនឹងមិនអាចស៊ូជាមួយស្ថានភាពក្នុងស្រុក និងអន្តរជាតិបានទេ ដោយសារតែយន្ដការរបស់របបនេះបានដើរហួសបន្ទាត់ក្រហមបន្តិចម្ដងៗជារៀងរាល់ថ្ងៃតាមរយៈការធ្វើទុក្ខបុកម្នេញនិងការដៃបាញ់បង្រ្កាបរង្គាលមិនថាក្មេងចាស់ប្រុសស្រី ក្នុងនោះក៏មានស្ត្រីមានផ្ទៃពោះផងដែរ។ ចំណែកឯហេតុផលសេដ្ឋកិច្ចវិញ ចិនជាប្រទេសដែលមានការវិនិយោគនៅមីយ៉ាន់ម៉ាច្រើនជាងគេ ហើយនៅពេលសេដ្ឋកិច្ចនិងរដ្ឋបាលត្រូវបានកកស្ទះដោយសារការធ្វើពហិការនិងកូដកម្មបែបនេះនឹងធ្វើឱ្យប៉ះពាល់ប្រយោជន៍អាជីវកម្មរបស់ចិន។ យោងតាមការចេញផ្សាយរបស់ Bloomberg មានអ្នកបើកឡានដឹកទំនិញរាប់ពាន់អ្នកនាំគ្នាធ្វើបាតុកម្ម និងអ្នកបើកបរកុងតឺន័រចំនួនជាង៩០%បានផ្អាកការងារ។ ដូចនេះ ប្រសិនបើនៅមីយ៉ាន់ម៉ានៅតែបន្តមានចលាចលបែបនេះ នោះនឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនវិនិយោគចិន រួមជាមួយការនាំចេញរ៉ែនិងថាមពលពីមីយ៉ាន់ម៉ាចូលប្រទេសចិនផងដែរ។
ព្រឹត្ដិការណ៍ដុតរោងចក្រចិន
បន្ទាប់ពីរដ្ឋាភិបាលប៉េកាំងចូលដៃជាមួយក្រុមប្រឹក្សាសន្តិសុខមិនបានមួយសប្ដាហ៍ផង ស្រាប់តែមានហេតុការដុតរោងចក្រចិនជាច្រើនកាលពីថ្ងៃទី១៥ មីនាកន្លងទៅនេះ។ ហេតុការណ៍នេះពុំមានការចេញមុខទទួលខុសត្រូវពីក្រុមណាមួយនៅឡើយទេ ប៉ុន្តែបន្ទាប់ពីហេតុការនេះ រដ្ឋាភិបាលរបបសឹកមីយ៉ាន់ម៉ាក៏បានបើកយុទ្ធាការបាញ់បង្រ្កាបបាតុករ ហើយបើយោងតាមរបាយការណ៍របស់ Assistance Association for Political Prisoners មានបាតុករយ៉ាងហោចណាស់ចំនួន ៣៨ នាក់បានស្លាប់។ បើយោងតាមការចេញផ្សាយរបស់ CGTN ស្ថានទូតចិនប្រចាំមីយ៉ាន់ម៉ាក៏បានអំពាវនាវឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាចាត់វិធានការឱ្យមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់រាល់សកម្មភាពហិង្សាទាំងឡាយដើម្បីធានាសុវត្ថិភាពប្រជាជនចិននិងទ្រព្យសម្បត្ដិក្រុមហ៊ុនរបស់ចិន។ ព្រឹត្តិការណ៍នេះកើតឡើងគាប់ជួនប៉ុន្មានថ្ងៃនៃសេចក្ដីថ្លែងការរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលធ្វើឱ្យមានមន្ទិលសង្ស័យថាជាយុទ្ធសាស្ត្រក្រុមយោធាដែលចង់សងសឹកបន្តិចទៅប្រទេសចិន និងឆ្លៀតឱកាសបាញ់បង្រ្កាបបាតុករ។ ប៉ុន្តែក៏មានមតិខ្លះដែលថា នេះក៏ប្រហែលជាក្រុមបាតុករខឹងរដ្ឋាបាលក្រុងប៉េកាំងដែលចេះតែកាងឱ្យក្រុមយោធាមីយ៉ាន់ម៉ាកន្លងមក។ ជាមួយគ្នានេះ រដ្ឋបាលតៃវ៉ាន់ក៏បានឱ្យក្រុមហ៊ុនតៃវ៉ាន់នៅមីយ៉ាន់ម៉ាដាក់ទង់ជាតិនិងកំណត់សម្គាល់ឱ្យត្រឹមត្រូវ ក្រោមគោលបំណងការពារអាជីវកម្មរបស់ពលរដ្ឋខ្លួនផង និងឆ្លៀតឱកាសបញ្ជាក់ថាតៃវ៉ាន់មិនស្ថិតក្រោមរដ្ឋាភិបាលប៉េកាំងផង។
ជាការសន្និដ្ឋានចុងក្រោយ ក្រុមរបបសឹកប្រហែលជាបរាជ័យក្នុងការថ្លឹងថ្លែងយុទ្ធសាស្ត្ររដ្ឋប្រហារយោធា និងការប្រើប្រាស់យន្ដការដៃភ្លើងជើងមាន់ ដែលជារូបភាពជីកកប់ប្រជាធិបតេយ្យនិងប៉ះពាល់ដល់មនុស្សជាតិធ្ងន់ធ្ងរ។ រដ្ឋប្រហារនេះស្រដៀងគ្នាទៅនឹងរដ្ឋប្រហារយោធាថៃ ក៏វាប៉ុន្តែមិនដូចគ្នាទេ។ តាមសភាពបែបនេះ រដ្ឋបាលលោក ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ក៏ប្រហែលជាស្ថិតនៅក្នុងសភាពឯកោមួយរយៈ មុននឹងបរាជ័យក្នុងការក្រសោបអំណាចដឹកនាំមីយ៉ាន់ម៉ាបានតាមរយៈសម្ពាធរបស់អន្តរជាតិនិងបាតុករ។ ក៏ប៉ុន្តែសំនួរត្រូវសូួរថា មីយ៉ាន់ម៉ានឹងឈានចូលស៊ីណារីយ៉ូដែលក្រុមលោកស្រីអ៊ុង សាន ស៊ូជីត្រលប់មកដឹកនាំប្រទេសវិញ ឬស៊ីណារីយ៉ូស្រដៀងគ្នានឹងព្រឹត្ដិការណ៍ ៨៨៨៨ ដែលមានយោធាមួយក្រុមទៀតជាអ្នកមកដឹកនាំប្រទេសជាតិ។
អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ