"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ដំបៅនៃការរើសអើងពូជសាសន៍អាស៊ីនៅអាមេរិក

នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ(San Francisco) សហរដ្ឋអាមេរិក នាថ្ងៃទី១៩​ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋកម្មមួយបានកើតឡើងទៅលើស្ត្រីវ័យចំណាស់ម្នាក់ដែលជាជនជាតិអាស៊ីដើមកំណើតមកពីប្រទេសចិនដោយស្រ្តីរូបនោះបានរងនូវការវាយប្រហារពីសំណាក់បុរសជនជាតិស្បែកសមួយរូប។ ព័ត៌មាននេះបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម ​ហើយមហាជនជាច្រើនបានលើកឡើងនូវការតវ៉ាប្រឆាំងនឹងការរើសអើងលើជនជាតិអាស៊ី។ ប៉ុន្តែនេះមិនមែនជាករណីទីមួយទេដែលកើតឡើងទៅលើជនជាតិអាស៊ីសញ្ជាតិអាមេរិកនោះទេ ដោយត្រឹមតែប៉ុន្មានម៉ោងមុនករណីវាយប្រហារស្រ្តីជនជាតិចិននេះ នៅឯទីក្រុងAtlanta រដ្ឋGeorgia ក៏មានកើតឡើងនូវករណីបាញ់ប្រហារដ៏ធំចំនួនបីកន្លែងដែលសុទ្ធតែជាហាងស្ប៉ារបស់ពលរដ្ឋ​អាមេរិកដែលមាន​ដើម​កំណើត​អាស៊ី។ ការបាញ់ប្រហារនេះ បានឆក់យកជីវិតមនុស្ស៨នាក់ ដែលក្នុងនោះមានស្រ្តីអាស៊ីចំនួន៦នាក់ផងដែរ។ យោងតាមសម្តីរបស់លោក Jay Baker ពីខាងការិយាល័យស៊ើបអង្កេត Cherokee County​ បានបកស្រាយថាការបាញ់ប្រហារនេះនៅមិនទាន់អាចចាត់ទុកជាឧក្រិដ្ឋកម្មដែលមានគោលដៅលើក្រុមជនជាតិណាមួយឡើយ ដោយសារតែជនសង្ស័យបានអះអាងថាខ្លួនប្រព្រឹត្តបទល្មើសដោយសារតែ “ងប់ងល់នឹងកាមតណ្ហា”។ តែទោះជាយ៉ាងនេះក្ដី មហាជនភាគច្រើនបានសន្និដ្ឋានថាករណីបាញ់នេះជាគឺបទល្មើសដែលបណ្តាលមកពីការរើសអើងពូជសាសន៍រួចទៅហើយ។

ក្រោយពីមានការបាញ់ប្រហារនេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលើការវាយប្រហារ ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ីផងដែរ។ លោក បៃដិន បានមានប្រសាសន៍ថា​ ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី “ទទួលរងនូវការវាយប្រហារ ចោទប្រកាន់ ឈ្នានីស និងត្រូវបានលាបពណ៌”។ សម្តីរបស់លោកគឺមានបំណងវាយប្រហារទៅអតីតប្រធានាធិបតីគឺលោកដូណាល់ត្រាំ ពីព្រោះ ដើម្បីជាលេសឆ្លើយតបនឹងភាពបរាជ័យក្នុងការទប់ស្កាត់ការរាតត្បាតកូវីឌ១៩ ក្នុងសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំបានទម្លាក់កំហុសទៅភាគីចិនលើបញ្ហាការរាតត្បាតនៃជំងឺកូវីឌ១៩ មកពីទីក្រុងអ៊ូហាន ប្រទេសចិន។ ការទម្លាក់កំហុសនិងចោទប្រកាន់របស់លោក បានធ្វើឱ្យជនជាតិចិនរួមទាំងជនជាតិអាស៊ីដទៃទៀត ក្លាយជាគោលដៅនៃការបញ្ចេញកំហឹងពីសំណាក់អ្នកគាំទ្ររបស់លោក និងអ្នកដទៃទៀតដែលជីវភាពពួកគេទទួលរងផលប៉ះពាល់ដោយសារកូវីឌ១៩។ ការរើសអើងលើពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ីនេះទៀតសោត កាន់តែរីកដុះដាលនៅក្នុងអំឡុងឆ្នាំ២០២០ ដែលជាអាណត្តិ លោក ដូណាល់ ត្រាំដោយសារតែលោកត្រាំតែងមានជំហរប្រឆាំងនឹងប្រទេសចិនជាច្រើនលើល ក្នុងនោះលោកបានឌឺដងប្រមាទផ្លែផ្កាដោយដាក់នាមឱ្យវីរុសកូរ៉ូណាថាជា “វីរុសចិន”។

ប្រវត្តិនៃការរើសអើងលើជនជាតិអាស៊ីក្នុងសហរដ្ឋអាមេរិក
លោកបៃដិន ក៏បានបកស្រាយថាការវាយប្រហារមកលើពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី តែងតែសំងំខ្លួនពីក្រសែភ្នែកមហាជន ហើយមិនមានការជជែកឱ្យបានធំទូលាយនោះទេ។ នោះដោយសារតែពលរដ្ឋអាមេរិកជនជាតិអាស៊ី មានភ័ព្វវាសនាគ្រាន់បើជាងជនជាតិភាគតិចដទៃទៀត ដូចជាជនជាតិស្បែកខ្មៅ និង Hispanic ដោយជនជាតិអាស៊ីត្រូវបានចាត់ទុកថាជា “ជនជាតិភាគតិចគំរូ” (Model Minority)។ ជនជាតិអាស៊ីត្រូវបានគេយល់ឃើញជាក្រុមមនុស្សដែលមានមានភាពជោគជ័យក្នុងជីវិត យកចិត្តទុកដាក់ក្នុងការរៀនសូត្រ និងខិតខំធ្វើការ។ ផ្នត់គំនិត “ជនជាតិភាគតិចគំរូ” នេះបានបណ្តាលឱ្យវិសមភាពដែលកើតមានចំពោះជនជាតិអាស៊ី មិនសូវទទួលបានការចាប់អារម្មណ៍ពីសាធារណជនឡើយ។

ជាការពិតណាស់ ការរើសអើងលើជនជាតិអាស៊ីក្នុងសហរដ្ឋអាមេរិក មិនមែនទើបតែកើតឡើងនៅក្នុងសម័យនៃការឆ្លងរាលដាលនៃកូវីដនោះទេ។
ជាក់ស្តែងបញ្ហានេះកើតមានឡើងជាយូរណាស់មកហើយក្នុងប្រវត្តិសាស្ត្រអាមេរិក ដោយជំងឺកូវីដ១៩គ្រាន់តែជាយន្តការមួយដែលជំរុញឱ្យបញ្ហានេះកាន់តែឆេះខ្លាំងឡើងតែប៉ុណ្ណោះ។ រយៈពេលជាង១០០ឆ្នាំមុន សហរដ្ឋអាមេរិកធ្លាប់ចេញច្បាប់ជាច្រើនដូចជា Congressional Exclusionary Act ដែលហាមឃាត់មិនឱ្យពលករចិនមកធ្វើអន្តោប្រវេសន៍មកសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៨៨២។ ក្នុងនោះក៏មាន Japanese American Internment ដែលជាបទបញ្ជារបស់ប្រធានាធិបតី Franklin D. Roosevelt ក្នុងការជម្លៀសពលរដ្ឋអាមេរិកដែលមានដើមកំណើតជាជនជាតិជប៉ុនទាំងបង្ខំ នៅក្រោយពេលដែលជប៉ុនបានទម្លាក់គ្រាប់បែកនៅឯកំពង់ផែភៀល (Pearl Harbor)។ នៅក្នុងវិស័យអប់រំ ជនជាតិអាស៊ីក៏ត្រូវបានរងនូវប្រព័ន្ធបែប Segregation ដែលត្រូវបានគេដាក់ដោយឡែកមិនឱ្យនៅសិក្សារៀនសូត្រជាមួយក្មេងជនជាតិស្បែកស។ នៅក្នុងសម័យវិបត្តិសេដ្ឋកិច្ចដ៏ធំ The Great Depression ក្នុងដើមសតវត្សទី២០ ជនជាតិអាស៊ីជាច្រើនទាំងជនជាតិចិន ជប៉ុន និងឥណ្ឌា ត្រូវបានគេចោទប្រកាន់ថា ជាជនដណ្តើមការងារនាំឱ្យមានការចេញនូវគោលនយោបាយ និងអំពើហិង្សាប្រឆាំងជនជាតិអាស៊ីនៅឯតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក។ ការរើសអើងក្នុងច្បាប់អន្តោប្រវេសន៍នេះមិនត្រឹមតែសំដៅទៅលើជនជាតិចិន និងជប៉ុនប៉ុណ្ណោះទេ តែក៏បានរីកដុះដាលទៅកាន់ជនជាតិអាស៊ីដទៃទៀត។ ជាក់ស្តែង នៅឆ្នាំ១៩២៤ រដ្ឋាភិបាលអាមេរិកបានអនុម័តច្បាប់ Immigration Act of 1924 ដែលរារាំងទាំងស្រុងមិនឱ្យជនអន្តោប្រវេសន៍មកពីប្រទេសនៅតំបន់អាស៊ី មកកាន់សហរដ្ឋអាមេរិក (លើកលែងតែជនជាតិហ្វីលីពីនដែលនៅក្រោមអាណានិគមរបស់សហរដ្ឋអាមេរិក)។

ជនជាតិអាស៊ីក្នុងវិស័យសង្គម សេដ្ឋកិច្ច និងវប្បធម៌អាមេរិក
ច្បាប់អន្តោប្រវេសន៏របស់សហរដ្ឋអាមេរិកនៅតែដាក់កំហិតមកលើជនជាតិអាស៊ី រហូតមកដល់សម័យសង្គ្រាមត្រជាក់ ទើបច្បាប់អន្តោប្រវេសន៍បានបន្ធូរបន្ថយ មកវិញដោយសារតែសហរដ្ឋអាមេរិកត្រូវការធនធានមនុស្សជាច្រើនដើម្បីអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ដើម្បីប្រកួតប្រជែងជាមួយនឹងសហភាពសូវៀត។ ការបន្ធូរបន្ថយនេះនាំឱ្យមានលំហូរនៃជនជាតិអាស៊ីជាច្រើនមកកាន់សហរដ្ឋអាមេរិកដែលពេលនោះ ពួកគេអាចនាំគ្រួសាររបស់គេ មករស់នៅក្នុងសហរដ្ឋអាមេរិកបាន។ តែជនជាតិអាស៊ីទទួលបាននូវការទទួលស្គាល់នៅមានកម្រិតទាំងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ លោកស្រី Esther Yoon-Ji Kang អ្នកធ្វើរបាយការណ៍របស់ WBEZ បាននិយាយថា សហគមន៍ជនជាតិអាស៊ីនៅមិនទាន់មានតំណាងគ្រប់គ្រាន់នៅក្នុងរដ្ឋបាលគ្រប់ជាន់ថ្នាក់ ទោះបីជាចំនួនជនជាតិអាស៊ីមានសន្ទុះកើនយ៉ាងលឿនក៏ដោយ។ អ្នកស្រីក៏បានផ្តល់ឧទាហរណ៍នៃសមាជិកក្រុមប្រឹក្សាក្រុងឈីកាហ្គូ (Chicago) ដែលមិនមានជនជាតិអាស៊ីសូម្បីតែម្នាក់នៅក្នុងចំណោម ៥០ រូប។ ក្នុងវិស័យការងារវិញ ជនជាតិអាស៊ីក៏មានផលវិបាក ក្នុងការឡើងតំណែងផងដែរ ដែលបញ្ហានេះត្រូវបាន អ្នកស្រី Jane Hyun ជាអ្នកនិពន្ធសៀវភៅ “Breaking the Bamboo Ceiling: Career Strategies for Asians” ដាក់ឈ្មោះថាជា “ដំបូលឬស្សី”។ ដំបូលឬស្សីគឺជាបញ្ហាដែលពលរដ្ឋអាមេរិកជនជាតិអាស៊ីពិបាកនឹងឡើងឋានៈក្នុងស្ថាប័នការងារនានា ដោយសារតែកត្តាបុគ្គល វប្បធម៌ និងទម្រង់ស្ថាប័ននោះ។ ជនជាតិអាស៊ីជាច្រើនមិនត្រូវបានគេពិចារណាឱ្យមានឋានៈដឹកនាំក្នុងស្ថាប័នដោយសារតែផ្នត់គំនិតនៃប្រជាពលរដ្ឋអាមេរិកភាគច្រើនដែលយល់ថា (Stereotypes)​ របស់ជនជាតិអាស៊ី ឬជនជាតិអាស៊ីនិយម  ខ្វះជំនាញក្នុងការដឹកនាំ និងជំនាញក្នុងការប្រាស្រ័យទាក់ទងជាដើម។ ក្នុងផ្នែកវប្បធម៌សិល្បៈវិញ គេក៏សង្កេតឃើញថាជនជាតិអាស៊ីមិនសូវមានមុខមាត់ធ្វើជាតួឯកនៅក្នុងរឿងហូលីវូដនោះទេ ដែលភាគច្រើនជនជាតិអាស៊ីដើរតួតូចតាចជាជនក្នុងសង្គមងងឹត ឬជនចេះក្បាច់គុណជាដើម។

ការរួបរួមគ្នារវាងក្រុមជនជាតិភាគតិចរបស់អាមេរិកប្រឆាំងនឹងការរើសអើងពូជសាសន៍
មនុស្សជាច្រើនដែលបានធ្វើបាតុកម្មក្រោយពីការបាញ់ប្រហារនេះ បានទាមទារ បាញ់ប្រហារនៅហាងស្ប៉ារបស់ជនជាតិអាស៊ី នៅទូទាំងសហរដ្ឋអាមេរិក ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី ក៏ដូចជាពលរដ្ឋក្នុងសហគមន៏ឯទៀត បានជួបជុំគ្នាធ្វើបាតុកម្ម ដោយពួកគេទាមទារឱ្យមានការបញ្ឈប់មិនត្រឹមតែលើពលរដ្ឋសហរដ្ឋអាមេរិកដើមកំណើតអាស៊ីតែប៉ុណ្ណោះទេ តែលើការរើសអើងលើជនជាតិភាគតិចផ្សេង‌ៗទៀតដូចជាជនជាតិស្បែកខ្មៅ និងHispanic។ គួរបញ្ជាក់ថាពលរដ្ឋអាមេរិកនៃសហមន៍ជនជាតិស្បែកខ្មៅក៏បានធ្វើបាតុកម្មទាមទាររកយុត្តិធម៌នៅពេលដែលជនជាតិស្បែកខ្មៅមួយរូប គឺលោក George Floyd បានស្លាប់បាត់បង់ជីវិត ដោយសារតែប៉ូលិសជនជាតិស្បែកស។ ការស្លាប់របស់លោក Floyd បានបង្កឱ្យមានបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិក ក៏ដូចជានៅឯបណ្តាប្រទេសនានានៅអឺរ៉ុប ដើម្បីទាមទារឱ្យមានការដោះស្រាយលើអំពើហិង្សារបស់ក្រុមប៉ូលិស ក៏ដូចជាផ្នត់គំនិតរើសអើងជនជាតិស្បែកខ្មៅផងដែរ។ ចំណែកឯជនជាតិ  Hispanic វិញក៏ទទួលបានការរើសអើងផងដែរ ជាពិសេសនៅក្នុងអាណត្តិលោកដូណាល់ត្រាំ បានទទូលនូវការរើសអើងថាជាក្រុម “ជួញដូរគ្រឿងញៀន ឧក្រិដ្ឋជន និងជនចាប់រំលោភ” ជាដើម។ លោកដូណាល់ត្រាំក៏បានសន្យាជាមួយអ្នកគាំទ្ររបស់លោកថា នឹងសាងសង់ជញ្ជាំងនៅព្រំប្រទល់សហរដ្ឋអាមេរិក និងម៉ិកស៊ិក ដើម្បីទប់ស្កាត់មិនឱ្យជនអន្តោប្រវេសន៍មកពីម៉ិកស៊ិក ដែលជាក្រុមជនជាតិ Hispanic ដែលឆ្លងមកសហរដ្ឋអាមេរិកខុសច្បាប់។

ជាសរុបការផ្ទុះនូវបាតុកម្មប្រឆាំងនឹងការរើសអើងជនជាតិអាស៊ីរយៈពេលថ្មីៗនេះ មិនមែនជាព្រឹត្តិការណ៏ដែលទើបតែកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ តែគឺជាការឆ្លុះបញ្ចាំងពីប្រព័ន្ធរើសអើងពូជសាសន៏ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងសង្គមអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលជនជាតិភាគតិចទាំងឡាយបានទទួលរងគ្រោះ។ ការធ្វើបាតុកម្មនេះ រួមទាំងកម្លាំងតរ៉ាផ្សេងៗទៀត ដូចជា BLM (Black Lives Matter) អាចជាយន្តការសំខាន់ ដែលជំរុញឱ្យសហរដ្ឋអាមេរិកកាន់តែយកចិត្តទុកដាក់ លើការធ្វើកំណែទម្រង់គោលនយោបាយនានាដើម្បីជំរុញឱ្យមានការការពារខ្ពស់ទៅលើជនជាតិភាគតិចទាំងនោះ ក៏ដូចជាដោះស្រាយផ្នត់គំនិត នៃការរើសអើងពូជសាសន៏។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ឆាយ តេជគុណ
គំនូរដោយ៖ កញ្ញា សុខ ពុទ្ធារី
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ