"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ប្រទេសលីប៊ី៖ ១០ឆ្នាំក្រោយបដិវត្ដន៍លោកហ្គាដាហ្វី

ថ្ងៃទី១៧ ខែមីនា  ឆ្នាំ២០២១ ជាថ្ងៃមួយដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រប្រទេសលីប៊ី ដោយសារថ្ងៃនោះជាថ្ងៃគម្រប់១០ឆ្នាំនៃការផ្តួលរលំរបបគ្រប់គ្រងរបស់លោកហ្គាដាហ្វី(Gaddafi)ដែលជាមេដឹកនាំផ្តាច់ការដែលគ្រប់គ្រងប្រទេសលីប៊ីអស់រយៈពេលជាង៤០ឆ្នាំ។ ដោយក្រឡេកមកមើល ប្រទេសលីប៊ីក្រោយការធ្វើបដិវត្តន៍ក្នុងឆ្នាំ២០១១ ស្ថានភាពនយោបាយនៅក្នុងប្រទេសនេះនៅមិនទាន់មានសន្តិភាពនិងស្ថិរភាពនៅឡើយនោះទេ ដែលផ្ទុយទៅវិញប្រទេសលីប៊ីបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាមស៊ីវិលជាលើកទីពីរ។

ក្នុងកំឡុងពេលសង្គ្រាមស៊ីវិលទីពីរបានកើតឡើង ប្រទេសលីប៊ីត្រូវបានបែងចែកតំបន់ត្រួតត្រាជាពីរធំៗ។ ភាគីនៃជម្លោះម្ខាងគឺជាក្រុមរដ្ឋាភិបាលចម្រុះដែលផ្តួចផ្តើមដោយអង្គការសហប្រជាជាតិក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ហើយមានទីស្នាក់ការនៅឯរដ្ឋធានី Tripoli ។ រដ្ឋាភិបាលចម្រុះ (GNA)នេះសហការជាមួយក្រុមកងឈ្លបជាច្រើនទៀតដើម្បីការពារទីក្រុងTripoli ហើយជាក្រុមដែលប្រឆាំងនឹងរបបលោកហ្គាដាហ្វី។ ក្រុមជម្លោះម្ខាងទៀត គឺដឹកនាំដោយក្រុមរដ្ឋសភាដែលជាប់អាណត្តិនៅក្នុងការបោះឆ្នោតឆ្នាំ២០១៤ តែមិនបានទទួលស្គាល់ពីតុលាការកំពូលថាជារដ្ឋសភាស្របច្បាប់តាមរដ្ឋធម្មនុញ្ញនោះទេ។ ដោយបង្ហាញជំហមិនគាំទ្រទៅដល់ការសម្រេចរបស់តុលាការកំពូល និងរដ្ឋាភិបាលចម្រុះ (GNA) រដ្ឋសភាដែលជាប់អាណត្តិ២០១៤នោះបានផ្លាស់ប្តូរទីស្នាក់ការពីរដ្ឋធានីTripoli ទៅឯទីក្រុង Tobruk នៅឯភាគខាងកើតប្រទេស។ ក្រុមរដ្ឋសភានេះក៏សហការជាមួយក្រុមទ័ពជាតិលីប៊ី (Libyan National Army)  ដែលបង្កើតឡើងដោយលោក Khalifa Haftar ដែលធ្លាប់ជាអគ្គមេបញ្ជាការក្រោមលោក ហ្គាដាហ្វី។

កង្វះនូវអត្តសញ្ញាណជាតិលីប៊ីរួម
ប្រទេសលីប៊ីដែលមានព្រំប្រទល់ដូចសព្វថ្ងៃនេះគឺកើតចេញពីសមិទ្ធិផលនៃការដាក់អាណានិគមរបស់ ប្រទេសអ៊ីតាលីដែលរវាងឆ្នាំ១៩៣៤ និង១៩៤៣ ដែលជាទឹកដីរាជាណាចក្រអ៊ីតាលីដណ្តើមយកបានពីចក្រភពអូតូម៉ង់ (Ottoman)នៅដើមសតវត្សទី២០។ គួររំលឹកបន្ដិចថា ​ទឹកដីលីប៊ីគឺពោរពេញទៅដោយកុលសម្ព័ន្ធអារ៉ាប់ និងប៊េប៊ែ (Beber) ដែលមានដល់ទៅ១៤០ កុលសម្ព័ន្ធ ដែលកុលសម្ព័ន្ធធំៗមានចំនួន៣០។  កាលដែល បង្កើតនិងការគូសវាសព្រំប្រទល់របស់ប្រទេសលីប៊ីគឺមិនបានគិតគូរពីទីតាំងប្រជាសាស្ត្រ ភូមិសាស្ត្រ និងប្រវត្តិសាស្ត្ររបស់ទឹកដីនៅកន្លែងនោះនោះទេ ដែលជាហេតុបន្សល់នូវបញ្ហាកុលសម្ព័ន្ធ។ ហើយការបែងចែកកុលសម្ព័ន្ធនេះគឺតែងតែមានឥទ្ធិពលទៅលើប្រព័ន្ធនយោបាយនិងសង្គមរបស់ប្រទេសលីប៊ីដែលបានធ្វើឲ្យប្រជាជនលីប៊ីទាំងមូលខ្វះនូវអត្តសញ្ញាណរួមមួយ ដែលជាអត្តសញ្ញាណរបស់ប្រជាជាតិលីប៊ី។ កង្វះនូវអត្តសញ្ញាណរួមនេះបានធ្វើឲ្យប្រជាជនលីប៊ីមិនអាចមានភក្តីភាពនិងស្មារតីស្នេហាជាតិឡើយ ដោយពួកគេបានផ្តល់ភក្តីភាពនិងស្មារតីពលីការពារទៅឱ្យកុលសម្ព័ន្ធរបស់គេរៀងៗខ្លួនវិញ។ ជាក់ស្តែងរប្រទេសលីប៊ីខ្វះរដ្ឋាភិបាលមជ្ឍិមដែលគិតគូរពីការស្ថាបនាស្មារតីជាជាតិមួយជូនទៅដល់ប្រជាជនលីប៊ីទាំងមូលនោះទេ។

ក្នុងអាណត្តិជិតកន្លះសតវត្សន៍របស់លោក ហ្គាដាហ្វី លោកបានបង្ហាញជំហរលំអៀងដោយផ្តល់នូវលាភសក្ការៈនិងផលប្រយោជន៍ទៅដល់កុលសម្ព័ន្ធណាដែលមានប្រយោជន៍សម្រាប់របបគ្រប់គ្រងរបស់លោក។ គោលនយោបាយរបស់លោកមួយនេះមិនត្រឹមតែមិនអាចឲ្យកុលសម្ព័ន្ធចុះសម្រុងជាមួយគ្នានោះទេ ថែមទាំងបង្កឲ្យការបែងចែកនេះកាន់តែធ្ងន់ធ្ងរឡើងក្រោយពីលោកបានស្លាប់ទៅ។ ជាមួយគ្នានឹងប្រើប្រាស់កុលសម្ព័ន្ធដើម្បីកាន់កាប់អំណាចនេះដែរ នៅក្នុងសង្គ្រាមស៊ីវិលលើកទីពីរ លោក Hafter បានទទួលការជ្រោមជ្រែងពីកុលសម្ព័ន្ធនៅភាគខាងកើតដូចជា​ Awaqir, Obeidat,​ Barassa, និង Hassaជាដើមដែលជាកម្លាំងអាចឲ្យលោកធ្វើប្រតិបត្តិការប្រឆាំងនឹងរដ្ឋាភិបាលក្រុងTripoli បាន។​

បណ្តាសានៃធនធានធម្មជាតិ
បើក្រឡេកមើលពីខាងចក្ខុវិស័យរបស់សេដ្ឋកិច្ចវិទូវិញ ស្ថានភាពរបស់ប្រទេសលីប៊ីគឺធ្លាក់ទៅរក”បណ្តាសានៃធនធានធម្មជាតិ” (Resouce Curse)។ បណ្តាសានៃធនធានធម្មជាតិគឺជាទ្រឹស្តីដែលពន្យល់ថាប្រទេសណាដែលសេដ្ឋកិច្ចពឹងផ្អែកតែលើធនធានធម្មជាតិតែមួយមុខ មុខជាជួបនឹងស្ថានភាពនយោបាយដែលដឹកនាំដោយជនផ្តាច់ការ ហើយពោរពេញដោយអំពើពុករលួយ។ ជាក់ស្តែងប្រទេសលីប៊ីជាប្រទេសមួយដែលពឹងផ្អែកលើធនធានដ៏មានតម្លៃបំផុតគឺប្រេង។ ប្រទេសលីប៊ីជាសមាជិកនៃOPEC និងមានបរិមាណប្រេងបម្រុងទុកធំជាងគេក្នុងទ្វីបអាហ្រ្វិក។ យោងតាមទិន្នន័យOEC ផលិតផលនាំចេញដែលច្រើនជាងគេបំផុតរបស់ប្រទេសលីប៊ីគឺប្រេងកាតឆៅដែលស្មើនឹង៨៩%នៃផលិតផលនាំចេញសរុប ក្នុងឆ្នាំ២០១៩។ ប៉ុន្តែផលប្រយោជន៍ដែលបានមកពីតំណក់ប្រេងមិនបានទៅដល់បុគ្គលគ្រប់ស្រទាប់វណ្ណៈរបស់ប្រទេសលីប៊ីឡើយ។​​​ ជាក់ស្តែងក្នុងសម័យនៃការគ្រប់គ្រងរបស់លោកហ្គាដាហ្វី  លោកបានធ្វើជាតូបនីយកម្មលើឧស្សាហកម្មប្រេងហើយផលប្រយោជន៍ដែលបានមកពីប្រេងនេះគឺគ្រាន់តែបំពេញតម្រូវការរបស់លោក និងក្រុមឥស្សរជនមួយចំនួនតូចតែប៉ុណ្ណោះ។ ជាក់ស្តែងយោងតាមរបាយការណ៍ដែលផ្សាយចេញពី African Economic Outlook (២០១២)បានបង្ហាញឲ្យឃើញថាប្រទេសលីប៊ីមានកំណត់ត្រាវិសមភាពសង្គមខ្ពស់ អត្រាយុវជនមិនមានការងារធ្វើខ្ពស់ និងវិសមភាពសេដ្ឋកិច្ចតាមតំបន់ ដែលបញ្ហានេះជាមូលហេតុរួមផ្សំដែលនាំឲ្យមានការធ្វើបាតុកម្មបះបោរនៅឯទីក្រុង Benghazi ហើយឈានទៅរកការធ្វើបដិវត្តន៍ផ្តួលរលំទម្លាក់របបលោកហ្គាដាហ្វីតែម្តង។

ពិភពសំបូរទៅដោយធនធានប្រេងនេះ ក៏បានធ្វើឲ្យប្រទេសលីប៊ីធ្លាក់ក្នុងសំណាញ់ផលប្រយោជន៍នៃប្រទេសដទៃទៀត។ ជាក់ស្តែងសង្គ្រាមស៊ីវិលទីពីររបស់លីប៊ីក៏កើតឡើងដោយសារតែការជ្រៀតជ្រែកពីភាគីខាងក្រៅផងដែរ។ ការរួមផ្សំនេះមានការចូលរួមពីភាគីជាច្រើនមានដូចជាប្រទេសតួគីនិងកាតានៅឯពីក្រោយភាគីTripoli រីឯក្រុមប្រទេសរូស្ស៊ី អេស៊ីប និងអារ៉ាប់រួមនៅពីក្រោយភាគីTobruk ហើយការជ្រៀតជ្រែកពីភាគីខ្លះគឺពាក់ព័ន្ធនឹងបញ្ហាប្រេងនេះឯង។ លោកMustafa Sanalla ប្រធាននៃសហគ្រាសប្រេងរដ្ឋ(National Oil Corporation) បានចោទប្រកាន់ថាភាគីបរទេសទាំងនោះរាំងស្ទះប្រទេសលីប៊ីមិនឲ្យផលិតប្រេង គឺដោយសារតែការត្រឡប់មកផលិតប្រេងរបស់ប្រទេសលីប៊ីអាចរាំងស្ទះដល់តុល្យភាពនៃទីផ្សារប្រេង នឹងដាក់សម្ពាធដល់សមាជិកផ្សេងៗទៀតនៃ OPEC+ ដើម្បីផ្គត់ផ្គង់ប្រេងទៅក្នុងទីផ្សារអន្តរជាតិ។

អំណាចគ្រប់គ្រងលើបុគ្គលតែមួយរួប
ក្រោយពីប្រទេសលីប៊ីទទួលបានឯករាជ្យពីប្រទេសអ៊ីតាលីមក ប្រទេសឯករាជ្យមួយនេះមិនដែលធ្លាប់ឆ្លងកាត់នូវរបបប្រជាធិបតេយ្យពេញលេញនោះទេ។ ក្រោយពីក្លាយជារដ្ឋឯករាជ្យក្នុងចន្លោះឆ្នាំ១៩៥១ និងឆ្នាំ១៩៦៩ ប្រទេសលីប៊ីនៅក្រោមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ក្នុងរយៈពេលដ៏ខ្លីតែ១៨ឆ្នាំ រាជាណាចក្រលីប៊ីគ្រប់គ្រងដោយរាជាតែមួយអង្គគត់ដែលមានព្រះនាមថា Idris I ហើយក្នុងរជ្ជកាលរបស់ទ្រង់ ប្រទេសលីប៊ីមិនមានប្រជាធិបតេយ្យពេញលេញឡើយ ដោយសារទ្រង់បានហាមឃាត់មិនឱ្យមាន ការបង្កើតគណបក្សនយោបាយ ការបង្ករឱ្យមានក្លែងបន្លំសន្លឹកឆ្នោត និងការគាបសង្កត់សេរីភាពក្នុងការបញ្ចេញមតិជាដើម។ នៅឆ្នាំ១៩៦៩ ស្តេចIdris ត្រូវបានធ្វើរដ្ឋប្រហារដោយសេនាប្រមុខមួយរូបគឺលោក Gaddafi នេះឯង ដែលនាំឲ្យមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យកាន់តែចុះដុនដាបទៅៗ។ នៅក្នុងរបបលោកហ្គាដាហ្វី លោកបានកម្ចាត់ចោលរាល់ភាគីដែលលោកចាត់ទុកថាជាសត្រូវ។ យុទ្ធសាស្ត្រការគ្រប់គ្រងរបស់លោកហ្គាដាហ្វី បានបង្កើតរបបគ្រប់គ្រងមួយដែលអាស្រ័យលើបុគ្គលតែមួយរួប គឺជារូបលោកផ្ទាល់។ ដូច្នេះហើយនៅពេលដែលរបបរបស់លោកត្រូវបានផ្តួលរលំទៅ វាបានបង្កើតឲ្យមានលំហនៃអំណាច (Power Vacuum )ដែលទាក់ទាញឲ្យភាគីផ្សេងៗនៅក្នុងឆាកនយោបាយប្រទេសលីប៊ីដូចជាលោកHaftarក្នុងការប្រឆាំងគ្នាដណ្តើមអំណាចនិងមុខដំណែងបន្តពីលោក។

ជាការសន្និដ្ឋានចុងក្រោយ ទោះបីជាភាគីនៃជម្លោះទាំងពីរបានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ និងបង្កើតរដ្ឋាភិបាលរួមដែលមានការទទួលស្គាល់ពីភាគីទាំងពីរក៏ដោយ ក៏នេះមិនអាចបញ្ជាក់បានថាប្រទេសលីប៊ីនឹងជិតដល់ត្រើយសន្តិភាពនៅឡើយទេ។ ចំពោះប្រទេសលីប៊ីដែលមិនដែលមានមូលដ្ឋានប្រជាធិបតេយ្យក្នុងប្រវតិ្តសាស្ត្រនៃរបបនយោបាយ ប្រទេសនេះ នឹងប្រឈមមុខនឹងការប្រកួតប្រជែងដណ្តើមគ្នា ដើម្បីកាន់កាប់ធនធានប្រេងដ៏មានតម្លៃ កំឡុងពេលរដ្ឋាភិបាលមជ្ឈិមកណ្តាលនឹងនៅតែទន់ខ្សោយ។ ប្រទេសលីប៊ីក៏អាចនៅតែខ្វះនូវមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណជាតិរួមមួយដែលអាចនាំឲ្យប្រទេសបែកបាក់ប្រសិនបើបញ្ហាធំៗខាងលើមិនមានវិធានការដោះស្រាយនោះទេ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទដោយ៖ លោក ឆាយ តេជគុណ
គំនូរច្នែប្រឌិតដោយ៖ កញ្ញា បូរ ដាលីន

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង