"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ការធ្វើពហិការរបស់ប្រជាជនចិន និងបម្រែបម្រួលចរន្តពាណិជ្ជកម្មអន្តរជាតិនិងពាណិជ្ជកម្មក្នុងស្រុករបស់ប្រទេសចិន

បញ្ហាសិទ្ធិមនុស្សនៅខេត្តសុីនជាំង (Xinjiang) នៃប្រទេសចិននៅតែជាបញ្ហាចម្បងដែលតែងតែទាក់ទាញនូវចំណាប់អារម្មណ៍របស់ប្រទេសនានានៅជុំវិញពិភពលោកជាពិសេសពីបស្ចិមប្រទេស។ បញ្ហាការធ្វើទុក្ខបុកម្នេញទៅលើជនជាតិមូ៉ស្លីម Uyghurs បានធ្វើឱ្យចិនទទួលរងនូវសម្ពាធនយោបាយការបរទេស​ និងសម្ពាធសេដ្ឋកិច្ច​ពីប្រទេសមួយចំនួន រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា និង​ចក្រភពអង់គ្លេស ដែលបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើមន្រ្តីរបស់ចិនជាច្រើនរូប រួមមានទាំងមន្រ្តីចាស់ៗ​ និង​មន្រី្តចិនដែលឡើងកាន់អំណាចថ្មីៗដោយសារតែបញ្ហាសិទិ្ធមនុស្សកាលពីថ្ងៃទី២២ ខែមិនា កន្លងទៅនេះ។​ ដោយឡែក បញ្ហាដែលកំពុងតែកើតឡើងនៅប្រទេសចិនថ្មីៗនេះក៏ជាបញ្ហាដែលពាក់ព័ន្ធជាមួយនឹងបញ្ហានៅសុីនជាំង (Xin Jiang)  ពោលគឺប្រជាជនចិនបានធ្វើពហិការចំពោះផលិតផលបរទេសមួយចំនួនដែលបញ្ហានេះនឹងអាចបណ្តាលឱ្យមាន បម្រែបម្រួលចរន្តសេដ្ឋកិច្ចអន្តរជាតិនិងចរន្តសេដ្ឋកិច្ចនៅក្នុងស្រុករបស់ប្រទេសចិន។​

ប្រជាជនចិនបានធ្វើពហិការទៅលើផលិតផលរបស់ក្រុមហ៊ុនមួយចំនួនដែលបានមកវិនិយោគនៅក្នុងប្រទេសចិន ដែលរួមមានផលិតផលនៃក្រុមហ៊ុន Nike របស់អាមេរិក H&M របស់ស៊ុយអែត Addidas របស់អាល្លឺម៉ង់ និង​ Uniqlo របស់ជប៉ុនជាដើម​ ដោយសារតែក្រុមហ៊ុនទាំងនោះបាននិយាយថាពួកគេនឹងមិនប្រើប្រាស់កប្បាសដែលនាំចូលមកពីសុីនជាំងនោះទេ។ គួរបញ្ជាក់ផងដែរថា មូលហេតុនៃការប្រកាសមិនប្រើប្រាស់កប្បាសដែលនាំចូលមកពីសុីនជាំងនេះ បើយោងទៅតាមការចុះផ្សាយរបស់ The Wall Street Journal គឺដោយសារតែមានការយល់ឃើញថាផលិតផលកប្បាសទាំងនោះគឺបានមកពីការបង្ខិតបង្ខំ​​ និងការរំលោភបំពានកម្លាំងពលកម្មរបស់ ប្រជាជនមូ៉ស្លីម​​ Uyghurs ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។​ ប្រសិនបើយើងក្រឡេកមកមើលទិន្នន័យរបស់​ Centre for Strategic and International Studies​ នៃសហរដ្ឋអាមេរិកវិញ ឃើញថា​ ២២%​ នៃចរាចរកប្បាសនៅក្នុងពិភពលោកគឺមកពីប្រទេសចិន នៅក្នុង២២%នេះគឺ ៨៤%​គឺមកពីខេត្តសុីនជាំងនៃប្រទេសចិន។ ការប្រកាសមិនប្រើប្រាស់កប្បាសរបស់ចិនដោយសារតែបញ្ហាសិទ្ធិមនុស្សរបស់ជនជាតិ Uyghurs នេះបានបណ្តាលឱ្យមានកំហឹងពីប្រជាជនចិនជាច្រើនដែលជាលទ្ធផលបណ្តាលឱ្យមានតារាចិនជាច្រើនបានបញ្ឈប់ការសហការជាមួយក្រុមហ៊ុនទាំងនោះ មានការលុបចេញកម្មវិធីរបស់ហាង H&M នៅលើទូរស័ព្ទដៃ មានហាងទំនិញម៉ាកទាំងនោះប្រមាណជា​៥០០ហាងត្រូវបានលុបចេញពីលើផែនទីអេឡិកត្រូនិកពីក្នុងប្រព័ន្ធអុីនធើណិតផងដែរ។​

ការធ្វើពហិការនេះអាចនឹងបណ្តាលឱ្យមានបម្រែបម្រួលចរន្តពាណិជ្ជកម្មអន្តរជាតិនិងពាណិជ្ជកម្មក្នុងស្រុករបស់ប្រទេសចិនផងដែរ ដោយចំពោះបញ្ហាដែលពាក់ព័ន្ធទៅនឹងចរន្តពាណិជ្ជកម្មអន្តរជាតិវិញ យើងនឹងអាចឃើញមានការប្រឈមក្នុងការសម្រេចចិត្តមកវិនិយោគនៅក្នុងប្រទេសចិនពីក្រុមហ៊ុនបរទេស និងអាចប៉ះពាល់ដល់អ្នកទិញទំនិញរបស់ចិននៅក្រៅប្រទេសផងដែរ។​ បន្ទាប់ពីមានការមើលឃើញពីបម្រែបម្រួលយ៉ាងឆាប់រហ័សនៃស្ថានការណ៍ទីផ្សារនៅក្នុងប្រទេសចិននៅពេលដែលមានបញ្ហាអ្វីមួយ វាអាចបង្កទៅជាបញ្ហាប្រឈមមួយទៅដល់ការសម្រេចចិត្តរបស់អ្នកវិនិយោគបរទេសមកក្នុងប្រទេសចិន។ ពួកអ្នកវិនិយោគបរទេសអាចនឹងយល់ថាភាពមិនច្បាស់លាស់និងស្ថានការណ៍ដែលមិននឹងនរនៅក្នុងប្រទេសចិនអាចជាបញ្ហាដែលធ្វើឱ្យពួកគេមិនអាចប៉ាន់ប្រមាណនិងវាស់ស្ទង់នូវបម្រែបម្រួលដែលអាចកើតមាន នៅពេលដែលពួកគេធ្វើឱ្យប្រជាជនចិនមានការមិនពេញចិត្តដោយចេតនាឬអចេតនា ជាពិសេសនៅពេលដែលក្រុមហ៊ុនទាំងនោះគាំទ្រទៅលើរឿងអ្វីមួយដែលផ្ទុយពីគំនិតរបស់ប្រជាជនចិន។ នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនបរទេសដែលវិនិយោគនៅក្នុងប្រទេសចិនបានជួបរឿងបែបនេះ ប៉ុន្តែនៅមានក្រុមហ៊ុនបរទេសផ្សេងៗទៀតដែលធ្លាប់បានជួបប្រទះនឹងបញ្ហាដែលរសើបផ្សេងៗទាក់ទងទៅនឹងបញ្ហានយោបាយនៃប្រទេសចិនដែលមានដូចជាការប៉ះពាល់ជាមួយបញ្ហារបស់ចិននិងហុងកុងជាដើម បើយោងទៅតាមការចុះផ្សាយរបស់​​កាសែត Quartz។ ​​ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រុមហ៊ុនខ្លះចេញមុខសូមទោសជាសាធារណៈ រីឯក្រុមហ៊ុនខ្លះទៀតវិញមិនអាចបន្តឈរជើងនៅក្នុងប្រទេសចិនបាន​ទៀតផង។​​ ការលូកដៃចូលបញ្ហារសើបនេះហើយដែលអាចបង្កជាផលវិបាកដល់ក្រុមហ៊ុនបរទេសដែលចង់ចូលមកវិនិយោគនៅប្រទេសចិនបើទោះបីជាពួកគេដឹងថាចិនគឺជាទីផ្សារដ៏ធំមួយនៅក្នុងពិភពលោកក៏ដោយ។​​​​ យើងក៏មិនគួរមើលរំលងទេ ប្រសិនបើការវិនិយោគពីបរទេសមានចំនួនថយចុះនោះ ប្រទេសចិននឹងបាត់បង់ចំណូលមួយចំនួនពីការវិនិយោគបរទេសទៅតាមហ្នឹងដែរ។ ម្យ៉ាងវិញទៀត ចិនអាចនឹងជួបប្រទះនូវផលវិបាកនៅពេលអនាគតប្រសិនបើអតិថិជនរបស់ខ្លួននៅបរទេសធ្វើការតបតដោយធ្វើពហិការលើផលិតផលរបស់ចិនវិញ។ គួរបញ្ជាក់ផងដែរថា បើយោងទៅតាមទិន្នន័យរបស់ ​World’s Top Export នៅឆ្នាំ២០១៩ ប្រទេសចិនដើរតួយ៉ាងសំខាន់ក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅបរទេសដែលរួមមានអាមេរិក ជប៉ុន អឺរ៉ុប និង​កូរ៉េខាងជើងជាដើម​ ដែលមានតម្លៃសរុបស្មើនឹង ២,៤៩៩​ ទ្រីលានដុល្លាអាមេរិក។​ ដូចនេះហើយប្រសិនបើមានការប្រតិកម្មតបទៅវិញពីអ្នកទិញទំនិញរបស់ចិននៅប្រទេសជាដៃគូទាំងប៉ុន្មាននេះ ចិនអាចនឹងមានផលវិបាកដោយសារតែខ្លួនត្រូវដោះស្រាយបញ្ហានៃការនាំចេញដែលអាចឈានទៅដល់ការធ្លាក់ចុះនៃតម្លៃទំនិញផងដែរប្រសិនបើទំនិញទាំងនោះគ្មានតម្រូវការទីផ្សារ។​

ប្រសិនបើយើងក្រឡេកមកមើលជ្រុងម្ខាងទៀតនៃបញ្ហានេះវិញ យើងអាចនឹងឃើញថា ការធ្វើពហិការលើផលិតផលបរទេសទាំងប៉ុន្មានក្រុមហ៊ុននេះអាចជាឱកាសសម្រាប់ក្រុមហ៊ុននៅក្នុងស្រុកដើម្បីធ្វើការប្រកួតប្រជែងនិងរីកដុះដាលនៅពេលដែលក្រុមហ៊ុនបរទេសកំពុងតែជួបវិបត្តិផងដែរ។​ យោងទៅតាមតួលេខពី​ Kantar នៃតម្លៃម៉ាកនៃផលិតផលដែលផលិតនៅក្នុងប្រទេសចិននៅក្នុងឆ្នាំ២០១៩នោះគឺមានតម្លៃដល់ទៅ ៨៨៩,៧ ប៊ីលានដុល្លាអាមេរិក ដែលអាចបញ្ជាក់បានថានៅមានផលិតផលចិនជាច្រើនទៀតដែលរង់ចាំជំនួសដំណែងផលិតផលបរទេសទាំងនោះ។​​ ហេតុដូចនេះហើយ យើងអាចមើលឃើញថា ទោះបីជាចិនអាចមានឧបសគ្គដោយសារតែបម្រែបម្រួលចរន្តនៃការវិនិយោគពីបរទេស ចិនក៏អាចមានឱកាសនៅក្នុងការបង្កើនកម្លាំងផលិតផលក្នុងស្រុកសម្រាប់ទីផ្សាររបស់ខ្លួនផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏មន្រ្តីអ្នកនាំពាក្យនៃក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថាការធ្វើពហិការរបស់ប្រជាជនចិននេះគឺមិនមានការរៀបចំ​​ឬចូលរួមពីរដ្ឋាភិបាលចិនឡើយ។ វាគឺជាការធ្វើពហិការរបស់ប្រជាជនចិនដោយផ្ទាល់តែម្តង។ សរុបសេចក្តីមក ការធ្វើពហិការរបស់ប្រជាជនចិនទៅលើផលិតផលបរទេសនេះនឹងធ្វើឱ្យមានភាពរង្គោះរង្គើដល់បញ្ហាពាណិជ្ជកម្មរបស់ចិនជាមួយនឹងបណ្តាប្រទេសផ្សេងទៀត បើទោះបីជាវាអាចនឹងផ្ដល់ឱកាសដល់ការផលិតទំនិញក្នុងស្រុកឱ្យរីកលូតលាស់ក៏ដោយ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង