"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សមិទ្ធផលចាស់ និងទិសដៅថ្មីនៃមេដឹកនាំវៀតណាម

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត

ទិដ្ឋភាពរួម

សាធារណរដ្ឋសង្គមនិយមវៀតណាមជាប្រទេសប្រកាន់ភ្ជាប់នូវលទ្ធិកុម្មុយនីស្ដផ្ដាច់ការ ដែលអំណាចគ្រប់គ្រងរដ្ឋទាំងអស់ស្ថិតនៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ដវៀតណាម (Communist Party of Vietnam)។ ប៉ុន្តែ ប្រទេសនេះបែរជាប្រកាន់យកនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី (Free Market Economy) ក្នុងការអភិវឌ្ឍប្រទេសលើវិស័យសេដ្ឋកិច្ច–សង្គមទៅវិញ។ កន្លងមក បក្សកុម្មុយនីស្ដវៀតណាមដឹកនាំប្រទេសតាមលទ្ធិម៉ាក្សលេនីននិយម និងមនោគមវិជ្ជារបស់លោកហូជីមិញ (Ho Chi Minh) ដែលជាស្ថាបនិកបក្សមួយនេះ។ ត្បិត ពលរដ្ឋវៀតណាមគ្មានសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិចូលរួមការបោះឆ្នោតជ្រើសតាំងមេដឹកនាំដោយផ្ទាល់ក៏ដោយ យើងសង្កេតឃើញថាជារៀងរាល់ប្រាំឆ្នាំម្ដងនឹងមានការរៀបចំសមាជថ្នាក់ជាតិឡើងដើម្បីរុះរើផ្លាស់ប្ដូរដំណែងមេដឹកនាំកំពូលៗទាំងបួនរូបជារៀងរាល់អាណត្ដិ។ យើងគួរដឹងដែរថា អំណាចចាត់ចែងកិច្ចការប្រទេសជាតិវៀតណាមទាំងមូលត្រូវស្ថិតនៅលើឥស្សរជនកំពូលបួនរូបគឺ ប្រធានាធិបតីជាប្រមុខរដ្ឋ នាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាល អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម និងប្រធានរដ្ឋសភា។

ទោះបីជាវៀតណាមជាប្រទេសដែលមានមូលដ្ឋានសង្គមនិយម និងកុម្មុយនីស្ដក៏ពិតមែន ប៉ុន្តែស្ថាប័នរដ្ឋ ជាពិសេសអ្នកនយោបាយក្នុងបក្សទាំងអស់គឺត្រូវស្ថិតនៅក្រោមឥទ្ធិពលនៃច្បាប់ និងរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ដែលទាំងនេះគឺជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងនីតិរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង។ ទោះជាបែបនេះក្ដី ការអនុវត្តជាក់ស្ដែងក្នុងករណីខ្លះក៏មានការលើកលែងផងដែរ។ ឧទាហរណ៍ជាក់ស្ដែង បើយោងតាមកាសែត (The New York Times) វិន័យផ្ទៃក្នុងបក្សកុម្មុយនីស្ដវៀតណាមមិនអនុញ្ញាតឱ្យប្រមុខដឹកនាំបក្សកាន់តំណែងលើសពីពីរអាណត្តិ ឬ មានអាយុលើសពី៦៥ឆ្នាំឡើយ ប៉ុន្តែក្នុងអាណត្តិថ្មីនេះ អគ្គលេខាធិការបក្សគឺលោក ង្វៀន ហ្វូ ចុង (Nguyen Phu Trong) បានមានអាយុ៧៦ឆ្នាំទៅហើយ លើសពីនេះទៅទៀត ការឡើងកាន់ដំណែងលើកនេះគឺជាអាណត្តិទី៣របស់គាត់ទៀតផង។

នីតិវិធីនៃការបោះឆ្នោតជ្រើសតាំងមេដឹកនាំ

យោងតាមការចេញផ្សាយរបស់ទស្សនាវដ្ដី (The Diplomat) ជារៀងរាល់ប្រាំឆ្នាំម្ដង សមាជគណបក្សនឹងត្រូវបានធ្វើឡើងដោយមានសមាជិកប្រតិភូតំណាងចូលរួមប្រមាណ១៦០០នាក់ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការកណ្ដាល ឬ សមាជិកមជ្ឈឹមបក្ស (Central Committee) ចំនួន២០០រូប។ បន្ទាប់មក សមាជិកទាំង២០០រូបនោះនឹងធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកស្នូលរបស់បក្ស (Politburo) ចំនួន១៨រូប​​ ដើម្បីធ្វើការដឹកនាំ​ កសាងបក្ស និងប្រព័ន្ធនយោបាយ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ការពារសន្តិសុខជាតិ និងកិច្ចការបរទេសជាដើម។​ ដូច្នេះហើយ សមាជិកស្នូល១៨រូបនេះគឺជាក្បាលម៉ាស៊ីននាំមុខសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍប្រទេសរយៈពេលប្រាំឆ្នាំខាងមុខ។ គួរបញ្ជាក់ផងដែរថាក្នុងចំណោមសមាជិកស្នូលទាំង១៨រូបនេះ នឹងធ្វើការជ្រើសរើសមេដឹកនាំបង្គោលចំនួន៤រូប (4Pillars) ដែលមានមុខដំណែងនិងតួនាទីខុសៗគ្នារួមមាន៖ ប្រធានាធិបតី នាយករដ្ឋមន្ត្រី អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម និងប្រធានរដ្ឋសភា។

សមិទ្ធផលរបស់នាយករដ្ឋមន្ត្រីអាណត្តិទី១៤ (២០១៦២០២១)

អតីតនាយករដ្ឋមន្ត្រីក្នុងអាណត្ដិទី១៤គឺលោក ង្វៀន សួន ហ្វុក (Nguyen Xuan Phuc) គឺជាមេដឹកនាំដែលត្រូវបានសហគមន៍អន្តរជាតិកោតសរសើរនូវសមត្ថភាពដឹកនាំប្រទេសរបស់គាត់កន្លងមក ជាពិសេសនៅពីក្រោយភាពជោគជ័យនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងឆ្នាំ២០២០។ ឥស្សរជននយោបាយវ័យ៦៦ឆ្នាំរូបនេះធ្លាប់មានបទពិសោធការសិក្សា និងបម្រើការងារជាមន្ត្រីរាជការ ធ្វើការដើម្បីបក្ស បម្រើផលប្រយោជន៍រាស្រ្តជាច្រើនទសវត្សរ៍មកហើយគិតតាំងពីឆ្នាំ១៩៦៨មក។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន (The Bloomberg) លោកហ្វុក បានជួយជំរុញឱ្យសេដ្ឋកិច្ចវៀតណាមរីកលូតលាស់យ៉ាងឆាប់រហ័សរយៈពេលប្រាំឆ្នាំចុងក្រោយនេះ តាមរយៈការបង្កើតគោលនយោបាយថ្មីៗ ការធ្វើវិសោធនកម្មគោលនយោបាយចាស់ៗ ព្រមទាំងយុទ្ធសាស្រ្តនិងវិធីសាស្ត្របែងចែកថវិកាជាតិជាដើម។ ផលិតផលក្នុងស្រុកសរុប (GDP) វៀតណាមគិតត្រឹមឆ្នាំ២០១៩មានចំនួនប្រមាណ២៦២ប៊ីលានដុល្លារអាមេរិក ដែលចំនួននេះកើនឡើងជាមធ្យមប្រមាណជាង៦% គិតពីឆ្នាំ២០១៦–២០២០។ ក្នុងឆ្នាំ២០២០ ផលិតផលក្នុងស្រុកសរុបកើនឡើងវិជ្ជមានចំនួន២,៩% បើទោះបីជាសេដ្ឋកិច្ចវៀតណាមត្រូវបានវាយលុកពីជំងឺកូវីដ១៩ក៏ដោយ។

រីឯការវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment) វិញបានកើនឡើងជាលំដាប់ ដោយគិតជាមធ្យមប្រមាណ ១៤ប៊ីលានដុល្លារអាមេរិករៀងរាល់ឆ្នាំ ដោយរាប់ចាប់ពីឆ្នាំ២០១៦–២០២០ ដែលចំនួននេះកើនឡើងប្រមាណ៥ប៊ីលានដុល្លារអាមេរិកបើធៀបទៅនឹងអាណត្តិមុន (២០១១–២០១៥) ដែលមានប្រមាណ៩ប៊ីលានដុល្លារអាម៉េរិករៀងរាល់ឆ្នាំ នេះបើយោងតាមរបាយការណ៍ធនាគារពិភពលោក (World Bank)។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសវៀតណាមក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រីហ្វុក បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសដៃគូពាណិជ្ជកម្មនិងអភិវឌ្ឍន៍ដូចជា សហភាពអឺរ៉ុបនៅឆ្នាំ២០១៩ (EVFTA) អង់គ្លេសនៅចុងឆ្នាំ២០២០​ (UKVFTA)។ គួររំលឹកផងដែរថា វៀតណាមក៏បានចុះកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីផ្សេងៗទៀតដូចជា សហរដ្ឋអាមេរិកនៅឆ្នាំ២០០១ (U.S.-Vietnam BTA) ជប៉ុននៅឆ្នាំ២០០៩ (VJEPA)  កូរ៉េខាងត្បូងនៅចុងឆ្នាំ២០១៥ (VKFTA) ផងដែរ។ កិច្ចព្រមព្រៀងទាំងនោះគឺសុទ្ធសឹងតែដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ពួកគេបន្ថែមទៀតនៅក្នុងវិស័យ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេវាកម្មធនាគារ និងអេឡិកត្រូនិក ព្រមទាំងពង្រឹងទំនាក់ទំនងការទូតផងដែរ។ យើងអាចសន្និដ្ឋានបានថា ប្រទេសវៀតណាមគឺជាជម្រើសទីផ្សារវិនិយោគរបស់អន្តរជាតិ និងក្រុមហ៊ុនយក្សមួយចំនួន ដោយផ្អែកទៅលើកត្តាខាងលើ និងកត្តាប្រជាជន ដែលមានរហូតដល់ទៅប្រមាណ៩៧លាននាក់ក្នុងឆ្នាំ២០២០ រួមទាំងកត្តាស្ថិរភាពនយោបាយ កត្តាបន្ធូរបន្ថយច្បាប់រឹតបន្តឹងការវិនិយោគនិងជំនួញពាណិជ្ជកម្ម ព្រមទាំងកត្តាភូមិសាស្ត្រនយោបាយផងដែរ។​

បើយោងតាមធនាគារពិភពលោក អត្រាភាពក្រីក្រត្រូវបានធ្លាក់ចុះមកត្រឹមតែក្រោម ៦%ប៉ុណ្ណោះគិតត្រឹមឆ្នាំ២០១៨ ចំណែកឯអត្រាអ្នកគ្មានការងារធ្វើវិញជារៀងរាល់ឆ្នាំមានជាមធ្យមប្រមាណ៥,៦% គិតត្រឹមឆ្នាំ ២០១៦–២០២០។ ក្នុងរបាយការណ៍សុភមង្គលពិភពលោកឆ្នាំ២០២០ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី៧៩ ក្នុងចំណោម១៤៩ប្រទេស។ បើធៀបនឹងប្រទេសសមាជិកអាស៊ានវិញ ពលរដ្ឋវៀតណាមមានស្ថានភាពនិងជីវភាពល្អប្រសើរជាងប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ កម្ពុជា និងមីយ៉ាន់ម៉ាជាដើម។ បើផ្អែកទៅលើសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយ (Corruption Perception Index) ប្រទេសវៀតណាមទទួលបានពិន្ទុកើនឡើង៣ពិន្ទុគិតចាប់ពី ៣៣ពិន្ទុនៅឆ្នាំ២០១៦ និង៣៦ពិន្ទុនៅឆ្នាំ២០២០។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា មេដឹកនាំវៀតណាមទាំងបួនរូបជាពិសេសអគ្គលេខាធិការបក្សលោក ង្វៀន ហ្វូ ចូវ (Nguyen Phu Trong) បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលុបបំបាត់អំពើពុករលួយជាពិសេសអំពើពុករលួយផ្ទៃក្នុងបក្ស។

ក្រៅពីរឿងសេដ្ឋកិច្ចនិងទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេស យើងក៏គួរក្រឡេកទៅមើលបញ្ហាសិទ្ធិមនុស្សនិងសុខមាលភាពប្រជាជនអំឡុងពេលប្រាំឆ្នាំចុងក្រោយនេះវិញម្ដង។ យោងតាមរបាយការណ៍របស់អង្គការភាពជាដៃគូថវិកាអន្តរជាតិ (International Budget Partnership) ពិន្ទុនៃតម្លាភាពក្នុងប្រទេសវៀតណាមបានកើនឡើងចំនួន២៣ពិន្ទុ គិតចាប់ពី ១៥ពិន្ទុនៅឆ្នាំ២០១៧ កើនដល់ ៣៨ពិន្ទុនៅឆ្នាំ២០១៩។ នេះបង្ហាញឱ្យឃើញថារដ្ឋាភិបាលវៀតណាមក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ង្វៀន សួន ហ្វុក បានមានការបើកចំហជាងមុនចំពោះព័ត៌មានដល់សាធារណជនក្នុងការដឹងឮនូវបញ្ហាថវិកាជាតិ ដំណើរការអនុម័ត និងអនុវត្តច្បាប់ និងផែនការអភិវឌ្ឍន៍ប្រទេសជាតិជាដើម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី១៧៥ក្នុងចំណោម១៨០នៅលើពិភពលោក។

ចក្ខុវិស័យនៃរដ្ឋាភិបាលអាណត្ដិថ្មី (២០២១–២០២៦)

យោងតាមប្រភពព័ត៌មានក្នុងស្រុក ផ្ដើមចាប់ពីថ្ងៃទី២៤​ ខែមីនា ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋសភាជាតិនីតិកាលទី១៤នៃប្រទេសវៀតណាមដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលបានបើកកិច្ចប្រជុំដើម្បីតែងតាំងមេដឹកនាំជាន់ខ្ពស់ទាំងបួនរូបជាផ្លូវការ និងធ្វើកិច្ចពិភាក្សាពីផែនការអភិវឌ្ឍន៍ និងគោលនយោបាយរយៈពេលប្រាំឆ្នាំខាងមុខ។ ការជ្រើសតាំងមេដឹកនាំកំពូលទាំងបួនរូបនោះរួមមាន៖ ប្រធានាធិបតីលោក ង្វៀន សួន ហ្វុក (Nguyen Xuan Phuc)  នាយករដ្ឋមន្ត្រីលោក ហ្វាំ មិញ ជិញ (Pham Minh Chinh) អគ្គលេខាធិការបក្សលោក ង្វៀន ហ្វូ ចូវ (Nguyen Phu Trong) និងប្រធានរដ្ឋសភាលោក វឿង ឌិញ ហឹយ (Vuong Dinh Hue)។

លោក ហ្វាំ មិញ ជិញ (Pham Minh Chinh) ជានាយករដ្ឋមន្ត្រីថ្មីវ័យ៦២ឆ្នាំ ថែមទាំងមានប្រវត្តិសិក្សាបញ្ចប់ថ្នាក់បណ្ឌិតផ្នែកច្បាប់ ព្រមទាំងមានប្រវត្តិការងារមិនតិចជាង៣០ឆ្នាំផងនោះ​ បានធ្វើឱ្យសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំងថាតើលោកនឹងប្រើយុទ្ធសាស្ត្រដឹកនាំប្រទេសវៀតណាមបែបណា? យោងតាមប្រភពព័ត៌មានក្នុងស្រុក (The Voice of Vietnam) បានលើកឡើងនូវសម្ដីរបស់លោកនាយករដ្ឋមន្ត្រីក្នុងពិធីស្បថឡើងកាន់តំណែងថា »វាគឺជាការសំខាន់ក្នុងការបន្តកសាងរដ្ឋសង្គមនិយមដែលគ្រប់គ្រងដោយច្បាប់និងនៃប្រជាជន ដោយប្រជាជននិងសម្រាប់ប្រជាជន ព្រមទាំងប្រកាន់ខ្ជាប់នូវនីតិរដ្ឋ។» ទោះជាយ៉ាងណាក៏ដោយ ការបើកទំព័រដំបូងនៃរដ្ឋាភិបាលអាណត្ដិថ្មីនេះគឺយន្តការប្រយុទ្ធប្រឆាំងជាមួយសត្រូវលាក់មុខនោះគឺជំងឺកូវីដ១៩។ យន្តការទាំងនោះរួមមាន ការផ្អាកយកពន្ធបន្ដោះអាសន្ន ការផ្ដល់កញ្ចប់ថវិកាសម្រាប់ជនរងគ្រោះពីជំងឺកូវីដ១៩ ការស្វះស្វែងរកទិញវ៉ាក់សាំងដើម្បីចាក់បង្ការឱ្យបានឆាប់បំផុត ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងយន្តការផ្សេងៗជាច្រើនទៀត។

បន្ថែមលើសពីនេះ លោកនាយករដ្ឋមន្រ្តីជិញក៏បានសន្យាជំរុញការប្រយុទ្ធប្រឆាំងដាច់ខាតនឹងអំពើពុករលួយដែលជាការបំផ្លាញឱ្យខូចប្រយោជន៍ជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល (Digital Economy) ការការពារឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងធានាការពារសន្តិសុខជាតិ ច្បាប់ និងសណ្ដាប់ធ្នាប់។ ទស្សនៈរបស់លោកជិញ ចំពោះទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ និងក្រៅតំបន់វិញ លោកពិតជាមនុស្សដែលមានការយល់ដឹងស៊ីជម្រៅ មានភាពបត់បែន និងឱ្យតម្លៃសាមគ្គីភាពនិងមិត្តភាព ដោយគិតប្រយោជន៍ជាតិជាធំ។ តួយ៉ាង បើយោងទៅតាមប្រភពព័ត៌មានក្នុងស្រុក (Vietnamnet Global) លោកជិញយល់ឃើញថា ទោះបីជាវៀតណាមមានទំនាស់ព្រំដែនជាមួយប្រទេសជិតខាង(ចិន)ក្ដី ប៉ុន្តែវាមិនមានន័យថាមិនអាចមានទំនាក់ទំនងដូចជាការដោះដូរទំនិញពាណិជ្ជកម្មបាននោះទេ។ ការធ្វើជំនួញជាមួយគ្នាត្រូវមានភាពបត់បែនគ្រប់កាលៈទេសៈដើម្បីជៀសវាងការប៉ះទង្គិចបង្កជាទំនាស់ និងដើម្បីរក្សានូវមិត្តភាពជាដរាប។

សរុបមក ថ្វីបើវៀតណាមជាប្រទេសកាន់លទ្ធិកុម្មុយនីស្ដ សង្គមនិយម ប៉ុន្តែមេដឹកនាំតែងតែត្រូវបានផ្លាស់ប្ដូរស្ទើរាល់អាណតិ្ដតាមរយៈការបោះឆ្នោតជ្រើសតាំងដោយផ្អែកលើសមត្ថភាព ចំណេះជំនាញ និងបទពិសោធ។ ក្នុងនោះដែរ ក៏ពង្រឹងការអនុវត្ដច្បាប់ដែលប្រជាជននិងមន្ត្រីរាជការស្ថិតនៅក្រោមវិន័យនិងច្បាប់ ជាជាងស្ថិតនៅក្រោមបុគ្គលណាមួយ។ ប្រទេសនឹងមានការបើកទូលាយលើវិស័យសេដ្ឋកិច្ច និងមានគោលនយោបាយ ទិសដៅអភិវឌ្ឍន៍សង្គមច្បាស់លាស់ក្នុងការដឹកនាំប្រទេសទៅរកភាពរីកចម្រើន ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងក្នុងតំបន់ និងមានមុខមាត់លើឆាកអន្តរជាតិ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ធា សុណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង