"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ព្រែកជីកស៊ុយអេ ការឆ្លងកាត់ព្យុះភ្លៀងភូមិសាស្ត្រនយោបាយ និងអនាគតមិនអាចស្មានបាន

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

ព្រែកជីកស៊ុយអេ(Suez Canal) គឺជាច្រកទ្វារសមុទ្រដ៏សំខាន់មួយដែលភ្ជាប់ទ្វីបអឺរ៉ុប និងអាស៊ីដែលបង្កើតបានជាស្នាមឆ្នូតមួយផ្ដាច់ផ្ទាំងទ្វីបអាហ្វ្រិកពីអាស៊ីត្រង់ចន្លោះដីទ្វីបរវាងសមុទ្រមេឌីទែរ៉ាណេ(Mediterranean Sea) និងសមុទ្រក្រហម(Red Sea)របស់ប្រទេសអេហ្ស៊ីប។ ផ្លូវនាវាចរដ៏មមាញឹក សម្រាប់ពិភពលោកមួយនេះ បានផ្ដល់ច្រកទ្វារឆ្លងកាត់សមុទ្រក្នុងចម្ងាយខ្លីបំផុតដែលចំណាយពេលតិច  ព្រមទាំងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនទំនិញ ការធ្វើជំនួញតាមផ្លូវសមុទ្រ និងដំណើរការសេដ្ឋកិច្ចសកលផងដែរ។

ព្រឹត្តិការណ៍ថ្ងៃទី២៣ មីនា ២០២១ កន្លងទៅថ្មីៗ បានបង្កភាពភ្ញាក់ផ្អើលដល់ពិភពលោក ព្រមទាំងធ្វើឱ្យមានការកកស្ទះលើផ្លូវនាវាចរនៃព្រែកជីកស៊ុយអេដែលបណ្តាលមកពីការជាប់គាំងរបស់នាវាដឹកទំនិញខ្នាតយក្ស Ever Given ។ ដំណើរកកស្ទះការដឹកជញ្ជូនតាមផ្លូវទឹកមួយនេះ តែប៉ុន្មានថ្ងៃសោះ ធ្វើឱ្យនាវាជាច្រើនសម្រេចចិត្តត្រូវប្ដូរទិសដៅវាងទៅជុំវិញទីក្រុងខេបថោន(Cape Town)នៃប្រទេសអាហ្វ្រិកខាងត្បូងវិញ បើទោះបី ត្រូវធ្វើឱ្យមានភាព យឺតយ៉ាវ និងត្រូវពន្យារពេលលើកដាក់ទំនិញ និងដែលអាចនាំឱ្យតម្លៃទំនិញឡើងថ្លៃយ៉ាងណាក៏ដោយ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ច ក៏បានប៉ាន់ប្រមាណដែរថា ការរាំងខ្ទប់ផ្លូវដឹកជញ្ជូននេះ មានតម្លៃជាទឹកប្រាក់ ៤០០លានដុល្លារអាមេរិកក្នុងមួយម៉ោង សម្រាប់សេដ្ឋកិច្ចសកល។ សូមបញ្ជាក់ថា ស៊ុយអេ ជាផ្លូវទឹកពាណិជ្ជកម្មភ្ជាប់ទ្វីបអាស៊ីនិងអឺរ៉ុបយ៉ាងខ្លីបំផុត ដែលជាមធ្យមមាននាវាប្រមាណជា៥០គ្រឿងបរឆ្លងកាត់ទៅមកក្នុងមួយថ្ងៃ ដែលស្មើនឹង ១២% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូលជារៀងរាល់ឆ្នាំ។ ក្នុងនោះដែរក៏មានការរាប់បញ្ចូល ៧‌% នៃនាវាដឹកប្រេងពិភពលោកដែលបានផ្ដល់សេវា ១/១០ ដល់ការផ្គត់ផ្គង់ប្រេងប្រចាំថ្ងៃ។

ប្រការទាំងនេះ នាំឱ្យយើងអាចមើលឃើញថា អ្វីជាដំណើរការសេដ្ឋកិច្ចសកល និងថាតើច្រកផ្លូវទឹកតូចមួយអាចផ្ដល់សារសំខាន់កម្រិតណា! ប្រសិនបើគ្មានវាតើនឹងអាចប៉ះពាល់បែបណា ដល់ដំណើរការសេដ្ឋកិច្ច?

ប្រវត្តិដំណើរការព្រែកជីកស៊ុយអេ

ក្នុងសម័យអាណានិគម ការធ្វើដំណើរតាមផ្លូវសមុទ្រ ពិតជាសំខាន់ដល់កិច្ចការរុករក ដឹកជញ្ជូនវត្ថុធាតុដើមពីដែនដីថ្មី ព្រមទាំងសម្រាប់ការធ្វើជំនួញក្រៅដែនដីជាដើម សម្រាប់ពិភពអឺរ៉ុប។ ក្នុងការគ្រប់គ្រងតំបន់កំពង់ផែទីក្រុងខេបថោន(Cape Town)ប្រទេសអាហ្វ្រិកខាងត្បូង ចក្រភពអង់គ្លេសបង្កើតបានជាតំបន់រដ្ឋបាល និងជាទីសំចតសម្រាប់រាល់ក្រុមអ្នកដើរសំពៅ ឬកប៉ាល់ធ្វើជំនួញផ្លូវសមុទ្រនិងក្រុមប្រទេសម្ចាស់អាណានិគមទាំងឡាយត្រូវឆ្លងកាត់ផ្លូវសមុទ្រនេះ និងដើម្បីភ្ជាប់ដំណើរទៅកាន់ដែនដីទ្វីបអាស៊ី។

រហូតមកដល់ពាក់កណ្ដាលទសវត្សឆ្នាំ១៨០០ ប្រទេសបារាំង ក្នុងរជ្ជកាលអធិរាជណាប៉ូឡេអុងទី៣(Napoleon III) បានផ្ដួចផ្ដើមគំនិតជីកទម្លុះដីទ្វីប ដែលជាច្រកផ្លូវឧបសគ្គខ្លីបំផុតមួយរាំងខណ្ឌនៅចន្លោះសមុទ្រមេឌីទែរ៉ាណេ(Mediterranean Sea) និងសមុទ្រក្រហម(Read Sea) ព្រមទាំងបាន ចុះហត្ថលេខា លើកិច្ចព្រមព្រៀងទទួលសិទ្ធិ ដើម្បីជីកដីធ្វើព្រែកឆ្លងកាត់តំបន់នៃប្រទេសអេហ្ស៊ីប ដែលកាលនោះប្រទេសនេះ ស្ថិតក្រោមការត្រួតត្រារបស់ចក្រភពអូតូម៉ង់(Ottoman Empire)។ ដំណើរការសាងសង់ក៏ត្រូវបានចាប់ផ្ដើមឡើងក្នុងឆ្នាំ១៨៥៩ និងចំណាយពេល១០ឆ្នាំ ដើម្បីបញ្ចប់ ដោយត្រូវបានប្រើកម្លាំងមនុស្សដោយផ្ទាល់ប្រមាណ ១,៥ លាននាក់។

ទីបំផុតផ្លូវនាវាចរ កាត់ត្រង់ភ្ជាប់អឺរ៉ុបមកកាន់អាស៊ីថ្មីមួយ ដោយប្រើរយៈពេលខ្លីជាងមុន ប្រវែង ១៩៣គីឡូម៉ែត្រ ត្រូវបានប្រសូតរូបរាងឡើងក្នុងឆ្នាំ១៨៦៩ នោះគឺព្រែកជីកភ្ជាប់សមុទ្រដែលគេប្រសិទ្ធនាមថា «ស៊ុយអេ»។ យ៉ាងណាក៏ដោយ សមិទ្ធផលនេះជាវិធីសាស្ត្រជោគជ័យមួយក្នុងសម័យបដិវត្តឧស្សាហកម្មនាសម័យកាលនោះ ប៉ុន្ដែការដាក់ដំណើរការលើកដំបូងនៃព្រែកជីកនេះ គឺសម្រាប់តែកប៉ាល់ធុនតូចប៉ុណ្ណោះ ដោយជម្រៅព្រែកកាលនោះមានប្រវែងជាង ៧ម៉ែត្រ ឯផ្ទៃមុខកាត់ទទឹងផ្នែកខាងលើមានប្រវែងជាង ៦០ ទៅ ៩០ម៉ែត្រ និងស្ដួចទៅផ្នែកខាងក្រោមមានប្រវែងជាង២១ម៉ែត្រ។

ក្នុងឆ្នាំ១៨៧៥ ដោយបានឃើញអំពីអត្ថប្រយោជន៍ នៃទីតាំងភូមិសាស្ត្រថ្មី ចក្រភពអង់គ្លេសបានក្លាយជាចំណែកម្ចាស់ភាគហ៊ុនធំជាងគេនៃក្រុមហ៊ុនព្រែកជីកស៊ុយអេ(Canal Suez Company) ក្នុងការអភិវឌ្ឍព្រែកជីកនេះឱ្យបានកាន់តែប្រសើរឡើងបន្ទាប់ពីខ្លួនបានទិញភាគហ៊ុនរបស់អភិបាលអូតូម៉ង់ថ្មីនៃប្រទេសអេហ្ស៊ីប។ ៧ឆ្នាំក្រោយមក ចក្រភពអង់គ្លេសបានចាប់ផ្ដើមចូលឈ្លានពាន ប្រទេសអេហ្ស៊ីប ហើយបានកាន់កាប់ប្រទេសនេះ ក្នុងរយៈពេលដ៏យូរក្រាស់ក្រែល។ សន្ធិសញ្ញាអង់គ្លេសអេហ្ស៊ីបនៅឆ្នាំ១៩៣៦ បានផ្ដល់ឯករាជ្យឱ្យអេហ្ស៊ីប ប៉ុន្ដែការគ្រប់គ្រងព្រែកជីកនៅស្ថិតក្រោមក្រុមហ៊ុនអង់គ្លេសនៅឡើយ។

វិបត្តិព្រែកជីក ឈានដល់ការបិទដំណើរការ និងការបើកឡើងវិញ

ត្បិតថាព្រែកជីកស៊ុយអេស្ថិតក្នុងដែនដីអេហ្ស៊ីបក៏ពិតមែន ប៉ុន្ដែភាគច្រើនច្រកនេះស្ថិតក្រោមការត្រួតត្រាគ្រប់គ្រងរបស់ក្រុមហ៊ុនអង់គ្លេស និងបារាំងរហូតមក។ ក្នុងឆ្នាំ១៩៥៦ អេហ្ស៊ីបក្រោមការដឹកនាំរបស់លោក Gamal Abdel Nasser បានសម្រេចធ្វើជាតូបនីយកម្មលើដំណើរការរបស់ព្រែកជីកស៊ុយអេ ដែលបង្វិលក្រុមហ៊ុនសហគ្រាស ឬសាខាផលិតកម្មនៃកម្មសិទ្ធិឯកជនឱ្យទៅជារបស់រដ្ឋ។ ការប្រជែងដណ្ដើមគ្នាគ្រប់គ្រងធ្វើម្ចាស់នៃតំបន់ច្រកទ្វារភូមិសាស្ត្រដ៏មានសក្ដានុពលមួយនេះ បាននាំឱ្យវិបត្តិប្រឈមមុខដាក់គ្នាបានផ្ទុះកើតឡើង។ ក្រោមហេតុផលជម្លោះជាច្រើន សង្គ្រាមបានផ្ទុះឡើង រវាងអេហ្ស៊ីប ទល់នឹងកងទ័ពបារាំង អង់គ្លេស  ព្រមទាំងអ៊ីស្រាអែល ដែលជាប្រទេសជាប់ព្រំដែនធ្លាប់មានជម្លោះនឹងអេហ្ស៊ីបមិនចេះចប់ស្រាប់ផង។ ក្នុងសង្គ្រាមកាលនោះ ប្រទេសអ៊ីស្រាអែល បានដណ្ដើមកាន់កាប់ដែនដីឧបទ្វីបស៊ីណៃ(Sinai Peninsula) ដែលជាប់ផ្នែកម្ខាងនៃព្រែកជីកស៊ុយអេផងដែរ។  ការណ៍នេះនាំឱ្យតំបន់ព្រែកជីកស៊ុយអេ បានក្លាយទៅជាទីលានសមរភូមិនៃសង្គ្រាមជាច្រើនចន្លោះចុងទសវត្សឆ្នាំ១៩៦០ ដល់ពាក់កណ្ដាលទសវត្សឆ្នាំ១៩៧០ និងត្រូវបានបិទសកម្មភាពដំណើរការអស់ជិតមួយទសវត្ស។

ងាកមកប្លុកមហាអំណាចទាំងពីរសហរដ្ឋអាមេរិកនិងអតីតសហភាពសូរៀតវិញ បើទោះកំពុងស្ថិតក្នុងឥទ្ធិពលនៃសង្គ្រាមត្រជាក់ក៏ដោយ កាលនោះ ប្លុកទាំងពីរនេះហាក់មានភាពស៊ីចង្វាក់គ្នាលើសេចក្ដីប្រឆាំងទៅលើវិបត្តិសង្គ្រាមព្រែកជីកស៊ុយអេ។ អាមេរិកមិនបានចូលរួមគាំទ្រសង្គ្រាមរបស់សម្ព័ន្ធមិត្តរបស់ខ្លួនទេ ឯអតីតសហភាពសូវៀត ដែលជាម្ចាស់ជំនួយដ៏ធំពីក្រោយអេហ្ស៊ីប បានគំរាមប្រើគ្រាប់បែកបរិមាណូ បើប្រទេសទាំងបីមិនព្រមដកទ័ពចេញពីអេហ្ស៊ីប ថែមទាំងមានបទអន្តរាគមន៍ពីសំណាក់អង្គការសហប្រជាជាតិផងដែរ។ ទីបំផុតកងទ័ព បារាំង អង់គ្លេស និងអ៊ីស្រាអែល បានដកចេញពីតំបន់ព្រែកជីក និងប្រទេសអេហ្ស៊ីបជាបន្ដបន្ទាប់។ ការចរចាដើម្បីរកសន្តិភាពពីគ្រប់ភាគីពាក់ព័ន្ធបានកើតមានឡើង ព្រមទាំងបានបើកដំណើរការសកម្មភាពព្រែកជីកស៊ុយអេសារឡើងវិញ ក្នុងឆ្នាំ១៩៧៥។

គ្រោងការបស់អាមេរិក ក្នុងការប្រើគ្រាប់បែកនុយក្លែអ៊ែរ ដើម្បីបង្កើតផ្លូវទឹកថ្មី

ក្នុងឆ្នាំ១៩៦៣ គ្រោងការលែងសម្ងាត់ដែលស្មានមិនដល់មួយរបស់សហរដ្ឋអាមេរិក គឺផែនការចង់បង្កើតព្រែកជីកមានកម្រិតទឹកស្មើនឹងសមុទ្រ(Sea-Level Canal) ភ្ជាប់សមុទ្រមេឌីទែរ៉ាណេទៅនឹងសមុទ្រក្រហម ដូចគ្នានិងទន្ទឹមគ្នានឹងព្រែកជីកស៊ុយអេលើដែនដីវាលខ្សាច់ប្រទេសអ៊ីស្រាអែល សម្រាប់ជាផ្លូវសមុទ្រផ្ទាល់របស់ពួកគេ។ តាមផែនការ ដើម្បីបង្កើតព្រែកជីកនោះគឺត្រូវប្រើគ្រាប់បែបរិមាណូចំនួន ៥២០ ដើម្បីដាក់បំផ្ទុះ។ គម្រោងនោះ អាមេរិកចង់បង្ហាញឱ្យឃើញ និងបានបញ្ជាក់ថា គោលគំនិតនាពេលនោះ គឺធ្វើយ៉ាងណាបង្កើតនូវផ្លូវទឹកយុទ្ធសាស្ត្រថ្មីមួយទៀត ដែលអាចជំនួសឱ្យព្រែកជីកស៊ុយអេក្នុងពេលអនាគតបាន ព្រមទាំងជាយុទ្ធសាស្ត្រមួយអាចជួយអភិវឌ្ឍ និងចែកចាយផលចំណេញសេដ្ឋកិច្ចដ៏ល្អប្រសើរ សម្រាប់ប្រទេសក្នុងតំបន់ផងដែរ។ យ៉ាងណាមិញ ផែនការមិនបានចេញជាផ្លែផ្លាដូចការគ្រោងទុក និងអ៊ីស្រាអែលក៏បានឆ្លើយតបទៅគម្រោងការដោយបង្ហាញជំហរជំទាស់ក្រោមហេតុផលមិនចាំបាច់បង្កើតព្រែកជីកថ្មីទេ ហើយក៏ថែមទាំងដណ្ដើមយកបានព្រែកជីកស៊ុយម្ខាងក្នុងសង្គ្រាមទៀតផង។

ប្រសិនបើគ្មានព្រែកជីកស៊ុយអេ តើនឹងមានអ្វីកើតឡើង?

មុនពេលមានព្រែកជីកស៊ុយអេ ដំណើរការធ្វើពាណិជ្ជកម្ម ជំនួញ សេដ្ឋកិច្ច និងការដឹកទំនិញតាមផ្លូវសមុទ្រពីអឺរ៉ុបមកកាន់ដែនដីប្រទេសទ្វីបអាស៊ី ចាំបាច់ត្រូវប្រើពេលធ្វើដំណើរវែងឆ្ងាយស្ទើរព័ទ្ធជុំវិញផ្ទាំងទ្វីបអាហ្រិ្វកដែលថែមទាំងប្រកបដោយគ្រោះថ្នាក់។

សម្រាប់សព្វថ្ងៃ ព្រែកជីកស៊ុយអេពិតជាបានសម្រួលនិងជាអំណោយផលច្រើនដល់សេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយសកល ក៏ប៉ុន្ដែព្រែកជីកស៊ុយអេ មិនមែនជាច្រកផ្លូវសមុទ្រតែមួយគត់ក្នុងលោកឡើយ។ ក្នុងពិភពប្រកួតប្រជែងជំនួញពាណិជ្ជកម្មសកលដ៏មមាញឹកនៃសម័យបច្ចេកវិទ្យាទំនើបជឿនលឿនសព្វថ្ងៃសម្រាប់ដំណើរការដែលអាចសម្រួលដល់ពិភពលោក ងាយនឹងកើតមានឡើង ប្រសិនបើ មានតម្រូវចាំបាច់។ ជាឧទាហរណ៍ គ្រោងការបង្កើតព្រែកជីកថ្មី លើទឹកដីអ៊ីស្រាអែល របស់អាមេរិកជាដើម ទោះបីជាមិនបានជោគជ័យកាលគ្រានោះក៏ដោយ។

ចំណែកប្រទេសម្ចាស់ព្រែកជីកផ្ទាល់ អេហ្ស៊ីបព្រមជាមួយប្រទេសក្នុងតំបន់ សុទ្ធសឹងបានចំណេញអត្ថប្រយោជន៍ដោយផ្ទាល់និងដោយប្រយោលរៀងខ្លួន ទាំងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម និងនយោបាយយ៉ាងក្រាស់ក្រែល។ ទោះយ៉ាងណាក៏ដោយ ដំណើរការព្រែកជីកពិតជាដើរតួយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច នយោបាយ ទាំងប្រទេសក្នុងតំបន់ និងពិភពលោក។  ហើយដើម្បីបញ្ចៀសបញ្ហាជម្លោះដែលធ្លាប់កើតមានពីអតីត សន្និបាតរួមមួយនៃដំណើរការព្រែកជីកស៊ុយអេ បានសន្មតថា ព្រែកជីកស៊ុយអេជាច្រកផ្លូវបើកចំហដល់នាវាធ្វើជំនួញពីគ្រប់ប្រទេសក្នុងពិភពលោកទាំងអំឡុងពេលសន្តិភាព និងមានសង្គ្រាមក៏ដោយ។

សរុបមកវិញ ក្នុងមេរៀនប្រវត្តិសាស្ត្រព្រែកជីកស៊ុយអេអាចឱ្យយើងមើលឃើញត្រឡប់វិញថា តំបន់ភូមិសាស្ត្រនយោបាយមួយនេះ តែងតែស្រូបទាញជម្លោះអន្តរជាតិ មិនត្រឹមតែបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញអំណាចនៃឥទ្ធិពលគ្របដណ្ដប់ និងមហិច្ឆតារបស់ប្រទេសមហាអំណាចធំៗ ហើយបញ្ហាទាំងនេះនៅតែបន្តជះឥទ្ធិពលមកដល់សព្វថ្ងៃ។ ជាក់ស្ដែងសហរដ្ឋអាមេរិកតែងផ្ដល់ទឹកប្រាក់ជាជំនួយយោធា ១,៤ ប៊ីលានដុល្លារ ដល់អេហ្ស៊ីបរៀងរាល់ឆ្នាំ បើទោះអេហ្ស៊ីបមិនមែនប្រទេសប្រកាន់របបប្រជាធិបតេយ្យ និងមានបញ្ហាសិទ្ធិមនុស្សក៏ដោយ។ ហេតុផលសំខាន់មួយក្នុងចំណោមផ្សេងទៀត ដែលនៅពីក្រោយជំនួយរបស់អាមេរិក គឺអេហ្ស៊ីបមានព្រែកជីកស៊ុយអេនិងជាសម្ព័ន្ធមិត្តដែលប្រៀបបាននឹងកូនសោក្នុងតំបន់មជ្ឈិមបូព៌ា ហើយក៏ជាក្រុមប្រទេសផលិតប្រេងដ៏ធំរបស់ពិភពលោក។ លើសពីនេះ ប្រទេសចិនដែលជាមហាអំណាចប្រជែងឥទ្ធិពលនឹងអាមេរិកក៏ពង្រីកឥទ្ធិពលគោលនយោបាយ អំណាចគ្រប់គ្រង មហិច្ឆតា របស់ខ្លួនលើភូមិសាស្ត្រសំខាន់មួយនេះ ដែលក្នុងនោះក៏មានគម្រោង «ផ្លូវមួយខ្សែក្រវាត់មួយ(Belt and Road Initiative)» ដោយបានតភ្ជាប់ចូលឆ្លងកាត់តំបន់ព្រែកជីកនេះផងដែរ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ លោក រ៉ាត់ ទី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង