គិតចាប់តាំងពីកូវីដ១៩បានលុកលុយសួតពិភពលោកនៅឆ្នាំ២០២០ ឥណ្ឌាបានក្លាយជាប្រទេសដែលផុងខ្លួនធ្លាក់នៅក្នុងវិបត្ដិកូវីដ១៩ខ្លាំងជាគេបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។ យោងតាមរបាយការណ៍របស់ John Hopkins Coronavirus Resource Centre ឥណ្ឌាបានស្គាល់នូវការស្រាកស្រាន្ដករណីឆ្លងចាប់ពីខែកញ្ញាឆ្នាំ២០២០រហូតមកដល់អំឡុងខែមីនា។ ការធ្លាក់ចុះនៃករណីឆ្លងនេះក៏ត្រូវបានរដ្ឋមន្រ្តីសហភាពសុខាភិបាល (Union Health Minister) ថា ឥណ្ឌាបានឆ្លងផុតកូវីដ១៩ដោយជោគជ័យកាលពីខែមីនាកន្លងទៅនេះ។ លោករដ្ឋមន្ត្រីថ្លែងមិនទាន់បានប៉ុន្មានសប្ដាហ៍ផង ករណីកូវីដ១៩នៅឥណ្ឌាបានកើនឡើងដូចទឹកបាក់ទំនប់ ដែលចំនួនឆ្លងរលកលើកទីពីរនេះកើនលើសរលកលើកទី១យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតខ្វះកន្លែងនិងឧបករណ៍ព្យាបាល ហើយឥណ្ឌាបានវារដាច់ប្រទេសប្រេស៊ីលលើករណីឆ្លងកូវីដ១៩សរុបច្រើនជាងគេ និងក្លាយជាប្រទេសដែលមានករណីឆ្លងថ្មីច្រើនជាងសហរដ្ឋអាមេរិកទៀត ពោលគឺករណីឆ្លងថ្មីច្រើនជាងគេទូទាំងពិភពលោក។
តើអ្វីទើបធ្វើឱ្យរលកទី២នៅឥណ្ឌាខ្លាំងដូចស៊ូណាមិបែបនេះ?
មូលហេតុចម្បងទីមួយនោះគឺរដ្ឋាភិបាលឥណ្ឌាបានប្រកាន់វិធានការធូររលុងលើការគ្រប់គ្រងករណីឆ្លងថ្មី ដោយសារគេយល់ឃើញថាឥណ្ឌាបានឆ្លងផុតកូវីដ១៩ហើយ។ ឥណ្ឌាលែងរឹតត្បិតលើការជួបជុំ ហើយមានសកម្មភាពសេដ្ឋកិច្ចនិងសង្គមដូចកាលពីគ្មានកូវីដ១៩ដែលធ្វើឱ្យប្រជាជនភាគច្រើនភ្លេចពីវត្ដមានកូវីដ១៩ ទោះបីជាករណីថ្មីនៅបន្តមានប៉ុន្តែមានចំនួនធ្លាក់ចុះ។ យោងតាមការចេញផ្សាយរបស់ The National Geographic លោកប្រធានាធិបតី Narendra Modi មិនបានប្រុងប្រយ័ត្នទៅនឹងរលកទីពីរនេះទេ ទោះបីជាមានការព្រមានថាឥណ្ឌានឹងមានរលកលើកទីពីរតាមរយៈការរកឃើញមានសមាសភាពមេរោគបម្លែងខ្លួនថ្មីជាច្រើនកាលពីខែមករាកន្លងទៅនេះ។ ជាមួយគ្នានេះដែរ លោកប្រធាន Public Health Foundation of India ក៏បានសារភាពថា “ពួកយើងបានទម្លាក់ការប្រុងប្រយ័ត្នទាំងស្រុង ដោយគិតថាកូវីដ១៩ត្រូវបានបិទបញ្ចប់នៅខែមករា ហើយអ្នកតាមដានអង្កេតការនិងគ្រប់គ្រងកូវីដ១៩ក៏បានជិះសេះលែងដៃដែរ”។
មូលហេតុចម្បងទីពីរនោះគឺមានកម្មវិធីសង្គមដូចជាសកម្មភាពនយោបាយនានា ពិធីមង្គលការ បុណ្យទាន និងជាពិសេសគឺការជួបជុំប្រារព្ធពិធីសាសនាដែលមានមនុស្សម្នាណែនណាន់តាន់តាប់និងមិនបានគោរពវិធានការការពារខ្លួន។ អ្នកជំនាញទាំងក្នុងស្រុកនិងក្រៅស្រុកបានរិះគន់លើវិធានការរបស់រដ្ឋាភិបាលដែលបណ្ដោយឱ្យមានកម្មវិធីជួបជុំ និងសកម្មភាពដែលមានហានិភ័យខ្ពស់នៃការចម្លងមេរោគនៅក្នុងសហគមន៍។ យោងតាមការចេញផ្សាយរបស់ VOA បន្ទាប់ពីករណីបានធ្លាក់ចុះ មានមនុស្សយ៉ាងច្រើនអ្នកបានប្រមូលផ្ដុំគ្នាជួបជុំធ្វើសកម្មភាពនយោបាយដែលធ្វើឡើងដើម្បីប្រកួតប្រជែងការបោះឆ្នោត។ មិនតែប៉ុណ្ណោះ នៅដើមខែមេសាគឺជាខែដែលសំបូរបុណ្យទាន ដែលក្នុងនោះអ្នកកាន់សាសនាហិណ្ឌូ (Hindus) និងស៊ីគ្ហ (Sikhs) បានជួបជុំគ្នាប្រារព្ធបុណ្យចូលឆ្នាំថ្មី។ ជាមួយគ្នានេះដែរ នៅតំបន់ Haridwar ក៏មានពិធីសាសនាមួយនៅទន្លេ Ganges ដែលមនុស្សរាប់លាននាក់បានផឹកទឹកទន្លេម្នាក់បន្តិចនិងងូតទឹកនៅក្នុងទន្លេ ដោយសារគេជឿថាទឹកទន្លេនោះគឺជាទឹកមន្ដលាងសម្អាតបាបកម្មនិងជួយជញ្ចៀសចង្រៃ។ យោងតាមរបាយការណ៍របស់អាជ្ញាធរនៅតំបន់ Haridwar បានរកឃើញករណីឆ្លងចេញពីមនុស្សចូលរួមពិធីសាសនានោះយ៉ាងច្រើនពាន់នាក់ជាបន្តបន្ទាប់។
មូលហេតុចម្បងទីបីនោះមេរោគបម្លែងថ្មីជាច្រើនកំពុងតែចរាចរនៅឥណ្ឌា។ មេរោគបម្លែងថ្មីដែលកំពុងយាយីនៅឥណ្ឌាជាងគេមានឈ្មោះថា “B.1.617” ដែលមេរោគនេះមានការបម្លែងខ្លួនទ្វេដង។ យោងតាមការចេញផ្សាយរបស់ NPR អំបូរមួយនៃការបម្លែងរបស់មេរោគ B.1.617 គឺមកពីរដ្ឋ California នៅសហរដ្ឋអាមេរិក និងកាត់អំបូរជាមួយមេរោគបម្លែងខ្លួននៅអាហ្វ្រិកខាងត្បូងនិងប្រេស៊ីល។ តាមការស្រាវជ្រាវបឋមរបស់មជ្ឈមណ្ឌល Cell មេរោគបម្លែងថ្មីនេះមានសមត្ថភាពឆ្លងលឿនជាងអំបូរមុនរបស់វា។ ដោយសារខ្លាចមេរោគបម្លែងថ្មីឥណ្ឌានេះ ប្រទេសមួយចំនួនបានបិទការហោះហើរជាមួយឥណ្ឌា ដែលក្នុងនោះមានប្រទេសនូវែលសេឡង់ ប្រទេសកាណាដា ហុងកុង ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក ប្រទេសសឹង្ហបុរី ប្រទេសកម្ពុជា ជាដើម។ ការបិទនេះក៏ដោយសារតែអ្នកមានធនធានជាច្រើនបាននាំគ្នាសម្រុកចេញពីឥណ្ឌាតាមរយៈយន្ដហោះឯកជនទៅប្រទេសនៅតំបន់អឺរ៉ុប តំបន់មជ្ឃឹមបូព៌ា និងតំបន់សមុទ្រឥណ្ឌាឱ្យបានមុនការហាមប្រាម។ យ៉ាងណាមិញ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បច្ចុប្បន្ននេះមេរោគប្រភេទ B.1.617 បានមកដល់ប្រទេសចំនួន១៧រួចទៅហើយ។
ភាពវឹកវរនៅប្រទេសឥណ្ឌា
បច្ចុប្បន្ន ឥណ្ឌាមានករណីឆ្លងថ្មីចំនួនមិនក្រោម ៣ សែនករណីជារៀងរាល់ថ្ងៃ។ ប្រព័ន្ធបណ្ដាញសង្គមនៅឥណ្ឌាបានប្រកាសសុំជំនួយគ្រប់ពេល ហើយមន្ទីរពេទ្យខ្វះឧបករណ៍សង្គ្រោះ ជាពិសេសគឺបំពង់អុកស៊ីសែន។ អ្នកជំងឺជាច្រើននាក់បានសម្រាកនៅមុខបរិវេណពេទ្យដើម្បីរង់ចាំនិងកំពុងព្យាបាល ដោយខ្លះបានសម្រាកនៅក្នុងរថយន្ដនិងរឺម៉កកង់បី ខ្លះក្រាលកន្ទេលនៅលើដី និងខ្លះក៏បានស្លាប់នៅមុខបរិវេណមន្ទីរពេទ្យតែម្ដងទាំងមិនទាន់ទទួលការព្យាបាល។ កន្លែងបូជាសពអ្នកជំងឺកូវីដ១៩ត្រូវធ្វើយ៉ាងបណ្ដាក់គ្នា និងដោយហេតុតែកន្លែងបូជាដុតមិនទាន់ សពជាច្រើនត្រូវបានបូជានៅវាលខាងក្រៅយ៉ាងអាណោចអាធ័មដោយមានអូសប៉ុន្មានដុំនិងរុំក្រណាត់ស។
បញ្ហាចម្បងធំមួយទៀតនោះគឺកង្វះបំពង់អុកស៊ីសែន ដែលស្ថានភាពអ្នកជំងឺកូវីដ១៩យ៉ាងច្រើនត្រូវពឹងផ្អែកលើអុកស៊ីសែនដើម្បីរស់ ដូចជាត្រីមិនអាចខ្វះទឹកសម្រាប់ដកដង្ហើម។ កង្វះបំពង់អុកស៊ីសែននេះ បានធ្វើឱ្យតម្រូវការកើនខ្ពស់ ដែលជាហេតុធ្វើឱ្យតម្លៃបំពង់អុកស៊ីសែនឡើងថ្លៃ។ ជនឆ្លៀតឱកាសមួយចំនួនបានលួចលក់បំពង់និងម៉ាស៊ីនអុកស៊ីសែនក្នុងតម្លៃថ្លៃនៅផ្សារងងឹត។ យោងតាមការចេញផ្សាយរបស់ BBC បំពង់អុកស៊ីសែន ៥០ លីត្រតម្លៃទូទៅតែ៨០ដុល្លារអាមេរិក ប៉ុន្តែនៅផ្សារងងឹតតម្លៃ ៦៦០-១.៣៣០ ដុល្លារអាមេរិក។ ចំណែកឯម៉ាស៊ីនអុកស៊ីសែនវិញ តម្លៃទូទៅតែ ៣៣០-៩៣០ ដុល្លារអាមេរិក ប៉ុន្តែនៅផ្សារងងឹតវិញតម្លៃ ២០០០-២.២៦០ ដុល្លារអាមេរិក។
ជារួម សោកនាដកម្មនៅឥណ្ឌានាពេលបច្ចុប្បន្ននេះគឺជាសុបិនដ៏អាក្រក់ដែលប្រទេសទូទាំងពិភពលោកមិនចង់ឱ្យកើតឡើងនៅក្នុងប្រទេសខ្លួនឡើយ។ មេរៀនឥណ្ឌានេះគឺជាបទពិសោធន៍សម្រាប់មនុស្សទូទាំងពិភពលោកថា មនុស្សអាចភ្លេចកូវីដ១៩ ប៉ុន្តែដរាបណាដែលកូវីដ១៩នៅមាននៅលើពិភពលោក កូវីដ១៩នឹងមិនភ្លេចយើងទេទោះបីជាស្ថិតិបានឱ្យសញ្ញាណវិជ្ជមាននៅក្នុងប្រទេសក៏ដោយ។ ម្យ៉ាងវិញទៀត យើងក៏គួរកត់សម្គាល់ថា អ្នកជំនាញជាច្រើនបានព្រមានពីការបម្លែងថ្មីនៃមេរោគកូវីដ១៩ប្រសិនបើមានអ្នកឆ្លងគ្នាច្រើនមិនអាចទប់ស្កាត់ច្រវ៉ាក់ចម្លងបានភ្លាមៗ ដែលនេះក៏ជាមូលហេតុដែលត្រូវបង្កើតសហគមន៍មួយដែលមានប្រព័ន្ធស៊ាំតាមរយៈការចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលាចៀសវាងកុំឱ្យមានមេរោគបម្លែងថ្មីខ្លាំងជាងវ៉ាក់សាំង។