ពិភពលោកកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស និងកំពុងធ្វើដំណើរឈានឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់។ ពីមួយទសវត្សទៅមួយទសវត្ស ស្តង់ដានៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សលោកមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង បដិវត្តន៍នៃការប្រើប្រាស់រូបិយវត្ថុគឺផ្ដើមចេញពី ការដោះដូររវាងទំនិញជាមួយទំនិញ (Barter System) ទៅជាការប្រើប្រាស់សំបកខ្យងសមុទ្រ (Cowry Shell) និងវិវត្ដដល់ការប្រើប្រាស់ប្រាក់កាក់ (Minted Coin) រហូតមកដល់ការប្រើប្រាក់ក្រដាស (Cash) ដូចដែលយើងបានប្រើប្រាស់ប្រចាំថ្ងៃនេះ។
យ៉ាងណាមិញ សព្វថ្ងៃនេះក៏បានលេចចេញនូវរូបរាងរូបិយវត្ថុបែបថ្មីដែលគេឱ្យឈ្មោះថា Crypto-currency ដែលមានលក្ខណៈជាប្រាក់ឌីជីថល (digital money)។ ក្រៅពីការផ្ដល់ភាពងាយស្រួលបន្ថែមមកកាន់អ្នកប្រើប្រាស់ជាទូទៅ ភាពទំនើបនៃចរាចរណ៍រូបិយវត្ថុរួមមានតាមរយៈប្រព័ន្ធធនាគារនិងប្រព័ន្ធអ៊ីនធឺណិតផ្ទាល់ជាដើមក៏បានធ្វើឱ្យពួកឱកាសនិយមនៃជនទុច្ចរិត បានប្រើប្រាស់ប្រព័ន្ធទំនើបទាំងអស់នេះក្នុងការប្រព្រឹត្តបទឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (Financial Crime) ដែលស្មើនឹងទំហំជាទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ យោងតាម អង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (International Criminal Police Organization) បានបង្ហាញថាវត្តមាននៃ Crypto-currency ដូចជា Bitcoin ជាដើម បានធ្វើឱ្យឧក្រិដ្ឋកម្មហិរញ្ញវត្ថុធ្លាក់ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរជាពិសេស ការលាងលុយកខ្វក់ឱ្យក្លាយទៅជាលុយស្អាត ឬលុយស្របច្បាប់។
តើអ្វីជាការសំអាតប្រាក់ ឬការលាងលុយខ្មៅ?
បើយោងតាមអនុសញ្ញាអង្គការសហប្រជាជាតិនៅទីក្រុងវីយែនឆ្នាំ១៩៨៨ ក្នុងមាត្រា៣ បានចែងពាក់ព័ន្ធនឹងការសំអាតប្រាក់ថាជា៖ »ការផ្លាស់ប្ដូរឬផ្ទេរទ្រព្យសម្បត្តិទាំងដែលខ្លូនដឹងថាទ្រព្យនោះបានមកពីអំពើល្មើសច្បាប់ទាំងឡាយ ក្នុងគោលបំណងលាក់បាំង ឬក្លែងបន្លំប្រភពដើមនៃទ្រព្យសម្បត្តិនោះ ឬការជួយជនណាដែលជាប់ពាក់ព័ន្ធនឹងបទល្មើសដើម្បីជៀសផុតពីផ្លូវច្បាប់នៃសកម្មភាពរបស់ជននោះ»។ គួរដឹងដែរថាលុយខ្មៅ ឬលុយកខ្វក់គឺសំដៅទៅលើលុយដែលបានមកពីការប្រព្រឹតិ្តបទល្មើសដូចជាការជួញដូរគ្រឿងញៀន ការរត់ពន្ធទំនិញខុសច្បាប់ ការជួញដូរមនុស្ស អំពើពុករលួយ និងការសំអាតប្រាក់ជាដើម។
យោងតាមការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) បានបែងចែកដំណើរការសំអាតប្រាក់ជាបីដំណាក់កាល៖ ដំណាក់កាលទី១ Placement គឺជាការដាក់លុយកខ្វក់ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់។ ដំណាក់កាលទី២ Layering គឺជាការបង្វិល ការដក និងការដាក់លុយសារចុះសារឡើងដោយវិធីសាស្ត្រផ្សេងៗ។ ដំណាក់កាលទី៣ Integration គឺជាការយកលុយដែលដកបានពីគណនេយ្យស្របច្បាប់ទាំងនោះ ទៅប្រើប្រាស់ក្នុងសកម្មភាពដូចជា ការវិនិយោគទៅក្នុងក្រុមហ៊ុនធំៗ ការធ្វើសកម្មភាពសប្បុរសធម៌ និងការទិញទ្រព្យសម្បត្តិទុកជាដើម។
ទិដ្ឋភាពនៃការអនុវត្តច្បាប់ប្រឆាំងការសំអាតប្រាក់កន្លងមក
បើយោងតាមការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) ទំហំទឹកប្រាក់ចំនួនប្រមាណពី ៨០០ប៊ីលានទៅ ២ទ្រីលានដុល្លាអាមេរិកត្រូវបានលាងសំអាតទៅជាលុយស្របច្បាប់ជារៀងរាល់ឆ្នាំ ដែលចំនួននេះស្មើនឹង ២% ទៅ ៥%នៃផលិតផលក្នុងស្រុកសរុបសកល។ រយៈពេលជាងមួយទសវត្សមកនេះ ក្រុមហ៊ុនយក្សមួយចំនួនដូចជា Citigroup, JPMorgan Chase, Wachovia, Standard Chartered, HSBC, Danske Bank, ING, Deutsche Bank, Commerzbank និង Commonwealth Bank of Australia ត្រូវបានពិន័យជាទឹកប្រាក់សរុបប្រមាណជាង៩ប៊ីលានដុល្លារអាមេរិក ដោយបានជាប់ពាក់ព័ន្ធជាមួយឧក្រិដ្ឋកម្មហិរញ្ញវត្ថុ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bloomberg។
ចំណែកឯការចំណាយទៅលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មមួយនេះវិញ ក៏មានតម្លៃខ្ពស់គួរឱ្យកត់សម្គាល់។ យោងតាមរបាយការណ៍ LexisNexis (២០១៧) ប្រទេសរួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលី ស្វ៊ីស និង ហូឡង់បានចំណាយទឺកប្រាក់ប្រមាណ៨៣,៥ប៊ីលានដុល្លាអាមេរិកជារៀងរាល់ឆ្នាំក្នុងការអនុវត្តច្បាប់ប្រឆាំងការសំអាតប្រាក់។ ការចំណាយទាំងអស់នេះគឺធ្វើទៅលើ កម្មវិធីត្រួតពិនិត្យសកម្មភាពដែលគួរឱ្យសង្ស័យ ការស៊ើបអង្កេតនិងវិភាគរបាយការណ៍បច្ចេកទេស កម្មវិធីKnow Your Customer (KYC) ផ្នែកគ្រប់គ្រង និងប្រាក់ខែបុគ្គលិកជំនាញនិងបុគ្គលិកទូទៅជាដើម។
ហេតុអ្វីបទល្មើសសំអាតប្រាក់ពិបាកទប់ស្កាត់?
ការសំអាតប្រាក់គឺជាឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តឡើងយ៉ាងសម្ងាត់ ដែលនាំឱ្យរដ្ឋាភិបាលនៃប្រទេសនានាពិបាកក្នុងការដោះស្រាយ ដោយសារតែវាមិនដូចទៅនឹងឧក្រិដ្ឋកម្មហិង្សាដែលស្ដែងចេញឱ្យឃើញផ្ទាល់នឹងភ្នែកនោះទេ។ យោងតាមការចេញផ្សាយរបស់កាសែត The Economist បានបញ្ជាក់អំពីកត្តាធំៗចំនួនបីដែលធ្វើឱ្យប្រទេសនៅលើពិភពលោកលំបាកដោះស្រាយបញ្ហានេះដែលមានដូចជា៖
– កត្តាទីមួយគឺកង្វះតម្លាភាពរវាងស្ថាប័នធនាគារនិងភាគីរដ្ឋាភិបាល រួមទាំងភាគីអន្តរធនាគារ ដែលធ្វើឱ្យក្រុមអ្នកជំនាញស៊ើបអង្កេតពិបាកកំណត់អត្តសញ្ញាណជនល្មើស ហើយពេលខ្លះទៀត ក៏មានការលាក់បាំងពីម្ចាស់គ្រប់គ្រងធនាគារផងដែរ។ លើសពីនេះ ធនាគារសិប្បនិមិត្តខ្លះ (Shell Bank) គ្រាន់តែបង្កើតឡើងដើម្បីបំភាន់ភ្នែកសាធារណៈជន និងអាជ្ញាធរពីការធ្វើសាវនកម្ម (Audit) ហើយលបលួចប្រតិបត្តិការលាងលុយខុសច្បាប់តែប៉ុណ្ណោះ។
– កត្តាទីពីរគឺកង្វះកិច្ចសហការរវាងធនាគារក្នុងស្រុកជាមួយធនាគារក្រៅស្រុក និងរវាងអន្តររដ្ឋាភិបាលពីប្រទេសមួយទៅប្រទេសមួយ។ ដំណើរការយុទ្ធសាស្ត្រនៃការលាងលុយខ្មៅរបស់ឧក្រិដ្ឋជនមានភាពស្មុកស្មាញ ពិបាកក្នុងការតាមដាន ដែលករណីខ្លះត្រូវបានធ្វើឡើងឆ្លងកាត់ពីធនាគារមួយទៅធនាគារមួយទៀត ពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត ជាពិសេសប្រទេសដែលមានអភិបាលកិច្ចទន់ខ្សោយ និងការអនុវត្តច្បាប់ធូររលុង។ ម្យ៉ាងវិញទៀត ច្បាប់ស្តីពីការការពារទិន្នន័យ (Data Protection Law) ក៏ជាឧបសគ្គមួយក្នុងការចែករំលែកនូវទិន្នន័យឯកជនរបស់បុគ្គលរវាងរដ្ឋមួយជាមួយរដ្ឋមួយទៀត រវាងធនាគារនិងរដ្ឋាភិបាលជាដើម។
– កត្តាទីបីគឺកង្វះធនធាន ជាពិសេសកង្វះថវិកាគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ដល់ទីភ្នាក់ងារប្រយុទ្ធប្រឆាំងប្រភេទឧក្រិដ្ឋកម្មហិរញ្ញវត្ថុមួយនេះ ដើម្បីធ្វើការវិភាគលំអិតទៅលើរបាយការណ៍ធនាគារយ៉ាងច្រើនដែលមានប្រតិបត្តិការគួរឱ្យសង្ស័យ។ រដ្ឋាភិបាលនៃប្រទេសភាគច្រើនមានភាពមមាញឹកខ្លាំងក្នុងការលើកកម្ពស់អភិបាលកិច្ចក្នុងស្រុក ដែលជាទូទៅ ការបែងចែកថវិកាជាតិទៅលើគម្រោងអភិវឌ្ឍន៍ប្រទេសជាតិគឺផ្ដោតទៅលើវិស័យផ្សេងៗជាអាទិភាពដូចជា វិស័យអប់រំ សេដ្ឋកិច្ច សង្គមកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងវិស័យការពារជាតិ ជាជាងផ្ដោតលើការប្រយុទ្ធប្រឆាំងបទល្មើសលាងលុយខុសច្បាប់។
ប្រទេសក្រីក្រដែលកំពុងអភិវឌ្ឍន៍ ហើយដែលមានស្ថេរភាពនយោបាយរង្គោះរង្គើ តែងតែជាតំបន់គោលដៅនៃការលាងលុយរបស់ឧក្រិដ្ឋជន ដូចជាប្រទេស អាហ្វហ្កានីស្ថាន ឡាវ មីយ៉ាន់ម៉ា ម៉ូសំប៊ិក ហៃទី និងកេនយ៉ាជាដើម នេះបើយោងតាមរបាយការណ៍ Basel Institute on Governance។ ទោះជាយ៉ាងណា ប្រទេសអភិវឌ្ឍន៍ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដូចជា ចិន អេមីរ៉ាតអារ៉ាប់រួម កាតា និង ថៃ ក៏ស្ថិតក្នុងស្ថានភាពពិបាកក្នុងការទប់ស្កាត់បទល្មើសនេះផងដែរ។
តួអង្គសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសំអាតប្រាក់
គោលការណ៍ជាសកលក្នុងការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ដែលបានដាក់ចេញដោយក្រុមការងារហិរញ្ញវត្ថុ FATF ត្រូវបានគេហៅកាត់ថា AML (Anti-Money Laundering) គឺជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសជាសមាជិកទាំង៣៧ប្រទេសដែលក្នុងនោះមានមហាអំណាចធំៗដូចជា អាមេរិក កាណាដា ចិន រុស្ស៊ី អូស្រ្តាលី ជប៉ុន អង់គ្លេស ឥណ្ឌា បារាំង និងអាល្លឺម៉ងជាដើម។ លើសពីនេះទៀត ក៏មានស្ថាប័នអន្តរជាតិជាដៃគូរសហការផងដែរដូចជា អង្គការសហប្រជាជាតិ(UN) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារអភិវឌ្ឍន៍អន្តរអាមេរិក (IDB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (APG) ធនាគារអភិវឌ្ឍន៍អាហ្វ្រិក (AFDB) និង ធនាគារកណ្តាលអឺរ៉ុប (ECB) ជាដើម។
តួអង្គទាំងអស់នេះមានតួនាទីសំខាន់ណាស់ក្នុងការជួយជំរុញឱ្យបណ្ដាប្រទេសទាំងអស់បង្កើតឡើងនូវច្បាប់ប្រឆាំងការសំអាតប្រាក់ និងធ្វើការសហការយ៉ាងជិតស្និតជាមួយធនាគារក្នុងស្រុកក៏ដូចជាគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុផ្ដល់ប្រាក់កម្ចីផ្សេងៗ។ ជាក់ស្ដែង គ្រប់ប្រទេសទាំងអស់គឺសុទ្ធតែមានច្បាប់ស្ដីពីការប្រឆាំងការសំអាតប្រាក់ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភនោះគឺប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់នោះ។ បើយោងតាមរបាយការណ៍វាយតម្លៃរបស់ FATF រយៈពេល៨ឆ្នាំកន្លងមកនេះ (២០១៤–២០២១) ឃើញថាប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ប្រឆាំងការសំអាតប្រាក់នៅមានកម្រិតទាបនៅឡើយចំពោះប្រទេសមួយចំនួនដូចជា កូរ៉េខាងជើង អ៊ីរ៉ង់ អាល់បានី បុតស្វាណា ហ្កាណា អ៊ីស្លង់ ម៉ុងហ្គោលី មីយ៉ាន់ម៉ា ស៊ីរី និង ប៉ាគីស្ថានជាដើម។
សរុបសេចក្ដីមក សង្គ្រាមទប់ស្កាត់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុមួយនេះនៅតែបន្ត បើទោះបីជាការអនុវត្តយន្តការជាក់ស្ដែងមិនសូវមានប្រសិទ្ធិភាព និងទទួលបានលទ្ធផលតិចតួចក៏ដោយ។ បញ្ហាចម្បងដែលមេដឹកនាំនៃបណ្ដាប្រទេសនៅលើពិភពត្រូវទុកជាអាទិភាពគឺការចូលរួមកិច្ចសហការគ្នាជាធ្លុងមួយក្នុងការតាមដានសកម្មភាពជនល្មើសយ៉ាងប្រកៀកប្រកិត ព្រោះឧក្រិដ្ឋកម្មប្រភេទនេះអាចប្រព្រឹត្តទៅបានពីប្រទេសមួយទៅមួយ តាមប្រព័ន្ធពហុធនាគារដោយប្រើយុទ្ធសាស្ត្រនិងប្រតិបត្តិការស្មុកស្មាញខ្លាំង។ ម៉្យាងវិញទៀត អំពើពុករលួយ អំពើគប់គិត និងកង្វះតម្លាភាពអាចជាបញ្ហាបន្ទាប់ដែលត្រូវដោះស្រាយ បើពុំនោះទេ ឧក្រិដ្ឋកម្មនេះនឹងនៅបន្តគំរាមកំហែងដល់ប្រព័ន្ធចរាចរណ៍រូបិយវត្ថុជាតិនិងអន្តរជាតិ រហូតដល់ដំណាក់កាលមួយដែលកាន់តែពិបាកទប់ស្ដាត់និងគ្រប់គ្រង។