"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើផ្តាច់ការនិយមនិងកុម្មុយនីស្ដនិយមខុសគ្នាដោយរបៀបណា?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា គង់ រដ្ធាវី

នៅឆ្នាំ១៨៤៨ លោក កាល់ ម៉ាក្ស (Kal Marx)និង លោក ហ្វ្រីឌ្រិច អេងហ្គេល (Friedrich Engels )ដែលជាសេដ្ឋវិទូនិងទស្សនវិទូជនជាតិអាល្លឺម៉ង់ បានបោះពុម្ពសៀវភៅមួយក្បាលដែលមានចំណងជើងថា “The Communist Manifesto”។ នៅក្នុងសៀវភៅនេះបានអំពាវនាវឱ្យវណ្ណៈកម្មករងើបឡើងបះបោរដើម្បីប្រឆាំងនឹងពួកមូលធននិយម ដែលមានបាវចនាថា «ពិភពលោកនៃវណ្ណៈកម្មករទាំងឡាយ សូមរួបរួមគ្នា» ។ នៅឆ្នាំ១៩១៧ លោក វ្លាឌីមែរ​ លេនីន(Vladimir Lenin) ដែលជាមនុស្សម្នាក់ត្រូវបានគេចាត់ទុកថាជាអ្នកដើរតាមមាគ៌ារបស់ កាល់ ម៉ាក្ស បានដឹកនាំការធ្វើបដិវត្តន៍ដណ្តើមអំណាចមួយដើម្បីផ្តួលរំលំអំណាចរាជានិយមនៅក្នុងប្រទេសរុស្ស៊ី​ ហើយរដ្ឋាភិបាលកុម្មុនីសផ្តាច់ការក៏ចាប់ផ្តើមមានវត្តមានលើកដំបូងគេតាំងពីពេលនោះឯង។ នៅក្នុងអំឡុងពេលកាន់អំណាច លោក លេនីន បានសម្លាប់មនុស្សជាច្រើន ជាពិសេសមន្ត្រីរបស់ស្តេចហ្សា និងមានការបង្កើតជំរុំការងារសម្រាប់អ្នកទោសសង្គ្រាម និងកងប៉ូលីសឈ្លប់​ផងដែរ ដែលជាបច្ច័យនាំឱ្យមានភាពភាន់ច្រឡំគ្នានិងចម្រូងចម្រាស់រវាងគំនិតដើមរបស់កុម្មុយនីស្ដម៉ាក្ស និងកុម្មុយនីស្ដផ្តាច់ការរបស់លេនីន។ ជាក់ស្តែង រវាងប្រព័ន្ធនយោបាយផ្តាច់ការនិងកុម្មុយនីស្ដដោយច្រើន​ ពួកគេយល់ថាប្រព័ន្ធទាំងពីរមានចរិតលក្ខណៈតែមួយនិងដូចគ្នា មានន័យថា​​​​ «ឱ្យតែកុម្មុយនីស្ដដឹងតែផ្តាច់ការ ហើយផ្តាច់ការដឹងតែកុម្មុយនីស្ដ»។ នៅក្នុងអត្ថបទនេះនឹងធ្វើការបកស្រាយទៅលើសំណួរចំនួនពីរដែលអាចធ្វើឱ្យប្រិយមិត្តអ្នកអានយល់ច្បាស់ពីភាពផ្សេងគ្នានៃផ្តាច់ការនិងកុម្មុយនីស្ដ?

តើអ្វីទៅគឺជាកុម្មុយនីស្ដ?

លទ្ធិកុម្មុយនីស្ដគឺជាប្រព័ន្ធនយោបាយមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចង់បានសង្គមដែលគ្មានវណ្ណៈ​​ មានន័យថា គឺជាសង្គមដែលគ្មានឡើយអ្នកមាននិងអ្នកក្រ គឺមានតែសមូហភាពប៉ុណ្ណោះ។ កុម្មុយនីស្តម៉ាក្ស ផ្តោតសំខាន់ទៅលើការជិះជាន់ ឬក៏កេងចំណេញនៃវណ្ណៈកម្មករ​ (The exploitation of worker) ដែលមានន័យថា កម្មករជាអ្នកដែលបង្កើត ឬនាំឱ្យមានផលប្រយោជន៍ ប៉ុន្តែប្រយោជន៍ទាំងអស់នោះបែរជាបានទៅពួកពាណិជ្ជករទៅវិញ ដែលនេះគឺជាទម្រង់នៃវិសមភាពសង្គមហើយគួរតែត្រូវបានបោះបង់ចោល។

ដូច្នេះដើម្បីឱ្យសង្គមដែលគ្មានវណ្ណៈអាចកើតមានឡើងទៅបាន ល្គឹកណាតែធ្វើវិទង្សនាចោលនូវ​មូលធនឯកជនចោលទាំងអស់ ហើយប្តូរទៅជារបស់រួមដែលមធ្យោបាយផលិតកម្មគ្រប់យ៉ាង ដូចជា រោងចក្រ កសិដ្ឋាន ដី ជំនួញ សំណង់ អណ្តូងរ៉ែ និងមធ្យោបាយដឹកជញ្ជូន និងការប្រាស្រ័យទាក់ទងគ្នាផ្សេងៗ គឺស្ថិតនៅក្រោមកម្មសិទ្ធិនិងការគ្រប់គ្រងរបស់សាធារណៈជន (Public ownership)។ លើសពីនេះ នៅក្នុងសង្គមកុម្មុយនីស្ដ រូបិយប័ណ្ណគឺត្រូវបានកម្ទេចចោល ហើយកម្រៃត្រូវបានបែងចែកក្នុងចំណោមពលរដ្ឋស្មើៗគ្នាដោយយោងទៅតាមតម្រូវការរបស់បុគ្គលម្នាក់ៗ ​​ដែលនេះជាហេតុនាំឱ្យគ្មាននូវគម្លាតមិនស្មើគ្នានៃប្រាក់ចំណូល ហើយជាពិសេសនោះ ការលុបបំបាត់ចំណូលការប្រាក់និងប្រាក់ចំណេញឯកជនធ្វើឱ្យប្រព័ន្ធចែកចាយទ្រព្យសម្បត្តិមានលក្ខណៈត្រឹមត្រូវនិងយុត្តិធម៌។ ពិសេសជាងនេះ នៅក្នុងប្រព័ន្ធកុម្មុយនីស្ដ រដ្ឋមានទំនួលខុសត្រូវនៅក្នុងការផ្តល់ការងារនិងសំណងផ្សេងៗទៅតាមសមត្ថភាពរបស់បុគ្គលរាងៗខ្លួន។

ជាប្រវត្តិសាស្ត្រ យើងឃើញថាមានប្រទេសមួយចំនួន ដូចជា ចិន វៀតណាម សហភាពសូវៀត និងគូបា ព្យាយាមបង្កើតរបៀបរបនៃកុម្មុយនីស្ដមួយថ្មីដែលខុសពីទម្រង់ដើមរបស់ កាល់ ម៉ាក្ស ដែលទម្រង់ទាំងអស់នេះវាមិនមែនជាប្រព័ន្ធនៃកុម្មុយនីស្ដនោះទេ ប៉ុន្តែជាប្រព័ន្ធនៃសង្គមនិយម។ ភាពខុសគ្នានៃសង្គមនិយមនិងកុម្មុយនីស្ដនោះគឺ ជាទូទៅ នៅក្នុងសង្គមកុម្មុយនីស្ដ គ្មានឡើយលុយ រូបិយប័ណ្ណនិងភាពជាម្ចាស់ឬក៏ឯកជនភាពនោះទេ ហើយបុគ្គលម្នាក់ៗអាចទទួលបានប្រយោជន៍សង្គមទៅតាមតម្រូវការនិងធ្វើការងារទៅតាមលទ្ធភាពដែលគេអាចធ្វើបាន។ ចំណែកឯសង្គមនិយមផ្តោតជាសំខាន់ទៅលើភាពស្មើគ្នានៃការចែករំលែកផលប្រយោជន៍និងទ្រព្យសម្បត្តិជាដើម។

និយាយរួម ក្នុងការសម្រេចបាននូវលទ្ធិកុម្មុយនីស្ដមួយនេះគឺមានភាពលំបាក ហើយបើយើងក្រឡេកទៅមើលប្រវត្តិសាស្ត្រ យើងឃើញថាគ្មានប្រទេសណាមួយដែលសម្រេចបាននូវមនោគមន៍វិជ្ជាមួយនេះនោះទេ។ លើសពីនេះ ការប្រឹងប្រែងនាំប្រជាជាតិមួយឆ្ពោះទៅរករដ្ឋកុម្មុយនីស្ដនឹងនាំឱ្យមាននូវសោកនាដកម្ម ប្រល័យពូជសាសន៍  អំពើពុករលួយ និងវិសមភាពកើតមានឡើងលើសមុនទ្វេរដង ដោយសារតែប្រជាជនត្រូវបានពួកអ្នកមានអំណាចបង្ខំឱ្យធ្វើការច្រើននិងលើសពីអ្វីដែលពួកគេទទួលបាន។

តើអ្វីទៅគឺជាផ្តាច់ការនិយម?

យោងតាម Encyclopaedia-Britannica បានឱ្យនិយមន័យពាក្យ ផ្តាច់ការនិយមថា គឺជាទម្រង់នៃរដ្ឋាភិបាលមួយដែលត្រូវបានដឹកនាំឬក៏គ្រប់គ្រងដោយមនុស្សម្នាក់ដែលមនុស្សនោះមានអំណាចលើសលប់ទៅលើស្ថាប័នរដ្ឋទាំងឡាយនៅក្នុងប្រទេស ។ លើសពីនេះ របបផ្តាច់ការ គ្រប់គ្រងដោយមនុស្សម្នាក់ដោយគ្មានការត្រួតពិនិត្យនិងតុល្យភាពអំណាចរបស់គាត់នោះទេ។ មេដឹកនាំផ្តាច់ការធ្វើសេចក្តីសម្រេចចិត្តជាឯកតោភាគីដែលជះឥទ្ធិពលដល់ប្រទេសទាំងមូល ដោយមិនចាំបាច់ពិគ្រោះជាមួយស្ថាប័នណាផ្សេងទៀតនៃរដ្ឋាភិបាលនោះឡើយ នោះក៏ព្រោះតែមិនមានស្ថាប័នរដ្ឋាភិបាលណាផ្សេងទៀតដែលមិនត្រូវបានគ្រប់គ្រងដោយជនផ្តាច់ការនោះទេ។ ជាធម្មជាតិនៃជនផ្តាច់ការគឺមិនឡើងកាន់អំណាចដើម្បីជាប្រយោជន៍ដល់ប្រជាជាតិរបស់ពួកគេនោះឡើយ ទោះបីជាពួកគេអះអាងជាទូទៅថាដើម្បីប្រជាតិទាំងមូលក៏ដោយ។ ពួកគេដណ្តើមអំណាចដើម្បីផ្តល់ផលប្រយោជន៍ដល់ពួកគេ គ្រួសារនិងសម្ព័ន្ធមិត្តនយោបាយជិតស្និទ្ធរបស់ពួកគេ។

មេដឹកនាំផ្តាច់ការអាចឡើងមកកាន់អំណាចបានដោយមធ្យោបាយពីរយ៉ាង។ មធ្យោបាយទី១គឺ តាមរយៈការធ្វើបដិវត្តន៍ ឧទាហរណ៍ មេដឹកនាំផ្តាច់ការមួយចំនួន ដូចជា​ លោក​ ម៉ៅ សេទុង​ ជាដើម ទទួលបានអំណាចគ្រប់គ្រងក្នុងប្រទេសចិន គឺជាលទ្ធផលនៃបដិវត្តន៍។ ជាក់ស្តែង បន្ទាប់ពីបដិវត្តន៍ឆ្នាំ១៩៤៩ ប្រជាជនចិនបានប្រគល់អំណាចឱ្យលោកប្រធានម៉ៅដើម្បីគ្រប់គ្រងប្រទេស។ មធ្យោបាយទី២គឺតាមរយៈការប្រើប្រាស់កងទ័ព (Military force) ដើម្បីជាឈ្នាន់សម្រាប់ខ្លួនទទួលបាននូវអំណាច។ ​ នៅឆ្នាំ១៩៧៣ មេដឹកនាំផ្តាច់ការ លោក អូហ្គូសតូ ពិណូជិត(Augusto Pinochet) បានគ្រប់គ្រងប្រទេសឆែល(Chile) តាមរយៈកម្លាំងកងទ័ព ដែលត្រូវគេស្គាល់ជាទូទៅថា រដ្ឋប្រហារកងទ័ព (military coup)។ នេះមានន័យថា កងទ័ពរបស់ប្រទេសផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយគ្រប់គ្រងប្រទេសដោយគ្មានការយល់ព្រមឬក៏កើតចេញពីឆន្ទៈប្រជាពលរដ្ឋនោះទេ។

ដូច្នេះ ដើម្បីរក្សាអំណាចឱ្យបានគង់វង្សដែលបានមកដោយមិនសុចរិតភាព​របស់ខ្លួន  មេដឹកនាំផ្តាច់ការតែងតែប្រើយុទ្ធសាស្ត្រមួយចំនួន ដូចជា តាមរយៈការប្រើប្រាស់ការបំភិតបំភ័យ ភេរវកម្ម​  ​និងកា​រគាបសង្កត់សេរីភាពស៊ីវិលមូលដ្ឋានរបស់ប្រជាពលរដ្ឋ មិនថាសេរីខាងនយោបាយ សេដ្ឋកិច្ច ឬក៏សង្គមនោះទេ។ ស្រដៀងគ្នានោះ ពួកគេប្រើបច្ចេកទេសឃោសនាទ្រង់ទ្រាយធំ (Mass Propaganda) ដើម្បីធ្វើឱ្យការគាំទ្រពីសាធារណៈជនមាននិរន្តរភាពផងដែរ។

សរុបមក គំនិតដើមនៃប្រព័ន្ធនយោបាយកុម្មុយនីស្ដ គឺចង់បានសង្គមមួយដែលគ្មានវណ្ណៈ រស់នៅដោយស្មើភាពគ្នា គ្មានអ្នកមាននិងអ្នកក្រ​ពីព្រោះគំនិតនៃមូលធននិយមគឺត្រូវបានផាត់ចេញហើយប្តូរមកវិញនូវសមូហភាពនិយម ដែលមានន័យថា ទ្រព្យសម្បត្តិនៅក្នុងសង្គមទាំងអស់គឺជារបស់សាធារណៈជនទាំងអស់គ្នា។ គ្មានរបស់ណាមួយជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណាម្នាក់នោះទេ។ រីឯសង្គមផ្តាច់ការវិញ គឺជាសង្គមមួយដែលត្រូវបានគ្រប់គ្រងដោយមនុស្សតែម្នាក់ឬក៏មួយក្រុមតូច ហើយមនុស្សម្នាក់នោះគឺជាអ្នកមានសិទ្ធិធ្វើការសម្រេចចិត្តរាល់បញ្ហាទាំងឡាយនៅក្នុងប្រទេសដោយគ្មានអំណាចណាមួយមកធ្វើការត្រួតពិនិត្យលើអំណាចនៃបុគ្គលនោះបានទេ។ ជាពិសេស សង្គមផ្ដាច់ការគ្រប់គ្រងដោយប្រើអំពើហិង្សា គាបសង្កត់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងរំលោភសិទ្ធិមនុស្សជាដើម។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ សាមណេរ ហាន ណូយ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង