"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

គោលគំនិតផ្ដាច់ខ្លួនរដ្ឋ និងសាសនា(Secularism)៖ សមិទ្ធផលប្រវត្តិសាស្ត្រ ចាក់ឫសក្នុងសង្គមបារាំងលើសមួយសតវត្សរ៍

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា សុខ ពុទ្ធារី

Secularism ត្រូវបានគេឱ្យនិយមន័យថាជាគោលការណ៍នៃការចែកផ្ដាច់រវាងសាសនា(វិហារគ្រីស្ទChurch) និងរដ្ឋ(State)។ គោលការណ៍ជាសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះបានចាប់បដិសន្ធិ និងចាប់ផ្ដើមប្រើប្រាស់នាចុងបញ្ចប់នៃសតវត្សរ៍ទី១៩ ដើម្បីកំណត់អំពីសេរីភាពការសម្រេចកិច្ចការស្ថាប័នសាធារណៈ ដោយគ្មានការជ្រៀតជ្រែកពីឥទ្ធិពលរបស់វិហារសាសនាកាតូលីក(Catholic Church) ហើយទស្សនៈនេះ នៅបន្ដឫសគល់រីកដុះដាល ជាផ្នែកសំខាន់មួយក្នុងសង្គមនិងគោលនយោបាយបារាំងរហូតមកដល់បច្ចុប្បន្ននេះ។

​យើងត្រឡប់ទៅមើលប្រវត្តិនៃដំណើរការគោលការណ៍ ឬគោលគំនិតមួយនេះ និងលក្ខណៈពិសេសប្លែកមួយសម្រាប់ពិភពលោក និងផ្នែកខ្លះនៃភាពចម្រូងចម្រាស ដែលបានកើតមានឡើងមកទល់នឹងសព្វថ្ងៃ។

តើ Secularism របស់បារាំងមានដើមកំណើតមកពីណា?

នៅទ្វីបអឺរ៉ុបនាមជ្ឈិមសម័យ(Middle Age) ដែលជំនួសឱ្យចក្រភពរ៉ូមដែលបានដួលរលំបែកខ្ញែកទៅ នគរទាំងអស់នៅអឺរ៉ុបខាងលិច គឺនៅតែបន្តស្ថិតក្រោមអំណាចនៃវិហារសាសនាកាតូលិក ដែលជាតួអង្គដ៏មានឥទ្ធិពលបំផុតមួយ ដឹកនាំដោយសម្ដេចប៉ាប(Pope) ជាអ្នកមានអំណាចកំពូលខាងសាសនានៅទីក្រុងរ៉ូម។ ក្នុងពេលជាមួយគ្នានោះ វាក៏ជាសម័យកាលនៃការកកើតគំនិតទស្សនៈ(Birth of an Idea) ជាយុគសម័យមួយដែលមនុស្សចាប់ផ្ដើមចំណាយពេលក្នុងការគិតពិចារណា ឱ្យគុណតម្លៃទៅលើការសិក្សា វិទ្យាសាស្ត្រ វែកញែករកគំនិតទស្សនៈ ហេតុផលជាដើម ហើយចាត់ទុកការជឿលើសាសនា គ្រាន់ជាក្របខ័ណ្ឌជំនឿរបស់មនុស្សគ្រប់គ្នា។ គោលការណ៍ច្បាប់ គំនិតទស្សនវិជ្ជា អ្នកប្រាជ្ញល្បីៗ បានចាប់កើតមានជាហូរហែ។

ងាកមកប្រវត្តិសាស្ត្របដិវត្តន៍របស់បារាំងវិញ ព្រឹត្តិការណ៍បដិវត្តន៍ផ្ដួលរំលំរបបរាជានិយមផ្ដាច់ការក្នុងឆ្នាំ១៧៨៩ ដែលឈានទៅបញ្ចប់របបនេះ ជាមួយនឹងបដិវត្តផ្នត់គំនិតចំពោះព្រះជាម្ចាស់ ឬអាទិទេព(Devine Rights)បានធ្វើឱ្យមានការប្រកាសរបបសាធារណរដ្ឋមួយឡើង។ ផ្ដើមចេញពីចំណុចទាំងនេះ បារាំងលែងមើលឃើញខ្លួនឯងជាមនុស្សកៀករបស់វិហារគ្រីស្ទសាសនា(Eldest Daughter of the Church) តទៅទៀតហើយ ប៉ុន្តែបារាំងបានកំណត់ខ្លួនថាជារដ្ឋនៃអត្តសញ្ញាណគោលមួយខាងសិទ្ធិមនុស្ស និងគោលគំនិតផ្ដាច់សាសនា និងរដ្ឋ ដែលសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ជាមូលដ្ឋានគ្រឹះនៃច្បាប់កំពូលបារាំង ដែលបានចែងមកតាំងពីសម័យនោះ។

រហូតដល់ឆ្នាំ១៩០៥ ច្បាប់ស្ដីពីការបែងចែងវិហារគ្រីស្ទសាសនានិងរដ្ឋ (Law on the Separation of the Church and State) បានអនុម័តឡើង បន្ទាប់ពីឆ្លងកាត់ការតស៊ូមតិដ៏ខ្លាំងក្លា និងការតស៊ូទំនាក់ទំនងដ៏វែងអន្លាយរវាងវិហារគ្រីស្ទសាសនា និងរដ្ឋ។ ច្បាប់ដែលបានបង្កើតឡើងនោះគឺ ការខណ្ឌចែកឥទ្ធិពលជ្រៀតជ្រែករបស់វិហារគ្រីស្ទសាសនាចំពោះកិច្ចការរបស់រដ្ឋ ​ហើយក៏ជាចំណុចចាប់ផ្ដើមដុះដាលគោលគំនិត Secularism​ នេះក្នុងផ្នត់គំនិតរបស់ប្រជាជនបារាំងផងដែរ។

Secularism ប្រៀបបាននឹងការស្វែងរកចំណុចរួមមួយ ក្នុងពិភពចម្រុះនៃសាសនា

ជាគុណតម្លៃនៃគោលការណ៍គ្រឹះចាំបាច់មួយរបស់សាធារណរដ្ឋ Secularism គឺជាសមិទ្ធផលផ្នែកទស្សនវិជ្ជា និងប្រវត្តិសាស្ត្របារាំង ដែលបានចែងជាធរមានក្នុងច្បាប់ឆ្នាំ១៩០៥ ច្បាស់ៗថា សាធារណៈរដ្ឋធានាឱ្យបាននូវសេរីភាពមនសិការ និងមិនឧបត្ថម្ភគាំពារ ឬប្រកាន់យកសាសនាណាមួយឡើយ។ លើសពីនេះ ច្បាប់នេះក៏ទាមទារឱ្យមានអព្យាក្រឹតក្នុងលក្ខខណ្ឌសេរីភាពជំនឿ សាសនា ព្រមទាំងសេរីភាពរបស់ប្រជាជនបារាំងក្នុងការជឿ ឬមិនជឿទៅលើសាសនាអ្វីមួយផងដែរ។

បច្ចុប្បន្ននេះ បារាំងគឺជាប្រទេសមួយប្រជុំដោយភាពចម្រុះនៃសាសនា ដែលមានប្រជាជនគ្រីស្ទបរិស័​ទជាង ៣៨ លាននាក់ ហើយមានសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម(Islamic) និងជ្វីហ្វ(Jew) ច្រើនជាងគេបំផុតក្នុងទ្វីបអឺរ៉ុប ព្រមទាំងមានប្រជាជន ១/៣ ក្នុងចំណោមប្រជាជនសរុបជាង ៦៥លាននាក់ ជាអ្នកមិនប្រកាន់សាសនាណាទាំងអស់ បើយោងតាមស្ថិតិឆ្នាំ២០២០ នៃគេហទំព័រ Statista។ ប្រជាជននៅសហគមន៍ទាំងនេះ រួមរស់ជាមួយគ្នា ក្រោមគោលការណ៍ស្របច្បាប់មួយ ដែលហៅថា Laïcité ឬ ភាសាអង់គ្លេស Secularism ។

ផ្នែកខ្លះនៃភាពចម្រូងចម្រាស

ក្នុងឆ្នាំ២០០៤ បារាំងបានអនុម័តច្បាប់ដែលហាមឃាត់ការប្រើប្រាស់ ឬស្លៀកពាក់រាល់និមិត្តសញ្ញាសម្គាល់ និងសម្លៀកបំពាក់នៃគ្រប់សាសនាទាំងអស់ក្នុងគ្រឹះស្ថានអប់រំរបស់រដ្ឋក្រោមឈ្មោះថា Secularism ។ ក្រោយមក ការហាមឃាត់នេះបានបន្តនៅតាមអគារសាធារណៈជាច្រើនកន្លែង រួមទាំងអគារសភាជាតិផងដែរ។ លើសពីនេះ នៅតាមទីក្រុងជាច្រើន ក៏បានហាមប្រាម ឈុត​ Bikini និងឈុតហែលទឹកជិតខ្លួនអ៊ីស្លាម (Islamic Full-body Swimsuit) ជាដើម។ ការអនុវត្តមួយចំនួនតាមច្បាប់ថ្មីនេះ គឺជាចំណុចនៃភាពចម្រូងចម្រាសជាច្រើន។ អ្នករិះគន់បានលើកឡើងថា ច្បាប់ក្នុងនាមគោលការណ៍ Secularism នេះគឺមិនស្មើភាព ហើយកាន់តែខ្លាំងក្លានោះ គឺកំណត់គោលដៅ​ចំពោះក្រុមអ៊ីស្លាមសាសនាដែលបានបង្ហាញអំពីភាពបែងចែកគ្នាក្នុងបញ្ហាសាសនា។ ផ្ទុយអំពីនេះ អ្នកគាំទ្រ Secularism អះអាងថា Secularism គឺជាគោលការណ៍ដែលផ្អែកលើសេរីភាពនៃគំនិត និងសេរីភាពនៃជំនឿសាសនា ដែលនាំឱ្យមនុស្សទាំងអស់រស់នៅជាមួយគ្នាយ៉ាងសុខដុមរមនា ព្រមទាំងការពារសិទ្ធិសេរីភាពរបស់ពួកគេ។

យ៉ាងណាក៏ដោយ គិតចាប់តាំងពីឆ្នាំ​២០១៥មក ភាពតានតឹង និងអំពើភេរវកម្ម បានកើតឡើងក្នុងប្រទេសបារាំងជាបន្តបន្ទាប់។ មនុស្សជាង ២០០ នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាការវាយប្រហារពីមនុស្សជ្រើសតាំងរបស់ក្រុម ISIL និង al-Qaeda ដោយផ្ដើមចេញពីការបាញ់សម្លាប់បុគ្គលិក​កាសែត Chalie Hebdo ដែលបានចេញផ្សាយរូបត្លុកមហាម៉េត(Muhammad) ដែលក្រុមអ្នកកាន់សាសនាអ៊ីស្លាម អាចចាត់ទុកថាជាការប្រមាថមាក់ងាយមួយចំពោះសាសនារបស់ខ្លួន។ ហើយក៏បន្តមានការវាយប្រហារជាបន្តបន្ទាប់ ក្នុងរូបភាពគួរឱ្យភ័យខ្លាច និងព្រួយបារម្ភបំផុតជាហូរហែរ។

ព្រឹត្ដិការណ៍សោកនាដកម្មកាត់ក្បាលគ្រូបង្រៀននៅទីក្រុងប៉ារីស

នៅខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗ មានការវាយប្រហារពីរករណី ដែលរំលងគ្នាមិនប៉ុន្មានថ្ងៃផង នោះគឺការសម្លាប់ដោយកាត់ក្បាលគ្រូបង្រៀនម្នាក់ ដែលគាត់បានបង្ហាញរូបត្លុកមហាម៉េត និងពន្យល់អំពីសិទ្ធិសេរីភាពបញ្ចេញមតិដល់សិស្សក្នុងម៉ោងសិក្សា និងការចាក់សម្លាប់មនុស្ស ៣នាក់ ក្នុងវិហារគ្រីស្ទសាសនា។ បន្ទាប់ពីការវាយប្រហារទាំងពីរបានកើតឡើង លោកប្រធានាធិបតី Emmauel Macron បានថ្កោលទោស និងថ្លែងចំៗ ដោយចាត់ទុកថាជាអំពើភេរវកម្មរបស់ក្រុមអ៊ីស្លាមជ្រុលនិយម និងថាអ៊ីស្លាមជ្រុលនិយមជាវិបត្តិជុំវិញពិភពលោកក្នុងពេលបច្ចុប្បន្ន។ ការណ៍នេះ បង្កជាការតវ៉ាតាមបណ្ដាប្រទេសប្រកាន់សា​​សនាអ៊ីស្លាមជាច្រើនជុំវិញពិភពលោក ថែមទាំងបានរិះគន់ជេរប្រមាថលើលោកប្រធានាធិបតី និងប្រជាជនបារាំងទាំងមូល ព្រមទាំងធ្វើពហិការ​ឈប់ប្រើផលិតផលបារាំងជាដើម។

សេរីភាពនៃការបញ្ចេញមតិ និងសមភាពជំនឿសាសនា

​ក្រោយការសម្លាប់គ្រូម្នាក់ដែលមានបង្ហាញរូបត្លុកមហាម៉េតក្នុងម៉ោងសិក្សាដល់សិស្ស លោកប្រធានាធិបតី Macron ក៏បានថ្លែងការពារទង្វើរបស់លោកគ្រូម្នាក់នោះ ដោយថាវាជាតួនាទី និងមិនមានខុសឆ្គងអ្វីឡើយ ដោយវាជាសិទ្ធិសេរីភាពបញ្ចេញមតិ ដែលជាមូលដ្ឋានគ្រឹះនៃច្បាប់បារាំង។ ក្នុងសង្គមបារាំង ការប្រើរូបត្លុកចំអកលេងមិនថាសាសនាណា ឬទៅលើក្រុមមេដឹកនាំនយោបាយ គឺជាផ្នែកមួយនៃសិទ្ធិសេរីភាពបញ្ចេញមតិ។ លើសពីនេះ ច្បាប់ស្តីពី Reinforcing Republican Principle បានដាក់ចេញឡើង។ លោកប្រធាធិបតី Macron បានថ្លែងថាច្បាប់នេះជាវិធានការបង្ការអំពើសាសនាជ្រុលនិយម។ ច្បាប់នេះមិនបានលើកឡើងជាក់លាក់អំពីគោលការណ៍ Secularism ទេ ប៉ុន្ដែនិយាយអំពីគោលការណ៍របស់សាធារណរដ្ឋ ដូចជាសេរីភាពក្នុងការគិត និងបញ្ចេញមតិ ដែលលោកប្រធានាធិបតីថ្លែងថា កំពុងស្ថិតក្រោយការគំរាមកំហែងពីអំពើភេរវកម្ម។ ច្បាប់នេះមិនបានសង្កត់បញ្ជាក់ទៅលើសាសនាណាមួយទេ ប៉ុន្ដែក្រុមអ៊ីស្លាមនៅបារាំងថា ច្បាប់នេះមានគោលដៅតម្រង់ពួកគេ និងជាចំណុចសន្សំពិន្ទុក្នុងឆាកនយោបាយ។

យ៉ាងណាក៏ដោយ ចំពោះភាពតានតឹងដ៏ចម្រូងចម្រាសនេះ បារាំងបានថ្លែងសារសន្តិភាពមួយ ទៅកាន់ប្រទេសប្រកាន់សាសនាអ៊ីស្លាមទាំងអស់ក្នុងពិភពលោកថា សូមកុំស្ដាប់នូវការឃោសនាបែបញុះញង់មួលបង្កាច់ សំដៅបំបែកបំបាក់សង្គម ដែលថាបារាំងជាប្រទេសធ្វើបាបអ្នកកាន់សាសនាអ៊ីស្លាម។ ដោយបញ្ជាក់ទៀតថា បារាំងជាប្រទេសមួយដែលមានការអត់ឱន និងគោរពសេរីភាព ឯសម្រាប់សហគមន៍អ្នកកាន់សាសនាអ៊ីស្លាមក្នុងប្រទេសបារាំង គឺជាផ្នែកមួយនៃសង្គមបារាំង ហើយត្រូវបានការពារដោយច្បាប់។ ហើយបារាំងជាប្រទេសនីតិរដ្ឋ មានច្បាប់ការពារសិទ្ធិសេរីភាពគ្រប់សាសនាទាំងអស់។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ លោក រ៉ាត់ ទី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង