រាប់សិបឆ្នាំមកហើយ ទោះបីជាមានការរិះគន់ឬវាយប្រហារដូចព្យុះភ្លៀងយ៉ាងណាពីសំណាក់ប្រទេសដទៃ ប្រទេសចិនតែងឆ្លើយតបក្នុងន័យបញ្ឆិតបញ្ឆៀងលាយឡំជាមួយពាក្យការទូតជាជាងប្រើភ្លើងទល់នឹងភ្លើងដោយរិះគន់ឆ្លើយតបចំៗ និងប្រើប្រាស់នយោបាយការបរទេសសងសឹកទៅវិញ។ ក៏ប៉ុន្តែក្រោយមក ប្រទេសចិនក៏បានកាត់បន្ថយគោលនយោបាយទន់ភ្លន់និងភាសាការទូតរបស់ខ្លួន ហើយបែរមករិះគន់ចំៗប្រទេសណាដែលរិះគន់ខ្លួន ដែលក្នុងនោះអាមេរិកនិងអូស្ត្រាលីប្រឈមមុខនឹងចិនច្រើនជាងគេ។ គោលនយោបាយការបរទេសបែបក្រេវក្រោធដែលចំណាត់ការមិនចុះញមនឹងការប្រើប្រាស់សម្ដីបែបគ្រោតគ្រាតនេះត្រូវបានគេដាក់ឈ្មោះថា “ការទូតចចកចម្បាំង” (Wolf Warrior Diplomacy)។ ដូចនេះ តើអ្វីជាការទូតចចកចម្បាំង?
តើអ្នកណាចាប់ផ្ដើមការទូតចចកចម្បាំង (Wolf Warrior Diplomacy)មុនគេ?
ត្បិតតែគ្មានភស្តុតាងផ្លូវការជាក់ស្ដែងណាមួយ ប៉ុន្តែការទូតចចកចម្បាំងនេះអាចចាប់ផ្ដើមពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់ចិនឈ្មោះ Zhao Lijian ដែលលោកចេះតែតបតវាយប្រហារបាញ់បោះពាក្យសម្ដីទៅវិញទៅមកជាមួយប្រទេសដែលបានរិះគន់ចិនតាមបណ្ដាញសង្គម Twitter។ យោងតាមការចេញផ្សាយរបស់ South China Morning Post លោក Zhao Lijian គឺជាមន្ត្រីការបទេសរបស់ចិនមុនគេដែលយកTwitter ជាវេទិកាក្នុងការបាញ់បោះពាក្យសម្ដីទៅកាន់ប្រទេសបដិបក្ស។ កិត្ដិនាមរបស់លោក Zhao Lijian ក្នុងនាមជាអ្នកចចកចម្បាំង ត្រូវបានចាប់ផ្ដើមសាយភាយតាមរយៈប្រធានបទសិទ្ធិមនុស្ស ដែលលោក Zhao Lijian ចេញមុខនិយាយការពារចិនពីការរិះគន់សិទ្ធិមនុស្ស និងវាយប្រហារលើចំណុចខ្សោយនៃការអនុវត្ដរបស់ប្រទេសដែលបានរិះគន់ចិនដូចជាអាមេរិក អង់គ្លេស អូស្ត្រាលីវិញ។ យើងអាចសង្កេតឃើញថា តាក់តិចភាគច្រើនដែលលោក Zhao Lijian បានប្រើគឺលោកចោទប្រកាន់ប្រទេសដែលបានរិះគន់ចិនថាមិនបានអនុវត្ដសិទ្ធិមនុស្សឱ្យបានល្អនោះទេ ហើយប្រទេសទាំងនោះត្រូវមើលខ្លួនឯងឱ្យល្អសិនសឹមមករិះគន់ចិន។ សមរភូមិ Twitter របស់លោក Zhao Lijian ត្រូវបានជនជាតិចិនភាគច្រើនពេញចិត្ដ និងមន្ត្រីការបរទេសចិនជាច្រើនផ្សេងទៀតក៏យកតម្រាប់តាម។
ប៉ុន្តែហេតុអ្វីបែរជាមានឈ្មោះការទូតចចកចម្បាំង (Wolf Warrior Diplomacy)ទៅវិញ?
តាមពិតទៅពាក្យថាការទូតចចកចម្បាំងនេះបានមកពីឈ្មោះចំណងជើងខ្សែភាគយន្ដចិនមួយដែលមានឈ្មោះថា “Wolf Warrior”។ ខ្សែភាគយន្ដនេះចាក់បញ្ជាំងលើកដំបូងកាលពីឆ្នាំ២០១៥ និងវគ្គ២ត្រូវបានចាក់បញ្ចាំងនៅឆ្នាំ២០១៧។ ខ្លឹមសារចម្បងនៃខ្សែភាគយន្ដចិនបែបបាញ់បោះដ៏ជោគជ័យមួយនេះគឺបង្កប់នូវទឹកចិត្ដស្នេហាជាតិ ដែលតួឯកគឺជាទាហានពិសេសដែលសុខចិត្ដប្រថុយជីវិតដើម្បីការពារផលប្រយោជន៍ចិនទាំងមូល និងវាយប្រឆាំងសត្រូវនានាទាំងនៅក្នុងប្រទេសនិងឈានទៅក្រៅប្រទេសទៀតផង។ ភាគយន្ដនេះក៏បានបង្ហាញពីបច្ចេកវិទ្យាទំនើបក្នុងការការពារជាតិនិងបុគ្គលិកលក្ខណៈរបស់តួឯកគឺខ្លាំងមុះមុតគួបផ្សំជាមួយទឹកចិត្ដស្រលាញ់ជាតិដែលប្រឆាំងនឹងតួអង្គចិត្ដអាក្រក់ដែលភាគច្រើនគឺជាសាសន៍ដទៃ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅក្នុងខ្សែភាពយន្តវគ្គពីរ មានប្រយោគមួយដែលមានខ្លឹមសារថា “អ្នកណាដែលធ្វើបាបចិននឹងត្រូវបានសម្លាប់ ទោះបីជាអ្នកហ្នឹងស្ថិតនៅឆ្ងាយយ៉ាងណាក៏ដោយ” (犯我中华者,虽远必诛)។ ភាពជោគជ័យនៃខ្សែភាគយន្ដនេះបានមកពីការគាំទ្រយ៉ាងខ្លាំងពីជនជាតិចិន ដែលសបញ្ជាក់ពីទឹកចិត្ដស្នេហាជាតិរបស់ជនជាតិចិន ខណៈខ្សែភាគយន្ដនេះក៏បានបណ្ដុះគំនិតមោទកភាពជាតិដែរ។ ដូចនេះ ការណ៍ដែលមានការទូតចចកចម្បាំងនេះកើតឡើង គឺដោយសារទឹកចិត្ដស្នេហាជាតិរបស់ប្រជាជនទូទៅ ដែលជាហេតុធ្វើឱ្យបុគ្គលឬមន្ត្រីណាដែលរិះគន់ដៃគូបដិបក្សត្រូវបានចាត់ទុកជាអ្នកចម្បាំងចចក ឬ Wolf Warrior នោះឯង។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនចិនក៏បានសហការដើម្បីប្រឆាំងទៅនឹងប្រទេសដែលរិះគន់ចិន ដូចជាការធ្វើការពហីការ ឬបញ្ចេញគំនិតការពារជាតិខ្លួនជាដើម។
ទិដ្ឋភាពរួមនៃការទូតចចកចម្បាំង
ការទូតចចកចម្បាំងនេះ មិនមែនត្រឹមតែនិយាយសម្ដីដែលចាក់ទម្លុះបេះដូងទៅភាគីម្ខាងទៀតនោះទេ ប៉ុន្តែក៏មានចំណាត់ការផងដែរ ដែលខុសពីគោលនយោបាយការបរទេសលាក់សាច់ដុំរបស់លោក តេង ស៊ីវភីង (Deng Xiaoping)។ ជាក់ស្ដែង ប្រទេសចិនបានធ្វើឱ្យពិភពលោកស្គាល់ពីការទូតចម្បាំងខ្លាំងជាងគេនៅឆ្នាំ២០២០ ដោយសារតែការចោទប្រកាន់នានាជុំវិញវិបត្ដិកូវីដ១៩ បញ្ហានៅហុងកុង ការបិទក្រុមបណ្ដាញសង្គមចិន និងវិបត្ដិនៅស៊ីនជាំងជាដើម។ មូលហេតុដែលចិនដើរគោលនយោបាយការទូតចចកចម្បាំងនេះ ទំនងដោយសារដើម្បីការពារប្រយោជន៍និងមុខមាត់ចិនពីការទិតៀនពីប្រទេសមហាអំណាចចាស់ ព្រោះចិនគឺជាប្រទេសមហាអំណាចទើបនឹងរះដែលក្លាយជាផ្ទាំងស៊ីបរបស់មហាអំណាចចាស់ទាញជើងចិនកុំឱ្យរីកឥទ្ធិពលលឿនពេក។
គួរំលឹកបន្តិចថា ពេលដែលផ្ទុះកូវីដ១៩ អាមេរិកក្នុងរដ្ឋកាលរបស់លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់យ៉ាងបើកចំហថាចិនជាអ្នកនៅពីក្រោយកូវីដ១៩ និងដាក់ងារវីរុសថា “វីរុសចិន” និង “វីរុសវ៉ូហាន”។ ដោយមិនបានបង្អង់យូរ ប្រទេសចិនក៏ចោទប្រកាន់ទៅអាមេរិកវិញថាអាមេរិកបាននាំយកមេរោគកូវីដ១៩តាមរយៈទាហានអាមេរិកដែលមកប្រកួតកីឡានៅទីក្រុងវ៉ូហាន។ មិនត្រឹមតែប៉ុណ្ណោះ លោកដូណាល់ត្រាំក៏មានបំណងចង់ឱ្យចិនទទួលខុសត្រូវនិងសងការខូចខាតដែលបណ្ដាលមកពីការរីករាលដាលកូវីដ១៩ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានឆ្លើយតបបែបទូន្មានប្រដៅអប់រំអាមេរិក និងលើកឡើងពីជំងឺរាតត្បាតផ្សេងៗដែលកើតឡើងនៅអាមេរិកមុនគេដូចជា H1N1និងជំងឺអេដស៍ ប៉ុន្តែគ្មាននរណាទាមទារឱ្យអាមេរិកសងការខូចខាតឡើយ។
ជាមួយគ្នានេះ ការទូតចចកចម្បាំងនេះជួនកាលក៏អាចហួសពីការរិះគន់គ្នាផងដែរ។ ជាក់ស្ដែង ទំនាក់ទំនងអូស្ត្រាលីនិងចិនក៏ប្រះស្រាំដោយសារតែរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូស្ត្រាលីបានទាមទារនិងទទូចឱ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយជុំវិញប្រភពនៃមេរោគកូវីដ១៩ និងដើម្បីបញ្ជាក់ពីតម្លាភាពនៃវិធានការនិងទិន្នន័យរបស់រដ្ឋាភិបាលចិន។ ប្រទេសចិនមិនត្រឹមតែបដិសេដនោះទេ ប៉ុន្តែក៏បានចេញជាចំណាត់ការ ដូចជាអំពាវនាវឱ្យជនជាតិចិនកុំទៅរៀនឬទេសចរណ៍នៅប្រទេសអូស្ត្រាលីក្រោមហេតុផលហានិភ័យនៃការឆ្លងជំងឺកូវីដ១៩និងការរើសអើងពូជសាសន៍ជាដើម ដែលការអំពាវនេះគឺដូចជំរុញឱ្យជនជាតិចិនធ្វើពហីការនឹងប្រទេសអូស្ត្រាលី។ ក្រោយមកទៀត រដ្ឋាភិបាលចិនបានតំឡើងពន្ធផលិតផលមួយចំនួនក្រោមហេតុផលការពារប្រយោជន៍របស់ផលិតផលក្នុងស្រុកនិងប្រកាសឈប់នាំចូលធ្យូងថ្មពីអូស្ត្រាលី។ យ៉ាងណាក្ដី មុននឹងមានចំណាត់ការលើពាណិជ្ជកម្មនេះ រដ្ឋាភិបាលចិនក៏បានគម្រាមរដ្ឋាភិបាលអូស្ត្រាលីពីការឈប់នាំចូលផលិតផលអូស្ត្រាលី ប្រសិនអូស្ត្រាលីនៅទទូចឱ្យមានការស៊ើបអង្កេតជុំវិញបញ្ហាមេរោគកូវីដ១៩។ គួរបញ្ជាក់ថា រាល់ពេលអូស្ត្រាលីដើរមួយជំហានៗ ដូចជាការពង្រឹងកិច្ចសហប្រតិបត្ដិការឥណ្ឌូប៉ាស៊ីហ្វិកជាដើម រដ្ឋាភិបាលចិននឹងតបតទៅវិញដូចជាការរុកដំបៅចាស់ដែលទាហានអូស្រ្តាលីសម្លាប់ជនស៊ីវិលនិងអ្នកទោសនៅអាហ្វហ្គានីស្ថាន។ បច្ចុប្បន្ននេះ ទំនាក់ទំនងអូស្ត្រាលីនិងចិនកាន់តែជូរចត់ ដែលដើមខែឧសភានេះ ចិនបានប្រកាសផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងសហប្រតិបត្ដិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយអូស្ដ្រាលី។ ការផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងសហប្រតិបត្ដិការនេះប្រហែលជាការសងសឹកដោយសារតែកាលពីខែចុងខែមេសាកន្លងទៅនេះ អូស្ត្រាលីបានលើកចោលកិច្ចសន្យាផ្លូវមួយខ្សែក្រវាត់មួយដែលព្រមព្រៀងរវាងចិននិងជាមួយរដ្ឋាភិបាលរដ្ឋ Victoria។ គួរបញ្ជាក់ដែរថា បើយោងទៅតាមរបាយការណ៍របស់នាយកដ្ឋានកិច្ចការអន្តរជាតិនិងពាណិជកម្មអូស្ត្រាលី ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំ ដែលស្មើនឹង ២៩% នៃដៃគូពាណិជ្ជកម្មសរុបរបស់អូស្រា្ដលី។
ជារួម ការទូតចចកចម្បាំងនេះគឺផ្លាស់ប្ដូរពីការនិយាយបត់បែនច្រើនទៅជាការរិះគន់និងចម្អកភាគីម្ខាងទៀតដែលធ្វើឱ្យចិនបាត់បង់ផលប្រយោជន៍ និងអាប់មុខនៅលើឆាកអន្តរជាតិ។ លើសពីនេះ ការទូតចចកចម្បាំងក៏មានចំណាត់ការជាសកម្មភាពនានា ដូចជា ការដាក់គំនាបសេដ្ឋកិច្ចជាមួយអូស្ត្រាលី និងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកផងដែរ។ ការតបតនោះទៀតសោត ក៏មិនមែនចាំបាច់ឱ្យរដ្ឋាភិបាលចេញមុខរាល់ពេលទេ។ ស្ថានទូតប្រចាំប្រទេសក៏អាចឆ្លើយតបនិងការពាររាល់ការរិះគន់ទាំងឡាយរបស់ស្ថាប័ននានា ក្នុងនោះក៏មានក្រុមសារពត៌មានដែរ។ ជួនកាលយើងអាចឃើញជាស៊ីណារីយ៉ូបែបតស៊ូមតិឬចោទប្រកាន់គ្នាទៅវិញទៅមករវាងស្ថានទូតនិងស្ថានទូត ឧទាហរណ៍ការប្រកែកគ្នាតាមបណ្ដាញសង្គម Facebook រវាងស្ថានទូតចិននិងស្ថានទូតអាមេរិកជុំវិញបញ្ហាឱនភាពពាណិជ្ជកម្មនៅកម្ពុជា និងបញ្ហាខ្មែរក្រហមជាដើម។ យើងក៏អាចយល់បានថា ការទូតចចកចម្បាំងនេះក៏មានជោគជ័យឡើយប្រសិនបើគ្មានការចូលរួមពីប្រជាជនចិនដែលមានទឹកចិត្ដស្នេហាជាតិ ជាក់ស្ដែងដូចជាការធ្វើពហីការលើក្រុមហ៊ុនដែលបានរិះគន់នៅតំបន់ស៊ីនជាំងជាដើម។