"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា គង់ រដ្ធាវី

វិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ ឬ Asian financial crisis ​ បានធ្វើឱ្យប្រទេសមួយចំនួននៅអាស៊ីមានសេដ្ឋកិច្ចធ្លាក់ចុះនៅចន្លោះឆ្នាំ១៩៩៦និង ១៩៩៧ ដោយក្នុងនោះអត្រាផលិតផលក្នុងស្រុកសរុបឬ GDP របស់ប្រទេសប៉ះពាល់ធ្ងន់ធ្ងរជាងគេដូចជា ឥណ្ឌូនេស៊ីបានធ្លាក់មកត្រឹម ៤៣,២% ប្រទេសថៃ ២១,២%% ប្រទេសម៉ាឡេស៊ី ១៩% កូរ៉េខាងត្បូង ១៨,៥% និង ហ្វីលីពីន ១២,៥%។ ប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់ប្រទេសជួបវិបត្តិទាំងអស់នេះក៏ទទួលរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុនេះដែរ។ បញ្ហាហិរញ្ញវត្ថុនេះបានជះឥទ្ធិពលផលប៉ះពាល់ជាប្រព័ន្ធដល់សេដ្ឋកិច្ចជិតខាង ព្រោះការខូចខាតសេដ្ឋកិច្ចមិនត្រឹមតែមានលើប្រទេសដែលរងគ្រោះទេ ប៉ុន្តែវាបន្តប៉ះពាល់ទៅលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសក្នុងតំបន់ដែលមានទំនាក់ទំនងជាមួយគ្នា និងប្រទេសជាដៃគូរសហការផងដែរ។

សេចក្តីសង្ខេបត្រួសៗពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧

វិបត្តិហិរញ្ញវត្ថុអាស៊ីចាប់ផ្តើមឡើងពីវិបត្តិធនាគារនៅក្នុងប្រទេសថៃអំឡុងទសវត្សន៍ឆ្នាំ១៩៩០ ដោយធនាគារថៃបានផ្តល់ឥណទានដុល្លារអាមេរិកធនមធ្យមឱ្យអ្នកវិនិយោគក្នុងស្រុក ជាពិសេសឥណទានបរទេសឬ cross border loan ច្រើនលើសកំណត់រហូតដល់ដើមឆ្នាំ ១៩៩៧ ធ្វើឱ្យមានបញ្ហាមានសញ្ញាណអស្ថិរភាពហិរញ្ញវត្ថុលេចឡើងក្នុងសេដ្ឋកិច្ចថៃ។ នៅពេលធនាគារផ្តល់ឥណទានកាន់តែច្រើន នោះដើមទុនរបស់ធនាគារបានធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយសារតែលំហូរមូលធន (Capital flow) មិនមានគ្រប់គ្រាន់ដើម្បីបំពេញតាមចរន្ដគណនីក្នុងធនាគារ ហើយវាបានបន្តឱ្យមានបញ្ហាឱនភាពគណនីចរន្តឬ current account deficiency។ បន្ថែមពីលើបញ្ហាធនាគារ ថៃក៏មានបញ្ហាអតិផរណាលុយបាតថៃបណ្តាលឱ្យវិបត្តិហិរញ្ញវត្ថុនេះបានចាប់ផ្តើមផ្ទុះឡើងខ្លាំង។ នៅដើមខែកក្កដាឆ្នាំ ១៩៩៧ ធនាគារថៃបន្តប្រកាសក្ស័យធនច្រើនទៅៗ រួមជាមួយនឹងទិដ្ឋភាពនៃការដកប្រាក់យ៉ាងច្រើនពីធនាគារ រីឯបញ្ហាអត្រាអតិផរណាកាន់តែខ្ពស់ទៅៗ។ ការរីករាលដាលពីវិបត្តិនៅថៃបាននាំផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ នាំឱ្យផលិតផលក្នុងស្រុកសរុប GDP ធា្លក់ចុះជាទម្ងន់ ហើយអត្រាអ្នកអត់ការងារធ្វើកាន់តែកើនឡើង។ តើប្រទេសទាំងនេះមានគោលការណ៍ស្តារសេដ្ឋកិច្ចឡើងវិញដូចម្តេចខ្លះ?

គោលការណ៍ដោះស្រាយវិបត្តិហិរញ្ញវត្ថុ Policy response

ដើម្បីដោះស្រាយវិបត្តិនេះ ថៃនិងប្រទេសជួបវិបត្តិនានានៅអាស៊ីបានធ្វើចំណាត់ការគោលការណ៍ស្រោចស្រង់ពីវិបត្តិនេះដោយទទួលជំនួយពីខាងក្រៅ (ពីមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារអភិវឌ្ឍអាស៊ីជាដើម) បូករួមនឹងគោលការណ៍រៀបចំស្តារវិស័យហិរញ្ញវត្ថុ និងធ្វើកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធធនាគារឡើងវិញ។ យោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ International Monetary Fund ឬ IMF បានបង្ហាញពីមធ្យោបាយដែលជាគោលការណ៍ហិរញ្ញវត្ថុនៅក្នុងការដោះស្រាយនឹងបញ្ហាលុយហើមនេះរួមមាន៖

ក. ជំនួយហិរញ្ញវត្ថុពីខាងក្រៅ និងគោលការណ៍អង្គការអន្តរជាតិពាក់ព័ន្ធ

ក្នុងការស្រោចស្រង់ចម្បង ប្រទេសរងគ្រោះខ្លាំងជាងគេមានថៃ កូរ៉េ និងឥណ្ឌូនេស៊ី បានទទួលកញ្ចប់ជំនួយទ្រព្យសកម្មផ្លូវការពីមូលនិធិរូបិយវត្ថុអន្តរជាតិ International Monetary Fund ឬ IMF នៅខែមករា​ ឆ្នាំ១៩៩៩ សរុប ១៧ ប៊ីលានដុល្លារអាមេរិកដល់ប្រទេសថៃ ៤២ ប៊ីលានដុល្លារអាមេរិកដល់ឥណ្ឌូនេស៊ី និង ៥៨ ប៊ីលានដុល្លារដល់កូរ៉េខាងត្បូងក្នុងការជួយទប់ស្កាត់លំហូរចេញរូបិយវត្ថុយ៉ាងលឿននោះ។ កញ្ចប់ជំនួយនេះមិនអាចគ្របដណ្តប់លើគ្រប់បញ្ហាដូចជា បញ្ហាទីផ្សារមូលប័ត្រ ការបាត់បង់ទំហំវិនិយោគ អតិផរណា និងបំណុលបរទេសទាំងស្រុងបានទេ។ សម្រាប់ប្រទេសថៃ កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី ជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិនេះបានត្រឹមតែជួយសម្រួលការលំហូរចេញមូលធនដែលជាបញ្ហាចម្បងធ្វើឱ្យធនាគារក្ស័យធន និងបាត់បង់ទ្រព្យបម្រុង។ ការពឹងលើកញ្ចប់ជំនួយមួយមុខគឺមិនគ្រប់ទេ ដូចនេះរដ្ឋាភិបាលប្រទេសទាំងនេះត្រូវធានារក្សាឱ្យមានអ្នកវិនិយោគបន្តវិនិយោគក្នុងស្រុក និងធ្វើមូលធនភាវូបនីយកម្មធនាគារបន្ថែមដើម្បីឱ្យមានលំហូរចូលមូលធន (Capital inflow) ទប់តទល់នឹងបញ្ហាឱនភាពគណនីចរន្តឬ current account deficiency។ ទោះជាជំនួយអន្តរជាតិមិនអាចដោះស្រាយបញ្ហាទាំងស្រុងបាន យ៉ាងណាវាអាចជួយរំដោះស្ថានភាពយ៉ាប់យឺនមួយផ្នែកនៃសេដ្ឋកិច្ចបានខ្លះដែរដោយជួយរក្សាអនុបាតនៃលទ្ធភាពទូទាត់សងបំណុលឬ Liquidity ratio។​

ខ.​​ ការរៀបចំវិស័យហិរញ្ញវត្ថុ​​ និងកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ

ក្នុងការដោះស្រាយស្ថានភាពក្ស័យធននៃស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកជាច្រើន រដ្ឋាភិបាលនៃប្រទេសជួបវិបត្តិ ជាពិសេសប្រទេសថៃបានធ្វើមូលធនភាវូបនីយកម្ម capitalization ប្រព័ន្ធធនាគារ ទៅកម្រិតអន្តរជាតិដែលមានទំហំពី ២០% ទៅ ៣០% នៃ GDP ដើម្បីស្តារកំណើនសេដ្ឋកិច្ច​ឡើងវិញានទៅរកស្ថានភាពណៈវិនិច្ឆ័យមួយចំនួនទៅធនាគារក្នុងស្រុកមុននឹងឱ្យកម្ចីរព័ន្ធធនាគារឡើងជាលំដាប់៩៩៧ កូរ៉េស្ទើរតែមិនមានទ្រព្យតម្កល់ដែលអា និងបញ្ចុះបញ្ចូលវិនិយោគិនឱ្យបន្តវិនិយោគ។ ការធ្វើមូលធនភាវូបនីយកម្ម capitalization ប្រព័ន្ធធនាគារសំដៅទៅលើកញ្ចប់ថវិកាស្តារដែលផ្តល់ដោយធនាគារកណ្តាលទៅធនាគារក្នុងស្រុកដែលកំពុងបាត់បង់ទ្រព្យបម្រុង​ ឬ ធនាគារឯកជនក្នុងគោលបំណងសង្គ្រោះមិនឱ្យឈានទៅរកការក្ស័យធន។  ប្រទេសរងគ្រោះខ្លាំងមានថៃ កូរ៉េ និងឥណ្ឌូនេស៊ីបានរៀបឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធធនាគារទន់ខ្សោយ ក្នុងនោះបានសម្រេចបិទស្ថាប័នហិរញ្ញវត្ថុ​ និងធនាគារក្នុងស្រុកណាដែលមានលក្ខណៈអន់ថយ ដាក់ចេញនូវលក្ខណៈវិនិច្ឆ័យមួយចំនួនទៅធនាគារក្នុងស្រុកមុននឹងឱ្យកម្ចីឯកជន ក៏ដូចជាបង្កើតគណៈកម្មការជំនាញក្នុងការដោះស្រាយវិបត្តិហិរញ្ញវត្ថុ។ យោងតាមធនាគារអភិវឌ្ឍអាស៊ី Asian Development Bank ឫ ADB បានបង្ហាញពីកំណែទម្រង់វិស័យធនាគារតាមប្រទេសរងវិបត្តិ រួមមានប្រទេសឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី ហ្វីលីពីន និងថៃក្នុងការសម្អាតកម្ចីឥតដំណើរការនិងរៀបចំលក្ខណៈវិនិច្ឆ័យថ្មីក្នុង​ការ​ផ្តល់ឥណទានតាមធនាគារក្នុងស្រុក ដើម្បីធានាបាននូវតុល្យភាពក្នុងការទូទាត់ទាំងអត្រាការប្រាក់ និងសំណងបង្វិល។ តាមរបាយការណ៍របស់ធនាគារពិភពលោក ៤៧% នៃស្ថាប័នហិរញ្ញវត្ថុនិងក្រុមហ៊ុនថៃបានបាត់បង់តារាងតុល្យការ (Balance sheet ឫ ទំហំទ្រព្យសម្បត្តិ) ​ប៉ុន្តែដ្ឋាភិបាលថៃបានស្រោចស្រង់ធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗមិនឱ្យក្ស័យធន ហើយក៏បានរក្សាទំនុកចិត្តអ្នកវិនិយោគឱ្យបន្តវិនិយោគដើម្បីធានា​​​​​​​​​​​​ឱ្យមានលំហូរមូលធនក្នុងសេដ្ឋកិច្ចថៃឡើងវិញ​។ ការស្រោចស្រង់នេះ បានធ្វើឡើងដោយការបញ្ចូលស្ថាប័នហិរញ្ញវត្ថុចូលគ្នានិងធ្វើមូលធនភាវូបន័យកម្មធនាគារទាំងនោះ។ ធនាគារកណ្តាលថៃបានចេញគោលការណ៍រួមបញ្ចូលស្ថាប័នហិរញ្ញវត្ថុចូលគ្នាផងដែររួមមាន ក្រុមហ៊ុនហិរញ្ញវត្ថុចំនួន ៩១ និង ធនាគារចំនួន ១៨ក្នុងប្រទេសថៃ។ ក្នុងពេលនោះក្រសួងហិរញ្ញវត្ថុថៃ និងធនាគារកណ្តាលថៃបានឱ្យក្រុមហ៊ុនហិរញ្ញវត្ថុធំជាងគេរបស់ថៃ Finance One រួមបញ្ចូលជាមួយនឹងធនាគារពាណិជ្ជលំដាប់ទី​១២ក្នុងស្រុក Thai Danu Bank និងបានផ្តល់ជំនួយ ៤០​ ប៊ីលានបាត ក្នុងការស្រោចស្រង់ពីការក្ស័យធន។ ជំនួយ ៤០ ប៊ីលានបាតនេះគឺដើម្បីរក្សាតារាងតុល្យការ (Balance sheet ឫ ទំហំទ្រព្យសម្បត្តិ)​ និងអាចដំណើរការបានពេលមានឱនភាពគណនីចរន្តឬ current account deficiency។

គ. គោលការណ៍អភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច

​​​ស្របពេលជាមួយគ្នានេះដែរ គោលការណ៍រូបិយវត្ថុនិងគោលការណ៍សារពើពន្ធត្រូវបានគេមើលឃើញមានការពិបាកក្នុងការស្រោចស្រង់ឱ្យមកសភាពដើម។ អតិផរណាបានធ្វើឱ្យលុយចុះថោកខ្លាំង វិធានការចាំបាច់នោះគឺការធ្វើឱ្យយន្តការរូបិយវត្ថុមានលក្ខណៈធូរស្រាលជាងមុនដោយមិនតម្រូវឱ្យមានការកំណត់តម្លៃរូបិយវត្ថុឱ្យនៅថេរឬ currency peg ដូចមុនទេ។​ នាពេលនោះធនាគារកណ្តាលថៃ​ បានចំណាយជាច្រើនប៊ីលានដុល្លារអាមេរិកក្នុងការរក្សាតម្លៃលុយបាតថៃមិនឱ្យបន្តធ្លាក់ចុះតទៅទៀត។ លើសពីនេះរដ្ឋាភិបាលបានធ្វើការតម្លើងអត្រាការប្រាក់ឡើងវិញ (Increase real interest rate) ដើម្បីទាក់ទាញលំហូរចូលមូលធន (Capital inflow) ក្នុងសេដ្ឋកិច្ច និងស្ថេរភាពអត្រាទូទាត់និងប្តូរប្រាក់ក្នុងទីផ្សាររូបិយប័ណ្ណ។

សេចក្តីសន្និដ្នាន

សរុបរួមមកយើងអាចសន្និដ្ឋានបានថា វិបត្តិនៅប្រទេសថៃបាន​បង្ហាញឱ្យឃើញពីចន្លោះប្រហោងទាំងម៉ាក្រូសេដ្ឋកិច្ច (បញ្ហាអត្រាអតិផរណាខ្ពស់) និងមីក្រូសេដ្ឋកិច្ច (វិបត្តិធនាគារក្នុងស្រុក) ដែលជាហេតុនាំឱ្យឈានដល់មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ ជាដំណោះស្រាយ រដ្ឋាភិបាលបានធ្វើការរៀបចំវិស័យហិរញ្ញវត្ថុតាមរយៈកញ្ចប់ជំនួយពីមូលនិធិអន្តរជាតិ និងអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចឡើងវិញ។ លើសពីនេះយើងឃើញថា តម្រូវការអភិបាលកិច្ចពីសំណាក់រដ្ឋាភិបាលនៅលើសេដ្ឋកិច្ចទីផ្សារក៏មានសារៈសំខាន់ដែរក្នុងសម្រួលដំណើរសេដ្ឋកិច្ច ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធធនាគារឱ្យមានលក្ខណៈប្រសើរឡើងវិញ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ស្រង់ ខាដាណេ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង