"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើអាមេរិកបានឈានជើងដើរចេញពីវិបត្តិកូវីដ១៩ហើយឬនៅ?

គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

មេរោគកូរ៉ូណា (Coronavirus) ដែលក្រោយមកត្រូវបានអង្គការ​សុខភាព​ពិភព​លោកប្ដូឈ្មោះទៅជា កូវីដ១៩ (COVID-19) គឺជាប្រភេទជំងឺឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សដទៃទៀត ហើយដែលត្រូវបានអ្នកវិទ្យាសាស្ត្របង្ហាញសមតិកម្មថាដើមកំណើតនៃមេរោគនេះអាចឆ្លងចេញពីសត្វប្រចៀវមកកាន់មនុស្សយើង។ បច្ចុប្បន្នភាពនៃការឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងដល់ ១៦៧,៤៩២,៧៦៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៣,៤៨២,៩០៧នាក់ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ ជំងឺកាចសាហាវមួយនេះគឺជាវិញ្ញាសាដ៏ពិបាក និងជាបន្ទុកយ៉ាងធ្ងន់ទៅលើបណ្ដាប្រទេសទាំងអស់ក្នុងការខ្នះខ្នែងស្វែងរកដំណោះស្រាយដែលប្រកបដោយគុណភាព និងប្រសិទ្ធភាពបំផុតដើម្បីអាចឆ្លងកាត់ការប្រឡងដ៏គ្រោះថ្នាក់មួយនេះ។

ការធ្វើដំណើរលើនាវាជាមួយគ្នាទាំង១៩៣ប្រទេស ដោយដឹងតែគោលដៅគឺការកំចាត់ជំងឺកូវីដ១៩ ប៉ុន្តែកង្វះយុទ្ធសាស្ត្រនិងវិធីសាស្រ្តក្នុងការធ្វើដំណើរទៅមុខ បានធ្វើឱ្យប្រទេសចំនួនដោយសារការគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងបានប្រើប្រាស់វិធីសាស្ត្រយករួចខ្លួនតាមរយៈការប្រើមធ្យោបាយនានាដើម្បីឆ្ពោះតម្រង់ទៅរកគោលដៅជាមុន។​ ជាក់ស្ដែង កាលពីផ្ទុះដំបូងយើងអាចសង្កេតឃើញថាប្រទេសមួយចំនួនបានដណ្ដើមបញ្ជាទិញម៉ាសនិងគ្រឿងឧបករណ៍ពេទ្យយ៉ាងសន្ធឹកសន្ធាប់កាលពីដើមឆ្នាំ២០២០ រហូតដល់ការដណ្ដើមគ្នាទិញថ្នាំវ៉ាក់សាំងនាពេលបច្ចុប្បន្នរបស់ប្រទេសមួយចំនួន។ សម្រាប់សហរដ្ឋអាមេរិកវិញ វិបតិ្តជំងឺកូវីដ១៩មួយនេះបានធ្វើឱ្យមានការរង្គោះរង្គើយ៉ាងខ្លាំង ទាំងក្នុងផ្នែកស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនទាំងមូល។ ឧទាហរណ៍ជាក់ស្ដែង សមត្ថភាពក្នុងការគ្រប់គ្រងស្ថានការជំងឺរាលដាលមួយនេះបានក្លាយជាប្រធានបទចម្បងក្នុងវេទិកាជជែកដេញដោលរវាងបេក្ខជនឈរឈ្មោះប្រកួតប្រជែងជាប្រធានាធិបតីនោះគឺរវាងលោក ដូណាល់ត្រាំ និងលោក ចូ បៃដិន។

យោងតាមអង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៣២,៨២០,១១២ករណីដែលស្មើនឹងប្រមាណ២០%នៃចំនួនអ្នកឆ្លងសរុបនៅលើពិភពលោក និងចំនួនអ្នកស្លាប់ចំនួន ៥៨៥,១៨២នាក់ដែលស្មើនឹងប្រមាណ១៧%នៃចំនួនអ្នកស្លាប់សរុបនៅលើពិភពលោក។ ទោះជាយ៉ាងនេះក្ដី រយៈពេលជាងមួយសប្ដាហ៍ចុងក្រោយនេះសហរដ្ឋអាមេរិកមានករណីឆ្លងធ្លាក់ចុះរហូតដល់កម្រិតទាបបំផុតមិនធ្លាប់មានអំឡុងពេលមួយឆ្នាំមកនេះ គឺត្រឹមតែ២២,២៣៩នាក់ប៉ុណ្ណោះក្នុងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (Center for Disease Control and Prevention)។ បើយើងគិតជាមធ្យមភាគនៃករណីវិជ្ជមានទាំង៥០រដ្ឋគឺមានប្រចាំថ្ងៃប្រមាណ៤៤៥នាក់ប៉ុណ្ណោះក្នុងមួយរដ្ឋ។ តួលេខនេះសបញ្ជាក់ឱ្យឃើញថាសហរដ្ឋអាមេរិកកំពុងមានក្ដីសង្ឈឹមខ្លាំងក្នុងការឈានជើងដើរចេញពីវិបត្ដិជំងឺកូវីដ១៩ក្នុងពេលឆាប់ៗខាងមុខនេះ ហើយស្ដារសេដ្ឋកិច្ចប្រទេសជាតិឱ្យមានភាពប្រកតីឡើងវិញ ដើម្បីប្រកួតប្រជែងជាមួយដៃគូរថ្មីរបស់ខ្លួននោះគឺសាធារណរដ្ឋប្រជាមានិតចិន។

ហេតុអ្វីលោក ចូ បៃដិន អាចដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩បានល្អប្រសើជាងលោក ដូណាល់ត្រាំ?

ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ជាថ្ងៃដែលមានវត្តមាននៃការឆ្លងជំងឺកូវីដ១៩លើកដំបូងនៅសហរដ្ឋអាមេរិក ដោយត្រូវបានពិនិត្យឃើញលទ្ធផលវិជ្ជមានលើពលរដ្ឋម្នាក់នៅទីក្រុងវ៉ាស៊ីនតោន ដែលទើបវិលត្រឡប់មកពីទីក្រុង អ៊ូហាន ប្រទេសចិន។ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ជាថ្ងៃដែលលោក ចូ បៃដិន ឡើងកាន់ដំណែងជាប្រធានាធិបតីអាមេរិកលើកទី៤៦ជាផ្លូវការ។ ដូច្នេះ អតីតប្រធានាធិបតីលោក ដូណាល់ត្រាំ បានមានរយៈពេលមួយឆ្នាំពេញក្នុងការស្វែងរកដំណោះស្រាយតាមរយៈការបង្កើតយន្តការផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប៉ុន្តែយន្តការទាំងនោះហាក់បីដូចជាមានភាពយឺតយ៉ាវ និងមិនសូវមានប្រសិទ្ធិភាពប៉ុន្មានទេ បើយើងក្រឡេកទៅមើលចំនួនអ្នកឆ្លងចាប់ពីមួយករណីដំបូងបន្តកើនឡើងរហូតដល់គិតជាមធ្យម ១៩៥,០៥៥ករណីប្រចាំថ្ងៃ មុនពេលដែលគាត់ចុះចេញពីដំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ផ្ទុយពីប្រធានាធិបតីចាស់ គិតត្រឹម១០០ថ្ងៃដំបូងនៃការឡើងកាន់តំណែងជាប្រធានាធិបតី លោក ចូ បៃដិន ដែលជាអ្នកនយោបាយជើងចាស់ បានដាក់ចេញនូវគោលនយោបាយរហូតដល់ទៅ ៥២ ផែនការ ដែលលើសពីប្រធានាធិបតីចាស់មានដូចជា លោកដូណាល់ត្រាំ ៣៩ផែនការ លោកបារ៉ាក់ អូបាម៉ា ៣៤ផែនការ និងលោក ចចប៊ូស ១៣ផែនការ នេះបើយោងតាមការចេញផ្សាយរបស់សេតវិមាន។ ក្នុងចំណោមគោលនយោបាយថ្មីៗក្រោមរដ្ឋការលោក ចូ បៃដិន ភាគច្រើនផ្ដោតទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាអាទិភាពទីមួយ បន្ទាប់មក បញ្ហាអន្តោប្រវេសន៍ បញ្ហាការរើសអើងនិងសមធម៌ សេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ និងសន្តិសុខជាតិជាដើម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់លោក ចូ បៃដិន បានធ្វើឱ្យករណីឆ្លងជំងឺកូវីដ១៩ធ្លាក់ចុះពី ១៩៥,០៥៥ករណី មកត្រឹម ២៤,០៣៤ករណីជាមធ្យមប្រចាំថ្ងៃគិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

ផ្នែកម្ខាងទៀតនៃភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះគឺការពន្លឿនការចាក់វ៉ាក់សាំង។ រហូតមកទល់ពេលនេះគឺគិតត្រឹមថ្ងៃទី២៦ ខែឧសភា ថ្នាំវ៉ាក់សាំងសរុបចំនួនប្រមាណជាង២៨២លានដូសបានមានវត្តមានសម្រាប់ប្រើប្រាស់ ហើយក្នុងនោះមានប្រមាណ៤០%នៃប្រជាជនអាមេរិកសរុបត្រូវបានចាក់ដូសលើកទីពីររួចរាល់ និងអ្នកដែលទទួលបានការចាក់ដូសលើកទីមួយមានដល់ទៅប្រមាណ៥០%។ ខណៈចំនួននៃការចាក់វ៉ាក់សាំងមានការកើនឡើង និងចំនួនករណីឆ្លងធ្លាក់ចុះ បានធ្វើឱ្យរដ្ឋមួយចំនួនដូចជា Arizona Texas Florida Alaska Georgia និង​ Nebraska ជាដើម បានអនុញ្ញាតឱ្យពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសមិនពាក់ម៉ាសពេលធ្វើដំណើរចេញក្រៅ ប៉ុន្តែទោះយ៉ាងណាការពាក់ម៉ាសនៅតែត្រូវបានលើកទឹកចិត្តពីអ្នកជំនាញសុខភាព។ ម៉្យាងវិញទៀត អ្នកជំនាញសុខភាពសាធារណៈនិងវេជ្ជសាស្រ្តមួយចំនួនបានលើកឡើងថា បើសិនជាចំនួនចាក់វ៉ាក់សាំងកើនឡើងដល់៦០%ទៅ៩០% នោះពលរដ្ឋអាមេរិកអាចនឹងផលិតបាននូវប្រព័ន្ធភាពស៊ាំក្នុងសារពាង្គកាយ ដែលមានន័យថាជំងឺកូវីដ១៩លែងមានឥទ្ធិពលអាក្រក់ចំពោះសុខភាពពួកគេទៀតហើយ។

ចំណាយដើម្បីស្រោចស្រង់

សមិទ្ធផលទាំងអស់នេះមិនអាចសម្រេចបានដោយគ្មានការចំណាយអ្វីទាំងអស់នោះទេ។ រដ្ឋាភិបាលសហព័ន្ធអាមេរិកបានត្រៀមថវិកាចំណាយរហូតដល់ទៅ៤.២ទ្រីលានដុល្លារអាមេរិកសម្រាប់ដោះស្រាយវិបត្តិកូវីដ១៩ ហើយទិន្នន័យចុងក្រោយបង្អស់នៅថ្ងៃទី៣១ ខែមីនា ថវិកានោះត្រូវបានចំណាយអស់២.៦ទ្រីលានដុល្លារអាមេរិកដែលស្មើនឹង៦០.២២%នៃថវិកាបម្រុងសរុប នេះបើយោងតាមគេហទំព័រ USA Spending។ លើសពីនេះទៀត​ បន្ទាប់ពីស្ថានភាពប្រទេសរបស់ខ្លូនមានភាពល្អប្រសើរហើយ សហរដ្ឋអាមេរិកបានបរិច្ចាគទឹកប្រាក់ចំនួនប្រមាណ៤ប៊ីលានដុល្លារអាមេរិកទៅលើកម្មវិធីផលិតវ៉ាក់សាំង COVID-19 Vaccines Global Access ដែលហៅកាត់ថា COVAX ដើម្បីជាជំនួយដល់ការផលិតវ៉ាក់សាំងចំនួនប្រមាណ ១.៣ប៊ីលានដូស ក្នុងការចែកជូនដល់ប្រទេសដែលមានសេដ្ឋកិច្ចអន់ខ្សោយនិងមធ្យមចំនួន៩២ប្រទេសក្នុងឆ្នាំ២០២១ នេះបើយោងទៅតាមគេហទំព័រ U.S Embassy in Barbados។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី១៧​ ខែឧសភា អាមេរិកក្រោមរដ្ឋការលោក ចូ បៃដិន បានផ្ដល់វ៉ាក់សាំងចំនួនប្រមាណ៨០លានដូសសម្រាប់ការប្រើប្រាស់ក្នុងគោលបំណងប្តេជ្ញាដឹកនាំកិច្ចខិតខំប្រឹងប្រែងពហុភាគីឆ្ពោះទៅរកការបញ្ចប់នៃជំងឺរាតត្បាតមួយនេះ។

ប្រធានាធិបតីចូ បៃដិនក៏ប្រើប្រាស់ American First ដែរ

បើទោះបីជា​​​​​​​​​​​​​​​​​​សហរដ្ឋអាមេរិកទទួលបានលទ្ធផលយ៉ាងគាប់ចិត្តចំពោះការប្រឈមមុខដោះស្រាយវិបត្តិជំងឺកូវីដ១៩ក៏ពិតមែន ប៉ុន្តែអ្វីដែលយើងគួរកត់សម្គាល់នោះគឺប្រធានាធិបតីថ្មីរូបនេះហាក់បីដូចជាកំពុងអនុវត្តគោលនយោបាយ​  America-First​ បន្តពីលោក ដូណាល់ត្រាំ តាមស្ដង់ដារបែបថ្មីមួយទៀតរបស់ខ្លួន។ ដោយផ្អែកតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters លោក ចូ បៃដិន បាននិយាយថា ពួកយើងត្រូវធានាថាពលរដ្ឋអាមេរិកទទួលបាននូវការចាក់វ៉ាក់សាំងជាមុនសិន បន្ទាប់មកពួកយើងនឹងចែករំលែក(វ៉ាក់សាំង)ជូនដល់សកលលោកបើសិនជាចំនួនវ៉ាក់សាំងនៅសល់។ មិនត្រឹមតែប៉ុណ្ណោះ បើយោងតា​មទិន្នន័យរបស់ Our World Data គិតត្រឹមថ្ងៃទី២៥ ខែឧសភា អាមេរិកខាងជើងទទួលបានវ៉ាក់សាំងភាគរយច្រើនជាងគេចំនួនប្រមាណ៣៦% អ៊ឺរ៉ុបចំនួន៣០% អាមេរិកខាងត្បូងចំនួន១៧% អូស្រ្តាលីចំនួន១៣% អាស៊ីចំនួន៥% និងអាហ្រ្វិកចំនួន២%។ អតុល្យភាពនៃការបែងចែកវ៉ាក់សាំងរវាងប្រទេសក្រីក្រ និងប្រទេសអ្នកមាន បានបង្ហាញយ៉ាងច្បាស់ថាមានតែបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនប៉ុណ្ណោះទេដែលទទួលបានវ៉ាក់សាំងភាគច្រើនមុនគេ។

យ៉ាងណាក៏ដោយ ក្នុងទំនាក់ទំនងអន្តរជាតិគឺគ្មានទេមិត្ត ឬ សត្រូវពិតប្រាកដ គឺមានតែផលប្រយោជន៍ប៉ុណ្ណោះ។ ដូច្នេះសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន បានធ្វើការស្ដារសេដ្ឋកិច្ចឡើងវិញ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ បើយោងតាមរបាយការណ៍ការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក (US Bureau of Labor Statistics)​ អត្រាគ្មានការងារធ្វើត្រូវបានធ្លាក់ចុះពី១៤.៨%នៅខែមេសា ឆ្នាំ២០២០ មកត្រឹម ៦.១%នៅខែមេសា ឆ្នាំ២០២១។ សម្រាប់ទំហំផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី១ឆ្នាំ២០២១កើនឡើង៦.៤% ខណៈត្រីមាសទី១ឆ្នាំ២០២០វិញបានធ្លាក់ចុះដល់ទៅ -៥% ឯណោះ។ នេះបង្ហាញថាកំណើនសេដ្ឋកិច្ចសហរដ្ឋអាមរិកកំពុងមានសម្ទុះឡើងវិញគួរឱ្យកត់សម្គាល់ ថ្វីត្បិតតែត្រូវបានរំខានដោយវិបត្តិជំងឺកូវីដ១៩ក៏ដោយ។ សញ្ញាវិជ្ជមានទាំងអស់នេះហើយដែលបង្ហាញថាសហរដ្ឋអាមេរិកកំពុងឈានជើងដើរចាកចេញបន្តិចម្ដងៗពីវិបត្តិជំងឺកូវីដ១៩។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ លោក ធា សុណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង