"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ការបកស្រាយអំពីវិស័យរូបិយប័ណ្ណ Crypto (Cryptocurrency)

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា គង់ រដ្ធាវី

នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០១នេះ មានព្រឹត្តិការណ៏មួយបានកើតឡើង ដោយលោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Tesla បានចេញសារនៅក្នុងប្រព័ន្ធបណ្តាញ Twitter ឱ្យបានដឹងថា ការប្រើប្រាស់វិស័យរូបិយប័ណ្ណCryptoបានផ្តល់ផលប៉ះពាល់ទៅលើបរិស្ថានក្រោមការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលច្រើនលើសលុប ដូចនេះលោកនឹងឈប់ទទួលយកនូវការទូទាត់ប្រាក់ជា Bitcoinsដែលជារូបិយប័ណ្ណCryptoដំបូងគេ និងធំជាងគេបង្អស់ ក្នុងការជួញដូររថយន្តTeslaរបស់លោកទាំងអស់។ សារមួយនេះបានធ្វើឱ្យទីផ្សារនិងវិស័យCryptoទាំងមូលកក្រើក និងបាត់បង់ចំណូលជាច្រើនក្នុងរយៈពេលតិចជាង២៤ម៉ោងតែប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយរបស់ Entrepreneur Asia Pacific។

តើវិស័យរូបិយប័ណ្ណ Crypto គឺជាអ្វី?

យោងតាមការចេញផ្សាយរបស់ Nerdwallet វិស័យរូបិយប័ណ្ណ Crypto គឺជាប្រព័ន្ធរូបិយប័ណ្ណណាមួយដែលបង្កើតឡើងដើម្បីទូទាត់ឬជួញដូរផលិតផល និងសេវាកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ។ សព្វថ្ងៃ រូបិយប័ណ្ណ Crypto ចំនួនលើសពី៥០០០រូបិយប័ណ្ណកំពុងដាក់ដំណើរការជុំវិញពិភពលោកក្នុងសង្គមអ៊ីនធឺណេត ក្នុងនោះមាន Bitcoin (BTC) Ethereum (ETH) Binance coin (NBN) Dogecoin (DOGE) និងរូបិយប័ណ្ណជាច្រើនទៀត ដែលកំពុងជារូបិយប័ណ្ណធំៗក្នុងវិស័យរូបិយប័ណ្ណ Crypto នេះបើយោងតាមការចេញផ្សាយរបស់ Tech Guide។ ដូចនេះ យើងនឹងមកស្វែងយល់អំពីវិស័យរូបិយន័ណ្ណ Crypto ឱ្យកាន់តែច្បាស់លាស់ និងតើអនាគតនៃវិស័យរូបិយប័ណ្ណនេះនឹងក្លាយទៅជាយ៉ាងណា?

ការចាប់ផ្តើមរបស់វិស័យរូបិយប័ណ្ណ Crypto

យោងតាមការចេញផ្សាយរបស់ Davies វិស័យនេះបានចាប់ផ្តើមក្រោមគំនិតររបស់ជនជាតិអាមេរិកម្នាក់ដែលមានជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនិងបំបែកកូដឈ្មោះ David Chaum ដោយលោកបានបង្កើតនូវប្រព័ន្ធរូបិយប័ណ្ណអនឡាញក្នុងគោលបំណងដើម្បីពង្រឹងសន្តិសុខប្រតិបត្តិការសេដ្ជកិច្ចនៅក្នុងឆ្នាំ១៩៨៣តែប៉ុណ្ណោះ។ ប្រព័ន្ធនេះមានការអភិវឌ្ឍន៏បន្តជារឿយៗក្នុងអំឡុងឆ្នាំ១៩៩០ រហូតដល់ឆ្នាំ ២០០៩ ដែលមានជនម្នាក់ឈ្មោះ Satoshi Nakamoto បានសម្រេចចិត្តបង្កើតនូវរូបិយប័ណ្ណ Crypto ដែលដាក់ឱ្យប្រើប្រាស់ជាសាធារណៈមុនគេដោយមានឈ្មោះថា Bitcoin។ លោកក៏បានបញ្ចាក់ថាការបង្កើតឡើងនូវរូបិយប័ណ្ណ Bitcoin នេះគឺដោយសារតែវិបត្តិហិរញ្ញវត្ថុដែលធ្វើឱ្យរូបិយប័ណ្ណបាត់បង់នូវតម្លៃជាខ្លាំងក្នុងឆ្នាំ២០០៨ រួមទាំងដើម្បីបង្កើតឡើងនូវរូបិយប័ណ្ណថ្មីខុសគេដែលមិនមានភាពប៉ះពាល់ទៅដល់សេដ្ឋកិច្ចខាងក្រៅ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ History។

ការប្រើប្រាស់ និងដំណើររបស់វិស័យរូបិយប័ណ្ណ Crypto

វិស័យរូបិយប័ណ្ណ Crypto ដំណើរការក្នុងប្រពន្ធ័សុវត្តិភាពមួយឈ្មោះថា Blockchain ដើម្បីធ្វើឱ្យរាល់ប្រតិបត្តិការទាំងអស់មានភាពវិមជ្ឈការ។ រូបិយប័ណ្ណ Crypto ធំៗភាគច្រើន ដូចជា Bitcoin និង Ethereum កំពុងតែមានការពឹងពាក់ទៅលើប្រពន្ធ័សុវត្តិភាពមួយនេះជាខ្លាំង ដោយវាបានធ្វើការផ្ទុករាល់ទិន្នន័យរបស់អតិថជនទាំងអស់។

តើអ្វីជាប្រពន្ធ័ Blockchain?

បើយោងតាមការចេញផ្សាយរបស់គេហទំព័រ Insider Blockchain អាចចាត់ទុកជាកំណត់ហេតុ ឬមូលដ្ឋានទិន្នន័យមួយ ដែលផ្ទុករាល់ទិន្នន័យប្រតិបត្តិការនៃការជួញដូរ និងសកម្មភាពផ្សេងៗទៀតតាមរូបិយប័ណ្ណ Crypto ណាមួយ។ រាល់ទិន្នន័យនៅក្នុងប្រព័ន្ធរូបិយប័ណ្ណ Cryptoណាមួយដែលទើបនឹងកើតឡើង ត្រូវបានយកមកតភ្ជាប់ជាមួយទិន្នន័យចាស់ៗដែលបង្កើតជារចនាសម្ព័ន្ធមួយមានរាងដូចជាចង្វាក់ ដែលជាមូលហេតុគេហៅវាថាប្រពន្ធ័ Blockchain។

តើប្រពន្ធ័ Blockchain ដំណើរការក្នុង Bitcoin យ៉ាងដូចម្តេច?

យោងតាម Investopedia អតិថជនអាចដំណើរការ Bitcoin បានដោយការផ្លាស់ប្តូររូបិយប័ណ្ណខាងក្រៅ ទៅជារូបិយប័ណ្ណ Bitcoinជាមុនសិន ដោយធ្វើប្រតិបត្តិការបញ្ជូនទៅបណ្តាញកុំព្យូរទ័រ Peer-to-Peer ដែលជាបច្ចេកវិទ្យាមួយក្នុងការបញ្ចាក់ពីសុពលភាពនៃប្រតិបត្តិការរបស់អតិថជនណាមួយ។ បន្ទាប់មក គេនឹងប្រើប្រពន្ធ័ Blockchain ដោយតភ្ជាប់ទិន្នន័យទាំងនោះដើម្បីរក្សាទុកពត៌មានរបស់អតិថិជន Bitcoin។ ក្រោយពីស្តុកទុកទិន្នន័យអតិថជនហើយ ដំណើរនៃការធ្វើប្រត្តិបត្តិការមួយនេះនឹងត្រូវបញ្ចប់។

តើយើងអាចធ្វើអ្វីខ្លះជាមួយ Bitcoin?

ក្រោយពីអតិថជនសម្រេចនូវប្រតិបត្តិការនៅក្នុង Bitcoin ហើយ ក្រៅពីចំណាយលើទំនិញឬសេវាកម្មអនឡាញ អតិថជនទាំងអស់ក៏អាចយករូបិយប័ណ្ណមួយនេះ ដើម្បីវិនិយោគ ទិញស្តុក បង្កើតសម្ព័ន្ធទីផ្សារ ចាយវាយលើទំនិញខាងក្រៅ ឬធ្វើការផ្លាស់ប្តូរទៅជារូបិយប័ណ្ណធម្មតាដូចជា ដុល្លារអាមេរិក ឬផោនអង់គ្លេសជាដើម ការលេង Bitcoin mining និងអាចប្រើប្រាស់ក្នុងវិស័យជាច្រើនទៀត។ ម៉្យាងវិញទៀត ការជួញដូរតាមរូបិយប័ណ្ណឌីជីថលBitcoinទាំងអស់ មិនមានជនទីបី ឬអន្តរការីដូចជាធនាគារឡើយ គឺរូបិយប័ណ្ណមួយនេះអាចប្រើប្រាស់បានជាសាធារណៈទាំងអ្នកលក់ និងអ្នកទិញដោយឯកឆ្ឆន្ទ នេះបើយោងតាមការចេញផ្សាយរបស់ Forbes Advisor។

វិស័យរូបិយប័ណ្ណ Crypto នៅថ្ងៃខាងមុខ

សព្វថ្ងៃពិភពលោកកំពុងតែកត់សម្គាល់លើអត្រាកើនឡើងនៃការប្រើប្រាស់ និងដាក់វិនិយោគទុននៅក្នុងវិស័យរូបិយប័ណ្ណ Crypto នេះ រួមជាមួយនឹងការបង្កើតនូវរូបិយប័ណ្ណថ្មីជារៀងរាល់ខែ ដោយសារតែការជឿជាក់ថាវិស័យនេះនឹងមានតម្លៃថ្លៃនៅថ្ងៃខាងមុខ នេះបើយោងតាមការចេញផ្សាយរបស់ Davies។ ចំពោះទស្សនៈវិស័យនាពេលអនាគតនៃវិស័យរូបិយប័ណ្ណ Crypto នេះវិញ វាស្ថិតនៅក្នុងចំណុចមួយដែលអាចវិភាគបាន ដោយមានអ្នកវិភាគសេដ្ឋកិច្ចមួយចំនួនបានឱ្យដឹងថា វិស័យរូបិយប័ណ្ណ Crypto នឹងមានជីវិតយូរនៅថ្ងៃខាងមុខទៀត ដោយសព្វថ្ងៃពិភពលោកកំពុងចាត់ទុកវិស័យនេះជាវិធីមួយក្នុងការបង្កើតរូបិយប័ណ្ណឌីជីថលជំនួសរូបិយប័ណ្ណធម្មតានាពេលមានបញ្ហាសេដ្ឋកិច្ច និងបានសម្រួលការគ្រប់គ្រងមូលធនក្នុងផ្នែកហិរញ្ញវត្ថុ ដោយមានការចូលរួមចំណែកពីស្ថាប័នហិរញវត្ថុផ្សេងៗ រួមជាមួយនឹងក្រុមហ៊ុនធំៗមួយចំនួនដូចជា Air Asia Mitsubishi UFJ និងFacebookជាដើម នេះបើយោងតាមការចេញផ្សាយរបស់ the balance។ ប៉ុន្តែវាក៏មានចំណុចមួយចំនួនដែលធ្វើឱ្យពិភពលោកព្រួយបារម្ភផងដែរ ដូចជាអស្ថិរភាពនៃវិស័យរូបិយប័ណ្ណ Crypto ដោយប្រតិបត្តិការគ្មានដែនកំណត់របស់វិស័យនេះដូចជា Bitcoin រួមទាំងសន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណេតដែលអាចមានអ្នកលួចទិន្នន័យរបស់លោកអ្នក និងការលាងលុយតាមប្រពន្ធ័នេះផងដែរ នេះបើយោងតាមការចេញផ្សាយរបស់ The Motley Fool។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ឡេង ហ៊ត
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ