"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សេចក្ដីផ្ដើមទូទៅទាក់ទងនឹងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា

តើក្រមរដ្ឋប្បវេណីគឺជាអ្វី?

ពាក្យ “ក្រមរដ្ឋប្បវេណី​” ឬ “ច្បាប់រដ្ឋប្បវេណី” គឺត្រូវនឹងពាក្យរបស់បច្ចឹមប្រទេសដែលជាភាសាបារាំងហៅថា droit civil ពាក្យ civil សំដៅលើ “ជនស៊ីវិល” ដោយយោងតាមសេចក្ដីផ្ដើមនីតិរដ្ឋប្បវេណីរបស់លោកណូមូរ៉ា តូយ៉ូហីរ៉ូប។ ផ្អែកតាមសេចក្ដីកំណត់ចំពោះមាត្រានីមួយៗនៃក្រមរដ្ឋប្បវេណី​ ត្រង់មាត្រា១  ពាក្យ “ច្បាប់រដ្ឋប្បវេណី” ជំនួសដោយ “ច្បាប់ឯកជន” ដោយចំពោះក្រមរដ្ឋប្បវេណី ពាក្យ “ច្បាប់ឯកជន” និងពាក្យ “ច្បាប់រដ្ឋប្បវេណី” គឺមានន័យដូចគ្នា។​ ដូចនេះក្រមរដ្ឋប្បវេណី គឺជាច្បាប់ទូទៅនៃនីតិឯកជន ដែលកំណត់អំពីបណ្ដុំវិធាន ឬសកម្មភាពនៅត្រូវអនុវត្តនៅក្នុងទំនាក់ទំនងជាទូទៅ ឬប្រចាំថ្ងៃរបស់បុគ្គលឯកជន។ គោលបំណងនៃការបង្កើតក្រមរដ្ឋប្បវេណីគឺផ្ដោតជាសំខាន់លើទំនាក់ទំនងរវាងបុគ្គលឯកជន និងបុគ្គលឯកជនតាមរយៈការបង្ហាញឆន្ទៈលើទំនាក់ទំនងទ្រព្យសម្បត្តិ និងទំនាក់ទំនងញាតិ។​ ទំនាក់ទំនងទ្រព្យសម្បត្តិរួមមាន ការបង្កើតសិទ្ធិប្រត្យក្ស (សិទ្ធិលើទ្រព្យសម្បត្តិ) កាតព្វកិច្ចដែលត្រូវអនុវត្ត កិច្ចសន្យាសំខាន់ៗ អំពើអនីត្យានុកូល និងការធានាកាតព្វកិច្ចជាដើម។ ចំណែកទំនាក់ទំនងទំនងញាតិរួមមាន បុគ្គលភាពគតិយុត្ត ឪពុកម្ដាយ កូន កូនស្មុំ អាពាហ៍ពិពាហ៍ ការលែងលះ ញាតិពន្ធ និងមត៌កជាដើម។

ប្រវត្ដិនៃការបង្កើតក្រមរដ្ឋប្បវេណី

ប្រទេសកម្ពុជាធ្លាប់មានក្រមរដ្ឋប្បវេណីមួយនាសម័យអាណានិគមបារាំង ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះមហាក្សត្រនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩២០។ ដោយឆ្លងកាត់សង្រ្គាម និងរបបដឹកនាំផ្សេងៗជាច្រើនទសវត្សរ៍ ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ពុំមានអានុភាពឡើយបើយោងតាមច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណីមាត្រា៨២។ ចាប់តាំងពីឆ្នាំ១៩៩៩ សេចក្ដីព្រាងក្រមរដ្ឋប្បវេណី ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (Japan International Cooperation Agency) ហៅកាត់ថា “JICA” ក្រោមគម្រោងមួយដែលមានឈ្មោះថា “កម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និងច្បាប់កម្ពុជា”។ ក្រោយពីបានបញ្ចប់សេចក្ដីព្រាងក្រមរដ្ឋប្បវេណី និងឆ្លងកាត់ការពិនិត្យតាមនីតិវិធីធ្វើច្បាប់រួចមក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០៧ រដ្ឋសភាបានអនុម័តលើសេចក្ដីព្រាងក្រមរដ្ឋប្បវេណីនាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៣ រួចបញ្ចូនទៅព្រឹទ្ធសភាដើម្បីពិនិត្យ និងត្រូវបានព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៧។ ក្រោយមក ក្រមរដ្ឋប្បវេណី ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើ តាមរយៈព្រះរាជក្រមលេខ​ នស/រកម/១២០៧/០៣០ នៅថ្ងៃទី០៨ ខែធ្នូឆ្នាំ២០០៧។

ទោះជាយ៉ាងណាក៏ដោយ ក្រោយពីការចូលជាធរមាន ក្រមនេះមិនទាន់អាចអនុវត្តបាននៅឡើយទេ។ ក្រមរដ្ឋប្បវេណី ត្រូវរង់ចាំច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណីមួយទៀត ទើបក្រមរដ្ឋប្បវេណីអាចអនុវត្តបានពេញលេញបាន។ យោងតាមមាត្រា​ ៤ និងមាត្រា៨៤ នៃច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណីបានកំណត់អំពីកាលបរិច្ឆេទនៃការអនុវត្តក្រមរដ្ឋប្បវេណី ដោយតម្រូវឲ្យអនុវត្តបន្ទាប់ពីមានការផ្សព្វផ្សាយរយៈពេល ៦ (ប្រាំមួយ) ខែក្រោយការចូលជាធរមានច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី​។ ហេតុដូច្នេះហើយ ទើបការអនុវត្តក្រមរដ្ឋប្បវេណីជាក់លាក់គឺនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដោយយោងតាមច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រមរដ្ឋប្បវេណីត្រូវបានបែងចែកជា ៩ គន្ថី និងមាន ១៣០៥ មាត្រា។ គន្ថីទាំងនោះរួមមាន (១) បទប្បញ្ញត្តិទូទៅ (២) បុគ្គល (៣) សិទ្ធិប្រត្យក្ស (៤) កាតព្វកិច្ច (៥) កិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល (៦) ការធានាកាតព្វកិច្ច (៧) ញាតិ (៨) សន្តតិកម្ម និង (៩) អវសានប្បញ្ញត្តិ។

បើយោងតាមមាត្រា​៧៨​ និងមាត្រា៧៩ នៃច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណី នៅពេលដែលកាលបរិច្ឆេទនៃការអនុវត្តក្រមរដ្ឋប្បវេណីមានអានុភាព បញ្ញត្តិមួយចំនួននៃច្បាប់(១)ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ និង (២)ក្រឹត្យច្បាប់លេខ៣៨ក្រ.ច ស្ដីពីកិច្ចសន្យា និងការទទួលខុសត្រូវក្រៅកិច្ចសន្យា នឹងត្រូវបាននិរាករណ៍។ ការនិរាករណ៍នេះក៏បានលើកលែងបញ្ញត្តិមួយចំនួននៃច្បាប់ទាំងពីរខាងលើផងដែរ ពោលគឺមានមាត្រាមួយចំនួននៅបន្តមានអានុភាព និងអាចអនុវត្តបានធម្មតា។ ក្រៅពីច្បាប់ទាំងពីរខាងលើក៏មានច្បាប់ភូមិបាលឆ្នាំ២០០១ ដែលត្រូវច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណីមាត្រា៨០បានធ្វើវិសោធនកម្មលុបចោលបញ្ញត្តិនៃមាត្រាខ្លះ ព្រមទាំងកែប្រែពាក្យពេចន៍ និងចំណងជើងឱ្យសមស្របតាមក្រមរដ្ឋប្បវេណី។

អត្តបទដោយ៖ ក្រុមការងារសរសេរអត្ថបទ The SEED
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

***Disclaimer

អត្ថបទនេះគ្រាន់តែសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទូទៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ  ដែលអត្ថបទនេះក៏មិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ផ្លូវការណាមួយឡើយ។  The SEED នឹងមិនការធានា និងមិនទទួលខុសត្រូវនូវបញ្ហាផ្លូវច្បាប់ដែលបណ្តាលមកពីការប្រើប្រាស់អត្ថបទនេះឡើយ។

 

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ