"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

គោលនយោបាយកាត់បន្ថយចំនួនប្រជាជនរបស់ចិន

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា សុខ ពុទ្ធារី

បក្សកុម្មុនីស្ដិចិន បានអនុម័តសម្រេចគោលនយោបាយថ្មីមួយ ដែលអនុញ្ញាតឱ្យគូស្រកររៀបការរួច អាចមានកូនចំនួនបីនាក់(Three-Child Policy) ។ សេចក្ដីប្រកាសនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ឧសភាកន្លងទៅ ក្រោយលទ្ធផលជំរឿនដប់ឆ្នាំម្ដង ធ្វើក្នុងឆ្នាំ២០២០ បានបង្ហាញអត្រាកំណើតថយចុះទាបបំផុតមិនធ្លាប់មាន នាជាងបីទសវត្សចុងក្រោយ ក្នុងប្រទេសដែលបច្ចុប្បន្នមានកំណើនសេដ្ឋកិច្ចនាំមុខគេលំដាប់ទី២ និងមានប្រជាជនច្រើនជាងគេបំផុតនៃពិភពលោកមួយនេះ។

ទោះបីជា ផែនការថ្មីនេះហាក់បានបង្ហាញពីការផ្លាស់ប្ដូរមួយយ៉ាងណាក្ដី ប៉ុន្ដែចិនមិនព្រមលុបចោលទាំងស្រុងនយោបាយត្រួតពិនិត្យកំណើតទេ។ ដូច្នេះហើយថាតើការកំណត់ និងការផ្លាស់ប្ដូរផែនការគ្រួសាររបស់រដ្ឋអំណាចចិន ទៅលើគ្រួសារនីមួយៗ បានហុចផលយ៉ាងណាខ្លះកន្លងមក? ហើយតើហេតុអ្វីតម្រូវឱ្យរដ្ឋាភិបាលកុម្មុយនីស្តចិនដាក់ចេញផែនការថ្មីនេះ?

ផ្ដើមចេញពីគោលនយោបាយកូនមួយ(One-Child Policy)

ជាងបីទសវត្ស ចិនបានឆ្លងកាត់គោលនយោបាយត្រួតពិនិត្យកំណើតដ៏តឹងរឹង ដោយកំណត់ឱ្យមួយគ្រួសារមានកូនតែម្នាក់ ដែលដំបូងឡើយជាគោលគំនិតមួយរបស់លោក តេង ​ស៊ាវពីង(Deng Xiaoping) ក្នុងការលើកទឹកចិត្តប្រជាពលរដ្ឋតាមតំបន់មួយចំនួន ឱ្យអនុវត្តផែនការមួយនេះ។ បន្ទាប់មក បក្សកុម្មុយនិស្ដចិនបានសម្រេចអនុម័តផែនការមួយនេះ ដាក់ជាច្បាប់គោលនយោបាយផែនការគ្រួសារទូទាំងប្រទេស ក្នុងឆ្នាំ១៩៧៩ ដើម្បីទប់ស្កាត់នឹងកំណើនប្រជាជនកើនឡើងយ៉ាងឆាប់រហ័ស ដែលរដ្ឋាភិបាលចិន កាលនោះសម្លឹងឃើញថាជាការរាំងរាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងអាចប្រឈមនឹងបញ្ហាកង្វះស្បៀងអាហារនិងទឹកជាដើម។ ដើម្បីធានាក្នុងការអនុវត្តគោលការណ៍ អាជ្ញាធរចិនបានដាក់កំហិតចំពោះអ្នកប្រឆាំងនឹងច្បាប់ទាំងឡាយ ដោយការពិន័យជាប្រាក់ ព្រមទាំងមានករណីជាច្រើន ត្រូវបានរាយការណ៍ថាបានបង្ខំឱ្យស្ត្រីរម្លូតកូនជាដើម។ ទោះបីនៅក្នុងភាពចម្រូងចម្រាស និងប្រជាជនមានការមិនពេញចិត្តចំពោះផែនការនេះ ក៏រដ្ឋអំណាចចិន បានប្រកាសអួតថា ខ្លួនជោគជ័យក្នុងការទប់ស្កាត់ចំនួនកំណើតថ្មីប្រមាណ ៤០០លាននាក់(ក្មេង) ក្នុងរយៈពេលដែលបានអនុវត្តគោលការណ៍។ 

ផលដែលទទួលបានពីគោលនយោបាយកូនមួយ(ភាពជោគជ័យចាស់ និងវិបត្តិថ្មី)

​ជារឿងប្រកែកមិនបានមួយ គឺការដាក់ចេញគោលនយោបាយកូនទោល មានប្រសិទ្ធភាពលើការទប់ស្កាត់កំណើនប្រជាជន ជាអ្វីដែលរដ្ឋាភិបាលចិនបានប្រមើលមើលថានឹងអាចបង្កហានិភ័យ។ បើតាមស្ថិតិធនាគារពិភពលោក(World Bank) បានបង្ហាញថាអត្រាការផ្ដល់កំណើតឱ្យកូនរបស់ស្រី្តចិន បានធ្លាក់ចុះបន្តបន្ទាប់។ ក្នុងឆ្នាំ១៩៧៩ ស្រី្ដចិនម្នាក់ផ្ដល់កំណើតឱ្យកូនបានចំនួន ២,៧៥នាក់(2.75 Births per  Woman) ហើយមានចំនួន ១,៦៩នាក់(1.69 Births per  woman)  ក្នុងឆ្នាំ២០១៨។ ជាចំណាត់ការជោគជ័យក្នុងរយៈពេលមួយ ប៉ុន្ដែគោលនយោបាយនេះ ក៏នាំវិបត្តិមួយផ្សេងឱ្យកើតមានឡើង នោះគឺការប្រឈមនឹងភាពចាស់រេចរឹលនៃប្រជាសាស្ត្រ មានន័យថាខ្វះចំនួនមនុស្សពេញវ័យធ្វើការដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ និងរួមចំណែកបង់ពន្ធ សម្រាប់ជួយដល់មនុស្សចាស់ចូលនិវត្តន៍ ក៏ដូចជាទ្រទ្រង់ថែទាំសុខុមាលភាពសង្គមជាដើម។ ការដែលគ្រួសារចិនមានកូនទោលច្រើនជំនាន់ បានបង្កការប្រឈមជាបន្ទុកសង្គម និងប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចជាតិ ដែលខ្វះខាតកម្លាំងពលកម្ម ដោយចំនួនមនុស្សចាស់ចេះតែកើនឡើង និងចំនួនមនុស្សពេញកម្លាំងធ្វើការធ្លាក់ចុះ។ អ្នកជំនាញមួយចំនួនបានបន្ទោសថា ដោយសារគោលនយោបាយនេះ ទើបនាំឱ្យចំនួនមនុស្សចាស់របស់ចិន កើនរហ័សជាងប្រទេសដទៃ។

លើសពីនេះគោលនយោបាយនេះ ក៏បានបន្សល់វិបត្តិអតុល្យភាពរវាងចំនួនបុរសនិងស្រ្តីផងដែរ។ បើតាមលទ្ធផលជំរឿនចិន២០២០ មនុស្សប្រុសមានចំនួនលើសមនុស្សស្រីជាង  ៣៤លាននាក់។ នេះក៏ដោយសារតែទំនោរប្រពៃណីចិនដែលឱ្យតម្លៃលើការមានកូនប្រុស បាននាំឱ្យមានការរម្លូត ឬបោះបង់កូនស្រីចោល។ គម្លាតចំនួនមនុស្សប្រុសកាន់ច្រើនជាងចំនួនមនុស្សស្រីយ៉ាងសន្ធឹកសន្ធាប់ក៏ជាកត្តាជំរុញករណីជួញដូរស្ត្រីពីប្រទេសផ្សេងដោយខុសច្បាប់ ទៅរៀបការជាមួយបុរសចិនជាដើម។ ឆ្លើយតបនឹងវិបត្តិទាំងនេះ និងជាការផ្លាស់ប្តូររៀបចំយុទ្ធសាស្ត្រថ្មី រដ្ឋអំណាចចិន នៅក្នុងឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនពីន(Xi Jinping) បានប្រកាសបិទបញ្ចប់គោលនយោបាយកូនមួយរាប់ទសវត្សរបស់ខ្លួន ហើយជំនួសមកវិញដោយការឱ្យប្រជាជនអាចមានកូនយ៉ាងច្រើនពីរនៅឆ្នាំ២០១៦។

ហេតុអី្វចិនដាក់ចេញគោលនយោបាយថ្មី(Three-Child Policy)នៅឆ្នាំ២០២១?

រយៈពេល ៥ឆ្នាំបន្ទាប់ពីមានការបន្ធូរបន្ថយគោលនយោបាយកំណត់ចំនួនកូន ដោយគូស្រករអាចមានកូនពីរនាក់ ក៏នៅតែមានលទ្ធភាពស្ដួចស្ដើងដើម្បីបំពេញគោលដៅបក្សកុម្មុយនីស្ដចិនដែលចង់ប៉ះប៉ូវឱ្យមានតុល្យភាពប្រជាសាស្ត្រឡើងវិញ។ បើតាមស្ថិតិជំរឿន​ឆ្នាំ២០២០ បានបង្ហាញអត្រាកំណើតធ្លាក់ទាបបំផុតមិនធ្លាប់មាន ដែលគួរឱ្យព្រួយបារម្ភ។ អត្រាកំណើតជាមធ្យមប្រចាំឆ្នាំមានត្រឹម ០,៥៣% ស្របពេលចំនួនមនុស្សចាស់អាយុពី៦០ឆ្នាំឡើងបានកើនឡើង ១,៣៥% និងពលរដ្ឋសកម្ម(១៥-៥៩ឆ្នាំ) បានធ្លាក់ចុះ ៦,៧៩% ខណៈចំនួនប្រជាជនចិនដីគោកសរុបមាន ១,៤១១.៧៨លាននាក់ ដែលកើន ៥,៣៨% បើធៀបនឹងចំនួនកាលពី១០ឆ្នាំមុន ដែលនេះបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការប្រទះនឹងសម្ពាធវិបត្តិប្រជាសាស្ត្រ ដែលនឹងជះផលអាក្រក់ដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងសក្ដានុពលសេដ្ឋកិច្ចជាតិរយៈពេលវែង ដែលចិននឹងប្រឈមសម្រាប់អនាគតខាងមុខ។ ទីបំផុតទៅ ផែនការថ្មីត្រូវបានដាក់ចេញបន្តបន្ទាប់ ដោយកាលពីខែមីនា សភាចិនបានអនុម័តការបន្ថែមអាយុ ៥ឆ្នាំលើការចូលនិវត្តន៍ និងបន្ទាប់មកបើកសិទ្ធិឱ្យពលរដ្ឋអាចមានកូនម្នាក់បន្ថែម ពោលគឺអាចមានកូនចំនួនបីនាក់ ដោយមានភ្ជាប់ជាមួយវិធានការទ្រទ្រង់គ្រួសារ។

តើអាចមានកត្តាអ្វីដែលនាំឱ្យអត្រាកំណើតចិនធ្លាក់ចុះ?

យើងអាចដឹងយ៉ាងច្បាស់ថាការកំណត់ចំនួនកូនរបស់រដ្ឋអំណាច ជាកត្ដាមួយរាំងស្ទះក្នុងការសម្រេចចិត្តយកកូនឬអត់សម្រាប់គូស្រករចិន។ តាមស្ថិតិជំរឿនចិន បញ្ជាក់ថាចំនួនទារកកើតថ្មីក្នុងឆ្នាំ២០២០ មាន ១២លាននាក់ ធ្លាក់ចុះជាង ២លាននាក់បើធៀបនឹងឆ្នាំ២០១៩ ដែលមាន ១៤,៦៥លាននាក់។ អត្រានេះបានធ្លាក់ចុះបួនឆ្នាំជាប់គ្នា តាំងពីឆ្នាំ២០១៧មក។ រដ្ឋាភិបាលចិនមិនបានបញ្ជាក់លម្អិតពីកត្តានាំឱ្យមានអត្រាកំណើតធ្លាក់ចុះនោះទេ។ ប៉ុន្ដែយើងអាចមើលឃើញហេតុផលមួយចំនួនផ្សេងទៀត ដែលនាំឱ្យបញ្ហានេះកើតឡើង ដូចជាកំណើនលើចំណាយប្រចាំថ្ងៃ ការបង់ថ្លៃផ្ទះ និងការសិក្សាកូនកាន់តែថ្លៃខ្ពស់ ដែលនាំឱ្យប្ដីប្រពន្ធចិនពិចារណាមិនចង់យកកូនថែម។ ការផ្លាស់ប្ដូរផ្នត់គំនិត ដោយយុវជនចាប់ផ្ដើមសម្រេចចិត្តមិនយកគូស្រករ ឬការពន្យារពេលយកកូនរបស់ស្រី្តដើម្បីផ្ដោតលើកិច្ចការងារជាដើម។ កត្តាទាំងនេះ សុទ្ធសឹងតែបានកើតមាន និងគួរឱ្យព្រួយបារម្ភសម្រាប់ប្រទេសអភិវឌ្ឍធំៗ ដូចចិនជាដើម។ ការផ្ទុះរាតត្បាតកូវីដ-១៩ នៅចុងឆ្នាំ២០១៩ ក៏ទំនងជាកត្តាមួយ ដែលអាជ្ញាធរចិនទទួលស្គាល់ថា ជាការជំរុញភាពមិនប្រាកដប្រជាសម្រាប់ជីវភាពប្រចាំថ្ងៃ និងផែនការសម្រាប់ក្រុមគ្រួសារផងដែរ។

យ៉ាងណាក៏ដោយ ការស្ដារតុល្យភាពចំនួនប្រជាជន ដោយដាក់គោលការណ៍ថ្មី ហាក់យឺតពេលបន្តិច និងមិនផ្ដល់ចំណាប់អារម្មណ៍ ដល់គ្រួសារចិនដែលស៊ាំនឹងគោលនយោបាយកូនទោលរាប់ទសវត្សនោះទៅហើយ។ មតិពីក្រុមអ្នកជំនាញថា ការបន្ធូរបន្ថយការកំណត់សិទ្ធិយកកូនតែមួយមុខ គឺចិនមិនអាចបញ្ចៀសវិបត្តិប្រជាសស្ត្របាននោះទេ។

បើយោងតាមសម្រង់មតិមួយរបស់កាសែតរដ្ឋចិន Xinhua នៅលើបណ្ដាញសង្គម Weibo ធ្វើឡើងក្រោយមានសេចក្ដីប្រកាស បានដាក់ជាសំណួរថា «តើអ្នកត្រៀមខ្លួនសម្រាប់គោលការណ៍កូនបីហើយឬនៅ?»។ ភ្លាមៗ មានមនុស្សប្រហែល ២៩,០០០នាក់ ក្នុងចំណោម ៣១, ០០០នាក់ បានចុចលើចម្លើយថា «មិនបានគិតអំពីវាទេ»​ ក្រៅពីនោះ ខ្លះថាបានត្រៀមខ្លួនហើយ ខ្លះថាស្ថិតក្នុងគម្រោង និងខ្លះទៀតថា នៅស្ទើរស្ទាក់ ឬមិនទាន់ត្រៀមខ្លួននៅឡើយទេ។

ជាសរុបមក ទោះជាអត្រាជំរឿនបង្ហាញពីអនាគតប្រឈមនឹងវិបត្តិប្រជាសាស្ត្រ ប៉ុន្ដែចិននៅតែបង្ហាញជំហររឹតត្បិត ដាក់កំហិតផែនការគ្រួសារលើពលរដ្ឋខ្លួន  ទោះបីជាក្រុមអ្នកជំនាញនៃមូលនិធិស្រាវជ្រាវខាងផ្នែកអភិវឌ្ឍចិន(China Development Research Foundation) ធ្លាប់ស្នើសុំលុបចោលការកំណត់ចំនួនកូនទាំងស្រុង ហើយរដ្ឋាភិបាលគួរបើកសិទ្ធិសេរីភាព ផ្ដល់លទ្ធភាពអាចយកចំនួនកូនតាមការសម្រេចចិត្តរបស់ពលរដ្ឋ និងចាំបាច់ត្រូវរកដំណោះស្រាយសមស្របមួយ ដែលសម្រួលនិងលើកទឹកចិត្តដល់ពួកគេ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក រ៉ាត់ ទី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង