"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើកូវីដ១៩ធ្វើឱ្យប៉ះពាល់ផ្លូវចិត្ដរបស់មនុស្សយ៉ាងដូចម្ដេចខ្លះ?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា បូរ ដាលីន

មនុស្សម្នាក់ៗមិនបានរំពឹងទុកពីការវាយលុករបស់ជំងឺកូវីដ១៩ ដែលធ្វើឱ្យស្ថានភាពពិភពលោកផ្លាស់ប្តូរទាំងស្រុងដូចជា ការពាក់ម៉ាស ការលាងដៃ ការនៅផ្តាច់ឆ្ងាយពីអ្នកដ៏ទៃ ការសិក្សានិងបំពេញភារកិច្ចពីទីលំនៅរបស់ខ្លួន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកជាដើម។ ដោយហេតុនេះ មនុស្សជាច្រើនបានទទួលនូវសម្ពាធជាខ្លាំងដោយសារតែការផ្លាស់ប្តូរនូវរបៀបរស់នៅដោយពុំបានមើលឃើញជាមុននេះ និងបន្តឱ្យមានការព្រួយបារម្ភជាមួយនឹងបញ្ហាសុខភាពផ្លូវចិត្តរបស់បុគ្គលនីមួយៗក្នុងពេលវេលាបច្ចុប្បន្ន។ ដូចនេះ តើការលេចឡើងនៃជំងឺកូវីដ១៩បានផ្តល់នូវផលប៉ះពាល់អ្វីខ្លះទៅដល់សុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់ៗនៅជុំវិញពិភពលោក?

១ វ័យកុមារ

យោងតាមការចេញផ្សាយរបស់ Medline Plus កុមារអាចទទួលនូវភាពតានតឹង ឬភាពព្រួយបារម្ភបានក្រោមស្ថានភាពណាមួយដែលតម្រូវឱ្យពួកគេមានការសម្របខ្លួន ឬការផ្លាស់ប្តូរជាដើម។ ជាមួយគ្នានេះផងដែរ ការដាក់កុមារឱ្យដាច់ចេញពីសង្គមក៏ផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ដោយបង្កើនហានិភ័យនៃបញ្ហាសតិអារម្មណ៍នៅថ្ងៃខាងមុខ នេះបើយោងតាមការចេញផ្សាយរបស់គេហរទំព័រ No Isolation។ ភ្ជាប់ជាមួយនឹងបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩វិញ កុមារជាច្រើនត្រូវសម្របខ្លួនទៅតាមវិធានការណ៏ ការពារនៃការជំងឺនេះដោយមានសិក្សានៅផ្ទះ និងកាត់បន្ថយឱ្យទំនាក់ទំនងជាមួយនឹងកុមារផ្សេងៗនៅខាងក្រៅយ៉ាងខ្លាំង។ ដូចនេះ វាបានបង្កើតនូវបញ្ហាមួយទៅដល់មនុស្សក្នុងវ័យកុមារដោយធ្វើឱ្យមានភាពតានតឹងពីកុមារភាព និងអាចបន្តប៉ះពាល់ទៅដល់ការគិត ការធ្វើសកម្មភាព និងអារម្មណ៍របស់កុមារទាំងនោះនៅថ្ងៃខាងមុខ។ ម៉្យាងវិញទៀត យោងតាមការសិក្សារបស់ Elsevier Public Health Emergency Collection គេបានកត់សម្គាល់ថាកុមារក្នុងអាយុចន្លោះ៣ទៅ៦ឆ្នាំបានបង្ហាញឱ្យឃើញនូវរោគសញ្ញានៃភាពភ័យខ្លាចនៃការឆ្លងជំងឺកូវីដ១៩ ជាងកុមារធំៗដែលមានអាយុចន្លោះពី៦ទៅ១៨ឆ្នាំ។

២ យុវវ័យ

បើយើងងាកមកមើលយុវវ័យវិញ យោងតាមការចេញផ្សាយរបស់គេហរទំព័រ Kids Health Organization គេចាត់ទុកយុវវ័យអាយុចន្លោះ១២ទៅ១៨ឆ្នាំ ជាវ័យដែលមានការលូតលាស់បំផុតនៅក្នុងជីវិតរបស់មនុស្ស។ ក្នុងអំឡុងពេលកូវីដ១៩នេះ បានកែប្រែរបៀបរស់នៅធម្មតា ដែលយុវវ័យអាចមានអារម្មណ៏រំខាន នៅពេលដែលពួកគេស្ថិតនៅក្នុងការដាក់ដាច់ដោយឡែកបែបនេះ ព្រោះដូចគ្នាជាមួយនឹងវ័យកុមារដែរ ការប្រាស្រ័យទាក់ទងជាមួយនឹងសង្គមខាងក្រៅមានសារៈសំខាន់ជាខ្លាំងក្នុងការបណ្តុះបណ្តាលនិងអភិវឌ្ឍន៏ការលូតលាស់របស់យុវវ័យ នេះបើយោងតាមការចេញផ្សាយរបស់គេហរទំព័រ The Australian Parenting។ ជាមួយគ្នានេះផងដែរ ការបិទខ្ទប់របស់ជំងឺកូវីដ១៩ក៏បានផ្តល់ផលប៉ះពាល់ទៅដល់មនុស្សក្នុងវ័យទាំងនេះជាខ្លាំងបើប្រៀបធៀបជាមួយនឹងមនុស្សពេញវ័យ និងអាចជាហេតុធ្វើឱ្យយុវវ័យជាច្រើនវិវត្ដទៅជាជំងឺបាក់ទឹកចិត្ដដែលអាចរំខានទៅដល់ការសិក្សា និងក្នុងករណីខ្លះអាចឈានទៅដល់ការប្រព្រឹត្តិអំពើអត្តឃាតជាដើម នេះបើយោងតាមការចេញផ្សាយរបស់គេហរទំព័រ Healthline។

៣ មនុស្សពេញវ័យ ឬវ័យកណ្តាល

ក្នុងអំឡុងពេលកូវីដ១៩នេះ មនុស្សពេញវ័យ និងមនុស្សក្នុងវ័យកណ្តាលគឺជាវ័យដែលប្រឈមទៅនឹងជំងឺផ្លូវចិត្តជាងគេ នេះបើយោងតាមសិត្ថិរបស់ Kaiser Family Foundation។ មនុស្សពេញវ័យភាគច្រើនអាចជានិសិ្សតសកលវិទ្យាល័យ អ្នកធ្វើការ ឬឪពុកម្តាយជាដើម។ ទោះបីក្នុងករណីមុនការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះក៏ដោយ អត្រាដែលមនុស្សពេញវ័យទទួលនូវជំងឺផ្លូវចិត្តនៅតែខ្ពស់ជាងអ្នកដែលស្ថិតក្នុងវ័យដ៏ទៃទៀតដោយសារតែពួកគេសិ្ថតក្នុងវ័យដែលមានកាតព្វកិច្ចខ្ពស់ ជាពិសេសមនុស្សដែលមានអាយុចន្លោះពី ១៨ឆ្នាំទៅ២៤ឆ្នាំ ដែលក្នុងវ័យជានិសិ្សត នេះបើយោងតាមសិត្ថិរបស់ HHS Public Access។ ភ្ជាប់ជាមួយគ្នានេះដែរ មានការសិក្សាមួយបានបង្ហាញថា ក្នុងអំឡុងឆ្នាំ២០២១នេះ​គេបានសង្កេតឃើញថានិសិ្សតចំនូន ៣៥.៣៣% ក្នុងចំណោមនិសិ្សតដែលបានចូលរួមពិសោធន៍ទាំងអស់បានបង្ហាញនូវរោគសញ្ញានៃភាពតានតឹង (Anxiety) និងចំនួន ៧២.៩៣% បានបង្ហាញឱ្យឃើញនូវរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត (Depression) កំរិតស្រាល។ មូលហេតុដែលធ្វើឱ្យមានការប៉ពាល់ផ្លូវចិត្ដនេះគឺដោយសារតែ អត្រានៃការប្រឈមនឹងការទទួលអាហាររូបត្ថម្ភមិនគ្រប់គ្រាន់ ឬការទទួលអាហារមិនល្អ ការមិនមើលថែរាងកាយ និងការព្រួយបារម្ភអំពីការទទួលចំណេះដឹងមិនគ្រប់គ្រាន់ដោយសារបញ្ហាការសិក្សាដែលមិនអាចឱ្យពួកគេត្រៀមខ្លួនក្នុងថ្ងៃអនាគត។ ទាំងនេះគឺជាមូលហេតុដែលនាំឱ្យមានអត្រាកើតជំងឺផ្លូវចិត្តខ្ពស់ក្នុងវ័យសិក្សា នេះបើយោងតាមការសិក្សារបស់ Biomed Central នៃគេហទំព័រ Globalization and Health។

បើងាកមកមើលនូវស្ថានភាពរបស់បុគ្គលដែលមានភាត្វកិច្ចជាឪពុកម្តាយ អ្នកមានគ្រួសារ និងអ្នកធ្វើការវិញ ពួកគេក៏មានបញ្ហាដែលអាចឱ្យពួកគេប្រឈមនឹងបញ្ហាផ្លូវចិត្តផងដែរ ជាពិសេសគ្រួសារដែលមានជីវភាពក្រីក្រ។ យោងតាមការចេញផ្សាយរបស់ BMC Public Health អំឡុងពេលកូវីដ១៩ គ្រួសារដែលមានជីវភាពក្រីក្រងាយនឹងរងនូវបញ្ហាជាច្រើនដែលអាចប៉ះពាល់បញ្ហាផ្លូវចិត្តបើប្រៀបធៀបជាមួយនឹងគ្រួសារដែលមានជីវភាពធម្មតាដូចជា បញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ ការបាត់បង់ការងារ និងការព្រួយបារម្ភពីកូនៗរបស់ខ្លួនជាដើម។ ចំណែកឯគ្រួសារដ៏ទៃទៀត ពួកគេក៏អាចជួបជាមួយនឹងបញ្ហាទាំងនេះដែរ រួមជាមួយនឹងមនុស្សពេញវ័យមួយចំនួនដែលរស់នៅម្នាក់ឯងដែលអាចទទួលនូវបញ្ហាសតិអារម្មណ៍ ជាពិសេសក្នុងអំឡុងពេលមួយនេះ បើយោងតាមការចេញផ្សាយរបស់គេហទំព័រ Advantage Mental Health Center។

៤ មនុស្សចាស់ជរា

យោងតាមមជ្ឍមណ្ឌលប្រយុទ្ធប្រឆាំង និងបង្ការជំងឺឆ្លងអន្តរជាតិ (CDC) អត្រាអាយុនៃការឆ្លងជំងឺកូវីដ១៩ដំណាក់ការធ្ងន់ខ្ពស់បំផុតនោះគឺជាមនុស្សចាស់ជរាដែលបានអាយុចាប់ពី ៥០ទៅ៨០ឆ្នាំ រួមជាមួយនឹងហានិភ័យក្នុងការស្លាប់ប្រសិនបើបុគ្គលនោះមានផ្ទុកជំងឺប្រចាំកាយស្រាប់។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សដែលមិនអាចពឹងផ្អែកលើខ្លួនឯងបាន រួមមានមនុស្សដែលពិការរាងកាយ និងមនុស្សចាស់ជរាអាចងាយក្នុងការមានភាពតានតឹងក្នុងអារម្មណ៍ ឬបាត់បង់ភាពងាយស្រួលក្នុងការរស់នៅជាដើម នេះបើយោងតាមការចេញផ្សាយរបស់ The Lancet Public Health។ ដូចនេះ ការបិទខ្ទប់ប្រទេស និងភាពព្រួយបារម្ភនៃជំងឺនេះក៏បានជះឥទ្ធិពលទៅលើទៅលើសុខភាពផ្លូវចិត្តរបស់មនុស្សចាស់ជរានៅថ្ងៃខាងមុងផងដែរ ដូចជាជំងឺបាក់ទឹកចិត្ត ការមិនចូលរួមក្នុងការធ្វើសកម្មភាពដើម្បីសុខភាព ការបញ្ចេញនូវអាកប្បកិរិយាមិនល្អនៅក្នុងសង្គម ហើយក៏មានករណីអាចបណ្តាលឱ្យបាត់បង់ជីវិតផងដែរ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Oxford Academic។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ឡេង ហ៊ត
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង