"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

គោលការណ៍ជាមូលដ្ឋាននៃក្រមរដ្ឋប្បវេណី

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

ក្រមរដ្ឋប្បវេណី គឺជាច្បាប់ទូទៅនៃនីតិឯកជន ដែលបទប្បញ្ញិត្តទៅលើសកម្មភាពរស់នៅ និងការធ្វើទំនាក់ទំនងផ្សេងៗ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់បុគ្គលឯកជន លើកលែងតែមានការកំណត់ផ្សេងទៀតនៃច្បាប់ពិសេស។ តួយ៉ាងទំនាក់ទំនង និងសកម្មភាពទាំងនោះមានដូចជា ការអនុវត្តសិទ្ធិបុគ្គល កាតព្វកិច្ច និងទំនាក់ទំនងរវាងសាច់ញាតិ រួមមាន រវាងប្តីប្រពន្ធតាមរយៈអាពាហ៍ពិពាហ៍ រវាងឪពុកម្ដាយនិងកូន ការបែងចែកទ្រព្យសម្បត្តិ ឬកេរមរតក។ល។

តើមានគោលការណ៍ជាមូលដ្ឋានអ្វីខ្លះនៅពីក្រោយបទប្បញ្ញត្តិទាំងនេះ?

ក្រមរដ្ឋប្បវេណីមាន “គោលការណ៍ជាមូលដ្ឋាន” កំណត់សិទ្ធិឯកជនរបស់បុគ្គលដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបន្ថែមភាពជាក់លាក់ និងលម្អិតទៅដល់បញ្ញត្តិទាំងនោះ ព្រមទាំងបានកំណត់គោលការណ៍ជាមូលដ្ឋាននៃសិទ្ធិលើទ្រព្យសម្បត្តិទៀតផង។

សិទ្ធិឯកជនរបស់បុគ្គលដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ

សេចក្តីថ្លៃថ្នូរនិងសមភាពបុគ្គល៖ យោងទៅតាមមាត្រា២ នៃក្រមរដ្ឋប្បវេណី គោលការណ៍មូលដ្ឋានមួយរបស់ក្រមនេះ គឺធានាឱ្យបាននូវសេចក្តីថ្លៃថ្នូររបស់បុគ្គល សមភាពឬភាពស្មើគ្នារបស់បុគ្គលទាំងប្រុសស្រីនៅចំពោះមុខច្បាប់ ដោយមិនមានការរើសអើង ដែលទាំងនេះសុទ្ធសឹងត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា ប្រជាជនខ្មែរគ្រប់រូបមានភាពស្មើគ្នានៅចំពោះមុខច្បាប់ មានសេរីភាព និងកាតព្វកិច្ចដូចគ្នា ដោយមិនមានការរើសអើងប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា ឋានៈឬស្ថានភាពក្នុងសង្គម ធនធាន ឬបុគ្គលិកលក្ខណៈផ្សេងៗទៀតឡើយ។ មិនតែប៉ុណ្ណោះ មាត្រា៤៥ នៃរដ្ឋធម្មនុញ្ញក៏បានបន្ថែមរឹតតែច្បាស់ទៀតថា ការរើសអើងគ្រប់រូបភាពទៅលើស្ត្រី ត្រូវបានលុបបំបាត់ចោល ហើយបុរស និងស្រ្តីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យ។ នេះសបញ្ជាក់ឱ្យឃើញថា គោលការណ៍មួយនេះបានផ្តល់តម្លៃជាខ្លាំងទៅដល់សិទ្ធិឯកជនរបស់បុគ្គលគ្រប់រូបដែលជាប្រជាពលរដ្ឋរស់នៅក្នុងសង្គមនីតិរដ្ឋ ប្រកបទៅដោយភាពយុត្តិធម៌ ភាពស្មើគ្នាក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន នៅគ្រប់ស្រទាប់វណ្ណៈទាំងអស់នៃសង្គម។

ទំនាក់ទំនងសាច់ញាតិ ឬគ្រួសារ៖ ជាការពិតណាស់ យើងដឹងហើយថាមនុស្សគ្រប់រូបដែលរស់នៅក្នុងសង្គមរមែងតែងតែមានទំនាក់ទំនងទៅវិញទៅមកតាមរយៈការជាប់សាច់សាលោហិតរវាងគ្នា ជាឪពុកម្តាយ-កូន បងប្អូន និងទំនាក់ទំនងសាច់ញាតិផ្សេងៗទៀត ព្រមទាំងរវាងសហព័ទ្ធ ឬប្តីប្រពន្ធ តាមរយៈចំណងអាពាហ៍ពិពាហ៍។ល។ កត្តាទាំងនេះធ្វើឱ្យយើងគ្រប់គ្នាមានការប្រាស្រ័យទាក់ទង និងពឹងផ្អែកទៅលើគ្នាទៅវិញទៅមក ដែលបណ្តាលឱ្យកើតចេញជា សិទ្ធិ កាតព្វកិច្ច ទំនួលខុសត្រូវនានា ដែលមិនអាចចៀសផុតបាន។ ដើម្បីជាការសម្រួលលើការប្រាស្រ័យទាក់ទងនេះ ក្រមរដ្ឋប្បវេណី បានចែងយ៉ាងច្បាស់អំពី សិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវទាំងអស់នេះ ដែលពាក់ព័ន្ធទៅនឹងទំនាក់ទំនងសាច់ញាតិ ប្តីប្រពន្ធ ជាដើមនេះ។ គន្ថីទី៧ នៃក្រមរដ្ឋប្បវេណី “ញាតិ” បានរៀបរាប់អំពីទំនាក់ទំនងដូចជា ការភ្ជាប់ពាក្យ អាពាហ៍ពិពាហ៍ ប្រព័ន្ធទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ ការលែងលះគ្នាជាអាទិ៍។ លើសពីនេះទៀត ទំនាក់ទំនង ឪពុកម្តាយ និងកូន ដែលរួមមានទាំងការស្មុំកូន ក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់ផងដែរ។ អំណាចមេបា អាណាព្យាបាល សុទ្ធតែជាសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវសំខាន់បំផុតទៅលើ ការរស់នៅ និងជីវភាពបុគ្គលម្នាក់ៗ។ តួយ៉ាងអំណាចមេបាត្រូវបានចែងនៅក្នុងមាត្រា១០៣៤ និង១០៣៦ ដែលបញ្ជាក់ថា ជាទូទៅ ឪពុកម្តាយដែលមានចំណងអាពាហ៍ពិពាហ៍ ត្រូវមានអំណាចមេបា ដែលជាអ្នកមានសិទ្ធិ និងកាតព្វកិច្ច ចិញ្ចឹមបីបាច់ថែរក្សាកូនដែលជាអនីតិជន។ ស្រដៀងគ្នានេះដែរ ផ្អែកតាមមាត្រា៤៧ នៃរដ្ឋធម្មនុញ្ញ ឪពុកម្តាយមានកាតព្វកិច្ចក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនឱ្យក្លាយខ្លួនទៅជាពលរដ្ឋល្អក្នុងសង្គម។

គោលការណ៍ជាមូលដ្ឋាននៃសិទ្ធិលើទ្រព្យសម្បត្តិ

ក្រមរដ្ឋប្បវេណីបានបញ្ញត្តិ នូវមាត្រាមួយចំនួន ដែលមានគោលការណ៍ជាមូលដ្ឋានទាក់ទងទៅនឹងទ្រព្យសម្បត្តិបុគ្គលផងដែរ។ មាត្រា១៣៨ បានឱ្យនិយមន័យនៃកម្មសិទ្ធិថា ជាសិទ្ធិដែលកម្មសិទ្ធិករ ឬម្ចាស់កម្មសិទ្ធិអាចគ្រប់គ្រង ប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួន បានដោយសេរី ប៉ុន្តែនៅក្នុងទំហំដែលច្បាប់បានអនុញ្ញាត។ ខ្លឹមសារលម្អិតនៃកម្មសិទ្ធិត្រូវបានចែងក្នុងជំពូកទី២ នៃគន្ថីទី៣ ក្នុងក្រមនេះ។ ចំណុចនេះដែរក៏បានឆ្លុះបញ្ចាំងគោលការណ៍មូលដ្ឋានទាក់ទងនឹងរដ្ឋធម្មនុញ្ញខាងលើសារជាថ្មី ពីព្រោះក្នុងរដ្ឋធម្មនុញ្ញ មាត្រា៤៤ ក៏បានចែងថាជនណាក៏ដោយ មិនថាជាបុគ្គល ឬសមូហភាពនោះទេ គឺសុទ្ធសឹងត្រូវបានផ្តល់ឱ្យនូវកម្មសិទ្ធិឯកជនស្របច្បាប់។ លើសពីនេះទៀត ទំនាក់ទំនងញាតិ ក៏មានកាតព្វកិច្ច សិទ្ធិដែលជាប់ពាក់ព័ន្ធ ការបែងចែកទ្រព្យសម្បត្តិ សន្តតិកម្ម  កេរមរតក ដែលជាផ្នែកយ៉ាងសំខាន់ក្នុងជីវភាពរស់នៅ ហើយអាចបង្កឱ្យមានការមិនពេញចិត្ត កើតជាវិវាទដែលយើងបានមើលឃើញជាក់ស្តែងកន្លងមក ច្រើនគួរសមដែរ។ ហេតុដូចនេះហើយ គោលការណ៍មួយដ៏ចាំបាច់របស់ក្រមរដ្ឋប្បវេណី គឺត្រូវជួយទៅដល់ភាគី ក្នុងការបែងចែកផលប្រយោជន៍ ព្រមទាំងចៀសវាង និងដោះស្រាយទំនាស់ទាំងអស់នេះ ដែលមាត្រាទាំងនោះបានដៅនូវមូលដ្ឋានគ្រឹះទៅដល់ច្បាប់ពិសេសផ្សេងៗទៀត។ តួយ៉ាង នៅក្នុងគន្ថីទី៨ នៃក្រមនេះមានចែងអំពីសន្តតិកម្ម ដែលរួមមានលក្ខណៈសម្បត្តិរបស់សន្តតិជន សន្តតិកម្មតាមច្បាប់ សន្តតិកម្មតាមមតកសាសន៍ ការគ្រប់គ្រងនិងបែងចែកមរតក និងចំណុចផ្សេងៗជាច្រើនទៀតដែលត្រូវចាប់អារម្មណ៍។

***Disclaimer

អត្ថបទនេះគ្រាន់តែសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទូទៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ  ដែលអត្ថបទនេះក៏មិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ផ្លូវការណាមួយឡើយ។  The SEED នឹងមិនការធានា និងមិនទទួលខុសត្រូវនូវបញ្ហាផ្លូវច្បាប់ដែលបណ្តាលមកពីការប្រើប្រាស់អត្ថបទនេះឡើយ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ ក្រុមការងារសរសេរអត្ថបទ The SEED
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ