"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩

គំនូរច្នៃប្រឌិតដោយ៖ លោក អ៊ុយ សុភាប្រាជ្ញា

ក្រោយពីសង្គ្រាមលោកលើកទី១បានបញ្ចប់នៅក្នុងឆ្នាំ១៩១៨ មហាអំណាចបច្ចឹមលោកជាច្រើន បានបាត់បង់ឥទ្ធិពលរបស់ខ្លួនយ៉ាងសម្បើមនៅលើឆាកអន្តរជាតិ ដោយសារតែវិនាសកម្ម ដែលបណ្ដាលមកពីសង្គ្រាមដែលមានរយៈពេលយូរឆ្នាំ ហើយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធនធានជាច្រើន។ ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ធ្លាប់តែជាបងធំពិភពលោក ដែលមានទ្រព្យសម្បត្តិហូរហៀរមុនសង្គ្រាមលោកលើកទី១ បានក្លាយជាកូនបំណុលរបស់អាមេរិក ក្រោយពីសង្គ្រាមលោកលើកទី១បានបញ្ចប់ ដោយឡែកអាមេរិកមិនបានរងផលប៉ះពាល់ដោយសារសង្គ្រាមនោះទេ ដោយសារតែប្រទេសនេះមានទីតាំងអំណោយផល ស្ថិតនៅទ្វីបមួយដាច់ឆ្ងាយពីគេ និងមិនងាយរងមហន្តរាយដោយសារសង្គ្រាម។ ភាពមិនរងផលប៉ះពាល់នៃសង្គ្រាម និងការទទួលបានផលចំណេញកប់ពពកពីសង្គ្រាម បានធ្វើឱ្យឥទ្ធិពលអាមេរិកមានកាន់តែខ្លាំងក្លាឡើងនៅលើពិភពលោក ហើយបានស្គាល់ភាពរុងរឿងទាំងសេដ្ឋកិច្ច និងនយោបាយដ៏អស្ចារ្យនាពេលនោះ។

រូបភាពសម្បូរសប្បាយនៅអាមេរិកបានបន្តរហូតមកដល់ឆ្នាំ១៩២៩ ប្រទេសនេះបានជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចយ៉ាងអាក្រក់បំផុតមួយ (ដែលត្រូវបានគេហៅជាភាសាអង់គ្លេសថា The Great Depression) គឺជាវិបត្តិដ៏ធ្ងន់ធ្ងរ ដែលមានរយៈពេលយូរបំផុតនៅអាមេរិក និងនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិសម័យទំនើប។ វិបត្តិសេដ្ឋកិច្ចស៊ីជម្រៅដ៏ខ្មៅងងឹតនេះ បានចាប់ផ្ដើមផ្ទុះឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ១៩២៩ (Black Thursday) ក្នុងទីផ្សារមូលបត្រនៃទីក្រុងញ៉ូវយ៉ក ហើយបានរីករាលដាលដល់ប្រទេសមូលធននិយមជុំវិញពិភពលោក ព្រមទាំងបានអូសបន្លាយរហូតដល់សង្គ្រាមលោកលើកទី២។

ព្រឹត្តិការណ៍សំខាន់ៗមុនវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩ ផ្ទុះឡើង

សង្គ្រាមលោកលើកទី១បានបញ្ចប់ទៅ ដោយអាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រីបានទទួលរងនូវការបរាជ័យយ៉ាងដំណំ ហើយអាមេរិកគឺជាប្រទេសដែលឈ្នះសង្គ្រាម និងបានក្លាយជាម្ចាស់បំណុលរបស់មហាអំណាចបច្ចឹមលោក បានចាប់ផ្ដើមស្គាល់ពីវឌ្ឍនភាពសង្គមរបស់ខ្លួនដល់កំពូលនាពេលនោះដែរ។ អាមេរិកបានលេចត្រដែតខ្លួនឡើងជាមហាអំណាចថ្មីមួយទៀតនៅលើពិភពលោក ដោយសារតែទទួលបានផលចំណេញដ៏ធំធេងពីសង្គ្រាមលោកលើកទី១។

ភាពរុងរឿងនៃសេដ្ឋកិច្ច អាមេរិកដែលមានរយៈពេលជិត១០ឆ្នាំ(១៩២២-១៩២៩) បានបាត់បង់ឧត្តមភាពរបស់ខ្លួន ក្រោយពេលប្រធានាធិបតីដែលបានបន្តដំណែងដឹកនាំពីលោក វូដ្រូ វិលសុន (Woodrow Wilson) (១៩១៦-១៩២០) ចំនួនបីរូបមានដូចជាលោក ហាឌីង(Harding) លោក ឃូលីដ(Coolidge) និងលោក ហ៊ូវ័រ(Hoover) សុទ្ធសឹងតែជាបេក្ខភាពមកពីបក្សសាធារណរដ្ឋនិយម បានអនុវត្តនូវទ្រឹស្តីសេដ្ឋកិច្ច “ទុកឱ្យគេធ្វើ” (Laissez-faire គឺជាទ្រឹស្ដីសេដ្ឋកិច្ចកើតចេញពីប្រទេសបារាំងនៅសតវត្សរ៍ទី១៨ ដែលជាទ្រឹស្តីប្រឆាំងនឹងអន្តរាគមន៍របស់រដ្ឋាភិបាលនៅក្នុងកិច្ចការជំនួញក្នុងទីផ្សារសេរី) ជាហេតុបណ្ដាលឱ្យផលិតផលក្នុងស្រុកកើនឡើងហួសហេតុ នាំឱ្យតម្រូវការទីផ្សារមានការរួមតូច ហើយវិបត្តិសេដ្ឋកិច្ចមួយក៏បានកើតឡើង។

ស្របទៅតាមទ្រឹស្តីរដ្ឋាភិបាល អ្នកជំនួញអាមេរិកបានបង្កើតនូវរបៀបរកស៊ីថ្មីមួយ ដែលបានឆ្លុះបញ្ចាំឱ្យយើងឃើញតាមរយៈទ្រឹស្ដីរបស់ ហ៊ែនរី ហ្វ៊ត (Henry Ford) ដែលជាស្ថាបនិកក្រុមហ៊ុនរថយន្ត Ford។ លោកបានលើកឡើងនូវទ្រឹស្ដីដ៏សាមញ្ញមួយថា ដើម្បីអាចចំណេញប្រាក់ច្រើន គឺមិនត្រូវលក់ឱ្យអ្នកមានវណ្ណៈខ្ពស់ដូចកាលពីមុនទេ តែត្រូវលក់ឱ្យកម្មករនយោជិតធម្មតាផងដែរ។ កម្មករនយោជិត មានលទ្ធភាពអាចទិញរថយន្តជិះបាន ល្គឹកណាពួកគេទទួលបានតម្លៃប្រាក់ខែខ្ពស់ជាងមុន។ លោក ហ៊ែនរី បានដំឡើងប្រាក់ខែយ៉ាងច្រើនដល់បុគ្គលិក ហើយបូករួមជាមួយនិងការបង្កើតឱ្យមានសេវាកម្មបង់រំលោះរថយន្តថែមទៀតផង។ នៅពេលនោះទីផ្សាររថយន្តនៅអាមេរិកកើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក គ្រាន់តែនៅទីក្រុងឌីទ្រត(Detroit) ក្រុមហ៊ុន Ford បានផលិតរថយន្តប្រមាណជិត១ម៉ឺនគ្រឿងក្នុងមួយថ្ងៃ ដើម្បីដាក់លក់។ បរិមាណចេះតែកើនឡើង ខណៈដែលត្រូវការថយចុះ បានធ្វើឱ្យតម្លៃរថយន្តធ្លាក់ចុះពី ១២០០ដុល្លារ មក៨២៥ដុល្លារក្នុងមួយគ្រឿង។ ភាពអន់ថយនៃសេដ្ឋកិច្ចក៏បានកើតឡើង នៅពេលដែលចំនួនរថយន្តកើនឡើងខ្លាំងនៅលើទីផ្សារ ប៉ុន្តែអត្រាអ្នកទិញបែរជាធ្លាក់ចុះ ជាហេតុបង្កឱ្យមានវិបត្តិផលិតផលលើស។ វិបត្តិផលិតលើសក៏បានជះឥទ្ធិពលមិនល្អដល់ក្រុមកសិករអាមេរិកផងដែរ ដោយសារតែផលិតផលកសិកម្មដែលផលិតបាន គឺគ្មានទីផ្សារសម្រាប់កសិករដាក់លក់ ហើយហេតុការណ៍នេះ បានធ្វើឱ្យកសិករអាមេរិកជាច្រើន ខាតបង់ទ្រព្យសម្បត្តិ និងគ្មានលុយសម្រាប់សងធនាគារ ព្រោះតែកសិករភាគច្រើនបានខ្ចីលុយធនាគារដើម្បីធ្វើកសិកម្ម។ គួររំលឹកបន្តិចថា កាលពីមុនវិបត្តិនេះកើតឡើង អាមេរិក គឺជាប្រទេសនាំចេញស្រូវសាលីធំជាងគេនៅលើពិភពលោក បន្ទាប់ពីផ្ទុះឡើងនូវវិបត្តិរួចមក អាមេរិកក៏បានកាត់បន្ថយបរិមាណនាំចេញរបស់ខ្លួន ក៏ប៉ុន្តែតម្លៃទីផ្សារអន្តរជាតិនៅតែបន្តធ្លាក់ចុះដដែល។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩២៩ ទីផ្សារមូលបត្រអាមេរិកបានធ្លាក់ចុះយ៉ាងគំហុក បង្កឱ្យមានភាពចលាចល បង្កើតទៅជាវិបត្តិហិរញ្ញវត្ថុ បណ្តាលឱ្យធនាគារជាច្រើនត្រូវក្ស័យធនជាបន្តបន្ទាប់។ បន្ទាប់មកទៀត វិបត្តិហិរញ្ញវត្ថុនេះបានក្លាយទៅជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយបានរាលដាលចេញពីសហរដ្ឋអាមេរិក ទៅទូទាំងពិភពលោក។ នៅតាមបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ជាដើម សកម្មភាពឧស្សាហកម្មបានធ្លាក់ចុះក្នុងចន្លោះពី ២៣% ទៅ ៤៦%។ អត្រាអ្នកអត់ការងារធ្វើ កើនឡើងរហូតដល់ ២៥% ឬជាង ៣០% អាស្រ័យទៅតាមប្រទេស ចំណែកឯការដោះដូរពាណិជ្ជកម្មអន្តរជាតិបានធ្លាក់ចុះរហូតដល់ជាងពាក់កណ្តាល។

ហេតុផលចម្បងចំនួនបួនដែលនាំឱ្យមាន The Great Depression កើតឡើងក្នុងឆ្នាំ១៩២៩

១. វិបត្តិទីផ្សារភាគហ៊ុន៖ ក្រោយពីបញ្ចប់សង្គ្រាមលោកលើកទី១ ប្រជាជនអាមេរិករាប់លាននាក់បានចាប់អារម្មណ៍ទៅលើការវិនិយោគលើទីផ្សារភាគហ៊ុន ហើយមនុស្សជាច្រើនបាននាំគ្នាខ្ចីលុយពីធនាគារដើម្បីទិញភាគហ៊ុន ដោយរំពឹងថានឹងទទួលបានប្រាក់ចំណេញពីការវិនិយោគ ហើយយកថ្លៃដើមមកសងធនាគារវិញ។ នៅពេលដែលមនុស្សនាំគ្នាទិញភាគហ៊ុនច្រើនខ្លាំងពេក បានធ្វើឱ្យតម្លៃភាគហ៊ុនខ្ពស់ជាងតម្លៃក្រុមហ៊ុនខ្លួនឯង។ ហេតុផលនេះបានបណ្ដាលឱ្យមនុស្សភ័យស្លន់ស្លោរ ហើយនាំគ្នាលក់ភាគហ៊ុនរបស់ខ្លួនដើម្បីការពារការខាតបង់ ប៉ុន្តែនៅខែវិច្ឆិកា ឆ្នាំ១៩២៩ មនុស្សរាប់លាននាក់មិនអាចលក់ភាគហ៊ុនរបស់ខ្លួនបាន ជាហេតុធ្វើឱ្យពួកគេគ្មាន​ប្រាក់បង់ធនាគារ។ អ្នកខ្លះក៏លក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដើម្បីបង់ធនាគារឱ្យទាន់ពេល រីឯក្រុមហ៊ុនដែលវិនិយោគទុនលើការទិញភាគហ៊ុនជាច្រើន ក៏ក្ស័យធននាពេលនោះដែរ។

២. វិបត្តិធនាគារ៖ នៅពេលដែលមនុស្សជាច្រើននាំគ្នាខ្ចីប្រាក់ពីធនាគារ ទៅវិនិយោគភាគហ៊ុនដែលកំពុងមានវិបត្តិ ហើយគ្មានលទ្ធភាពសងប្រាក់ត្រលប់ បានធ្វើឱ្យធនាគារតូចៗជាច្រើនបិទទ្វារនៅពេលនោះ។ ហេតុការណ៍នេះ បានធ្វើឱ្យអ្នកផ្ញើលុយនៅធនាគារបាត់បង់នូវទំនុកចិត្តលើធនាគារ ហើយនាំគ្នាដកលុយយ៉ាងគំហុកចេញពីធនាគារ ជាលទ្ធផលធនាគារជាច្រើននៅអាមេរិកបានក្ស័យធននៅឆ្នាំ១៩៣៣។

៣. វិបត្តិផលិតផលលើស ៖ នៅឆ្នាំ១៩២៩ តម្រូវការពីសំណាក់អតិថិជនបានកាត់បន្ថយ ខណៈពេលដែលដំណើរការផលិតរបស់រោងចក្រធំៗនៅតែបន្តធម្មតា។ បើទោះជាតម្លៃប្រាក់ឈ្នួលត្រូវបានតម្លើងឱ្យកម្មករនយោជិតក៏ដោយ ក៏ពួកគេនៅតែមិនមានលទ្ធភាពក្នុងការទិញផលិតផលដដែល ជាហេតុធ្វើឱ្យផលិតផលដែលបានផលិតរួចគ្មានទីផ្សារសម្រាប់ការលក់។

៤. ការថយចុះនៃតម្រូវការ (Under-consumption)៖  កសិករអាមេរិកជាច្រើនបានខ្ចីលុយពីធនាគារដើម្បីយកទៅធ្វើកសិកម្ម ប៉ុន្តែតម្លៃស្បៀងអាហារដែលផលិតបានបែរជាធ្លាក់ចុះ និងលែងមានតម្រូវការពីមនុស្សច្រើនដូចមុន។ ហេតុការណ៍នេះបានធ្វើឱ្យកសិករត្រូវបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន ដោយសារត្រូវលក់សងធនាគា។ វិបត្តិគ្មានអ្នកទិញផលិតផលក៏បានប៉ះពាល់ខ្លាំងទៅលើឧស្សាហកម្មដែកថែបផងដែរ ដោយរោងចក្រដែកថែបជាច្រើនបានបិទទ្វារ មនុស្ស២៥%នៃប្រជាជនសរុបគ្មានការងារធ្វើ ហើយសេដ្ឋកិច្ចដុនដាបជាខ្លាំង។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ លោក ណោង សុខនិមល និង កញ្ញា លន់ សុមាលា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង