ប្រវត្តិនៃច្បាប់ការងារ
យោងតាម សៀវភៅ ដែលមានចំណងជើងថា “Introduction of Cambodia Law” ច្បាប់ការងារកម្ពុជា បានចាប់បដិសណ្ឋិ និងវិវត្តន៍តាំងពីសម័យអាណានិគមបារាំងមកម៉្លេះ។ យោងតាមក្រមរដ្ឋប្បវេណីឆ្នាំ ១៩២០ គឺមានចែងអំពីទំនាក់ ទំនងរវាងនិយោជក និងនិយោជិត ដែលតម្រូវឲ្យនិយោជិតបំពេញការងាររយ:ពេល ១០ម៉ោងក្នុង មួយថ្ងៃ។ ក្រោយទទួលឯករាជ្យភាព បារាំងបានបន្សល់ទុកនូវឯកសារច្បាប់ជាច្រើន ក៏ដូចជារដ្ឋបាលនៃការគ្រប់គ្រងរដ្ឋដល់កម្ពុជា ដែលជាឱកាសមួយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍នៃច្បាប់ការងារ។ ក៏ប៉ុន្តែការគាំពារនយោជិតត្រូវបានផ្អាកអំឡុងសម័យប៉ុលពត ដែលប្រជារាស្ត្រត្រូវធ្វើការហួសកម្លាំងយ៉ាងបង្ខិតបង្ខំ ហើយរវល់ជាមួយសង្គ្រាមស៊ីវិលនិងស្វែងរកអង្ករច្រកឆ្នាំងជាជាងគិតពីការគាំពារបន្ទាប់ពីហេដ្ឋរចនាសម្ព័ន្ធត្រូវបានកម្ទេចដោយសារសម័យសាហាវយង់ឃ្នង។ បន្ទាប់ពីហែលឆ្លងចេញពីសុបិនអាក្រក់អស់រយៈជិត ២០ ឆ្នាំមក ការគាំពារនយោជិតចាប់ផ្ដើមមានពន្លឺដោយការអនុម័តឡើងច្បាប់ការងារនៅឆ្នាំ ១៩៩២ ដែលមានមាត្រាមួយ បានចែងអំពី ទំនាក់ទំនងការងាររវាងនិយោជកទាំងអស់នៅក្នុងស្ថានភាពណា ក៏ដោយជាមួយអ្នកស៊ីឈ្នួលនៅ ក្នុងសហគ្រាស គ្រឹះស្ថានឧស្សាហកម្ម រ៉ែ ពាណិជ្ជកម្ម សិប្បកម្ម កសិកម្ម និងសេវាកម្ម។
ប្រភពនៃច្បាប់ការងារ
ប្រភពនៃច្បាប់ការងារនៅកម្ពុជាមានពីរសំខាន់ៗ គឺច្បាប់អន្តរជាតិ និងច្បាប់ជាតិ។ ក្រោយពីកម្ពុជាបានក្លាយជាសមាជិកនៃអង្គការការងារពលកម្មពិភពលោកតាំងពីឆ្នាំ ១៩៦៩ មកដល់សព្វថ្ងៃនេះ កម្ពុជាបានផ្តល់សច្ចានុមតិលើអនុសញ្ញាទាក់ទងនឹងការគាំពានយោជិតចំនួន ១៣ របស់អង្គការនេះរួចមកហើយ ដូចជា អនុសញ្ញាពីការកម្រិតអាយុអប្បបរមាសម្រាប់ចូលធ្វើការ អនុសញ្ញាស្តីពីការងារពេលយប់របស់មនុស្សពេញវ័យ អនុសញ្ញាស្តីពីការងារពេលយប់របស់ស្ត្រី អនុសញ្ញាស្តីពីប្រាក់ឈ្នួលស្មើគ្នាសម្រាប់កម្មករនិយោជិតបុរស-ស្ត្រី និងអនុសញ្ញាដទៃទៀតជាដើម។
ចំណែកឯច្បាប់ក្នុងស្រុកវិញ យើងក៏អាចស្វែងរកបាននូវប្រភពនៃច្បាប់ជាតិទាក់ទងនឹងវិស័យការងារ បានដែលបានរំលេចនៅក្នុង៖
– រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣
– ក្រមរដ្ឋប្បវេណី
– ច្បាប់ការងារឆ្នាំ១៩៩៧
– ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី
– ច្បាប់ស្តីពីសហជីព
– ឬតាមរយ:អនុក្រឹត្យ ប្រកាស សេចក្តីសម្រេច និងលិខិតបង្គាប់ការផ្សេងៗទៀត។ លើសពីនេះទៅទៀត ក្រុមប្រឹក្សាអាជ្ញាកណ្តាលគឺជាស្ថាប័នមួយដែលមានតួនាទីសម្រាប់ដោះស្រាយ វិវាទការងារក្រៅប្រព័ន្ធតុលាការ ហើយតែងតែអភិវឌ្ឍនូវយុទ្ធសាស្ត្រតាមរយ:សេចក្តីសម្រេចផ្សេងៗ។ ដូច្នេះសេចក្តីសម្រចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ចាត់ទុកជាប្រភពនៃច្បាប់ការងារមួយផងដែល ដើម្បីបំពេញនូវចន្លោះខ្វះខាតខ្លះនៃច្បាប់ការងារកម្ពុជាបច្ចុប្បន្ននេះ។
សេចក្តីផ្តើមនៃច្បាប់ការងារនៅកម្ពុជាបច្ចុប្បន្នភាព
នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បានចែងយ៉ាងច្បាស់អំពីសិទ្ធិរបស់ប្រជាពលរដ្ឋទាំងពីរភេទ ក្នុងការជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន ប្រាក់បំណាច់ស្មើគ្នាចំពោះការងារស្មើគ្នា និងលុបចោលការរើសអើងគ្រប់ប្រភេទប្រឆាំងស្ត្រីភេទ ការទទួលបាននូវផលប្រយោជន៍ពី របបសន្តិសុខសង្គម និងការបង្កើតសហជីព ឬសមាគមនិយោជកជាដើម ដែលនេះគឺជាគោលគំនិតនៃការការពារវិស័យការងារ។ ក្រោយមកដើម្បីលម្អិតអំពីការគាំពារវិស័យការងារ ច្បាប់ការងារឆ្នាំ១៩៩៧ក៏ត្រូវបានអនុម័តឡើង និងហើយច្បាប់ការងារឆ្នាំ១៩៩៧នេះជំនួសច្បាប់ការងារឆ្នាំ១៩៩២ ដែលមកដល់បច្ចុប្បន្ននេះ ច្បាប់ការងារឆ្នាំ១៩៩៧ ត្រូវបានធ្វើវិសោធនកម្ម ២ដងរួចមកហើយ។
អ្វីទៅជាច្បាប់ការងារ?
ច្បាប់ការងារ គឺជាបទដ្ឋានគតិយុត្តដែលបង្កើតទំនាក់ទំនងបុគ្គលនិងសមូហភាពនៃការងារ រវាងនិយោជក និង កម្មករ-និយោជិត ដែលកម្មករ-និយោជិតត្រូវបម្រើការងារក្រោមអំណាចគ្រប់គ្រង របស់និយោជកដើម្បីទទួលបាននូវប្រាក់កម្រៃសមរម្យ។ ច្បាប់នេះគ្រប់គ្រងអំពីទំនាក់ទំនងដែលកើតចេញ ពីកិច្ចសន្យាការងាររវាងនិយោជក និងកម្មករ-និយោជិតដើម្បីយកអនុវត្តលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តែប៉ុណោ្ណះ ទោះបីជាកិច្ចសន្យានោះធ្វើឡើងនៅទីណា ភាគីនៃកិច្ចសន្យាមានសញ្ជាតិជាអ្វី ហើយស្នាក់នៅទីណាក៏ដោយ។ បទប្បញ្ញត្តិទាំងអស់ក្នុងច្បាប់ការងារឆ្នាំ ១៩៩៧ មានលក្ខណ:ជា សេចក្តីបង្គាប់ការសាធារណ: ដូច្នេះវិធានទាំងអស់ដែលនិយោជក និងកម្មករ-និយោជិត បានព្រមព្រៀងគ្នានៅក្នុងកិច្ចសន្យា ត្រូវតែគោរពតាមបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ការងារនេះ។ រាល់កិច្ចព្រមព្រៀងគ្នានៅក្នុង កិច្ចសន្យា ដែលផ្ទុយពីបទប្បញ្ញត្តិដែលមានចែងក្នុង ច្បាប់ការងារនេះត្រូវ ចាត់ទុកជាមោឃ:។
តើកម្មករនិយោជិតទទួលបានផលប្រយោជន៍អ្វីខ្លះពីច្បាប់ការងារ?
ច្បាប់ការងារឆ្នាំ ១៩៩៧ នេះមិនបានកំណត់ទំហំប្រយោជន៍ជាអតិបប្បរមាទេ ប៉ុន្តែបានលើកទឹកចិត្តឱ្យ និយោជកម្នាក់ឬមួយក្រុមផ្តល់នូវផលប្រយោជន៍ឬសិទ្ធិផ្សេងៗទៀត ដែលប្រសើរជាងបទប្បញ្ញត្តិ ដែលមានចែង។ និយោជកមិនត្រូវមកបញ្ហារើសអើងជាតិសាសន៍ក្នុងរូបភាពណាមួយក្នុង ការផ្តល់ផលប្រយោជន៍ ឬសិទ្ធិផ្សេងៗដល់កម្មករ-និយោជិតនោះទេ លើកលែងតែមានការចែងក្នុង ច្បាប់ផ្សេងទៀតច្បាស់លាស់ដែលមានលក្ខណ:ការពារស្ត្រី និងកុមារ។ យើងអាចសង្កេតឃើញត្រួសៗអំពីសិទ្ធ និងផលប្រយោជន៍ដែលកម្មករ-និយោជិតទទួលបាន ដូចជាការអនុញ្ញាតឱ្យកម្មករ-និយោជិតធ្វើការ ក្នុងមួយថ្ងៃត្រឹមតែ ៨ ម៉ោង ឬ៤៨ ម៉ោង ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ និងទទួលបានូវប្រាក់កម្រៃមួយយ៉ាងសមរម្យ។ ក្រៅពីម៉ោងធ្វើការងារធម្មតា កម្មករ-និយោជិតអាចធ្វើ ការបន្ថែមម៉ោងបានដោយស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំបានឡើយ ដែលការងារបន្ថែមម៉ោងអតិបរមា ២ម៉ោង ក្នុងមួយថ្ងៃ។ ក្រៅពីនេះកម្មករ-និយោជិតទទួលបាននូវការឈប់សម្រាកប្រចាំឆ្នាំ ការឈប់សម្រាកថ្ងៃបុណ្យ ការឈប់សម្រាកពិសេស ការឈប់សម្រាកឈឺ ការឈប់សម្រាកលំហែទាំមាតុភាព ការទទួលបាននូវប្រាក់រង្វាន់ អតីតភាពការងារ ការទទួលបាននូវប្រាក់រង្វាន់ការងារទៀងទាត់ជាដើម។ លើសពីនេះទៅទៀត កម្មករ-និយោជិតក៏ទទួលបាន នូវកន្លែងធ្វើការដែលមានសុវត្ថិភាព សុខុមាលភាព និងអនាម័យ ដូចជាគិលានដ្ខាន និងការសង្រោ្គះបន្ទាន់ បង្គន់អនាម័យ ទឹកបរិភោគ ខ្យល់អាកាស កម្តៅ និងការធ្វើឱ្យមានខ្យល់ចេញចូលល្អក្នុងកន្លែងធ្វើការជាដើម។ យោងតាមច្បាប់ស្តីពី បេឡាជាតិសន្តិសុខសង្កម ២០១៩ និយោជក និងកម្មករ-និយោជិតក៏ទទួលបានផលប្រយោជន៍ពីរបបសន្ដិសុខសង្គម ទាំងបួនផ្នែកសំខាន់ផងដែរ មានដូចជា ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មវេលា។
អត្ថបទនេះគ្រាន់តែសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទូទៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ ដែលអត្ថបទនេះក៏មិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ផ្លូវការណាមួយឡើយ។ The SEED នឹងមិនការធានា និងមិនទទួលខុសត្រូវនូវបញ្ហាផ្លូវច្បាប់ដែលបណ្តាលមកពីការប្រើប្រាស់អត្ថបទនេះឡើយ។