"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើអ្វីទៅគឺជាCANZUK?

គំនូរច្នៃប្រឌិតដោយ៖ លោក អ៊ុយ សុភាប្រាជ្ញា

បន្ទាប់ពីការផ្លាស់ប្តូរ Brexit បានបិទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អង់គ្លេសបានស្វះស្វែងរកសម្ព័ន្ធ ឬដៃគូសហប្រតិបត្តិការថ្មី ពីព្រោះថាការបង្កើតសម្ព័ន្ធភាពថ្មីនេះអាចមានសារៈសំខាន់ណាស់សម្រាប់គោលដៅអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស។ ហេតុដូច្នេះ ក្រោយពីបានចាកចេញពីដៃគូចាស់របស់ខ្លួនគឺសហភាពអឺរ៉ុបហើយ អង់គ្លេសបានចូលរួមជាសម្ព័ន្ធមិត្តជាមួយប្រទេសបីផ្សេងទៀតដែលយើងហៅថា “CANZUK”។ ទន្ទឹមគ្នានេះ CANZUK ​ក៏បាននាំឱ្យមាននូវការចាប់អារម្មណ៍និងចម្ងល់យ៉ាងខ្លាំងផងដែរពីសំណាក់អ្នកសិក្សាទាំងឡាយ ជាពិសេសសិស្សដែលរៀនមុខវិជ្ជាទំនាក់ទំនងអន្តរជាតិ ឬវិទ្យាសាស្ត្រនយោបាយទៅលើ CANZUK នេះ។ នៅក្នុងអត្ថបទមួយនេះ យើង​នឹងឆ្លើយទៅលើសំណួរមួយចំនួនដែលមានដូចជា តើអ្វីទៅគឺជាCANZUK?ហើយតើ CANZUK មានបេសកកម្មអ្វីខ្លះ?

តើអ្វីទៅគឺជាCANZUK?

CANZUK (Canada, Australia, New Zealand, and the United Kingdom) គឺជាអក្សរកាត់ដែលត្រូវបានប្រើដើម្បីពិពណ៌នាអំពីការរួមបញ្ចូលគ្នានៃបណ្តាប្រទេសអភិវឌ្ឍន៍ចំនួនបួនគឺ កាណាដា​ អូស្ត្រាលី នូវែលសេឡង់ និងចក្រភពអង់គ្លេស ដែលគឺជាអង្គការអន្តរជាតិ ឬសហភាពដែលស្រដៀងនឹងវិសាលភាពសហគមន៍សេដ្ឋកិច្ចអឺរ៉ុប (EEC)។ ហើយគោលបំណងរបស់វានេះគឺរួមបញ្ចូលទាំងការបង្កើនពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការនយោបាយការបរទេស កិច្ចសហប្រតិបត្តិការយោធា និងភាពចល័តរបស់ពលរដ្ឋរវាងរដ្ឋទាំង ៤​។ គំនិតរបស់ CANZUK ត្រូវបានអ្នកនិពន្ធឈ្មោះ​ William David McIntyre ឆ្លុះបញ្ចាំង(Coined)ដំបូងគេនៅក្នុងឆ្នាំ ១៩៦៧ ប៉ុន្តែសំណើនេះមិនមានការកត់សម្គាល់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលមានប្រជាប្រិយភាពនោះទេ រហូតដល់ការបោះឆ្នោត Brexit ក្នុងឆ្នាំ២០១៦។ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងដែលមានសក្តានុពលនេះគឺទទួលបានការគាំទ្រតិចតួចប៉ុណ្ណោះ ប៉ុន្តែការគាំទ្រដែលគួរឱ្យកត់សម្គាល់គឺការគាំទ្រនៅក្នុងប្រទេសរៀងៗខ្លួន ជាពិសេសដោយអ្នកអភិរក្សអង់គ្លេសនិងកាណាដា។ ទោះយ៉ាងណា ក្រុមអ្នកសិក្សានិងអ្នកជំនាញទំនាក់ទំនងអន្តរជាតិសញ្ជឹងគិតថាតើ CANZUK នឹងផ្តល់អត្ថប្រយោជន៍សង្គមនិងសេដ្ឋកិច្ចដល់ប្រទេសទាំង ៤ នេះឬយ៉ាងណា។ លើសពីនេះ បណ្តាប្រទេសទាំងអស់នេះមានភាពស្រដៀងគ្នាជាច្រើន។ ពួកគេទាំងអស់និយាយភាសាអង់គ្លេស មានរបៀបរស់នៅបែបប្រជាធិបតេយ្យ និងមានការអភិវឌ្ឍសេដ្ឋកិច្ច​។ ជាពិសេសនោះ ពួកគេទាំងអស់ប្រើប្រព័ន្ធសភាវេសមីនស្ទ័រ(Westminster Parliamentary System)ដោយធ្វើឱ្យទំនាក់ទំនងជិតស្និទ្ធរបស់កាណាដា អូស្ត្រាលី និងនូវែលសេឡង់ មានជាមួយចក្រភពអង់គ្លេសកាន់តែស្អិតរមួតឡើង។ នៅលើកម្រិតអន្តរជាតិ ប្រទេសទាំងនោះក៏មានឥទ្ធិពលសេដ្ឋកិច្ចកម្រិតមធ្យមផងដែរដែលគេឱ្យឈ្មោះថាពួក “ អំណាចកណ្តាល”។ ជាពិសេសនោះ CANZUK និងអង្គការនយោបាយរបស់ខ្លួនអាចជួយសម្រួលដល់ការសន្ទនាអំពីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សអន្តរជាតិដែលជះឥទ្ធិពលដល់ការទូតនៅក្នុងតំបន់រៀងៗខ្លួន។

តើCANZUKមានបេសកកម្មអ្វីខ្លះ?

ប្រទេសកាណាដា អូស្ត្រាលី នូវែលហ្សេឡង់ និងចក្រភពអង់គ្លេស បានមាននូវទំនាក់ទំនងពាណិជ្ជកម្ម សេចក្តីប្រាថ្នាភូមិសាស្ត្រនយោបាយ និងទំនៀមទម្លាប់រដ្ឋធម្មនុញ្ញ ដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ បើយោងទៅតាម CANZUK អន្តរជាតិ ប្រទេសទាំងបួនបានសហប្រតិ​​​បត្តិការគ្នា ៤ ចំណុចដូចខាងក្រោមគឺ៖

ទី១ សម្របសម្រួលការធ្វើចំណាកស្រុក។ CANZUK មានគោលបំណងដើម្បីទទួលបានកិច្ចព្រមព្រៀងស្តីពីការធ្វើចំណាកស្រុកទៅវិញទៅមករវាងប្រទេសដែលជាសមាជិករបស់ខ្លួន។ សេរីភាពក្នុងការធ្វើដំណើរនៅក្នុងបណ្តាប្រទេស CANZUK នឹងអនុវត្តចំពោះប្រជាពលរដ្ឋដែលគោរពច្បាប់ទាំងអស់ ហើយនិងជាធាតុផ្សំដ៏សំខាន់សម្រាប់ទីផ្សារបើកចំហប្រកបដោយជោគជ័យ។

ទី២ ពាណិជ្ជកម្មសេរី គឺជាគោលបំណងដ៏សំខាន់របស់CANZUKមួយដែរក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុគ្រប់ជ្រុងជ្រោយ រវាងកាណាដា អូស្ត្រាលី នូវែលសេឡង់ និងចក្រភពអង់គ្លេស។ ពន្ធគយនិងឧបសគ្គផ្សេងទៀតចំពោះពាណិជ្ជកម្មនឹងត្រូវដកចេញហើយសហជីពបែបនេះនឹងផ្តល់ឱ្យសមាជិកសមាជិការបស់ខ្លួននូវអំណាចនៃការចរចាជាសមូហភាពបន្ថែមទៀតក្នុងការទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មធំៗ ដូចជា សហរដ្ឋអាមេរិក ចិន ឥណ្ឌានិងសហភាពអឺរ៉ុបជាដើម។

ទី៣ គោលនយោបាយការបរទេស។ CANZUK បានខិតខំជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំង ដោយគោរពគោលនយោបាយការបរទេស ការការពារជាតិនិងការប្រមូលព័ត៌មាន(Intelligent gathering)។ កិច្ចព្រមព្រៀង “ភ្នែកប្រាំ” (FVEY) រវាងកាណាដា អូស្ត្រាលី នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក មានប្រសិទ្ធិភាពខ្ពស់ក្នុងការប្រមូលផ្តុំសញ្ញា យោធានិងបញ្ញានៃមនុស្ស (Human Intelligence)។ វាផ្តល់នូវចំណុចចាប់ផ្តើមដ៏មានសារប្រយោជន៍មួយសម្រាប់សម្ព័ន្ធភាពការទូតគ្រប់ជ្រុងជ្រោយរវាងប្រទេស CANZUK ដែលនឹងជួយបំពេញ(Compliment)ការងាររបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ។ សមាគមដែលរួមមានប្រទេសកាណាដា អូស្រ្តាលី នូវែលហ្សេឡង់ និងចក្រភពអង់គ្លេស នឹងមានទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយសហរដ្ឋអាមេរិក ហើយជារួមប្រទេសទាំងនេះអាចមានលក្ខណៈជាសកលជាជាងគ្រាន់តែជាអ្នកលេងក្នុងតំបន់នៅក្នុងឆាកភូមិសាស្ត្រនយោបាយ។

ទី៤ កិច្ចការរដ្ឋធម្មនុញ្ញ(Constitutional Affairs)។​ អធិបតេយ្យភាពរួមគ្នា(The shared Sovereign)នៃបណ្តាប្រទេស CANZUK គឺជាទិដ្ឋភាពដែលមានអត្ថប្រយោជន៍ខ្ពស់នៃសមាគម។ ព្រះមហាក្សត្របានដើរតួនាទីយ៉ាងសំខាន់ជានិមិត្តរូបនៃបេតិកភណ្ឌរួមនិងប្រពៃណីសភា។ លើសពីនេះ ម្កុដ(Crown)គឺជាគ្រឹះនៃរដ្ឋាភិបាលប្រជាធិបតេយ្យនិងនីតិរដ្ឋជុំវិញប្រវត្តិសាស្រ្តដ៏យូរអង្វែងនៃការអភិវឌ្ឍរដ្ឋធម្មនុញ្ញប្រកបដោយសន្តិភាព។ គួរឱ្យកត់សម្គាល់ បណ្តាប្រទេសនិយាយភាសាអង់គ្លេសដែលបានរក្សារបបរាជានិយមបានទទួលជោគជ័យខ្លាំងក្នុងការជៀសវាងភាពវឹកវរស៊ីវិល(Civil unrest)ជាងសមភាគីសាធារណរដ្ឋរបស់ពួកគេ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ សាមណេរ ហាន ណូយ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង