អ្វីទៅដែលហៅថា មជ្ឈត្តការ?
យោងតាមមាត្រា ២ (ក) នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០០៦ (“ច្បាប់ស្តីពីមជ្ឈត្តការ”) គឺជា “ការផ្សះផ្សាវិវាទដោយប្រើប្រាស់វេទិកាមជ្ឈត្តកម្មហើយអាចស្ថិតនៅក្នុងឬនៅក្រៅក្របខ័ណ្ឌនេះការគ្រប់គ្រងរបស់ស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍” ។ មជ្ឈត្តការក៏ជាយន្តការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការមួយដ៏មានប្រសិទ្ធិភាពក្នុងចំណោមយន្តការនៃការដោះស្រាយវិវាទផ្សេងទៀតដូចជា ការចរចារ (Negotiation) ការធ្វើសន្ធាកម្ម (Mediation) ឬ ការផ្សះផ្សា (Negotiation) ។ តាមរយៈយន្តការនេះ ភាគីវិវាទអាចធ្វើការជ្រើសរើស ភាសា ស្ថាប័នដោះស្រាយវិវាទ (ឧទាហរណ៍៖ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការពាណិជ្ជកម្ម (ម.ជ.ម) ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា) ច្បាប់ និងវិធានសម្រាប់ប្រើប្រាស់ក្នុងនីតិវិធីនៃការដោះស្រាយវិវាទរបស់ខ្លួនទាំងមូល។ បន្ថែមពីលើនេះ នីតិវិធី និង ព័ត៌មានរបស់ភាគីពាក់ព័ន្ធនៅក្នុងយន្តការនៃការដោះស្រាយវិវាទនេះនឹងត្រូវបានរក្សាជាសម្ងាត់។
តើមានតួអង្គពាក់ព័ន្ធអ្វីខ្លះ?
នៅក្នុងយន្តការនៃការដោះស្រាយវិវាទតាមរយៈមជ្ឈត្តការ មានការចូលរួមពីភាគីដូចជា៖ វេទិការមជ្ឈត្តកម្ម (អាចមានមជ្ឈត្តករម្នាក់ ឬមួយក្រុម យោងតាមមាត្រា២នៃច្បាប់ស្តីពីមជ្ឈត្តការ) ភាគីវិវាទ តុលាការ (ជាស្ថាប័ន ឬអង្គការនៃប្រព័ន្ធតុលាការរបស់ប្រទេសមួយ យោងតាមមាត្រា២នៃច្បាប់ស្តីពីមជ្ឈត្តការ) សាក្សី និងភាគីពាក់ព័ន្ធដទៃទៀត។
តើមានលក្ខណ្ឌតម្រូវអ្វីខ្លះដើម្បីឲ្យភាគីអាចដោះស្រាយវិវាទរបស់ខ្លួនតាមរយៈយន្តការនេះ?
ដូចទៅនឹងក្រមរដ្ឋប្បវេណីស្តីពីគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន សេរីភាពនៃឆន្ទៈរបស់ភាគីក៏ត្រូវបានធានាដោយយន្តការនៃការដោះស្រាយវិវាទតាមរយៈមជ្ឈត្តការផងដែរ (តាមរយៈកិច្ចព្រមព្រៀងផ្សាះផ្សា)។ យោងតាមមាត្រា ២ (ឃ) នៃច្បាប់ស្តីពីមជ្ឈត្តការ កិច្ចព្រមព្រៀងផ្សាះផ្សា គឺជា “កិច្ចព្រមព្រៀងរវាងភាគីវិវាទក្នុងការធ្វើមជ្ឈិត្ដការវិវាទទាំងអស់ ឬ វិវាទបែបណាមួយដែលកើតឡើង ឬដែលអាចកើតឡើងរវាងភាគីវិវាទនានា ដោយគោរពតាមទំនាក់ទំនងដែលបានកំណត់ដោយច្បាប់ទោះបីជាមានកិច្ចសន្យាឬគ្មានក៏ដោយ។” ក្នុងករណីដែលភាគីមិនបានព្រមព្រៀងគ្នាទុកជាមុន ក្រោយមកមានវិវាទកើតឡើងហើយភាគីម្ខាងចង់ដោះស្រាយវិវាទរបស់ខ្លួនតាមរយៈមជ្ឈិត្តការនោះគឺទាមទារឲ្យមានការព្រមព្រៀងពីភាគីម្ខាងទៀត។ ក៏ប៉ុន្តែជាក់ស្តែង នៅពេលមានជម្លោះកើតឡើងភាគីម្ខាងតែងតែចង់ឈ្នះភាគីម្ខាងទៀត ដូច្នេះធ្វើឲ្យការព្រមព្រៀមរវាងភាគីទាំងកាន់តែមិនអាចធ្វើទៅរួច ឬ ឱកាសដែលភាគីទាំងពីរអាចនឹងព្រមព្រៀងគ្នាដោះស្រាយវិវាទនៅមជ្ឈត្តការកាន់តែតិច។
សរុបសេចក្តីមក ការដោះស្រាយវិវាទពាណិជ្ជកម្មតាមរយៈយន្តការមជ្ឈត្តការអាចធ្វើឡើងទៅបានអាស្រ័យដោយមានការព្រមព្រៀងរបស់ភាគី តាមរយៈកិច្ចព្រមព្រៀងផ្សះផ្សា។ យន្តការនេះក៏ជាអំណោយផលដល់ភាគីក្នុងជ្រើសរើស ភាសា ទីកន្លែង មជ្ឈត្តករ វិធាន និងច្បាប់សម្រាប់ដោះស្រាយវិវាទរបស់ខ្លួនដោយផ្នែកលើឆន្ទៈសេរី។
***Disclaimer
អត្ថបទនេះគ្រាន់តែសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទូទៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ ដែលអត្ថបទនេះក៏មិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ផ្លូវការណាមួយឡើយ។ The SEED នឹងមិនការធានា និងមិនទទួលខុសត្រូវនូវបញ្ហាផ្លូវច្បាប់ដែលបណ្តាលមកពីការប្រើប្រាស់អត្ថបទនេះឡើយ។