"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ការរកឃើញសាកសពកុមារជនជាតិដើមជាង២០០នាក់នៅសាលា Kamloops នៃប្រទេសកាណាដា

គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

នាចុងខែឧសភា ឆ្នាំ២០២១នេះ​ អ្នកនាង Rosanne Casimir ដែលជាប្រធាននៃ Tk’emlups te Secwepemc First Nation របស់ប្រទេសកាណាដា បានប្រកាសនូវការកឃើញដ៏រន្ធត់មួយ ដោយពួកគេបានរកឃើញនូវអដ្ឋិធាតុរបស់កុមារជនជាតិដើមចំនួន២១៥នាក់ ក្នុងនោះមានកុមារខ្លះមានអាយុត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ នៅក្នុងសាលាសាសនាជនជាតិដើមឥណ្ឌា Kamloops ដែលបានបិទទ្វារតាំងពីឆ្នាំ ១៩៧៨មកម្ល៉េះ។ ការរកឃើញនេះគឺជា “ការបាត់បង់មួយដ៏មិននឹងស្មានដល់” ដោយសពទាំងនេះពុំមានឯកសារបញ្ចាក់ និងមិនបានចុះបញ្ចី បញ្ចាក់ដោយអ្នកនាង Rosanne Casimir។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដាលោក Justin Trudeau ក៏បានបានសម្ដែងនូវភាពខ្លោចចិត្តជាខ្លាំងដោយបញ្ជាក់ថាវាជាព្រឹត្តិការណ៏មួយដែល ”គួរឱ្យអាម៉ាស់ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកាណាដា” នេះបើយោងតាមការចេញផ្សាយរបស់ BBC។

ម៉្យាងវិញទៀត ការស្វែករកនេះនៅតែបន្ត ដោយនាដើមខែមិថុនានេះមានការរកឃើញនូវផ្នូរដែលគ្មានឈ្មោះសម្គាល់ដោយខាងកម្លាំង The Cowessess First Nation ចំនួន ៧៥១ទៀតនៅលើទឹកដីដែលធ្លាប់គ្រប់គ្រងដោយវិហាររ៉ូមាំងកាតុលិក។ ការរកឃើញទាំងនេះបានធ្វើឱ្យមនុស្សជាច្រើនក្នុងប្រទេសកាណាដាមានការមិនពេញចិត្តទៅលើទង្វើរបស់អ្នកគ្រប់គ្រងវិហាររ៉ូមាំងកាតុលិក រួមជាមួយនឹងការចេញសកម្មភាពពីសំណាក់ប្រជាជនកាណាដាដូចជាការដកចេញនូវរូបសំណាករបស់បុគ្គលឈ្មោះ Egerton Ryerson នៅក្នុងសកលវិទ្យាល័យ Ryerson រូបសំណាករបស់ម្ចាស់ក្សត្រី Victoria និងម្ចាស់ក្សត្រី Elizabeth ទី២ជាដើម នេះបើយោងតាមការចេញផ្សាយរបស់ Newsweek។

តើសាលាសាសនាជនជាតិដើមជាសាលាអ្វី?

យោងតាមការចេញផ្សាយរបស់ Indigenous peoples atlas of Canada សាលាសាសនាជនជាតិដើមបានចាប់ផ្តើមដំបូងនៅក្នុងប្រទេសកាណាដានៅជុំវិញឆ្នាំ ១៨២៣។ សាលាទាំងនេះត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាលប្រទេសកាណាដា ដោយមានការឧបត្ថម្ភពីរដ្ឋ និងគ្រប់គ្រងដោយវិហាររ៉ូមាំងកាតុលិក។ យោងតាមការចេញផ្សាយរបស់គេហរទំព័រ Indigenous Foundations ប្រព័ន្ធសិក្សារបស់សាលាសាសនានីមួយៗគឺពិតជាឃោរឃៅ ដោយតម្រូវឱ្យក្មេងជនជាតិដើមនីមួយៗចាកចេញពីគ្រួសាររបស់ខ្លួនដើម្បីមកលត់ដំក្នុងការផ្លាស់ប្តូរវប្បធម៌របស់ខ្លួនទៅវប្បធម៌លោកខាងលិច និងមានកុមារជនជាតិដើមប្រហែលជិត ៨៣% នៃជនជាតិដើមទាំងអស់បានចូលមករៀនសាលាសាសនានៅក្នុងប្រទេសកាណាដានាឆ្នាំ១៩២៦ នេះបើយោងតាមការចេញផ្សាយរបស់កិច្ចសហប្រតិបត្តិការ Sicangu CDC។ ការលត់ដំនោះរួមមាន ការហាមមិនឱ្យនិយាយភាសាដើមរបស់ខ្លួន ការធ្វើឱ្យក្មេងៗធ្វើពលកម្មដូចជាការងារក្នុងកសិកម្ម ឧស្សាហកម្មធុនស្រាល ឬការងារក្នុងផ្ទះ និងការរំលោភបំពានដ៏ទៃដោយមានការធ្វើទារុណកម្មជាដើម នេះបើយោងតាមការចេញផ្សាយរបស់គេហរទំព័រ Giving Compass។

ប្រវត្តិដ៏ខ្មៅងងឹតរបស់សាលាសាសនាជនជាតិដើមឥណ្ឌា Kamloops

យោងតាមសាកលវិទ្យាល័យ British Columbia សាលាសាសនាជនជាតិដើម Kamloops គឺជាសាលាសាសនាធំជាងគេនៅក្នុងប្រទេសកាណាដា ដែលបានបើកដំណើរការក្នុងឆ្នាំ ១៨៦៧។ ដូចគ្នាជាមួយនឹងសាលាសាសនាដទៃទៀត សាលាសាសនា Kamloops មានករណីអំពើហិង្សា និងការធ្វើបាបក្មេងៗជាច្រើនបានកើតឡើងជារឿយៗ ដោយក្នុងនោះមានករណីកុមារចំនួន ៦០០០ នាក់បានស្លាប់នៅក្នុងអំឡុងឆ្នាំ ១៩៧០ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC ។ ជាមួយគ្នានេះផងដែរ ក៏មានរបាយការណ៏មួយពីមន្រ្តីសុខាភិបាលក្នុងឆ្នាំ១៩២៧ដែលបានបញ្ចាក់ពីភាពខ្វះខាតអនាម័យក្នុងសាលារៀនដែលអាចរួមចំណែកទៅដល់ការធ្វើឱ្យមានជំងឺឆ្លង ឬជំងឺផ្តាសាយធ្ងន់ធ្ងរក្នុងរដូវរងារ។ ម៉្យាងវិញទៀត យោងតាម The Washington Post កំណត់ត្រារបស់សិស្សដែលបានស្លាប់មួយចំនួនក៏ត្រូវបានបាត់ ដោយគ្មានការបញ្ជាក់ពីមូលហេតុនៃការស្លាប់ ឬរាយការណ៍ពីការស្លាប់ទៅអាណាព្យាបាលឡើយ។

តើរាជរដ្ឋាភិបាលកាណាដាបានធ្វើអ្វីខ្លះកន្លងមក?

– នៅក្នុងឆ្នាំ២០០៨ អតីតនាយករដ្ឋមន្រ្តីនៃប្រទេសកាណាដាលោក Stephen Harper បានធ្វើសេចក្តីថ្លែងការសុំអភ័យទោសដល់អតីតសិស្សនៃសាលាសាសនាទាំងអស់ និងទទួលស្គាល់នូវអំពើរបស់សាលា នីមួយៗនេះពិតជាបានប៉ះពាល់ទៅដល់វប្បធម៌ និងសាសនារបស់ជនជាតិដើមទាំងឡាយពិតមែន។
– នៅក្នុងឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដាលោក Justin Trudeau រួមជាមួយនឹងគណៈកម្មាធិការ TRC (The Truth and Reconciliation Commission of Canada) បានចេញសេចក្តីអំពាវនាវចំនួន៩៤ករណី ដើម្បីស្វែងរកកុមារដែលបានបាត់ខ្លួនក្នុងអំឡុងពេលកំពុងរៀននៅក្នុងសាលាសាសនាទាំងឡាយ។
– នៅក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលក៏បានវិនិយោគទឹកប្រាក់ចំនួន២៨លានដុល្លាអាមេរិកក្នុងការអភិវឌ្ឍនិងថែរក្សាបញ្ជីមរណភាពរបស់សិស្សសាលា រួមជាមួយនឹងការបង្កើតនូវការចុះឈ្មោះតាមប្រព័ន្ធអ៊ិនធឺណែតលើការបញ្ចុះសពទាំងនេះផងដែរ ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ឡេង ហ៊ត
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង