"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ដំណោះស្រាយក្នុងការបញ្ចប់វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩

គំនូរច្នៃប្រឌិតដោយ៖ លោក កញ្ញា សុខ ពុទ្ធារី

ដំណោះស្រាយក្នុងការបញ្ចប់វិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩

ដោយសារភាពបរាជ័យទៅលើការស្រោចស្រង់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នៅក្នុងសម័យកាលរដ្ឋបាលរបស់លោក Herbert Hoover បានធ្វើឱ្យលោក Franklin D.Roosevelt ដែលជាប្រធានាធិបតីឡើងកាន់អំណាចថ្មី សម្រេចដាក់ចេញនូវកម្មវីធីកំណែទម្រង់ថ្មីមួយមានឈ្មោះថា New Deal Programs ក្នុងឆ្នាំ១៩៣៣។ New Deal Programs នេះគឺជាកម្មវីធីត្រូវបានបង្កើតឡើងក្នុងគោលបំណង៣ធំៗរួមមាន៖ ការផ្ដល់ជាជំនួយដល់ជនក្រីក្រ និងជនដែលគ្មានការងារធ្វើ ស្រោចស្រង់សេដ្ឋកិច្ចជាតិឱ្យត្រលប់ទៅរកភាពល្អប្រសើរឡើងវិញ ក៏ដូចជាការធ្វើកំណែទម្រង់ទៅលើប្រព័ន្ធហិរញ្ញវត្ថុជាដើម។ ទន្ទឹមនឹងនេះ New Deal Programs​​ ត្រូវបានបែងចែកជា២ដំណាក់កាលគឺ៖

ក. កម្មវីធី New Deal លើកទីមួយ ១៩៣៣-១៩៣៤ ឫ  The First New Deal

រយៈពេល១០០ថ្ងៃដំបូងនៅក្នុងការិយាល័យរបស់លោក Franklin D.Roosevelt បានសម្រេចបង្កើតច្បាប់ និងទីភ្នាក់ងារថ្មីជាច្រើនរួមមាន ៖ ការដោះស្រាយវិបត្តិសេវាធនាគារដោយតម្រូវឱ្យបិទគ្រប់ធនាគារនៅទូទាំងសហរដ្ឋអាមេរិក (Bank Holiday) ដើម្បីបញ្ជៀសនូវការដកប្រាក់យ៉ាងសន្ធឹកសន្ធាប់ពីសំណាក់ប្រជាជន។ លុះបីថ្ងៃក្រោយមកធនាគារចំនួន ៥,០០០ ត្រូវបានអនុញ្ញាតិឱ្យបើកទ្វារសារជាថ្មី បន្ទាប់ពីទទួលបាននូវការត្រួតពិនិត្យអំពីសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគេក៏ដូចជាដើម្បីការពារធនាគារផ្ទាល់ពីការក្ស័យធនផងដែរ។ លើសពីនេះ ទីភ្នាក់ងារថ្មីៗមួយចំនួនមានដូចជា ច្បាប់​The Agricultural Adjustment Act​ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុដល់កសិករ។ ច្បាប់The Civilian Conservation Corpsសំដៅដល់ការផ្ដល់ឱកាសការងារដល់យុវជនក្នុងការអភិរក្សព្រៃឈើ។​ ​ច្បាប់ The National Recovery Act ក៏ដូចជាច្បាប់The Federal Deposit Insurance Corporationជាដើម។

ខ.កម្មវីធី New Deal លើកទីពីរ ១៩៣៥-១៩៣៨ ឫ  The Second New Deal

ការខិតខំប្រឹងប្រែងរបស់លោក Roosevelt នៅក្នុងកម្មវីធី New Deal លើកទីមួយមិនសូវជាទទួលបានលទ្ធផលល្អប៉ុន្មាននោះទេ ដោយចំនួនអ្នកអត់ការងារធ្វើនៅតែបន្តកើនឡើងស្របគ្នាជាមួយនឹងអស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជាផលវិបាករបស់កសិករក្រោយគ្រោះរាំងស្ងួត ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាជនមានការខឹងសម្បារ និងអស់សង្ឃឹមទៅលើវិធានការណ៍របស់លោក Roosevelt នាពេលកន្លងមក។ ហេតុនេះហើយទើបនៅឆ្នាំ១៩៣៥ លោកបានងាកទៅផ្ដល់ភាពសំខាន់ទៅលើការការពារកម្មករនិយោជិត ក៏ដូចជាបង្កើតឱ្យមាននូវនិរន្តភាព ផ្នែកសន្តិសុខហិរញ្ញវត្ថុជូនប្រជាជនអាមេរិក ដោយច្បាប់សំខាន់ៗចំនួន៤ នៅក្នុងចំណោមច្បាប់ទាំងនោះរួមមាន៖ ការគ្រប់គ្រងផ្នែកវិវឌ្ឍនភាពការងារ ( Work Progress Administration ) គឺជាការផ្ដល់ឱកាសការងារដល់មនុស្សគ្មានការងារធ្វើនៅក្នុងគម្រោងកិច្ចការសាធារណៈ (Social Work Projects)។ ច្បាប់ National Labor Relations Act​ ​​ដែលច្បាប់នេះ នឹងការពារសិទ្ធិរបស់បុគ្គលិកក្នុងការទទួលបានប្រាក់ចំណេញសមូហភាព។ ច្បាប់ The Social Security Act ដែលតម្រូវឱ្យមានការបង់ពន្ធដើម្បីជួយដល់ជនពិការ មនុស្សចាស់ និងជនក្រីក្រជាដើម។ ច្បាប់ Fair Labor Standard Act សំដៅចំពោះការបំពេញការងាររយៈពេល៤០ម៉ោងក្នុងមួយសប្ដាហ៍ដោយគ្មានការប្រើប្រាស់កម្លាំងពលកម្មកុមារ។ទោះជាយ៉ាងណាក្ដី កម្មវីធី New Deal​​​ ទាំងពីរលើកនេះត្រូវបានចាត់ទុកជាចំណែកមួយក្នុងការរើបម្រាស់ពីវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩ រីឯភាពជោគជ័យមួយផ្នែកដ៏ធំមួយទៀតគឺការចំណាយលុយយ៉ាងច្រើនមហាសាលទៅលើវិស័យយោធានៅក្នុងសង្គ្រាមលោកលើកទីពីរ ហើយអាមេរិកក៏ទទួលបានកម្លាំងពលកម្មដ៏ពេញលេញក្នុងវិស័យផលិតកម្មនិងរោងចក្រនានានៅទូទាំងប្រទេស។

វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលបណ្ដាលឱ្យកើតមាននូវសង្រ្គាមលោកលើកទី២

ស្របពេលដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប្រជាជនមកពីបណ្ដាប្រទេសផ្សេងៗពិតជាត្រូវការមេដឹកនាំដែលមានសម្ថភាពនិងភាពខ្លាំក្លាក្នុងការដឹកនាំប្រទេសរបស់ពួកគេឱ្យរួចផុតពីវិបត្តិដ៏មហាសាលនេះ ដែលនោះហើយគឺជាចំណុចចាប់ផ្ដើមមួយក្នុងចំណោមចំណុចចាប់ផ្ដើមដ៏ទៃទៀតដែលបង្ករទៅជាសង្រ្គាមលោកលើកទី២។

ជាក់ស្ដែងនៅក្នុងប្រទេសអាឡឺម៉ង់ វិនាសកម្មនៃវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩បានបណ្ដាលឱ្យស្ថានភាពសេដ្ឋកិច្ចនិងនយោបាយនៅក្នុងប្រទេសនេះកាន់តែដុនដាបទៅៗ បូករួមជាមួយនឹងបញ្ហាចម្បងធំៗពីរដែលអាឡឺម៉ង់កំពុងជួបផ្ទាល់ផងនោះគឺបរាជ័យនៅក្នុងសង្រ្គាមលោកលើកទី១ក៏ដូចជាការរ៉ាប់រងទាំងស្រុងទៅលើការខូចខាតដែលបណ្ដាលមកពីសង្រ្គាមនេះនិងបំរាមផ្សេងៗទៀតស្របតាមសន្ធិសញ្ញាក្រុង Versailles។​ ដោយសារអសម្ថភាពក្នុងការដោះស្រាយបញ្ហាទាំងនេះរបស់គណបក្សកាន់អំណាចទើបនៅឆ្នាំ ១៩៣៣ លោកអាដុល ហ៊ីត្លែរ ឬ Adolf Hitler ឆ្លៀតឱកាសរើបម្រាស់ខ្លួនហើយត្រូវបានជ្រើសតាំងជាមេដឹកនាំថ្មីរបស់អាឡឺម៉ង់ដោយលោកបានសន្យាថានឹងស្ដារឡើងវិញនូវអំណាចក៏ដូចជាភាពរុងរឿងនិងទ្រព្យសម្បត្តិដែលអាឡឺម៉ង់បានបាត់បង់នៅក្នុងសង្រ្គាមលោកលើកទី១និងវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩។ ប្រទេសអាឡឺម៉ង់នៅក្រោមការដឹកនាំរបស់ Adolf Hitler បានស្គាល់នូវកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ និងបានស្ដារកិត្តិយសនៅឆាកអន្តរជាតិ រហូតដល់បានចាប់ផ្ដើមផលិតសព្វាវុធ កសាងវិស័យកងទ័ពឡើងវិញ ការតាំងចិត្តមិនផ្ដល់សំណងទៅដល់ប្រទេសឈ្នះសង្រ្គាម អមជាមួយនិងការឈ្លានពានរបស់លោកទៅលើប្រទេសប៉ូឡូញសុទ្ធសឹងតែជាចំណុចចាប់ផ្ដើមផ្លូវការនៃសង្រ្គាមលោកលើកទី២។

យ៉ាងណាមិញ ងាកមកប្រទេសនៅក្នុងទ្វីបអាស៊ីវិញ ជប៉ុនក៏បានទទួលរងនូវផលប៉ះពាល់ដ៏មហាសាលពីវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩មិនតិចជាងបណ្ដាប្រទេសនៅតាមទ្វីបដ៏ទៃទៀតប៉ុន្មានដែរ។ ដូចគ្នាទៅនឹងអាឡឺម៉ង់ ប្រជាជនជប៉ុនបានចាប់ផ្ដើមបាត់បង់ជំនឿទៅលើរាជរដ្ឋាភិបាលរបស់ពួកគេហើយងាកមកគាំទ្រវិស័យយោធាក្នុងការស្វែងរកដំណោះស្រាយដើម្បីស្ដារសេដ្ឋកិច្ចនិងផលប្រយោជន៍ជាតិវិញ ( Militarism)។ ជាកិច្ចបន្ទាប់ ដើម្បីស្ដារសេដ្ឋកិច្ចជាតិពីវិបត្តិសេដ្ឋកិច្ចសកលនេះ ជប៉ុនក្រោមការដឹកនាំរបស់ព្រះចៅអធិរាជ Hirohito នៅក្នុងឆ្នាំ១៩៣១បានចាប់ផ្ដើមឈ្លានពាននិងកាន់កាប់ទឹកដីប្រទេសចិន កូរ៉េ និងប្រទេសជាច្រើននៅតំបន់អាស៊ីដើម្បីក្លាយខ្លួនទៅជាមហាអំណាចប្រចាំតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិនេះ។ ម្យ៉ាងវិញទៀត នៅខែធ្នូ ឆ្នាំ១៩៤១ ជប៉ុនបានសំរេចចិត្តបើកការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាសទៅលើ Pearl Harbour របស់អាមេរិកដោយរំពឹងថាការវាយប្រហារនេះនឹងទទួលបានជោគជ័យ ហើយជប៉ុននឹងគ្មានគូរប្រជែងក្នុងការដណ្ដើមធ្វើជាមហាអំណាចនៅលើទឹកដីអាស៊ី​ប៉ាស៊ី​ហ្វិ​ច។ ផ្ទុយទៅវិញ សកម្មភាពទាំងនេះបានជំរុញឱ្យអាមេរិកដែលខំធ្វើខ្លួនឃ្លាតឆ្ងាយពីសង្រ្គាមបានសំរេចចិត្តប្រកាសសង្រ្គាមជាមួយជប៉ុនហើយសង្រ្គាមលោកលើកទី២ក៏បានកើតឡើងជាផ្លូវការនៅតំបន់អាស៊ី។

សរុបសេចក្ដីមក វិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩នៅសហរដ្ឋអាមេរិកដែលមានឥទ្ធិពលបង្កឡើងជាសង្រ្គាមលោកលើកទី២នេះកើតមានដោយសារកត្តាផ្សេងរួមបញ្ចូលគ្នា ដែលកត្តាទាំងនោះរួមមាន៖ ការធ្លាក់ចុះយ៉ាងគំហុគនៃទីតម្លៃផ្សារភាគហ៊ុនដែលប្រជាជនអាមេរិកភាគច្រើនបានវិនិយោគទៅលើបង្ករឱ្យមានវិបត្តធនាគារ បន្តមកដោយវិបត្តិផលិតផលក្នុងស្រុកកើនឡើងហួសកំរិតក៏ដូចជាការថយចុះនៃតម្រូវការ។ ជាក់ស្ដែងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះត្រូវបានបញ្ចប់ជាស្ថាពរដោយការដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់របស់អាមេរិកទៅលើការផលិតអាវុធនានានៅក្នុងសង្រ្គាមលោកលើកទី២ អមជាមួយនឹងដំណោះស្រាយថ្មីរបស់លោក Roosevelt គឺដំណោះស្រាយ New Deal ដោយវាបានផ្ដោតសំខាន់ទៅលើការជួយសម្រាលបន្ទុកជនក្រីក្រនិងជនគ្មានការងារធ្វើ ការស្រោចស្រង់សេដ្ឋកិច្ចឱ្យត្រលប់ទៅរកភាពល្អប្រសើរវិញ ក៏ដូចជាការធ្វើកំណែទម្រង់ទៅលើប្រព័ន្ធហិរញ្ញវត្ថុដើម្បីបញ្ចប់វិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩នេះ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ លោក ណោង សុខនិមល និង កញ្ញា លន់ សុមាលា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង