"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ៖ គ្មានឱកាសក្នុងការស្រោចស្រង់ឬទេ?

គំនូរច្នៃប្រឌិតដោយ៖ លោក កញ្ញា បូរ ដាលីន

នៅក្នុងខែមិថុនា ឆ្នាំ២០២១កន្លងផុតទៅនេះ ប្រទេសអ៊ីរ៉ង់បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលនឹងជំនួសលោក Hasan Rouhani ដែលជាប្រធានាធិបតីបច្ចុប្បន្នរបស់ប្រទេសអ៊ីរ៉ង់ក្រោយពីលោកបញ្ចប់អាណត្តិទីពីររបស់លោកនៅក្នុងខែសីហាខាងមុខនេះ។ លទ្ធផលការបោះឆ្នោតបានបង្ហាញថាលោក Ebraham Raisi បានទទួលជ័យជំនះដោយលោកបានទទួលសន្លឹកឆ្នោតដ៏ច្រើនលើសលុបគឺស្មើនឹង៧២.៣៥% នៃចំនួនសន្លឹកឆ្នោតទាំងអស់។ លោក Ebraham Raisi គឺជាអ្នកនយោបាយអភិរក្សនិយមដែលមកពីគណបក្ស Combatant Clergy Association (CCA) ដែលជាគណបក្សមួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងស្ថាប័នរដ្ឋកំពូលៗមួយចំនួនរបស់ប្រទេសអ៊ីរ៉ង់ដែលសព្វថ្ងៃនេះ។ ការទទួលជ័យជំនះរបស់លោកគឺបានផ្តល់សញ្ញាថាប្រទេសអ៊ីរ៉ង់នឹងឈានទៅរកនូវគោលដៅថ្មីក្នុងកិច្ចការទំនាក់ទំនងការបរទេស ជាពិសេសគឺពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកតែម្តង។ ជាក់ស្តែងប្រធានាធិបតីរូបនេះបានថ្លែងនៅក្នុងសន្និសីទកាសែតថា “ទេ” ចំពោះការជួបចរចារជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន។

ស្ថានភាពនយោបាយការបរទេសរបស់អ៊ឺរ៉ង់

នៅក្នុងឆាកនយោបាយរបស់អ៊ីរ៉ង់គឺអ្នកនយោបាយត្រូវបានបែងចែកជាបក្សមនោគមវិជ្ជាពីរក្រុមធំៗ គឺបក្សអភិរក្សនិយមដែលភាគច្រើនត្រូវបានគេប្រសិទ្ធនាមថាជាក្រុម Principlists ឬ Conservatists ចំណែកឯក្រុមម្ខាងទៀតគឺជាក្រុមគាំទ្រការធ្វើកំណែទម្រង់ ដែលគេឱ្យឈ្មោះថាជាក្រុម Reformists ឬ Moderates។ ក្រុមទាំងពីរគឺមានទស្សនៈខុសគ្នាទាំងក្នុងនយោបាយក្នុងប្រទេសនិងក្រៅប្រទេស។

ក្រុមអភិរក្សនិយម

ក្រុមអភិរក្សនិយមគឺជាក្រុមដែលគាំទ្រនូវគោលនយោបាយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយនឹងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ដែលជាមេដឹកនាំខាងសាសនាអ៊ីស្លាមនិកាយ Shiite ក្នុងប្រទេសអ៊ឺរ៉ង់ផងដែរ។ ក្រុមនយោបាយនេះគឺគាំទ្រនិងការពារនូវគោលការណ៏មនោគមវិជ្ជាដំបូងរបស់បដិវត្តន៍ក្នុងឆ្នាំ១៩៧៩ ដែលចង់ឱ្យប្រទេសអ៊ីរ៉ង់គ្រប់គ្រងទៅតាមគោលការណ៏មូលដ្ឋានរបស់សាសនាអ៊ីស្លាម ក៏ដូចជាស្មោះត្រង់ចំពោះគោលការណ៏របស់មេដឹកនាំកំពូលនិងបិតាស្ថាបនិកសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គឺលោក Ayatollah Khomeini ។ បដិវត្តន៍ដែលបានប្រព្រឹត្តទៅក្នុងឆ្នាំ១៩៧៩ គឺធ្វើឡើងដើម្បីផ្តូលរលំរបបរាជានិយមរបស់ស្តេចសារ (Shah) ព្រះនាមMohammad Reza Pahlavi​។ ព្រះមហាក្សត្រទ្រង់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយនឹងប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកនៅក្នុងកិច្ចការទំនាក់ទំនងនយោបាយការបរទេស។ ដោយសារតែទ្រង់គ្រប់គ្រងប្រទេសក្នុងរបបផ្តាច់ការ ទ្រង់មិនសូវទទូលបានការគាំទ្រពីសំណាក់មហាជនក្នុងប្រទេសអ៊ីរ៉ង់ប្រជាប្រិយភាពចំពោះក្រុមដែលគាំទ្រចលនាបដិវត្តន៍ ពួកគេយល់ថាទ្រង់ពឹងពាក់ទំនាក់ទំនងជាមួយនឹងប្រទេសលោកខាងលិចមួយនេះ ដើម្បីរក្សារបបគ្រប់គ្រងផ្តាច់ការរបស់លោក។ ប្រជាប្រិយភាពរបស់ទ្រង់បានធ្លាក់ចុះយ៉ាងខ្លាំងនៅអំឡុងឆ្នាំ១៩៦៣ នៅពេលដែលរាជរដ្ឋាភិបាលបានចាប់ខ្លួននិងនិរទេសលោក Ayatollah Khomeini ដែលជាមេដឹកនាំក្នុងចលនាប្រឆាំងនឹងរបបស្តេចសារនេះ។

ក្រុមគាំទ្រការធ្វើកំណែទម្រង់

ចំណែកឯក្រុមដែលគាំទ្រការធ្វើកំណែទម្រង់គឺជាក្រុមឆ្វេងនិយមដែលគាំទ្រនូវគោលនយោបាយកំណែទម្រង់មួយចំនួនជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចឱ្យមានវិសមភាពនិងបើកចំហជាងមុន ឯចំពោះវិស័យសង្គមកិច្ចវិញ ក្រុមនយោបាយមួយនេះក៏គាំទ្រឱ្យមានការធ្វើកំណែទម្រង់ដើម្បីពង្រឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឱ្យខ្លាំងក្លាជាងមុនផងដែរ។​ ចំណែកឯនៅក្នុងវិស័យទំនាក់ទំនងការបរទេសវិញ ក្រុមនយោបាយមួយនេះ មិនសូវប្រើពាក្យសម្តីធ្ងន់ធ្ងរក្នុងការចោទប្រកាន់ប្រទេសលោកខាងលិចខ្លាំងដូចក្រុមអភិរក្សនិយមនោះទេ។ ក្រុមនយោបាយនេះចាប់ផ្តើមមានវត្តមាននៅក្នុងជួររដ្ឋាភិបាលមុនដំបូងរបស់ប្រទេសអ៊ីរ៉ង់ក្នុងឆ្នាំ១៩៩៧ នៅពេលដែលលោក Sayyid Mohammad Khatami ក្លាយជាប្រធានាធិបតីអ៊ីរ៉ង់លើកទីមួយដែលមកពីក្រុមនយោបាយគាំទ្រការធ្វើកំណែទម្រង់។ មកដល់ពេលបច្ចុប្បន្ននេះមានតែប្រធានាធិបតីពីររូបទេដែលជាអ្នកនយោបាយមកពីក្រុមឆ្វេងនិយមនេះ គឺលោក Sayyid Mohammad Khatami និង​ លោក Hasan Rouhani ដែលជាប្រធានាធិបតីសព្វថ្ងៃរបស់ប្រទេសអ៊ីរ៉ង់ និងជិតផុតអាណិត្ដ។

ទំនាក់ទំនងសហរដ្ឋអាមេរិក និងលទ្ធផលការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់

ជាការពិតណាស់ ការទទួលជ័យជំនះរបស់លោក Ebraham Raisi អាចសម្គាល់បាននូវការកើនឡើងនូវប្រជាប្រិយភាពរបស់ក្រុមអភិរក្សនិយម។ ការកើនឡើងនូវប្រជាប្រិយភាពនេះគឺបណ្តាលមកពីការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់ក្រុមនយោបាយប្រឆាំងគឺក្រុមដែលគាំទ្រការធ្វើកំណែទម្រង់របស់លោកប្រធាធិបតីបច្ចុប្បន្នគឺលោក Hasan Rouhani។ នៅក្នុងរយៈពេលចុងក្រោយនៃអាណត្តិបស់លោកប្រធានាធិបតី Hasan Rouhani គឺបានធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង។ ដោយយោងតាមឯកសារស្រង់មតិរបស់ Chicago Council on Global Affairs និង IranPoll បានបង្ហាញថាចំនួនអ្នកដែលបង្ហាញមតិមិនពេញចិត្តទៅលើលោកប្រធានាធិបតី និងគោលនយោបាយសេដ្ឋកិច្ចរបស់លោកគឺមានដល់ ៦៣% បើប្រៀបធៀបនឹង ១៧% នៃអ្នកដែលមានទស្សនៈវិជ្ជមានទៅលើរូបលោក។ ទស្សនៈមិនពេញចិត្តទៅលើលោក Hasan Rouhani គឺបណ្តាលមកពីមហាជនភាគច្រើនយល់ថាលោកមិនបានបំពេញតាមពាក្យសន្យារបស់លោកក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ចអ៊ីរ៉ង់។

លើសពីនេះទៅទៀត កត្តាមួយទៀតដ៏សំខាន់ដែលនាំឱ្យប្រជាប្រិយភាពក្រុមគាំទ្រការធ្វើកំណែទម្រង់ធ្លាក់ចុះគឺដោយសារតែសហរដ្ឋអាមេរិក ជាពិសេសទាក់ទងនឹងគោលនយោបាយផ្សេងៗគ្នារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនីមួយៗ។ ជាការពិតណាស់ក្នុងគោលនយោបាយរបស់លោក Hasan Rouhani គឺលោកមិនមានជំហរខ្លាំងក្លាទៅលើប្រទេសលោកខាងលិចទេ ដោយលោកបើកចំហរនូវរាល់ឱកាសក្នុងការធ្វើកិច្ចចរចារជាមួយនឹងបណ្តាប្រទេសលោកខាងលិច។ នៅអំឡុងពេលដែលលោកបារ៉ាក់ អូបាម៉ា (Barack Obama)​ នៅជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ជម្លោះរវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកហាក់ដូចជាស្រាកស្រាន្ដបន្តិច ដោយសារតែភាគីទាំងពីរព្រមចរចារទៅលើការផលិតអាវុធថាមពលនុយក្លេអែររបស់អ៊ីរ៉ង់ ដែលកិច្ចចរចារនេះទទួលបានផ្លែផ្កា ហើយសហរដ្ឋអាមេរិកបានដកនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់ ក្នុងកិច្ចព្រមព្រៀងឈ្មោះថា “Joint Comprehensive Plan of Action​(JCPOA)” ។ ប៉ុន្តែមកដល់អាណត្តិលោក ដូណាល់ត្រាំ (Donald Trump) សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដោយអះអាងថាប្រទេសអ៊ីរ៉ង់បានរំលោភបំពានទៅលើស្មារតីរបស់កិច្ចព្រមព្រៀងមួយនេះ។ ជម្លោះរវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកកាន់តែក្តៅគគុកជាងមុននៅពេលដែលសហរដ្ឋអាមេរិកបានវាយប្រហារទៅលើប្រលានយន្តហោះអន្តរជាតិទីក្រុង Bagdad ហើយបានសម្លាប់​ឧត្តមសេនីយ៍​ Qassem Soleimani ដែលជាបុគ្គលមានឥទ្ធិពលមួយរូបក្នុងជួររដ្ឋាភិបាលអ៊ឺរ៉ង់។ ការវាយប្រហាររបស់សហរដ្ឋអាមេរិក គឺមិនបានជួយទៅដល់ប្រធានាធិបតីអ៊ឺរ៉ង់លោក Hasan Rouhani និងក្រុមគាំទ្រការធ្វើកំណែទម្រង់ទេ តែបានរុញឱ្យមហាជនអ៊ឺរ៉ង់ងាកទៅរកក្រុមអភិរក្សនិយម ដូចជាប្រធានាធិបតីជាប់ឆ្នោតលោក Ebraham Raisi ជាដើមដែលមានគោលជំហរឹងមាំប្រឆាំងនិងប្រទេសលោកខាងលិច។

ជាចុងក្រោយ នៅក្នុងអំឡុងពេលបួនឆ្នាំកន្លងទៅមុខទៀត ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ពិតជាពិបាកក្នុងការស្វែងរកផ្លូវផ្សះផ្សាគ្នាណាស់ ជាពិសេសគឺពិបាកទៅលើភាគីសហរដ្ឋអាមេរិក ដោយសារតែលោក ចូ បៃដិន ត្រូវការជួសជុលនូវស្នាមរបួសដែលលោកដូណាល់ត្រាំ ដែលប្រធានាធិបតីមុនបានបង្កទៅលើទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ លើសពីនេះទៅទៀត លោកក៏ត្រូវស្វះស្វែងបញ្ចុះបញ្ចូលយ៉ាងខ្លាំងក្លាដល់ភាគីអ៊ីរ៉ង់ដើម្បីឱ្យមកចូលតុចរចារ ដោយសារតែប្រធានាធិបតីអ៊ីរ៉ង់ជាប់អាណត្តិលោក Ebraham Raisiគឺបានបង្ហាញជំហររបស់ខ្លូនថាលោកមិនជួបជាមួយនឹងលោក ចូ បៃដិន នោះទេ។​

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ TheSEED
អត្ថបទដោយ៖ លោក ឆាយ តេជគុណ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង